បណ្ណាល័យ
មេរៀន​ទី ១០ ថ្ងៃ​ទី ១ ៖ លូកា ៥


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ១

លូកា ៥

សេចក្តីផ្តើម

ពេត្រុស យ៉ាកុប និង យ៉ូហាន គឺ​ជា​អ្នក​នេសាទ​ត្រី ប៉ុន្តែ​បន្ទាប់ពី​ការចាប់​បាន​ត្រី​ដ៏​ច្រើន​សន្ធឹក​ដោយ​អព្ភូតហេតុ​ដែល​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពួកគេ​បាន​បោះ​បង់​ចោល​អ្វីៗ​ទាំងអស់ ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ក្លាយជា​អ្នក​នេសាទ​មនុស្ស ។ ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ឃ្លង់​ម្នាក់ និង​មនុស្ស​ខ្វិន​ម្នាក់ ។ ទ្រង់​បាន​ហៅ​ម៉ាថាយ​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​បាន​បង្រៀន​ថា ទ្រង់​យាង​មក​ដើម្បី​ហៅ​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត ។ ព្រះយេស៊ូវ​និទាន​រឿង​ប្រៀប​ប្រដូច​ពីការដាក់​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់ស្បែក​ចាស់ ។

លូកា ៥:១-១១

ពេត្រុស យ៉ាកុប និង យ៉ូហាន​ត្រូវ​បាន​ហៅ​ដោយ​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖ តើ​នៅ​ពេល​ណា ដែល​អ្នក​ធ្លាប់​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដោយ​មិន​ដឹង​ពី​មូលហេតុ​ទាំងអស់​ចំពោះ​ការ​ធ្វើការងារ​នោះ ? ហេតុអ្វី​វា​ជា​ការលំបាក​ដើម្បី​ធ្វើតាម​ការណែនាំ​ដោយ​ពុំយល់​ពី​មូលហេតុ​នោះ ?

តើ​ការ​ទូន្មាន​មកពី​អ្នកដឹកនាំ​សាសនាចក្រ ឬ ព្រះបញ្ញត្តិ​អ្វីខ្លះ​របស់​ព្រះអម្ចាស់ ដែល​យុវវ័យ​មួយ​ចំនួន​អាច​នឹង​ឃើញ​ថា​មានការ​លំបាក​ដើម្បី​គោរពតាម ប្រសិនបើ​ពួកគេ​ពុំ​យល់​ដឹង​ពេញលេញ​ពីមូលហេតុ​ដើម្បី​បំពេញ​តាម​នោះ ?

រូបភាព
ព្រះយេស៊ូវ​ហៅ​អ្នក​នេសាទត្រី

នៅពេល​អ្នក លូកា ៥:១–១១សូម​រកមើល​គោលការណ៍​នានា​ដែល​អាច​ជួយ នៅពេល​អ្នក​ពុំ​យល់​ទាំងស្រុង​ពី​មូលហេតុ ដែល​អ្នក​ត្រូវតែ​ធ្វើ​តាម​ការទូន្មាន​ពី​អ្នក​ដឹកនាំ​សាសនាចក្រ ឬ ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

សូម​អាន លូកា ៥:១–៥ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សុំ​ពេត្រុស ( ដែល​ហៅ​ថា​ស៊ីម៉ុន នៅ​ក្នុង​ខ​គម្ពីរ​នេះ សូមមើល លូកា ៥:៨) បន្ទាប់ពី​ទ្រង់បាន​បញ្ចប់​ការបង្រៀន ។ « មាត់​សមុទ្រ​គេនេសារ៉ែត » (លូកា ៥:១) គឺ​ជា​សមុទ្រ​កាលីឡេ ហើយ​ឃ្លា « ទំលាក់​អួន​ចាប់​ត្រី​ចុះ » នៅក្នុង ខ​ទី​៤ គឺ​សំដៅ​លើ​ការទំលាក់អួន​របស់​ពួកគេ​ដើម្បី​ចាប់​ត្រី ។ សូម​គិត​ពី​ការគូសចំណាំ​នៅក្នុង ខ​ទី ៥ ពី​របៀប​ដែល​ពេត្រុស​បាន​ឆ្លើយតប​ទៅ​កាន់ការស្នើសុំ​របស់​ព្រះអង្គសង្គ្រោះ ។

តើ​បទពិសោធន៍​នេសាទ​ត្រី​របស់​ពេត្រុស អាច​បាននាំ​លោក​ឲ្យ​គិត​អំពី​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ដល់លោក​ឲ្យ​ទម្លាក់​អួន​ម្ដងទៀត​យ៉ាង​ណា ?

សូម​អាន លូកា ៥:៦-៩ដោយ​រកមើល​ថា​អ្វីខ្លះ​បាន​កើតឡើង បន្ទាប់​ពី​ពេត្រុស​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ ។ សូម​គិត​ពី​ការគូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​យើង​គួរតែ​ធ្វើ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​សុំ​យើង ទោះបីជា​នៅពេល​យើង​ពុំ​យល់​ពី​មូលហេតុ​នោះក្តី ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា ប្រសិនបើ​យើង​ធ្វើអ្វី​ដែល​ព្រះអម្ចាស់​សុំ ទោះជា​យើងពុំ​យល់​ពី​មូលហេតុ​ក៏​ដោយ នោះទ្រង់​អាច​ផ្ដល់​ពរជ័យ​ដ៏​មហិមា​ជាង​អ្វី​ដែល​យើង​អាច​រំពឹង​ទុក ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង លូកា ៥:៣–៩ ។

តើ​ការរស់នៅ​តាម​ដំណឹងល្អ​តម្រូវ​ឲ្យ​យើង​ទុកចិត្ត​លើព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច​ខ្លះ ?

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« ជីវិត​នេះ​ជា​បទពិសោធន៍​មួយ​នៅក្នុង​ការទុកចិត្ត​យ៉ាង​ជ្រាលជ្រៅ—ជា​ការទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ការទុកចិត្ត​លើ​ការបង្រៀន​របស់​ទ្រង់ ការទុកចិត្ត​លើ​សមត្ថភាព​របស់​យើង​ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ការបង្រៀន​ទាំងនោះ ដើម្បី​បាន​សុភមង្គល​នា​ពេល​ឥឡូវ​នេះ និង នៅ​ជីវិត​ដ៏​ពោរពេញ​ដោយ​គោលបំណង ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដ៏​រីករាយ​ខ្ពង់ខ្ពស់​បំផុត ។ ដើម្បី​ទុកចិត្ត​មាន​ន័យ​ថា គោរព​ដោយ​ស្ម័គ្រចិត្ត ដោយ​ពុំ​ដឹង​ពី​ទីបញ្ចប់​តាំងពី​ដំបូង​មក ( សូមមើល សុភាសិត ៣:៥-៧) ។ ដើម្បី​បង្កើត​ផលផ្លែ ការទុកចិត្ត​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ត្រូវតែ​កាន់​ខ្លាំងក្លា និង ឋិតឋេរ ជាង​ទំនុកចិត្ត​របស់​អ្នក​នៅក្នុង​អារម្មណ៍ និង បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក ។

« ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​គឺ​ត្រូវ​ទុកចិត្ត​ថា​ព្រះអម្ចាស់​ជ្រាប​ពី​អ្វី ដែល​ទ្រង់​កំពុង​ធ្វើ​ជាមួយ​អ្នក ហើយ​ថា​ទ្រង់​អាច​សម្រេច​វា​បាន​សម្រាប់​សេចក្តី​ល្អ​អស់កល្ប​ជានិច្ច​របស់​អ្នក ទោះបី​ជា​អ្នក​ពុំ​យល់​ពីរបៀប​ដែល​ទ្រង់​អាច​ធ្វើវា​បាន​ក៏​ដោយ » (« Trust in the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​បង្កើត​ការទុកចិត្ត​បែប​នេះ ទៅលើ​ព្រះអង្គ​សង្គ្រោះ​ដែល​អែលឌើរ ស្តក​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច​ដែរ ?

    2. តើ​អ្នក ឬ​គ្រួសារ​អ្នក​ធ្លាប់​ទទួល​បាន​ពរជ័យ​ដ៏​មហិមា​ជាង ដែល​អ្នក​បាន​រំពឹងទុក​ដោយ​ការ​ធ្វើតាម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ទោះ​ជា​ពេល​ដែល​អ្នកពុំ​យល់​ពេញលេញ​ពី​មូលហេតុ​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ការទូន្មាន ឬ ព្រះបញ្ញត្តិ​មក​ពី​ព្រះអម្ចាស់​នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​អ្នក​អាច​ធ្វើ​តាម​ដោយ​ស្មោះត្រង់ ទោះបីជា​អ្នក​ពុំ​យល់​ពី​មូលហេតុ​ទាំងស្រុង​ដើម្បី​ធ្វើ​បែប​នោះ​ក៏​ដោយ ។ ( ប្រសិនបើ​អ្នក​មាន​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ ២០១១ ] នោះ​អ្នក​អាច​អាន​វា​រហូត​ដល់​ចប់​ដើម្បី​ទទួល​បាន​យោបល់​នានា ) ។ សូម​ដាក់​ក្រដាស​នោះ​នៅ​កន្លែង​មួយ​ ដែល​នឹង​ជួយ​រំឭក​អ្នក​ពី​គោលដៅ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ស្នើសុំ ។

នៅក្នុង លូកា ៥:១០-១១ យើង​រៀន​ថា ពេត្រុស យ៉ាកុប និង យ៉ូហាន​បាន​ទុក​ទូក​នេសាទ​របស់​ខ្លួន ហើយ​ដើរតាម​ព្រះយេស៊ូវ ។

លូកា ៥:១២-២៦

ព្រះយេស៊ូវ​ព្យាបាល​បុរស​កើត​ឃ្លង់​ម្នាក់ និង បុរស​ស្វិតដៃជើង​ម្នាក់

រូបភាព
bandages, hand washing with soap, hands holding syringe

តើ​ឧបករណ៍​អ្វីខ្លះ​ដែល​អាច​ប្រើ​ដើម្បី​ជួយ ឬ ព្យាបាល​មនុស្ស​ម្នាក់​ដែល​មាន​ការឈឺចាប់ ឬ របួស ។

ក្រៅពី​ជំងឺ ឬ របួស​ខាង​រូបកាយ តើ​មាន​អ្វី​ទៀត​ដែល​មនុស្ស​មួយ​ចំនួន​ត្រូវការ​ដើម្បី​ទទួល​ការព្យាបាល ?

នៅពេល​អ្នក​សិក្សា លូកា ៥:១២–២៥សូម​រកមើល គោលការណ៍​នានា ដែល​បង្រៀន​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ខ្លួន​ឯង និង​អ្នក​ដទៃ​ឲ្យ​ទទួល​យក​ការព្យាបាល​ដែល​ចាំបាច់ ។

  1. នៅក្នុង លូកា ៥:១២-២៥ យើង​បាន​អាន​អំពី​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​ដល់​បុរស​ពីរនាក់ ។ បុរស​ម្នាក់​មាន​ជំងឺ​ឃ្លង់ ហើយ​ម្នាក់​ទៀត​មាន​ជំងឺ​ស្វិតដៃ​ជើង មាន​ន័យ​ថា​គាត់​ខ្វិន ។ សូម​អាន លូកា ៥:១២-១៥ និង លូកា ៥ ១៧:២៥ហើយ​សូម​ប្រៀបធៀប​ដំណើរ​រឿង​ទាំងពីរ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូស​តារាង​មួយ​ដូច​ខាង​ក្រោម ហើយ​កត់ត្រា​ពី​របៀប ដែល​ការព្យាបាល​ទាំងពីរ​នេះ​ស្រដៀង​គ្នា និង របៀប​ដែល​វា​ខុស​គ្នា ។

ភាព​ស្រដៀង​គ្នា

ភាពខុស​គ្នា

សូម​ពិចាណារ​ពីតួនាទី​នៃ​សេចក្តីជំនឿ​នៅក្នុង​ដំណើរ​រឿង​នីមួយៗ ។ សូម​គិត​ពី​ការគូស​ចំណាំ​ឃ្លា « ទ្រង់​បាន​ឃើញ​សេចក្តី​ជំនឿ​របស់​គេ​ដូច្នោះ » នៅក្នុង លូកា ៥:២០។ ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​ស្គាល់​សេចក្តីជំនឿ​នៃ​អស់​អ្នក​ដែល​បាន​នាំ​បុរស​ស្វិតដៃជើង​នោះ​មក​កាន់ទ្រង់ ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​សំណួរ​ដែល ព្រះយេស៊ូវ​បាន​សួរ​នៅក្នុង លូកា ៥:២៣៖ « តើ​វា​តម្រូវ​ឲ្យ​មាន​ព្រះចេស្ដា​ច្រើន ដើម្បី​អភ័យទោស​ដល់​អំពើ​បាប ជាង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្រោក​ដើរ​ឡើងទៅ​ឬ​អី ? » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ៥:២៣ [ នៅក្នុង លូកា ៥:២៣ លេខយោង ] ) ។ តាមរយៈ​ការសួរ​សំណួរ​នេះ ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន​ថា ទ្រង់​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​ទាំងខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះមក​ពី​ដំណើរ​រឿង​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​ត្រូវ​បាន​ព្យាបាល និង អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​បាន​ជាសះស្បើយ ?

ចេញពី​ដំណើររឿង​ទាំង​នេះ​យើង​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ ហើយ​មក​កាន់​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​អាច​ព្យាបាល​យើង ហើយ​ថា យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មកកាន់​ព្រះអង្គសង្គ្រោះ ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រូវបាន​ព្យាបាល ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍ទាំងនេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង លូកា ៥:១២–២៥

ការព្យាបាល​ពុំមែន​មាន​ន័យ​ទាំងស្រុង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យក​ចេញ​ពី​យើង​នូវ​ជំងឺ​ឈឺចាប់​ចេញ​ពី​យើង​ឡើយ ។ ការព្យាបាល​អាច​មាន​ន័យ​ផងដែរ​ថា ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​ក្លាហាន សេចក្តី​ជំនឿ ការលួងលោម និង ភាពសុខសាន្ត ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ ឬ យក​ឈ្នះ​លើ​ជំងឺ​ឈឺ​ចាប់ ។

សូម​ពិចារណា​ពី​ការទូន្មាន​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សេចក្ដីសុចរិត និង​សេចក្ដីជំនឿ គឺ​ពិត​ជា​ឧបករណ៍​នៅក្នុងការ​រំកិល​ភ្នំ​មែន-- ប្រសិនបើ​ជា​ការ​រំកិល​ភ្នំនោះ សម្រេច​នូវ​គោលបំណង​របស់​ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ សេចក្ដីសុចរិត និង​សេចក្ដីជំនឿ គឺ​ពិត​ជា​ឧបករណ៍​នៅក្នុង​ការ​ព្យាបាល​អ្នក​ឈឺ អ្នក​ថ្លង់ ឬ​អ្នក​ខ្វិន​មែន--ប្រសិនបើ​ជា​ការព្យាបាល​នោះ សម្រេច​នូវ​គោលបំណង​របស់​ព្រះ ហើយ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ដូច្នេះ ទោះ​ជា​មាន​ជំនឿ​រឹងមាំ​ក្ដី ក៏​មាន​ភ្នំ​ជាច្រើន​នឹង​ពុំ​រំកិល​ចេញ​ដែរ ។ ហើយ​ពុំ​មែន​គ្រប់​អ្នក​ដែល​ឈឺ និង​ជនពិការ នឹង​ត្រូវ​បាន​ជា​សះស្បើយ​នោះ​ដែរ ។ ប្រសិនបើ​ជា​រាល់​ការ​ផ្ទុយ​ទាំងអស់ ត្រូវ​បាន​កាត់បន្ថយ ប្រសិន​បើ​ជា​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា នឹង​ត្រូវ​បំផ្លាញ​ហើយ ។

« មេរៀន​ជាច្រើន​ដែល​យើង​ត្រូវ​រៀន​នៅក្នុង​ជីវិត​រមែង​ស្លាប់ អាច​ត្រូវ​បាន​ទទួល​តែ​តាមរយៈ​រឿង​ទាំងឡាយ ដែល​យើង​ជួប​ប្រទះ ហើយ​ពេល​ខ្លះ​ត្រូវរង​ទុក្ខ​ប៉ុណ្ណោះ ។ ហើយ​ព្រះ​រំពឹង ហើយ​ទុក​ចិត្ត​យើង​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​ពុំ​អនុគ្រោះ​នៃ​ជីវិតរ​មែង​ស្លាប់​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​មាន​ជំនួយ​របស់​ទ្រង់ ដើម្បី​យើង​អាច​រៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​នៅទីបំផុត អាច​ប្រែក្លាយ​ទៅជា​មនុស្ស​ដែល​យើង​ត្រូវ​ប្រែក្លាយ នៅក្នុង​ភាព​អស់កល្បជានិច្ច » (« That We Might ‘Not … Shrink’ [ គ. និង ស. ១៩:១៨ ] » [ CES devotional for young adults, ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០១៣ ] lds.org/broadcasts) ។

  1. សូម​គិត​អំពី​ជំងឺ​ដែល​មនុស្ស​អាច​ត្រូវការ​ព្យាបាល ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​មួយ ឬ ច្រើន​ជាង​នេះ ៖

    1. តើ​អ្នក​អាច​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​នាំ​មនុស្ស​មកកាន់​ព្រះអង្គសង្គ្រោះ ដើម្បី​ទទួល​បាន​អំណាច​នៃ​ការព្យាបាល​របស់​ទ្រង់ ?

    2. តើ​ពេល​ណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ជា​សះស្បើយ​តាមរយៈ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​នោះ ?

    3. តើ​នៅ​ពេលណា​ដែល​អ្នក​បាន​ឃើញ​មនុស្ស​ម្នាក់ នាំ​នរណា​ម្នាក់​ទៅ​កាន់​ព្រះអម្ចាស់ ដើម្បី​ទទួល​ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​បាន​ជាសះស្បើយ អភ័យទោស ឬ លួងលោម ។ សូម​ពិចារណា​ផងដែរ​ពី​របៀប​នានា​ដែល​អ្នក​អាច​នាំ​មិត្ត ឬ នរណា​ម្នាក់​ទៀត​មក​កាន់​ព្រះអង្គសង្គ្រោះ ។

លូកា ៥:២៧-៣៥

ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​សួរព្រះយេស៊ូវ​ពី​មូលហេតុ​ដែលទ្រង់​ទទួលទាន​អាហារ​ជាមួយនឹង​ពួក​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប

សូមមើល លូកា ៥:២៧–២៨ហើយ​ស្វែងរកការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ម៉ាថាយ ( ដែល​ហៅ​ថា​លេវី​នៅ​ក្នុង​ខគម្ពីរ​នេះ សូមមើល ម៉ាថាយ ៩:៩) ។

តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​ម៉ាថាយ បាន​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​នោះ ?

ម៉ាថាយ​គឺ​ជា​អ្នក​យក​ពន្ធ មាន​ន័យ​ថា​លោក​ប្រមូល​ពន្ធ​ពី​បងប្អូន​សាសន៍​យូដា​របស់​ខ្លួន​សម្រាប់​រដ្ឋាភិបាល​រ៉ូម ។ ជាទូទៅ​ពួក​សាសន៍​យូដា​ស្អប់​អ្នក​យក​ពន្ធ ហើយ​ចាត់ទុក​ពួកគេ​ថា​ជា​ពួក​បំបរបង់ និង​អ្នក​មាន​បាប ។ នៅក្នុង លូកា ៥:២៩-៣៥ យើង​អាន​ថា អំឡុង​ពេល​ដែល​ព្រះយេស៊ូវ​កំពុង​សោយ​អាហារ​ជាមួយ​ម៉ាថាយ និង មនុស្ស​ផ្សេង​ទៀត​នោះ​ពួក​អាចារ្យ និង ពួក​ផារិស៊ី​បាន​កាត់ទោស​ទ្រង់​ដោយសារ​ទ្រង់​បាន​សោយ​អាហារ​ជាមួយ​អ្នក​មាន​បាប ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​យាងមក​ដើម្បី​ហៅ​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត ។

សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ នឹង​ប្រព្រឹត្តិ​ដល់​អស់​អ្នក​ដែល​នៅក្នុង​សាលា​រៀន​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​អ្នក ដែល​នៅ​ឯកោ ហើយ​មាន​អារម្មណ៍​ថា​គេ​បំបរបង់​ខ្លួន ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ដូច​ជា​ព្រះយេស៊ូវ​បាន​ធ្វើ ដែល​អាច​រួម​បញ្ចូល​អស់​អ្នក​ដែល​ឯកោ និង មាន​អារម្មណ៍​ថា​គេ​បំបរបង់​ខ្លួន ឬ អ្នក​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​គ្មាន​ប្រជាប្រិយភាព ដោយ​ពុំ​បន្ទាបបន្ថោក​បទដ្ឋាន​របស់​អ្នក​ឡើយ ។

លូកា ៥:៣៦-៣៩

ព្រះយេស៊ូវ​និទាន​រឿង​ប្រៀបប្រដូច​ពី​ស្រា​ទំពាំង​បាយជូរ​ថ្មី​ដាក់​ក្នុង​ថង់ស្បែក​ចាស់

ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​រឿង​ប្រៀបប្រដូច​ដើម្បី​បង្រៀន​ពួក​អាចារ្យ និង ពួក​ផារិស៊ី ។ សូម​អាន លូកា ៥:៣៦-៣៩ដោយ​រកមើល​វត្ថុ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ​ដើម្បី​បង្រៀន​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ។ សូម​គិត​ពី​ការគូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ស្រមៃ​ថា​ក្រណាត់​ចាស់​មួយមាន​ធ្លុះ ឬ​រហែក ដែល​ប៉ះ​ដោយ​ក្រណាត់​ថ្មី ។ ម៉ូត​របស់​ក្រណាត់​ថ្មី​នោះ​ពុំស៊ី​គ្នា​នឹង​ក្រណាត់​ចាស់​នោះ​ឡើយ ឬ ផ្ទាំង​ក្រណាត់​ថ្មី​នោះ​អាច​រួញ នៅពេល​បោកគក់​វា ហើយ​ធ្វើ​ឲ្យ​ប្រហោង​ធ្លុះ ឬ កន្លែង​រហែក​នោះ​កាន់តែ​រហែក​ខ្លាំង​ជាង​មុន​ទៀត ។ ស្រដៀង​គ្នា​នេះ​ដែរ ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ពុំ​គ្រាន់តែ​ជា​បំណះ​នៃ​ជំនឿ និង ទំនៀមទម្លាប់​ចាស់​បុរាណ​ឡើយ ប៉ុន្តែ​គឺ​ជា​សេចក្តីពិត​ដែល​បាន​ស្តារ​ឡើង​វិញ​ទាំងស្រុង ។

លូកា ៥:៣៧ លេខយោង  ពន្យល់​ថា​ពាក្យ ថង់ស្បែក នៅ​ទីនោះ​មាន​ន័យ​ថា « ថង់​ស្បែក​ចាស់ ឬ ថង់​ដាក់​ស្រា» ។ ថង់​ស្បែក​ថ្មី​ទន់ ហើយ​បត់បែន​បាន ផ្ទុយ​ទៅវិញ​ថង់ស្បែក​ចាស់​អាច​ប្រែ​ជា​រឹង ហើយ​ស្រួយ ។

រូបភាព
ថង់​ដាក់​ស្រា

ថង់​ដាក់​ស្រា

នៅពេល​ស្រា​ថ្មី​ឡើង​មេ​ហើយ​នោះ ហ្គាស​វា​នឹង​កើន​ឡើង​នៅក្នុង​ថង់ ហើយ​ធ្វើ​ឲ្យ​ថង់​នោះ​រីក​ប៉ោង​ឡើង ។ ការរីក​ប៉ោង​នេះ​អាច​ធ្វើ​ឲ្យ​ថង់​ស្រា​ចាស់ ដែល​ស្រួយ​នោះ​បែកខ្ចាយ ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច​នោះ ស្រា​ថ្មី​តំណាង​ឲ្យ​ការបង្រៀន និង ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ស្រា​ចាស់​តំណាង​ឲ្យ​ទំនៀមទម្លាប់ ប្រពៃណី និង ជំនឿ​នៃ​ពួក​ផារិស៊ី នៅក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។

តើ « ថង់​ស្បែក​ចាស់ » អាច​តំណាង​ឲ្យ​ពួក​អារចារ្យ និង ពួក​ផារិស៊ី ដែល​ព្រះយេស៊ូវ​បង្រៀន​តាម​របៀប​ណា​ខ្លះ ?

សូម​ពិចារណា​ពី​របៀប​ដែល « ថង់​ស្បែក​ថ្មី » អាច​តំណាង​ឲ្យ​មនុស្ស​ទាំងអស់​ដែល​បន្ទាបខ្លួន ហើយ​មាន​ឆន្ទៈ​ផ្លាស់ប្តូរ​ចិត្ត​ទទួល​យក​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់ ។ គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​រឿង​ប្រៀបប្រដូច​នោះ​គឺ​ថា ដើម្បី​ទទួល​យក​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​ត្រូវតែ​បន្ទាប​ខ្លួន និង ស្ម័គ្រចិត្ត​ដើម្បី​ផ្លាស់ប្តូរ ។

  1. ដើម្បី​ជួយ​អ្នកឲ្យ​យល់​គោលការណ៍​កាន់តែ​ប្រសើរ​ឡើង សូម​អាន លូកា ៥ឡើង​វិញ ។ សូម​រក​មើល​ឧទាហរណ៍​នៃ​មនុស្ស​បែប​ដូចត​ទៅនេះ ហើយ​សរសេរ​អ្វី​ដែល​អ្នក​រក​ឃើញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. មនុស្ស​ដែល​ធ្វើចិត្ត​រឹងរូស ហើយ​ពុំ​ទោរទន់​អត្តចរិត​ខ្លួន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់​ឡើយ ។

    2. មនុស្ស​ដែល​បន្ទាប​ខ្លួន ហើយ​មាន​ឆន្ទៈ​ផ្លាស់ប្តូរ ហើយ​រីកចម្រើន​នៅពេល​ពួកគេ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖