សេចក្ដីណែនាំស្ដីពី គម្ពីររ៉ូម
ហេតុអ្វីសិក្សាគម្ពីរនេះ ?
សំបុត្រដល់ពួករ៉ូមគឺជាសំបុត្រដ៏វែងបំផុតរបស់សាវកប៉ុល ហើយត្រូវបានមនុស្សជាច្រើនហៅថាជាសំបុត្រដ៏មានខ្លឹមសារបំផុតរបស់លោក ។ សំបុត្រនេះមាននូវការពន្យល់ដ៏ពេញលេញបំផុតរបស់លោកស្ដីពីគោលលទ្ធិនៃការរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រសើរជាងតាមរយៈការប្រតិបត្តិតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ។ វាមាននូវការបង្រៀនជាច្រើនអំពីគោលលទ្ធិនៃសេចក្ដីសង្គ្រោះ និងការអនុវត្តគោលលទ្ធិទាំងនោះជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃ ។ តាមរយៈការសិក្សារបស់អ្នកអំពីគម្ពីរនេះ អ្នកអាចទទួលបានការយល់ដឹងដ៏ធំធេងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងអំពីសេចក្ដីសង្ឃឹម និងសេចក្ដីសុខសាន្តដែលមនុស្សទាំងអស់អាចរកឃើញនៅក្នុងព្រះគ្រីស្ទ ។
តើនរណាបានសរសេរគម្ពីរនេះ ?
សាវកប៉ុលគឺជាអ្នកសរសេរសំបុត្រដល់ពួករ៉ូម ( សូមមើល រ៉ូម ១:១ ) ។ នៅពេលសរសេរសំបុត្រនេះ ប៉ុលបានប្រើជំនួយរបស់អ្នកសរសេរម្នាក់ឈ្មោះ ទីទាស ដែលបានសរសេរពាក្យស្វាគមន៍ផ្ទាល់ខ្លួនរបស់គាត់ទៅពួកបរិសុទ្ធរ៉ូមនៅក្បែរចុងសេចក្ដីនៃសំបុត្រនេះ ( សូមមើល រ៉ូម ១៦:២២ ) ។
តើគម្ពីរនេះត្រូវបានសរសេរឡើងនៅពេលណា ហើយនៅកន្លែងណា ?
ប៉ុលបានសរសេរសំបុត្ររបស់លោកដល់ពួករ៉ូមនៅក្រុងកូរិនថូសនៅជិតបញ្ចប់ដំណើរលើកទីបីរបស់លោកជាអ្នកផ្សព្វផ្សាយសាសនា ។ តម្រុយមួយចំនួនបានណែនាំថា ប៉ុលបានសរសេរសំបុត្រនេះអំឡុងពេលដែលលោកបានស្នាក់នៅក្រុងកូរិនថូសរយៈពេលបីខែ ( សូមមើល កិច្ចការ ២០:២–៣ ពាក្យ ស្រុកក្រេក នៅក្នុងខគម្ពីរទាំងនេះសំដៅលើក្រុងកូរិនថូស ) អាចនៅចន្លោះ គ.ស. ៥៥ និង ៥៦ ។ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុត្ររបស់ប៉ុល » ) ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយតើហេតុអ្វី ?
សំបុត្ររបស់ប៉ុលដល់ពួករ៉ូមនេះគឺសរសេរទៅសមាជិកសាសនាចក្រក្នុងក្រុងរ៉ូម ( សូមមើល រ៉ូម ១:៧ ) ។ ដើមកំណើតសាសនាចក្រនៅក្រុងរ៉ូមពុំមានគេដឹងច្បាស់ទេ ប៉ុន្តែទំនងជាចាប់ផ្ដើមនៅក្រោយបុណ្យថ្ងៃទីហាសិប កាលពួកសាសន៍យូដាមកពីក្រុងរ៉ូមបានមកលេង ហើយស្ដាប់ឮពេត្រុសប្រកាសពីដំណឹងល្អ ( សូមមើល កិច្ចការ ២:១០ ) ។ ទោះបីជាប៉ុលពុំទាន់បានទៅដល់ក្រុងរ៉ូមក្ដី ក៏លោកបានសរសេរពាក្យស្វាគមន៍ទៅកាន់ពួកបរិសុទ្ធជាក់លាក់ដែលលោកបានស្គាល់តាមរយៈការស្គាល់គ្នាពីមុន ឬតាមរយៈមនុស្សដទៃទៀតដែលធ្លាប់រស់នៅក្រុងរ៉ូម ដូចជា ព្រីស៊ីល និងអ័គីឡា ( សូមមើល កិច្ចការ ១៨:១–២, ១៨; រ៉ូម ១៦:១–១៦, ២១ ) ។
ប្រហែលជាមានហេតុផលធំៗយ៉ាងហោចណាស់បី ដែលប៉ុលបានផ្ញើសំបុត្រនេះដល់ពួករ៉ូម ៖
(១) ដើម្បីរៀបចំការមកដល់ក្រុងរ៉ូមរបស់លោកនាពេលខាងមុខ ។ ប៉ុលបានចង់ទៅប្រកាសដំណឹងល្អនៅក្រុងរ៉ូមអស់រយៈពេលជាច្រើនឆ្នាំ ( សូមមើល កិច្ចការ ១៩:២១; រ៉ូម ១:១៥; ១៥:២៣ ) ។ លោកក៏បានសង្ឃឹមផងដែរថា សាសនាចក្រនៅក្រុងរ៉ូមនឹងដើរតួជាមូលដ្ឋានមួយដែលអាចជួយលោកឲ្យទៅបម្រើបេសកកម្មនៅប្រទេសអេស្ប៉ាញបាន ( សូមមើល រ៉ូម ១៥:២២–២៤, ២៨ ) ។
(២) ដើម្បីបញ្ជាក់ ហើយការពារការបង្រៀនរបស់លោក ។ ប៉ុលបានជួបប្រទះនឹងការជំទាស់ដដែលៗមកពីសំណាក់បុគ្គលដែលយល់ខុស ឬមួលបង្កាច់ការបង្រៀនរបស់លោកអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ និងសេចក្ដីជំនឿលើព្រះគ្រីស្ទ ( សូមមើល កិច្ចការ ១៣:៤៥; ១៥:១–២; ២១:២៧–២៨; រ៉ូម ៣:៨; ពេត្រុស ទី២ ៣:១៥–១៦ ) ។ ប៉ុលមានហេតុផលច្បាស់លាស់ដែលសង្ស័យថា ការយល់ខុសបែបនេះបានកើតមាននៅក្នុងចំណោមសមាជិកសាសនាចក្រនៅក្រុងរ៉ូម ដូច្នេះទើបលោកបានសរសេរសំបុត្រដើម្បីសម្រាលនូវរាល់កង្វល់នានាពីមុនលោកទៅដល់ ។
(៣) ដើម្បីលើកកម្ពស់សាមគ្គីភាពរវាងសមាជិកសាសនាចក្រដែលជាពួកសាសន៍យូដា និងពួកសាសន៍ដទៃ ។ មិនយូរប៉ុន្មានពីមុនប៉ុលបានសរសេរសំបុត្រនេះ ពួកគ្រីស្ទានដែលជាសាសន៍យូដាដែលត្រូវជាមហារាជ ក្លូឌាស បណ្ដេញចេញពីក្រុងរ៉ូម ( សូមមើល កិច្ចការ ១៨:២ ) បានចាប់ផ្ដើមត្រឡប់ទៅក្រុងរ៉ូមវិញ ហើយក៏ទៅកាន់ក្រុមជំនុំពួកគ្រីស្ទានដែលជាសាសន៍ដទៃយ៉ាងច្រើនលើសលុប ។ ស្ថានភាពនេះអាចធ្វើឲ្យកើតមានភាពតានតឹង និងបញ្ហាមួយចំនួនរវាងពួកគ្រីស្ទានដែលជាសាសន៍យូដា និងសាសន៍ដទៃ ។ ក្នុងនាមជា « សាវកដល់សាសន៍ដទៃ » ( រ៉ូម ១១:១៣ ) ប៉ុលបានព្យាយាមដាក់បញ្ចូលពួកអ្នកប្រែចិត្តជឿជាសាសន៍ដទៃចូលទៅក្នុងសាសនាចក្រ ប៉ុន្តែក្នុងនាមជាសាសន៍យូដាម្នាក់ ( សូមមើល រ៉ូម ១១:១ ) ប៉ុលក៏មានបំណងប្រាថ្នាដ៏ធំធេងដើម្បីឲ្យប្រជាជនខ្លួនបានទទួលយកដំណឹងល្អផងដែរ ។ ប៉ុលបានលើកកម្ពស់សាមគ្គីភាពក្នុងសាសនាចក្រដោយបង្រៀនអំពីរបៀបដែលគោលលទ្ធិនៃដំណឹងល្អអនុវត្តចំពោះពួកបរិសុទ្ធគ្រប់រូប ( សូមមើល រ៉ូម ៣:២១–៤:២៥; ១១:១៣–៣៦; ១៤:១–១៥:១៣ ) ។
តើមានលក្ខណៈពិសេសអ្វីខ្លះ នៅក្នុងគម្ពីរនេះ ?
បន្ទាប់ពីចាប់ផ្ដើមពាក្យស្វាគមន៍មក សំបុត្រនេះបានចាប់ផ្ដើមជាមួយនឹងឃ្លាមួយស្ដីពីបាវចនារបស់វា ៖ « ដំណឹងល្អនៃព្រះគ្រីស្ទ … ជាព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ » ដល់អស់អ្នកណាដែល « នឹងរស់នៅ ដោយអាងសេចក្តីជំនឿ » លើព្រះយេស៊ូវគ្រីស្ទ ( រ៉ូម ១:១៦–១៧ ) ។
ទោះបីជាសំបុត្ររបស់ប៉ុលដល់ពួករ៉ូមបានដើរតួយ៉ាងសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រគ្រីស្ទានក្ដី ប៉ុន្តែជាអកុសល វាក៏ក្លាយជា « ប្រភពនៃការយល់ខុស ការបកស្រាយខុស និងការខូចខាតខាងគោលលទ្ធិច្រើនជាងគម្ពីរផ្សេងៗទៀតនៅក្នុងព្រះគម្ពីរប៊ីបដែរ » បើយោងតាមអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:២១១ ) ។ សូម្បីតែនៅក្នុងចំណោមពួកគ្រីស្ទានពីដំបូង ការសរសេររបស់ប៉ុលត្រូវបានចាត់ទុកថា ជារឿង « ដែលពិបាកយល់ » ហើយពេលខ្លះ ការបង្រៀនរបស់លោកត្រូវបានគេបកស្រាយខុស ហើយមួយបង្កាច់ ( ពេត្រុសទី ២ ៣:១៥–១៦ ) ។
គម្រោង
រ៉ូម ១–៣ ។ ប៉ុលពន្យល់អំពីគោលលទ្ធិនៃការរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ លោកឲ្យនិយមន័យស្ថានភាពនៃអំពើបាបដែលមនុស្សលោកទាំងអស់មាន ហើយបង្រៀនថា ដំណោះស្រាយរបស់ព្រះដើម្បីដោះស្រាយបញ្ហានេះសម្រាប់មនុស្សទាំងអស់គឺជាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការទទួលយកដង្វាយធួននៃព្រះគ្រីស្ទដោយស្មោះត្រង់ នោះមនុស្សលោកទាំងអស់អាចបានរាប់ជាសុចរិត ( បានអភ័យទោសឲ្យ ) ហើយទទួលបានសេចក្ដីសង្គ្រោះ ។
រ៉ូម ៤–៨ ។ ប៉ុលដកស្រង់គំរូរបស់អ័ប្រាហាំដើម្បីបង្ហាញគោលលទ្ធិនៃការរាប់ជាសុចរិតតាមរយៈសេចក្ដីជំនឿ ។ លោកបរិយាយអំពីគោលលទ្ធិនៃសេចក្ដីសង្គ្រោះ ហើយបង្រៀនអំពីរបៀបដែលគោលលទ្ធិទាំងនេះជះឥទ្ធិពលលើជីវិតរបស់មនុស្សទាំងអស់ដែលមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
រ៉ូម ៩–១៦ ។ ប៉ុលសរសេរអំពីងារដ៏ជម្រើសរបស់អ៊ីស្រាអែល បង្ហាញអំពីការបដិសេធដំណឹងល្អ និងសេចក្ដីសង្គ្រោះនៅទីបំផុតរបស់ពួកគេ ។ លោកទូន្មានដល់សមាជិកសាសនាចក្រសាសន៍យូដា និងសាសន៍ដទៃឲ្យរស់នៅតាមដំណឹងល្អ ដើម្បីឲ្យមានសេចក្ដីសុខសាន្ត និងសាមគ្គីភាពនៅក្នុងសាសនាចក្រ ។ លោកទទូចដល់ពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យបន្តគោរពតាមព្រះបញ្ញត្តិទាំងឡាយ ។