បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​យូដាស


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ យូដាស

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​ទូទៅ​របស់​យូដាស​ពិពណ៌នា​ពី​កម្លាំង​នៃ​ការ​ក្បត់​សាសនា​ដែល​បាន​កើត​មាន​នៅ​ក្នុង​សាសនាចក្រ​កាល​ពី​បុរាណ ។ នៅពេល​អ្នក​សិក្សា​សំបុត្រ​នេះ អ្នក​អាច​រៀន​ពី​របៀប​ដើម្បី​ដឹង​ពី​ជន​ដែល​ស្វែង​រក​អូសទាញ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ជំនឿ ។ អ្នក​ក៏​អាច​ទទួល​អារម្មណ៍​អំពី​សារៈសំខាន់​នៃ​ការ​ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ​និង​ការ​បន្ត​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​ជំនឿ​នោះ​ផង​ដែរ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

អ្នក​និពន្ធ​សំបុត្រ​នេះ​បង្ហាញ​ខ្លួន​ឯង​ថា​ជា « យូដាស ជា​បាវ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជា​ប្អូន​យ៉ាកុប » ( យូដាស ១:១ ) ។​ ជាទូទៅ អ្នក​និពន្ធ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា យូដាស​ជា​បងប្អូន​ពោះ​តែ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ាថាយ ១៣:៥៥, ម៉ាកុស ៦:៣ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « យូដាស » ) ។

ជាក់​ស្ដែង​ណាស់​ថា​យូដាស​គឺជា​សមាជិក​សាសនា​ម្នាក់​ដែល​មាន​គេ​គោរព​រាប់​អាន​ច្រើន​នៅ​យេរូសាឡិម ហើយ​លោក​ប្រហែល​ជា​ធ្វើ​ដំណើរ​ទៅ​ផ្សាយ​សាសនា ( សូម​មើល កិច្ចការ ១:១៣–១៤, កូរិនថូស ទី​១ ៩:៥ ) ។ គ្មាន​ការ​បញ្ជាក់​ណា​មួយ​ពី​តំណែង​បព្វជិភាព​ដែល​យូដាស​បាន​កាន់​ឡើយ ប៉ុន្តែ​សំបុត្រ​នេះ​ប្រាប់​ថា លោក​មាន​តួនាទី​ជា​អ្នក​មាន​សិទ្ធិ​អំណាច​មួយ​រូប ទើប​ធ្វើ​ឲ្យ​លោក​អាច​សរសេរ​សំបុត្រ​ទូន្មាន​បាន ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹងពី​ទីកន្លែង​ដែល​សំបុត្រ​របស់​យូដាស​ត្រូវ​បាន​សរសេរ​ឡើងឡើយ ។ ប្រសិន​បើ​សំបុត្រ​នេះ​ពិត​ជា​និពន្ធ​ដោយ​យូដាស​ដែល​ជា​ប្អូន​របស់​ព្រះយេស៊ូវ​មែន នោះ​វា​ប្រហែល​ជា​សរសេរ​ឡើង​នៅ​ចន្លោះ គ.ស. ឆ្នាំ ៤០ និង ៨០ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​របស់​យូដាស​បាន​លើក​ឡើង​ពី​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់—« ជា​ពួក​អ្នក​ស្ងួនភ្ងា​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរបិតា ដែល​បម្រុង​ទុក​ក្នុង​ព្រះយេស៊ូវគ្រីស្ទ » ( យូដាស ១:១ ) ។ គោលបំណង​របស់​យូដាស​ដែល​បាន​លើក​ឡើង​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​អ្នក​អាន​របស់​លោក​ឲ្យ « ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ » ( យូដាស ១:៣ ) ទាស់​នឹង​ពួក​គ្រូបង្រៀន​ខាង​លោកិយ​ដែល​បាន​ចូល​ក្នុង​សាសនាចក្រ ហើយ​កំពុង​តែ​លើក​កម្ពស់​ដល់​ឥវិយាបថ​អសីធម៌ និង​ការ​បង្រៀន​ខុស​ឆ្គង​ដែល​បាន​បដិសេធ​ដល់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ទោះ​វា​ជា​គម្ពីរ​ខ្លី​បំផុត​មួយ​ក្នុង​ចំណោម​គម្ពីរ​ដ៏​ខ្លី​បំផុត​នានា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្ដី ក៏​សំបុត្រ​របស់​យូដាស​មាន​នូវ​ព័ត៌មាន​ដែល​គ្មាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ​ប៊ីប​មាន ។ យូដាស​បាន​សរសេរ​អំពី « ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន » ( យូដាស ១:៦ សូម​មើល​ផង​ដែរ អ័ប្រាហាំ ៣:២៦ ) នៃ​ការ​ប្រឈម​មុខ​មួយ​រវាង​មីកែល និង​លូស៊ីហ្វើរ​ចំពោះ​រូបកាយ​របស់​ម៉ូសេ ( យូដាស ១:៩ ) និង​ពី​ការ​ព្យាករ​មួយ​របស់​អេណុក​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ( យូដាស ១:១៤–១៥ សូម​មើល​ផង​ដែរ ម៉ូសេ ៧:៦៥–៦៦ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​កត់​សម្គាល់​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​សំបុត្រ​របស់​យូដាស ៖

« នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ទាំងមូល មាន​តែ​យូដាស​ម្នាក់​គត់​ដែល​បាន​រក្សា​សម្រាប់​យើង​នូវ​គំនិត​ថា ជីវិត​មុន​គឺជា​សណ្ឋាន​ទីមួយ​របស់​យើង ហើយ​ថា​មាន​ពួក​ទេវតា​ដ៏​ជាក់លាក់​មិន​បាន​ជាប់​ការ​សាកល្បង​នោះ​ទេ ។

« មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​យើង​បាន​រកឃើញ​ចំណេះដឹង​ពី​ជម្លោះ​រវាង​មីកែល និង​លូស៊ីហ្វើរ​អំពី​រូបកាយ​របស់​ម៉ូសេ ។

« មាន​តែ​លោក​ម្នាក់​គត់​ដែល​កត់ត្រា​ពី​ការ​ព្យាករ​ដ៏​រុងរឿង​របស់​អេណុក​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​នៃ​កូន​មនុស្ស » ( Doctrinal New Testament Commentary វគ្គ​ទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ៣:៤១៥ ) ។

ពាក្យ​របស់​យូដា​ទាស់​ត្រង់ៗ​ចំពោះ​អ្នក​ដែល​បដិសេធ​ព្រះ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ទាស់​នឹង​អ្នក​ដែល​កំពុង​អនុវត្ត​ការ​ថ្វាយ​បង្គំ​ផាហ្គា​ដែល​អសីលធម៌ និង​កំពុង​ប្រកាស​ថា​ខ្លួន​លែង​ត្រូវ​ការ​គោរព​តាម​ព្រះបញ្ញត្តិ រួម​ទាំង​ច្បាប់​ព្រហ្មចារីភាព​ផង​ដែរ ។ លោក​បាន​ពិពណ៌នា​ពី​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​នៃ​បុគ្គល​ទុច្ចរិត​ទាំងនេះ ។

គម្រោង​មេរៀន

យូដាស ១ ។ យូដាស​ដាស់តឿន​សមាជិក​សាសនាចក្រ​ឲ្យ « ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ » ( យូដាស ១:៣ ) ។ លោក​ពន្យល់​ថា មនុស្ស​បាន​លប​ចូល​ទាំង​សំញែង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ ហើយ​កំពុង​ផ្សព្វផ្សាយ​គោលលទ្ធិ​ខុស​ឆ្គង ហើយ​ជំរុញ​ឲ្យ​ធ្វើ​អាក្រក់ ។ លោក​ព្រមាន​អំពី​ការជំនុំជម្រះ​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​ងាកចេញ​ពី​ព្រះ ហើយ​លោក​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ ហើយ « ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​[ របស់​ពួកគេ ] » ( យូដាស ១:២១ ) ។