បណ្ណាល័យ
មេរៀន​ទី ២០ ថ្ងៃ​ទី ៤ ៖ រ៉ូម ៤-៧


មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ៤

រ៉ូម ៤-៧

សេចក្តីផ្ដើម

ប៉ុល​បាន​ពន្យល់​អំពី​របៀប​ដែល​អ័ប្រាហាំ​ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ ។ ក្រោយ​មក លោក​បាន​រៀបរាប់​អំពី​ពរជ័យ​ដែល​កើត​មាន​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​រាប់​ជា​សុចរិត ហើយ​បាន​បង្រៀន​ថា ពិធីបុណជ្រមុជទឹក​តំណាង​ឲ្យ​ការស្លាប់​ខាង​អំពើបាប ហើយ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ។

រ៉ូម ៤–៥

ប៉ុល​ពន្យល់​អំពី​របៀប​ដែល​អ័ប្រាហាំ​ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ

សូម​ស្រមៃ​ថា​អ្នក​ហៀប​នឹង​ស្លាប់​ដោយ​ការស្រេក​ទឹក​នៅ​ក្នុង​ទីរហោស្ថាន ហើយ​មាន​ទឹក​មួយ​ដប​នៅ​លើ​ទីទួល​មួយ​នៅ​ក្បែរ​អ្នក ។ តើ​ជម្រើស​ណា​មួយ ដែល​នឹង​ជួយ​ស្រោចស្រង់​ជីវិត​អ្នក ?

រូបភាព
គំនូរ បុរស​ម្នាក់​កំពុង​វារ​នៅ​ក្នុង​ទីរហោស្ថាន
  1. ជំនឿ​របស់​អ្នក​ថា ទឹក​នោះ​អាច​សង្គ្រោះ​អ្នក​បាន ។

  2. ការខិតខំ​របស់​អ្នក​ដើម្បី​បាន​ទឹក​នោះ​មក​ផឹក ។

  3. ទឹក ។

ទិដ្ឋភាព​នេះ​អាច​ជួយ​យើង​យល់​អំពី​សេចក្ដី​បង្រៀន​របស់​ប៉ុល នៅ​ក្នុង រ៉ូម ៤–៧ អំពី​របៀប​ដែល​សេចក្ដី​ជំនឿ កិច្ចការ និង ព្រះគុណ ទាក់ទង​ទៅ​នឹង​គោលលទ្ធិ​នៃ​ការរាប់​ជា​សុចរិត ។

យើង​បាន​រៀន​នៅ​ក្នុង រ៉ូម ១–៣ ថា​ដើម្បី បាន​រាប់​ជា​សុចរិត មាន​ន័យ​ថា បាន​លើកលែង​ពី​ការដាក់ទោស​ចំពោះ​អំពើបាប ហើយ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​សុចរិត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល គ. និង ស. ៧៦:៦៩ ) ។

ពួក​បរិសុទ្ធ​សាសន៍​យូដា​មួយ​ចំនួន​នៅ​ក្រុង​រ៉ូម បាន​ពោល​ពាក្យ​ពន្លើស​អំពី​សារៈសំខាន់​នៃ​ការខិតខំ​ផ្ទាល់ខ្លួន និង នៃ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ដើម្បី​បាន​រាប់​ជា​សុចរិត ។ តើ​មនុស្ស​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​មាន​ការភាន់ច្រឡំ​ស្រដៀង​នេះ​អំពី​ការរាប់​ជា​សុចរិត​យ៉ាង​ដូចម្ដេច ?

តើ​ជម្រើស​ណា​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​បី​នៅ​ក្នុង​ទិដ្ឋភាព​ខាង​លើ ដែល​អាច​តំណាង​ឲ្យ​គំនិត​ដែល​ថា​យើង​អាច​បាន​សង្គ្រោះ​តាមរយៈ​កិច្ចការ​របស់​យើង ? ____

ប៉ុល​បាន​ព្យាយាម​កែប្រែ​ការភាន់ច្រឡំ​នេះ​ដោយ​រំឭក​ពួក​សាសន៍​យូដា​អំពី​លោក​អយ្យកោ​អ័ប្រាហាំ​ពី​បុរាណ ដែល​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​ឃើញ​ថា​បាន​រាប់​ជា​សុចរិត ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ រ៉ូម ៤:២–៥ បញ្ជាក់​ពី​ហេតុផល​ដែល​អ័ប្រាហាំ​ត្រូវ​បាន​រាប់​ជា​សុចរិត ហើយ​ត្រូវ​បាន​កាត់​សេចក្ដីថា​ជា​មនុស្ស​សុចរិត ៖ « ដ្បិត​ប្រសិន​បើ​លោក​អ័ប្រាហាំ​បាន​រាប់​ជា​សុចរិត​ដោយ​ការ​ដែល​លោក​គោរព​តាម​ក្រឹត្យវិន័យនៃ​ការ​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ​ ប៉ុន្តែ​ពុំ​មែន​ចំពោះ​ព្រះ​ទេ ។ តើ​គម្ពីរ​ថា​ដូចម្ដេច? គម្ពីរ​ថា « អ័ប្រាហាំបាន​ជឿ​ចំពោះ​ព្រះ ហើយ​សេចក្ដី​ជំនឿ​នោះបាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក ។ ឥឡូវ​នេះ អ្នក​ណា​ដែល​បាន​រាប់​ជា​សុចរិត​ដោយ​ក្រឹត្យវិន័យ​នៃ​ការ​ប្រព្រឹត្ត រង្វាន់នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បំណុល ពុំមែន​ព្រះគុណ​ទេ ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ពុំ​បាន​ស្វែង​រកការ​រាប់​ជា​សុចរិត​ដោយ​ក្រឹត្យវិន័យ​នៃ​ការ​ប្រព្រឹត ប៉ុន្តែ​ជឿចំពោះ​ទ្រង់ពុំ​រាប់អំពើ​អាក្រក់​ថា​ជា​សុចរិត នោះ​សេច​ក្ដីជំនឿ​របស់​គាត់​ត្រូវ​បាន​រាប់​ថា​ជា​សេចក្ដី​សុចរិត​ហើយ » ។

តើ​តាមរយៈ​អ្វី ដែល​អ័ប្រាហាំ មិន​មែន ត្រូវបាន​រាប់​ជា​សុចរិត ?

សូម​ចងចាំ​ថា​ប៉ុល​បាន​បង្រៀន​ថា « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។ ទោះជា​យើង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ក៏​ដោយ ក៏​អំពើបាប និង អំពើរំលង​ពី​អតីតកាល​របស់​យើង នឹង​នៅ​តែ​ដកហូត​សិទ្ធិ​របស់​យើង​ពី​ការបាន​រាប់​ជា​បរិសុទ្ធ​ដោយសារ​តែ​ក្រឹត្យវិន័យ​នៃ​កិច្ចការ​ដែរ ។ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការបាន​រាប់​ជា​សុចរិត​ដោយសារ​តែ​ក្រឹត្យវិន័យ​នៃ​កិច្ចការ តម្រូវ​ឲ្យ​យើង​មិន​ប្រព្រឹត្ត​អំពើបាប ឬ រំលង​ក្រឹត្យវិន័យ​ណា​មួយ​នៃ​ព្រះ​ដោយ​មិន​ដឹង​ខ្លួន​ម្ដង​ណា​សោះ​ឡើយ ។

នៅ​ក្នុង រ៉ូម ៤:៦–១៥ យើង​រៀន​ថា ខ្សែស្រឡាយ និង​ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ពុំ​មាន​អំណាច​សម្អាត​យើង​ពី​អំពើបាប​បាន​ឡើយ ។

សូម​អាន​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ដែល​មាន​នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដោយ​ស្វែងរក​ការពន្យល់​បន្ថែម​ដ៏​ពេញលេញ​អំពី​របៀប​ដែល​យើង​ត្រូវបាន​រាប់​ជា​បរិសុទ្ធ ។

គោលលទ្ធិ​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី រ៉ូម ៤:១៦ គឺ​ថា យើង​ត្រូវបាន​រាប់​ជា​សុចរិត​ដោយសារ​សេចក្ដី​ជំនឿ និង កិច្ចការ​តាមរយៈ​ព្រះគុណ ។ ( អ្នក​អាច​ចង់​សរសេរ​គោលលទ្ធិ​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ រ៉ូម ៤:១៦ ) ។

សូម​ចងចាំ​ថា ព្រះគុណ សំដៅ​ទៅ​លើ​ពរជ័យ សេចក្តីមេត្តាករុណា ជំនួយ និង កម្លាំង​ដែល​មាន​សម្រាប់​យើង​ដោយសារ​តែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ត្រឡប់​ទៅ​ទិដ្ឋភាព​នៅ​ខាង​ដើម​មេរៀន​វិញ ។ តើ​ជម្រើស​ណា​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​បី ដែល​អាច​តំណាង​ឲ្យ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះគុណ​នៃ​ព្រះ ? ____

តើ​ជម្រើស​ណា​មួយ​ដែល​អាច​តំណាង​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ ? ____

ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ តើ​អ្នក​អាច​បាន​សង្គ្រោះ​ជីវិត​ដោយសារ​ជំនឿ និង កិច្ចខិតខំ​របស់​អ្នក​ដែរ​ឬ​ទេ បើ​គ្មាន​ទឹក​នៅ​លើ​ទីទួល​ទេ​នោះ ? តើ​ទឹក​នៅ​ក្នុង​ទិដ្ឋភាព​នេះ​ប្រដូច​ទៅ​នឹង​ដង្វាយធួន​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះគុណ​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សេចក្តីសង្គ្រោះ​ពុំ​អាច​ទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរពប្រតិបត្តិ​ឡើយ តែ​អាច​ទិញ​បាន​ដោយ​ព្រះលោហិត​នៃ​បុត្រា​នៃ​ព្រះ [ សូម​មើល កិច្ចការ ២០:២៨ ] ។ …

« ព្រះគុណ​គឺ​ជា​អំណោយ​ពី​ព្រះ ហើយ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការគោរព​តាម​បញ្ញត្តិ​នីមួយៗ​របស់​ព្រះ គឺជា​ការបង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា យើង​ចង់​ទទួល​អំណោយទាន​ពិសិដ្ឋ​នេះ » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩–១០ ) ។

សូម​កត់ចំណាំ​ថា ទោះជា​ទិដ្ឋភាព​នៃ​ការត្រូវការ​ទឹក​នៅ​ក្នុង​ទីរហោស្ថាន​ជួយ​យើង​យល់​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ កិច្ចការ និង ព្រះគុណ​រួមចំណែក​ក្នុង​ការបាន​រាប់​ជា​សុចរិត​ក្ដី ក៏​វា​ពុំ​បង្ហាញ​របៀប​ទាំងអស់​ដែល​យើង​អាច​ទទួល​បាន​ព្រះគុណ​ពី​ព្រះអង្គសង្គ្រោះ​ដែរ ។ ព្រះយេស៊ូវគ្រីស្ទ​ពុំ​គ្រាន់តែ​ប្រទាន​ទឹក​សង្គ្រោះ​ជីវិត​ដែល​តំណាង​ឲ្យ​ព្រះគុណ​នៃ​ព្រះ ដែល​រាប់​យើង​ជា​សុចរិត ហើយ​សម្អាត​យើង​ពី​អំពើបាប​ប៉ុណ្ណោះ​នោះ​ទេ ទ្រង់​ថែមទាំង​ធ្វើ​ឲ្យ​យើង​អាច​មាន​សេចក្ដី​ជំនឿ និង​ភាពរឹងមាំ​ដែល​យើង​ត្រូវការ ដើម្បី​ទទួលបាន​ទឹក ឬ​ព្រះគុណ​ពី​ព្រះ​ទៀត​ផង ។ យើង​អាច​មាន​ពរ​ដោយសារ​តែ​ព្រះគុណ​នេះ​នៅ​ពី​មុន នៅ​អំឡុងពេល និង​នៅ​បន្ទាប់ពី​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​ល្អៗ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « ព្រះចេស្តា​នៃ​ដង្វាយធួន​ធ្វើ​ឲ្យ​ការប្រែចិត្ត​អាច​មាន​ឡើង ហើយ​បង្ក្រាប [ ពន្លត់ ] ភាពអស់សង្ឃឹម​ដែល​បាន​បណ្ដាល​មក​ពី​អំពើបាប វា​ក៏​ពង្រឹង​យើង​ឲ្យ​មើល​ឃើញ ធ្វើ ហើយ​ប្រែក្លាយ​ជា​ខ្លាំង​ពូកែ​ទៅ​តាម​របៀប​ដែល​យើង​មិន​អាច​ដឹង ឬ សម្រេច​បាន​ជាមួយ​នឹង​សមត្ថភាព​នៃ​ជីវិត​រមែងស្លាប់​ដែល​មាន​កំណត់​របស់​យើង​បាន​នោះ​ទេ » ( « Therefore They Hushed Their Fears » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៧ ) ។

តើ​ដង្វាយធួន និង ព្រះគុណ​នៃ​ព្រះ ជួយ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​ល្អ​យ៉ាង​ដូចម្ដេច ?

កិច្ចការ​មួយ​ចំនួន​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង ហើយ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ​នៃ​ព្រះ​រួមមាន ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ និង​ការទទួល​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​នៃ​ដំណឹងល្អ ( សូម​មើល មរ៉ូណៃ ១០:៣២–៣៣ ) ។

  1. សូម​ស្រមៃ​ថា​អ្នក​មាន​មិត្តភក្ដិ​ពីរ​នាក់ បដិសេធ​មិន​ជឿ​របៀប​ដែល​យើង​អាច​បាន « សង្គ្រោះ » ។ មិត្តភក្ដិ​ម្នាក់​ថ្លែង​ថា អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បាន​សង្គ្រោះ គឺ​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។ មិត្តភក្ដិ​ម្នាក់​ទៀត​បាន​ចចេស​ថា ការគោរពប្រតិបត្តិ​របស់​យើង​តាម​ព្រះបញ្ញត្តិ​គឺ​ជា​អ្វី​ដែល​សង្គ្រោះ​យើង ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​អំពី​ទំនាក់ទំនង​នៃ​សេចក្ដី​ជំនឿ កិច្ចការ និង ព្រះគុណ​ទៅ​ដល់​មិត្តភក្ដិ​របស់​អ្នក ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង រ៉ូម ៥ ប៉ុល​បាន​បង្រៀន​អំពី​ភាពសុខសាន្ត​ដែល​កើតមាន​ដល់​ជន​ទាំងឡាយ​ណា ដែល​ទទួល​បាន​ព្រះគុណ​ពី​ព្រះ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ខទី ១–២ ) ។ លោក​បាន​ពន្យល់​បន្ថែម​ថា ព្រះគុណ​មាន​សម្រាប់​យើង​ដោយសារតែ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​គឺ​លើស​ពី​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់​ទៅ​ទៀត ។

រ៉ូម ៦–៧

ប៉ុល​បង្រៀន​អំពី​របៀប​រួច​ផុត​ពី​អំពើបាប ហើយ​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

សូម​ស្រមៃ​ថា​មិត្តភក្ដិ​របស់​អ្នក​កំពុង​ដាក់​ផែនការ​បម្រើ​បេសកកម្ម ប៉ុន្តែ​សព្វថ្ងៃ​គាត់​កំពុង​ជ្រើសរើស​ធ្វើ​ផ្ទុយទៅ​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​អ្នក​បង្ហាញ​កង្វល់​ចំពោះ​ការប្រព្រឹត្ត​របស់​មិត្តភក្ដិ​អ្នក គាត់​និយាយ​ថា « វា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ ។ ដោយសារ​តែ​ដង្វាយធួន ខ្ញុំ​អាច​ប្រែចិត្ត​ជានិច្ច​ពីមុន​ខ្ញុំ​ចេញ​ទៅ​បេសកកម្ម » ។

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​មិត្តភក្ដិ​របស់​អ្នក ។ នៅ​ពេល​អ្នក​សិក្សា រ៉ូម ៦ សូម​ស្វែងរក​មូលហេតុ​ដែល​ឥរិយាបថ​របស់​គាត់ បង្ហាញ​អំពី​ការភាន់ច្រឡំ​ដ៏​ធ្ងន់ធ្ងរ​អំពី​គោលលទ្ធិ​នៃ​ព្រះគុណ ។

សូម​អាន រ៉ូម ៦:១–៦, ១១–១២ ដោយ​ស្វែងរក​របៀប​ដែល​សេចក្ដី​បង្រៀន​របស់​ប៉ុល អាច​កែប្រែ​ការគិត​របស់​មិត្តភក្ដិ​របស់​អ្នក ។

សូម​ពន្យល់​ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់​របស់​អ្នក អំពី​របៀប​ដែល​សេចក្ដី​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​មិត្តភក្ដិ​របស់​អ្នក ៖

តើ​អ្នក​គិត​ថា « ស្លាប់​ខាង​ឯ​អំពើ​បាប » ( រ៉ូម ៦:២ ) និង « បាន​ត្រូវ​កប់​ជាមួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ » ( រ៉ូម ៦:៤ ) មាន​ន័យ​ដូចម្ដេច ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ពិធីបុណ​ជ្រមុជទឹក​ដោយ​ការពន្លិច​អាច​តំណាង​ឲ្យ​សេចក្ដីស្លាប់​ក្នុង​អំពើបាប និង​ការកើត​ជា​ថ្មី​នៃ​ជីវិត​ខាង​វិញ្ញាណ ។

ជីវិត​ខាង​វិញ្ញាណ​ដែល​យើង​ចាប់ផ្ដើម​នៅ​ពេល​យើង​ទទួល​ពិធីបុណ្យជ្រមុជទឹក​រួម​មាន ការទទួល​ការផ្ដាច់បាប និង​ការតាំងចិត្ត​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ជន​ទាំងឡាយ​ណា​ដែល​រំលង​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​បាប​ដោយ​ចេតនា​ជាមួយ​នឹង​បំណង​ដើម្បី​ប្រែចិត្ត​ពេល​ក្រោយ គឺ​កំពុង​តែ​មើល​ស្រាល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដាក់​ខ្លួន​គេ​ទៅ​ក្នុង​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។

តើ​នរណា​ជា​អ្នក​ផ្ដល់​ប្រាក់ខែ​ឲ្យ​និយោជិត ? ហេតុអ្វី​បាន​ជា​និយោជក​ពុំ​ផ្ដល់​ប្រាក់​ខែ​ដល់​និយោជិត​របស់​បុគ្គល​ម្នាក់​ទៀត ?

សូម​អាន រ៉ូម ៦:១៣ រួច​ស្វែងរក « និយោជក » ឬ ចៅហ្វាយ​ពីរ​នាក់ ដែល​មនុស្ស​ម្នាក់​អាច​ប្រគល់​ខ្លួន​ឲ្យ និង បម្រើ ។ នៅ​ក្នុង​ខគម្ពីរ​នេះ ពាក្យ ប្រគល់ មាន​ន័យ​ថា ផ្ដល់​ជូន ឬ ថ្វាយ​ខ្លួន​អ្នក និង ​អវយវៈ សំដៅ​ទៅ​លើ​ផ្នែក​នៃ​រូបរាងកាយ និង គំនិត ។

សូម​អាន រ៉ូម ៦:១៤–២៣ ដោយ​ស្វែងរក​ពាក្យ « ឈ្នួល » ( រ៉ូម ៦:២៣ ) ឬ លទ្ធផល​នៃ​អំពើបាប និង អំណោយទាន​នៃ​ព្រះ ។ សូម​សរសេរ​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង​តារាង​ខាង​ក្រោម ។

ឈ្នួល​របស់​អំពើ​បាប

អំណោយទាន​នៃ​ព្រះ

សេចក្តី​ស្លាប់​ជា​ឈ្នួល​របស់​អំពើ​បាប​សំដៅ​ទៅ​លើ « ការបែកចេញ​ពី​ព្រះ និង​ពី​ឥទ្ធិពល​ទ្រង់ » និង​មាន​ន័យ​ថា « ស្លាប់​ចំពោះ​អ្វីៗ​ខាង​សេចក្ដី​សុចរិត » (សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដីស្លាប់ ខាង​វិញ្ញាណ scriptures.lds.org ) ។

ចេញ​ពី រ៉ូម ៦:១៦ យើង​រៀន​ថា ប្រសិនបើ​យើង​ប្រគល់​ខ្លួន​ទៅ​ក្នុង​អំពើបាប នោះ​យើង​នឹង​ក្លាយ​ជា​បាវបម្រើ​របស់​អំពើបាប ។ សូម​ពិចារណា​ដល់​ការសរសេរ​គោលការណ៍​នេះ​ក្បែរ រ៉ូម ៦:១៦ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការប្រគល់​ខ្លួន​ទៅ​ក្នុង​អំពើបាប ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​បាវបម្រើ​របស់​អំពើបាប​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​គំរូ​ផ្សេងៗ ដែល​ការប្រគល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ទៅ​ក្នុង​អំពើបាប បាន​នាំ​ទៅ​រក​ការបាត់បង់​សេរីភាព ។

សូម​មើល​ទៅ​បញ្ជី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្រោម « អំណោយទាន​នៃ​ព្រះ » នៅ​ក្នុង​តារាង​ពី​មុន ។ តើ​គុណប្រយោជន៍​នៃ​ការបម្រើ​សេចក្ដីសុចរិត​ជាជាង​ការបម្រើ​អំពើបាប​មាន​អ្វី​ខ្លះ ?

  1. សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​ថ្វាយ​ខ្លួន​យើង​ដល់​ព្រះ នោះ​យើង​អាច​មាន​សេរីភាព​ចេញ​ពី​អំពើបាប ហើយ​ទទួលបាន​អំណោយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​យើង​អាច​ថ្វាយ​ខ្លួន​យើង​ដល់​ព្រះ​តាម​របៀប​ណា ?

    2. តើ​អ្នក​ធ្លាប់​បាន​ដកពិសោធ​នូវ​សេរីភាព​ចេញ​ពី​អំពើបាប ដោយ​ការថ្វាយខ្លួន​ដល់​ព្រះ​តាម​របៀប​ណា ?

  2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ​អំពី​របៀប​ដែល​អ្នក​នឹង​ថ្វាយ​ខ្លួន​អ្នក​ដល់​ព្រះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ដើម្បី​អ្នក​អាច​ទទួលបាន​ព្រះគុណ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង រ៉ូម ៧ ប៉ុល​បាន​ប្រើ​រឿង​ប្រៀបប្រដូច​អំពី​អាពាហ៍ពិពាហ៍​ដើម្បី​បង្រៀន​ថា សមាជិក​សាសនាចក្រ​បាន​ចេញ​ពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​បាន​ចូលរួម​នឹង​ព្រះគ្រីស្ទ ។ លោក​ក៏​បាន​សរសេរ​អំពី​ការពុះពារ​រវាង « សាច់​ឈាម » ( រ៉ូម ៧:១៨ ) ឬ សេចក្ដី​ស្រេកឃ្លាន​ខាង​សាច់ឈាម និង « ប៉ែក​ខាង​ក្នុង » ( រ៉ូម ៧:២២ ) ឬ​ជីវភាព​ខាង​វិញ្ញាណ​ផងដែរ ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ លើ រ៉ូម ៧:២៤–២៥ ផ្ដល់​នូវ​ការយល់ដឹង​បន្ថែម​ទៅ​ក្នុង​ទីបន្ទាល់​ដ៏​មាន​អនុភាព​របស់​ប៉ុល នៅ​ពេល​លោក​ឃើញ​ថា​សាច់ឈាម​អាច​ត្រូវបាន​យក​ឈ្នះ​បាន ។

« ហើយ​ប្រសិនបើ​ខ្ញុំ​ពុំ​បង្ក្រាប​អំពើបាប​ដែល​មាន​ក្នុង​ខ្ញុំ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​តាម​ក្រឹត្យវិន័យ​នៃ​អំពើបាប​ដោយ​នូវ​សាច់ឈាម វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន ?

« ខ្ញុំ​អរ​ព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ខ្លួន​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ រ៉ូម ៧:២៦–២៧ [ នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា រ៉ូម ៤-៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖