បណ្ណាល័យ
មេរៀន​ទី ២៨ ថ្ងៃ​ទី ៣ ៖ ហេព្រើរ ១១


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ៣

ហេព្រើរ ១១

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ អំពី​សេចក្តីជំនឿ និង សារៈសំខាន់​នៃ​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បានថ្លែង​ពី​គំរូ​របស់​បុរស និង ស្ត្រី​ដ៏​សុចរិត​នានា មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​បាន​ធ្វើ​អព្ភូតហេតុ ស៊ូទ្រាំ​នឹង​ការលំបាក​នានា ហើយ​បាន​ទទួល​ពរជ័យ​ដ៏​មហិមា ។

ហេព្រើរ ១១:១–៦

ប៉ុល​បង្រៀន​សមាជិក​សាសនាចក្រ​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ ហើយ​កត់ចំណាំ​ពី​អ្វី​ដែល​យុវនារី​នេះ​បាន​អនុវត្ត​សេចក្ដី​ជំនឿ ៖

យុវនារី​ម្នាក់​មក​ពី​ប្រទេស ហ្វីលីពីន បាន​ពន្យល់​ថា កាល​ពី​រដូវក្តៅ​មួយ​ឪពុក​របស់​នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ ។ នៅពេល​គាត់​បាន​បើក​ប្រាក់​ខែ នោះ​គាត់​បាន​ផ្ញើ​ប្រាក់​នោះ​ទៅ​ឲ្យ​គ្រួសារ​គាត់​នៅ​ផ្ទះ ។ នា​ថ្ងៃ​សៅរ៍​មួយ គ្រួសារ​នោះ​បាន​ចាយ​ប្រាក់​នោះ​អស់ នៅសល់​តែ​ពីរ​សន្លឹក​ប៉ុណ្ណោះ​ដែល​មួយ​សន្លឹក​មាន​តម្លៃ​ស្មើ​នឹង​ទឹក​ប្រាក់ ២០ ពេសូ ។ នៅពេល​យុវនារី​នោះ​បាន​មើល​ទៅ​បញ្ជី​ទំនិញ​ដែល​គ្រួសារ​នាង​ត្រូវការ នោះ​នាង​បាន​ដឹង​ថា ពួកគេ​នឹង​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ទំនិញ​ទាំង​អស់​នោះ ហើយ​បង់​ថ្លៃ​ធ្វើ​ដំណើរ​របស់​នាង និង គ្រួសារ​នាង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បន្ទាប់​ឡើយ ។ នាង​បាន​សួរ​ម្តាយ​នាង​ថា​នាង​គួរ​ធ្វើ​បែប​ណា ។ ម្តាយ​របស់​នាង​បាន​ប្រាប់​ថា ឲ្យ​ទៅ​ទិញ​ទំនិញ​ទាំង​នោះ ហើយ​ថា​ព្រះ​នឹង​ប្រទាន​មធ្យោបាយ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ ។

យុវនារី​នោះ​បាន​អធិស្ឋាន​ថា នាង​អាច​ទិញ​ទំនិញ​តាម​បញ្ជី​នោះ ហើយ​នៅតែ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បន្ទាប់ ។ ដំបូង​នាង​ត្រូវ​ទិញ​ធ្យូង ដើម្បី​ឲ្យ​គ្រួសារ​នាង​អាច​មាន​ភ្លើង​ចំអិន​អាហារ ។ នាង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​នាង​បាន​ឃើញ​ថា តម្លៃ​ធ្យូង​មួយ​បាវ​បាន​កើន​ឡើង​ទ្វេ​ដង​គឺ​ពី ៥ ពេសូ ទៅ​ជា ១០ ពេសូ​វិញ ។ ដោយ​ដឹង​ថា​គ្រួសារ​របស់​នាង​ត្រូវការ​ធ្យូង​ដើម្បី​យក​ទៅ​ចម្អិន​អាហារ នោះ​នាង​បាន​ទិញ​ធ្យូង​ពីរ​បាវ​ដែល​មាន​តម្លៃ​ស្មើ​នឹង ២០ ពេសូ ។ យុវនារី​នេះ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់​ថែម​ទៀត​ថា គ្រួសារ​នាង​នឹង​នៅតែ​អាច​ទៅ​ព្រះវិហារ​បាន ។ នៅពេល​នាង​បាន​អធិស្ឋាន នោះ​មាន​សំឡេង​មួយ​បាន​ខ្សឹប​ប្រាប់​នាង​ថា ៖ « ចូរ​ទៅ ហើយ​ទិញ​ទំនិញ​ផ្សេងៗ​ទៀត​ដែល​អ្នក​ត្រូវការ​ចុះ ។ វា​នឹង​មិន​អី​ទេ » ។ ដូច្នោះ​នាង​បាន​បន្ត​ដើរ​ទិញ​ទំនិញ​ដោយ​មាន​ទឹកប្រាក់​តែ ២០​ពេសូ​ដែល​នៅ​សល់​នោះ ( កែសម្រួល​ចេញ​ពី​វីដេអូ « Pure and Simple Faith » LDS.org ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​យុវនារី​នេះ​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

សូម​អាន ហេព្រើរ ១១:១ ដោយ​រកមើល​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​សេចក្តី​ជំនឿ ។ សូម​អាន​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ១១:១ ( នៅក្នុង ហេព្រើរ ១១:១ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រើ ហេព្រើរ ១១:១ ព្រមទាំង​ធនធាន​ផ្សេងៗ​ទៀត ដើម្បី​ពន្យល់​ពី​ធាតុ​គ្រឹះ​បី​នៃ​សេចក្តី​ជំនឿ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« សាវក​ប៉ុល​បាន​ឲ្យ​និយមន័យ សេចក្តីជំនឿ ថា ‹ ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម [ និង ] ជា​សម្គាល់​ពី​ការដែល​មើល​មិន​ឃើញ › ( ហេព្រើរ ១១:១ ) ។ អាលម៉ា​បាន​ប្រកាស​ថា សេចក្ដីជំនឿ​គឺ​ពុំ​មែន​ជា​ដំរិះ​ដ៏​ឥត​ខ្ចោះ​ឡើយ ផ្ទុយ​ទៅវិញ ប្រសិន​បើ​យើង​មាន​សេចក្ដីជំនឿ នោះ​យើង ‹ សង្ឃឹម​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ [ ប៉ុន្តែ ] ដែល​ពិត › ( អាលម៉ា ៣២:២១ ) ។ លើស​ពី​នេះ​ទៀត​យើង​រៀន​នៅក្នុង Lectures on Faith ថា​សេចក្តី​ជំនឿ​គឺ​ជា ‹ គោលការណ៍​ទីមួយ​នៅក្នុង​សាសនា​ដែល​បាន​បើក​សម្តែង ហើយ​ជា​គ្រឹះ​នៃ​ភាព​សុចរិត​ទាំង​អស់ › ហើយ​ថា​វា​ក៏​ជា ‹ គោលការណ៍​នៃ​សកម្មភាព​នៅក្នុង​គ្រប់​ទម្រង់​នៃ​បញ្ញា​ទាំងអស់ › [Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ១ ] ។

« ការបង្រៀន​ទាំង​នេះ គូស​បញ្ជាក់​នូវ​ធាតុ​គ្រឹះ​បី​នៃ​សេចក្តី​ជំនឿ ៖ (១) សេចក្តីជំនឿ​ដូច​ជា ការធានាអះអាង​មួយ នៃ​អ្វីៗ​ដែល​សង្ឃឹម​ថា​ជា​ការពិត (២) សេចក្តីជំនឿ​ដូច​ជា ភស្តុតាង នៃ​អ្វីៗ​ដែល​មើល​មិន​ឃើញ និង (៣) សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ សកម្មភាព នៅក្នុង​គ្រប់​ទម្រង់​ទាំង​អស់​នៃ​បញ្ញា ។ ខ្ញុំ​សូម​ពិពណ៌នា​ពី​ធាតុ​ទាំង​បី​នេះ​នៃ​សេចក្តីជំនឿ​លើ​ព្រះ​អង្គសង្គ្រោះ ដែល​ប្រឈម​មុខ​ព្រមៗ​គ្នា​នឹង​អនាគត​ដែល​នឹង​កើត​ឡើង មើល​ទៅ​អតីតកាល ហើយ​ចាប់ផ្តើម​សកម្មភាព​នៅក្នុង​ពេល​បច្ចុប្បន្ន ។

« សេចក្តី​ជំនឿ​នោះ​គឺ​ជា​ការអះអាង​នៃ​អ្វីៗ​ដែល​សង្ឃឹម​ចង់​បាន សម្រាប់​ពេល​អនាគត ។ …

« ហើយ​ជា​លទ្ធផល សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​គឺ​ជា​ចំណង​ដែល​មិន​អាច​កាត់ផ្ដាច់​បាន ទៅនឹង​ការមាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​សម្រាប់​សេចក្តី​ប្រោសលោះ និង ភាពតម្កើងឡើង​របស់​យើង ។ ហើយ​ការអះអាង និង សេចក្តីសង្ឃឹម​ធ្វើ​ឲ្យ​យើង​អាច​ដើរ​ទៅ​ដល់​គែម​នៃ​ពន្លឺ​នោះ ហើយ​បោះ​ពីរបី​ជំហាន​ទៀត​ទៅ​កាន់​ភាពងងឹត—ដោយ​រំពឹង និង ទុកចិត្ត​លើ​ពន្លឺ​ដើម្បី​រំកិល​ទៅមុខ ហើយ​បំភ្លឺ​ផ្លូវ [ សូមមើល ប៊យដ៍ ឃេ ផាកកឺ ‹ The Candle of the Lord › Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៤ ] ។ ការផ្គុំ​គ្នា​នៃ​ការអះអាង និង សេចក្តីសង្ឃឹម​បង្កើត​ឲ្យ​មាន​សកម្មភាព​នៅក្នុង​បច្ចុប្បន្ន​នេះ ។

« សេចក្តីជំនឿ​ជា​ភស្តុតាង​នៃ​អ្វីៗ​ទាំងអស់​ដែល​មើល​មិន​ឃើញ កាល​ពី​អតីកាល ហើយ​បញ្ជាក់​សេចក្តី​ទុក​ចិត្ត​របស់​យើង​លើ​ព្រះ និង សេចក្តីក្លាហាន​របស់​យើង​លើ​ភាពពិត​ពេញលេញ​នៃ​អ្វីៗ​គ្រប់​យ៉ាង​ដែល​មើល​មិន​ឃើញ ។ យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ភាព​ងងឹត ជាមួយ​នឹង​ការអះអាង និង សេចក្តី​ជំនឿ ហើយ​យើង​បាន​ទទួល​ភស្តុតាង និង ការបញ្ជាក់ នៅពេល​ពន្លឺ​បាន​រំកិល​ទៅមុខ ហើយ​ផ្តល់​នូវ​ការបំភ្លឺ​ផ្លូវ​ដែល​យើង​ត្រូវការ ។ សាក្សី​ដែល​យើង​បាន​ទទួល​បន្ទាប់​ពី​ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​យើង ( សូមមើល អេធើរ ១២:៦) គឺ​ជា​ភស្តុតាង​ដែល​ពង្រីក និង ពង្រឹង​ការអះអាង​របស់​យើង ។

« ការអះអាង សកម្មភាព និង ភស្តុតាង​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ដំណើរ​ការ​ជាបន្ត​បន្ទាប់ » ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦១–៦៣ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សង្ខេប​ការពន្យល់​អំពី​អត្ថន័យ​នៃ​ការ​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

    2. សូម​បំពេញ និយមន័យ​ខាង​ក្រោម​អំពី​សេចក្តី​ជំនឿ​ដែល​សាវក​ប៉ុល​បាន​និយាយ នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ១១:១ ៖ សេចក្តីជំនឿ​គឺ​ជា​ការអះអាង​នៃ … ភស្តុតាង​នៃ… ( សូម​គិត​ពី​ការគូស​ចំណាំ ឬ កត់ចំណាំ​ពី​សេចក្តីពិត​នេះ​នៅក្នុង ហេព្រើរ ១១:១ ) ។

សូម​គិត​ពី​គ្រា​មួយ នៅពេល​អ្នក​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា ភិតភ័យ​អំពី​ការធ្វើ ឬ ហាក់​បី​ដូច​ជា​លើស​ពី​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្រហែល​ជា​ទំនុកចិត្ត​របស់​អ្នក​ត្រូវបាន​ពង្រឹង នៅពេល​អ្នក​ចងចាំ​ពី​អ្វី​មួយ​ដែល​អ្នក​បាន​ធ្វើ ឬ បាន​ជួប​កាល​ពី​អតីតកាល ។ បទពិសោធន៍​ពីមុនៗ​ផ្តល់​ជា​ភស្តុតាង ដែល​អាច​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​ថ្មីៗ ជាមួយ​នឹង​ការធានា​អះអាង​ថា​អ្នក​អាច​មាន​ជោគជ័យ ។ នៅក្នុង​រឿង​ខាង​វិញ្ញាណ ភស្តុតាង​នៃ​ជំនួយ​របស់​ព្រះ​កាល​នៅ​អតីតកាល​ផ្តល់​ការអះអាង​ដល់​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​អនាគត ហើយ​វា​ជួយ​យើង​ឲ្យ​ធ្វើការ​ដោយ​មាន​ទំនុក​ចិត្ត​ដោយ​សេចក្តី​ជំនឿ​នៅក្នុង​បច្ចុប្បន្នកាល ។ ដូច​អែលឌើរ បែដណា បាន​បង្រៀន​ថា ការអះអាង ភស្តុតាង និង សកម្មភាព—ធាតុ​ទាំងបី​នៃ​សេចក្តីជំនឿ​នេះ—ធ្វើការ​រួមគ្នា នៅពេល​យើង​ប្រឈម​មុខ​នឹង​អនាគត មើល​ទៅ​អតីតកាល ហើយ​ធ្វើ​កិច្ចការ​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ខុស​ពី​ការគ្រាន់តែ​ជឿ​លើ​ទ្រង់​យ៉ាង​ដូចម្តេច ?

    2. តើ​ដំណើរ​រឿង​របស់​យុវនារី​ដែល​មក​ពី​ប្រទេស​ហ្វីលីពីន​នោះ​បង្ហាញ​ធាតុ​ទាំង​បី​នៃ​សេចក្តី​ជំនឿ​ដែល​អែលឌើរ បែដណា​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច ?

    3. សូម​ពិពណ៌នា​អំពី​គ្រា​មួយ​នៅ​ពេល​អ្នក​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។

សូម​អាន ហេព្រើរ ១១:២–៥ ដោយ​រកមើល​គំរូ​ដែល​ប៉ុល បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​អាច​កើត​មាន​ឡើង នៅពេល​មនុស្ស​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ឃ្លា « ព្រះ​ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​មនុស្ស​ចាស់​បុរាណ ដោយ​ព្រោះ​គេ​មាន​សេចក្តី​ជំនឿ​នោះ​ឯង » ខ​ទី ២ មាន​ន័យ​ថា មនុស្ស​ចាស់​បុរាណ​បាន​ទទួល​សាក្សី ឬ ទីបន្ទាល់ ។

សូម​អាន ហេព្រើរ ១១:៦ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​សេចក្តី​ជំនឿ ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ចេញ​ពី ហេព្រើរ ១១:៦ គឺ​ថា ដើម្បី​ផ្គាប់​ព្រះទ័យ​ព្រះ យើង​ត្រូវ​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង តាមរយៈ​ការមក​កាន់​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ជឿ​ថា ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូម​គិត​ពី​ការ​គូស​ចំណាំ ឬ កត់​ចំណាំ​សេចក្តីពិត​នេះ​នៅ​ក្នុង ខ​ទី ៦ ។

សូម​អាន​ចុង​បញ្ចប់​នៃ​ដំណើរ​រឿង​របស់​យុវនារី​ដែល​មក​ពី​ប្រទេស ហ្វីលីពីន​នោះ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង ដោយសារ​នាង​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ៖

នៅពេល​យុវនារី​នោះ​បាន​ទៅ​បង់​ថ្លៃ​សម្រាប់​ទំនិញ​ផ្សេងៗ​ទៀត​ដែល​គ្រួសារ​នាង​ត្រូវការ នោះ​នាង​បាន​លូក​ទៅក្នុង​ហោប៉ៅ​របស់​នាង ហើយ​ប៉ះ​ក្រដាស​មួយ​ដុំ​ធំ ។ ពេល​នាង​បើក​វា​មើល នោះ​នាង​បាន​ឃើញ​ក្រដាស​ប្រាក់​ប្រាំ​សន្លឹក​បន្ថែម​ទៀត​ដែល​មួយ​សន្លឹក​មាន​តម្លៃ​ស្មើ ២០ ពេសូ រុំ​នៅក្នុង​ក្រដាស​ប្រាក់ ២០ ពេសូ​របស់​នាង​ដែល​នៅ​សល់​នោះ ។ នៅ​គ្រា​នោះ នាង​បាន​ដឹង​ថា​នាង​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ទំនិញ​សម្រាប់​តម្រូវការ​របស់​គ្រួសារ​នាង ហើយ​បង់​ថ្លៃ​ធ្វើ​ដំណើរ​សម្រាប់​គ្រួសារ​នាង​ទៅ​ព្រះវិហារ ។ យុវនារី​នេះ​បាន​ពន្យល់​ថា អំឡុង​ពេល​នៃ​បទពិសោធន៍​នោះ នាង​មាន​អារម្មណ៍​ថា ព្រះ​ជួយ​នាង ហើយ​ស្រឡាញ់​នាង ។ នៅពេល​នាង​ទៅដល់​ផ្ទះ នាង​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​អព្ភូតហេតុ​នោះ ( កែសម្រួល​ចេញ​ពី​វីដេអូ « Pure and Simple Faith » LDS.org ) ។ យើង​អាច​មាន​សេចក្តីជំនឿ​ថា ព្រះអម្ចាស់​ឆ្លើយតប​ការអធិស្ឋាន​តាម​របៀប​របស់​ទ្រង់ និង ពេលវេលា​របស់​ទ្រង់ ។

ប្រសិនបើ​អ្នក​មាន​អ៊ិនធើរណែត អ្នក​អាច​មើល​វីដេអូ « Pure and Simple Faith » ( ៥:២២ ) ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

តើ​ភស្តុតាង​អ្វីខ្លះ​ដែល​យុវនារី​នេះ បាន​ទទួល​មក​ពី​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ?

តើ​បទពិសោធន៍​នេះ​អាច​ជួយ​យុវនារី​នេះ ឲ្យ​អនុវត្ត​សេចក្តីជំនឿ​នា​ពេល​អនាគត​យ៉ាង​ដូចម្ដេច ?

នៅពេល​យើង​ក្រឡេក​មើល​ភស្តុតាង​ពី​អតីតកាល ដែល​ព្រះ​បាន​ជួយ​យើង នោះ​យើង​អាច​ត្រូវបាន​ធានា​អះអាង​ថា ទ្រង់​នឹង​ជួយ​យើង​ម្តង​ទៀត​នា​ពេល​អនាគត ។ ដោយសារ​ភស្តុតាង និង ការអះអាង​នេះ នោះ​យើង​អាច​មាន​សេចក្តី​ជំនឿ ដើម្បី​ធ្វើកិច្ចកា​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ប្រសិនបើ​យើង​បន្ត​ធ្វើ​កិច្ចការ​ដោយ​សេចក្តីជំនឿ នោះ​ដំណើរ​ការ​នេះ​នឹង​បន្ត​ទៅ​មុខ ហើយ​សេចក្តីជំនឿ​របស់​យើង​នឹង​ចម្រើន​កាន់តែ​ខ្លាំង​ឡើង ។

សូម​ពិចារណា​ពី​សកម្មភាព​ដ៏​ស្មោះត្រង់​ណា​ខ្លះ ដែល​អ្នក​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​អ្នក ។ តើ​អ្នក​ជឿ​ថា ព្រះ​អម្ចាស់​នឹង​ជួយ​អ្នក ពេល​អ្នក​ធ្វើ​កិច្ចការ​នោះ​ឬ​ទេ ? អ្នក​អាច​សរសេរ​គោលដៅ​មួយ​ដើម្បី ធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​អាច​មាន​អំឡុង​ពេល​រៀន​មេរៀន​នេះ ។ នៅពេល​អ្នក​បំពេញ​គោលដៅ​របស់​អ្នក អ្នក​នឹង​ទទួល​បាន​ភស្តុតាង​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ។

ហេព្រើរ ១១:៧-៤០

ប៉ុល​បាន​ផ្តល់​គំរូ​នៃ​មនុស្ស​សុចរិត ចេញ​ពី​គម្ពីរ​សញ្ញា​ចាស់​ដែល​បាន​អនុវត្ត​សេចក្តី​ជំនឿ

តើ​មាន​ស្ថានភាព​ណា​ខ្លះ ដែល​អ្នក​ជួប​ពេល​បច្ចុប្បន្ន​នេះ ឬ នឹង​ជួប​នា​ពេល​ខាង​មុខ ដែល​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

នៅពេល​អ្នក​សិក្សា ហេព្រើរ ១១:៧-៤០ សូម​រកមើល​ពរជ័យ​នៃ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សាវក​ប៉ុល​បាន​ផ្តល់​គំរូ​អំពី​មនុស្ស​សុចរិត ចេញ​ពី​ជំនាន់​នៃ​គម្ពីរ​សញ្ញា​ចាស់​ដែល​បាន​អនុវត្ត​សេចក្តី​ជំនឿ ។ ការណ៍​នេះ​គឺ​ជា​ការអះអាង​ដល់​អ្នក​អាន​របស់​គាត់​ថា ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ផងដែរ តាមរយៈ​ការអនុវត្ត​សេចក្តី​ជំនឿ ។ សូម​អាន ហេព្រើរ ១១ ដោយ​ត្រួសៗ ដោយ​រកមើល ឃ្លា « ដោយសារ​សេចក្តីជំនឿ » និង « តាមរយៈ​សេចក្តី​ជំនឿ » ។ សូម​គិត​ពី​ការគូស ឬ កត់​ចំណាំ​ពី​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន ហេព្រើរ ១១:៧ ដោយ​រកមើល​ថា តើ​ណូអេ​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​តាម​របៀប​ណា ។ តើ​ពរជ័យ​អ្វីខ្លះ ដែល​ណូអេ​បាន​ទទួល ដោយសារ​តែ​លោក​បាន​អនុវត្ត​សេចក្តី​ជំនឿ ?

  1. សូម​អាន​គំរូ​នានា​អំពី​សេចក្តីជំនឿ​នៅក្នុង​វគ្គបទ​គម្ពីរ​បី ឬ ច្រើន​ជាង​នេះ រួមមាន​នៅក្នុង​តារាង​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​នោះ សូម​រកមើល​ថា តើ​បុគ្គល​ម្នាក់ៗ​នោះ​បាន​អនុវត្ត​សេចក្តីជំនឿ​ដោយ​របៀប​ណា ហើយ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​ពួកគេ​បាន​ទទួល ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​តារាង​ដែល​មាន​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​នោះ ហើយ​រួម​ទាំង​សរសេរ​គំនិត​របស់​អ្នក​អំពី​បុគ្គល​ទាំង​នោះ​ដែល​អ្នក​បាន​អាន ។ សូម​សរសេរ​ពរជ័យ​ស្រដៀង​គ្នា​នេះ​ដែល​អ្នក​សង្ឃឹម​ថា​បាន​ទទួល តាមរយៈ​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ។

ខគម្ពីរ​យោង

បុគ្គល​ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ

គំនិត

ពរជ័យ​ដែល​ខ្ញុំ​សង្ឃឹម​ថា​បាន​ទទួល

ហេព្រើរ ១១:៨-១០

អ័ប្រាហាំ

ហេព្រើរ ១១:១១-១២

សារ៉ា ( សារ៉ាយ ភរិយា​របស់​អ័ប្រាហាំ )

ហេព្រើរ ១១:១៧-១៩

អ័ប្រាហាំ អ៊ីសាក

ហេព្រើរ ១១:២០-២១

អ៊ីសាក យ៉ាកុប

ហេព្រើរ ១១:២៣-២៨

ម៉ូសេ

ហេព្រើរ ១១:២៩-៣១

ពួកសាសន៍​អ៊ីស្រាអែល រ៉ាហាប ( សូមមើល យ៉ូស្វេ ២:១-២២ )

សូម​អាន ហេព្រើរ ១១:១៣–១៦ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​រៀន​ចេញ​ពី​គំរូ​របស់​អ័ប្រាហាំ សារ៉ាយ និង មនុស្ស​ដទៃ​ទៀត​អំពី​ការអនុវត្ត​សេចក្តី​ជំនឿ ។ ឃ្លាថា « ស្រុក​មួយ​ដ៏​ប្រសើរ » នៅក្នុង ខ​ទី ១៦ សំដៅ​លើ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ការសន្យា​ជាច្រើន​បាន​ប្រទាន​ដល់​អ័ប្រាហាំ និង សារ៉ាយ​ពុំ​បាន​បំពេញ​ឡើយ​អំឡុង​ពេល​ដែល​ពួកគាត់​នៅ​រស់ ។ ហេតុអ្វី​អ្នក​គិត​ថា ពួកគេ​បាន​បន្ត​ស្មោះត្រង់ ទោះបី​ជា​ពួកគេ​ពុំ​បាន​ទទួល​ការសន្យា​របស់​ព្រះ​ទាំងអស់​នៅក្នុង​ជីវិត​នេះ​ក្តី ? តើ​គំរូ​របស់​ពួកគេ​អាច​ជួយ​យើង​បន្ត​ស្មោះត្រង់​ដូចម្តេច​ដែរ ?

សូម​អាន ហេព្រើរ ១១:៣២–៣៥ ដោយ​រកមើល​ពរជ័យ​បន្ថែម​ទៀត​ដែល​កើត​មាន​ឡើង​ដល់​អស់​អ្នក​ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​អាន ហេព្រើរ ១១:៣៦-៤០ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង ចំពោះ​បុគ្គល​ទាំង​នោះ​ដោយសារ​តែ​ពួកគេ​ស្មោះត្រង់ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ ហេព្រើរ ១១:៤០ និយាយ​ថា « ព្រះ​បាន​ប្រទាន​អ្វីៗ​មួយ​ចំនួន​ដ៏​ប្រសើរ សម្រាប់​ពួកគេ​តាមរយៈ​ការរងទុក្ខ ដ្បិត​បើ​គ្មាន​សេចក្តី​រងទុក្ខ​ទេ នោះ​ពួកគេ​ពុំ​អាច​បាន​ល្អ​ឥតខ្ចោះ​ឡើយ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ១១:៤០ [ នៅក្នុង ហេព្រើរ ១១:៤០ ] ) ។ សូម​កត់សម្គាល់​ពី​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រកឃើញ​ពី​គំរូ​នៃ​មនុស្ស​ស្មោះត្រង់​ទាំង​នេះ​គឺ​ថា នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ ធ្វើ​អព្ភូតហេតុ ទទួល​ការ​សន្យា​មក​ពី​ព្រះ ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​ជា​គំរូ​នៃ​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​ធ្លាប់​បាន​ឃើញ​ពរជ័យ​អ្វី​ខ្លះ​កើត​មាន​ឡើង ដល់​ជីវិត​របស់​បុគ្គល​នោះ ដោយសារ​គាត់​បាន​អនុវត្ត​សេចក្តីជំនឿ ?

សូម​គិត​ម្តង​ទៀត​អំពី​ស្ថានភាព​នានា​ដែល​តម្រូវ​ឲ្យ​អ្នក អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ស្វែងរក​ឱកាស​នានា​ដើម្បី​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ ហើយ​ធ្វើ​កិច្ចការ​ដោយ​ស្មោះត្រង់ តាម​របៀប​មួយ​ដែល​នឹង​នាំ​ឲ្យ​មាន​ការណែនាំ និង ពរជ័យ​របស់​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេព្រើរ ១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖