មេរៀនទី ១៦ ៖ ថ្ងៃទី ២
យ៉ូហាន ១៧:១២
សេចក្តីផ្ដើម
មុនពេលព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងច្បារគែតសេម៉ានី ទ្រង់បានថ្វាយការអធិស្ឋានជំនួសដ៏អស្ចារ្យរបស់ទ្រង់ ។ ទ្រង់បានអធិស្ឋានឲ្យពួកសិស្សរបស់ទ្រង់ ហើយអស់អ្នកដែលដើរតាមទ្រង់នឹងស្គាល់ព្រះវរបិតា ហើយទទួលបានជីវិតអស់កល្បជានិច្ច ហើយទ្រង់បានអធិស្ឋានថាពួកគេអាចក្លាយជាតែមួយជាមួយទ្រង់ និង ព្រះវរបិតាទ្រង់ ។
យ៉ូហាន ១៧:១-៨
ព្រះយេស៊ូវគ្រីស្ទបានថ្លែងទៅព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន
សូមគិតពីមនុស្សដ៏ល្បីល្បាញមួយចំនួន ដែលអ្នកដឹងអ្វីមួយចំនួនអំពីពួកគេ ។
ឥឡូវសូមគិតពីមនុស្សនានានៅក្នុងជីវិតរបស់អ្នកដែលអ្នកស្គាល់ច្បាស់បំផុត ។
តើការដឹង អំពី នរណាម្នាក់ និង ការស្គាល់ ច្បាស់ពីបុគ្គលម្នាក់នោះខុសគ្នាយ៉ាងណាខ្លះ ? នៅក្នុងចន្លោះខាងក្រោម សូមសរសេរអ្វីមួយចំនួនដែលអ្នកអាចធ្វើ ដើម្បីស្គាល់បុគ្គលម្នាក់នោះកាន់តែច្បាស់ ៖
ព្រះអង្គសង្គ្រោះបានបង្រៀនអំពីសារៈសំខាន់នៃការស្គាល់ព្រះវរបិតាសួគ៌ និង ទ្រង់ ។ នៅពេលអ្នកសិក្សា យ៉ូហាន ១៧សូមរកមើលសេចក្តីពិតដែលនឹងជួយអ្នកនាគ្រាមួយឲ្យធ្វើតាមមាគ៌ាដែលនឹងមិនត្រឹមតែនាំអ្នកឲ្យដឹង អំពី ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់នោះទេ ប៉ុន្តែថែមទាំង ស្គាល់ ពួកទ្រង់កាន់តែច្រើនផងដែរ ។
បន្ទាប់ពី អាហារយប់ថ្ងៃចុងក្រោយ ព្រះអង្គសង្គ្រោះបានយាងជាមួយពួកសិស្សទៅកាន់ច្បារគែតសេម៉ានី ។ ពីមុនពួកលោកទៅដល់សួនច្បារនោះ ព្រះយេស៊ូវបានឈប់មួយសន្ទុះដើម្បីអធិស្ឋាន ។ ការអធិស្ឋាននេះត្រូវបានគេស្គាល់ជាទូទៅថាជាការអធិស្ឋានជំនួស ។ អត្ថន័យមួយនៃពាក្យ ជំនួស គឺមានន័យថានិយាយជាមួយនរណាម្នាក់ជំនួសឲ្យមនុស្សម្នាក់ផ្សេងទៀត ។ នៅក្នុងករណីនេះ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅកាន់ព្រះវរបិតាសួគ៌ជំនួសឲ្យពួកសិស្សរបស់ទ្រង់ ទូលអង្វរថាពួកគេអាចទទួលបានជីវិតអស់កល្បជានិច្ច ។
សូមអាន យ៉ូហាន ១៧:១–៣ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីជីវិតដ៏នៅអស់កល្បជានិច្ច ។ (យ៉ូហាន ១៧:៣ គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចគូសចំណាំខគម្ពីរនេះនៅក្នុងរបៀបមួយដែលជួយអ្នកឲ្យរកឃើញវានៅពេលក្រោយ ) ។
ចេញពី យ៉ូហាន ១៧:៣ យើងរៀនសេចក្តីពិតដូចតទៅនេះ ៖ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច នោះយើងត្រូវតែស្គាល់ដល់ទ្រង់ជាព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើ ការស្គាល់ ព្រះវរបិតា និង ព្រះរាជបុត្រទ្រង់ខុសគ្នាពីការដឹង អំពី ពួកទ្រង់យ៉ាងដូចម្តេចខ្លះ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសចំណាំអ្វីដែលលោកបានមានប្រសាសន៍ពីអត្ថន័យនៃការស្គាល់ដល់ព្រះវរបិតា និង ព្រះរាជបុត្រា ៖ « ការដឹងអំពីព្រះជារឿងមួយ ហើយការស្គាល់ទ្រង់គឺជារឿងមួយផ្សេងទៀត ។ យើងដឹងអំពីទ្រង់ នៅពេលយើងរៀនថាទ្រង់គឺមានព្រះកាយដូចដែលមនុស្សត្រូវបានបង្កើតឡើង នៅពេលយើងរៀនថាព្រះរាជបុត្រាមានព្រះកាយដូចទៅនឹងព្រះកាយរបស់បិតាទ្រង់ នៅពេលយើងរៀនថាទាំងព្រះវរបិតា និង ព្រះរាជបុត្រាមាននូវលក្ខណៈ និង ព្រះចេស្តាអស្ចារ្យ ។ ប៉ុន្តែយើងស្គាល់ពួកទ្រង់ នៅក្នុងរបៀបមួយនៃការទទួលបានជីវិតអស់កល្បជានិច្ច នៅពេលយើងរីករាយ ហើយមានបទពិសោធន៍ដូចទៅនឹងអ្វីដែលទ្រង់មាន ។ ដើម្បីស្គាល់ព្រះគឺត្រូវគិតដូចដែលទ្រង់គិត ទទួលនូវអារម្មណ៍ដូចដែលទ្រង់មាន មានអំណាចដូចដែលទ្រង់មាន យល់សេចក្តីពិតដែលទ្រង់យល់ និងធ្វើអ្វីដូចដែលទ្រង់ធ្វើ ។ អស់អ្នកដែលស្គាល់ដល់ព្រះប្រែក្លាយដូចជាទ្រង់ ហើយមានជីវិតដូចជាទ្រង់ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច » (Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៦២ ) ។
ការស្គាល់ព្រះ និង ប្រែក្លាយដូចជាទ្រង់គឺអាចកើតឡើងចំពោះយើង នៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលពរជ័យទាំងអស់នៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ទោះជាយ៉ាងណា នេះគឺជាដំណើរការដែលនឹងបន្តពេញមួយជីវិតនេះ និង ក្រោយពីជីវិតនេះផងដែរ ( សូមមើល មរ៉ូណៃ ៧:៤៨, ១០:៣២–៣៣) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីមនុស្សម្នាក់ពុំអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើគាត់ពុំស្គាល់ព្រះជាព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកអាចស្គាល់ព្រះវរបិតា និង ព្រះរាជបុត្រាឲ្យបានកាន់តែប្រសើរឡើងតាមរបៀបណាខ្លះ ?
-
នៅក្នុង យ៉ូហាន ១៧:៤–៥ យើងរៀនថាព្រះអង្គសង្គ្រោះបានរាយការណ៍ដល់ព្រះវរិបតារបស់ទ្រង់ថា ទ្រង់បានបញ្ចប់កិច្ចការដែលទ្រង់បានប្រទានដល់ព្រះអង្គឲ្យធ្វើ ។ ទ្រង់បានសុំឲ្យព្រះវរបិតាទ្រង់សរសើរតម្កើងដល់ទ្រង់ដោយនូវសិរីល្អដដែលនោះដែលទ្រង់ធ្លាប់មានកាលនៅក្នុងជីវិតមុនឆាកជីវិតនេះ ។
សូមអាន យ៉ូហាន ១៧:៦–៨ដោយរកមើលអ្វី ដែលពួកសិស្សបានធ្វើដើម្បីស្គាល់ព្រះអង្គសង្គ្រោះ ។ អ្នកអាចគូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
ចំណេះចំណានខគម្ពីរ—យ៉ូហាន ១៧:៣
-
សូមអានសំណៅនៃចំណេះចំណានខគម្ពីរខាងក្រោម យ៉ូហាន ១៧:៣ ឲ្យឮ ៖
« នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង » ។
បន្ទាប់មក សូមលុបពាក្យបីម៉ាត់ដើម្បីកុំឲ្យអ្នកឃើញវា ហើយអានវគ្គបទគម្ពីរនោះឲ្យឮៗម្តងទៀត រួមជាមួយពាក្យដែលអ្នកលុបចោលនោះ ។ សូមធ្វើការលុបពាក្យ និង អានវគ្គខគម្ពីរនោះឲ្យឮម្តងហើយម្តងទៀតរហូតដល់ពាក្យទាំងអស់ត្រូវបានលុបចោល ។ ក្រោយមកសូមសរសេរវគ្គខគម្ពីរនោះតាមការចាំរបស់អ្នកឲ្យអស់ពីសមត្ថភាព នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
យ៉ូហាន ១៧:៩-១៩
ព្រះអង្គសង្គ្រោះអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់
សូមអាន យ៉ូហាន ១៧:៩, ១១–១៨ដោយរកមើលអ្វីដែលព្រះយេស៊ូវបានអធិស្ឋានជំនួសពួកសិស្សរបស់ទ្រង់ ។
សូមកត់ចំណាំថាព្រះអង្គសង្គ្រោះបានថ្លែងថា ពួកសិស្សរបស់ទ្រង់នឹងបន្តរស់នៅក្នុងលោកិយដែលអាក្រក់ និង ស្អប់ពួកគេ ។ ចេញពី យ៉ូហាន ១៧:១៤–១៦ យើងរៀនថា ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនៅក្នុងលោកិយនេះ ប៉ុន្តែយើងពុំមែនជារបស់លោកិយនេះឡើយ ។ អ្នកអាចសរសេរគោលការណ៍នេះ នៅគែមលើព្រះគម្ពីររបស់អ្នក ។
តើអ្នកគិតថា នៅក្នុង លោកិយ ប៉ុន្តែពុំមែនជា របស់ លោកិយ មានន័យដូចម្ដេច ?
សេចក្តីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អាចជួយអ្នកឲ្យយល់ពីរបៀបដើម្បីរស់នៅក្នុងលោកិយ ប៉ុន្តែមិនមែនជារបស់លោកិយ ៖
« នៅក្នុងសាសនាចក្រ ជាញឹកញាប់យើងថ្លែងពីឃ្លាពីរ ៖ ‹ ចូរនៅក្នុងលោកិយ ប៉ុន្តែពុំមែនជារបស់លោកិយឡើយ ›។ …
« ប្រហែលជាយើងគួរតែថ្លែងឃ្លាពីរនេះ … ថាជាការព្រមានពីរផ្សេងគ្នា ។ ទីមួយ ‹ ចូរនៅក្នុងលោកិយ › ។ ចូរចុះប្រឡូក ចូរទទួលដឹងឮ ។ ចូរព្យាយាមយល់ ហើយស៊ូទ្រាំ ព្រមទាំងមានអំណរគុណដល់ភាពទីទៃពីគ្នា ។ សូមធ្វើការចូលរួមចំណែកក្នុងសង្គមដ៏មានអត្ថន័យតាមរយៈការបម្រើ និង ការចុះប្រឡូកនានា ។ ទីពីរ ‹ ពុំមែនជារបស់លោកិយឡើយ › ។ សូមកុំដើរតាមផ្លូវខុសឡើយ ឬ បត់បែនបំពេញចិត្ត ឬ ទទួលយកអ្វីដែលពុំត្រឹមត្រូវឡើយ ។ …
« សមាជិកសាសនាចក្រត្រូវតែជះឥទ្ធិពលលើមនុស្សដទៃជាជាងទទួលឥទ្ធិពលពីមនុស្សដទៃ ។ យើងគួរតែធ្វើការដើម្បីកាត់បន្ថយអំពើបាប និង សេចក្តីអាក្រក់ជាជាងឲ្យវាបក់ផាត់មកលើយើងដោយងាយ ។ យើងម្នាក់ៗត្រូវតែជួយដោះស្រាយបញ្ហា ជាជាងចៀសវាង ឬ ព្រងើយកន្តើយពីបញ្ហានោះ » (« The Effects of Television » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៨០ ) ។
សូមសញ្ជឹងគិតពីមូលហេតុដែលព្រះអម្ចាស់ចង់ឲ្យយើងបន្តនៅក្នុងលោកិយ ប៉ុន្តែពុំមែនជារបស់លោកិយឡើយ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ពីរបៀបដែលមនុស្សម្នាក់អាចនៅក្នុងលោកិយ ប៉ុន្តែពុំមែនជារបស់លោកិយ នៅក្នុងស្ថានភាពដូចតទៅនេះ ៖ នៅសាលារៀន នៅជាមួយមិត្តភក្តិ និង នៅតាមអ៊ិនធើរណែត ។ បន្ទាប់មកសូមសរសេររបៀបជាក់លាក់មួយដែលអ្នកនឹងព្យាយាមធ្វើតាមព្រះអង្គសង្គ្រោះឲ្យបានកាន់តែប្រសើរឡើងតាមរយៈការនៅក្នុងលោកិយ ប៉ុន្តែពុំមែនជារបស់លោកិយ ។
យ៉ូហាន ១៧:២០-២៦
ព្រះអង្គសង្គ្រោះអធិស្ឋានសម្រាប់មនុស្សទាំងអស់ដែលទទួលដំណឹងល្អរបស់ទ្រង់
ទោះបីជាយើងខំប្រឹងខ្នះខ្នែងអស់ពីសមត្ថភាពក្តី យើងនៅតែពុំស្អាតស្អំទាំងស្រុងពីអំពើបាប និង អំពើអាក្រក់ដែលមាននៅក្នុងពិភពលោកនេះឡើយ ។ ប្រសិនបើយើងពុំអាចជ្រះស្អាតពីអំពើបាបរបស់យើង នោះយើងនឹងត្រូវកាត់ចេញពីវត្តមានរបស់ព្រះជារៀងរហូត ដោយសារគ្មានរបស់ដែលមិនស្អាតណាអាចនៅក្នុងវត្តមានរបស់ទ្រង់បានឡើយ ( សូមមើល នីហ្វៃទី ១ ១៥:៣៣–៣៤) ។
សូមអាន យ៉ូហាន ១៧:២០–២៣ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានអធិស្ឋានឲ្យ ។ អ្នកអាចគូសចំណាំពាក្យ តែមួយ ពេលដែលឃើញវានៅក្នុងខទាំងនេះផងដែរ ។
សូមកត់ចំណាំថាព្រះអង្គសង្គ្រោះពុំគ្រាន់តែអធិស្ឋានសម្រាប់ពួកសាវករបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងបានអធិស្ឋានសម្រាប់អស់អ្នកដែលនឹងជឿលើពាក្យរបស់ពួកគេ ថាពួកគេទាំងអស់គ្នាអាចក្លាយទៅជាតែមួយដូចជាព្រះយេស៊ូវ និង ព្រះវរបិតាក្លាយជាតែមួយផងដែរ ។ ខគម្ពីរទាំងនេះបានប្រាប់យ៉ាងច្បាស់ថា ព្រះវរបិតា និង ព្រះរាជបុត្រាគឺជាតួអង្គពីរដាច់ដោយឡែកពីគ្នា ។ ព្រះយេស៊ូវបានអធិស្ឋានសម្រាប់ភាពសាមគ្គីខាងវិញ្ញាណ ពុំមែនភាពសាមគ្គីខាងសាច់ឈាមឡើយ។
តើអ្វីដែលអាចធ្វើឲ្យយើងប្រែក្លាយទៅជាតែមួយជាមួយព្រះវរបិតា និង ព្រះរាជបុត្រានោះ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលយើងអាចប្រែក្លាយជាតែមួយជាមួយនឹងព្រះវរបិតា និង ព្រះរាជបុត្រា ៖ « អត្ថន័យពិតនៃពាក្យ ដង្វាយធួន ជាភាសាអង់គ្លេសនោះគឺជាក់ស្តែង ៖ នៅពេលមួយ ជាការនាំមកចូលគ្នាវិញនូវអ្វីៗដែលបានបែកខ្ញែក ឬ ដែលឃ្លាតឆ្ងាយពីគ្នា » (« The Atonement of Jesus Christ » Ensign ខែ មិនា ឆ្នាំ ២០០៨ ទំព័រ ៣៤–៣៥ ) ។
សេចក្តីពិតសំខាន់មួយដែលយើងអាចរៀនពី យ៉ូហាន ១៧:២០–២៣ គឺថា នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលពរជ័យនៃដង្វាយធួនរបស់ទ្រង់ នោះយើងនឹងអាចប្រែក្លាយទៅជាតែមួយជាមួយព្រះវរបិតា និង ព្រះរាជបុត្រា ។
ចេញពីអ្វី ដែលអ្នកស្គាល់ពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហេតុអ្វីបានជាអ្នកចង់ប្រែក្លាយទៅជាតែមួយជាមួយពួកទ្រង់ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុងគណៈប្រធានទីមួយ ដោយរកមើលពរជ័យដែលកើតឡើងដល់អស់អ្នកដែលព្យាយាមប្រែក្លាយទៅជាតែមួយជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
« យើងគួរតែព្យាយាមឲ្យអស់ពីចិត្តដោយពុំគ្រាន់តែដឹងអំពីលោកចៅហ្វាយឡើយ ប៉ុន្តែថែមទាំងព្យាយាម ដូចដែលទ្រង់បានអញ្ជើញ ឲ្យប្រែក្លាយទៅជាតែមួយជាមួយទ្រង់ ( សូមមើល យ៉ូហាន ១៧:២១) ដើម្បី ‹ ឲ្យទ្រង់ចម្រើនកម្លាំងចិត្តខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ › (អេភេសូរ ៣:១៦) ។ …
« វាគឺជាទីបន្ទាល់របស់ខ្ញុំថាយើងកំពុងជួបនូវគ្រាដ៏លំបាក ។ យើងត្រូវតែក្លាហានដើម្បីគោរពប្រតិបត្តិ ។ ទីបន្ទាល់របស់ខ្ញុំគឺថា យើងនឹងត្រូវបានហៅឲ្យបង្ហាញភាពអំណត់ខាងវិញ្ញាណរបស់យើង ដ្បិតនៅថ្ងៃខាងមុខនឹងមានភាពពោរពេញដោយសេចក្តីវេទនា និង ការលំបាក ។ ប៉ុន្តែដោយមានការអះអាងពីការលួងលោមនៃទំនាក់ទំនងផ្ទាល់ជាមួយព្រះ នោះយើងនឹងត្រូវបានប្រទានឲ្យនូវភាពក្លាហានដ៏សុខសាន្ត » (« That We Might Know Thee » Ensign ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ២, ៥ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីស្គាល់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយពួកទ្រង់នោះ ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ូហាន ១៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរគំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖