បណ្ណាល័យ
មេរៀន​ទី ៣ ថ្ងៃ​ទី ២ ៖ ម៉ាថាយ ៨-១០


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ២

ម៉ាថាយ ៨-១០

សេចក្តីផ្តើម

នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ បាន​យាង​​ទៅ​ដល់​ស្រុក​កាលីឡេ ទ្រង់​បាន​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន ។ ទ្រង់​ក៏​បាន​ត្រាស់​ហៅ​ពួក​សាវក​ដប់ពីរ​រូប​ដែរ ដោយ​បាន​ប្រទាន​អំណាច និង បង្រៀន​ដល់​ពួកគេ ព្រមទាំង​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​បម្រើ​ដល់​មនុស្ស ។

ម៉ាថាយ ៨:១–៩:២៣

ព្រះយេស៊ូវ បាន​សម្ដែង​អព្ភូតហេតុ​ជាច្រើន

ប្រសិនបើ​អ្នក​បាន​ដឹង​ថា ព្រះអង្គសង្គ្រោះ​កំពុង​យាង​មក​ទីក្រុង​របស់​អ្នក​នៅ​ថ្ងៃ​នេះ តើ​អ្នក​នឹង​នាំ​នរណា​ទៅ​ឲ្យ​ទ្រង់​ព្យាបាល ? ហេតុអ្វី ?

សូម​អាន​បណ្តុំ​បទគម្ពីរ​បី​ក្នុង​ចំណោម​បណ្ដុំ​បទគម្ពីរ​ទាំងឡាយ​ខាង​ក្រោម​នេះ ដោយ​ស្វែងរក​ប្រភេទ និង ជំពូក​អព្ភូតហេតុ​នានា ដែល​ព្រះយេស៊ូវ​បាន​សម្ដែង ៖ ម៉ាថាយ ៨:១–៤, ម៉ាថាយ ៨:៥–១៣, ម៉ាថាយ ៨:១៤–១៥, ម៉ាថាយ ៨:២៨–៣២, ម៉ាថាយ ៩:១–៨, ម៉ាថាយ ៩:១៨–១៩, ២៣–២៦, ម៉ាថាយ ៩:២០–២២, ម៉ាថាយ ៩:២៧–៣១, ម៉ាថាយ ៩:៣២–៣៣ ។

តើ​អ្នក​បាន​សម្គាល់​ឃើញ​អំពី​ព្រះចេស្តា​ដ៏​មហស្ចារ្យ ដែល​ព្រះយេស៊ូវ​មាន​ដែរ​ឬ​ទេ ? ទ្រង់​មាន​ព្រះចេស្ដា​លើ​គ្រប់​ទាំង​ធាតុ​ទាំងឡាយ​នៃ​ផែនដី ដើម្បី​ព្យាបាល​អ្នក​ជំងឺ និង បណ្ដេញ​អារក្ស ។

យើង​រៀន​ចេញ​ពី​ដំណើររឿង​ទាំងនេះ​ថា ព្រះយេស៊ូវ​អាច​ជួយ​ព្យាបាល​យើង ពី​អស់​ទាំង​ជំងឺ និង រោគា ។

ជំងឺ គឺ​ជា​ការឈឺថ្កាត់ សេចក្ដី​វិនាស និង ភាពទន់ខ្សោយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល ឬ ពង្រឹង​ភាពទន់ខ្សោយ​ទាំងឡាយ​របស់​យើង ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​ខាង​សាច់ឈាម​ក្នុង​ចំណោម​យើង​នា​ពេល​សព្វថ្ងៃ​នេះ ។

ម៉ាថាយ ៩:៣៥–១០:៨

ព្រះយេស៊ូវ​ត្រាស់​ហៅ​ពួក​សាវក​ដប់ពីរ​រូប

ប្រសិនបើ​អាច សូម​ចូល​ទៅ​គេហទំព័រ LDS.org រួច​ស្វែងរក​រូបថត​នៃ​ពួក​សាវក​នៃ​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន រួម​ទាំង​គណៈប្រធាន​ទី​មួយ ( ឬ ស្វែងរក​រូបថត​របស់​ពួក​លោក នៅ​ក្នុង​លេខ​ទស្សនាវដ្ដី EnsignLiahona សម្រាប់​សន្និសីទ ) ។

តើ​បុគ្គល​ទាំងនេះ​មាន​លក្ខណៈ​ពិសេស ក្នុង​ចំណោម​មនុស្ស​ទាំងអស់​លើ​ផែនដី​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ៩:៣៥–១០:៨ សូម​ស្វែងរក​សេចក្ដីពិត​អំពី​តួនាទី​របស់​ពួកសាវក និង ពរជ័យ​ដែល​ពួក​លោក​អាច​នាំ​ឲ្យ​មាន​ក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន ម៉ាថាយ ៩:៣៥ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ បាន​ធ្វើ​បន្ថែម​ពី​លើ​ការព្យាបាល​ដល់​មនុស្ស ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំអ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ពេល​ព្រះយេស៊ូវ​បាន​ប្រកាស​ដំណឹងល្អ ហើយ​សម្ដែង​អព្ភូតហេតុ​ទូទាំង​ស្រុក​យូដា ចំនួន​មនុស្ស​ដែល​បាន​ដើរតាម និង ស្វែងរក​ទ្រង់ បាន​កើន​ឡើង​កាន់តែ​ច្រើន ។

សូម​អាន ម៉ាថាយ ៩:៣៦–៣៨ ដោយ​ស្វែងរក​ថា តើ​នរណា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​ទ្រង់​ត្រូវការ ដើម្បី​ជួយ​ទ្រង់​ក្នុង​ការបម្រើ​ដល់​មនុស្ស​ទាំងអស់​ដែល​ដើរ​តាម​ទ្រង់ ។

សូម​អាន ម៉ាថាយ ១០:១–៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​មនុស្ស ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​​អ្វី​ដែល​អ្នក​រកឃើញ ។ យើង​រៀន​ចេញ​ពី​ដំណើររឿង​នេះ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រាស់​ហៅ​ពួក​សាវក ហើយ​ប្រទាន​សិទ្ធិអំណាច​របស់​ទ្រង់​ដល់​ពួកគេ ទុក​ជា​របៀប​មួយ​ដែល​ទ្រង់​បម្រើ​ដល់​មនុស្ស​លើ​ផែនដី ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ម៉ាថាយ ១០:១-៤ ។

រូបភាព
ព្រះគ្រីស្ទ​តែងតាំង​ពួកសាវក

សូម​កត់ចំណាំ​ថា ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ដំណឹងល្អ​ម៉ាថាយ ពុំ​ត្រូវបាន​ផ្ដល់​ឲ្យ​ទៅ​តាម​លំដាប់​លំដោយ​នៃ​កាលប្រវត្តិ​ជានិច្ច​នោះ​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ត្រាស់​ហៅ​ពួក​សាវក​ជា​ដំបូង ក្រោយ​មក ទ្រង់​បាន​បំពាក់​បំប៉ន​ពួកគេ​នៅ​ក្នុង​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ( ម៉ាថាយ ៥–៧ សូម​មើល Harmony of the Gospels ) ។

សូម​អាន ម៉ាថាយ ១០:៥–៨ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ត្រាស់​បង្គាប់​ពួក​សាវក​ទ្រង់​ឲ្យ​ធ្វើ ។

ជា​ភាសា​ក្រិក ពាក្យ សាវក មាន​ន័យ​ថា « មនុស្ស​ម្នាក់​ដែល​ត្រូវ បាន​បញ្ជូន » ។ ដំបូង​ឡើយ ពួក​សាវក​ត្រូវ បាន​បញ្ជូន​ឲ្យ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​វង្ស​អ៊ីស្រាអែល ( សូម​មើល ម៉ាថាយ ១០:៥–៦ ) ។ ក្រោយ​មក ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់ ឡើង​វិញ បាន​ត្រាស់​បង្គាប់​ថា ដំណឹង​ក៏​ត្រូវ​ប្រកាស​ទៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​ដែរ ឬ​ប្រជាជន​ដែល​មិន​មែន​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល ( សូម​មើល ម៉ាថាយ ២៨:១៩ កិច្ចការ ១:៨ ) ។ ពួក​សាវក​ថ្ងៃ​ចុងក្រោយ​ក៏​ត្រូវ បាន​ត្រាស់​បង្គាប់​ឲ្យ​ប្រកាស​ដំណឹងល្អ និង ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ទៅ​ដល់​ពិភពលោក​ទាំង​មូល ( សូម​មើល គ. និង ស. ១០៧:២៣ ) ។

តើ​អ្នក​សម្គាល់​ឃើញ​ភាព ស្រដៀង​គ្នា​អ្វី​ខ្លះ រវាង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ និង កិច្ចការ​ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួក​សាវក​ទ្រង់​ធ្វើ ? ចេញ​ពី ម៉ាថាយ ១០:៥–៨ យើង​រៀន​ថា ព្រះអម្ចាស់​ត្រាស់​ហៅ​ពួកសាវក​ទ្រង់ ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ និង ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

តើ​មាន​គំរូ​មួយ​ចំនួន​ណា​ខ្លះ​នៃ​របៀប​ដែល​ពួក​សាវក​សម័យ​បច្ចុប្បន្ន​ប្រកាស និង បម្រើ ដែល​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​បើ​ទ្រង់​គង់​នៅ​ទីនេះ ?

ប្រសិនបើ​អាច សូម​ចូល​ទៅ​គេហទំព័រ LDS.org រួច​មើល ឬ អាន​សុន្ទរកថា​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ ដែល​បាន​ផ្ដល់​ដោយ​សាវក​សម័យ​បច្ចុប្បន្ន​មួយ​រូប ( ឬ អាន​សុន្ទរកថា​មួយ​នៃ​សន្និសីទ​ទូទៅ​នៅ​ក្នុង​ទស្សនាវដ្ដី EnsignLiahona ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការយល់​ថា​ពួក​សាវក​ត្រូវបាន​ហៅ​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ អាច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​លើ​របៀប​ដែល​យើង​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ពួក​លោក​បង្រៀន និង ទូន្មាន​យើង​ឲ្យ​ធ្វើ ?

    2. តើ​ការបម្រើ និង សារលិខិត​នានា​របស់​ពួក​សាវក​សម័យ​ទំនើប មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច​ខ្លះ ?

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​ឱកាស​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ដើម្បី​ស្ដាប់ សិក្សា និង អនុវត្ដ​តាម​ប្រសាសន៍​របស់​ពួកសាវក​ដែល​ត្រូវបាន​ជ្រើស​តាំង​ដោយ​ព្រះអម្ចាស់ ។

ម៉ាថាយ ១០:៩-៤២

ព្រះយេស៊ូវ​ត្រាស់​បង្រៀន​ពួក​សាវក​ដប់ពីរ​នាក់ ពីមុន​ពួកគេ​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ និង បម្រើ

នៅ​ក្នុង ម៉ាថាយ ១០:៩–១៨ យើង​អាន​ថា ព្រះអម្ចាស់​បាន​ណែនាំ ពួក​សាវក ឲ្យ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ដំណឹងល្អ ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ត្រាស់​បង្រៀន​ពួកគេ ឲ្យ​ប្រសិទ្ធិពរ​ដល់​មនុស្ស​ដែល​ទទួល និង ផ្ដល់​ទីជម្រក​ដល់​ពួកគេ​ផងដែរ ។

រូបភាព
ព្រះយេស៊ូវ និង ពួក​សាវក

ព្រះយេស៊ូវ​ត្រាស់​បង្រៀន​ពួក​សាវក​ទ្រង់

សូម​គិត​អំពី​គ្រា​មួយ​ដែល​មនុស្ស​ម្នាក់​មាន​ជំនឿ​ផ្សេង បាន​សួរ​សំណួរ​មួយ​ដ៏​លំបាក​ដល់​អ្នក អំពី​ដំណឹងល្អ ឬ អំពី​អ្វី​មួយ​ដែល​ប្រឆាំង​នឹង​សាសនាចក្រ ។ តើ​អ្នក​មាន​ទំនុកចិត្ត​ដល់​កម្រិត​ណា ក្នុង​ការដឹង​អំពី​អ្វី​ដែល​អ្នក​គួរតែ​និយាយ​នៅ​ក្នុង​ស្ថានភាព​នោះ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា​លើ ម៉ាថាយ ១០ សូម​ស្វែងរក​គោលការណ៍​មួយ នៅ​ក្នុង​ការបង្រៀន​របស់​ព្រះយេស៊ូវ​ទៅ​ដល់​ពួក​សាវក​របស់​ទ្រង់ ដែល​អាច​ជួយ​យើង​នៅ​ពេល​យើង​ត្រូវ​ពន្យល់​អំពី​ដំណឹងល្អ ឬ ចែកចាយ​ទីបន្ទាល់​របស់​យើង ។

សូម​អាន ម៉ាថាយ ១០:១៦–២០ ដោយ​ស្វែងរក​ឧបសគ្គ​នានា​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ពួក​សាវក​នឹង​ជួប​ប្រទះ​នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ ហើយ​ប្រកាស​ដំណឹងល្អ ។

យោង​តាម ខ​ទី ១៩–២០ តើ​ពួក​សាវក​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ដឹង​អំពី​អ្វី​ដែល​ត្រូវ​និយាយ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ? ( ឃ្លា « កុំ​ឲ្យ​ថប់ព្រួយ » មាន​ន័យ​ថា « កុំ​ឲ្យ​បារម្ភ​ពេក » [ សូម​មើល ម៉ាថាយ ១០:១៩ លេខ​យោង  ] ) ។

ចេញ​ពី​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង ម៉ាថាយ ១០:១៩–២០ សូម​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ អំពី​ការថ្លែង​ទៅ​កាន់​មនុស្ស​ទូទៅ ៖ នៅ​ពេល​យើង​នៅ​ក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង  ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​ដែល​អ្នក​បង្ហាញ​ខាង​លើ​នេះ អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច នៅ​ពេល​មនុស្ស​ម្នាក់​សួរ​អ្នក​នូវ​សំណួរ​ដ៏​លំបាក​អំពី​សាសនាចក្រ ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បំផុស​គំនិត​អ្នក ឲ្យ​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ថ្លែង​ទៅ​កាន់​បុគ្គល​ម្នាក់​ទៀត ?

ម៉ាថាយ ១០:២១–៤២ កត់ត្រា​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ប្រទាន​សេចក្ដី​ណែនាំ ការព្រមាន និង ការ​លួង​លោម​ចិត្ត​អំពី​ឧបសគ្គ​នានា ដែល​ពួកគេ​នឹង​ជួប​ប្រទះ ។

សូម​អាន ម៉ាថាយ ១០:៣៧–៣៨ ដោយ​ស្វែងរក​ការលះបង់​នានា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា យើង​ត្រូវតែ​មាន​ឆន្ទៈ​ធ្វើការ​លះបង់ ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ។ ឃ្លា « គួរ​នឹង​ខ្ញុំ » នៅ​ក្នុង​ខគម្ពីរ​នេះ មាន​ន័យ​ថា សក្ដិសម​នឹង​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់ និង ទទួល​បាន​ពរជ័យ​ពី​ទ្រង់ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ចាំបាច់​សម្រាប់​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​ស្រឡាញ់​ទ្រង់​ឲ្យ​លើស​ពី​អ្វី​គ្រប់​ទាំងអស់—រួមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ផង ។

រូបភាព
ព្រះគ្រីស្ទ​លី​ឈើឆ្កាង

ឈើឆ្កាង​ដែល​មាន​លើកឡើង​នៅ​ក្នុង ម៉ាថាយ ១០:៣៨ សំដៅ​ទៅ​លើ​ឈើឆ្កាង​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លី​នៅ​ក្នុង​សាច់ឈាម ដើម្បី​បំពេញ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ និង នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទូទៅ ។

តើ​អ្នក​គិត​ថា ផ្ទុក​ឈើ​ឆ្កាង​របស់​យើង ហើយ​ដើរតាម​ទ្រង់ មាន​ន័យ​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាថាយ ១០:៣៩ ដោយ​ស្វែងរក​គោលការណ៍ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការលះបង់ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ជាក់​នៅ​ដើម​ខគម្ពីរ​នេះ​ថា « អ្នក​ណា​ដែល​ព្យាយាម​រក្សា​ជីវិត​ខ្លួន … » ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១០:៣៩ [ នៅ​ក្នុង ម៉ាថាយ ១០:៣៩ លេខ​យោង  ] ) ។ នៅ​ក្នុង​បរិបទ​នេះ ឃ្លា « រក្សា​ជីវិត​ខ្លួន » មាន​ន័យ​ថា រស់នៅ​ដោយ​ភាព​អាត្មា​និយម ជាង​ប្រឹងប្រែង​បម្រើ​ព្រះ និង កូនចៅ​ទ្រង់ ។

តើ​អ្នក​គិត​ថា​មនុស្ស​ដែល​ផ្តោត​អារម្មណ៍​ទៅ​លើ​បំណង​ផ្ទាល់ខ្លួន និង សេចក្ដី​ប្រាថ្នា​ដ៏​អាត្មានិយម នឹង « បាត់ » ជីវិត​ខ្លួន​ទៅ នៅ​ទីបញ្ចប់​តាម​របៀប​ណា ? សូម​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ៖ ប្រសិនបើ​យើង​ព្យាយាម​រក្សា​ជីវិត​ខ្លួន នោះ  ។

សូម​គិត​អំពី​ការគូសចំណាំ​ការសន្យា​នេះ​នៅ​ក្នុង ខ ៣៩ ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ជាមួយ​អ្នក​ដែល​បាន​បាត់បង់ជីវិត​ខ្លួន​ដើម្បី​ទ្រង់ ។ ការបាត់​បង់​ជីវិត​ខ្លួន​ដើម្បី​ទ្រង់ មាន​ន័យ​ជ្រាលជ្រៅ​ជាង​ការដែល​មាន​ឆន្ទៈ​ក្នុង​ការស្លាប់​ដើម្បី​ទ្រង់​ទៅ​ទៀត ។ វា​មាន​ន័យ​ថា​ការមាន​ឆន្ទៈ​ថ្វាយ​ខ្លួន​យើង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បម្រើ​ទ្រង់ និង មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ។

តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ដែល​យើង​នឹង​រកឃើញ​ជីវិត​វិញ នៅ​ពេល​យើង​បាន​បាត់​បង់​វា​ដើម្បី​ទ្រង់​នោះ ?

សូម​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ៖ ប្រសិនបើ​យើង​បាត់​ជីវិត​ដើម្បី​ព្រះយេស៊ូវគ្រីស្ទ នោះ  ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ កំពុង​តែ​មាន​ព្រះបន្ទូល​ប្រាប់​យើង​ថា លើកលែង​តែ​យើង​លះបង់​ខ្លួន​យើង ដើម្បី​បម្រើ​ដល់​មនុស្ស​ទូទៅ​ប៉ុណ្ណោះ នោះ​ទើប​ជីវិត​របស់​យើង​ផ្ទាល់​នឹង​មាន​​គោលបំណង​បន្តិច​បន្តួច​វិញ ។ អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​សម្រាប់​តែ​ខ្លួនឯង យូរៗ​ទៅ​នឹង​ហួតហែង ហើយ​មាន​និមិត្តរូប​ជា ការ​បាត់បង់​ជីវិត​របស់​ខ្លួន ស្រប​ពេល​ដែល​មនុស្ស​ដែល​លះបង់​ខ្លួន​ពួកគេ ដើម្បី​បម្រើ​អ្នក​ដទៃ នឹង​រីក​ចម្រើន ហើយ​លូតលាស់—និង​ជា​ប្រយោជន៍​ដើម្បី​សង្គ្រោះ​ជីវិត​របស់​ពួកគេ​វិញ » ( « What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នរណា​ដែល​អ្នក​ស្គាល់​ថា​ជា​មនុស្ស​ដែល​បាន​ជ្រើសរើស ស្មគ្រ័​បាត់​បង់​ជីវិត​ខ្លួន​ដើម្បី​ព្រះយេស៊ូវគ្រីស្ទ ? តើ​បុគ្គល​រូប​នេះ បាន​ធ្វើ​ដូចម្ដេច ?

    2. តើ​ការសម្រេចចិត្ត​នេះ ​មាន​អានុភាព​លើ​បុគ្គល​រូប​នេះ​យ៉ាង​ដូចម្ដេច ?

    3. តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ ឬ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី ស្មគ្រ័​បាត់​ជីវិត​ខ្លួន​ទៅ​ក្នុង​ការបម្រើ​ព្រះយេស៊ូវ​គ្រីស្ទ និង មនុស្ស​ទូទៅ ?

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ៨-១០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖