បណ្ណាល័យ
មេរៀន​ទី ២៤ ថ្ងៃ​ទី ៤ ៖ អេភេសូរ ១


មេរៀន​ទី ២៤ ៖ ថ្ងៃទី ៤

អេភេសូរ ១

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​អេភេសូរ អំពី​ការតែងតាំង​ជា​មុន​ដើម្បី​ទទួល​ដំណឹងល្អ ។ លោក​បាន​សរសេរ​អំពី​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​បង្អស់—គ្រាកាន់កាប់ត្រួតត្រា​ដែល​យើង​រស់នៅ​សព្វថ្ងៃ​នេះ—ជា​អំឡុង​ពេល​ដែល​ព្រះ​នឹង « បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ( អេភេសូរ ១:១០ ) ។ ប៉ុល​បាន​បង្រៀន​ថា យើង​អាច​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​វិវរណៈ ។

អេភេសូរ ១:១-៨

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​ថា ពួកគេ​ត្រូវបាន​តែងតាំង​ជា​មុន​ដើម្បី​ទទួល​ដំណឹងល្អ

សូម​គិត​អំពី​ពេល​មួយ​ក្នុង​ជីវិត​របស់​អ្នក ជា​ពេល​ដែល​អ្នក​បាន​ព្រមព្រៀង​ទទួល​យក​ការទទួលខុសត្រូវ​ដ៏​សំខាន់​មួយ ។ នៅ​ពេល​កិច្ចការ​នោះ​មាន​ឧបសគ្គ​កាន់​តែ​ច្រើន​ឡើង តើ​អ្នក​ត្រូវបាន​ជំរុញ​ចិត្ត​យ៉ាង​ដូចម្ដេច​ដោយ​ដឹង​ថា អ្នក​បាន​ព្រមព្រៀង​ចំពោះ​ការចាត់តាំង​នោះ ហើយ​មាន​មនុស្ស​ម្នាក់​បាន​ទុកចិត្ត​ថា​អ្នក​នឹង​បំពេញ​តាម​ការចាត់តាំង​នោះ ? តើ​អ្នក​មាន​ពរ ឬ​បាន​រង្វាន់​ចំពោះ​ការបំពេញ​ការទទួលខុសត្រូវ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

រូបភាព
ប៉ុល​កំពុង​សរសេរ​សំបុត្រ

សាវក​ប៉ុល​បាន​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ក្រុង​រ៉ូម ។

នៅ​ក្នុង​សំបុត្រ​នេះ សាវក​ប៉ុល បាន​ព្យាយាម​ពង្រឹង​អ្នក​ទាំងឡាយ​ដែល​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ ហើយ​ជួយ​អ្នក​ប្រែចិត្តជឿ​ថ្មី​ឲ្យ​រីកចម្រើន​ក្នុង​ចំណេះដឹង​ខាង​វិញ្ញាណ ព្រមទាំង​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ខ្លួន ។

សូម​អាន អេភេសូរ ១:៣–៨ ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ខ្លួន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ គោលលទ្ធិ គ្រឹះ​ចំនួន​ពីរ ឬ បី​ណា​ខ្លះ ដែល​អ្នក​នឹង​បង្រៀន​ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ម្នាក់​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​គាត់ ហើយ​បន្ត​សកម្ម​ក្នុង​សាសនាចក្រ ?

    2. តើ​ការយល់​អំពី​សេចក្ដីពិត​ទាំងនោះ អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ជ្រើសរើស​បន្ត​មាន​ចិត្ត​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ?

ឃ្លា « មុន​កំណើត​លោកីយ៍ » នៅ​ក្នុង អេភេសូរ ១:៤ សំដៅ​ទៅ​លើ​ជីវិត​មុន​ឆាក​ជីវិត​នេះ រីឯ​ឃ្លា « ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម » និង​ឃ្លា តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន នៅ​ក្នុង អេភេសូរ ១:៥ សំដៅ​ទៅ​លើ​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ជ្រើសរើស ឬ​តែងតាំង​ជា​មុន​ដើម្បី​ទទួល​ដំណឹងល្អ​ក្នុង​ជីវិត​រមែងស្លាប់ ។ សេចក្ដីពិត​មួយ​ដែល​យើង​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺ បុត្រាបុត្រី​របស់​ព្រះ​ត្រូវបាន​តែងតាំង​ជា​មុន​ដើម្បី​ទទួល​ដំណឹងល្អ ។ ការទទួល​ពរជ័យ​ទាំងនេះ​អាស្រ័យ​ទៅ​លើ​ភាពស្មោះត្រង់​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ ។

នៅ​ពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដកស្រង់​មក​ពី ពិត​ចំពោះ​សេចក្ដីជំនឿ សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​គោលលទ្ធិ​នៃ​ការតែងតាំង​ជា​មុន អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ជ្រើសរើស​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ខ្លួន ហើយ​បន្ត​សកម្ម​ក្នុង​សាសនាចក្រ ៖

« ក្នុង​ពិភព​វិញ្ញាណ​មុន​ឆាក​ជីវិត​នេះ ព្រះ​បាន​ចាត់​វិញ្ញាណ​ទាំងឡាយ ឲ្យ​បំពេញ​បេសកកម្ម​ជាក់លាក់​នានា​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការតែងតាំង​ជាមុន ។

« ការតែងតាំង​ជាមុន​ពុំ​ធានា​ថា បុគ្គល​ទាំងឡាយ​នឹង​ទទួល​ការហៅ​បម្រើ ឬ ការទទួល​ខុសត្រូវ​ជាក់លាក់​នោះ​ទេ ។ ឱកាស​បែបនោះ​ចូល​មក​ក្នុង​ជីវិត​ជា​លទ្ធផល​មួយ​នៃ​ការអនុវត្ត​យ៉ាង​សុចរិត​នូវ​សិទ្ធិ​ជ្រើសរើស គឺ​ដូច​ជា​ការតែងតាំង​ជា​មុន​បាន​មក ជា​លទ្ធផល​មួយ​នៃ​ភាពសុចរិត​ដែល​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដែរ ។ …

« គោលលទ្ធិ​អំពី​ការតែងតាំង​ជាមុន​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់ គឺ​មិន​គ្រាន់តែ​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង ព្យាការី​ទ្រង់​ឡើយ ។ ពីមុន​ការបង្កើត​ផែនដី ស្ត្រី​ស្មោះ​ត្រង់​ជា​ច្រើន​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ការទទួល​ខុសត្រូវ​ច្បាស់លាស់ ហើយ​បុរស​ស្មោះត្រង់​ជា​ច្រើន​ត្រូវ​បាន​តែងតាំង​ជាមុន​នូវ​កាតព្វកិច្ច​បព្វជិតភាព​ច្បាស់លាស់ ។ ទោះ​ជា​អ្នក​មិន​ចាំ​អំពី​ពេល​នោះ​ក៏​ដោយ ប៉ុន្តែ អ្នក​ពិតជា​បាន​ព្រមព្រៀង​បំពេញ​កិច្ចការ​សំខាន់ៗ​ក្នុង​ការបម្រើ​ដល់​ព្រះវរបិតា​របស់​អ្នក ។ នៅ​ពេល​អ្នក​បង្ហាញ​ភស្ដុតាង​ថា​អ្នក​សក្ដិសម នោះ​អ្នក​នឹង​ទទួល​បាន​ឱកាស​បំពេញ​ការចាត់តាំង​ដែល​អ្នក​បាន​ទទួល​នៅ​ពេល​នោះ » ( True to the Faith: A Gospel Reference [ ឆ្នាំ ២០០៤ ] ទំព័រ ៦៩–៧០ ) ។

តើ​ការយល់​ថា យើង​ត្រូវបាន​តែងតាំង​ជា​មុន​ដើម្បី​ទទួល​ដំណឹងល្អ ព្រមទាំង​ពរជ័យ​ជា​ច្រើន​ដើម្បី​សម្រេច​កិច្ចការ​របស់​យើង​ក្នុង​ជីវិត​រមែងស្លាប់​នេះ អាច​ជួយ​យើង​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​យើង​យ៉ាង​ដូចម្ដេច ?

អេភេសូរ ១:៩–១២

ប៉ុល​ថ្លែង​អំពី​គ្រា​កាន់កាប់ត្រួតត្រា​នៃ​ពេល​ពេញកំណត់ ។

សូម​ស្វែងរក​ទីតាំង​និយមន័យ​នៃ គ្រាកាន់​កាប់​ត្រួត​ត្រា នៅ​ក្នុង​ផ្នែក​គោលលទ្ធិគ្រឹះ​នៅ​ដើម​សៀវភៅ​សិក្សា​នេះ ឬ​នៅ​ក្នុង Bible Dictionary ។ សូម​អាន​កថាខណ្ឌ​ដែល​ពន្យល់​អំពី​អត្ថន័យ​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​គ្រាកាន់កាប់ត្រួតត្រា​ដែល​យើង​រស់នៅ ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​អាន តើ​គ្រា​កាន់​កាប់​ត្រួតត្រា​ដែល​យើង​រស់នៅ​បាន​ចាប់ផ្ដើម​នៅ​ពេល​ណា ?

សូម​អាន អេភេសូរ ១:៩–១០ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​ដែល​នឹង​កើតឡើង​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​របស់​យើង​ដែល​ជា « គ្រា​កាន់កាប់ត្រួតត្រា​នៃ​ពេលពេញកំណត់ » ។ ( ឃ្លា « សេចក្តី​អាថ៌កំបាំង​នៃ​ព្រះហឫទ័យ​ទ្រង់ » សំដៅ​ទៅ​លើ​ផែនការ និង​គោលបំណង​របស់​ព្រះ ) ។

នៅ​ពេល​ប៉ុល​សរសេរ​ថា « គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ទាំង​នៅ​លើ​ស្ថានសួគ៌ និង​ផែនដី​នឹង​ត្រូវ​បាន « បំព្រួម » ( អេភេសូរ ១:១០  ) លោក​សំដៅ​ទៅ​លើ​ការស្ដារឡើងវិញ និង​ការប្រមូល​ផ្ដុំ​នៃ​រាល់​កូនសោ អំណាច និង​ការសន្យា​ដែល​ព្រះ​បាន​បើក​សម្ដែង​ដល់​កូនចៅ​របស់​ទ្រង់ ចាប់តាំង​ពី​ចាប់ផ្ដើម​លោកិយ​មក​ម៉្លេះ រួម​ទាំង​ចំណេះដឹង​ផ្សេង​ទៀត​ដែល​ពុំ​ទាន់​បើក​សម្ដែង​ពី​មុន​ផងដែរ ( សូម​មើល គ. និង ស. ១២៨:១៨  ) ។

ចេញ​ពី អេភេសូរ ១:១០ យើង​រៀន​សេចក្ដីពិត​ខាង​ក្រោម ៖ នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ អ្វីៗ​ទាំងអស់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ​នឹង​ត្រូវ​បាន​ស្ដារឡើងវិញ ។

រូបភាព
អែលឌើរ ប៊ី អេច រ៉ូប៊ឺត

អែលឌើរ ប៊ី អេច រ៉ូប៊ឺត នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​អំពី​របៀប​ដែល​គ្រា​កាន់កាប់​ត្រួតត្រា​ពី​មុនៗ ទាក់ទង​ទៅ​នឹង​គ្រា​កាន់កាប់ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​ដូចនេះ ៖ « នេះ​គឺ​ជា​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ហើយ​យើង​កំពុង​រត់​ចូល​ទៅ​ក្នុង​គ្រា​នោះ ដូចជា​ស្ទឹង​ហូរ​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​សមុទ្រ​ដែរ គ្រា​កាន់​កាប់​ត្រួតត្រា​ពីមុនៗ​ទាំងអស់​ដាក់​យើង​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​វា ហើយ​យើង​ឃើញ​ថា នៅក្នុង​ព្រះ​តម្រិះ​របស់​ទ្រង់ ព្រះ​បាន​មាន​គោលបំណង​ដ៏​ធំ​តែ​មួយ​ចាប់​តាំង​ពី​ដំបូង​មក ហើយ​នោះ​គឺ​ជា​សេចក្ដីសង្គ្រោះ​របស់​បុត្រា​បុត្រី​ទ្រង់ ។ ឥឡូវ​នេះ​ថ្ងៃ​ចុងក្រោយ​បាន​មក​ដល់​ហើយ ជា​គ្រាកាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​ដែល​សេចក្ដីពិត និង​ពន្លឺ ព្រម​ទាំង​សេចក្ដីសុចរិត​ត្រូវតែ​មាន​ពាសពេញ​ផែនដី » ( នៅ​ក្នុង Conference Report, Oct. ឆ្នាំ ១៩០៤ ទំព័រ ៧៣ ) ។

រូបភាព
river in mountains
  1. អែលឌើរ រ៉ូប៊ឺត បាន​បង្រៀន​ថា សេចក្តីពិត ពន្លឺ និង​សេចក្ដីសុចរិត​ត្រូវតែ​មាន​ពាសពេញ​ផែនដី​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​សេចក្ដីពិត បទគម្ពីរ សេចក្ដីសញ្ញា និង​អំណាច​ចំនួន​ប្រាំ ឬ​ច្រើន​ជាង​នេះ​ចេញ​ពី​គ្រា​កាន់​កាប់​ត្រួត​ត្រា​ពី​មុនៗ ដែល​បាន​ស្ដារឡើងវិញ ហើយ​នាំ​ទៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នៃ​ពេល​ពេញ​កំណត់ ។ ( ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ សូម​មើល « ការសាងឡើងវិញ​នៃ​ដំណឹងល្អ » នៅ​ក្នុង ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៤៩–៥២ ) ។

  2. សូម​ធ្វើ​លំហាត់​មួយ ឬ​ពីរ​ខាង​ក្រោម​នេះ ៖

    1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការរស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់​គឺជា​ពរជ័យ​មួយ​សម្រាប់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​មាន​ធនធាន​អ្វី​ខ្លះ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​របស់​យើង​នេះ ដែល​ធ្វើ​ឲ្យ​សេចក្ដីពិត និង​ពន្លឺ​នៃ​ដំណឹងល្អ​មាន​ពាសពេញ​ផែនដី ?

    2. នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អ្នក​ចូល​ទៅ សូម​ចុះផ្សាយ​ការពន្យល់​មួយ​អំពី​គ្រា​កាន់​កាប់​ត្រួតត្រា និង​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ដែល​បាន​រស់នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ។ នៅ​ពេល​អ្នក​បាន​ធ្វើ​ដូចនោះ​ហើយ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ការចុះផ្សាយ​សារលិខិត​របស់​អ្នក ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ដូចនេះ ៖ « បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ អ្វី​ដែល​បាន​សម្រេច​ច្រើន​មក​ហើយ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ គឺ​ការផ្សព្វផ្សាយ​សារលិខិត​នៃ​ដំណឹងល្អ​តាមរយៈ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ជា​ការចាប់ផ្ដើម​ដ៏​ល្អ​មួយ—ប៉ុន្តែ​វា​គ្រាន់តែ​ជា​តំណក់​ទឹក​តូចៗ​ប៉ុណ្ណោះ ។ ឥឡូវ​នេះ​ខ្ញុំ​សូម​បន្ត​អញ្ជើញ​ដល់​អ្នក​ឲ្យ​ជួយ​បំប្លែង​ដំណក់ទឹក​នោះ​ទៅ​ជា​ទឹក​ជន់​លិច ។ … ខ្ញុំ​សូម​ក្រើនរំឭក​អ្នក​ឲ្យ​បោស​ផែនដី​ដោយ​ប្រើ​សារលិខិត​ដែល​ពេញ​ដោយ​សេចក្ដី​សុចរិត និង​សេចក្ដីពិត—ជា​សារលិខិត​ដែល​មាន​ភាពពិត ការស្អាងឡើង និង​គួរឲ្យគោរព—ហើយ​ពិតជា​បោស​ផែនដី​ដូចជា​ទឹកជំនន់ » ( « To Sweep the Earth as with a Flood » [ Brigham Young University Campus Education Week devotional ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០១៤ ] LDS.org ) ។

តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ដោយ​ប្រើ​សារលិខិត​ដែល​ពេញ​ដោយ​សេចក្ដីសុចរិត និង សេចក្ដីពិត ? សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​សេចក្ដីពិត​ដ៏​មាន​អត្ថន័យ​នានា ដែល​ត្រូវបាន​ស្ដារឡើងវិញ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​អ្នក និង​មនុស្ស​ដែល​រស់នៅ​ឆ្ងាយ​ពី​អ្នក ។

នៅ​ក្នុង អេភេសូរ ១:១១–១២ ប៉ុល​បាន​បង្រៀន​ថា តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួក​បរិសុទ្ធ​បាន​ទទួល​មរតក​នៅ​ក្នុង​នគរ​ព្រះ ។

អេភេសូរ ១:១៣–២៣

ប៉ុល​បង្រៀន​អំពី​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្តីសញ្ញា

សូម​អាន អេភេសូរ ១:១៣–១៤ ដោយ​ស្វែងរក​ពរជ័យ​មួយ​ដែល​ពួក​បរិសុទ្ធ​បាន​ទទួល​ដោយសារតែ​ភាពស្មោះត្រង់ និង​ការទុកចិត្ត និង​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ការបាន « ដៅ​ចំណាំ [ ដោយ ] ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​សន្យា » មាន​ន័យ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ « ធ្វើ​ទីបន្ទាល់​ដល់​ព្រះវរបិតា​ថា ពិធី​បរិសុទ្ធ​ទាំងឡាយ​ខាង​ការសង្គ្រោះ​នោះ​បាន​ធ្វើ​ដោយ​ត្រឹមត្រូវ ហើយ​ថា​សេចក្ដីសញ្ញា​ដែល​រួម​នឹង​ពិធី​ទាំងនោះ នោះ​ក៏​បាន​កាន់តាម » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា » scriptures.lds.org ) ។ ឃ្លា « ទីបញ្ចាំចិត្ត​ពី​ដំណើរ​កេរ្តិ៍អាករ​របស់​យើង​រាល់​គ្នា » នៅ​ក្នុង អេភេសូរ ១:១៤ បង្ហាញ​ថា នៅ​ពេល​ពួក​បរិសុទ្ធ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា នោះ​ពួកគេ​ទទួលបាន​ការអះអាង​ផ្ទាល់ខ្លួន​ដែល​ថា នៅ​ទីបំផុត ពួកគេ​នឹង​គ្រង​នគរ​សេឡេស្ទាល​ទុក​ជា​មរតក ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការហៅ និង ការជ្រើសតាំង សូម​អាន ពេត្រុសទី២ ១ និង​យោបល់​ដែល​ផ្ដល់​ឲ្យ​សម្រាប់​ជំពូក​នោះ​ក្នុង​ជំពូក​ទី ៣០ ៖ មេរៀន​ថ្ងៃទី ១ ) ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង អេភេសូរ ១:១៥–១៦ ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​ថា លោក​បន្ត​អរព្រះគុណ​ដល់​ព្រះ​ចំពោះ​ភាពស្មោះត្រង់​របស់​ពួកគេ​ជានិច្ច ។ សូម​អាន អេភេសូរ ១:១៧–១៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​អធិស្ឋាន​ទូល​សូម​ព្រះ​ឲ្យ​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។

សូម​គិត​ថា តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​ដូចម្ដេច​អំពី​របៀប​ដែល​យើង​អាច​មក​ស្គាល់​ព្រះវរបិតា​សួគ៌ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​ស្គាល់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​គឺ យើង​អាច​មក​ស្គាល់​ព្រះវរបិតាសួគ៌​បាន​តាមរយៈ​វិញ្ញាណ​នៃ​វិវរណៈ ។

នៅ​ពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា សូម​គូសចំណាំ​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​វិញ្ញាណ​នៃ​វិវរណៈ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« វិវរណៈ​គឺ​ជា​ទំនាក់ទំនង​ពី​ព្រះ​ដល់​បុត្រាបុត្រី​ទ្រង់​នៅ​លើ​ផែនដី និង​ជា​ពរជ័យ​ដ៏​មហិមា​មួយ​ដែល​មាន​ភ្ជាប់​ជាមួយ​អំណោយទាន និង​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​បន្តបន្ទាប់ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ‹ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​ទទួល​វិវរណៈ › ហើយ ‹ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដោយ​មិន​បាន​ទទួល​វិវរណៈ​បាន​ឡើយ › ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣២ ) ។

« វិញ្ញាណ​នៃ​វិវរណៈ​មាន​ដល់​មនុស្ស​គ្រប់​រូប​ដែល​ទទួល​ពិធីបរិសុទ្ធ​បុណ្យជ្រមុជទឹក​នៃ​ការសង្គ្រោះ​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប និង​ការដាក់ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ—និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីជំនឿ​ដើម្បី​បំពេញ​តាម​ការទាមទារ​របស់​បព្វជិតភាព​ដើម្បី ‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ ពរជ័យ​នេះ​ពុំ​មែន​ត្រូវ​បាន​កម្រិត​ថា​មាន​ចំពោះ​តែ​អ្នក​មាន​សិទ្ធិអំណាច​ជា​អធិបតី​ក្នុង​សាសនាចក្រ​ប៉ុណ្នោះ​ទេ ផ្ទុយទៅវិញ វា​ជា​កម្មសិទ្ធិ ហើយ​គួរតែ​ប្រតិបត្តិ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ដែល​ឈាន​ដល់​អាយុ​មាន​ការដឹង​ខុសត្រូវ ហើយ​ចូល​ក្នុង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ បំណងប្រាថ្នា​ដ៏​ស្មោះ និង ភាពសក្ដិសម​អញ្ជើញ​វិញ្ញាណ​នៃ​វិវរណៈ​ចូល​មក​ក្នុង​ជីវិត​យើង » ( « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៧ ) ។

សូម​គិត​អំពី​របៀប​ដែល​វិវរណៈ​អាច​ជួយ​យើង​មក​ស្គាល់​ព្រះវរបិតាសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​វិវរណៈ​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យ​មក​ស្គាល់​ព្រះវរបិតាសួគ៌​កាន់តែ​ច្បាស់ ។

ការរស់នៅ​ឲ្យ​សក្ដិសម​នឹង​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​អ្នក​មក​ស្គាល់​ព្រះវរបិតាសួគ៌​កាន់តែ​ច្បាស់ ។

នៅ​ក្នុង អេភេសូរ ១:១៩–២៣ ប៉ុល​បាន​បន្ត​បង្រៀន​អំពី​មរតក​របស់​ពួក​បរិសុទ្ធ និង តំណែង​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នាម​ជា​សិរសា​នៃ​សាសនាចក្រ​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេភេសូរ ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖