បណ្ណាល័យ
មេរៀន​ទី ១១ ថ្ងៃទី ២ ៖ លូកា ១៣-១៥


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ២

លូកា ១៣-១៥

សេចក្តីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀនអំពី​ការប្រែចិត្ត និង នគរព្រះ ហើយ​បាន​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទ្រង់​ក៏​បាន​ប្រើ​រឿង​ប្រៀបប្រដូច​ផងដែរ ដើម្បី​បង្រៀន​អំពី​សេចក្តី​រាបសា និង តម្លៃ​នៃ​ភាព​ជាសិស្ស ។ ពួក​ផារិស៊ី និង ពួក​អាចារ្យ​បាន​ត្អូញត្អែរ​អំពី​ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នក​យក​ពន្ធ និង មនុស្ស​មាន​បាប ។ ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ដោយ​និទាន​រឿង​ប្រៀបប្រដូច​អំពី​ចៀម​វង្វេង​បាត់ កាក់​ដែល​បាត់ និង កូន​ប្រុស​ដែល​ខ្ជះខ្ជាយ ។

លូកា ១៣:១-១៤:១៤

ព្រះយេស៊ូវ​ព្យាបាល​នៅថ្ងៃ​ឈប់​សម្រាក ហើយ​បង្រៀន​អំពី​សេចក្តី​រាបសា ហើយ​ខ្វល់ខ្វាយ​ដល់​អស់​អ្នក​ដែល​មិន​សូវ​សំណាង

សូមស្រមៃ​ថា​អ្នក​កំពុង​អង្គុយបរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន ហើយ​ពួកគេ​បាន​ឃើញ​សិស្ស​ក្រីក្រ​ម្នាក់​ដែល​ស្លៀកពាក់​តោកយ៉ាក​អង្គុយ​នៅតែ​ឯង ។ មិត្តភក្ដិ​ម្នាក់​របស់​អ្នក​បាន​វាចា​យ៉ាង​ឈ្លើយ​អំពី​រូបរាង​របស់​សិស្ស​ម្នាក់​នោះ ហើយ​មាន​មិត្តភក្តិ​របស់​អ្នក​ជា​ច្រើន​បាន​សើច ។

តើ​មាន​របៀប​ណា​ខ្លះ ដែល​អ្នក​អាច​ឆ្លើយ​តប​នៅ​ក្នុង​ស្ថានភាព​នេះ ?

នៅពេល​អ្នក​សិក្សា លូកា ១៣–១៤សូម​រកមើល​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មិន​សូវ​សំណាង​ដូច​ពួក​យើង ។

រូបភាព
ដើម​ល្វា

ដើម​ល្វា

© Jose Ramiro Laguna/Shutterstock.com

នៅក្នុង លូកា ១៣ យើង​អាន​ថា​ព្រះអង្គសង្គ្រោះ​បាន​និទាន​ពី​រឿង​ប្រៀបប្រដូច​អំពី ដើម​ល្វា ថា​នឹង​ត្រូវ​កាប់​រំលំ​ចោល ប្រសិន​បើ​វា​ពុំ​ផ្តល់​ផ្លែ​ទេ​នោះ ។ រឿង​ប្រៀបប្រដូច​នេះ​ត្រូវបាន​និយាយ​ពី​សាសន៍​យូដា ដែល​គួរតែ​នាំមក​នូវ​ផលផ្លែ​ល្អ ហើយ​វា​បង្រៀន​ថា យើង​នឹង​វិនាស​ទៅ​ប្រសិនបើ​យើង​ពុំ​ប្រែចិត្ត​ទេ​នោះ ។ ព្រះយេស៊ូវ​បាន​ព្យាបាល​ស្ត្រី​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទ្រង់​បាន​ប្រដូច​នគរ​ព្រះ​ទៅនឹងគ្រាប់​ពូជ​មួយ ដែល​ដុះលូត​ទៅ​ជា​ដើម​ឈើ​ធំ ហើយ​ទ្រង់​បាន​បង្រៀន​អំពី​អស់​អ្នក​ដែល​នឹង​ចូល​ទៅ​ក្នុង​នគរព្រះ ។ ទ្រង់​ក៏​បាន​ព្រះ​កន្សែង​អំពី​ការបំផ្លិចបំផ្លាញ​ក្រុង​យេរូសាឡិម​ដែល​នឹង​ជិត​កើត​មាន​ឡើយ ។

នៅក្នុង លូកា ១៤:១–៦ យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​របស់​នាម៉ឺន​ម្នាក់​ដែល​ជា​ពួក​ផារិស៊ី​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ពីមុន​សោយ​ព្រះស្ងោយ ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​កើត​ជំងឺ​ទាច—ជា​ជំងឺ​ម្យ៉ាង​ដែល​បណ្តាល​ឲ្យ​ខ្លួន​ប្រាណ​របស់​បុរស​នោះ​ហើម​ប៉ោង​ដោយ​សារ​ទឹក ។

សូម​អាន លូកា ១៣:១៥–១៦ និង លូកា ១៤:៥–៦ដោយ​រក​មើល​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះពួក​ផារិស៊ី ដែល​ចោទ​ប្រកាន់​ទ្រង់​ពី​ការ​រំលង​ច្បាប់​ថ្ងៃ​ឈប់​សម្រាក ដោយ​ព្យាបាល​ស្ត្រី និង បុរស​ម្នាក់​នោះ ។

តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយរក្សា​វា​ឲ្យ​បាន​បរិសុទ្ធ ។ មេរៀន​មួយ​នោះ​គឺ​ថា ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​អាកប្បកិរិយា​សុចរិត​នៅថ្ងៃ​ឈប់​សម្រាក ដោយ​បម្រើ​ដល់​សេចក្តីត្រូវការ​នានា​របស់​មនុស្ស ។ ការណ៍​នេះ​វា​ផ្ទុយ​ទៅ​នឹង​ពួក​ផារិស៊ី​មួយ​ចំនួន ដែល​​មាន​ច្បាប់​ជួយ​សត្វ​ ប៉ុន្តែ​មិន​ជួយ​មនុស្ស​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ ។ សូម​ពិចារណា​អំពី​សកម្មភាព​នានា​នៅ​ថ្ងៃ​ឈប់​សម្រាក ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​នៅថ្ងៃ​ឈប់​សម្រាក​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវ ?

លូកា ១៤:៧–១០ មាន​នូវ​រឿង​ប្រៀបប្រដូច​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រើ​ដើម្បី​បង្រៀន​សេចក្តីពិត​នៃ​ដំណឹង​ល្អ​អំពី​ទំនាក់ទំនង​រវាង​សេចក្តី​រាបសា និង ភាពតម្កើងឡើង ។ ពាក្យ « កន្លែង​ប្រសើរៗ » (លូកា ១៤:៦) គឺ​ជា​កន្លែង​ដ៏​មាន​កិត្តិយស ។ ព្រះយេស៊ូវ​បាន​កត់ចំណាំ​ពី​របៀប​ដែល​អស់​អ្នក​ដែល​បាន​អញ្ជើញ​ទ្រង់​ឲ្យ​ទៅ​សោយ​ព្រះស្ងោយ​នោះ នឹង​ស្វែងរក​កន្លែង​ដ៏​មាន​កិត្តិយស​នោះ​សម្រាប់​ខ្លួន​ពួកគេ​ដោយ​អង្គុយ​នៅ​ជិត​នឹង​ម្ចាស់​ផ្ទះ ។

សូម​អាន លូកា ១៤:១១ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​សេចក្តី​រាបសា ។ ពាក្យ បន្ទាប​ចុះ មាន​ន័យ​ថា ត្រូវបាននាំ​ទៅ​រក​ឋានៈ​ដែល​ទាប​ជាង​មុន ។

សូម​អាន លូកា ១៤:១២–១៤ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​ផារិស៊ី​ដែល​បាន​អញ្ជើញ​ទ្រង់​ឲ្យ​សោយ​ព្រះស្ងោយ ។ តើ​ហេតុអ្វី​មនុស្ស​ដូច​ជា​ពួក​ផារិស៊ី​ម្នាក់​នេះ អាច​អញ្ជើញ​មិត្តភិក្ត​របស់​ខ្លួន និង អ្នក​ជិតខាង​ដែល​ជា​អ្នកមាន ឬ ជាមនុស្ស​សំខាន់​មក​បរិភោគ​អាហារ​ដូច្នេះ ?

នៅ​សម័យ​ព្រះអង្គ​សង្គ្រោះ អស់​អ្នក​ដែល​ត្រូវ​របួស ( រងរបួស ) ពិការ​ដៃជើង ឬ ខ្វាក់​ជាញឹកញាប់​មាន​ការលំបាក​ក្នុង​ការ​រក​អាហារ​ទទួលទាន​ដោយ​ខ្លួន​ឯង ហើយ​គឺ​ជា​អ្នក​ក្រ​ដោយសារ​តែ​ភាពពិការ​របស់​ពួកគេ ។ ពួក​ផារិស៊ី​មួយ​ចំនួន​មើល​ងាយ​ដល់​មនុស្ស​ទាំង​នោះ ។ តើ​មាន​ហេតុផល​ណា​ខ្លះ​ដែល​មនុស្ស​មួយ​ចំនួន​អាច​មើល​ងាយ​ដល់​មនុស្ស​ដទៃ​នោះ ?

ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​មក​ពី​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើ​យើង​ជួយ​មនុស្ស​ដែល​មិន​សូវ​សំណាង​ដូច​យើង នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​យើង ។

ក្រៅពី​ប្រទាន​រង្វាន់​ដល់​យើង​នៅពេល​រស់ឡើងវិញ​ហើយ​នោះ ព្រះអម្ចាស់​ក៏​នឹង​ប្រទានពរ​ដល់​ពួកយើង​នៅក្នុង​ជីវិត​នេះ នៅពេល​ពេល​យើង​ព្យាយាម​ជួយ​មនុស្ស​ដែល​មិន​សូវ​សំណាង​ដូច​យើង ( សូមមើល ម៉ាថាយ ៦:៤) ។

  1. សូម​បំពេញ​សកម្មភាព​មួយ ឬ ទាំងពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពី​គ្រា​មួយ​ដែល​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរ​តាមរយៈ​ការព្យាយាម​ជួយ​នរណា​ម្នាក់​ដែល​មិន​សូវ​មាន​សំណាង ។ ( « មិន​សូវ​មាន​សំណាង » អាច​សំដៅ​លើ​ស្ថានភាព​ផ្សេងៗ​ទៀត ជាជាង​គ្រាន់តែ​ការខ្វះ​ខាង​នូវ​របស់​របរនានា ឧទាហរណ៍ វា​អាច​សំដៅ​លើ​នរណា​ម្នាក់​ដែល​ឯកោ ឬ អ្នក​ដែល​គ្មាន​មិត្តភក្តិ ) ។

    2. សូម​ពិចារណា​ពី​របៀប​នានា ដែល​អ្នក​អាច​ជួយ​អស់​អ្នក​ដែល​មិន​សូវ​មាន​សំណាង​ដូច​យើង ហើយ​សរសេរ​គោលដៅ​មួយ​ដើម្បី​បម្រើ​ពួកគេ ។​

លូកា ១៤:១៥-៣៥

ព្រះយេស៊ូវ​និទាន​រឿង​ប្រៀប​ប្រដូច​អំពី​ការជប់លាង​យ៉ាង​ធំ និង បង្រៀន​អំពី​តម្លៃ​នៃ​ភាព​ជាសិស្ស ។

តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ត្រូវបាន​សុំ​ឲ្យ​បូជា ឬ លះបង់ចោល​ក្នុង​នាម​ជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ?

តើ​មាន​​ការដោះសារណា​ខ្លះ ដែលមនុស្ស​ម្នាក់​អាច​ត្រូវ​បាន​ល្បួង ដើម្បីប្រើឲ្យ​ចៀសវាង​ពី​ការធ្វើ​នូវ​ការលះបង់​ជានិច្ច​ ?

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឱវាទ​ដល់ពួក​ផារិស៊ី ដើម្បី​អញ្ជើញ​ពួក​អ្នក​ដែល​មិន​សូវ​សំណាង​នោះ​ឲ្យ​បរិភោគ​អាហារ នោះ​មាន​ម្នាក់​នៅក្នុង​បន្ទប់​នោះ​បាន​និយាយ​ទៅកាន់​ទ្រង់​ថា « មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ » (លូកា ១៤:១៥) ។ នៅក្នុង​ការឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍ នោះព្រះអង្គ​សង្គ្រោះ​បាន​និទាន​រឿង​ប្រៀបប្រដូច​អំពី​ពិធី​ជប់លៀង​យ៉ាង​ធំ ។

សូម​អាន លូកា ១៤:១៦–២៤ដោយ​រកមើល​ការអញ្ជើញ​ដែល​មនុស្ស​នៅក្នុង​រឿង​ប្រៀបប្រដូច​នោះ​បាន​ទទួល ព្រមទាំង​ការដោះសារ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អស់​អ្នក​ដែល​បាន​បដិសេធ​ការអញ្ជើញ​នោះ ។​

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួក​សាសន៍​យូដា ដែល​ធ្វើ​ឬក​ដូច​ជា​ពួក​អស់​អ្នក​ដែល​នៅក្នុង​រឿង​ប្រៀបប្រដូច​នោះ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ពិធី​ជប់លៀង​ដំបូង​គេ ។ តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដូច​គ្នា​ទៅនឹង​ពិធី​ជប់លៀង​យ៉ាង​ធំ​នោះ​ដូចម្តេច ? តើ​ការដោះសា​អ្វី​ខ្លះ​ដែល​មនុស្ស​ទាំង​នោះ​បាន​ធ្វើ ដែលពុំ​ទទួល​យក​ការអញ្ជើញឲ្យ​ទៅ​ពិធីជប់លៀង​យ៉ាង​ធំ​នោះ ? តើ​ការដោះសា​ទាំង​នេះ​បង្ហាញ​អ្វី​ខ្លះ​ពី​អាទិភាព​របស់​មនុស្ស​ទាំង​នេះ ?​

គោលការណ៍​មួយ ដែល​យើង​រៀន​ចេញ​ពី​រឿង​ប្រៀបប្រដូច​នេះ​គឺ​ថា ប្រសិនបើ​យើង​ដាក់​អាទិភាព​ដទៃ​ទៀត​លើ​ព្រះអម្ចាស់ និង ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​នឹង​បាត់បង់​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន ។

សូម​មើល​បញ្ជី​ដែល​អ្នក​សរសេរ​អំពី​អ្វីៗ​ដែល​អ្នក​អាច​ត្រូវបាន​សុំ​ឲ្យ​បូជា ឬ លះបង់ចោល​ក្នុង​នាម​ជាសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែ​ល​អ្នក​អាច​បាត់​បង់ ប្រសិនបើ​អ្នក​គ្មាន​បំណង​ធ្វើ​ការលះបង់​ទាំង​នេះ​ទេ​នោះ ? តើ​អ្នក​ធ្លាប់​គិត​ថា​អ្នក​កំពុង​លះបង់​អ្វី​មួយ​ប៉ុន្តែ​ក្រោយ​មក​បាន​ដឹង​ថា​ពរជ័យ​ដែល​អ្នក​បាន​ទទួល​នោះ ធំជាង​អ្វី​ដែល​អ្នក​បាន​គិត​ថា​បាន​លះបង់ ?

បន្ទាប់​ពី​ការបង្រៀន​រឿង​ប្រៀបប្រដូច​នេះ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅហ្វូង​មនុស្ស​អំពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​ពួក​សិស្ស​របស់​ទ្រង់ ។ សូម​អាន លូកា ១៤:២៥-២៧ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អំពី​អ្វី​ដែល​ពួក​សិស្ស​របស់​ទ្រង់​ត្រូវតែ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ ។

« នៅក្នុង​បរិបទ​នៃ លូកា ១៤:២៦ពាក្យ​ក្រិក​បាន​បកប្រែ​ថា ‹ ស្អប់ › មាន​ន័យ​ថា ‹ ស្រឡាញ់​តិចជាង › ឬ ‹ ឲ្យ​តម្លៃ​តិច​ជាង › ។ ព្រះអង្គ​សង្គ្រោះ​មិន​កំពុង​បដិសេធ​ព្រះបញ្ញត្តិ ‹ ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​របស់​អ្នក › ឡើយ (និក្ខមនំ ២០:១២) ទ្រង់​កំពុង​បង្រៀន​អំពី​អាទិភាព ។ សម្រាប់​សិស្ស​ម្នាក់ ការស្មោះត្រង់​ចំពោះ​គ្រួសារ​ត្រូវ​ធ្វើ​បន្ទាប់​ពី ការស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១៦៥សូមមើល​ផងដែរ ម៉ាថាយ ១០:៣៧, លូកា ១៤:២៦ លេខយោង ) ។

ពាក្យ ឈើ​ឆ្កាង នៅក្នុង លូកា ១៤:២៧ សំដៅ​លើការឆ្កាង ព្រមទាំង​តំណាង​ឲ្យ​ឆន្ទៈ​ដើម្បី​លះបង់ ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ជួយ​យើងឲ្យ​យល់​ថា « ផ្ទុក​ឈឺ​ឆ្កាង [ របស់​មនុស្ស​ម្នាក់ ] » (លូកា ១៤:២៧) មាន​ន័យ​ថា « កាត់ចិត្ត [ ខ្លួនឯង​ ] ចេញ​ពី​អស់​ទាំង​អំពើ​ដ៏​ឥតសុចរិត និង គ្រប់​ទាំង​សេចក្តី​សម្រើប​ខាង​លោកិយ ហើយ​កាន់តាម​បញ្ញត្តិ​ទាំងឡាយ [ របស់​ព្រះអម្ចាស់ ] ចុះ » (ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ [ នៅក្នុង Bible appendix ] ) ។

ខគម្ពីរ​ទាំ​ង​នេះ​បង្រៀន​យើង​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវតែ​មាន​ឆន្ទៈលះបង់​អ្វី​គ្រប់យ៉ាង​ដើម្បី​ដើរ​តាម​ទ្រង់ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ លូកា ១៤:២៥–២៧

បន្ទាប់​ពី​ការបង្រៀន​អំពី​អ្វី​ដែល​ពួកសិស្ស​របស់​ទ្រង់​ត្រូវតែ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ហើយ​នោះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ហេតុដូច្នោះ​ហើយ​សូម​តាំងវា​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​អ្នក​នឹង​ធ្វើ​រឿង​ទាំងឡាយ​ដែល​យើង​នឹង​បង្រៀន ហើយ​បញ្ជា​ដល់​អ្នក » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៤:២៨ [ នៅក្នុង លូកា ១៤:២៧ លេខយោង ] ) ។ ពាក្យ តាំង នៅ​ទីនេះ​មាន​ន័យ​ថា ការតាំងចិត្ត ឬ ការសម្រេច​ចិត្ត​យ៉ាង​មុតមាំ ។ គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​គឺ​ថា នៅ​ពេល​យើង​តាំងនៅក្នុង​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន និង បញ្ជា​ដល់​យើង នោះ​យើង​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ។

សូម​ពិចារណា​ពី​របៀប ដែល​យើង​អាច​ឈាន​ដល់​ចំណុច​មួយ​នៃ​ភាព​ជាសិស្ស​របស់​យើង ដែល​យើង​ពិតជា​តាំង​ចិត្ត​ខ្លួន​ធ្វើ​នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន និង បញ្ជា​ដល់​យើង ។

បន្ទាប់​ពី​បង្រៀន​គោលការណ៍​ទាំង​នេះ​អំពី​ភាព​ជាសិស្ស នោះ​ព្រះអង្គ​សង្គ្រោះ​បាន​និទាន រឿង​ប្រៀបប្រដូចពីរ ។ សូម​អាន លូកា ១៤:២៨–៣០ និង លូកា ១៤:៣១–៣៣ដោយ​ពិចារណា​ពី​អ្វី​ដែល​រឿង​ប្រៀបប្រដូច​ទាំង​ពីរ​នេះ​បាន​បង្ហាញ ។

រូបភាព
ប៉ម​យាម

ប៉ម​នៅក្នុង​ភូមិ​ណាសារ៉ែត​នៅ​ស្រុង​អ៊ីស្រាអែល គឺ​ដូច​ជា​ប៉ម​ដែល​បាន​ពិពណ៌នា​នៅក្នុង លូកា ១៤:២៨–៣០

ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​គិត​ពិចារណា​ឲ្យ​ហ្មត់ចត់​ថាតើ​ពួកគេ​មាន​ឆន្ទៈ ដើម្បី​លះបង់​នូវ​អ្វីៗ​ដែល​អាច​តម្រូវ​ពី​ពួកគេ ដើម្បី​ពួកគេ​អាច​បន្តធ្វើ​ជា​ពួក​សិស្ស​របស់​ទ្រង់​រហូត​ដល់​ទី​អវសាន្ត ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៤:៣១ [ នៅក្នុង លូកា ១៤:៣០ លេខយោង ] ) ។ សូម​គិត​ពី​ការគូស​ចំណាំ លូកា ១៤:៣៣ដែល​ផ្តល់​នូវ​ការសង្ខេប​សាមញ្ញ​មួយ​នៃ​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជំពូក​នេះ ។

  1. សូម​គិត​អំពី​អ្វី ដែល​នឹង​មាន​តម្លៃ ឬ តម្រូវ​ឲ្យ​ធ្វើ សម្រាប់​អ្នក​ដើម្បី​ក្លាយ​ជា​កូនសិស្ស​ពិត​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​ពី​ពរជ័យ​នៃ​ការរស់នៅ​តាម​ដំណឹង​ល្អ និង រង្វាន់​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ តើ​ការសម្រេច​ចិត្ត​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ឥឡូវ​នេះ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដាក់​ព្រះអម្ចាស់​លើ​អាទិភាព​ដទៃ​ផ្សេង​ទៀត​ទាំងអស់​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​នេះ ហើយ​រួម​បញ្ចូល​គោលដៅ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​កូនសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ។

លូកា ១៥

ព្រះយេស៊ូវ​និទាន​រឿង​ប្រៀបប្រដូច​អំពី​ចៀម​វង្វេង​បាត់ កាក់​ដែល​បាត់ និង កូន​ប្រុស​ដែល​ខ្ជះខ្ជាយ

រូបភាព
អ្នកគង្វាល និង សត្វចៀម

ចៀម​ដែល​វង្វេង

រូបភាព
ស្ត្រី​ស្វែងរក​កាក់ប្រាក់

កាក់ប្រាក់​ដែល​បាត់

រូបភាព
ឪពុក​ឱប​កូន​ប្រុស

កូន​ខ្ជះខ្ជាយ

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​រក​ឃើញ​អ្វី​មួយ​ដែល​សំខាន់​ដែល​អ្នក​បាន​បាត់​វា ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​អាច​« បាត់បង់​ » ខាង​វិញ្ញាណ ។ ការណ៍​នេះ​អាច​ជា​នរណា​ម្នាក់​ដែល​ពុំ​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ ដែល​មិន​កំពុង​រស់នៅ​តាម​ការបង្រៀន​ដំណឹង​ល្អ ។

នៅពេល​អ្នក​សិក្សា លូកា ១៥សូម​រកមើល​សេចក្ដីពិត​នានា ដែល​ទាក់ទង​នឹង​របៀប​ដែល​ព្រះវរបិតា​មាន​ព្រះទ័យ​អំពី​ពួក​អ្នក​ដែល​ត្រូវបាន​បាត់បង់​ខាង​វិញ្ញាណ ហើយ​និង​ទំនួល​ខុសត្រូវ​ដែល​យើង​មាន​ចំពោះ​ពួកគេ ។

សូមអាន លូកា ១៥:១–២ដោយ​រកមើល​អ្វី​ដែល​ពួកផារិស៊ី​កំពុង​ត្អូញត្អែរ ។

នៅក្នុង​ការឆ្លើយតប​ចំពោះ​ការត្អូញត្អែរ​របស់​ពួកផារិស៊ី និង ពួក​អាចារ្យ នោះ​ព្រះអង្គសង្គ្រោះ​បាន​និទាន​រឿង​ប្រៀបប្រដូច​បី ៖ មួយ​អំពី សត្វចៀមមួយ​ទៀត​អំពី កាក់ប្រាក់និង មួយ​ទៀត​អំពី កូនប្រុស។ រឿង​ប្រៀបប្រដូច​ទាំង​នេះ​មាន​គោលដៅ​ផ្តល់​នូវ​សេចក្តីសង្ឃឹម​ចំពោះ​មនុស្ស​មាន​បាប ព្រមទាំង​ដើម្បី​ផ្ចាញ់ផ្ចាល និង កាត់ទោស​ដល់​មនុស្ស​លាក់ពុត និង ភាពសុចរិត​ផ្ទាល់​ខ្លួន​នៃ​ពួក​អាចារ្យ ព្រមទាំង​ពួក​ផារិស៊ី ។ នៅពេល​អ្នក​សិក្សា​រឿង​ប្រៀបប្រដូច​ទាំង​នេះ សូម​យក​ចិត្ត​ទុកដាក់ពី​មូលហេតុ​នៃ​ប្រធានបទ​របស់​រឿង​ប្រៀបប្រដូច​នីមួយៗ ដែល​បាន​ប្រែជា​វង្វេង​ផ្លូវ និង របៀប​ដែល​វា​ត្រូវ​បាន​រកឃើញ​វិញ ។

សូម​ឲ្យ​អាន​រឿង​ប្រៀបប្រដូច​នីមួយៗ ​ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​ជួរឈរ​ខាងឆ្វេង​នៃ​តារាង​ខាងក្រោម ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក ដាក់​នៅ​ក្នុងចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ ។

រឿង​ប្រៀបប្រដូច​នៃ​ចៀម​វង្វេង​បាត់ កាក់ប្រាក់ និង កូនប្រុស

សំណួរ

លូកា ១៥:៣–៧ ( សូមមើល​ផងដែរ លូកា ១៥:៤ លេខយោង )

លូកា ១៥:៨-១០

លូកា ១៥:១១–៣២ ( នៅក្នុង ខ ១៦ ពាក្យ មាន​ចិត្ត មានន័យ​ថា « រីករាយ » )

តើ​អ្វីខ្លះ​បាន​បាត់ ( វង្វេង ) ?

ហេតុអ្វី​វា​បាត់ ( វង្វេង ) ?

តើ​វា​ត្រូវបាន​រក​ឃើញ​វិញ​ដោយ​របៀប​ណា ?

តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ ដែល​ពិពណ៌នា​អំពី​ប្រតិកម្ម​ចំពោះ​ការរក​ឃើញ​វា​វិញ​នោះ ?

រូបភាព
កូនខ្ជះខ្ជាយ

« ​ឪពុក​ឃើញ​ពី​ចម្ងាយ​ …ហើយ​បាន​រត់​ទៅ …ហើយ​​ឱប​ថើប​វា » (លូកា ១៥:២០) ។

សូម​កត់ចំណាំ​ថា ចៀម​បាន​វង្វេង​បាត់​ដោយសារ​ការធ្វើតាម​ដំណើរ​ជីវិត​ជា​ធម្មតា​របស់​វា កាក់ប្រាក់​បាន​បាត់​ដោយ​សារ​តែ​ការធ្វែសប្រហែស ឬ ពុំយក​ចិត្ត​ទុកដាក់​របស់​ម្ចាស់​វា ហើយ​កូនប្រុស​ខ្ជះខ្ជាយ ( ខ្ជះខ្ជាយ ឬ ឥត​ពិចារណា ) បានវង្វេង​ដោយ​សារ​តែ​ការប៉ះបោរ​ផ្ទាល់ខ្លួន​របស់​វា។

តើ​អ្នក​គិត​ថា​ទំនួលខុសត្រូវ​របស់​យើង​ចំពោះ​អស់​អ្នក​ដែល​វង្វេង ដោយ​មិន​គិត​ពី​របៀប​ដែល​ពួកគេ​ប្រែ​ជា​វង្វេង​នោះ​មាន​អ្វី​ខ្លះ ?

សូម​កត់ចំណាំ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ប្រតិកម្ម​នៅពេល​សត្វ វត្ថុ និង មនុស្ស​នោះ​ត្រូវ​បាន​រកឃើញ​វិញ ។ សូមចាំ​ថា​គោលបំណង​មួយ​នៃ​រឿង​ប្រៀបប្រដូច​ទាំង​នេះ គឺ​ដើម្បី​វាយផ្ចាល​នូវ​ភាពសុចរិត​ផ្ទាល់​ខ្លួន​របស់​ពួក​ផារិស៊ី និង ពួក​អាចារ្យ ដែល​រអ៊ូរទាំ​អំពី​អ្នក​យក​ពន្ធ និង មនុស្ស​មាន​បាប​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ពួកគេ ។ នៅពេល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា មាន​នូវ​សេចក្តី​អំណរ​ខ្លាំង​ជាង​នេះ​នៅ​លើ​ឋានសួគ៌ « ដោយសារ​មនុស្ស​បាប​តែម្នាក់​ដែល​ប្រែ​ចិត្ត​វិញ … ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ » (លូកា ១៥:៧) ទ្រង់​កំពុង​បង្រៀនថា​មាន​នូវ សេចក្តីអំណរ ខ្លាំង​ជាង​នេះ​ទៅទៀត​នៅ​លើ​លើឋានសួគ៌ ដោយសារ​អ្នក​មាន​បាប​ម្នាក់​បាន​ប្រែចិត្ត ជាង​ពួក​ផារិស៊ី និង ពួក​អាចារ្យ​៩៩​នាក់​ដែល​ថា​ខ្លួន​ឯង​សុចរិត​នេះ​ទៅទៀត ដែល​នៅក្នុង​អំនួត​ខ្លួន​គិត​ថា​ពួកគេ​ពុំ​ត្រូវការ​ការប្រែចិត្ត​ឡើយ ។

ផ្អែក​លើ​ការឆ្លើយតប​នៃ​អស់​អ្នក​ដែល​បាន​រកឃើញ​នូវ​អ្វី​ដែល​បានបាត់ ( វង្វេង ) តើ​អ្នក​នឹង​បំពេញ​សេចក្តីថ្លែងការណ៍​នេះ​យ៉ាង​ដូចម្តេច ៖ នៅពេល​យើង​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​បំណង​ប្រាថ្នា​ប្រែចិត្ត នោះ​យើង​មាន​អារម្មណ៍​ថា

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​កិច្ចការ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ដែល​វង្វេង​បាត់​ខាង​វិញ្ញាណ ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត ឬ ខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌​វិញ ?

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១៣–១៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖