បណ្ណាល័យ
សេចក្ដី​ណែនាំ​អំពី​គម្ពីរ​យ៉ូហាន


សេចក្ដី​ណែនាំ​អំពី​គម្ពីរ យ៉ូហាន

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

អំឡុង​ពេល​កើន​ឡើង​នៃ​ការបៀតបៀន​ប្រឆាំង​នឹង​ពួក​គ្រីស្ទាន ការកើនឡើង​នៃ​ការក្បត់​សាសនា និង ឈ្លោះ​ប្រកែក​គ្នា​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សាវក​យ៉ូហាន​បាន​កត់ត្រា​ទីបន្ទាល់​របស់​លោក​អំពី​ព្រះអង្គ​សង្គ្រោះ ។ ការសិក្សា​ដំណឹងល្អ​របស់​យ៉ូហាន អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌​តាមរយៈ​ការបម្រើ​របស់​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណើរ​រឿង​របស់​យ៉ូហាន​បង្រៀន​ថា អស់​អ្នក​ដែល​រស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​ទទួល​ពរជ័យ​ដ៏​មហិមា រួម​ទាំង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​យ៉ូហាន​ជា​អ្នកសរសេរ​គម្ពីរ​នេះ ។ ពេញមួយ​គម្ពីរ​នេះ លោក​បាន​និយាយ​អំពី​ខ្លួន​លោក​ថា​ជា « សិស្ស​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ » ( សូមមើល យ៉ូហាន ១៣:២៣, ១៩:២៦, ២០:២, ២១:៧, ២០) ។

យ៉ូហាន និង ប្អូន​ប្រុស​របស់លោក​យ៉ាកុប​គឺ​ជា​អ្នក​នេសាទ​ត្រី ( សូមមើល ម៉ាថាយ ៤:២១) ។ ពីមុន​ក្លាយ​ជា​សិស្ស និង ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ យ៉ូហាន​មើល​ទៅ​គឺ​ជា​អ្នក​ដើរ​តាម​យ៉ូហាន បាទីស្ទ ( សូមមើល យ៉ូហាន ១:៣៥–៤០សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, « យ៉ូហាន កូន​សេបេដេ » scriptures.lds.org) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹង​ពី​ពេលវេលា ច្បាស់លាស់​ដែល​យ៉ូហាន​បាន​សរសេរ​គម្ពីរ​ទេ ។ កាលបរិច្ឆេទ​ដែល​ផ្តល់​ឲ្យ​សម្រាប់​ការសរសេរ​នេះ​នៅ​ចន្លោះ​ចាប់​ពី គ.ស. ឆ្នាំ ៦០ និង គ.ស ឆ្នាំ ១០០ ។ អ្នក​និពន្ធ​ពួក​គ្រីស្ទាន​ពីមុនៗ នៃ​សតវត្សរ៍​ទី​ពីរ​នៃ គ. ស. បាន​ផ្តល់​យោបល់​ថា​យ៉ូហាន​បាន​សរសេរ​សៀវភៅ​នេះ​នៅ​អេភេសូរ នៅ​អាស៊ី​ម៉ានើរ ( ប្រទេស​ទួគី​បច្ចុប្បន្ន​នេះ ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ទោះបី​ជា​ការសរសេរ​របស់​យ៉ូហាន​សំដៅ​ដល់​មនុស្ស​គ្រប់​គ្នា​ក្តី សារលិខិត​របស់​អ្នក​ក៏​សរសេរ​សម្រាប់​អ្នក​អាន​ជាក់លាក់​ជា​ច្រើន​ផងដែរ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សរសេរ ៖ « ដំណឹងល្អ​របស់​យ៉ូហាន​គឺ​ជា​ដំណើរ​រឿង​សម្រាប់​ពួក​បរិសុទ្ធ វា​គឺ​ជា​ដំណឹង​ល្អ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​សាសនាចក្រ » (Doctrinal New Testament Commentary, ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៦៥ ) ។ យ៉ូហាន​បាន​ថ្លែង​ថា គោលបំណង​របស់​លោក​ចំពោះ​ការសរសេរ​គម្ពីរ​នេះ​គឺ​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ « ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ » (យ៉ូហាន ២០:៣១) ។ « ដំណើរ​រឿង​មក​ពី​ខ្សែ​ជីវិត​របស់​ព្រះយេស៊ូវ​ដែល [ យ៉ូហាន ] ពិពណ៌នា​ត្រូវ​បាន​ជ្រើសរើស​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​រៀបចំ​ដោយ​គោលបំណង​នេះ » ( Bible Dictionary, « John, Gospel of ») ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ប្រហែល​ជា​៩២​ភាគរយ​នៃ​ឯកសារ​នៅក្នុង​ដំណឹង​ល្អ​របស់​យ៉ូហាន​គ្មាន​នៅក្នុង​ដំណើររឿង​នៃ​ដំណឹង​ល្អ​ផ្សេង​ទៀត​ឡើយ ។ ការណ៍​នេះ​ដោយសារ​ប្រហែល​ជា​អ្នក​អាន​របស់​យ៉ូហាន—សមាជិក​សាសនាចក្រ​ដែល​ធ្លាប់​យល់​ពី​ព្រះ​យេស៊ូវគ្រីស្ទ​រួច​ហើយ​នោះ—ផ្សេង​ពី​អ្នក​អាន​របស់​ដំណឹង​ល្អ​ម៉ាថាយ ម៉ាកុស និង លូកា ។ អព្ភូតហេតុ​ទាំង​ប្រាំពីរ​ដែល​បាន​រៀបរាប់​ដោយ​យ៉ូហាន មាន​ប្រាំ​ពុំ​បាន​កត់ត្រា​នៅក្នុង​ដំណឹងល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ ។ ខណៈ​ដែល​ម៉ាថាយ ម៉ាកុស និង លូកា​បាន​បង្ហាញ​ពី​ព័ត៌មាន​ដ៏​អស្ចារ្យ​អំពី​ការបម្រើ​របស់​ព្រះយេស៊ូវ​នៅ​ស្រុក​កាលីឡេ យ៉ូហាន​បាន​កត់ត្រា​នូវ​ព្រឹត្តិការណ៍​ជាច្រើន ដែល​បាន​កើត​ឡើង​នៅ​ស្រុក​យូដា ។ ដំណឹងល្អ​របស់​យ៉ូហាន​មាន​នូវ​គោលលទ្ធិ​យ៉ាង​ច្រើន ជាមួយ​នឹង​ប្រធាន​បទ​ចម្បងៗ​របស់​វា គឺ​អំពី​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវការ​ដើម្បី​កើត​ជា​ថ្មី​ឡើង​វិញ​ម្តង​ទៀត សារៈសំខាន់​នៃ​ការស្រឡាញ់​មនុស្ស​ដទៃ និង សារៈសំខាន់​នៃ​ការជឿ​លើ​ព្រះអង្គ​សង្គ្រោះ ។

យ៉ូហាន​បាន​គូស​បញ្ជាក់​ពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថា ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ យ៉ូហាន​បាន​កត់ត្រា​ការមាន​បន្ទូល​របស់​ព្រះយេស៊ូវ​ទៅកាន់​ព្រះវរបិតា​ទ្រង់ ​ជាង១០០​ដង ជាមួយ យ៉ូហាន ១៤ តែ​ឯង​បាន​កត់ត្រា​ពី​ការ​មាន​បន្ទូល​នោះ​ជាង​២០​ដង ។ ការរួម​ចំណែក​មួយ​ដ៏​ធំ​របស់​យ៉ូហាន នោះ​គឺ​បញ្ចូល​យោបល់​របស់​លោក​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដល់​ពួក​សិស្ស​របស់​ទ្រង់ នៅ​ប៉ុន្មាន​ម៉ោង​ពីមុន​ការចាប់​ព្រះកាយ​ទ្រង់ រួមទាំង​ការអធិស្ឋាន​ជំនួស​ដ៏​អស្ចារ្យ ដែល​បាន​ធ្វើ​ឡើង​នៅ​យប់​ដែល​ទ្រង់​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ។ ផ្នែក​មួយ​នេះ​នៃ​ដំណើរ​រឿង​របស់​យ៉ូហាន (យ៉ូហាន ១៣–១៧) បង្ហាញ​ជាង​១៨​ភាគរយ​នៃ​ទំព័រ​ទាំងឡាយ​នៅក្នុង​យ៉ូហាន ផ្តល់​ដល់​យើង​នូវ​ការយល់​ដឹង​យ៉ាង​អស្ចារ្យា​អំពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ និង អ្វី​ដែល​ទ្រង់​រំពឹង​ពី​ពួក​សិស្ស​របស់​ទ្រង់ ។

គម្រោង

យ៉ូហាន ១ យ៉ូហាន​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​ពី​ជីវិត​មុន​ឆាក​ជីវិត​នេះ និង បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​មនុស្ស​លោក​ទាំងអស់ ។ យ៉ូហាន​កត់ត្រា​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះយេស៊ូវ និង ការហៅ​បម្រើ​មួយ​ចំនួន​របស់​ពួក​សាវក​ទ្រង់ ។

យ៉ូហាន ២–៤ ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា ។ ទ្រង់​បង្រៀន​នីកូដេម​អំពី​ការកើត​វិញ​ម្តង​ទៀត​ខាង​វិញ្ញាណ ហើយ​ថ្លែង​ទីបន្ទាល់​ពី​ស្ត្រី​នៅ​ឯ​អណ្តូង​ទឹក​ថា​ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​ព្យាបាល​កូន​ប្រុស​របស់​អ្នក​មាន​ត្រកូល​ខ្ពស់​ម្នាក់ ។

យ៉ូហាន ៥-៧ ព្រះអង្គសង្គ្រោះ​ព្យាបាល​បុរស​ខ្វិន​ម្នាក់​នៅ​ឯ​ស្រះ​ទឹក​បេថែសដា ហើយ​ប្រកាស​ពី​ព្រះចេស្តា និង សិទ្ធិអំណាច​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់ ។ ទ្រង់​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង ៥០០០​នាក់​នៅក្នុង​ការរៀបចំ​សម្រាប់​ការ​ថ្លែង​អំពី​នំបុ័ង​ជីវិត​របស់​ទ្រង់ ប្រកាស​ថាទ្រង់​គឺ​ជា​ព្រះមែស៊ី ហើយ​ប្រកាស​នៅ​ឯ​បុណ្យ​បារាំ​ថា មាន​តែ​អស់​អ្នក​ដែល​ទទួល​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​បាន ។

យ៉ូហាន ៨-១០ តាមរយៈ​បទពិសោធន៍​នៃ​ស្ត្រី​ដែល​បាន​តាម​ទាន់​ពេល​កំពុង​ប្រព្រឹត្តិ​អំពើ​សហាយ​ស្មន់​នឹង​គ្នា នោះ​ព្រះ​យេស៊ូវ​បង្រៀន​អំពី​សេចក្តី​អាណិត​អាសូរ និង ការប្រែចិត្ត ។ ទ្រង់​បាន​ប្រកាស​ថា​អង្គ​ទ្រង់​ផ្ទាល់​គឺ​ជា​ព្រះយេហូវ៉ា មាន​គ្រប់​ព្រះចេស្ដា ។ ទ្រង់​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ហើយ​ពិពណ៌នា​ពី​ខ្លួន​អង្គ​ទ្រង់​ថា​ជា​អ្នក​គង្វាល​ល្អ ដែល​ស្រឡាញ់ ហើយ​លះបង់​ជីវិត​ទ្រង់​សម្រាប់​ចៀម​របស់​ទ្រង់ ។

យ៉ូហាន ១១-១៣ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រោស​ឡាសារ​ឲ្យ​រស់ពី​ស្លាប់ ការសម្តែង​ព្រះចេស្តា​របស់​ទ្រង់​លើ​សេចក្តីស្លាប់ ។ ទ្រង់​បាន​យាង​ចូល​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។ អំឡុង​ពេល​អាហារ​ចុងក្រោយ ព្រះយេស៊ូវ លាង​ជើង​ឲ្យ​សាវក​ទ្រង់ និង បង្រៀន​ពួកគេ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ មក ។

យ៉ូហាន ១៤-១៦ ព្រះយេស៊ូវ​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ទំនាក់​ទំនង​រវាង​សេចក្តី​ស្រឡាញ់ និង ការគោរពប្រតិបត្តិ ។ ទ្រង់​សន្យា​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ ( ព្រះវិញ្ញាណ​បរិសុទ្ធ ) ហើយ ដើម្បី​បម្រើ​ដោយ​ផ្ទាល់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​ប្រកាស​ថា ទ្រង់​គឺ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ថា​ទ្រង់​បាន​ឈ្នះ​លើ​ពិភពលោក​ហើយ ។

យ៉ូហាន ១៧-១៩ ព្រះយេស៊ូវ​ថ្វាយ​ការអធិស្ឋាន​ជំនួស​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ ហើយ​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ការបង្រៀន​របស់​ពួកគេ ។ ទ្រង់​ត្រូវ​បាន​គេ​ក្បត់ ចាប់​ព្រះកាយ កាត់ទោស និង ដាក់​ទណ្ឌកម្ម ។ បន្ទាប់​ពី​ការរងទុក្ខ​នៅលើ​ឈើឆ្កាង នោះ​ទ្រង់​សុគត ហើយ​បាន​បញ្ចុះ ។

យ៉ូហាន ២០-២១ ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា​មក​ពី​ស្រុក​ម៉ាដាឡា​នៅ​ឯ​សួន​ផ្នូរ ហើយ​ក្រោយ​មក​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​យេរូសាឡិម ។ ទ្រង់​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សិស្ស​ប្រាំពីរ​នាក់​នៅ​ឯ​សមុទ្រ​កាលីឡេ ហើយ​បាន​ប្រទាន​អំណាច​ដល់​ពេត្រុស ឲ្យ​ដឹកនាំ​ពួក​សាវក​នៅក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ ។