បណ្ណាល័យ
មេរៀន​ទី ១ ថ្ងៃទី ៤ ៖ សេចក្ដីផ្ដើម និង បរិបទនៃ​ព្រះគម្ពីរ​សញ្ញាថ្មី


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ៤

សេចក្ដីផ្ដើម និង បរិបទនៃ​ព្រះគម្ពីរ​សញ្ញាថ្មី

សេចក្តីផ្តើម

ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺជា​កំណត់ត្រា​មួយ​អំពី​ព្រះជន្ម​រមែង​ស្លាប់ ការ​បង្រៀន និង ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការ​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ​និង ការ​បម្រើ ព្រមទាំង​ការបង្រៀន​​នៃ​ពួក​សិស្ស​របស់​ទ្រង់ ។ ក្នុង​មេរៀន​នេះ អ្នក​​នឹង​រៀន​ពី​បរិបទ​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​រួម​បញ្ចូល​ទាំង​កត្តា​នានា​ដែល​ធ្វើ​ឲ្យ​សាសន៍​យូដា​ជាច្រើន​បាន​បដិសេធ​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី និង ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​នឹង​អាន​ផងដែរ​អំពី​ពួកមនុស្ស​ដែល​បាន​ទទួល​យក​យ៉ាង​រាបទាប​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​សង្គ្រោះ ហើយ​បាន​ជ្រើស​ធ្វើ​តាម​ទ្រង់ ។

បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី

រូបភាព
detail from stoning of Stephen, stoning of Stephen

សូម​ដាក់​ដៃ​របស់​អ្នក​នៅ​លើ​រូបភាព​នៅ​ខាង​ស្តាំដៃ ។ ផ្អែក​លើ​អ្វី​ដែល​អ្នក​ឃើញ​នៅក្នុង​រូបភាព​នៅ​ខាង​ឆ្វេង​ដៃ​នេះ តើ​អ្នក​គិត​ថា​មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព​នេះ ? សូម​ដក​ដៃ​របស់​អ្នក​ចេញ​ពី​រូបភាព​នៅ​ខាង​ស្តាំ ។

តើ​ការ​ឃើញ​រូបភាព​ទាំង​មូល​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ដែល​កំពុង​កើត​ឡើង​ដោយ​របៀប​ណា ?

បុរស​ម្នាក់​ដែល​ជួត​ក្បាល​នឹង​ក្រណាត់​ពណ៌​ខៀវ​នោះ​គឺ​ជា​ស្ទេផាន ជា​​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អាន​ក្បាល​ជំពូក កិច្ចការ ៧ ដើម្បី​រៀន​ពី​ព្រឹត្តិការណ៍​អ្វី​បាន​បើក​បង្ហាញ​នៅក្នុង​រូបភាព​នេះ ។

សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​ប្រដូច​ការ​បើក​រូបភាព​ទាំងមូល ទៅ​នឹង​ការ​យល់​ដឹង​ពី​ព្រះគម្ពីរ ។

សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​យល់ដឹង​ពី​បរិបទ​នៃ​ព្រះគម្ពីរ ។ ពាក្យ បរិបទ សំដៅ​ទៅ​លើ​កាលៈទេសៈ​ដែល​កើត​មាន​នៅ​ជុំវិញ ឬ​ផ្ដល់​ជា​សាវតា​ដល់​វគ្គ​បទគម្ពីរ ព្រឹត្តិការណ៍ ឬ​ដំណើរ​រឿង​នៅក្នុង​ព្រះគម្ពីរ ។ នៅ​ពេល​អ្នក​ដឹង​ច្បាស់​នូវ​បរិបទ​ខាង​ប្រវត្តិសាស្ត្រ និង ខាង​វប្បធម៌​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​អ្នក​អាច​យល់ដឹង ហើយ​អនុវត្ត​ការ​បង្រៀន​របស់​វា​បាន​កាន់​តែ​ប្រសើរ​ឡើង ។

វគ្គ​ខាង​ក្រោម​នៅក្នុង​មេរៀន​នេះ មាន​ព័ត៌មាន​ដែល​នឹង​ជួយ​អ្នក​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

ពួក​អ្នកដឹកនាំ​សាសនា​សាសន៍​យូដា​អំឡុង​ពេល​នៃ​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ

យ៉ាកុប​ជា​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​កត់ត្រា​នូវ​ការព្យាករ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​ស្ថានភាព​​ជុំវិញ​ការបម្រើ​​នៅក្នុង​ព្រះជន្ម​រមែង​ស្លាប់​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមមើល នីហ្វៃទី ២ ១០:៣–៥ដោយ​រក​មើល​ពាក្យ ឬ ឃ្លា​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​ចំណោម​ពួក​យូដា​អំឡុង​ពេល​នៃ​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។

ពាក្យ ឧបាយកល​ផ្នែក​សង្ឃ ក្នុង នីហ្វៃទី ២ ១០:៥ សំដៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ស្វែងរក « កម្រៃ និង ការសរសើរ​តម្កើង​ពី​មនុស្ស​លោក » ជា​ជាង​សុខុមាលភាព​នៃ​រាស្ត្រ​របស់​ព្រះ (នីហ្វៃទី ២ ២៦:២៩) ។ ជន​ដែល​មាន​កំហុស​នៃ​ឧបាយកល​ផ្នែក​សង្ឃ​គឺជា​ពួក​អ្នកដឹកនាំ​សាសនា​ដ៏​ទុច្ចរិត​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ដែល​កំពុង​ដឹកនាំ​ប្រជាជន​ទៅ​រក​ភាព​វិនាស ។

សេចក្ដី​បន្ថែម​ទៅ​នឹង​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ និង​ទស្សនវិជ្ជា​មិន​ពិត​ផ្សេង​ទៀត

ដើម្បី​យល់​បន្ថែម​ទៀត​ពី​របៀប​ដែល​ពួក​អ្នក​ដឹកនាំ​សាសនា​បាន​ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង សូម​គូរ​រង្វង់​មួយ​ជុំវិញ​រង្វង់​ដែល​មាន​ស្រាប់​នៅខាង​ក្រោម​នេះ ដែល​ជា​តំណាង​ឲ្យ​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ហើយ​សរសេរ​ថា ក្រឹត្យ​វិន័យ​តាម​មាត់ ។

រូបភាព
words Law of Moses in circle

ក្រឹត្យ​វិន័យ​របស់​ម៉ូសេ​សំដៅ​លើ​ព្រះបញ្ញត្តិ និង ការបង្រៀន​ដែល​ព្រះ​បាន​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​តាមរយៈ​ព្យាការី​ម៉ូសេ ។ ពួក​គ្រូ​បង្រៀន និង ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​បន្ថែម​ច្បាប់ និង​ការ​បកស្រាយ​ផ្ទាល់ខ្លួន​ទៅលើ​ក្រឹត្យ​វិន័យ​នោះ ។ អ្វី​ដែល​គេស្គាល់​ថា​ជា​ក្រឹត្យ​វិន័យ​តាម​មាត់ ឬ ទំនៀមទម្លាប់​តាម​មាត់ ច្បាប់ និង ការ​បកស្រាយ​បន្ថែម​ទាំងនេះ​មាន​គោលបំណង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការបំពាន​ទៅ​លើ​ក្រឹត្យ​វិន័យ​របស់​ព្រះ ។ ឧទាហរណ៍ យោង​តាម​ក្រឹត្យ​វិន័យ​តាម​មាត់​នោះ ការ​ស្រាយ​ចំណង​ដោយ​ដៃ​ទាំង​សងខាង​នៅ​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​បាន​ហាម​ឃាត់ ។ ការ​ធ្វើ​បែប​នេះ​ត្រូវ​គេ​គិត​ថា​ជា​ការធ្វើ​ការ ហេតុដូច្នេះ​ហើយ​វា​គឺជា​ការ​រំលោភ​បំពាន​មួយ​ចំពោះ​ថ្ងៃ​ឈប់​សម្រាក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាយ​ចំណង​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​គិត​ថា​អាច​ជា​គ្រោះថ្នាក់​នៃ​ការ​ការ​បន្ថែម​ច្បាប់​ដែល​មនុស្ស​បង្កើត​ទៅ​នឹង​បញ្ញត្តិ​របស់​ព្រះ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា « ដ្បិត​នៅជំនាន់​មុន និង បន្ទាប់​ពី​ជំនាន់​នៃ​ការបម្រើ​របស់​ព្រះអម្ចាស់​របស់​យើង » នោះ​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​មួយ​ចំនួន « បាន​យក​រឿង​ដែល​ច្បាស់​លាស់ ហើយ​សាមញ្ញ​នៃ​សាសនា​ដ៏​បរិសុទ្ធ ហើយ​បាន​បន្ថែម​នៅ​ក្នុង​នោះ​នូវ​ការ​បកស្រាយ​យ៉ាង​ច្រើន​របស់​ខ្លួន ពួកគេ​បាន​បញ្ចេញ​បញ្ចូល​ដោយ​បន្ថែម​ពិធី​សាសនា និង ការ​អនុវត្ត ហើយ​ពួកគេ​បាន​យក​របៀប​ថ្វាយ​បង្គំ​ដ៏រីករាយ ហើយ​មាន​ក្ដី​អំណរ រួច​បង្វែរ​វា​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ពិធី​សាសនា និង ការ​អនុវត្ត​ដ៏​តឹងរឹង ហើយ​ខ្លី និង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ។ វិញ្ញាណ​ដ៏​រស់​រវើក​នៃ​ក្រឹត្យ​វិន័យ​របស់​ព្រះអម្ចាស់​បាន​ក្លាយ​ទៅ​ជា​លិខិត​គ្មាន​ន័យ​នៃ​ពិធី​សាសនា​របស់​សាសន៍​យូដា​នៅ​ក្នុង​កណ្ដាប់​ដៃ​ពួកគេ » (The Mortal Messiah  From Bethlehem to Calvary វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ១:២៣៨ ) ។

យោង​តាម​អែលឌើរ ម៉ាក់ខនឃី តើ​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាមួយ​ការ​បកស្រាយ​បន្ថែម​របស់​ពួកគ ?

ពួក​សាសន៍​យូដា​ក្នុង​សម័យ​ព្រះយេស៊ូវ​បាន​ស្ថិត​នៅ​ក្នុងស្ថានភាព​នៃ​ការ​ក្បត់​សាសនា ។ ទោះ​ជា​សិទ្ធិ​អំណាច និង ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព អើរ៉ុន​បាន​បន្ត​មាន​នៅ​ក្នុង​ចំណោម​ពួកគេ​ក៏ដោយ មាន​ពួក​សាសន៍​យូដា​ជាច្រើន​បាន​វង្វេង​ពី​ការ​អនុវត្ត​ពិត​នៃ​សាសនា​របស់​ខ្លួន​ដែល​បាន​បើក​សម្ដែង​តាមរយៈ​ព្រះ​ទៅ​កាន់​ម៉ូសេ ( សូមមើល គ. និង ស. ៨៤:២៥–២៨) ។ ទំនៀម​ទម្លាប់​តាមមាត់​ដែល​ត្រូវបាន​បន្ថែម​ដោយ​អ្នកដឹកនាំ​សាសន៍​យូដា បានទទួល​នូវ​អាទិភាព​ជាង​សាសនា​ពិត និង បន្ទូល​របស់​ព្រះ​ដែល​បាន​សរសេរ​ទុក ។

សូម​អាន ម៉ាថាយ ១២:១៤ដោយ​រក​មើល​អ្វី​ដែល​ពួក​ផារិស៊ី​បាន​ប៉ង​ធ្វើ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​សារ​ទ្រង់​បាន​បដិសេធ​ក្រឹត្យ​វិន័យ និង ទំនៀមទម្លាប់​តាម​មាត់​របស់​ពួកគេ ។

ច្បាប់​បរទេស និង ការ​រំពឹង​ទុក​ឲ្យ​មាន​ព្រះមែស៊ី​មួយ​អង្គ​ដើម្បី​សង្គ្រោះ​អ៊ីស្រាអែល

ក្រៅពី​ទំនៀមទម្លាប់​ក្បត់សាសនា​របស់​សាសន៍​យូដា នោះ​ការរំពឹង​ទុក​ខុស​ឆ្គង​នៃ​ការយាងមក​របស់​ព្រះមែស៊ី​ក៏​បាន​នាំ​ពួក​សាសន៍​យូដា​ជា​ច្រើន​ឲ្យ​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

  1. សូម​អាន​កថាខណ្ឌ​ខាងក្រោម ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ដែល​អមមក​ជាមួយ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ក្រៅពី​គ្រាដ៏​ខ្លី​នៃ​ឯករាជ្យភាព​ នោះ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ពួក​សាសន៍​យូដា​បាន​រស់នៅ​ជា​ប្រជាជន​ស្ថិត​នៅ​ក្រោម​អាណានិគម​ជាង ៥០០​ឆ្នាំ ។ មាន​ការ​បះបោរ​មួយ​ដែល​ដឹកនាំ​ដោយ​ពួក​ម៉ាកាប៊ី ជា​ពួក​អ្នក​ស្រឡាញ់​ជាតិ​មួយ​ក្រុម​ដែល​ជា​សាសន៍​យូដា បាន​ដឹកនាំ​ទៅ​រក​ឯករាជ្យ​ភាពបាន ១៦០​ឆ្នាំ​ពី​មុន​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ។ ទោះ​ជា​យ៉ាង​ក៏ដោយ លុះ​ដល់​ពេល​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត​មក ពួក​រ៉ូម​បាន​ច្បាំង​ដណ្តើម​យក​សាសន៍​អ៊ីស្រាអែល ។ ស្ដេច​ហេរ៉ូឌ​ដែល​បាន​រៀប​អភិសេក​ចូល​ទៅ​ក្នុង​គ្រួសារ​ម៉ាកាប៊ី ត្រូវ​បាន​ពួករ៉ូម​តែងតាំង​ឲ្យ​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រាអែល ។ ពួក​សាសន៍​យូដា​មិន​បាន​សប្បាយ​ចិត្ត​នឹង​ច្បាប់​របស់​ពួក​រ៉ូម​ទេ ហើយ​ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ព្រះមែស៊ី​ដែល​បាន​សន្យា​ថា​នឹង​យាង​មក​សង្គ្រោះ​ពួកគេ​ពី​ពួក​រ៉ូម ។ ដោយសារ​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​រំពឹង​ចង់​ឲ្យ​ព្រះមែស៊ី​យាង​មក​សង្គ្រោះ​ពួកគេ​ចេញ​ពី​ច្បាប់​បរទេស នោះ​ពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

    1. តើ​ពួក​សាសន៍​យូដា​ជាច្រើន​បាន​រំពឹង​អ្វីខ្លះ​ពី​ព្រះមែស៊ី​ដែល​នឹង​យាង​មក ?

    2. ហេតុអ្វី​ការ​រំពឹងទុក​ដ៏​ខុស​ឆ្គង​នេះ​បាន​ដឹកនាំ​ពួក​សាសន៍​យូដា​ជាច្រើន​ឲ្យ​បដិសេធ​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី ?

ពួកសាសន៍​​យូដា​ជាច្រើន​បាន​បន្ទាបខ្លួន ហើយ​បានទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី ឬ ព្រះអង្គ​សង្គ្រោះ

ខណៈ​ដែល​ពួក​សាសន៍​យូដា​មួយ​ចំនួន​បាន​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ មាន​ពួកគេ​ផ្សេងទៀត​បាន​មាន​ចិត្ត​រាបសា ហើយ​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​​បាន​ទទួល​ស្គាល់​ទ្រង់​ជា​ព្រះមែស៊ី ឬ ជា​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន លូកា ២:២៥–៣៣ដោយ​រក​មើល​អ្វី​ដែល​បុរស​សុចរិត​ម្នាក់​ឈ្មោះ​ស៊ីម្មាន​បាន​ធ្វើ និង ថ្លែង​កាល​យ៉ូសែប និង ម៉ារា​បាន​នាំ​ព្រះ​ឱរស​យេស៊ូវ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ ។

យោងតាម លូកា ២:៣០-៣២ហេតុអ្វី​ព្រះយេស៊ូវ​ត្រូវបាន​បញ្ជូន​មក​ផែនដី ?

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បញ្ជូន​មក​ដើម្បី​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​គ្រប់គ្នា ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​បាន​សង្គ្រោះ ។

រូបភាព
John baptizing Jesus

យ៉ូហាន បាទីស្ទ ត្រូវបាន​ហៅ​ដោយព្រះ​ដើម្បី​រៀបចំ​មនុស្ស​​សម្រាប់​ការ​យាង​មក​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅថ្ងៃ​បន្ទាប់​ពី​គាត់​បាន​ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់​ដោយ​​ថ្លែង​ថា « នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ! » (យ៉ូហាន ១:៣៦) ។ សូម​អាន យ៉ូហាន ១:៣៧–៤២ដោយ​រក​មើល​អ្វី​ដែល​ពួក​សិស្ស​ពីរ​នាក់​របស់​យ៉ូហាន​បាន​ធ្វើ ក្រោយ​ពី​ស្ដាប់​ឮ​ទី​បន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ ។

តើ​អនទ្រេ​បាន​ធ្វើ​អ្វីខ្លះ​ក្រោយ​ពី​លោក​បាន​ឮ​ទីបន្ទាល់​របស់​​យ៉ូហាន បាទីស្ទ ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ? តើ​អ្នក​គិត​ថា ហេតុអ្វី​គាត់​មាន​ចិត្ត​ត្រេក​អរ​ដើម្បី​ចែកចាយ​ដំណឹង​នេះ​ដល់​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ​ស៊ីម៉ូន-ពេត្រុស ?

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ១:៤៣–៤៤ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ភីលីព​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។ សូម​អាន យ៉ូហាន ១:៤៥–៤៦ដោយ​រកមើល​ថា​តើ​ភីលីព​បាន​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពី​លោក​បាន​ដឹង​ថា​ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ។

តើ​ការ​អញ្ជើញ​របស់​ភីលីព​ដល់​ណាថាណែល​គឺជា​អ្វី​ទៅ ?

ផ្អែកលើ​គំរូ​ទាំង​នេះ​ចេញ​ពី​ព្រះគម្ពីរ​សញ្ញាថ្មី សូមបំពេញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​កាន់តែ​ធំធេង​មួយ​ដើម្បី

តើ​អ្នក​គិត​ថា ហេតុអ្វី​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​កាន់តែ​ធំធេង​មួយ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ នៅ​ពេល​យើង​មក​រក​ទ្រង់​ដោយ​ខ្លួន​ឯង​នោះ ?

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទីមួយ​​បាន​មាន​ប្រសាសន៍​ថា មាន​​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​ទទួល​បាន នៅ​ពេល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ៖ « នៅ​ពេល​អ្នក​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត នោះ​ដួងចិត្ត​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ។ … តាមរយៈ​ការ​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ អ្នក​នឹង​ឃើញ​ថា អ្នក​បាន​មក​រក​ទ្រង់​ដោយ​ខ្លួន​ឯង » (« Come unto Christ » Ensign ខែ​មីនា ឆ្នាំ ​២០០៨ ទំព័រ ៥២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការ​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ខិត​កាន់​តែ​ជិត​នឹង​ទ្រង់​ផង​ដែរ ?

    2. តើ​នរណា​បាន​អញ្ជើញ​អ្នក​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ? តើ​ជីវិត​របស់​អ្នក​មាន​ពរ​យ៉ាង​ណា​ដែរ​ដោយសារ​ទង្វើ​នេះ ?

    3. សូម​ពិចារណា​ពី​មនុស្ស​ដែល​អ្នក​អាច​អញ្ជើញ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ តើអ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ទ្រង់ ?

នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នា​ឆ្នាំ​នេះ អ្នក​នឹង​មាន​អារម្មណ៍​ពី​ការ​ទូល​អង្វរ​ជា​បន្ត​បន្ទាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ ។ នៅពេល​អ្នក​ទទួល​យក​ការអញ្ជើញ​នេះ អ្នក​នឹង​ពេញ​ដោយ​បំណង​ប្រាថ្នា​មួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​ទ្រង់​ផងដែរ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « សេចក្ដីផ្ដើម និង បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី » ហើយ​បាន​បញ្ចប់​វា​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

តារាង​នៅ​ក្នុង​ទំព័រ​ខាង​ក្រោម​ អាច​ជួយ​អ្នក​ឲ្យ​យល់​បាន​កាន់​តែ​ប្រសើរ​ឡើង​ពី​បរិបទ​នៃ​ដំណើរ​រឿង​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​នឹង​សិក្សា​នៅក្នុង​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ។