បណ្ណាល័យ
មេរៀន​ទី ២៣ ថ្ងៃទី ៤ ៖ កូរិនថូស ទី២ ៤-៧


មេរៀន​ទី ២៣ ៖ ថ្ងៃទី ៤

កូរិនថូស ទី២ ៤-៧

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​ថា ការសាកល្បង និង​ការរងទុក្ខ​ក្នុង​ជីវិត​នេះ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន ហើយ​វា​តូច​បំផុត​បើ​ប្រៀប​នឹង​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច ។ លោក​ក៏​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ផងដែរ​អំពី​ការ​កាត់​សេចក្ដី ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​បាន​ផ្សះផ្សារ​នឹង​ព្រះ ។ ដោយសារ​ប៉ុល​បាន​បន្ត​កិច្ចការ​របស់​លោក​ក្នុង​នាម​ជា​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះ នោះ​លោក​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​គ្រប់​ទាំង​សេចក្ដីទុច្ចរិត ហើយ​អរសប្បាយ​ចុះ ព្រោះ​ពួកគេ​បាន​មាន​សេចក្ដីព្រួយ ហើយ​បាន​ប្រែចិត្ត ។

កូរិនថូស ទី២ ៤

ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ទោះ​ជា​លោក​មាន​សេចក្ដី​រងទុក្ខ​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ខ្លាច ឬ​ចំបែងចិត្ត​ឡើយ

រូបភាព
មនុស្ស​ម្នាក់​រុញ​មនុស្ស​ម្នាក់​ទៀត

តើ​រូបភាព​នេះ​បង្ហាញ​អំពី​អ្វី ? តើ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​រុញ អាច​នឹង​គិត​យ៉ាង​ដូចម្ដេច​ចំពោះ​មនុស្ស​ដែល​កំពុង​រុញ​គាត់​នោះ ?

ទស្សន​ទូលំទូលាយ​នៃ​រូបភាព​នេះ​បង្ហាញ​ថា តាមពិត មនុស្ស​ម្នាក់​នោះ​កំពុង​រុញ​មនុស្ស​ម្នាក់​ទៀត​ពី​ផ្លូវ​ដែល​រថយន្ត​មួយ​គ្រឿង​កំពុង​បរ​សំដៅ​មក ។

រូបភាព
មនុស្ស​ម្នាក់​រុញ​មនុស្ស​ម្នាក់​ទៀត​ចេញ​ពី​ផ្លូវ​ដែល​រថយន្ត​កំពុង​បរ​មក

តើ​ការមើល​ឃើញ​ស្ថានភាព​នេះ​នៅ​ក្នុង​បរិបទ ឬ​ទស្សន​មួយ​ទូលំទូលាយ បាន​ផ្លាស់ប្ដូរ​ការកាត់​សេចក្ដី​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​រូបភាព​ទី​មួយ​បង្ហាញ​យ៉ាង​ដូចម្ដេច ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី២ ៤ សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ដើម្បី​ជួយ​ពួកគេ​មើល​ឃើញ​បរិបទ​ទូលំទូលាយ​នៃ​សេចក្ដី​វេទនា​របស់​ពួកគេ ។ នៅ​ពេល​អ្នក​សិក្សា​ជំពូក​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​សេចក្ដី​វេទនា ។

នៅ​ក្នុង កូរិនថូស ទី២ ៤:១–៧ យើង​អាន​អំពី​របៀប​ដែល​ប៉ុល​បាន​អះអាង​ដល់​ពួក​បរិសុទ្ធ​ថា លោក​បាន​ប្រកាស​ដំណឹងល្អ​ដល់​ពួកគេ​ដោយ​មាន​សេចក្ដីពិត​ពេញលេញ ។ លោក​បាន​បង្រៀន​ថា សាតាំង​ដែល​ជា « ព្រះ​របស់​លោកិយ ( កូរិនថូស ទី២ ៤:៤ ) សង្វាត​រារាំង​មនុស្ស​ពី​ការទទួលយក​ដំណឹងល្អ ។ ប៉ុល​បាន​ប្រៀបធៀប​ខ្លួន​លោក និង​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​ជាមួយ​លោក ទៅ​នឹង​ថូ​ដី​ដែល​មាន​នូវ « ទ្រព្យ​សម្បត្តិ » នៃ « រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ » ( កូរិនថូស ទី២ ៤:៦–៧ ) ។

សូម​អាន កូរិនថូស ទី២ ៤:៨–៩ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​រៀបរាប់​អំពី​ឧបសគ្គ​នៃ​ការងារ​របស់​លោក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ប៉ុល​អាច​រក្សា​ឥរិយាបថ​វិជ្ជមាន​បាន កាល​លោក​បាន​ជួប​នឹង​ឧបសគ្គ​ទាំងនេះ ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី២ ៤:១១–១៤ ប៉ុល​បាន​បង្រៀន​ថា ទោះ​បី​ជា​មនុស្ស​ខ្លះ​នឹង​ស្លាប់​ដោយសារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​សេចក្ដីស្លាប់​របស់​ពួកគេ​នឹង​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។

សូម​អាន កូរិនថូស ទី២ ៤:១៤–១៦ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ដឹង ដែល​វា​បាន​ជួយ​លោក​ឲ្យ​ប្រឈម​នឹង​ការសាកល្បង និង​សេចក្ដី​បៀតបៀន ។

ឃ្លា « ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ » ( កូរិនថូស ទី២ ៤:១៦ ) មាន​ន័យ​ថា ទោះ​បី​ជា​ប៉ុល និង​ពួក​ដៃគូ​របស់​លោក​នឹង​ស្លាប់​ខាង​រូបកាយ​ក៏​ពិត​មែន ប៉ុន្តែ​វិញ្ញាណ​ពួក​លោក​ត្រូវបាន​ពង្រឹង​ជា​រៀង​រាល់ថ្ងៃ ។

សូម​អាន កូរិនថូស ទី២ ៤:១៧–១៨ ដោយ​ស្វែងរក​សេចក្ដីពិត​នានា ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​ការសាកល្បង និង​ការរងទុក្ខ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ការសាកល្បង និង​ការរងទុក្ខ​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ​គឺ​មាន​ភាព​តូចតាច​បើ​ប្រៀបធៀប​ទៅ​នឹង​ពរជ័យ និង​ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច​ដែល​កើត​មាន​នៅ​ពេល​យើង​កាន់ខ្ជាប់​វា​ដោយ​ស្មោះត្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​មើល​ឃើញ​ការរងទុក្ខ​របស់​យើង​នៅ​ក្នុង​បរិបទ​ទូលំទូលាយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ម្នាក់​បន្ត​រឹងមាំ​នៅ​ក្នុង​ការសាកល្បង ដោយសារ​ពួកគេ​បាន​មើល​ឃើញ​ការរងទុក្ខ​របស់​ខ្លួន​នៅ​ក្នុង​បរិបទ​ទូលំទូលាយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

កូរិនថូស ទី២ ៥

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​អំពី​ការកាត់​សេចក្ដី និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

បត់​ក្រដាស​មួយ​សន្លឹក​ជា​ពីរ ។ លា​ក្រដាស​មក​វិញ ។ សូម​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ផ្នែក​ម្ខាង​នៃ​ក្រដាស រួច​សរសេរ ព្រះវរបិតាសួគ៌ នៅ​ផ្នែក​ម្ខាង​ទៀត ។ នៅ​ពេល​យើង​ចាប់​កំណើត​នៅ​លើ​ផែនដី យើង​បាន​ចាក​ចេញ​ពី​វត្តមាន​របស់​ព្រះវរបិតាសួគ៌ ។ សូម​ហែក​ក្រដាស​ជា​ពីរ ហើយ​ដាក់​ក្រដាស​ទាំង​ពីរ​នោះ​ឲ្យ​ដាច់​ពី​គ្នា ។ សូម​ពិចារណា​ថា តើ​ក្រដាស​ដែល​បាន​ហែក​នោះ​អាច​តំណាង​ឲ្យ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​យើង​បាន​ចាក​ចេញ​ពី​វត្តមាន​របស់​ព្រះវរបិតាសួគ៌ ហើយ​មក​ចាប់​កំណើត​លើ​ផែនដី​ដើម្បី​ដក​ពិសោធន៍​ជីវិត​រមែង​ស្លាប់ ។ នៅ​ក្នុង កូរិនថូស ទី២ ៥ យើង​អាន​អំពី​សេចក្ដីពិត​មួយ​ចំនួន​ដែល​ប៉ុល​បាន​ចែកចាយ ដែល​អាច​ជួយ​យើង​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រឡប់​ទៅ​ឯ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ ។

សូម​អាន កូរិនថូស ទី២ ៥:៦–១០ ដោយ​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ជួយ​យើង​រក្សា​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​ដោយ​មាន​ទស្សនវិស័យ ។ អ្នក​អាច​គូស​ចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដីពិត​ចំនួន​ពីរ ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ ដោយសារ​យើង​បែក​ចេញ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​យើង​ត្រូវ​ដើរ​ដោយ​សេចក្ដី​ជំនឿ ហើយ​ពុំ​មែន​ដោយ​ការមើល​ឃើញ​នោះ​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​កាត់​សេចក្ដី​យើង​ម្នាក់ៗ ស្រប​តាម​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

សូម​គិត​អំពី​អត្ថន័យ​នៃ « ការដើរ​ដោយ​ជំនឿ [ ហើយ ] មិន​មែន​ដោយ​មើល​ឃើញ » ( កូរិនថូស ទី២ ៥:៧ ) ។ តើ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ដើរ​ដោយ​ជំនឿ ហើយ​មិន​មែន​ដោយ​មើល​ឃើញ ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​ការសង្វាត « ឲ្យ​បាន​គាប់​ដល់ [ ព្រះអម្ចាស់ ] » ( កូរិនថូស ទី២ ៥:៩ ) ។

សូម​អាន កូរិនថូស ទី២ ៥:១៥–១៦ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ដោយសារ​តែ​ដង្វាយធួន ។ សូម​អាន​ផងដែរ​នៅ​ក្នុង ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី២ ៥:១៦ ( នៅ​ក្នុង កូរិនថូស ទី២ ៥:១៦ លេខ​យោង a ) ។ ឃ្លា « យើង​ខ្ញុំ​មិន​រស់​ខាង​ឯ​សាច់ឈាម​ទៀត​ទេ » មាន​ន័យ​ថា យើង​ចាក​ចេញ​ពី​ជីវិត​ខាង​លោកិយ ។

នៅ​លើ​ក្រដាស​ដែល​មាន​សរសេរ​ឈ្មោះ​របស់​អ្នក សូម​សរសេរ​សេចក្ដី​ដែល​អ្នក​បាន​រៀន​អំពី​របៀប​រស់នៅ​ដែល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​គួរតែ​មាន ។

សូម​អាន កូរិនថូស ទី២ ៥:១៧–១៩ ដោយ​ស្វែងរក​ថា តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ​បាន​តាម​របៀប​ណា ។ អ្នក​អាច​គូស​ចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្រដាស​ដែល​មាន​ពាក្យ « ព្រះវរបិតាសួគ៌ » ៖ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែក្លាយ​ជា​មនុស្ស​ថ្មី ហើយ​បាន​ផ្សះផ្សារ​នឹង​ព្រះ ។

តើ​អ្នក​គិត​ថា ឃ្លា « កើត​ជា​ថ្មី » ( កូរិនថូស ទី២ ៥:១៧ ) មាន​ន័យ​ដូចម្ដេច ?

សូម​ភ្ជាប់​ក្រដាស​ទាំងពីរ​ជាមួយ​គ្នា​វិញ ។ ដើម្បី​បាន​ផ្សះផ្សា​ជាមួយ​ព្រះ​មាន​ន័យ​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​កែប្រែ ហើយ​ធ្វើ​ឲ្យ​បរិសុទ្ធ ដែល​មាន​ន័យ​ថា យើង​បាន​កើត​ជា​ថ្មី ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​វិញ ។

នៅ​ក្នុង កូរិនថូស ទី២ ៥:២០–២១ យើង​អាន​ថា ប៉ុល​បាន​ចាត់ទុក​ខ្លួន​លោក ព្រមទាំង​អ្នក​ទាំងឡាយ​ដែល​បង្រៀន​ជាមួយ​លោក​ថា​ជា « ទូត​តំណាង​ព្រះគ្រីស្ទ » ហើយ​លោក​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​ឲ្យ​ផ្សះផ្សា​នឹង​ព្រះ ។

កូរិនថូស ទី២ ៦

ប៉ុល​ពិពណ៌នា​អំពី​លក្ខណៈសម្បត្តិ​នៃ​ពួក​អ្នក​បម្រើ​ព្រះ ហើយ​លោក​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ចំណោម​ពួក​ទុច្ចរិត

តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​ចំអក ឬ ទិតៀន​នៅ​ពេល​អ្នក​ព្យាយាម​បម្រើ ឬ​ជួយ​នរណាម្នាក់​ដែរ​ឬ​ទេ ? នៅ​ក្នុង កូរិនថូស ទី២ ៦:១–១៣ យើង​អាន​អំពី​របៀប​ដែល​ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​នៃ​ព្រះ ហើយ​មាន​ចិត្ត​អត់ធ្មត់ ហើយ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​បាក់ទឹកចិត្ត ទោះជា​ត្រូវបាន​គេ​ប្រព្រឹត្ត​មិន​ល្អ​ក៏​ដោយ ។

នៅ​ក្នុង កូរិនថូស ទី២ ៦:១៤–១៨ យើង​អាន​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​ពរជ័យ​នៃ​ការដកខ្លួន​ចេញ​ពី​សេចក្ដី​ទុច្ចរិត ។

សូម​បំពេញ​តារាង​ខាង​ក្រោម​ដោយ​អាន កូរិនថូស ទី២ ៦:១៤–១៨ រួច​ស្រង់​ដំបូន្មាន​របស់​ប៉ុល និង ការសន្យា​ដែល​ជាប់​ទាក់ទង ៖

ទូន្មាន​ពួក​បរិសុទ្ធ

ការសន្យា​មក​ពី​ព្រះអម្ចាស់

នៅ​ក្នុង កូរិនថូស ទី២ ៦:១៥ ពាក្យ ត្រូវ​អ្វី​នឹង​គ្នា មាន​ន័យ​ថា ចុះសម្រុង ពាក្យ អារក្ស​បេលាល មាន​ន័យ​ថា សេចក្ដីទុច្ចរិត ( សូម​មើល Bible Dictionary « Belial » ) និង អ្នក​ដែល​មិន​ជឿ សំដៅ​ទៅ​លើ​ជន​ដែល​មិនមាន​ជំនឿ ឬ ជន​ដែល​ជឿ​ទៅ​លើ​ព្រះ​ខុសឆ្គង ។ នៅ​ជំនាន់​គ្រឹស្តសាសនិកជន​ពី​បុរាណ ជន​ទាំងឡាយ​ដែល​មិន​មែន​ជា​គ្រិស្តសាសនិកជន​គឺ​ជា​អ្នក​ដែល​មិន​ជឿ ។

ឃ្លា « ញែក​ខ្លួន​ទៅ​ដោយឡែក » និង « កុំ​ឲ្យ​ពាល់​របស់​ស្មោកគ្រោក » ( ខទី ១៧ ) គឺ​ជា​ការព្រមាន​ឲ្យ​ចៀសវាង​ពី​ការថ្វាយបង្គំ​រូប​សំណាក និង ការប្រតិបត្តិ​ខុសឆ្គង​របស់​ពួកគេ ហើយ​ក៏​អនុវត្ត​នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ​ដែរ ។ « ប៉ុល​បាន​ប្រដូច​ពួក​បរិសុទ្ធ​កូរិនថូស​ទៅ​នឹង ‹ វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ › ( កូរិនថូស ទី២ ៦:១៦  ) ។ ក្រោយ​មក​លោក​បាន​ហាមឃាត់​ពួកគេ​ពី​ការមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ថ្វាយបង្គំ​រូប​សំណាក ឬ ចូលរួម​ក្នុង​ការប្រតិបត្តិ​ដែល ‹ មិន​ស្អាត › ( សូម​មើល អេសាយ ៥២:១១ ) ។ នៅ​ក្នុង​ការបង្រៀន​ទាំងនេះ ប៉ុល​បាន​រំឭក​ឡើង​វិញ​អំពី​ការសន្យា​មួយ​ដែល​បាន​ធ្វើ​ជាមួយ​រាស្ត្រ​របស់​ព្រះ​កាល​ពី​បុរាណ—ថា​ប្រសិនបើ​ពួកគេ​នឹង ‹ ចេញ​ពី​កណ្តាល › ពួក​ទុច្ចរិត លំដាប់​នោះ​ព្រះ​នឹង​គង់​នៅ​កណ្ដាល​ពួកគេ ហើយ​ធ្វើ​ជា​ព្រះ​របស់​ពួកគេ ( កូរិនថូស ទី២ ៦:១៧ សូម​មើល​ផងដែរ … យេរេមា ៣២:៣៨ និង អេសេគាល ១១:១៩–២០ ) » ( New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤០២ ) ។ ប៉ុល​បាន​ព្រមាន​ជា​ពិសេស​ដល់​សមាជិក​ឲ្យ​ចៀសវាង​ពី​ការថ្វាយបង្គំ​ខុសឆ្គង ពួក​ថ្វាយ​បង្គំ​រូបព្រះ និង ការប្រតិបត្តិ​ខុសឆ្គង គឺ​ដូចជា​ព្រះគម្ពីរ​សញ្ញាចាស់​បាន​បង្រៀន​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះ ហើយ​ក្លាយ​ជា​រាស្ត្រ​ដ៏​ជម្រើស​របស់​ទ្រង់​ដោយ​បដិសេធ​រាល់​ព្រះ​ដទៃៗ​ទៀត​ដែរ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី កូរិនថូស ទី២ ៦:១៤–១៨ គឺ​ថា នៅ​ពេល​យើង​ចេញ​ពី​ការប្រតិបត្តិ​ខុសឆ្គង និង អ្វី​ដែល​មិន​ស្អាត នោះ​ព្រះអម្ចាស់​នឹង​ទទួល​យក​យើង ។ ( គោលការណ៍​នេះ​ពុំ​មាន​ន័យ​ថា យើង​ប្រព្រឹត្ត​ដោយ​គំរោះគំរើយ​ដាក់​មនុស្ស​ដែល​មាន​ជំនឿ​ខុស​ពី​យើង ឬ ពុំ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​នោះ​ទេ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ជំនាន់​របស់​យើង តើ​ការចេញ​ពី​ការប្រតិបត្តិ​ខុសឆ្គង និង អ្វី​ដែល​មិន​ស្អាត មាន​ន័យ​ដូចម្ដេច ? ( សូម​មើល គ. និង ស. ១:១៥–១៦ ) ។

    2. តើ​នៅ​ពេល​ណា​ខ្លះ​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មាន​ពរ​ដោយសារ​អ្នក​បាន​ចេញ​ពី​ស្ថានភាព ដែល​អាច​ដឹកនាំ​អ្នក​ចេញ​ពី​ព្រះអម្ចាស់ ?

កូរិនថូស ទី២ ៧

ប៉ុល​រីករាយ​ចំពោះ​ការប្រែចិត្ត​ដ៏​ពិត​របស់​ពួក​បរិសុទ្ធ

នៅ​ក្នុង កូរិនថូស ទី២ ៧ សាវក​ប៉ុល​បាន​បង្រៀន​ថា លោក និង ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​លោក បាន​ពុះពារ​ឆ្លងកាត់​ទុក្ខវេទនា​ដ៏​លំបាក​នៅ​ស្រុក​ម៉ាសេដូន ទីតុស​បាន​នាំ​ពាក្យ​ពី​ក្រុង​កូរិនថូស​ដែល​បាន​ធ្វើ​ឲ្យ​ប៉ុល​ពេញ​ទៅ​ដោយ​អំណរ និង ការសម្រាលទុក្ខ ។ ប៉ុល​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​កាល​ពី​មុន​ទៅ​ក្រុង​កូរិនថូស ដោយ​អំពាវនាវ​ឲ្យ​ពួក​បរិសុទ្ធ​មួយ​ចំនួន​ប្រែចិត្ត ចំណែក​ឯ​ទីតុស​បាន​ជម្រាប​លោក​អំពី​ការឆ្លើយ​តប​របស់​សមាជិក​សាសនាចក្រ ។

សូម​អាន កូរិនថូស ទី២ ៧:៨–១០ ដោយ​ស្វែងរក​ថា តើ​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ទៅ​នឹង​សំបុត្រ​របស់​ប៉ុល ។

ហេតុអ្វី​បាន​ជា​ប៉ុល​មាន​ចិត្ត​រីករាយ នៅ​ពេល​ពួក​បរិសុទ្ធ​មាន​អារម្មណ៍​ព្រួយ​ដោយសារ​តែ​សំបុត្រ​របស់​លោក ?

សូម​ពិចារណា​ថាតើ​សេចក្ដី​ព្រួយ​ដែល​អ្នក​មាន​ចំពោះ​អំពើបាប​គឺ​ជា​សេចក្ដីព្រួយ​ដែល « នាំ​ឲ្យ​ប្រែចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ » ឬ​ជា « សេចក្តីព្រួយ​របស់​លោកីយ៍ » ( កូរិនថូស ទី២ ៧:១០ ) ដែល​មាន​ន័យ​ថា អ្នក​សោកស្ដាយ​ដែល​ត្រូវ​គេ​ឃើញ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​លទ្ធផល​នៃ​ទង្វើ​ខុសឆ្គង​របស់​អ្នក ។

សូម​អាន កូរិនថូស ទី២ ៧:១១ ដោយ​ស្វែងរក​ប្រភេទ​នៃ​ការផ្លាស់ប្ដូរ​ដែល​ពួក​បរិសុទ្ធ​បាន​មាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដោយសារ​សេចក្ដីព្រួយ​របស់​ពួកគេ​បាន​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី២ ៤-៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖