បណ្ណាល័យ
មេរៀន​ទី ២៩ ថ្ងៃ​ទី ១ ៖ យ៉ាកុប ២-៣


មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ១

យ៉ាកុប ២-៣

សេចក្តីផ្ដើម

សាវក​យ៉ាកុប​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ ឈោង​ទៅ​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​គាបសង្កត់ ហើយ​បាន​បង្រៀន​ថា អ្នក​ដើរតាម​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ មិនមែន​ផ្ដល់​ការពេញចិត្ត​រើសមុខ​លើ​អ្នក​មាន ជាង​អ្នក​ក្រីក្រ​នោះ​ទេ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ អំពី​ទំនាក់ទំនង​រវាង​សេចក្តីជំនឿ និង ការងារ​នានា ហើយ​លោក​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ​អំពី​សារៈសំខាន់​នៃ​ការនិយាយ​ស្តី​របស់​ពួកគេ​ផងដែរ ។ ក្រោយ​មក​លោក​បាន​ប្រៀបធៀប​ប្រាជ្ញា​របស់​លោកិយ​ជាមួយ​នឹង​ប្រាជ្ញា​ដែល​កើត​មក​ពី​ព្រះ ។

យ៉ាកុប ២:១-១៣

យ៉ាកុប​បង្រៀន​ដល់​ពួក​អ្នកដើរ​តាម​ព្រះគ្រីស្ទ​មិន​ឲ្យ​បង្ហាញ​ពី​ការពេញចិត្ត​រើសមុខ​ចំពោះ​តែ​អ្នក​មាន​ឡើយ

សូម​គិត​អំពី​គ្រា​មួយ នៅពេល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​បាន​ប្រព្រឹត្ត​ដាក់​អ្នក​ដទៃ​ទៀត​ល្អ​ជាង​អ្នក​ផ្សេង​ទៀត ដោយសារ​គាត់​នោះ​ជា​មនុស្ស​ល្បីល្បាញ ស្លៀកពាក់​សម្លៀកបំពាក់​ឡូយឆាយ ជា​មនុស្ស​មក​ពី​គ្រួសារ​អ្នក​មាន​ទ្រព្យ​សម្បត្តិ ឬ មាន​បុណ្យ​សក្តិ ឬ ដោយសារ​ហេតុផល​មិន​សមរម្យ​មួយ​ចំនួន​ផ្សេង​ទៀត ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​បទពិសោធន៍​របស់​អ្នក​បន្តិចបន្តួច ហើយ​ពិពណ៌​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​អំពី​បទពិសោធន៍​នោះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖ ហេតុអ្វី​មាន​ពេល​ខ្លះ​មនុស្ស​បង្ហាញ​ពី​ការពេញចិត្ត​រើស​មុខ​យ៉ាង​ដូច្នេះ ?

សូម​អាន ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ាកុប ២:១ ( នៅក្នុង យ៉ាកុប ២:១  ) ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​សរសេរ​អំពី « ការរើស​មុខ​មនុស្ស » ។ ការ « រើស​មុខ​មនុស្ស » មាន​ន័យ​ថា ការបង្ហាញ​នូវ​ការពេញចិត្ត​រើសមុខ ឬ ប្រព្រឹត្ត​ដាក់​បុគ្គល​នោះ ឬ ក្រុម​នោះ​ផ្សេង​ពី​អ្នក​ផ្សេង​ទៀត ដោយសារ​ស្ថានភាព ឬ បុគ្គលិកលក្ខណៈ​របស់​ពួកគេ ។

សូម​អាន យ៉ាកុប ២:២–៤ ដោយ​រកមើល​គំរូ​ដែល​យ៉ាកុប បាន​បង្ហាញ​អំពី​ស្ថានភាព​នៅពេល​ពួក​បរិសុទ្ធ​ពុំ​គប្បី​បង្ហាញ​ការពេញចិត្ត​រើសមុខ​ចំពោះ​បុគ្គល​ម្នាក់​ជាង​បុគ្គល​ម្នាក់​ទៀត ។

សូម​គិត​អំពី​ស្ថានភាព​នានា​នៅក្នុង​ជំនាន់​សព្វថ្ងៃ​នេះ នៅពេល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត​ដោយ មិន​គប្បី ដោយសារ​តែ​ស្ថានភាព ឬ បុគ្គលិលក្ខណៈ​របស់​ពួកគេ ។

យោង​តាម យ៉ាកុប ២:៥–៧ យ៉ាកុប​បាន​បង្ហាញ​ជា​ថ្មី​ដល់​ពួក​បរិសុទ្ធ​ដែល​ស្អប់​ដល់​ពួក​អ្នក​ក្រីក្រ ។ លោក​បាន​រំឭក​ដល់​ពួកគេ​ថា ព្រះបាន​ជ្រើសរើស​អ្នក​ក្រីក្រ ដែល​មាន​សេចក្តីជំនឿ​ខ្លាំង ហើយ​ថា​អ្នក​មាន​បាន​សង្កត់សង្កិន​អ្នក​ក្រីក្រ ព្រមទាំង​ប្រព្រឹត្ត​ដោយ​ប្រមាថ​ទាស់​នឹង​ព្រះអម្ចាស់ ។

សូម​អាន យ៉ាកុប ២:៨ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​រំឭក​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​លុបបំបាត់​ចោល​នូវ​ការពេញចិត្ត​រើស​មុខ​នោះ ។

ហេតុអ្វី​អ្នក​គិត​ថា បទបញ្ញត្តិ​នេះ​ត្រូវបាន​សំដៅ​ថា​ជា « ក្រឹត្យវិន័យ​ដ៏​ប្រសើរ » ( យ៉ាកុប ២:៨ ) ?

ប្រធាន ម៉ារ៉ុន ជី រ៉មនី ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន​អំពី​ការបង្រៀន​ចេញ​មក​ពី​យ៉ាកុប​នេះ ហើយ​បាន​អនុវត្ត​វា​ចំពោះ​ដង្វាយ​តម​អាហារ ៖

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង​ដូច​យើង​ស្រឡាញ់​ខ្លួន​ឯង ។ ព្រះអង្គសង្គ្រោះ​បាន​ដាក់​ក្រឹត្យវិន័យ​ទីពីរ​នេះ​បន្ទាប់​ពី​ក្រឹត្យវិន័យ​នៃ​ការស្រឡាញ់​ព្រះ [ សូមមើល ម៉ាថាយ ២២:៣៧, ៣៩ ] ។ …

នៅក្នុង​ការថ្វាយ​ដង្វាយ​តម​អាហារ​របស់​យើង យើង​ត្រូវ​ធ្វើ​ការណ៍​នេះ​ដោយ​ក្រឹត្យវិន័យ​ដ៏​ប្រសើរ​នេះ​នៅក្នុង​ចិត្ត ។ …

ការថែទាំ​ដល់​អ្នក​ក្រីក្រ និង ជនពិការ ព្រមទាំង​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ពី​យើង​គឺ​ជា​គោលបំណង​ចម្បង ហើយ​គឺ​ជា​តម្រូវការ​ដាច់ខាត​នៅក្នុង​ការបំពេញ​នូវ​ក្រឹត្យវិន័យ​ដ៏​ប្រសើរ​នៃ​ការស្រឡាញ់​អ្នក​ជិតខាង​របស់​យើង​ដូច​ជា​ខ្លួន​យើង » ( « The Royal Law of Love » Ensign ខែ ឧសភា ឆ្នាំ ១៩៧៨ ទំព័រ ៩៥ ) ។

សូម​បំពេញ​គោលការណ៍​ខាង​ក្រោម​នេះ មក​ពី​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ៖ ពួកសិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ  ។

  1. សូម​សរសេរ​គោលការណ៍​នេះ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​គម្ពីរ​របស់​អ្នក ។ បន្ទាប់​មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​មួយ​អំពី​ការស្រឡាញ់​មនុស្ស​ដទៃ ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

    2. តើ​មនុស្ស​ដែល​អ្នក​ស្គាល់​ណា​ម្នាក់ ដែល​ព្យាយាម​ស្រឡាញ់​មនុស្ស​ទាំងអស់ ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ ? តើ​បុគ្គល​ម្នាក់​នេះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ថា​គាត់​ស្រឡាញ់​មនុស្ស​ទាំងអស់​ដោយ​មិន​គិត​អំពី​ស្ថានភាព​របស់​ពួកគេ​នោះ ?

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ ។ សូម​ស្វែងរក​ឱកាស​នានា​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ការស្រឡាញ់​ដល់​មនុស្ស​ដទៃ​ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ​ឡើយ ។

សូម​ស្រមៃ​ថា បន្ទាប់​ពី​ស្តាប់​ឮ​ការបង្រៀន​របស់​យ៉ាកុប អំពី​ការស្រឡាញ់​ដល់​មនុស្ស​ដទៃ នោះ​អ្នក​ស្តាប់​ឮ​មនុស្ស​ម្នាក់​និយាយ​ថា វា​មិន​ជា​បញ្ហ​អ្វី​ឡើយ ប្រសិនបើ​យើង​បង្ហាញ​ការពេញ​ចិត្ត​រើសមុខ​ចំពោះ​មនុស្ស​មួយ​ចំនួន ដោយ​ប្រព្រឹត្ត​មិន​គប្បី​ជាមួយ​អ្នក​ដទៃ​ទៀត​នោះ ។ បុគ្គល​នេះ​ក៏​និយាយ​ផងដែរ​ថា មាន​រឿង​អាក្រក់ៗ​ជាង​នេះ​ច្រើន​ទៀត​ដែល​យើង​អាច​ធ្វើ​វា​បាន ។

សូម​អាន យ៉ាកុប ២:៩–១០ ដោយ​រកមើល​មូលហេតុ​ដ៏​ធ្ងន់ធ្ងរ ដែល​មិន​ស្រឡាញ់​មនុស្ស​ទាំងអស់ ដោយ​មិន​គិត​ពី​ស្ថានភាព​នានា​របស់​ពួកគេ ។

មាន​បទបញ្ញត្តិ​ជា​ច្រើន ហើយ​ការមិន​គោរព​បទបញ្ញត្តិ​ណា​មួយ មាន​ន័យ​ថា យើង​បាន​បំពាន​លើ​ក្រឹត្យវិន័យ​របស់​ព្រះ ប្រែជា​មិន​ស្អាតស្អំ ហើយ​ពុំ​អាច​រស់នៅ​ជាមួយ​ព្រះ ។ វា​ដូច​ជា​យើង​ប្រែ​ជា « មាន​ទោស​ចំពោះ​ក្រឹត្យវិន័យ​ទាំង​មូល​នោះ​ហើយ » ( យ៉ាកុប ២:១០ ) ដោយសារ​លទ្ធផល​នោះ​គឺ​វា​ដូច​គ្នា ៖ គឺ​ការបែកចេញ​ពី​ព្រះ ( សូមមើល នីហ្វៃទី ១ ១០:២១ ) ។

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ យើង​អាច​រៀន​គោលលទ្ធិ​ដូចតទៅ​នេះ ៖ ប្រសិនបើ​យើង​ធ្វើ​អំពើ​បាប​សូម្បី​តែ​មួយ នោះ​យើង​ប្រែ​ជា​មាន​ទោស​ចំពោះ​ព្រះ ។

ទោះបី​ជា​ការមិន​គោរព​ប្រតិបត្តិ​របស់​យើង​ធ្វើ​ឲ្យ​មិន​ស្អាតស្អំ​ក្តី យើង​នៅតែ​អាច​មាន​សេចក្ដី​សង្ឃឹម ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ស្អាត​ស្អំ​ម្តង​ទៀត ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ព្រះគុណ​នៃ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​គ្មាន​ទី​បំផុត ។

តាម​រយៈ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា រម្ងាប់​ដល់​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ [ សូមមើល អាលម៉ា ៤២:១៥] ‹ ហើយ [ នាំ​មក​នូវ ] មធ្យោបាយ​ទាំងឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការប្រែចិត្ត › [ អាលម៉ា ៣៤:១៥ ] ។

ទោះ​បើ​អំពើ​បាប​របស់​យើង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ [ សូមមើល អេសាយ ១:១៨ ] ។ ដោយសារ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ‹ បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ › [ ធីម៉ូថេទី ១ ២:៦ ] ជា​ច្រកចូល​ទៅ​កាន់​នគរ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ត្រូវបាន​ប្រទាន​ដល់​យើង [ សូមមើល ពេត្រុសទី ២ ១:១១ ] ។

ក្លោង​ទ្វារ​នោះ​ត្រូវបាន​បើក​ហើយ ! » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។

តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែកាន់តែ​ស្អាតស្អំ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​យើង​អាច​ចូលទៅក្នុង​នគរ​របស់​ព្រះអម្ចាស់ ?

ដំណើរការ​នៃ​ការយក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង ហើយ​ប្រែក្លាយ​ស្អាតស្អំ ហើយ​បរិសុទ្ធ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ត្រូវបាន​សម្រេច​តាមរយៈ​ការព្យាយាម​ប្រែខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​រៀងរាល់​ថ្ងៃ ។ ការប្រែក្លាយ​ដូច​ជា​ព្រះអង្គសង្គ្រោះ គប្បី​ជា​ការស្វែងរក​ដែល​យើង​ធ្វើ​តាម​ពេញ​មួយ​ជីវិត​យើង​ទាំង​មូល ។

យ៉ាកុប ២:១១ មាន​គំរូ​នៃ​ការបង្រៀន​របស់​យ៉ាកុប​នៅក្នុង ខ​ទី ១០ ដោយ​គូស​បញ្ជាក់​ថា ការបំពាន​បទបញ្ញត្តិ​ណា​មួយ​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​មាន​បាប ។ នៅក្នុង យ៉ាកុប ២:១២–១៣ លោក​បាន​លើក​ទឹកចិត្ត​ដល់​អ្នក​ជឿ ឲ្យ​ពោរពេញ​ដោយ​សេចក្តី​មេត្តា​ករុណា​ក្នុង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ ដោយសារ​ប្រសិន​បើ​ពួកគេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​គ្មាន​សេចក្តី​មេត្តាករុណា នោះ​ពួកគេ​ក៏​នឹង​ត្រូវបាន​ជំនុះជម្រះ​ដោយ​គ្មាន​សេចក្តីមេត្តា​ករុណា​ផងដែរ ។

យ៉ាកុប ២:១៤-២៦

យ៉ាកុប​បង្រៀន​អំពី​តួនាទី​នៃ​សេចក្តីជំនឿ និង កិច្ចការ​នានា​នៅក្នុង​សេចក្តីសង្គ្រោះ​របស់​យើង

មនុស្ស​ប្រើ​ពាក្យ សេចក្តីជំនឿ សំដៅ​លើ​អត្ថន័យ​ផ្សេងៗ​គ្នា ។ អ្នក​ខ្លះ​អាច​ប្រើ​វា ដើម្បី​ពិពណ៌នា​អំពី​ជំនឿ​លើ​អ្វី​មួយ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​អាច​ប្រើ​វា​ដើម្បី​ពិពណ៌នា​ពី​សកម្មភាព​អ្វី​មួយ ។ នៅក្នុង យ៉ាកុប ២:១៤–២៦ យើង​រៀន​ពី​របៀប​ដែល​យ៉ាកុប បាន​កែតម្រូវ​គំនិត​ខុសឆ្គង​អំពី​សេចក្តី​ជំនឿ ។

សូម​អាន យ៉ាកុប ២:១៤ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​សួរ​ដល់​ពួកបរិសុទ្ធ​អំពី​សេចក្តី​ជំនឿ ។

នៅក្នុង​បរិបទ​នេះ សាវក​យ៉ាកុប​បាន​ប្រើ​ពាក្យ ប្រព្រឹត្តតាម ផ្សេង​ពី​អ្វី​ដែល​សាវក​ប៉ុល​បាន​ប្រើ​ពាក្យ​នេះ ។ នៅពេល​ប៉ុល​បាន​ប្រើ​ពាក្យ ប្រព្រឹត្តតាម លោក​បាន​សំដៅ​លើ​កិច្ចការ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ នៅពេល​យ៉ាកុប​បាន​ប្រើ​ពាក្យ ប្រព្រឹត្តតាម លោក​បាន​សំដៅ​លើ​ទង្វើ​នៃ​ការបូជា ឬ កិច្ចការ​នៃ​សេចក្តី​សុចរិត ។

សូម​អាន យ៉ាកុប ២:១៧-១៨ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​អំពី​សេចក្តី​ជំនឿ ។ ( យ៉ាកុប ២:១៧-១៨ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅតាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

តើ​អ្នក​គិត​ថា​ឃ្លា « ឯ​សេចក្តី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង » ( ខ​ទី ១៧ ) មាន​ន័យ​យ៉ាង​ណា ?

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​រៀន​ថា សេចក្តីជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បង្ហាញ​តាម​រយៈ​កិច្ចការ​សុចរិត​របស់​យើង ។

សូម​គិត​អំពី​សកម្មភាព​របស់​អ្នក​អំឡុង​សប្ដាហ៍​មុន ។ តើ​សកម្មភាព​ទាំង​នោះ បង្ហាញ​ថា​អ្នក​មាន​សេចក្ដី​ជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ​ឬ​ទេ ? តើ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​មនុស្ស​ម្នាក់​ទៀត ឲ្យ​ទទួល​ស្គាល់​ថា​អ្នក​មាន​សេចក្ដី​ជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ​ឬ​ទេ ?

រូបភាព
រូបសញ្ញា​ចំណេះចំណា​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—យ៉ាកុប ២:១៧-១៨

  1. សូម​អាន យ៉ាកុប ២:១៧ ពីរបី​ដង ហើយ​បន្ទាប់​មក​ព្យាយាម​សូត្រ​វា​តាម​ការចាំ ។ សូម​ធ្វើ​ដូច​គ្នា​នេះ​ជាមួយ​នឹង យ៉ាកុប ២:១៨ ។ សូម​សាកល្បង​ដោយ​ខ្លួន​អ្នក សរសេរ​ខគម្ពីរ​ទាំង​ពីរ​តាម​ការចាំ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

យ៉ាកុប ៣

យ៉ាកុប​បង្រៀន​ពួកបរិសុទ្ធ​ពី​សារៈសំខាន់​នៃ​ការ​និយាយ​ស្តី

រូបភាព
ដប​ថ្នាំ​ដុសធ្មេញ

សូម​ស្រមៃ​ថា អ្នក​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​ទាំងអស់​ចេញ​ពី​ដប​របស់​វា ។ ឥឡូវ​នេះ សូម​ស្រមៃ​ថា អ្នក​ព្យាយាម​ដាក់​ថ្នាំ​ដុស​ធ្មេញ​ទាំងអស់​នោះ​ចូល​ក្នុង​ដប​របស់​វា​វិញ ។

តើ​ថ្នាំ​ដុសធ្មេញ​នេះ​អាច​ប្រដូច​ទៅ​នឹង​ពាក្យ​សម្តី​ដែល​យើង​និយាយ​ចេញ​មក​នោះ​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​ធ្លាប់​និយាយ​អ្វី ដែល​ក្រោយ​មក​ធ្វើ​ឲ្យ​អ្នក​មាន​វិប្បដិសារី​ដែរ​ឬ​ទេ ? នៅពេល​អ្នក​សិក្សា យ៉ាកុប ៣:១-១២ សូម​រកមើល​សេចក្តី​ពិត​ដែល​អាច​ជួយ​ដឹកនាំ​អ្នក ក្នុង​ការជ្រើសរើស​ពាក្យ​សម្តី​ដែល​អ្នក​និយាយ ។

សូម​អាន យ៉ាកុប ៣:២–៤ និង ឃ្លា​ដំបូង​នៃ យ៉ាកុប ៣:៥ ដោយ​រកមើល​ថា តើ​យ៉ាកុប​បាន​ពិពណ៌នា​ពី​អ្នក​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​អាក់អន់​ចិត្ត​ដោយសារ​សម្តី​របស់​ពួកគេ ។

សូម​កត់សម្គាល់​នៅក្នុង ខ​ទី ២ ពី​របៀប​ដែល​យ៉ាកុប បាន​បង្រៀន​ថា « មិន​បាន​ជំពប់​ដោយ​ពាក្យ​សម្តី » ឬ នៅក្នុង​អ្វី​ដែល​ពួកយើង​និយាយ ដែល​បង្ហាញ​ពី​កម្រិត​មួយ​នៃ​ការគ្រប់គ្រង​ខ្លួន​យើង ។ ឃ្លា « យើង​ទាំង​អស់​គ្នា​ក៏​ជំពប់ » នៅក្នុង ខ​ទី ២ មាន​ន័យ​ថា យើង​ទាំងអស់​គ្នា​ភ្លាត់​ជើង​ដួល ឬ ធ្វើ​កំហុស ហើយ​ពាក្យ អណ្តាត នៅក្នុង ខ​ទី ៥ សំដៅ​លើ​ពាក្យ​សម្តី​ដែល​ពួកយើង​និយាយ ។

រូបភាព
គំនូរ សេះ​ពាក់​បង្ហៀរ
រូបភាព
គំនូរ ទូក​តូច​មាន​ក្តោង

ពាក្យ ដែក​បង្ខាំយ៉ាកុប ៣:៣ ) គឺ​ជា​បន្ទះ​ដែក​តូច​មួយ​ដែល​គេ​ដាក់​នៅ​ក្នុង​មាត់​សេះ ។ បង្ខាំ​ភ្ជាប់​ទៅនឹង​បង្ហៀរ ដែល​ធ្វើ​ឲ្យ​អ្នក​ជិះ​សេះ​អាច​បញ្ជា​សេះ​នោះ​បាន ។ ពាក្យ ចង្កូតយ៉ាកុប ៣:៤ ) សំដៅ​លើ​ចង្កូត​របស់​សំពៅ​មួយ ហើយ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​កាច់​ចង្កូត ឬ ប្តូរ​ទិសដៅ​របស់​សំពៅ​បាន ។

យោង​តាម​យ៉ាកុប តើ​បង្ខាំ​របស់​សត្វ​សេះ និង ចង្កូត​របស់​សំពៅ​មាន​ចំណុច​រួម​អ្វី​ខ្លះ ?

តើ​ការប្រៀបធៀប​របស់​យ៉ាកុប​អំពី​វត្ថុ​ទាំង​នេះ ទៅ​នឹង​អណ្តាត ឬ ពាក្យ​សម្តី​ដែល​យើង​និយាយ អាច​ជួយ​យើង​យល់​ពី​អំណាច​នៃ​ពាក្យ​សម្តី​របស់​យើង​ដូចម្តេច ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ការរៀន​ដើម្បី​គ្រប់គ្រង​នូវ​អ្វី​ដែល​យើង​និយាយ អាច​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ជីវិត​របស់​យើង ។

តើ​កិច្ចការ​មួយ​ដែល​ហាក់បី​ដូច​ជា​តូចតាច​សោះ គឺ​ដូច​ជា ការរៀន​ដើម្បី​គ្រប់គ្រង​នូវ​អ្វី​ដែល​យើង​និយាយ អាច​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ?

សូម​អាន​ប្រយោគ​ចុងក្រោយ​នៃ យ៉ាកុប ៣:៥ និង យ៉ាកុប ៣:៦ ផងដែរ ដោយ​រកមើល​អ្វី​ផ្សេង​ទៀត​ដែល​យ៉ាកុប​បាន​ប្រៀបប្រៀប​ទៅនឹង​ពាក្យ​សម្តី​របស់​យើង ។ ពាក្យ ព្រៃ នៅក្នុង ខ​ទី ៥ សំដៅ​លើ ព្រៃ​ធំ ( សូមមើល យ៉ាកុប ៣:៥  ) ។

សូម​គិត​ពី​របៀប ដែល​ជីវិត​យើង​អាច​ជា « ការបញ្ឆេះ​ភ្លើង » ( យ៉ាកុប ៣:៦ ) ឬ នៅ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយសារ​តែ​ការប្រើប្រាស់​ពាក្យ​សម្តី​មិន​ឈ្លាសវៃ​របស់​យើង​នោះ ។ តើ​ការផ្លាស់ប្តូរ​តែ​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ការនិយាយ​ស្តី​របស់​យើង អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? តើ​ការផ្លាស់ប្តូរ​បែប​នេះ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​ដទៃ​ដោយ​របៀប​ណា ?

ដូច​មាន​កត់ត្រា​នៅក្នុង យ៉ាកុប ៣:៨ យ៉ាកុប​បាន​ព្រមាន​ថា ការ​មិន​ផ្សាំង​អណ្តាត ឬ មិន​ផ្សាំង​ពាក្យ​សម្តី គឺ​ដូច​ជា​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ ។ នៅក្នុង​ជំនាន់​នៃ​ទំនាក់ទំនង​ឌីជីថល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ចូរ​ឲ្យ​ដឹង​ថា ពាក្យ​សម្តី​ពិសពុល ឬ មិន​ផ្អែម​ល្ហែម អាច​ផ្សព្វផ្សាយ​បាន​យ៉ាង​លឿន ដែល​បំផ្លាញ​ជីវិត​មនុស្ស​ជាច្រើន ហើយ​អាច​នៅ​ចាំ​ជាប់​ជានិច្ច​នៅក្នុង​ពិភព​ឌីជីថល​នេះ ។

សូម​អាន យ៉ាកុប ៣:៧-១២ ដោយ​រក​មើល​អ្វី​ផ្សេង​ទៀត ដែល​យ៉ាកុប​បាន​ប្រៀបធៀប​ទៅនឹង​ពាក្យ​សម្តី​របស់​យើង ។

ចេញ​ពី យ៉ាកុប ៣:៩–១០ យើង​រៀន​ថា អ្នក​ដើរ​តាម​ព្រះ​ព្យាយាម​ប្រើ​ពាក្យ​សម្តី​របស់​ពួកគេ​ក្នុង​គោលបំណង​សុចរិត ដោយ​មិន​ផ្សព្វផ្សាយ​ការណ៍​អាក្រក់​ឡើយ ។

បន្ទាប់​ពី​ដកស្រង់ យ៉ាកុប ៣:២–១០ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី ពាក្យ​សម្តី​ដែល​យើង​គួរប្រើ និង មិន​គួរ​ប្រើ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ពិត​ណាស់ យ៉ាកុប​ពុំ​មាន​ន័យ​ថា​ពាក្យ​សម្តី​របស់​យើង​គឺ តែងតែង ទុច្ចរិត ឬ ថា អ្វីៗ​គ្រប់​យ៉ាង ដែល​យើង​និយាយ​នោះ​វា ‹ ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់ › នោះ​ទេ ។ ប៉ុន្តែ​លោក​ចង់​មាន​ន័យ​យ៉ាង​ច្បាស់​ថា យ៉ាង​ហោច​ណាស់​អ្វីៗ​ដែល​យើង​និយាយ អាច​ជា​គ្រឿង​បំផ្លាញ គឺ​ដូច​ជា​មាន​ពិស—ហើយ​ថា​វា​ជា​ការចោទ​ប្រកាន់​ជាប់​ទោស​សម្រាប់​ពួក​បរិសុទ្ធ ! សំឡេង​ដែល​ថ្លែង​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ ការអធិស្ឋាន​ដ៏​ស្មោះត្រង់​បំផុត និង ការច្រៀង​ទំនុកតម្កើង​នៃ​ក្រុង​ស៊ីយ៉ូន អាច​ជា សំឡេង​ដដែល​ដែល​ជេរស្តី ឬ រិះគន់ ធ្វើ​ឲ្យ​អាម៉ាស់ និង បន្ទាបបន្ទោក ធ្វើ​ឲ្យ​ឈឺ​ចាប់ ហើយ​បំផ្លិចបំផ្លាញ​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ និង មនុស្ស​ដទៃ​ទៀត​នៅក្នុង​ដំណើរការ​នេះ ។ …

« ដូច្នេះ​ហើយ បង​ប្អូន​ប្រុស​ស្រី នៅក្នុង​ដំណើរ​ស្វែងរក​ដ៏អស់​កល្ប​ដើម្បី​ប្រែក្លាយ​ដូច​ព្រះអង្គសង្គ្រោះ ចូរ​យើង​ព្យាយាម​ប្រែ​ក្លាយ​ជា​បុរស​ស្រ្តី ‹ ឥតខ្ចោះ › [ សូមមើល យ៉ាកុប ៣:២ ] យ៉ាង​ហោច​ណាស់​ក្នុង​របៀប​មួយ​ដោយ​មិនប្រើ​ពាក្យ—ធ្វើ​ឲ្យ​អាក់អន់ចិត្ត ឬ​ប្រើ​ពាក្យ​កាន់តែ​វិជ្ជមាន ដោយ​និយាយ​ភាសា​ថ្មី គឺ​ភាសា​នៃ​ពួក​ទេវតា ។ ដូច​ជា​ទង្វើ​របស់​យើង​ដែរ ពាក្យ​សម្តី​របស់​យើង គួរតែ​ពោរពេញ​ដោយ​សេចក្តី​ជំនឿ និង សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស ដែល​ជា​កត្តា​ទាំង​បី​ដ៏​អស្ចារ្យ​ដែល​ពិត​ជា​ត្រូវការ​ចាំបាច់​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ។ ជាមួយ​ពាក្យ​សម្តី​បែប​នោះ ដែល​ជា​ពាក្យ​សម្តី​និយាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ នោះ​ការយំ​យែក​នឹង​ឈប់​មាន ដួងចិត្ត​ដែល​ឈឺ​ផ្សារ​នឹង​បាន​ធូរស្បើយ ជីវិត​យើង​នឹង​ត្រូវបាន​លើក​ស្ទួយ សេចក្តីសង្ឃឹម​នឹង​កើត​មាន​ឡើង​វិញ ទំនុក​ចិត្ត​នឹង​អាច​កើត​មាន​បាន » ( « The Tongue of Angels » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៦, ១៨ ) ។

សូម​គិត​អំពី កិច្ចការ មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​កាន់តែ « ល្អ​ឥតខ្ចោះ » ជាង​មុន​បន្តិច ( យ៉ាកុប ៣:២ ) នៅក្នុង​ការជ្រើសរើស​អ្វី​ដែល​យើង​និយាយ ។

« របៀប​ដែល​អ្នក​ទំនាក់ទំនង គួរតែ​ឆ្លុះ​បញ្ចាំង​ថា​តើ​អ្នក​ជា​នរណា​ក្នុង​នាម​ជា​បុត្រា ឬ បុត្រី​ម្នាក់​របស់​ព្រះ ។ ពាក្យសម្តី​ដែល​ស្អាតស្អំ និង មាន​បញ្ញា​ជា​ភស្តុតាង​នៃ​ចិត្ត​ដែល​ស្រស់ស្រាយ និង​រីករាយ ។ ពាក្យសម្តី​ល្អ​ដែល​លើក​តម្កើង លើកទឹកចិត្ត និង​សរសើរ​អ្នកដទៃ អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​ជាមួយ​អ្នក » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា ដែល​អ្នក​ត្រូវ​បាន​លើក​ស្ទួយ ឬ លើក​ទឹកចិត្ត ដោយសារ​តែ​ពាក្យសម្ដី​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​នោះ ?

    2. តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ​តាម​របៀប​ណា នៅ​ពេល​អ្នក​បាន​ព្យាយាម​លើក​ស្ទួយ ឬ លើក​ទឹកចិត្ត​អ្នក​ដទៃ​ដោយសារ​ពាក្យ​សម្តី​របស់​អ្នក​នោះ ?

នៅ​លើ​ក្រដាស​មួយ​ផ្សេង​ទៀត សូម​សសេរ​គោលដៅ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​គ្រប់គ្រង​នូវ​អ្វី​ដែល​អ្នក​និយាយ ហើយ​ប្រើ​ពាក្យ​សម្តី​របស់​អ្នក​ក្នុង​គោលបំណង​សុចរិត ។ សូម​ប្រាកដ​ថា​អ្នក​អនុវត្ត​អ្វី​ដែល​អ្នក​បាន​សរសេរ ។

ដូច​មាន​កត់ត្រា​នៅក្នុង យ៉ាកុប ៣:១៣–១៨ យ៉ាកុប​បាន​ប្រៀបធៀប​ប្រាជ្ញា​របស់​លោកិយ​ជាមួយ​នឹង​ប្រាជ្ញា​ដែល​មក​ពី « ស្ថានលើ » ( ខ​ទី ១៧ ) ឬ ប្រាជ្ញា​ដែល​កើត​មក​ពី​ព្រះ ។ ប្រាជ្ញា​របស់​លោកិយ​នាំ​ឲ្យ​កើត​មាន​នូវ « សេចក្តីច្រណែន » ( ខ​ទី ១៦ ) « សេចក្តីគំនុំ » ( ខ​ទី ១៤ ) ឬ ការឈ្លោះប្រកែក​គ្នា និង « ការវឹកវរ » ( ខ​ទី ១៦ ) ប៉ុន្តែ​ប្រាជ្ញា​ដែល​កើត​មក​ពី​ព្រះ​វិញ​គឺ « បរិសុទ្ធ » និង « ពេញ​ដោយ​សេចក្តី​មេត្តាករុណា » ( ខ​ទី ១៧ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប ២-៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖