បណ្ណាល័យ
មេរៀន​ទី ២២ ថ្ងៃ​ទី ២ ៖ កូរិនថូស ទី១ ៩-១០


មេរៀន​ទី ២២ ៖ ថ្ងៃ​ទី ២

កូរិនថូស ទី១ ៩-១០

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​ថ្លែង​​កង្វល់​ពី​ពួក​បរិសុទ្ធ​កូរិនថូស​ម្នាក់ អំពី​ការប្រើប្រាស់​ធនធាន​របស់​សាសនាចក្រ​ទៅ​រក​ប្រាក់​សម្រាប់​ការចំណាយ​ក្នុង​ការរស់នៅ​របស់​ខ្លួន ។ លោក​បាន​ពន្យល់​ថា គោលបំណង​នៃ​ការប្រកាស​ដំណឹងល្អ​របស់​លោក​គឺ​ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះ ។ លោក​បាន​ទូន្មាន​ឲ្យ​ពួកគេ​ចៀសវាង​ពី​ការប្រព្រឹត្ត​បាប ក៏​ដូចជា​ការធ្វើ​ឲ្យ​មនុស្ស​ដទៃ​រវាទចិត្ត​ក្នុង​ជំនឿ​សាសនា​របស់​ពួកគេ​ដែរ ។

កូរិនថូស​ទី ១ ៩

ប៉ុល​ប្រកាស​ដំណឹងល្អ​ដើម្បី​ឲ្យ​ខ្លួន​លោក ព្រមទាំង​អ្នក​ដែល​ស្ដាប់​លោក​ផង​បាន​សង្គ្រោះ

តើ​អ្នក​ធ្លាប់​ពិបាក​ក្នុង​ភ្ញាក់​ពី​ព្រលឹម ហើយ​ជា​លទ្ធផល​អ្នក​ខកខាន​មិន​បាន​ធ្វើ​អ្វី​មួយ​សំខាន់​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​នៅ​ពេល​អ្នក​ដឹងថា​អ្នក​បាន​ខកខាន​ធ្វើ​អ្វី​មួយ ឬ​មិន​សម្រេច​បាន​អ្វី​មួយ​ដែល​សំខាន់​ព្រោះ​អ្នក​មិន​បាន​ត្រៀមខ្លួន​ដែរ​ឬ​ទេ ?

រឿង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​នេះ​ដែល​យើង​គួរតែ​ខិតខំ​សម្រេច​បាន គឺ​ជា​ឱកាស​ដើម្បី​បាន​សក្ដិសម​នឹង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​អ្វី​មួយ​ដែល​អ្នក​ចង់​បាន ។

គឺ​ដូចជា​ការពិបាក​ក្នុង​ការភ្ញាក់​ពី​ព្រលឹម​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខកខាន ឬ​មិន​អាច​សម្រេចបាន​រឿង​ដ៏​សំខាន់​ដែរ នោះ​ឥរិយាបថ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​យើង​ខកខាន​ក្នុង​ការសម្រេច​បាន​រឿង​ដ៏​សំខាន់​បំផុត​ជាង​អ្វីៗ​ទាំងអស់—ដែល​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ៩ សូម​ស្វែងរក​គោលការណ៍​ដែល​អាច​ជួយ​អ្នក​ដឹង​អំពី​របៀប​អះអាង​ថា អ្នក​សម្រេច​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នៅ​ក្នុង កូរិនថូស ទី១ ៩:១–២១ ប៉ុល​បាន​ឆ្លើយ​សំណួរ​ជា​ច្រើន​មក​ពី​ពួក​បរិសុទ្ធ​កូរិនថូស ។ លោក​បាន​សរសេរ​ថា ទោះជា​លោក​ត្រូវបាន​គាំទ្រ​ឲ្យ​ផ្គត់ផ្គង់​ដល់​បញ្ហា​ខាង​សាច់ឈាម​ពី​សមាជិក​សាសនាចក្រ​ក្ដី ក៏​លោក​ពុំ​បាន​ពឹងផ្អែក​ទៅ​លើ​ពួកគេ​សម្រាប់​ការចំណាយ​ក្នុង​ការរស់នៅ​របស់​លោក​ដែរ ។ លោក​បាន​ពន្យល់​ថា ដោយ​ការសម្របខ្លួន​ទៅ​នឹង​កាលៈទេសៈ​ខុសៗគ្នា​ដោយ​ពុំ​បន្ទាប​បទដ្ឋាន​នៃ​ដំណឹងល្អ​នោះ លោក​អាច​ជួយ​ពួក​សាសន៍​យូដា ពួកសាសន៍ដទៃ និង​មនុស្ស​ឯ​ទៀត​ដែល​ទន់ខ្សោយ​នៅ​ក្នុង​ដំណឹងល្អ​ឲ្យ​ទទួល​យក​ដំណឹងល្អ​បាន ។

សូម​អាន កូរិនថូស ទី១ ៩:១៧ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ ។

សូម​អាន កូរិនថូស ទី១ ៩:២២–២៣ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ដោយ​សុច្ឆន្ទៈ ។

សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ហ្វឹកហាត់ ឬ​បំពាក់បំប៉ន​សម្រាប់​ព្រឹត្តិការណ៍​មួយ ។ តើ​កាលវិភាគ​នៃ​កម្មវិធី​ការហ្វឹកហាត់ ឬ ការបំពាក់បំប៉ន​របស់​អ្នក​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​ដែរ ? តើ​ការខិតខំ​ឆ្ពោះ​ទៅ​រក​គោលដៅ​មួយ បាន​ជំរុញចិត្ត​អ្នក​យ៉ាង​ដូចម្ដេច ?

ប៉ុល​បាន​ពន្យល់​ថា អត្តពលិក​អាច​យក​ឈ្នះ​លើ​ការល្បួង​ដែល​រារាំង​ពួកគេ​ពី​ការហ្វឹកហាត់​បាន​តាមរយៈ​ការផ្ដោត​អារម្មណ៍​ទៅ​លើ​គោលដៅ​របស់​ខ្លួន ។ សូម​អាន កូរិនថូស ទី១ ៩:២៤–២៥ ដោយ​ស្វែងរក​ការប្រកួត​របស់​អត្តពលិក​ដែល​ប៉ុល​បាន​ប្រើ ដើម្បី​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស ។

តើ​គុណសម្បត្តិ ឬ​លក្ខណៈសម្បត្តិ​ណា​ខ្លះ ដែល​ប៉ុល​បាន​និយាយ​ថា​អ្នក​រត់ប្រណាំង​ត្រូវ​មាន​ដើម្បី​បាន​ជោគជ័យ ?

ការខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក​មាន​ន័យ​ថា ការអនុវត្ត​ដាក់វិន័យ ឬ​ការគ្រប់គ្រង​លើ​ខ្លួន​ឯង ។ មកុដ​ដែល​មិន​ចេះ​ពុករលួយ ដែល​ប៉ុល​បាន​លើក​ឡើង​ដែល​នឹង​នៅ​ជា​ដរាប គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ចេញ​ពី កូរិនថូស ទី១ ៩:២៥ យើង​អាច​រៀន​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ ដើម្បី​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​រៀន​អនុវត្ត​ដាក់​វិន័យ​លើ​ខ្លួន​ឯង​គ្រប់​ជំពូក ។ ទោះជា​យ៉ាងណាក៏ដោយ នៅ​ទីបំផុត ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​កើត​មាន​តែ​តាមរយៈ « បុណ្យគុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ » នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ( នីហ្វៃទី២ ២:៨ ) មិនមែន​តាមរយៈ​ការដាក់វិន័យ​លើ​ខ្លួនឯង​នោះ​ទេ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ការអនុវត្ត​ដាក់​វិន័យ​លើ​ខ្លួនឯង ចាំបាច់​ក្នុង​ការទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

    2. តើ​ទិដ្ឋភាព​ណា​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​អនុវត្ត​ដាក់វិន័យ​លើ​ខ្លួន​ឯង​ដើម្បី​យើង​អាច​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

សូម​អាន កូរិនថូស ទី១ ៩:២៦–២៧ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ពិពណ៌នា​អំពី​កិច្ចខិតខំ​របស់​លោក​ក្នុង​ការអនុវត្ត​ដាក់​វិន័យ​លើ​ខ្លួនឯង ។ ឃ្លា « វាយដំ » នៅ​ក្នុង ខទី ២៧ មាន​ន័យ​ថា​ការដាក់​វិន័យ​ដ៏​សុចរិត ( សូម​មើល កូរិនថូស ទី១ ៩:២៧  ) ។

តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​នៅ​ក្នុង ខទី ២៧ នៅ​ពេល​លោក​បាន​សរសេរ​ថា « ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ៖ ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ » ?

សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« អ្នក​មិន​អាច​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ឡើយ លើកលែង​តែ​បំណងប្រាថ្នា​របស់​អ្នក​ត្រូវបាន​នាំ​ទៅ​ឯ​ការចុះចូល​នឹង​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក ជា​វិញ្ញាណ​ដែល​ព្រះវរបិតា​គង់​នៅ​ឯ​ស្ថានសួគ៌​បាន​ប្រទាន​ឲ្យ​អ្នក ។ ខ្ញុំ​ចង់​មាន​ន័យ​ថា​ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​អ្នក នៃ​វិញ្ញាណ​ដែល​ទ្រង់​បាន​ដាក់​នៅ​ក្នុង​រោង​ឧបោសថ​ទាំងនេះ [ រូបកាយ ] ។ រោង​ឧបោសថ​ត្រូវតែ​បាន​នាំ​ទៅ​ឯ​ការចុះចូល​នឹង​វិញ្ញាណ​យ៉ាង​ឥតខ្ចោះ បើ​មិន​ដូច្នោះ​ទេ រូបកាយ​របស់​អ្នក​ពុំ​អាច​លើក​ឡើង​ដើម្បី​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ឡើយ ។ … សូម​ខិតខំ​ដោយ​ឧស្សាហ៍​ដរាប​ដល់​អ្នក​ចុះចូល​គ្រប់​ជំពូក​ទៅ​នឹង​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២០៤ ) ។

« ប្រសិនបើ​វិញ្ញាណ​បណ្ដោយ​ខ្លួន​ទៅ​តាម​រូបកាយ​វិញ នោះ​វា [ វិញ្ញាណ ] ក្លាយ​ជា​ចេះ​ពុករលួយ​ហើយ ប៉ុន្តែ​ប្រសិនបើ​រូបកាយ​បណ្ដោយ​ខ្លួន​ទៅ​តាម​វិញ្ញាណ នោះ​វា [ រូបកាយ ] ក្លាយ​ជា​ស្អាតស្អំ និង បរិសុទ្ធ​ហើយ » ( Teachings: Brigham Young ទំព័រ ២០៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​រូបកាយ​របស់​អ្នក​បណ្ដោយ​ខ្លួន​ទៅ​តាម​វិញ្ញាណ ?

កូរិនថូស​ទី ១ ១០

ប៉ុល​ហាមប្រាម​ពួក​បរិសុទ្ធ​កូរិនថូស ឲ្យ​ចៀសវាង​ពី​ការប្រព្រឹត្ត​បាប និង​ការធ្វើ​ឲ្យ​មនុស្ស​ដទៃ​រវាទចិត្ត ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​បាន​ព្រមាន ៖ « ជំនឿ​ខុសឆ្គង​ដ៏​ធំ​មួយ​ក្នុង​ជីវិត គឺ​នៅ​ពេល [ បុគ្គល​ទាំងឡាយ ] គិត​ថា​ពួកគេ​មិន​ដែល​បរាជ័យ ។ មាន​មនុស្ស​ជាច្រើន​គិត​ថា ពួកគេ [ ត្រូវបាន ] បង្កើត​មក​ពី​ដែកថែប រឹងមាំ​គ្រប់គ្រាន់​ដើម្បី​តតាំង​នឹង​ការល្បួង ។ ពួកគេ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​គិត​ថា ‹ វា​មិន​អាច​កើតឡើង​ចំពោះ​ខ្ញុំ​បាន​នោះ​ទេ › » ( « It Can’t Happen to Me » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៤៦ ) ។

សូម​គិត​អំពី​ស្ថានភាព​នានា​ដែល​មនុស្ស​អាច​បណ្ដោយ​ឲ្យ​ខ្លួន​គេ​ធ្លាក់​ទៅ​ក្នុង​ការល្បួង ដោយ​គិត​ថា​ពួកគេ​រឹងមាំ​ល្មម​នឹង​តតាំង​នឹង​វា​បាន ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១០:១–៥ ប៉ុល​បាន​សំដៅ​ទៅ​លើ​អ្វី​មួយ​ចំនួន ដែល​ពួក​កូនចៅ​អ៊ីស្រាអែល​បាន​ជួប​ប្រទះ​នៅ​ជំនាន់​ម៉ូសេ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​រឹងមាំ​ខាង​វិញ្ញាណ ។ ទោះជា​ពួកគេ​ត្រូវបាន​ប្រទានពរ​ដោយ​ព្រះអម្ចាស់​នៅ​ក្នុង​វាល​រហោស្ថាន ហើយ​បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន​ក្ដី ក៏​ព្រះអម្ចាស់​ពុំ​សព្វព្រះទ័យ​នឹង​ពួកគេ​ជា​ច្រើន​នាក់​ដែរ ហើយ​ពួកគេ​ត្រូវបាន​ដាក់​ទោស ។

សូម​អាន កូរិនថូស ទី១ ១០:៦–១១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​ចង់​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​រៀន ចេញ​ពី​គំរូ​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ពីបុរាណ ។

ទោះជា​ពួក​សាសន៍​អ៊ីស្រាអែល​ពីបុរាណ​បាន​ទទួល​ពរជ័យ​មហិមា​ក្ដី ក៏​ពួកគេ​ជ្រើសរើស​ធ្លាក់​ក្នុង​ការល្បួង​ដែរ ។ ប៉ុល​ចង់​ព្រមាន​ពួក​បរិសុទ្ធ​កូរិនថូស ដើម្បី​ពួកគេ​ចៀសវាង​ពី​ការប្រព្រឹត្ត​បាប​ដូចគ្នា ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​បាន​ប្រព្រឹត្ត​ដែរ ។

សូម​អាន កូរិនថូស ទី១ ១០:១២ រួច​សង្ខេប​សារលិខិត​របស់​ប៉ុល​ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក ៖

សូម​អាន កូរិនថូស ទី១ ១០:១៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការល្បួង ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ការល្បួង ចេញ​មក​ពី​ខគម្ពីរ​នេះ ?

សូម​ពិចារណា​សំណួរ​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​ព្រះ​ពុំ​បណ្ដោយ​ឲ្យ​យើង​ត្រូវបាន​ល្បួង​លើស​ពី​សមត្ថភាព​របស់​យើង​ដើម្បី​តតាំង​ទេ​នោះ ហេតុអ្វី​បាន​ជា​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​បាន​ធ្លាក់​ទៅ​ក្នុង​ការល្បួង ?

សូម​អាន កូរិនថូស ទី១ ១០:១៤ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​ធ្វើ ។ ការថ្វាយបង្គំ​រូប​ព្រះ គឺ​ជា​អំពើបាប​ទាំង​ពួក​សាសន៍​អ៊ីស្រាអែល​ពីបុរាណ និង​ពួក​បរិសុទ្ធ​កូរិនថូស​បាន​ជួប​នឹង​ការលំបាក ។

យើង​អាច​រៀន​ចេញ​ពី កូរិនថូស ទី១ ១០:១៣–១៤ ថា ព្រះ​នឹង​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​គេច​ពី​ការល្បួង ប៉ុន្តែ​យើង​ត្រូវតែ​ជ្រើសរើស​ដើម្បី​ដក​ខ្លួន​យើង​ចេញ​ពី​ការល្បួង​នោះ ។

សូម​អាន អាលម៉ា ១៣:២៨ ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ដក​ខ្លួន​យើង​ចេញ​ពី​ការល្បួង ។ សូម​គិត​ដល់​ការសរសេរ​បទគម្ពីរយោង​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កូរិនថូស ទី១ ១០:១៣–១៤ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង កូរិនថូស ទី១ ១០:១៣–១៤ និង អាលម៉ា ១៣:២៨ សូម​សរសេរ​ចំណងជើង​កាសែត ឬ​ឃ្លា​លើ​បដា​មួយ ដែល​ប្រាប់​ដល់​មនុស្ស​អំពី​របៀប​ដែល​ពួកគេ​អាច​​គេច​ពី​ការល្បួង ។

    2. តើ​ការបន្ទាបខ្លួន និង​ការឃ្លាំមើល ព្រមទាំង​ការអធិស្ឋាន​ឥតឈប់ឈរ អាច​ជួយ​យើង​ដកខ្លួន​ចេញ​ពី​ការល្បួង​បាន​យ៉ាង​ដូចម្ដេច ?

អ្នក​ប្រហែល​ជា​មិន​អាច​ចៀសវាង​ពី​ការល្បួង​បាន​ជានិច្ច​នោះ​ទេ ។ ដោយ​ហេតុ​នេះ​ហើយ ទើប​យើង​ត្រូវ​សម្រេចចិត្ត​នា​ពេល​ឥឡូវ​នេះ​ថាតើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ដូចម្ដេច​នៅ​ពេល​យើង​ជួប​នឹង​ការល្បួង ។ សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការសម្រេចចិត្ត​ត្រឹមត្រូវ គឺ​ងាយ​ធ្វើ​ណាស់ នៅ​ពេល​យើង​ធ្វើ​វា​បាន​យ៉ាង​ល្អ​ទុកជាមុន ដោយ​មាន​គោលបំណង​សំខាន់​នៅ​ក្នុង​គំនិត​ហើយ​នោះ ការធ្វើ​ដូចនេះ​វា​ជួយ​មិន​ឲ្យ​មាន​ការថប់អារម្មណ៍ [ អំឡុង​ពេល​ត្រូវ​សម្រេចចិត្ត ] នៅ​ពេល​យើង​ធុញទ្រាន់ ឬ​ត្រូវ​ល្បួង​យ៉ាង​ខ្លាំង​នោះ ។ …

« …ពេល​វេលា​ដើម្បី​សម្រេច​ចិត្ត​ថា យើង​នឹង​មិន​ទទួល​យក​អ្វី​ដែល​តិច​ជាង​ឱកាស​ដើម្បី​រស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើងនោះ គឺ​ជា​ពេល​ឥឡូវនេះ​ហើយ ដើម្បី​ឲ្យ​រាល់​ជម្រើស​ដែល​យើង​ធ្វើ​នឹង​មាន​ឥទ្ធិពល​លើ​ការប្ដេជ្ញាចិត្ត​ថា​នឹង​មិន​ឲ្យ​មាន​អ្វី​ណាមួយ​មក​បង្អាក់​ការសម្រេចបាន​គោលលដៅ​សំខាន់​នោះ​បាន​ឡើយ » ( Teachings of Presidents of the Church: Spencer W. Kimball,[ ឆ្នាំ ២០០៦ ] ទំព័រ ១០៨–៩ ) ។

« ចូរ​ដាក់​វិន័យ​ខ្លួនឯង​ដើម្បី​ឲ្យ​អ្នក​កាន់តែ​មិន​ត្រូវ​សម្រេចចិត្ត និង​ត្រូវ​សម្រេចចិត្ត​ឡើង​វិញ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ នៅ​ពេល​អ្នក​ជួប​នឹង​ការល្បួង​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​ត្រូវ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ តែ​ម្ដង​ប៉ុណ្ណោះ !

« នោះ​ជា​ពរជ័យ​ដ៏​មហិមា​ណាស់​ហ្ន៎​ដែល​យើង​ពុំ​ចាំបាច់​សម្រេចចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ការល្បួង​តែ​មួយ​នោះ ។ ការធ្វើ​ដូច្នោះ​គឺ​ជា​ការខ្ជះខ្ជាយ​ពេលវេលា និង​ប្រកប​ដោយ​គ្រោះថ្នាក់ » ( Teachings: Spencer W. Kimball ទំព័រ ១០៩ ) ។

« ពេល​វេលា​ដែល​ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​របស់​អារក្ស​គឺ​ពី​មុន​ដែល​ផ្លូវ​នោះ​ចាប់ផ្ដើម ។ អាថ៌កំបាំង​នៃ​ជីវិត​ដ៏​រុងរឿង​ស្ថិត​នៅ​ក្នុង​ការការពារ និង ការបង្ការ​ទុក​ជាមុន ។ ជន​ទាំងឡាយ​ណា​ដែល​បណ្ដោយ​ខ្លួន​ទៅ​តាម​អារក្ស ជា​ធម្មតា​គឺ​ជា​ជន​ដែល​បាន​ដាក់​ខ្លួនឯង​នៅ​ក្នុង​ស្ថានភាព​ឈឺចាប់ » ( Teachings: Spencer W. Kimball ទំព័រ ១០៩ ) ។

សូម​ពិចារណា​អំពី​ការល្បួង​នានា​ដែល​អ្នក​មាន​ការលំបាក​បំផុត ។ តើ​ការផ្លាស់ប្ដូរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ចៀសវាង​ពី​ការល្បួង​ពី​មុន​អ្នក​ជួប​នឹង​ការល្បួង​នោះ ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​អាន​ប្រធានបទ​មួយ​ចេញ​ពី ដើម្បី​កម្លាំង​នៃ​យុវជន ដែល​អាច​ជួយ​អ្នក​ដឹង​អំពី​របៀប​ដកខ្លួន​ចេញ​ពី​ការល្បួង ។ យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន សូម​គិត​ដល់​ការសរសេរ​គោលដៅ​មួយ រួច​ដាក់​វា​តាម​ខ្លួន​មួយ​រយៈ​ដើម្បី​ជួយ​រំឭក​អ្នក​ឲ្យ​គេច​ពី​ការល្បួង ។

នៅ​ក្នុង កូរិនថូស ទី១ ១០:១៥–៣៣ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​កូរិនថូស​ឲ្យ​ផ្ដល់​ការគោរព​លើ​ការប្រតិបត្តិ​សាសនា​របស់​មនុស្ស​ដទៃ​ដោយ​ពុំ​ចាំបាច់​បន្ទាប​បទដ្ឋាន​ខ្លួន​ឡើយ ហើយ​លោក​បាន​សរសេរ​ម្ដង​ទៀត​ថា លោក​ប្រកាស​ដំណឹងល្អ​ដើម្បី​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​សង្គ្រោះ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ៩-១០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖