បណ្ណាល័យ
មេរៀន​ទី ២៤ ថ្ងៃទី ២ ៖ កូរិនថូស ទី២ ១០–១៣


មេរៀន​ទី ២៤ ៖ ថ្ងៃ​ទី ២

កូរិនថូស ទី២ ១០–១៣

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​អំពី​សង្គ្រាម​ខាង​វិញ្ញាណ ដែល​កូនចៅ​របស់​ព្រះ​រួមចំណែក​នៅ​ក្នុង​នោះ ។ លោក​បាន​ការពារ​ខ្លួន​លោក​ទាស់​នឹង​អ្នក​ដែល​បាន​ប្រឆាំង​នឹង​លោក ។ លោក​បាន​រៀបរាប់​អំពី​របៀប​ដែល​លោក​ត្រូវបាន​នាំ​ទៅ​ឯ​ស្ថានសួគ៌​នៅ​ជាន់​ទី​បី ហើយ​លោក​បាន​ពិពណ៌នា​អំពី​របៀប​ដែល​ភាពទន់ខ្សោយ​របស់​លោក​បាន​បង្ហាញ​ភស្ដុតាង​ថា​ជា​ពរជ័យ​សម្រាប់​លោក ។ ពីមុន​លោក​បញ្ចប់​ការសរសេរ​សំបុត្រ​របស់​លោក ប៉ុល​បាន​ជំរុញ​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ឲ្យ​ត្រួតពិនិត្យ​ខ្លួន​ឯង ហើយ​បង្ហាញ​ភាពស្មោះត្រង់​របស់​ខ្លួន ។

កូរិនថូស ទី២ ១០-១១

ប៉ុល​សរសេរ​អំពី​សុខុមាលភាព​ខាង​វិញ្ញាណ ការបំភាន់​របស់​សាតាំង និង ទុក្ខលំបាក​ផ្ទាល់ខ្លួន​របស់​លោក

រូបភាព
សង្គ្រាម

តើ​អ្នក​មាន​គំនិត​យ៉ាង​ដូចម្ដេច​នៅ​ពេល​អ្នក​ឃើញ​ពាក្យ សង្គ្រាម ?

សូម​គិត​អំពី​របៀប​នានា ដែល​យើង​រួមចំណែក​នៅ​ក្នុង​សង្គ្រាម​ជាមួយ​សាតាំង ។ តើ​ចម្បាំង​ដ៏​លំបាក​បំផុត​មួយ​ចំនួន ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​មាន​អ្វី​ខ្លះ ?

សូម​អាន កូរិនថូស ទី២ ១០:៣–៦ ដោយ​ស្វែងរក​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​បាន​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​នេះ​ទាស់​នឹង​សាតាំង ។

ការណែនាំ​ឲ្យ​នាំ « អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះគ្រីស្ទ​វិញ » (កូរិនថូស ទី២ ១០:៥ ) មាន​ន័យ​ថា គ្រប់គ្រង​គំនិត​របស់​យើង​រួមមាន ចៀសវាង​ពី​គំនិត​ដែល​មិន​សមរម្យ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វីៗ​ដែល​ល្អ​ប្រពៃ និង​លើក​តម្កើង​វិញ ។ សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី ខទី ៥ គឺ​ថា នៅ​ពេល​យើង​គ្រប់គ្រង​គំនិត​របស់​យើង​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​កាន់តែ​មាន​ជោគជ័យ​ទៅ​លើ​សង្គ្រាម​ទាស់​នឹង​សាតាំង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ខ្លួន​យើង​គ្រប់គ្រង​គំនិត​របស់​ខ្លួនឯង​ឲ្យ​បាន ? ( សូម​មើល អាលម៉ា ៣៧:៣៦; គ. និង ស. ១២១:៤៥ និង អារម្ភកថា​គណៈប្រធាន​ទី​មួយ​នៅ​ក្នុង ទំនុកតម្កើង [ ទំព័រ x] ដើម្បី​បាន​គំនិត​បន្ថែម ) ។

    2. តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​បាន នៅ​ពេល​អ្នក​គ្រប់គ្រង​គំនិត​របស់​ខ្លួន​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះអង្គ​សង្គ្រោះ ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​គ្រប់គ្រង​គំនិត​របស់​ខ្លួន​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះអង្គ​សង្គ្រោះ ។ មនុស្ស​ខ្លះ​ឃើញ​ថា ការអធិស្ឋាន ការអាន ឬ ការទន្ទេញចាំ​បទគម្ពីរ និង ការច្រៀង​ទំនុកតម្កើង​ក៏​អាច​ជួយ​បាន​ដែរ ។

នៅ​ក្នុង កូរិនថូស ទី២ ១០:៧–១៨ យើង​រៀន​ថា ប៉ុល​មាន​សិរី​នៅ​ក្នុង​ព្រះអម្ចាស់ ហើយ​បាន​បង្រៀន​ថា ភាពទន់ខ្សោយ​របស់​លោក​មិន​គួរ​ត្រូវបាន​ប្រើ​ជា​ធ្នាក់​ដើម្បី​មិន​ស្ដាប់​តាម​លោក​នោះ​ទេ ។

នៅ​ក្នុង កូរិនថូស ទី២ ១១ យើង​អាន​ថា ប៉ុល​បាន​លើក​ឡើង​អំពី​របៀប​បន្ថែម​ទៀត​ដែល​សាតាំង​ព្យាយាម​ពង្វក់​គំនិត​របស់​យើង ហើយ​នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះយេស៊ូវគ្រីស្ទ​រួមមាន ការប្រើប្រាស់​ព្រះគ្រីស្ទ​ក្លែងក្លាយ និង សាវក​ក្លែងក្លាយ ។ ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​ការឈឺចាប់​នានា​ដែល​លោក​បាន​ទ្រាំទ្រ ក្នុង​នាម​ជា​សាវក​ដ៏​ស្មោះត្រង់​មួយ​រូប​របស់​ព្រះអង្គ​សង្គ្រោះ ។

កូរិនថូស ទី២ ១២

ប៉ុល​រៀបរាប់​អំពី​ការត្រូវបាន​នាំ​ទៅ​ឯ​ស្ថានសួគ៌ ហើយ​បង្រៀន​អំពី​របៀប​ដែល​ការទទួលស្គាល់​ភាពទន់ខ្សោយ​របស់​យើង​អាច​ផ្ដល់​ជា​ប្រយោជន៍​ដល់​យើង

រូបភាព
មែក​ឈើ​មាន​បន្លា

សូម​គិត​អំពី​គ្រា​មួយ នៅ​ពេល​អ្នក​ឈឺចាប់​ដោយ​ការមុត​បន្លា ។ តើ​បន្លា​អាច​ធ្វើ​ឲ្យ​ជីវិត​មាន​ការលំបាក​តាម​របៀប​ណា ?

សាវក​ប៉ុល​បាន​ប្រើប្រាស់​បរិបទ​នៃ​បន្លា​នេះ ដើម្បី​តំណាង​ឲ្យ​ការសាកល្បង ឬ ភាពទន់ខ្សោយ​ដែល​លោក​មាន ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​ពិចារណា​អំពី​ប្រភេទ​នៃ​ការសាកល្បង និង ភាពទន់ខ្សោយ​ដែល​អ្នក​បាន​មាន ៖ « មនុស្ស​ខ្លះ​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ដោយសារ​គេ​បាន​ស្លាប់ ឬ ត្រូវ​មើលថែ​មនុស្ស​ម្នាក់​ដែល​ពិការ ។ មនុស្ស​ខ្លះ​មាន​របួស​ឈឺចាប់​ដោយ​ការលែងលះគ្នា ។ មនុស្ស​ខ្លះ​ទៀត​ប្រាថ្នា​ចង់​បាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ មនុស្ស​ខ្លះ​បាន​ធ្លាក់​ក្នុង​អន្ទាក់​នៃ​សារធាតុ ឬ​ការប្រព្រឹត្ត​ញៀន​ដូចជា គ្រឿង​ស្រវឹង បារី ថ្នាំញៀន ឬ ការណ៍​អាសគ្រាម ។ មនុស្ស​ខ្លះ​ទៀត​ពិការ​ខាង​រាងកាយ ឬ ខាង​សតិអារម្មណ៍ ។ មនុស្ស​ខ្លះ​ជួប​ប្រទះ​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។ មនុស្ស​ខ្លះ​មាន​អារម្មណ៍​អាក្រក់​នៃ​ការធ្លាក់​ទឹកចិត្ត ឬ បរាជ័យ ។ នៅ​តាម​របៀប​មួយ​យ៉ាង​នេះ ឬ​យ៉ាង​នោះ មនុស្ស​ជាច្រើន​មាន​បន្ទុក​ធ្ងន់ » ( « He Heals the Heavy Laden » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦ ) ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី២ ១២ សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​បាន នៅ​ពេល​អ្នក​ជួប​នឹង​ការសាកល្បង និង ភាពទន់ខ្សោយ ។

សូម​អាន កូរិនថូស ទី២ ១២:១–៤ ដោយ​ស្វែងរក​ការនិមិត្ត​ដែល​ប៉ុល​បាន​មាន ។ ( នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ប៉ុល​បាន​សំដៅ​ទៅ​បុរស​ទី​បី​នោះ​ថា​ជា​រូប​លោក នៅ​ពេល​លោក​បាន​ប្រាប់​អំពី « មនុស្ស​ម្នាក់ » ។ នៅ​ក្នុង ខទី ២ សេចក្ដី​ថ្លែងការណ៍ « ទោះ​បើ​ក្នុង​រូបកាយ ឬ​ក្រៅ​ពី​រូបកាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ ៖ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប » បង្ហាញ​ថា ប៉ុល​បាន​ឃើញ​ការនិមិត្ត​មួយ ) ។

សូម​អាន កូរិនថូស ទី២ ១២:៥–៦ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការនិមិត្ត​នេះ​អំពី​នគរ​សេឡេស្ទាល ។

សូម​កត់ចំណាំ​ថា ទោះជា​ប៉ុល​បាន​មាន​ការនិមិត្ត​នេះ​ក្ដី ក៏​លោក​មិន « តម្កើង » ( ឬ លើក​ខ្លួន ) អំពី​ការនិមិត្ត​នេះ​ដែរ ។ ប្រហែលជា​លោក​បាន​ព្រួយ​បារម្ភ​ថា មនុស្ស​ដទៃ​អាច​នឹង​រំពឹង​ខ្ពស់​ពី​លោក​ខណៈ​ដែល​លោក​នៅ​តែ​មាន​ការលំបាក​ក្នុង​ជីវិត​រមែងស្លាប់​ដែល​ត្រូវ​យកឈ្នះ​ឲ្យ​បាន ។

សូម​អាន កូរិនថូស ទី២ ១២:៧–៩ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ប៉ុល​ឲ្យ​នៅ​តែ​មាន​ការបន្ទាបខ្លួន ។ ( ការ « មាន​ចិត្ត​ធំ » [ ខទី ៧ ] មាន​ន័យ​ថា ការមាន​ភាពឆ្មើងឆ្មៃ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » របស់​ប៉ុល គឺជា « ជំងឺ​ខាង​រូបកាយ​មួយ​ចំនួន​ដែល​គ្មាន​ឈ្មោះ ប្រាកដ​ឡើង​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​សាវក​ប៉ុល​បាន​រង​ការឈឺចាប់​ជា​បន្តបន្ទាប់ ឬ​ម្ដង​ហើយ​ម្ដង​ទៀត » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៤៤៨ ) ។

សូម​កត់ចំណាំ​ថាតើ​ប៉ុល​បាន​អធិស្ឋាន​ប៉ុន្មាន​ដង ដើម្បី​ឲ្យ « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » នេះ​ត្រូវបាន​ដក​ចេញ ។ ( ពាក្យ បី​ដង [ ខទី ៨ ] មាន​ន័យ​ថា ចំនួន​បី​ដង ) ។

សូម​គិត​ដល់​ការគូសចំណាំ​ឃ្លា​នៅ​ក្នុង កូរិនថូស ទី២ ១២:៩ ដែល​ពន្យល់​ថា ព្រះអម្ចាស់​បាន​សម្រេច​ព្រះទ័យ​មិន​ដក​យក​បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម​របស់​ប៉ុល​ចេញ​ឡើយ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ព្រះអម្ចាស់​អាច​នឹង​អនុញ្ញាត​ឲ្យ​យើង​ជួប​នឹង​ភាពទន់ខ្សោយ និង​ការសាកល្បង​នានា ដើម្បី​យើង​អាច​រៀន​បន្ទាបខ្លួន ។ អ្នក​អាច​នឹង​ចង់​សរសេរ ឬ​កត់ចំណាំ​សេចក្ដីពិត​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កូរិនថូស ទី២ ១២:៧–៩ ។

សូម​អាន កូរិនថូស ទី២ ១២:៩–១០ ដោយ​ស្វែងរក​សេចក្ដីពិត​នានា​ដែល​ប៉ុល​បាន​រៀន​ថា​បាន​ជួយ​ដល់​លោក​តស៊ូ​នៅ​ក្នុង​ភាពទន់ខ្សោយ​របស់​លោក ។ នៅ​ពេល​អ្នក​អាន សូម​រក្សា​ទុក​នៅ​ក្នុង​គំនិត​របស់​អ្នក​ថា ព្រះគុណ គឺ​ជា « ជំនួយ និង​កម្លាំង​ពី​ព្រះ … ត្រូវ​ប្រទាន​ឲ្យ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » scriptures.lds.org ) ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង កូរិនថូស ទី២ ១២:៩–១០ ដែល​បង្រៀន​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ល្មម ដើម្បី​ពង្រឹង​យើង​នៅ​ក្នុង​ភាពទន់ខ្សោយ​របស់​យើង ។ ព្រះអម្ចាស់​មិន​ដក​យក​ឧបសគ្គ​របស់​យើង​ចេញ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ពង្រឹង​យើង​នៅ​ពេល​យើង​តស៊ូ​នឹង​ឧបសគ្គ​ទាំងនោះ​ដោយ​មាន​ចិត្ត​ស្មោះត្រង់​វិញ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ​—ទោះជា​វា​ដក​យក​បន្ទុក ឬ ពង្រឹង​យើង​ឲ្យ​តស៊ូ ហើយ​រស់នៅ​ជាមួយ​បន្ទុក​នោះ​ដូចជា​ប៉ុល​ក្ដី—ក៏​វា​អាច​ប្រើ​បាន​សម្រាប់​រាល់​បញ្ហា​នៅ​ក្នុង​ជីវិត​រមែងស្លាប់​ដែរ » ( « He Heals the Heavy Laden » ទំព័រ ៨ ) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងអស់​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ថា ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​មាន « ល្មម » ( កូរិនថូស ទី២ ១២:៩ ) ដើម្បី​ពង្រឹង​អ្នក​នៅ​ក្នុង​ភាពទន់ខ្សោយ​របស់​អ្នក ?

    2. តើ​សេចក្ដីពិត​ដែល​មាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី២ ១២:៩–១០ អាច​ជួយ​អ្នក​នៅ​ពេល​អ្នក​ជួប​នឹង​ភាពទន់ខ្សោយ និង​ការសាកល្បង​យ៉ាង​ដូចម្ដេច ?

    3. តើ​នៅ​ពេល​ណា ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​ត្រូវបាន​ពង្រឹង​ដោយ​ព្រះអង្គសង្គ្រោះ​ដើម្បី​ជួយ​ក្នុង​ភាពទន់ខ្សោយ ឬ ការសាកល្បង​ ?

កូរិនថូស ទី២ ១៣

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​បង្ហាញ​ខ្លួន​ឯង​ថា​ស្មោះត្រង់

មនុស្ស​មួយ​ចំនួន​នា​ពេល​សព្វថ្ងៃ​នេះ មាន​មន្ទិល​សង្ស័យ​លើ​សេចក្ដី​បង្រៀន និង សិទ្ធិអំណាច​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​តំណែង​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ ។ ស្រដៀងគ្នា​នេះ​ដែរ មាន​គ្រូ​បង្រៀន​ក្លែងក្លាយ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​កូរិនថូស ដែល​បាន​ប្រឆាំង​នឹង​ប៉ុល ព្រមទាំង​សិទ្ធិអំណាច​របស់​លោក​ក្នុង​នាម​ជា​សាវក​មួយ​រូប ។

សូម​អាន កូរិនថូស ទី២ ១៣:៣ ដោយ​ស្វែងរក​ភស្ដុតាង​អ្វី​ដែល​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ចង់​បាន ។

សូម​អាន កូរិនថូស ទី២ ១៣:៥–៦ ដោយ​ស្វែងរក​អ្វី​ដែល​សាវក​ប៉ុល​បាន​លើក​ទឹកចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​ធ្វើ ប្រសើរ​ជាង​ការចោទ​សំណួរ​ថាតើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាមរយៈ​លោក​ក្នុង​នាម​ជា​សាវក​មួយ​ដែរ​ឬ​ទេ​នោះ ។ ( កាត់​ចោល​ចេញ គឺ​ជា​ជន​ដែល​ពុក​រលួយ ឬ ខ្វះ​សីលធម៌ ) ។ សូម​គិត​ដល់​ការគូសចំណាំ​ពាក្យ​សកម្មភាព​នៅ​ក្នុង ខទី ៥ ដែល​ប្រាប់​អំពី​អ្វី​ដែល​ពួក​បរិសុទ្ធ​កូរិនថូស​គួរតែ​ធ្វើ ។

នៅ​ពេល​ប៉ុល​បាន​ស្នើ​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​ត្រួតពិនិត្យ​ថាតើ​ពួកគេ​ស្ថិត « នៅ​ក្នុង​សេចក្តី​ជំនឿ » ឬ​ទេ​នោះ [ ខទី ៥ ] លោក​បាន​ស្នើ​ឲ្យ​ពួកគេ​ពិចារណា​ថាតើ​ពួកគេ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង សាសនាចក្រ​ទ្រង់​ដែរ​ឬ​ទេ ។ ចេញ​ពី កូរិនថូស ទី២ ១៣:៥–៦ យើង​រៀន​ថា សមាជិក​សាសនាចក្រ​គួរតែ​ត្រួតពិនិត្យ​ភាពស្មោះត្រង់​របស់​ខ្លួន ប្រសើរជាង​ទិតៀន​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ដោយ​ស្វែងរក​អ្វី​ដែល​លោក​បាន​បង្រៀន​ដែល​នឹង​កើតឡើង​ប្រសិនបើ​យើង​ជ្រើសរើស​ទិតៀន​ដល់​ថ្នាក់​ដឹកនាំ​ជំនួស​ឲ្យ​ការត្រួតពិនិត្យ​ភាពស្មោះត្រង់​របស់​យើង ៖ « [ ប្រសិនបើ​មនុស្ស​ម្នាក់ ] ថ្កោល​ទោស​មនុស្ស​ដទៃ ដោយ​ចាំ​ចាប់​កំហុស​ខាង​សាសនាចក្រ ទាំង​និយាយ​ថា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កំពុង​ដើរ​ផ្លូវ​ខុស ហើយ​ថា​ខ្លួនឯង​ជា​មនុស្ស​សុចរិត លំដាប់​នោះ​យើង​ដឹង​យ៉ាង​ប្រាកដ​ថា មនុស្ស​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ធំ​នាំ​ទៅ​រក​ការក្បត់សាសនា ហើយ​ប្រសិនបើ​គាត់​ពុំ​ប្រែចិត្ត​ទេ​នោះ ប្រាកដ​ដូច​ព្រះមាន​ព្រះជន្ម​រស់ នោះ​គាត់​នឹង​ក្បត់សាសនា​ជាក់​ជា​មិន​ខាន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣១៨ ) ។

  1. សូម​ចំណាយ​ពេល​វេលា​បន្តិច ដើម្បី​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម ។ បន្ទាប់​មក​សូម​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​បង្ហាញ​ថា អ្នក​បាន​បញ្ចប់​កិច្ចការ​នេះ ។

    1. នៅ​លើ​លេខ​ក្រិត​ពី ១-១០ ( លេខ ១០ គឺ​ជា​លេខ​ល្អ​បំផុត ) តើ​អ្នក​ធ្វើតាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដល់​កម្រិត​ណា ?

    2. តើ​បទដ្ឋាន​ណា​មួយ​ដែល​ត្រូវបាន​បង្រៀន​ដោយ​ពួក​ព្យាការី និង​ពួក​សាវក ដែល​អ្នក​អាច​ធ្វើតាម​ឲ្យ​បាន​កាន់តែ​ស្មោះត្រង់ ?

    3. នៅ​លើ​លេខ​ក្រិត​ពី ១-១០ ( លេខ ១០ គឺ​ជា​រាល់​ឱកាស​ដែល​អ្នក​មាន ) តើ​អ្នក​បង្ហាញ​ការដឹងគុណ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​អ្នក ទោះ​ជា​ដោយ​ផ្ទាល់ ឬ តាមរយៈ​ការអធិស្ឋាន​បាន​ញឹកញាប់​ប៉ុណ្ណា ?

    4. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ការដឹងគុណ​កាន់តែ​ខ្លាំង ចំពោះ​ការលះបង់ និង កិច្ចខិតខំ​ដែល​ថ្នាក់​ដឹកនាំ​របស់​អ្នក​ធ្វើ​សម្រាប់​អ្នក ?

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​កើត​មាន​ពី​ការធ្វើ​ការត្រួតពិនិត្យ​ខ្លួនឯង​ខាង​វិញ្ញាណ​ជា​ញឹកញាប់​ដូចនេះ ?

នៅ​ក្នុង កូរិនថូស ទី២ ១៣:៧–១៤ យើង​រៀន​ថា ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ចៀសវាង​ពី​ការអាក្រក់ ហើយ​ព្យាយាម​ឲ្យ​បាន​គ្រប់លក្ខណ៍ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី២ ១០-១៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖