បណ្ណាល័យ
មេរៀន​ទី ៤ ថ្ងៃ​ទី ២ ៖ ម៉ាថាយ ១៤


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ២

ម៉ាថាយ ១៤

សេចក្តីផ្តើម

បន្ទាប់​ពី​បាន​ជ្រាប​អំពី​ការស្លាប់​របស់ យ៉ូហាន បាទីស្ទ ព្រះយេស៊ូវ​បាន​ព្យាយាម​គង់​នៅ​តែ​មួយ​អង្គ​ឯង ប៉ុន្តែ មនុស្ស​កកកុញ​ជា​ច្រើន​បាន​ដើរ​តាម​ទ្រង់ ។ ទ្រង់​មាន​ព្រះទ័យ​ក្ដួល​អាណិត​ដល់​ពួកគេ បាន​ព្យាបាល​មនុស្ស​ឈឺ ហើយ​បាន​ប្រទាន​អាហារ​ប្រកប​ដោយ​អព្ភូតហេតុ​ដល់​ពួកគេ​ជាង ៥០០០ នាក់ ។ នៅ​រាត្រី​នោះ ព្រះយេស៊ូវ​បាន​យាង​លើ​ទឹក​សមុទ្រ​ទៅ​ដល់​ទូក​របស់​ពួក​សិស្ស​ទ្រង់ ។

ម៉ាថាយ ១៤:១-២១

ព្រះយេស៊ូវ​ព្យាយាម​គង់​នៅ​តែ​មួយ​អង្គ​ឯង ហើយ​ក្រោយ​មក​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង ៥០០០ នាក់ ។

សូម​គិត​អំពី​គ្រា​មួយ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ក្រៀមក្រំ ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​កាន់ខ្ជាប់ ហើយ​យក​ឈ្នះ​លើ​ភាព​ក្រៀម​ក្រំ​របស់​អ្នក ?

សូម​រាយ​នាម​នៃ​វិធី​ខុសៗ​គ្នា​មួយ​ចំនួន ដែល​មនុស្ស​ព្យាយាម​កាន់ខ្ជាប់ ហើយ​យក​ឈ្នះ​លើ​ភាព​ក្រៀម​ក្រំ​បាន ៖

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១៤:១–២១ សូម​ស្វែងរក​វិធី​នានា ដែល​អាច​ជួយ​អ្នក​ឲ្យ​កាន់ខ្ជាប់ ហើយ​យក​ឈ្នះ​លើ​ភាព​ទុក្ខ​ព្រួយ ។

ម៉ាថាយ ១៤:១–១១ កត់ត្រា​ថា ស្ដេច​ហេរ៉ូឌ​បាន​ចាប់ យ៉ូហាន បាទីស្ទ ឃុំ​ដោយ​អយុត្តិធម៌​ដោយ​មាន​ការបង្ខំ​ពី​សំណាក់​មហេសី​ថ្មី​របស់​ទ្រង់ ហេរ៉ូឌាស ដែល​ចង់​បញ្ឈប់ យ៉ូហាន បាទីស្ទ ក្នុង​កាល​ដែល​លោក​ថ្កោលទោស​នាង​ចំពោះ​អាពាហ៍ពិពាហ៍​មិន​ស្រប​ច្បាប់​របស់​នាង​ជាមួយ​ស្ដេច​ហេរ៉ូឌ ( សូម​មើល ម៉ាកុស ៦:១៧–១៩ ) ។ បន្ទាប់​ពី​កូន​ស្រី​របស់​មហេសី​ទ្រង់​គឺ សាឡូមេ បាន​រាំ​ថ្វាយ​ទ្រង់ ហេរ៉ូឌ បាន​សន្យា​នៅ​ចំពោះ​មុខ​សាធារណជន​ថា នាង​អាច​មាន « គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម » ( ម៉ាថាយ ១៤:៧ ) ។ កូន​ស្រី​នោះ​បាន​សុំ​យោបល់​ពី​ម្ដាយ​នាង ហើយ​បាន​ទូល​សូម​ក្បាល​របស់ យ៉ូហាន បាទីស្ទ ជា​លទ្ធផល ហេរ៉ូឌ​បាន​កាត់​ក្បាល​របស់ យ៉ូហាន ។

យ៉ូហាន បាទីស្ទ គឺ​ជា​មិត្ត និង ជា​សាច់ញាតិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​លោក​ត្រូវបាន​ជ្រើស​តាំង​ដោយ​ព្រះ ឲ្យ​ធ្វើ​ជា​ព្យាការី​ដែល​នឹង​រៀបចំ​ថ្វាយ​ព្រះមេស៊ី ។

សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​មិត្ត​ម្នាក់​របស់ យ៉ូហាន បាទីស្ទ ។ តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច បន្ទាប់​ពី​បាន​ឮ​អំពី​ការស្លាប់​ដ៏​អយុត្តិធម៌​នេះ ?

សូម​អាន ម៉ាថាយ ១៤:១២–១៣ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ កាល​ទ្រង់​បាន​ជ្រាប​អំពី​ការស្លាប់​របស់ យ៉ូហាន ។

ឃ្លា « ទីរហោស្ថាន​ដោយ​ឡែក » នៅ​ក្នុង ខទី ១៣ សំដៅ​ទៅ​លើ​ទីកន្លែង​ដាច់​ពី​គេ​ឯង​មួយ [ សូម​មើល ម៉ាកុស ៦:៣១ លេខ​យោង a ] ។

តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ព្រះយេស៊ូវ បាន​ព្យាយាម​នៅ​តែ​មួយ​អង្គ​ឯង ?

តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​អ្នក​ក្រៀមក្រំ ហើយ​ចង់​នៅ​តែ​ម្នាក់​ឯង ប៉ុន្តែ​មាន​មនុស្ស​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​លើ​ពួកគេ ?

សូម​អាន ម៉ាថាយ ១៤:១៤ ដោយ​ស្វែងរក​ថាតើ​ទ្រង់​បាន​ធ្វើ​ដូចម្ដេច កាល​ទ្រង់​បាន​ទត​ឃើញ​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់ ។

យើង​រៀន​ចេញ​ពី​ដំណើររឿង​នេះ​ថា តាមរយៈ​ការបង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​មនុស្ស​ទូទៅ​ទោះ​ជា​ក្នុង​ពេល​ដែល​យើង​ក្រៀមក្រំ​ក្ដី មាន​ន័យ​ថា​យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សង្ខេប​ដំណើររឿង​ដែល​ព្រះយេស៊ូវ​បង្ហាញ​ក្ដី​អាណិតអាសូរ​បន្ទាប់​ពី​បាន​ជ្រាប​អំពី​ការស្លាប់​របស់ យ៉ូហាន បាទីស្ទ ទៅ​ដល់​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​របស់​អ្នក ។ សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ ជាមួយ​នឹង​បុគ្គល​នោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​អំពី​មនុស្ស​ដែល​អ្នក​ពិភាក្សា​ជាមួយ និង ការសង្ខេប​ខ្លី​មួយ​នៃ​ការពិភាក្សា​នោះ ។

    1. តើ​ការបង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​មនុស្ស​ទូទៅ អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច​នៅ​ពេល​យើង​កំពុង​ឈឺចាប់ ?

    2. ហេតុអ្វី​បាន​ជា​វា​អាច​នឹង​ជា​ការលំបាក ក្នុង​ការបង្ហាញ​ក្ដី​អាណិតអាសូរ​ដល់​មនុស្ស​ទូទៅ​នៅ​ពេល​យើង​កំពុង​ឈឺចាប់ ?

    3. តើ​នៅពេល​ណា​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​បាន​ជួប​ប្រទះ​នឹង​ភាព​ក្រៀម​ក្រំ ហើយ​នៅតែ​បង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​មនុស្ស​ម្នាក់​ទៀត ? តើ​ការបម្រើ​ដល់​មនុស្ស​ម្នាក់​ទៀត បាន​ជួយ​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អាន ម៉ាថាយ ១៤:១៥–២១ ដោយ​ស្វែងរក​ថាតើ​ព្រះយេស៊ូវ​បាន​បន្ត​បង្ហាញ ក្ដី​អាណិត​អាសូរ​ដល់​ហ្វូង​មនុស្ស​យ៉ាង​ដូចម្ដេច ។

ម៉ាថាយ ១៤:២២-៣៦

ព្រះយេស៊ូវ​យាង​នៅ​លើ​ទឹក​សមុទ្រ​កាល​កំពុង​មាន​ព្យុះ

សូម​ពិចារណា​អំពី​ស្ថានភាព​ទាំង​ពីរ​ខាង​ក្រោម​នេះ ៖

ស្ថានភាព​ទី ១ ៖ យុវនារី​ម្នាក់​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម នៅ​ពេល​ឃើញ​ម្ដាយ​នាង​រងទុក្ខ​ដោយ​ជំងឺ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ។ នាង​បាន​ចាប់ផ្ដើម​ទូល​សួរ ថាតើ​ព្រះវរបិតា​សួគ៌​ទ្រង់​ជ្រាប​អំពី​ការឈឺចាប់​របស់​ក្រុម​គ្រួសារ​នាង​ដែរ​ឬ​ទេ ។ ដោយ​អស់​សង្ឃឹម នាង​ចង់​ជឿ​លើ​ព្រះ ប៉ុន្តែ​មន្ទិល​របស់​នាង​បាន​ចាប់ផ្ដើម​គ្រប​ដណ្ដប់​លើ​រូប​នាង ។

ស្ថានភាព​ទី ២ ៖ ថ្មីៗ​នេះ យុវជន​ម្នាក់​បាន​ចូល​សាសនាចក្រ ។ មិត្តភក្ដិ​ជា​ច្រើន​របស់​គាត់​បាន​រិះគន់​ដោយ​បើក​ចំហ អំពី​ការសម្រេចចិត្ត​របស់​គាត់​ដើម្បី​ចូល​សាសនាចក្រ ។ គាត់​បាន​ចាប់ផ្ដើម​ឆ្ងល់​ថាតើ​គាត់​គួរតែ​បន្ត​ធ្វើ​ជា​សមាជិក​សកម្ម និង ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ​ដែរ​ឬ​ទេ ។

តើ​មាន​របៀប​ណា​ផ្សេង​ទៀត ដែល​មនុស្ស​អាច​នឹង​ជួប​ប្រទះ​មន្ទិល ឬ ការភ័យខ្លាច​នៅ​ពេល​ពួកគេ​ព្យាយាម​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ ម៉ាថាយ ១៤ សូម​ស្វែងរក​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ភ័យខ្លាច មន្ទិល និង ការបាក់ទឹកចិត្ត ។

សូម​អាន ម៉ាថាយ ១៤:២៤–២៤ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​នៅ​ពេល​ពួក​សិស្ស​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ដើម្បី​ធ្វើតាម​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ ។

ឃ្លា « ច្រាស​ខ្យល់ » នៅ​ក្នុង ខទី ២៤ មាន​ន័យ​ថា ខ្យល់​បោក​បក់​ទៅ​បញ្ច្រាស​នឹង​ទិសដៅ​របស់​វា ។

នៅ​ក្នុង ម៉ាថាយ ១៤:២៣ កត់ចំណាំ​ថា គ្រា​នោះ​គឺ​ជា​ពេល​រាត្រី​មួយ ដែល​ព្រះយេស៊ូវ​បាន​គង់​នៅ​តែ​មួយ​អង្គ​ឯង​នៅ​លើ​ភ្នំ ចំណែក​ឯ​ពួក​សិស្ស​របស់​ទ្រង់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ។ រយៈ​ចម្ងាយ​ឆ្លង​កាត់​សមុទ្រ​គឺ​ប្រមាណ ៨ គីឡូម៉ែត្រ ហើយ​ក្នុង​អាកាសធាតុ​ធម្មតា ពួកគេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ក្នុង​រយៈ​ពេល​ពីរ ឬ បី​ម៉ោង ។ ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ឯ​ពួកគេ​អំឡុង​យាម​បួន ដែល​នៅ « រវាង​ម៉ោង​បី និង ម៉ោង​ប្រាំមួយ​ព្រឹក » ( ម៉ាថាយ ១៤:២៥ លេខ​យោង a ) ។ ការណ៍​នេះ​មាន​ន័យ​ថា ពួក​សិស្ស​បាន​តទល់​នឹង​ព្យុះ​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ពេញ​មួយ​យប់ ។

សូម​អាន ម៉ាកុស ៦:៤៧–៤៨ ដោយ​ស្វែងរក​សេចក្ដី​លម្អិត​បន្ថែម ដែល​ម៉ាកុស​បាន​ប្រាប់​អំពី​ព្រឹត្តិការណ៍​នេះ ។

ប្រសិនបើ​ព្រះយេស៊ូវ​បាន​ជ្រាប​ថា​ពួក​សិស្ស​ទ្រង់​កំពុង​ពុះពារ​នឹង​ទុក្ខលំបាក​នេះ តើ​អ្នក​គិត​ថា ទ្រង់​អាច​នឹង​ជួយ​ពួកគេ​ភ្លាមៗ​ដែរ​ឬ​ទេ ? តើ​អ្វី​ដែល​អាច​ជា​គោលបំណង ក្នុង​ការទុក​ឲ្យ​ពួក​សិស្ស​ទ្រង់​ពុះពារ​អស់​មួយ​រយៈ​សិន ពីមុន​ពួកគេ​ត្រូវ​បាន​សង្គ្រោះ​នោះ ?

ចេញ​ពី​ដំណើររឿង​អំពី​ពួក​សិស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ យើង​រៀន​ថា ទោះ​ជា​ព្រះ​អាច​នឹង​ពុំ​តែងតែ​ជួយ​យើង​ពី​ការពុះពារ​របស់​យើង ក៏​ទ្រង់​ជ្រាប​អំពី​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ ហើយ​ក៏​នឹង​យាង​មក​ជួយ​យើង​នៅ​ក្នុង​ពេល​កំណត់​របស់​ទ្រង់​ដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការណ៍​ល្អ​ណា​មួយ​ដែល​កើត​ចេញ​ពី​ការពុះពារ​របស់​យើង​មួយ​រយៈ​នោះ ដែល​ប្រសើរ​ជាង​ឲ្យ​ព្រះអម្ចាស់​យាង​មក​សង្គ្រោះ​យើង​ភ្លាមៗ​ពី​ការសាកល្បង​របស់​យើង ?

    2. តើ​ការដឹង​ថា​ព្រះអម្ចាស់​ទ្រង់​ជ្រាប​អំពី​ការពុះពារ​របស់​យើង អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​យ៉ាង​ដូចម្ដេច​ទៅ​លើ​ទ្រង់ ទោះជា​ទ្រង់​ពុំ​យាង​មក​សង្គ្រោះ​ភ្លាមៗ​ក៏​ដោយ​នោះ ?

សូម​ស្រមៃ​ថា​អ្នក​បាន​ស្ថិត​នៅ​លើ​ទូក ហើយ​បាន​ពុះពារ​នឹង​ខ្យល់​ព្យុះ​ដ៏​ខ្លាំង និង រលក​ធំៗ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ពេញ​មួយ​យប់ ក្រោយ​មក​អ្នក​បាន​ឃើញ​នរណា​ម្នាក់​បាន​ដើរ​នៅ​លើ​ទឹក ។ តើ​អ្នក​អាច​នឹង​គិត ហើយ​មាន​អារម្មណ៍​ដូចម្ដេច នៅ​ក្នុង​ស្ថានភាព​បែបនេះ ?

សូម​អាន ម៉ាថាយ ១៤:២៦–២៧ ដោយ​ស្វែងរក​ថាតើ​ពួកសិស្ស​ទ្រង់​បាន​មាន​ប្រតិកម្ម​ដូចម្ដេច នៅ​ពេល​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកគេ ។

សូម​អាន ម៉ាថាយ ១៤:២៨-៣០ ដោយ​ស្វែងរក​អ្វី​ដែល​ពេត្រុស​បាន​ធ្វើ កាល​គាត់​បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់ ។

ដំបូងឡើយ តើ​ពេត្រុស​បាន​បង្ហាញ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

តើ​ពេត្រុស​បាន​ឃើញ​អ្វី ដែល​បណ្ដាល​ឲ្យ​គាត់​ភិតភ័យ សង្ស័យ ហើយ​ចាប់ផ្ដើម​លិច​ទៅ​ក្នុង​ទឹក ?

សូម​ពិចារណា​ថាតើ​អ្វី​ដែល​ជា​និមិត្តរូប​នៃ​ខ្យល់ និង រលក​សមុទ្រ​នៅ​ក្នុង​ដំណើររឿង​នេះ ដែល​អាច​ដឹកនាំ​អ្នក​ឲ្យ​ភិតភ័យ និង សង្ស័យ ។

យើង​រៀន​ចេញ​ពី​បទពិសោធន៍​របស់​ពេត្រុស​ថា ប្រសិនបើ​យើង​រក្សា​សេចក្ដី​ជំនឿ​របស់​យើង​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការភ័យខ្លាច និង មន្ទិល​សង្ស័យ​នឹង​មិន​អាច​យក​ឈ្នះ​លើ​យើង​បាន​ឡើយ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ រួច​គូសចំណាំ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ ដែល​ជា​គ្រោះថ្នាក់​នៃ​ការមិន​រក្សា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់ ៖ « វា​គឺ​ជា​ជំនឿ​ខ្ញុំ​ថា ប្រសិនបើ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ សហគមន៍ និង ជាតិសាសន៍​អាច​ធ្វើ​ទៅ​បាន​ដូចជា​ពេត្រុស ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះយេស៊ូវ នោះ​យើង​ក៏​អាច​ដើរ​ដោយ​ពុំ​មាន​ការភ័យខ្លាច​លើ ‹ រលក​ដ៏​ធំ​នៃ​ការឥតជំនឿ › ហើយ​នៅ​តែ ‹ មិន​រន្ធត់​នៅ​​កណ្ដាល​នៃ​ខ្យល់​ព្យុះ​នៃ​មន្ទិល › ដែរ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ដក​ការផ្ដោត​អារម្មណ៍​ចេញ​ពី​ទ្រង់​ដែល​យើង​ត្រូវ​ជឿ​លើ​នោះ ដែល​ជា​រឿង​ដ៏​ងាយស្រួល​ពេក​ក្រៃ​ក្នុង​ការធ្វើ​ដូច្នោះ ហើយ​ពិភពលោក​នេះ​ក៏​ល្បួង​យើង​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ ប្រសិនបើ​យើង​មើល​ទៅ​អំណាច និង ភាពខ្លាំងក្លា​នៃ​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច និង ការអន្តរាយ​ជុំ​វិញ​ខ្លួន​យើង ជាជាង​មើល​ទៅ​ទ្រង់​ដែល​អាច​ជួយ ហើយ​សង្គ្រោះ​យើង លំដាប់​នោះ​យើង​នឹង​លិច​ទៅ​ក្នុង​សមុទ្រ​នៃ​ទុក្ខវេទនា និង ភាព​សោក​សៅ ព្រម​ទាំង​ភាព​អស់​សង្ឃឹម » (« The Beacon in the Harbor of Peace » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ១៩ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​មួយ​ចំនួន​ដែល​យើង​អាច « ផ្ដោត​អារម្មណ៍ » ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​ពេត្រុស​បាន​ធ្វើ​តាំងពី​ដំបូង ។ លើស​ពី​នេះ​ទៅ​ទៀត សូម​សរសេរ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​បុគ្គល​ម្នាក់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​គាត់ ឲ្យ​យក​ឈ្នះ​លើ​ការភ័យខ្លាច ឬ មន្ទិល ។

សូម​ពិចារណា​អំពី​ការផ្លាស់ប្ដូរ​នានា​ដែល​អ្នក​អាច​ធ្វើ​ក្នុង​ជីវិត ដើម្បី​រក្សា​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ រួច​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​នោះ ។

ដូចជា​ពេត្រុស​ដែរ ពេល​ខ្លះ​យើង​អាច​នឹង​បរាជ័យ​ក្នុង​ការរក្សា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង អាច​ភិតភ័យ សង្ស័យ ហើយ​បាក់​ទឹកចិត្ត ។

សូម​អាន ម៉ាថាយ ១៤:៣០–៣២ ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង នៅ​ពេល​ពេត្រុស​បាន​ដើរ​សំដៅ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះគ្រីស្ទ​យាង​នៅ​លើ​ទឹក

ស្រប​តាម ខទី ៣០ តើ​ពេត្រុស​បាន​ធ្វើ​ដូចម្ដេច កាល​គាត់​បាន​ដឹង​ថា​គាត់​កំពុង​តែ​លិច​ទៅ​ក្នុង​ទឹក ? ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​ពេត្រុស​បាន​បន្លឺ ) ។

ដូចជា​ពេត្រុស​ដែរ ប្រសិនបើ​យើង​ស្វែងរក​ជំនួយ​ពី​ព្រះ​កាល​សេចក្ដី​ជំនឿ​របស់​យើង​ចុះ​ខ្សោយ នោះ​ទ្រង់​អាច​លើក​យើង​ឡើង​ពី​ការភ័យខ្លាច និង មន្ទិល ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ព្រះ​អាច​លើក​យើង​ឡើង​ពី​ការភ័យខ្លាច និង មន្ទិល​បាន​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាថាយ ១៤:៣៣ ដោយ​ស្វែងរក​ថាតើ​ពួក​សិស្ស​ទ្រង់​នៅ​លើ​ទូក​បាន​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​ព្រះយេស៊ូវ និង ពេត្រុស​បាន​ឡើង​ទៅ​ដល់​លើ​ទូក ។

នៅ​ក្នុង ម៉ាថាយ ១៤:៣៤–៣៦ យើង​ស្វែងយល់​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ព្រះយេស៊ូវ និង ពួក​សិស្ស​ទ្រង់​បាន​បន្ត​ធ្វើ​ដំណើរ ហើយ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​កាលីឡេ​ដែល​មាន​ចម្ងាយ​ឆ្ងាយ ។ នៅ​ពេល​មនុស្ស​បាន​ដឹង​ថា​ព្រះយេស៊ូវ​គង់​នៅ​ទី​នោះ ពួកគេ​បាន​នាំ​យក​មនុស្ស​ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ។ សេចក្ដី​ជំនឿ​របស់​ពួកគេ​មាន​ទំហំ​ធំ​ក្រៃ ដែល​មនុស្ស​ទាំងអស់​ដែល​បាន​មក​ឯ​ទ្រង់​បាន​ជា​សះស្បើយ ដោយ​ការប៉ះ​ជាយ​ព្រះពស្ត​ទ្រង់ ។ សូម​ប្រៀបធៀប​ការណ៍​នេះ​ជាមួយ​នឹង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន ដែល​មាន​ពិពណ៌នា​នៅ​ក្នុង ម៉ាថាយ ១៣:៥៧–៥៨ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖