បណ្ណាល័យ
មេរៀន​ទី ១៦ ថ្ងៃទី ១ ៖ យ៉ូហាន ១៦


មេរៀន​ទី ១៦ ៖ ថ្ងៃ​ទី ១

យ៉ូហាន ១៦

សេចក្តីផ្ដើម

បន្ទាប់​ពី​សោយ​អាហារ​បុណ្យ​រំលង​ហើយ ព្រះយេស៊ូវ​គ្រីស្ទ បាន​បន្ត​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ថា មិន​យូរ​ប៉ុន្មាន​ទេ ទ្រង់​នឹង​យាង​ទៅ​ព្រះវរបិតា ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ ព្រះ​ដ៏​ជា​ជំនួយ នឹង​យាង​មក ហើយ​ដឹកនាំ​ពួកគេ​ទៅរក​សេចក្តីពិត ។ ព្រះយេស៊ូវ​បាន​ព្យាករ​អំពី​ការសុគត និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រមទាំង​បាន​ប្រកាស​ថា​ទ្រង់​នឹង​មាន​ជ័យជំនះ​លើ​ពិភពលោក ។

យ៉ូហាន ១៦:១-១៥

ព្រះយេស៊ូវគ្រីស្ទ​អធិប្បាយ​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​ស្រមៃ​ថា​អ្នក​កំពុង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង ឆ្លងកាត់​ទឹកដី​ដ៏​ស្រស់​ត្រកាល ប៉ុន្តែ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ។ មិត្ត​ស្និទ្ធ​ស្នាល និង មាន​បទពិសោធន៍​ម្នាក់​គឺ​ជា​មគ្គទេសក៍​របស់​អ្នក ។ នៅពេល​អ្នក​ទៅដល់​កន្លែង​មួយ​ដែល​ពិបាក​ខ្លាំង​ក្នុង​ការធ្វើ​ដំណើរ​របស់​អ្នក នោះ​អ្នក​ឃើញ​ថា​មិត្ត​របស់​អ្នក​បាន​ទៅ​ណា​បាត់ ហើយ​អ្នក​នៅ​ឯកោ​តែ​ម្នាក់​ឯង ព្រមទាំង​វង្វេង​ផ្លូវ ។ តើ​កង្វល់ និង អារម្មណ៍​អ្វី​ខ្លះ ដែល​អ្នក​អាច​មាន​នៅក្នុង​ស្ថានភាព​នោះ ?

តើ​អ្នក​ធ្លាប់​មាន​កង្វល់ និង អារម្មណ៍​ស្រដៀង​គ្នា​នេះ អំឡុងពេល​នៃ​ឧបសគ្គ ឬ គ្រា​ដែល​ឯកោ​នៅក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? នៅពេល​អ្នក​សិក្សា យ៉ូហាន ១៦សូម​រកមើល​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប ដើម្បី​ស្វែងរក​ការណែនាំ និង ភាពសុខសាន្ត​នៅពេល​អ្នក​ត្រូវការ​វា ។

បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជិត​បី​ឆ្នាំ​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​ពួកគេ​ថា ទ្រង់​នឹង​យាង​ទៅ​ឆ្ងាយ​ហើយ ( សូមមើល យ៉ូហាន ១៤:២៨) ។ នៅក្នុង យ៉ូហាន ១៦:១–៤ យើង​រៀន​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សោយ​អាហារ​នៃ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់​ហើយ នោះ​ទ្រង់​បាន​ប្រាប់​ពួកគេ​ថា​ពេលវេលា​ដែល​នឹង​មក​ដល់ នៅពេល​មនុស្ស​នឹង​ស្អប់​ពួកគេ ហើយ​មនុស្ស​ទាំង​នេះ​នឹង​ជឿ​ថា ដោយ​ការសម្លាប់​ពួក​សាវក នោះ​ពួកគេ​កំពុងធ្វើ​ការបម្រើ​ព្រះ ។

សូម​អាន យ៉ូហាន ១៦:៥-៦ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់ និង ថា​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​វា ។

សូម​អាន យ៉ូហាន ១៦:៧ដោយ​រកមើល​ថា​នរណា​ដែល​ព្រះយេស៊ូវ​បាន​សន្យា​ថា​នឹង​បញ្ជូន​មក​បន្ទាប់​ពី​ទ្រង់​យាង​ទៅ​បាត់​នោះ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « ដរាប​ណា​ព្រះយេស៊ូវ​នៅ​ជា​មួយ​ពួក​សិស្ស​ដោយ​ផ្ទាល់ នោះ​វា​ពុំ​ចាំបាច់​ត្រូវការ​នូវ​ភាព​ជា​គូកន​ដ៏​ខ្ជាប់ខ្ជួន​ពេញលេញ​នៃ​ព្រះវិញ្ញាណ​ជាមួយ​ពួកគេ​ឡើយ បន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ទៅ » (Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៥៣ ) ។

នៅក្នុង យ៉ូហាន ១៦:៨–១២ ព្រះយេស៊ូវ​បាន​ពន្យល់​ថា​តួនាទី​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ « សម្តែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់​ពី​អំពើ​បាប » (យ៉ូហាន ១៦:៨) ។ សូម​អាន យ៉ូហាន ១៦:១៣ដោយ​រកមើល​តួនាទី​ផ្សេង​ទៀត​នៃ​ព្រះ​ដ៏​ជា​ជំនួយ​ដើម្បី​បំពេញ​នៅក្នុង​ជីវិត​របស់​ពួក​សិស្ស​បន្ទាប់​ពី​ទ្រង់​បាន​ចាកចេញ​ពី​ពួកគេ​ទៅ ។

មាន​ប្រសាសន៍​ពី យ៉ូហាន ១៦:៩–១១អែលឌើរ ម៉ាខនឃី បាន​ពន្យល់ ៖ « យើង​ពិបាក​យល់​ខគម្ពីរ​ទាំង​នេះ ដោយសារ​វា​មាន​ភាព​ស្មុគស្មាញ និង សង្ខេប ដែល​ធ្វើ​ឲ្យ​ការ​បកស្រាយ​មាន​ការពិបាក ។ វា​ហាក់បី​ដូច​ជា​មាន​ន័យ ៖ ‹ នៅពេល​អ្នក​ទទួល​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ប្រយោជន៍​ឲ្យ​អ្នក​និយាយ​អ្វី​ដែល​ទ្រង់​បើក​សម្តែង​ដល់​អ្នក បន្ទាប់​មក​ការបង្រៀន​របស់​អ្នក​នឹង​កាត់ទោស​ពិភពលោក​នេះ​អំពី អំពើ​បាប សេចក្តី​សុចរិត និង កាជំនុំជម្រះ ។ ពិភពលោក​នេះ​នឹង​ត្រូវបាន​ថ្កោលទោស​ពី អំពើ​បាប ចំពោះ​ការ​បដិសេធ​យើង ដោយ​ព្រោះ​តែ​ពុំ​ជឿ​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​នៃ​ទីបន្ទាល់​របស់​អ្នក ថា​យើង​គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ ដែល​ទ្រង់​ជា​អង្គ​ដែល​ប្រទាន​សេចក្តី​សង្គ្រោះ ។ ពួកគេ​នឹង​ត្រូវបាន​កាត់ទោ​ដោយ​ព្រោះ​តែ​ការបដិសេធ​ទីបន្ទាល់​របស់​អ្នក​អំពី ភាព​សុចរិត​របស់​យើង—ដោយ​សន្មត់​ថា​យើង​គឺ​ជា​អ្នក​ប្រមាថ អ្នក​បោក​បញ្ឆោត និង មនុស្ស​ក្លែង​បន្លំ—នៅពេល​យើង​យាង​ទៅ​កាន់​ព្រះវរបិតា​របស់​យើង​វិញ យើង​ពុំ​អាច​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ឡើយ លុះត្រា​តែ​កិច្ចការ​របស់​យើង​នោះ​គឺ​ជា​កិច្ចការ​ពិត និង សុចរិត​ប៉ុណ្ណោះ ។ ពួកគេ​នឹង​ត្រូវ​បាន​ថ្កោលទោស​ពី ការវិនិច្ឆ័យ ខុស​ដោយសារ​ការបដិសេធ​ទីបន្ទាល់​របស់​អ្នក ដែល​ថ្លែង​ទាស់​នឹង​សាសនា​ទាំងឡាយ​នៅ​សម័យ​នោះ និង​ដោយសារ​ការជ្រើសរើស​ធ្វើតាម​សាតាំង​ជំនួស​វិញ ដែល​វា​ជា​ពួក​ចៅហ្វាយ​នៅ​លោកីយ​គឺ​ជា​ខ្លួន​វា​ផ្ទាល់ រួម​នឹង​ទស្សន​ខាង​ទស្សនវិទ្យា​នៃ​សាសនា​ទាំងអស់​របស់​វា នឹង​ត្រូវ​ជំនុំជម្រះ ហើយ​ត្រូវបាន​ឃើញ​ថា​មិន​ល្អ​គ្រប់គ្រាន់ › » ។ (Doctrinal New Testament Commentary ១:៧៥៤ ) ។

តើ​ពួក​សិស្ស​បាន​ទទួល​ផលប្រយោជន៍​ពី​ការណែនាំ និង ការយល់ដឹង​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​ដោយ​របៀប​ណា ?

តើ​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​យើង​អាច​រៀន​មក​ពី យ៉ូហាន ១៦:១៣?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ ព្រះវិញ្ញាណ​បរិសុទ្ធ ដឹកនាំ​យើង​ទៅរក​សេចក្តីពិត​តាម​របៀប​ណា​ខ្លះ ?

    2. តើ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​បង្ហាញ​យើង​នូវ​រឿង​ដែល​នឹង​កើត​ឡើង​តាមរយៈបៀប​ណា​ខ្លះ ?

តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​អាច​ប្រទាន​នូវ​ការធានា​អះអាង សេចក្តី​សង្ឃឹម ការនិមិត្ត ការព្រមាន និង ការណែនាំ​សម្រាប់​អនាគត​របស់​យើង ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​រកមើល​របៀប​ដែល​អ្នក​អាច​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​អ្នក​នៅក្នុង​ជីវិត​នេះ ៖ « តើ​យើង​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​មគ្គុទេសក៍​របស់​យើង​ដោយ​របៀប​ណា ? យើង​ត្រូវតែ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួក​យើង​រាល់​សប្តាហ៍ និង រំឭកសេចក្តីសញ្ញា​របស់​យើង តាមរយៈ​ការទទួល​ទាន​សាក្រាម៉ង់​ដោយ​ដៃ​ស្អាតស្អំ និង ដួងចិត្ត​បរិសុទ្ធ នៅ​ពេល​យើង​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ ( សូមមើល គ. និង ស. ៥៩:៨–៩, ១២) ។ មាន​តែ​តាម​ផ្លូវ​នេះ​ទេ​ដែល​យើង​អាច​ទទួល​បាន​ការ​សន្យា​ដែល​ថា យើង​នឹង ‹ មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ [ យើង ] ជានិច្ច › (គ. និង ស. ២០:៧៧) ។ ថា​ព្រះវិញ្ញាណ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​បេសកកម្ម​ដើម្បី​បង្រៀន​យើង ដើម្បី​ដឹកនាំ​យើង​ទៅ​រក​សេចក្តីពិត ហើយ​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា និង ព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៤:២៦, យ៉ូហាន ១៥:២៦, យ៉ូហាន ១៦:១៣, នីហ្វៃទី ៣ ១១:៣២, ៣៦) » (« Be Not Deceived » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេល​ណា​ខ្លះ ដែល​អ្នក​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​អ្នក​ទៅរក​សេចក្តីពិត ឬ បង្ហាញ​អ្នក​អំពី​អ្វី​ដែល​នឹង​កើត​ឡើង ?

    2. តើ​អ្នក​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​អ្នក​ដោយ​របៀប​ណា ?

សូម​ពិចារណា​ពី​ជម្រើស​របស់​អ្នក​ដែល​អាច​ធ្វើ​ឡើង ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ក្លាយ​ជា​មគ្គុទេសក៍​របស់​អ្នក ? សូម​ព្យាយាម​រស់នៅ​តាម​របៀប​មួយ​ដែល​អញ្ជើញ​ព្រះចេស្តា​នៃ​ការដឹកនាំ​របស់​ទ្រង់​ទៅក្នុង​ជីវិត​របស់​អ្នក ។

នៅក្នុង យ៉ូហាន ១៦:១៣ ព្រះយេស៊ូវ​បាន​បង្រៀន​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង « មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ » ។ សូមអាន យ៉ូហាន ១៦:១៤-១៥ដោយ​រកមើល​ថា​តើ​សារលិខិត​របស់​នរណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​មាន​បន្ទូល​មក​កាន់​ពួក​យើង ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ខ​គម្ពីរ​ទី​នេះ សូម​បំពេញ​គោលការណ៍​ដូច​ត​ទៅ​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​បើក​សម្តែង​សេចក្តីពិត និង សេចក្តីណែនាំ​ដែល​បាន​មក​ពី

តើ​ហេតុអ្វី​បាន​ជា​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​ពួកយើង នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថ្វាយ​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ ?

« ទំនាក់​ទំនង [ ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ] ទៅ​នឹង​វិញ្ញាណ​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ​ជាង​ទំនាក់ទំនង​នានា​ដែល​អ្នក​អាច​ទទួល​តាមរយៈ​ញាណ​ពី​កំណើត​របស់​អ្នក » (True to the Faith [ ឆ្នាំ ២០០៤ ] ទំព័រ ៨២) ។ នេះ​មាន​ន័យ​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​ដឹកនាំ​ដ៏មាន​តម្លៃ​បំផុត​របស់​អ្នក​ក្នុង​ការរៀន​ពី​សេចក្តីពិត ។ ព្រះចេស្តា​របស់​ទ្រង់​គឺ​កាន់តែ​មាន​តម្លៃ​ជាង​ភស្តុតាង​មើល​ឃើញ យោបល់​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត ឬ ហេតុផល​នានា​របស់​ពិភពលោក​ទៅ​ទៀត ។ ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវការ​រៀន​ដើម្បី​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ជា​អ្នក​ដឹកនាំ​មួយ​អង្គ​នៅពេល​ព្រះអម្ចាស់​អវត្តមាន គឺ​ដូច​ដែល​យើង​ត្រូវការ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​សព្វ​ថ្ងៃ​នេះ​ដែរ ។

យ៉ូហាន ១៦:១៦-៣៣

ព្រះអង្គ​សង្គ្រោះ​ពិគ្រោះ​អំពី​ការសុគត និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រមទាំង​បាន​មាន​បន្ទូល​ថា​ទ្រង់​នឹង​មាន​ជ័យជំនះ​លើ​ពិភពលោក

សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​និយាយ​លា​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ មួយ​រយៈពេល ឬ ពុំ​ដឹង​ពី​រយៈពេល​នោះ ។ តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ ដើម្បី​លួងលោម​គ្នា​ទៅវិញ​ទៅមក​នៅពេល​អ្នក​និយាយ​ពាក្យ​លា​គ្នា ?

សូម​អាន យ៉ូហាន ១៦:១៦ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លួង​លោម​ចិត្ត នៅពេល​ពួកគេ​បាន​គិត​ពី​ការ​ចាក​ចេញ​របស់​ទ្រង់ ។

នៅក្នុង យ៉ូហាន ១៦:១៧–១៩ យើង​អាន​ថា​ពួក​សិស្ស​ពុំ​យល់​ពី អ្វី​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​នោះ​ទេ នៅពេល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​ចាកចេញ​ទៅ ប៉ុន្តែ​ពួកគេ​នឹង​ឃើញ​ទ្រង់​ម្តង​ទៀត ។

សូម​អាន យ៉ូហាន ១៦:២០–២២ដោយ​រកមើល​អ្វី​ដែល ព្រះអម្ចាស់​មាន​បន្ទូល​ថា​ពួក​សិស្ស​របស់​ទ្រង់​នឹង​មាន​អារម្មណ៍ នៅពេល​ទ្រង់​ចាកចេញ​ទៅ និង អ្វី ដែល​ពួកគេ​នឹង​មាន​អារម្មណ៍​នៅពេល​ពួកគេ​បាន​ឃើញ​ទ្រង់​ម្តង​ទៀត ។ វា​អាច​មាន​ប្រយោជន៍​ដោយ​ដឹង​ថា​ឃ្លា « ​ស្ត្រី​កាល​ណា​ហៀប​នឹង​សំរាល​កូន » នៅក្នុង ខ​ទី ២១ សំដៅ​លើ​ស្ត្រី​ដែល​កំពុង​ពុះពារ​ជាមួយ​ការឈឺពោះ​ឆ្លង​ទន្លេ​ពីមុន​កូន​របស់​នាង​កើត​ចេញ​មក ។

យោង​តាម​ខគម្ពីរ​នេះ តើ​ពួកសិស្ស​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ ? តើ​ទ្រង់​បាន​សន្យា​ថា​ពួកគេ​នឹង​មាន​អារម្មណ៍​បែប​ណា នៅពេល​ពួកគេ​បាន​ឃើញ​ទ្រង់​ម្តង​ទៀត ?

ព្រះយេស៊ូវ​បានជ្រាប​ថា​ពួក​សិស្ស​របស់​ទ្រង់​នឹង​ឃើញ​ទ្រង់​ម្តង​ទៀត​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទោះបី​ជា​ពួកគេ​កើត​ទុក្ខ​ជា​ខ្លាំង​ដោយ​សារ​ការសុគត​របស់​ទ្រង់​ក្តី នោះ​សេចក្តី​អំណរ​ដែល​ពួកគេ​នឹង​ទទួល​បាន​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​នឹង​នៅ​មាន​ជារៀង​រហូត ។

នៅក្នុង យ៉ូហាន ១៦:២៣–៣២ យើង​រៀន​ថា​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់​ដើម្បី អធិស្ឋាន​ដោយ​ផ្ទាល់​ទៅកាន់​ព្រះវរបិតា​សួគ៌​នៅក្នុង​ព្រះនាម​ទ្រង់​គឺ​ព្រះនាម ( របស់​ព្រះយេស៊ូវ​គ្រីស្ទ) ( សូមមើល យ៉ូហាន ១៦:២៣) ហើយ​បញ្ជាក់​ពួកគេ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សម្រាប់​ពួកគេ និង ទ្រង់ ។ ទ្រង់​បាន​អះអាង​ពួកគេ​ថា ការអធិស្ឋាន​របស់​ពួកគេ​បាន​ទូល​ដល់​ព្រះ​វរបិតាសួគ៌ នឹង​បាន​ទទួល​ចម្លើយ ។

សូម​អាន យ៉ូហាន ១៦:៣៣ដោយ​រកមើល​ពាក្យ និង ឃ្លា​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រើ​ដើម្បី​លួងលោម​ពួក​សិស្ស​របស់​ទ្រង់ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ហេតុ​អ្វី​យើង​អាច​មាន​សុភមង្គល និង ភាព​សុខសាន្ត ទោះបី​ជា​ពិភពលោក​នេះ​ពោរពេញ​ដោយ​សេចក្តីទុក្ខលំបាក អំពើ​បាប និង សេចក្តីស្លាប់​ក្តី ?

ចេញ​ពី យ៉ូហាន ១៦:៣៣ យើង​អាច​រៀន​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ បាន​ឈ្នះ​លើ​ពិភពលោក នោះ​យើង​អាច​មាន​សង្ឃឹម និង មាន​ភាព​សុខសាន្ត ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ឈ្នះ​លោកិយ​ហើយ ?

ក្នុង​នាម​ជា​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះវរបិតា នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​អំពើ​បាប យក​ឈ្នះ​លើ​គ្រប់​ការល្បួង​នៃ​លោកិយ ។ ទ្រង់​ក៏​មាន​បទពិសោធន៍​នូវ​គ្រប់​ការឈឺចាប់ និង រងទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​នៃ​កូន​ចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។ តាមរយៈ​ព្រះជន្ម​ទ្រង់ ការរងទុក្ខ និង សុគត ព្រម​ទាំង​ការរស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ទ្រង់​យក​ឈ្នះ​លើ​គ្រប់​របាំង​ទាំងអស់​ដែល​នឹង​រារាំង​យើង​ចេញ​ពី​ភាព​ស្អាតស្អំ ស្វែងរក​ភាពសុខសាន្ត ហើយ​រស់នៅ​ម្តង​ទៀត​ជាមួយ​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌ និង អស់​អ្នក​ដែល​យើង​ស្រឡាញ់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឈ្នះ​លើ​ពិភពលោក​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​សង្ឃឹម និង មាន​ភាព​សុខសាន្ត​តាម​របៀប​ណា​ខ្លះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​មាន​សង្ឃឹម ទោះបី​ជា​នៅ​ក្នុង​ការសាកល្បង និង ការលំបាក​នានា​នៃ​ពិភព​លោក​នេះ​ក្តី ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« សូម​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម ដើម្បី​រស់នៅ​ក្នុង​ជីវិត​នេះ​ចុះ ។ ទោះបី​យើង​រស់នៅ​ក្នុង​គ្រា​ដ៏​វឹកវរ​ក៏​ដោយ ព្រះអម្ចាស់​ស្រឡាញ់ ហើយ​គិត​ដល់​យើង ។ ទ្រង់​នៅ​ខាង​យើង​ជានិច្ច នៅពេល​យើង​ធ្វើ​អ្វី​ដែល​ត្រូវ ។ ទ្រង់​នឹង​ជួយ​យើង​ពេល​យើង​មាន​អាសន្ន ។ …ជីវិត​យើង​អាច​មាន​ក្តីអំណរ​បាន​ផងដែរ នៅពេល​យើង​ធ្វើ​តាម​ការបង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« ព្រះអម្ចាស់​បាន​ក្រើន​រំឭក​ថា ‹ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » [យ៉ូហាន ១៦:៣៣] ។ នេះ​ជា​សុភមង្គល​ដ៏​មហិមា​ដែល​ចំណេះ​ដឹង​នេះ​បាន​ប្រទាន​ដល់​យើង ។ ទ្រង់​រស់​ដើម្បី​យើង ហើយ​ក៏​សុគត​ដើម្បី​យើង​ដែរ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ។ សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​បង្ហាញ​អំណរ​គុណ​ថ្វាយ​ទ្រង់ ដោយ​ទទួល​ពលិកម្ម​របស់​ទ្រង់ ហើយ​រស់នៅ​ក្នុង​ជីវិត​ដែល​សម​ឲ្យ​យើង​ត្រឡប់​ទៅ​រស់​ជាមួយ​នឹង​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ » (« God Be with You Till We Meet Again » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១០–១១ ) ។

សូម​ពិចារណា​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​នៅពេល​ណា​ដែល​ការដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​លោកិយ​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​សង្ឃឹម និង មាន​ភាព​សុខសាន្ត ?

សូម​ព្យាយាម​មាន​សង្ឃឹម ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​មាន​អារម្មណ៍​នៃ​ភាព​សុខសាន្ត និង សេចក្តីសង្ឃឹម​ដែល​មាន តាមរយៈ​ពលិកម្ម​ដ៏​ធួន និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖