បណ្ណាល័យ
សេចក្ដីណែនាំ​ស្តីពី​គម្ពីរ​ពេត្រុសទី ២


សេចក្ដីណែនាំ​ស្តីពី​គម្ពីរ ពេត្រុសទី ២

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ថ្លែង​ថា « ពេត្រុស​បាន​ប្រើប្រាស់​ភាសា​សរសេរ​ដ៏​ប្រសើរ​បំផុត​លើស​ព្យាការី​ណាៗ​ទាំងអស់ » ( នៅ​ក្នុង History of the Church ៥:៣៩២ ) ។ ដ៏​ប្រសើរ​បំផុត មានន័យ​ថា បាន​លើក​តម្កើង​នៅ​ក្នុង​គំនិត មាន​តម្លៃ​លើស​គេ ហើយ​មាន​ទំនោរ​ដើម្បី​បំផុស​ឲ្យ​មាន​ការ​សរសើរ ។

ក្នុង​នាម​ជា​សាក្សី​មួយ​រូប​នៃ​ការ​ប្រែ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ពេត្រុស​ទី ២ ១:១៦–១៨ ) ពេត្រុស​បាន​ដាស់​តឿន​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​រីកចម្រើន​នៅ​ក្នុង​ចំណេះដឹង​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ព្យាយាម​ទទួល​បាន​នូវ​លក្ខណៈ​នៃ​ព្រះ​ដើម្បី​ពួកគេ​អាច​បាន « និស្ស័យ​នៃ​ព្រះ » ( សូមមើល ពេត្រុសទី ២ ១:៤–៨ ) ។ លោក​បាន​ធានា​ដល់​ពួក​អ្នក​អាន​របស់​លោក​ថា ការ​រីកចម្រើន​ខាង​វិញ្ញាណ​នេះ​នឹង​ជួយ​ពួកគេ​ធ្វើ​ឲ្យ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី ២ ១:១០ ) ។ « ពេត្រុស​បាន​បញ្ជាក់​ជា​ថ្មី​ថា ព្រះអម្ចាស់​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌​នៅ​ក្នុង​សិរីល្អ​ដ៏​អស្ចារ្យ ហើយ​កាត់​សេចក្ដី​ដល់​ផែនដី​នេះ » ( Bible Dictionary « Peter, Epistles of » ) ។ តាមរយៈ​ការ​សិក្សា​សំបុត្រ​ទីពីរ​របស់​ពេត្រុស អ្នក​អាច​អភិវឌ្ឍ​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​ការ​ណែនាំ និង​ការ​បំផុស​គំនិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

អ្នក​សរសេរ​សំបុត្រ​ទី​ពីរ​របស់​ពេត្រុស​គឺជា​ស៊ីម៉ូន ពេត្រុស សាវក​រៀម​ច្បង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ពេត្រុសទី ២ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹង​ពីពេលវេលា និង​ទីកន្លែង​ច្បាស់លាស់​ដែល​សំបុត្រ​ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ។ មាន​ការ​សន្និដ្ឋាន​រួម​ថា ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ​នៅ​រ៉ូម បន្ទាប់​ពី​សំបុត្រ​ដែល​គេ​ហៅ​ជា​ពេត្រុស​ទី​១​នោះ​មក ដែល​វា​ទំនង​ជា​សរសេរ​ឡើង​ប្រមាណ​ជា គ. ស. ៦៤ ( សូមមើល Bible Dictionary « Peter, Epistles of » ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​ហេតុអ្វី ?

ពេត្រុស​បាន​ថ្លែង​ថា លោក​កំពុង​សរសេរ​ទៅ « ពួក​អ្នក ដែល​បាន​ទទួល​សេចក្តី​ជំនឿ​ដ៏​វិសេស ត្រូវ​គ្នា​នឹង​យើង​ខ្ញុំ​ដែរ » ( ពេត្រុសទី ២ ១:១ ) ។ ការណ៍​នេះ​អាច​បង្ហាញ​ថា ពួក​អ្នក​អាន​របស់​ពេត្រុស​គឺ ជា​ពួក​គ្រីស្ទាន​សាសន៍​ដទៃ ដែល​បាន​ទទួល​សំបុត្រ​ទី​មួយ​របស់​លោក ( សូម​មើល ពេត្រុសទី ២ ៣:១ ) ។ មាតិកា​នៃ ពេត្រុសទី ២ ១:១២–១៥ បង្ហាញ​ថា ពេត្រុស​ចង់​ឲ្យ​សំបុត្រ​នេះ​ក្លាយ​ទៅ​ជា​សារលិខិត​លា​គ្នា​មួយ​ទៅ​កាន់​ពួក​អ្នក​អាន​របស់​លោក ។

មិន​ដូចជា​សំបុត្រ​ទីមួយ​របស់​ពេត្រុស​ដែល​បាន​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​តតាំង​នឹង​ការ​បៀត​បៀន​ខាង​ក្រៅ​នោះ​ឡើយ សំបុត្រ​ទី​ពីរ​របស់​ពេត្រុស​បាន​លើក​ឡើង​ពី​ការ​ក្បត់​សាសនា​ផ្ទៃ​ក្នុង​ដែល​បាន​គំរាម​កំហែង​ដល់​អនាគត​របស់​សាសនាចក្រ ។ ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​កំពុង​ពង្រីក « [ ការ​បង្រៀន​ខុស​ឆ្គង ] ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ » ( ពេត្រុស​ទី​២ ២:១ ) ។ ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​រីកចម្រើន​នៅ​ក្នុង​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះអម្ចាស់ និង​ដើម្បី​ធ្វើ​ឲ្យ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង [ របស់​ពួកគេ ] បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុស​ទី​២ ១:១០ ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

« សំបុត្រ​ទីពីរ​នេះ​ទំនង​ជា​សរសេរ​ទៅ​ព្រះវិហារ​តែ​មួយ​ដូចជា​នៅ​ក្នុង​សំបុត្រ​ទី​មួយ​ដែរ ( ៣:១ ) ។ វា​ត្រូវ​បាន​សរសេរ​ឡើង​កាល​ហៀប​នឹង​ស្លាប់ ( ១:១៤ ) ហើយ​មាន​គោលបំណង​ដើម្បី​ការពារ​ប្រឆាំង​នឹង​សេចក្តី​ក្បត់​សាសនា » ( Bible Dictionary « Peter, Epistles of ») ។ វា​ក៏​មាន​នូវ​ពាក្យ​សម្ដី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត និង​ទីបន្ទាល់​ចុង​ក្រោយ​របស់​ពេត្រុស​ផង​ដែរ ។

ប្រធានបទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពេត្រុស​ទី ២ គឺ​ជា​សារៈសំខាន់​នៃ​ការ​ទទួល​បាន​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេត្រុស​បាន​សន្យា​នឹង​អ្នក​អាន​ទាំងឡាយ​របស់​លោក​ថា ប្រសិនបើ​ពួកគេ​នឹង​ព្យាយាម​ស្វែងរក​លក្ខណៈ​ដូច​ជា​ព្រះ ហើយ​អភិវឌ្ឍ​និស្ស័យ​នៃ​ព្រះ នោះ​ពួកគេ​នឹង « មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ » ( ពេត្រុសទី ២ ១:៨ ) ហើយ​នឹង​ធ្វើ​ឲ្យ « ការហៅ និង ការរើស​តាំង​បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី ២ ១:១០ ) ។

ពេត្រុស​បាន​ប្រៀបធៀប​ចំណេះដឹង​ពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ទៅនឹង​ចំណេះដឹង និង ការបង្រៀន​ក្លែងក្លាយ​ដែល​បាន​ផ្សាយ​ដោយ​សេចក្តី​ក្បត់​សាសនា ( សូមមើល ពេត្រុសទី ២ ២ ) ។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នេះ ពេត្រុស​បាន​ផ្តល់​ការអញ្ជើញ​ចុងក្រោយ​ដល់​ពួក​បរិសុទ្ធ​ឲ្យ « ចម្រើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា » ( ពេត្រុសទី ២ ៣:១៨ ) ។

គម្រោង​មេរៀន

ពេត្រុសទី ២ ១ ។ ពេត្រុស​ពន្យល់​ថា ការសន្យា​របស់​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ឲ្យ​ពួកបរិសុទ្ធ « បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ( ពេត្រុសទី ២ ១:៤ ) ។ លោក​លើក​ទឹកចិត្ត​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ « ការហៅ និង ការរើស​តាំង​បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី ២ ១:១០ ) ។ ពេត្រុស​បាន​រំឭក​ពី​បទពិសោធន៍​លោក​នៅលើ​ភ្នំ​ប្រែរូប ពេល​លោក​បាន​ឃើញ​ព្រះគ្រីស្ទ​ដ៏​មាន​សិរីរុងរឿង ហើយ​បាន​ស្តាប់​ព្រះសូរសៀង​របស់​ព្រះវរបិតា ។ ពេត្រុស​និយាយ​ថា « យើង​ខ្ញុំ​មាន…​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ( ពេត្រុសទី ២ ១:១៩ ) ។

ពេត្រុសទី ២ ២ ។ ពេត្រុស​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​ពួក​ព្យាការី​ក្លែង​ក្លាយ និង គ្រូ​ក្លែង​ក្លាយ​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​ចំណោម​ពួកគេ ហើយ​ព្យាយាម​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​វង្វេង​បង់ ។ គ្រូ​ទុច្ចរិត​ទាំង​នេះ​នឹង​បដិសេធ​ព្រះអម្ចាស់ ហើយ​និយាយ​អាក្រក់​អំពី « ផ្លូវ​នៃ​សេចក្តីពិត » ( ពេត្រុសទី ២ ២:២ ) ។ ពេត្រុស​បង្រៀន​ថា វា​ប្រសើរ​ជាង​ដើម្បី​មិន​ទទួល​យក​ដំណឹង​ល្អ ជាជាង​ចុះ​សេចក្តីសញ្ញា ហើយ​បែរ​ជា​មិន​រស់នៅ​តាម​សេចក្តីសញ្ញា​ទាំង​នោះ​វិញ ។

ពេត្រុសទី ២ ៣ ។ ពេត្រុស​អះអាង​យ៉ាង​ច្បាស់លាស់​ថា ព្រះគ្រីស្ទ​នឹង​យាង​មក​ក្នុង​កាល​កំណត់​របស់​ទ្រង់ សម្អាត​ផែនដី​ដោយ​ភ្លើង បំផ្លាញ​ពួក​ទុច្ចរិត ហើយ​សង្គ្រោះ​អ្នក​ដែល​ឧស្សាហ៍​ព្យាយាម និង ស្មោះត្រង់ ។ ពេត្រុស​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ « ចម្រើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់…ព្រះយេស៊ូវគ្រីស្ទ » ( ពេត្រុសទី ២ ៣:១៨ ) ។