បណ្ណាល័យ
មេរៀន​ទី ១៥ ថ្ងៃទី ៤ ៖ យ៉ូហាន ១៤-១៥


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ៤

យ៉ូហាន ១៤-១៥

សេចក្តីផ្ដើម

បន្ទាប់​ពី​អាហារ​នៃ​បុណ្យ​រំលង​មក ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់​អំពី​របៀប ដើម្បី​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌ និង របៀប​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ ។ បន្ទាប់​មក​ព្រះយេស៊ូវ​បាន​សន្យា​នឹង​ពួកសាវក​របស់​ទ្រង់​ថា ទ្រង់​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ផ្សេង​ទៀត ។ ទ្រង់​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​ដើម​ទំពាំង​បាយជូរ​ពិត ហើយ​ថា​ពួក​សិស្ស​របស់​ទ្រង់​គឺ​ជា​មែក ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បញ្ជា​ដល់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​ព្រមាន​ពួកគេ​ពី​ការបៀតបៀន ដែល​ពួកគេ​នឹង​ជួប​ដោយសារ​តែ​ពួកគេ​ទាក់ទង​ជាមួយ​ទ្រង់ ។

យ៉ូហាន ១៤:១-១៤

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពួកសាវក​របស់​ទ្រង់​ពី​របៀប​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​វិញ

សូម​ស្រមៃ​ថា​មិត្ត​ម្នាក់​សួរ​ថា « មាន​គេ​ប្រាប់​ខ្ញុំ​ថា មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ទៅ​ឋានសួគ៌ ហើយ​សាសនា​ផ្សេងៗ​បង្ហាញ​យើង​ពី​របៀប​ផ្សេងៗ​គ្នា​ដើម្បី​ទៅ​នគរ​របស់​ព្រះ ។ តើ​អ្នក​ជឿ​ថា​ការណ៍​នេះ​ពិត​ឬ​ទេ ?» សូម​សរសេរថា​តើ​អ្នក​នឹង​ឆ្លើយតប​ចំពោះ​សំណួរ​នេះសឮដូចម្តេច នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជឿ ឬ ពុំ​ជឿ​ថា​សេចក្តីថ្លែង​នោះ​ពិត ។

សូម​អាន យ៉ូហាន ១៤:១-៦ដោយ​រកមើល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ដើម្បី​ត្រឡប់​ទៅ​នគរ​របស់​ព្រះវរបិតា​សួគ៌​វិញ ។ (យ៉ូហាន ១៤:៦ គឺ​ជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅតាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

ចេញពី យ៉ូហាន ១៤:៦ យើង​រៀន​ថា មានតែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង តាមរយៈ​ការធ្វើ​តាម​របៀប​របស់​ទ្រង់​ប៉ុណ្ណោះ ទើប​យើង​អាច​ចូល​ទៅក្នុង​នគរ​របស់​ព្រះវរបិតា​សួគ៌​បាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​អាច​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ​ដោយ​របៀប​ណា ?

    2. តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សេចក្តីពិត​តាម​របៀប​ណា​ខ្លះ ?

    3. តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ជីវិត​តាម​របៀប​ណា​ខ្លះ ?

របៀប​របស់​ព្រះអម្ចាស់​រួម​មាន ការបង្កើន​សេចក្តី​ជំនឿ​លើ​ទ្រង់ និង ព្រះវរបិតា​សួគ៌ ប្រែចិត្ត ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ដូច​ជា​បុណ្យ​ជ្រមុជទឹក និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នៅក្នុង​សេចក្តី​ជំនឿ និង ការគោរព​ប្រតិបត្តិ ។

សូម​អាន យ៉ូហាន ១៤:៧-១៤ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួកសិស្ស​អំពី​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះវរបិតា​ទ្រង់ ។ សូម​គិត​ពី​ការគូស​ចំណាំ​ឃ្លា « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ » នៅ​ក្នុង ខ ៩

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា​ព្រះវរបិតា​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​មក​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់ ស្រឡាញ់ ហើយ​គោរព​តាម​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅគ្រប់អ្វីៗ​ទាំងអស់​ដែល​ព្រះយេស៊ូវ យាងមក​មានបន្ទូល និង​ធ្វើ រួម​មាន និង​ជាពិសេស នៅក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន និង​ការ​ពលិកម្ម​របស់ទ្រង់ នោះទ្រង់​កំពុង​បង្ហាញ​ដល់​យើង​ថា តើ​ព្រះវរបិតាសួគ៌​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង​ជា​នរណា និង​យ៉ាងដូចម្តេច ហើយ​ថា​តើ​ទ្រង់បាន​លះបង់​យ៉ាង​ណា​ខ្លះ​សម្រាប់​កូនចៅ​របស់ទ្រង់​គ្រប់​វ័យ និង​គ្រប់​ជាតិសាសន៍​នោះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាយាម​បើក​សម្ដែង​គ្រប់បន្ទូល និង​ទង្វើ ហើយ​ធ្វើ​ឲ្យ​យើង​ដឹង​ដោយ​ផ្ទាល់​អំពី​លក្ខណៈពិត​របស់​ព្រះបិតា​របស់​ទ្រង់ ថាគឺជា​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។

« យ៉ាង​ហោច​ណាស់ ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​ជាផ្នែកៗ ដោយសារ​គ្រានោះ និង​គ្រា​នេះ យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​ឲ្យ​កាន់តែ​ពេញលេញ ដើម្បី​ស្រឡាញ់​ទ្រង់​កាន់​តែ​ខ្លាំង ហើយ​គោរព​ទ្រង់​កាន់តែ​ពេញលេញ ។ …

« បន្ទាប់​ពី​​ព្យាការី​ជា​ច្រើន​ជំនាន់​បាន​ព្យាយាម​បង្រៀន​គ្រួសារ​នៃ​មនុស្ស​លោក​ពី​ព្រះឆន្ទៈ និង របៀប​របស់​ព្រះវរបិតា ដែល​តែងតែ​មាន​ជោគជ័យ​តិចតួច នោះ​នៅក្នុង​កិច្ចខិតខំ​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់ ព្រះ​បាន​ឲ្យ​យើង​ស្គាល់​ទ្រង់ ហើយ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ និង ឥតខ្ចោះ​របស់​ទ្រង់ ដែល​បាន​បង្កើត​ឡើង​ដូច និង មាន​រូបកាយ​ដូច​ទ្រង់ ដើម្បី​រស់នៅ ហើយ​បម្រើ​នៅក្នុង​ចំណោម​ជីវិត​រមែង​ស្លាប់​ដ៏​លំបាក​រៀង​រាល់​ថ្ងៃ​នេះ ។ …

« … ព្រះយេស៊ូវ … បាន​យាង​មក​ធ្វើ​ឲ្យ​ការមើល​ឃើញ​របស់​មនុស្ស​អំពី​ព្រះ​បាន​កាន់តែ​ច្បាស់​ឡើង ហើយ​បាន​ទូល​អង្វរ​ជាមួយ​ពួកគេ ឲ្យ​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​ពួកគេ នៅពេល​ទ្រង់​តែងតែ និង ​ស្រឡាញ់​ពួកគេ​ជាប់​ជានិច្ច ។ ផែនការ​របស់​ព្រះ ព្រះចេស្តា​នៃ​ព្រះ បរិសុទ្ធភាព​នៃ​ព្រះ មែនហើយ ទោះបី​ជា​ព្រះពិរោធ និង សេចក្តី​ជំនុំជម្រះ​នៃ​ព្រះ​នោះ​ធ្វើ​ឲ្យ​ពួកគេ​យល់ ។ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ជម្រៅ​នៃ​ភក្តីភាព​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់ នោះពួកគេ​នៅ​តែ​មិន​បាន​ដឹង​ពេញលេញ—រហូត​ដល់​ព្រះគ្រីស្ទ​យាង​មក ។

« ដូច្នេះ ការ​ឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ—គឺ​ជា​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះបិតា​ទ្រង់​គឺ ‹ ប្រកប​ដោយ​ក្ដីមេត្តា​ករុណា និង ព្រះគុណ កម្រ​នឹង​ព្រះពិរោធ អត់ធ្មត់ និង​ពេញ​ដោយ​សេចក្ដីល្អ › [​Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៤២ ] ។ នៅក្នុង​ជីវិត​របស់​ទ្រង់ និង​ជាពិសេស​នៅក្នុង​ការសុគត​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​កំពុង​ប្រកាស​ថា ‹ នេះ​គឺ​ជា​សេចក្តី​មេត្តា​ករុណា របស់​ព្រះ ដែល​យើង​កំពុង​បង្ហាញ​ដល់​អ្នក ហើយ​វា​ក៏​ជា​សេចក្តីមេត្តា​ករុណា​របស់​យើង​ផ្ទាល់​ផងដែរ › » (« The Grandeur of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧២ ) ។

រូបភាព
journal icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៤:៦

  1. ការទន្ទេញ​ចំណេះ​ចំណាន​ខគម្ពីរ​នៅក្នុង យ៉ូហាន ១៤:៦ អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ជា​សំណួរ​មួយ​នៅពេល​ចាប់ផ្តើម​មេរៀន​នេះ ។ សូម​ទន្ទេញ​វគ្គ​បទគម្ពីរ​នេះ​ឲ្យ​ឮៗ​ឲ្យ​បាន​ច្រើន​ដង ។ ក្រោយ​មក​សូម​សូត្រ​ខគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​ស្ដាប់ ។ បន្ទាប់​មក​សូម​សរសេរ ខ្ញុំ​បាន​ទន្ទេញ យ៉ូហាន ១៤:៦ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​សូម​ឲ្យ​បុគ្គល​ដែល​អ្នក​បាន​សូត្រ​ឲ្យ​ស្តាប់​នោះ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

យ៉ូហាន ១៤:១៥-៣១

ព្រះយេស៊ូវ​ណែនាំ​ពួក​សាវក​របស់​ទ្រង់​ពី​របៀប​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់

សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ។ តើ​អ្នក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បុគ្គល​ម្នាក់​នោះ​ដោយ​របៀប​ណា ?

សូម​អាន យ៉ូហាន ១៤:១៥ដោយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​ពួក​សាវក​របស់​ទ្រង់​ឲ្យ​ធ្វើ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ ។ (យ៉ូហាន ១៤:១៥ គឺ​ជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅតាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

យោង​តាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់ សូម​បំពេញ​សេចក្តីពិត​ដូចតទៅ​នេះ ៖ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ

សូម​គិត​ពី​របៀប​ដែល​ការរក្សា​បទបញ្ញត្តិ​នីមួយៗ​ខាង​ក្រោម​នេះ បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ៖ រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ គោរព​ឪពុក​ម្តាយ​របស់​អ្នក បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ការស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក ។

សូម​ចំណាយ​ពេល​បី ឬ បួន​នាទី ហើយ​គិត​ឲ្យ​ស៊ីជម្រៅ​អំពី​របៀប​ដែល​អ្នក​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ តាមរយៈ​ការគោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។

សូម​អាន យ៉ូហាន ១៤:១៦-១៧, ២៦ដោយ​រកមើល​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់ ។

ឃ្លាថា « ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត » នៅក្នុង ខទី ១៦ សំដៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយសារ​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ព្រះ​ដ៏​ជា​ជំនួយ​ដល់​ពួក​សាវក​របស់​ទ្រង់​អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ នោះ​ទ្រង់​បាន​ហៅ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​ព្រះ​ដ៏​ជា​ជំនួយ មួយ​អង្គ​ទៀត ។ សម្រាប់​ហេតុផល​មួយ​ចំនួន ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ដំណើរការ​ពេញលេញ​ឡើយ​នៅក្នុង​អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ទោះ​យ៉ាង​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដំណើរ​ការពេញលេញ​ទាំង​ពី​មុន និង បន្ទាប់​ពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ ») ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពីតួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​ព្រះ​ដ៏​ជា​ជំនួយ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ដរាប​ណា​ព្រះ​យេស៊ូវ​គង់​នៅ​ជាមួយ​ពួកគេ នោះ​ទ្រង់​គឺ​ជា​ព្រះ​ដ៏​ជា​ជំនួយ​របស់​ពួកគេ ទ្រង់​បាន​មាន​បន្ទូល​ពី​ភាព​សុខសាន្ត​ដល់​ព្រលឹង​របស់​ពួកគេ អស់​អ្នក​ដែល​ផ្ទុក​ធ្ងន់ ហើយ​នឿយ​ព្រួយ និង រងទុក្ខ ព្រមទាំង​ជួប​ឧបសគ្គ​នៃ​ពិភពលោក​នេះ​បាន​មក​រក​ទ្រង់ ហើយ​រកឃើញ​សេចក្តី​សម្រាក​ដល់​ព្រលឹង​ខ្លួន ។ ទ្រង់​បាន​លួងលោម​ស្រី​មេម៉ាយ ហើយ​ធ្វើ​ជា​ឪពុក​ដល់​អស់​អ្នក​ដែល​គ្មាន​ឪពុក ។ ព្រះបន្ទូល​របស់​ទ្រង់​បាន​លើកស្ទួយ​ព្រលឹង​ដែល​ជឿ ទៅ​ដល់​កម្រិត​មួយ​នៃ​ភាព​ស្ងប់​ចិត្ត និង ភាពសុខសាន្ត ។ ឥឡូវនេះ​ទ្រង់​កំពុង​ចាកចេញ​ទៅ​ហើយ ប៉ុន្តែ​ទ្រង់​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ​មួយអង្គ​ផ្សេង​ទៀត—ព្រះ​វិញ្ញាណ​បរិសុទ្ធ—ឲ្យ​គង់​នៅ​ជាមួយ​អ្នក​ស្មោះត្រង់​ជា​រៀង​រហូត ។

« ដ្បិត​មនុស្ស​ទាំងអស់​លើកលែង​តែ​ពីរបី​នាក់​ប៉ុណ្ណោះ បាន​ឮ​ព្រះសូរសៀង​របស់​ទ្រង់​នៅក្នុង​មតភាព គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ​មុន​គេ ។ សមាជិក​មួយ​អង្គ​នេះ​នៃ​ក្រុមព្រះ​មាន​ព្រះបន្ទូល​អំពី​សេចក្តី​សុខសាន្ត​ដល់​ព្រលឹង​នៃ​ជន​សុចរិត​នៅគ្រប់​សម័យ​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ ‹ ជា​អំណោយ​ទាន​នៃ​ព្រះ​ដល់​អស់​អ្នក​ណា​ដែល​ព្យាយាម​ស្វែងរក​ទ្រង់ ទោះ​ជា​នៅ​ជំនាន់​បុរាណ​ក៏​ដូច​ជា​នៅ​ជំនាន់​ដែល​ទ្រង់​នឹង​សម្តែង​រូប​អង្គ​ទ្រង់​ដល់​កូន​ចៅ​មនុស្ស​ដែរ › (នីហ្វៃ​ទី ១ ១០:១៧) ហើយ​ព្រមទាំង​នៅ​ក្នុង​គ្រា​ខាង​មុខ​ផងដែរ ។ ទ្រង់​គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តីពិត—គឺ​ដូច​ជា​ព្រះគ្រីស្ទ​ផងដែរ—ប៉ុន្តែ​ពិភពលោក​ពុំ​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ដោយសារ​ព្រះវិញ្ញាណ​នឹង​ពុំគង់​នៅ​រោង​ឧបោសថ​ណា​ដែល​មិន​ស្អាត​ឡើយ » (The Mortal Messiah  From Bethlehem to Calvary ភាគ​ទី ៤ [ ឆ្នាំ ១៩៧៩–៨១ ] ៤:៧៤–៧៥ ) ។

យោង​តាម យ៉ូហាន ១៤:១៦–១៧, ២៦តើ​ចំណុច​បី​ណា​ខ្លះ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​សម្រាប់​យើង ? សូម​ឆ្លើយ​សំណួរ​នេះ​ដោយ​បំពេញ​សេចក្តីពិត​ដូចតទៅ​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច  ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​មួយ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​លួងលោម​អ្នក ?

    2. តើ​នៅពេល​ណា ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​អ្នក ?

    3. តើ​នៅពេល​ណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​អ្វី​មួយ ?

សូម​អាន យ៉ូហាន ១៤:១៨–២៣ដោយ​រក​មើល​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​អ្នក​ដែល​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ដល់​ទ្រង់ តាមរយៈ​ការគោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ចេញ​ពី​ខគម្ពីរ​ទាំងនេះ​យើង​រៀន​ថា ប្រសិនបើ​យើង​រក្សា​ព្រះបញ្ញត្តិ នោះ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​នឹង​គង់​នៅ​ជាមួយ​យើង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៣ដោយ​រកមើល​អត្ថន័យ ដែល​ថា​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​ជាមួយ​ពួក​យើង ។

សូម​អាន យ៉ូហាន ១៤:២៧ដោយ​រកមើល​ព្រះបន្ទូល​លើក​ទឹកចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់ ។

សូម​ពិចារណា​ពី​ភាពខុសគ្នា​រវាង​សេចក្តី​សុខសាន្ត ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ និង សេចក្តី​សុខសាន្ត​ដែល​ពិភពលោក​ផ្តល់​ឲ្យ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ម៉ាក់ខនឃី បាន​ពិពណ៌នា​ពី​ភាពសុខសាន្ត​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ ៖ « [ វា​គឺ​ជា ] សេចក្តីសុខសាន្ត​នៅក្នុង​ចិត្ត​ដែល​កើត​ចេញ​ពី​ជំនឿស៊ប់​នៃ​ភាព​ជា​ព្រះ​របស់​នគរ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ជា​ភាពសុខសាន្ត​ដែល​នាំ​មក​នូវ​ការធានា​អះអាង​នៃ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​ដែល​នឹង​កើត​ឡើង ជា​សេចក្តីសុខសាន្ត​ដែល​នៅ​ក្នុង​ដួង​ព្រលឹង​របស់​មនុស្ស ទោះបី​ជា​ពួកគេ​នៅក្នុង​សង្គ្រាម និង ចលាចល​ក៏​ដោយ » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៤២ ) ។

នៅក្នុង យ៉ូហាន ១៤:២៨–៣០ យើង​រៀន​ថា ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សាវក​របស់​ទ្រង់​ថា ពួកគេ​គួរតែ​មាន​ក្តី​អំណរ ដោយសារ​ទ្រង់​រៀប​នឹង​ចាកចេញ​ពី​ពួកគេ ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ ។ ដូច​ដែល​បាន​បញ្ជាក់​ច្បាស់​នៅក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នោះ​ព្រះយេស៊ូវ​ក៏​បាន​ប្រាប់​ពួកគេ​ផងដែរ​ថា សាតាំង​គ្មាន​អំណាយ​លើ​ទ្រង់​ឡើយ ដោយ​សារ​ទ្រង់​បាន​យក​ឈ្នះ​លើ​ពិភពលោក​ហើយ ប៉ុន្តែ​សាតាំង​អាច​បន្ត​មាន​ឥទ្ធិពល​លើ​ពួកគេ ដោយសារ​ពួកគេ​ពុំ​ទាន់​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​នៅលើ​ផែនដី​ចប់​នៅ​ឡើយ​ទេ ( សូមមើល​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១៤:៣០ [ នៅក្នុង យ៉ូហាន ១៤:៣០ លេខយោង ] ) ។

សូម​អាន យ៉ូហាន ១៤:៣១ដោយ​រកមើល​របៀប​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​ទ្រង់ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

រូបភាព
journal icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៤:១៥

  1. ចាំមើល​ថា​តើ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ទន្ទេញ យ៉ូហាន ១៤:១៥។ សូម​សូត្រ​ខគម្ពីរ​នេះ​ឲ្យ​ឮៗ ។ សូម​សរសេរ​ខគម្ពីរ​នេះ​តាម​ការចងចាំ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

សូម​អាន យ៉ូហាន ១៤:៣១ឡើងវិញ​ដោយ​រកមើល​គំរូ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​សម្រាប់​ពួកយើង​អំពី​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន​នៅក្នុង យ៉ូហាន ១៤:១៥។ សូម​កត់​ចំណាំ​ឃ្លា « ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ » (យ៉ូហាន ១៤:៣១) ។ ព្រះអង្គ​សង្គ្រោះ​ទំនង​ជា​ចង់​មាន​បន្ទូល​ពី​ការចាកចេញ​ពី​បន្ទប់​ខាង​លើ ដែល​ជា​កន្លែង​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​ធ្វើ​ឡើង ហើយ​ក្រោយ​មក​បំពេញ​កាតព្វកិច្ច​របស់​ទ្រង់​ចំពោះ​ព្រះ​នៅក្នុង​ច្បារ​គែតសេម៉ានី និង នៅ​លើ​ភ្នំ​គាល់កូថា ។ ព្រះបញ្ញត្តិ​លំបាក​បំផុត​ចេញ​ពី​ព្រះវរបិតា​ចំពោះ​ព្រះរាជបុត្រា​គឺ​ថា​ព្រះយេស៊ូវ​ត្រូវ​រងទុក្ខ និង សុគត​សម្រាប់​យើង ( សូមមើល នីហ្វៃទី ៣ ២៧:១៣–១៤) ។ សូម​ពិចារណា​ពី​ព្រះបញ្ញត្តិ និង បទដ្ឋាន​នានា​របស់​ព្រះអម្ចាស់​ដែល​ពិបាក​ឲ្យ​អ្នក​ធ្វើ​តាម ។ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ការធ្វើ​តាម​បទបញ្ញត្តិ​ទាំង​នោះ នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ​ដើម្បី​គោរព​ប្រតិបត្តិ​នៅក្នុង​របៀប​មួយ​ដែល​អ្នក​បាន​ពិចារណា ។

យ៉ូហាន ១៥:១-១១

ព្រះយេស៊ូវ​ពន្យល់​ថា ទ្រង់​គឺ​ជា​ដើម​ទំពាំង​បាយជូរពិត

សូម​គិត​ស្រមៃ​មើល​ពី​ជីវិត​របស់​អ្នក​រយៈពេល​៦០​ឆ្នាំ​ចាប់​ពី​ពេល​នេះ​ទៅ​មុខ​ទៀត ។ សូម​គូស​រង្វង់​លើ​ពាក្យ​មួយ​ខាង​ក្រោម​នេះ ដែល​អ្នក​ចូលចិត្ត​ខ្លាំង​បំផុត​ដើម្បី​ពិពណ៌​ពី​ជីវិត​របស់​អ្នក ៖ ភាពជោគជ័យ ភាព​មិន​សប្បាយ​ចិត្ត មាន​អំណរ មាន​ប្រយោជន៍ គ្មាន​ការច្នៃ​ប្រឌិត បង្កើត​ផ្លែផ្កា មាន​គំនិត​ច្នៃប្រឌិត មាន​ភាព​ពេញ​បរិបូរ គ្មាន​ភាពជោគជ័យ ។

ព្រះយេស៊ូវ​បាន​ប្រើ​រឿង​ប្រៀបប្រដូច​អំពី ផ្លែ​ទំពាំង​បាយជូរ ដើម្បី​ជួយ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​យល់​ពី​របៀប​ដើម្បី​មាន​ជីវិត​ដែល​បង្កើត​ផ្លែផ្កា មាន​គំនិត​ច្នៃ​ប្រឌិត និង មាន​ភាពបរិបូរ ។

រូបភាព
grapevine

សូម​អាន យ៉ូហាន ១៥:១–៥ដោយ​រកមើល​ភាពខុសគ្នា​នៃ​ធាតុ​ដែល​តំណាង​នៅក្នុង​រឿង​ប្រៀបប្រដូច​នោះ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ដើម​ទំពាំង​បាយ​ជូរ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មែក​តំណាង​ឲ្យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ផ្លែ​អាច​តំណាង​ឲ្យ​កិច្ចការ និង​ទង្វើ​ល្អ​ដែល​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គួរតែ​បង្កើត​ឡើង ។ សូម​សរសេរ​អត្ថន័យ​ទាំង​នេះ​នៅ​ក្បែរ​ស្លាក​សញ្ញា​នៅក្នុង​រូបភាព​នេះ ។ ពាក្យ​ថា​​អ្នក​ដាំ នៅពេល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​នៅក្នុង យ៉ូហាន ១៥:១គឺ​ជា​ព្រះវរបិតា​សួគ៌ ។ អ្នក​ដាំ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ថែទាំ​ចម្ការ​ទំពាំងបាយ​ជូរ ។

សូម​គិត​ពី​ការ​គូស​ចំណាំ​នូវ​ពាក្យ​ទាំង​នេះ​ម្តង​មួយ នៅជាប់ជាប់នឹង នៅក្នុង យ៉ូហាន ១៥:៤–៥។ ពាក្យ នៅជាប់ ដូច​បាន​ប្រើ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​មាន​ន័យ​ថា​នបន្ត​នៅ​រឹងមាំ និង ខ្ជាប់ខ្ជួន​ជាប់​នឹង​ព្រះយេស៊ូវ​គ្រីស្ទ និង សាសនាចក្រ​របស់​ទ្រង់

នៅក្នុង យ៉ូហាន ១៥:៥ យើង​រៀន​ថា ប្រសិន​បើ​យើង​នៅជាប់​នៅក្នុង​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​បង្កើត​កិច្ចការ​សុចរិត ។

រូបភាព
មែក

នៅក្នុង យ៉ូហាន ១៥:៦–៨ យើង​រៀន​ថា​ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​ថា អស់​អ្នក​ដែល​ពុំ​នៅ​ជាប់​នឹង​ទ្រង់ គឺ​ដូច​ជា​មែក​មួយ​ដែល​ត្រូវបាន​កាត់​ចេញ—វា​នឹង​ស្វិត ហើយ​ងាប់ ។ បុគ្គល​ទាំងឡាយ​ដែល​នៅ​ជាប់​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើត​កិច្ចការ​សុចរិត​ដែល​សរសើរ​តម្កើង​ដល់​ព្រះ ។

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​នៅ​ជាប់​ជាមួយ ឬ មាន​ទំនាក់ទំនង​យ៉ាង​រឹងមាំ​នឹង​ព្រះអង្គ​សង្គ្រោះ ?

សូម​អាន យ៉ូហាន ១៥:៩–១១​ ដោយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ និង ពរជ័យ​ដែល​ពួកគេ​នឹង​បាន​ទទួល ។ សូម​គិត​ពី​ការ​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ព្រះវរបិតា និង ព្រះរាជបុត្រា​ស្រឡាញ់​ពួក​យើង​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ និង អស់​កល្ប​ជានិច្ច ហើយ​ការរក្សា​បទបញ្ញត្តិ​របស់​ពួក​ទ្រង់​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ពរជ័យ​មួយ​ដ៏​ពេញលេញ ដែល​ពួក​ទ្រង់​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង​ដោយ​សេចក្តី​ស្រឡាញ់ ( សូមមើល នីហ្វៃទី ១ ១៧:៣៥, គ. និង ស. ៩៥:១២, ១៣០:២០–២១) ។

ចេញ​ពី យ៉ូហាន ១៥:១០–១១ យើង​រៀន​ថា ប្រសិនបើយើង​គោរព​ព្រះបញ្ញត្តិ នោះ​យើង​នឹង​នៅជាប់​ជាមួយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​បាន​នូវ​សេចក្តី​អំណរ​ពោរពេញ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុ​អ្វី​ការ​នៅជាប់​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​សេចក្តី​អំណរ​ពេញលេញ ?

    2. តើ​អ្នក​គិត​ថា ហេតុ​អ្វី​​អស់​អ្នក​ដែល​នៅ​ជាប់​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​នឹង​បង្កើត​កិច្ចការ​សុចរិត ?

សូម​គិត​អំពី​របៀប​នានា​ដែល​អ្នក​អាច​បន្ត​មាន​ទំនាក់ទំនង​នៅ​តែ​រឹងមាំ​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ក្រោយ​មក​ទទួល​បាន​សេចក្តី​អំណរ​កាន់តែ​ប្រសើរ​ឡើង ។

យ៉ូហាន ១៥:១២-១៧

ព្រះយេស៊ូវ​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ពិត​ណាស់​ភស្តុតាង​ដ៏​ល្អ​បំផុត​នៃ​សេចក្តីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​របស់​យើង​លើ​ព្រះយេស៊ូវ​នោះ​គឺ​ការធ្វើ​គំរូ​តាម​ទ្រង់ »​(« The Mission and Ministry of Jesus Christ » Ensign ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៣៨ ) ។

សេចក្តីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ គឺ​ជា​សេចក្តី​ស្រឡាញ់ និង ការគោរព​យ៉ាង​ខ្លាំង ហើយ ការធ្វើ​គំរូ​តាម​ទ្រង់ មាន​ន័យ​ថា ត្រាប់​តាម ឬ ចម្លង​តាម ។

សូម​អាន យ៉ូហាន ១៥:១២ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សុំ​ពួក​យើង​ឲ្យ​ធ្វើ​តាម​គំរូ​ទ្រង់ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

សូមអាន យ៉ូហាន ១៥:១៣–១៧ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្រឡាញ់​ពួក​យើង ។ នៅក្នុង ខ ១៣សូម​គិត​ពី​ការគូសចំណាំ​នូវ​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ជា​ការបង្ហាញ​​សេចក្តី​ស្រឡាញ់​ដ៏​មហិមា​នោះ ។

រូបភាព
អែលឌើរ ក្លូឌីអូ អរ អែម កូស្តា

សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី ដែល​អែលឌើរ ក្លូឌីអូ អរ អែម កូស្តា ក្នុងគណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់​បាន​ផ្តល់​យោបល់​ថា​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​លះបង់​ជីវិត​របស់​យើង​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ៖ « យើង​អាច​លះបង់​ជីវិត​របស់​យើង​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បាន​ដោយ​ពុំ​មែន​ដោយការ​​ស្លាប់​ខាង​រូបកាយ​របស់​យើង​សម្រាប់​ពួកគេ​ឡើយ ប៉ុន្តែ​ដោយ​ការរស់នៅ​សម្រាប់​ពួកគេ—គឺ​ផ្តល់​ពេល​វេលា​របស់​យើង មាន​វត្តមាន​ជានិច្ច​នៅក្នុង​ជីវិត​របស់​ពួកគេ បម្រើ​ពួកគេ មាន​ភាព​គួរសម មាន​សេចក្តី​សប្បុរស ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ពិត​ចំពោះ​អស់​អ្នក​ដែល​ជា​គ្រួសារ​របស់​យើង និង ដល់​មនុស្ស​ទាំងអស់ —ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន » (« Don’t Leave for Tomorrow What You Can Do Today » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៧៤ ) ។

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​បាន​លះបង់​ជីវិត​របស់​ខ្លួន​តាម​របៀប​មួយ​សម្រាប់​អ្នក ។

យ៉ូហាន ១៥:១៨-២៧

ព្រះយេស៊ូវ​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការបៀតបៀន ដែល​ពួកគេ​នឹង​ជួប​ប្រទះ​ដោយសារ​ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការនៅ​ជាប់​នឹង​ទ្រង់ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក នោះ​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួកគេ​ដោយសារ​តែ​ពួកគេ​ទាក់ទង​ជាមួយ​ទ្រង់ ។ នៅ​ក្នុង យ៉ូហាន ១៥:១៨-២៥ យើង​រៀន​ថា​ពិភពលោក​នេះ ឬ អស់​អ្នក​ដែល​ពោរពេញ​ដោយ​អំពើ​បាប​នឹង​ស្អប់​ពួក​សាវក ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ក៏​ស្អប់​ព្រះវរបិតា​ដែរ ហើយ​ថា​ពួកគេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស​របស់​ពួកគេ ។

ទោះបី​ជា​មាន​ការស្អប់ខ្ពើម និង ការបៀតបៀន​ពី​សំណាក់​មនុស្ស​ដទៃ​ចំពោះ​ពួក​អ្នក​ដើរ​តាម​ទ្រង់​ក្តី ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​របៀប​នានា​សម្រាប់​ពិភពលោក ដើម្បី​ទទួល​នូវ​ទីបន្ទាល់​អំពី​ទ្រង់ ។ សូម​អាន យ៉ូហាន ១៥:២៦-២៧ដោយ​រកមើល​សាក្សី​ដែល​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​ពិភពលោក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៤-១៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖