បណ្ណាល័យ
មេរៀន​ទី ៤ ថ្ងៃ​ទី ៣ ៖ ម៉ាថាយ ១៥


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ៣

ម៉ាថាយ ១៥

សេចក្តីផ្តើម

កាល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ពន្យល់​ប្រាប់​ពួក​អាចារ្យ និង ពួក​ផារីស៊ី អំពី​មូលហេតុ​ដែល​ទ្រង់​ពុំ​ធ្វើតាម​ទំនៀម​ទម្លាប់​នៃ​ការលាង​ដៃ​ពីមុន​បរិភោគ ។ បន្ទាប់​មក ទ្រង់​បាន​យាង​ទៅ​កាន់​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ានេ ជា​កន្លែង​ដែល​ទ្រង់​បាន​ប្រោស​កូន​ស្រី​របស់​ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ឲ្យ​បាន​ជា​សះស្បើយ ។ រួច​ទ្រង់​បាន​យាង​ត្រឡប់​មក​កាន់​ស្រុក​កាលីឡេ​វិញ ជា​កន្លែង​ដែល​ទ្រង់​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​ជា​សះស្បើយ ហើយ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង ៤០០០ នាក់​ប្រកប​ដោយ​អព្ភូតហេតុ ។

ម៉ាថាយ ១៥:១-២០

ពួក​ផារីស៊ី​ចោទ​សួរ​អំពី​មូលហេតុ ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ពុំ​លាង​ដៃ​របស់​ពួកគេ​ពីមុន​បរិភោគ ។

សូម​អាន​ស្ថានភាព​ខាង​ក្រោម ដោយ​ស្វែងរក​អ្វី​ដែល​ពួកគេ​មាន​ជា​រួម ។

  • យុវនារី​ម្នាក់​ត្រូវបាន​លើកទឹកចិត្ត​ពី​សំណាក់​មិត្តភក្ដិ​របស់​នាង ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ពុំ​សមរម្យ​ទៅ​ចូលរួម​កម្មវិធី​រាំរែក​នៅ​ឯ​សាលា ។ យុវនារី​នោះ​ដឹង​ថា សម្លៀក​បំពាក់​នោះ​ពុំ​សក្ដិសម​នឹង​បទដ្ឋាន​នៃ​ភាពសមរម្យ​របស់​ព្រះអម្ចាស់​ឡើយ ទោះជា​វា​ត្រូវបាន​ទទួល​យក​នៅ​ក្នុង​វប្បធម៌​របស់​នាង​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ដូចនោះ​ក្ដី ។

  • យុវជន​ម្នាក់​ជា​សមាជិក​ក្នុង​គ្រួសារ​មួយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ស្រឡាញ់​ព្រឹត្តិការណ៍​ប្រកួត​កីឡា ។ នៅ​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​ត្រូវបាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ គ្រួសារ​នេះ​បាន​ទុក​ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង ការប្រជុំ​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​អាទិត្យ​មួយ​អន្លើ​សិន ដើម្បី​មើល​ព្រឹត្តិការណ៍​ប្រកួត​នេះ ។

  • ស្វាមីភរិយា​មួយ​គូ​កំពុង​ត្រៀមខ្លួន​រៀប​អាពាហ៍ពិពាហ៍ ។ ពួកគេ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល ការរួមរស់​ជាមួយ​គ្នា​មុន​ពេល​រៀបការ​ត្រូវបាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ។ មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ស្វាមីភរិយា​មួយ​គូ​នេះ​ថា ពួកគេ​ពុំ​ទាន់​សម័យ​សោះ​ឡើយ ហើយ​ខុស​ពី​គេ​ឯង ដែល​រង់ចាំ​រហូត​ដល់​បន្ទាប់​ពី​រៀបការ​ហើយ​ទើប​មាន​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ។

អ្នក​អាច​នឹង​កត់​សម្គាល់​ថា ស្ថានភាព​នីមួយៗ​បង្ហាញ​អំពី​ការប៉ះទង្គិច​គ្នា​រវាង​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ និង ការប្រព្រឹត្ត​តាម​ទំនៀមទម្លាប់ ឬ ប្រពៃណី ។ ទំនៀមទម្លាប់ ឬ ប្រពៃណី រួមមាន​ជំនឿ និង ការអនុវត្តន៍​តាម​វប្បធម៌ សហគមន៍ គ្រួសារ ឬ ក្រុម​មិត្តភក្ដិ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ទំនៀមទម្លាប់ ឬ ប្រពៃណី​នានា ដែល​អាច​រារាំង​អ្នក​ពី​ការ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១៥ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ជួយ​អ្នក​នៅ​ពេល​អ្នក​ត្រូវតែ​ជ្រើសរើស​រវាង​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ និង ការកាន់​តាម​ទំនៀម​ទម្លាប់ និង ប្រពៃណី ។

សូម​អាន ម៉ាថាយ ១៥:១–២ ដោយ​ស្វែងរក​ទំនៀមទម្លាប់ ដែល​ពួក​អាចារ្យ និង ពួក​ផារីស៊ី​បាន​ចោទ​សួរ​ព្រះយេស៊ូវ ។ តើ​ទំនៀមទម្លាប់​អ្វី ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ពុំ​បាន​ធ្វើ​តាម ?

រូបភាព
ការលាង​ដៃ

ការលាង​ដៃ​ដែល​ត្រូវបាន​លើក​ឡើង​ដោយ​ពួក​ផារីស៊ី និង ពួក​អាចារ្យ សំដៅ​ទៅ​លើ​ពិធី​លាង​ដៃ​ដើម្បី​មាន​ភាពបរិសុទ្ធ ហើយ​ពុំ​មែន​សំដៅ​ទៅ​លើ​ការលាង​ដើម្បី​អនាម័យ​នោះ​ទេ ។

សូម​អាន ម៉ាថាយ ១៥:៣ ដោយ​ស្វែងរក​ចម្លើយ​របស់​ព្រះយេស៊ូវ​ចំពោះ​សំណួរ​របស់​ពួកគេ ។ អ្នក​អាច​ចង់​គូសសម្គាល់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​ពួក​អាចារ្យ និង ពួក​ផារីស៊ី​កំពុង​តែ​ធ្វើ​ដោយ​ការកាន់​តាម​ទំនៀមទម្លាប់​របស់​ពួកគេ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ១៥:៤–៦ ព្រះយេស៊ូវ​បាន​លើក​ឧទាហរណ៍​អំពី របៀប​ដែល​ពួក​អាចារ្យ និង ពួក​ផារីស៊ី​បាន​រំលង​ព្រះបញ្ញត្តិ​របស់​ព្រះ ដោយ​ការកាន់​តាម​ទំនៀម​ទម្លាប់​របស់​ពួកគេ ។ ពួកគេ​បាន​គេច​វេស​ពី​កាតព្វកិច្ច​ក្នុង​ការថែរក្សា​ឪពុកម្ដាយ​ចំណាស់​របស់​ពួកគេ ដោយ​ប្រកាស​ថា​ប្រាក់​របស់​ពួកគេ​ត្រូវ​រក្សា​ទុក​ជា​អំណោយ​ដល់​ព្រះ ឬ គ័របាន់ ( សូម​មើល ម៉ាកុស ៧:១០–១២ Bible Dictionary « Corban » ) ។ ដោយ​ការ​ធ្វើ​ដូច្នោះ ពួកគេ​បាន​ល្មើស​នឹង​ព្រះបញ្ញត្តិ​ដែល​ត្រូវ​គោរព​ប្រតិបត្តិ​ឪពុក និង ម្ដាយ ។

សូម​អាន ម៉ាថាយ ១៥:៧–៩ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​អាចារ្យ និង ពួក​ផារីស៊ី​បាន​នាំ​មនុស្ស​ឲ្យ​ធ្វើ​ដោយ​ប្រើ​ទំនៀម​ទម្លាប់​របស់​ពួកគេ ទុក​ជា​ការដោះសារ​មិន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ទៅ​កាន់​តែ​ជិត​ព្រះ យើង​ត្រូវតែ​ទុក​ព្រះបញ្ញត្តិ​របស់​ទ្រង់​ឲ្យ​ខ្ពស់​ជាង​ទំនៀមទម្លាប់ និង ប្រពៃណី​នានា​ដែល​យើង​អាច​នឹង​មាន ។

សូម​អាន​ស្ថានភាព​ទាំងឡាយ ដែល​មាន​នៅ​ដើម​មេរៀន​នេះ​ឡើង​វិញ ។ សម្រាប់​ស្ថានភាព​នីមួយៗ សូម​ពិចារណា​អំពី​សំណួរ​ចំនួន​ពីរ​ខាង​ក្រោម ៖

  • តើ​បុគ្គល​ម្នាក់ ឬ បុគ្គល​ជា​ច្រើននាក់​នៅ​ក្នុង​ស្ថានភាព​នេះ​អាច​ធ្វើ​អ្វី ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ?

  • តើ​ការធ្វើ​ដូចនេះ ជួយ​បុគ្គល​ម្នាក់ ឬ បុគ្គល​ជា​ច្រើន​ឲ្យ​ទៅ​កាន់តែ​ជិត​ព្រះ​យ៉ាង​ដូចម្ដេច ?

  1. សូម​ពិចារណា​អំពី​ទំនៀមទម្លាប់ និង ប្រពៃណី ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​កិច្ចការ​ទី ១ ក្នុង​មេរៀន​នេះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ជាជាង​កាន់តាម​ទំនៀមទម្លាប់ ឬ ប្រពៃណី​ដែល​គេ​ទទួល​យក​ជា​ទូទៅ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ដាក់​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ឲ្យ​ខ្ពស់​ជាង​ទំនៀមទម្លាប់ ឬ ប្រពៃណី​នានា ដើម្បី​អ្នក​អាច​ទៅ​កាន់តែ​ជិត​ទ្រង់ ?

    2. តើ​ការណ៍​នេះ​ជួយ​អ្នក ឲ្យ​ទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​ថា​ពួក​អាចារ្យ និង ពួក​ផារីស៊ី​ជឿ​ថា ការបរិភោគ​ពុំ​បាន​ធ្វើ​ពិធី​លាង​ដៃ នឹង​ធ្វើ​ឲ្យ​បុគ្គល​នោះ​ស្មោកគ្រោក ឬ ធ្វើ​ឲ្យ​បុគ្គល​នោះ​ពុំ​ស្អាត​ខាង​វិញ្ញាណ ។ សូម​អាន ម៉ាថាយ ១៥:១០-១១ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដែល​ពិតជា​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោកគ្រោក … គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ » ( ម៉ាថាយ ១៥:១១ ) ។ ក្រោយ​មក បន្ទាប់​ពី​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​កុំ​ឲ្យ​បារម្ភ​នឹង​ពួក​ផារីស៊ី ដែល​បាន​អន់ចិត្ត​នឹង​ទ្រង់ ( សូម​មើល ម៉ាថាយ ១៥:១២–១៦ ) ទ្រង់​បាន​មាន​ព្រះបន្ទូល​ពន្យល់​ប្រាប់​បន្ថែម​អំពី​អ្វី​ដែល​ពិត​ជា​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក ។

សូម​អាន ម៉ាថាយ ១៥:១០-២០ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា​ពិតជា​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក ។

នៅ​ក្នុង​បទគម្ពីរ ជា​ញឹកញាប់ ចិត្ត តំណាង​ឲ្យ​គំនិត និង បំណងប្រាថ្នា​របស់​យើង ។ តើ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ បាន​មាន​ព្រះបន្ទូល​ថា​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក ?

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ១៥:១០–២០ ៖ បើ​យើង​ជ្រើសរើស​រីករាយ​នឹង​គំនិត និង បំណងប្រាថ្នា​មិន​ល្អ នោះ  ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​មួយ ឬ ពីរ​ដែល​យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​ស្មោកគ្រោក ឬ មិន​ស្អាតស្អំ​ខាង​វិញ្ញាណ ប្រសិនបើ​យើង​ជ្រើសរើស​រីករាយ​នឹង​គំនិត និង បំណងប្រាថ្នា​មិន​ល្អ ។

ម៉ាថាយ ១៥:២១-២៨

ព្រះអង្គសង្គ្រោះ​ប្រោស​កូន​ស្រី​របស់​ស្ត្រី​សាសន៍​ដទៃ​ម្នាក់

នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម​នេះ សូម​សរសេរ​បំណងប្រាថ្នា​សុចរិត​របស់​អ្នក​មួយ ឬ ច្រើន ៖

នៅ​ពេល​អ្នក​បន្ត​សិក្សា ម៉ាថាយ ១៥ សូម​ស្វែងរក​គោលការណ៍​នានា ដែល​អាច​ជួយ​អ្នក​យល់ អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​បំណង​ប្រាថ្នា​សុចរិត ។

ប្រសិនបើ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក សូម​បើក​ទៅ ផែនទី​ព្រះគម្ពីរ​ប៊ីប ទី​១១ « ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី » ។ សូម​ស្វែងរក​ទីតាំង​នៃ​ក្រុង​ទីរ៉ុស និង ក្រុង​ស៊ីដូន នៅ​លើ​ផែនទី​នោះ ។ កាល​ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កាលីឡេ​ទៅ​ក្រុង​ទីរ៉ុស និង ក្រុង​ស៊ីដូន​នៅ​លើ​ឆ្នេរសមុទ្រ ទ្រង់​បាន​ប្រទះ​នឹង​ស្ត្រី​សាសន៍​កាណាន​ម្នាក់ ។ ដូចជា​ប្រជាជន​ដទៃ​ទៀត​នៅ​ក្នុង​ភូមិភាគ​នោះ​ដែរ ស្ត្រី​រូប​នោះ​គឺ​ជា​សាសន៍​ដទៃ—មាន​ន័យ​ថា នាង​មិន​មែន​ជា​សាសន៍​យូដា​នោះ​ទេ ។ នៅ​សម័យ​នោះ បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​តែ​ដល់​សាសន៍​យូដា​ប៉ុណ្ណោះ ហើយ​ពុំ​ទាន់​ដល់​សាសន៍​ដទៃ​នៅ​ឡើយ​ទេ ( សូម​មើល ម៉ាថាយ ១០:៥–៦ ) ។

សូម​អាន ម៉ាថាយ ១៥:២១-២៧ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​បំណង​ប្រាថ្នា​សុចរិត​ណា​មួយ ដែល​ស្ត្រី​សាសន៍​កាណាន​នោះ​បាន​មាន ?

  • តើ​ស្ត្រី​រូប​នោះ​បាន​ធ្វើ ហើយ​ថ្លែង​ដូចម្ដេច ដែល​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​នាង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​កត់ចំណាំ​ថា រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ប្រៀបធៀប​សាសន៍​ដទៃ​ទៅ​នឹង​កូន​ឆ្កែ បាន​សាកល្បង​សេចក្ដី​ជំនឿ​របស់​ស្ត្រី​នោះ ។ តើ​ការឆ្លើយតប​របស់​ស្ត្រី​រូប​នេះ​ចំពោះ​រឿងប្រៀបប្រដូច​នេះ បាន​បង្ហាញ​កាន់តែ​ច្បាស់​អំពី​សេចក្តី​ជំនឿ​របស់​នាង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ាថាយ ១៥:២៨ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ស្ត្រី​រូប​នេះ ។

ហេតុអ្វី​បាន​ជា​ទ្រង់​ធ្វើ​បែប​នេះ ?

យើង​រៀន​ចេញ​ពី​ដំណើររឿង​នេះ​ថា នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួលបាន​ពរជ័យ​ស្រប​ទៅ​តាម​បំណងប្រាថ្នា​សុចរិត​របស់​យើង ។

សូម​គិត​អំពី​សំណួរ​ខាង​ក្រោម ៖ លើស​ពី​ការទូលសុំ​យ៉ាង​ជាប់លាប់​ឲ្យ​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង ដែល​ស្របតាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​ទៅ​ទៀត​នោះ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​បាន​ទៀត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅ​ពេល​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវតែ​ទុកចិត្ត​លើ​ទ្រង់ ។ យើង​ត្រូវតែ​ទុកចិត្ត​លើ​ទ្រង់​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់ ដែល​យើង​រីករាយ​នឹង​ធ្វើតាម​ព្រះឆន្ទៈ​ទ្រង់ ដោយ​ដឹង​ថា ទ្រង់​ជ្រាប​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ …

« … សេចក្ដី​ជំនឿ ទោះ​ជា​រឹងមាំ​យ៉ាង​ណា​ក្ដី ក៏​វា​ពុំ​អាច​បង្កើត​ជា​លទ្ធផល​ដែល​ផ្ទុយ​ទៅ​នឹង​ព្រះបំណង​ទ្រង់​ដែល​មាន​ព្រះចេស្ដា​នោះ​ទេ ។ ការអនុវត្តន៍​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​តែងតែ​ស្ថិត​នៅក្រោម​អំណាច​នៃ​របៀប​រៀបរយ​របស់​ស្ថានសួគ៌ នៅក្រោម​សេចក្ដី​ល្អ និង ព្រះបំណង និង ប្រាជ្ញា និង ពេលវេលា​របស់​ព្រះអម្ចាស់ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ពុំ​អាច​មាន​សេចក្ដី​ជំនឿ​ដ៏​ពិត​លើ​ព្រះអម្ចាស់ ដោយ​គ្មាន​ការទុកចិត្ត​ទាំងស្រុង​លើ​ព្រះបំណង​របស់​ព្រះអម្ចាស់ និង ទៅ​លើ​ពេលវេលា​របស់​ព្រះអម្ចាស់​ទាល់តែ​សោះ » ( «Faith in the Lord Jesus Christ» Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៩៩–១០០ ) ។

តើ​ការបកស្រាយ​របស់​អែលឌើរ អូក អំពី​អត្ថន័យ​នៃ​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើង​នៅ​ពេល​ព្រះអម្ចាស់​ពុំ​ប្រទានពរ​ឲ្យ​យើង​ភ្លាមៗ​ស្រប​តាម​បំណងប្រាថ្នា​សុចរិត​របស់​យើង តាមរបៀប​ណា ?

  1. សូម​រំឭក​បំណងប្រាថ្នា​សុចរិត​នានា ដែល​អ្នក​បាន​សរសេរ​មុន​នេះ​បន្តិច ។ សូម​ពន្យល់​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​អ្នក​ព្យាយាម​មាន​បំណង​ប្រាថ្នា​ទាំងនោះ ។ សូម​សរសេរ​ផងដែរ​អំពី​បទពិសោធន៍​មួយ នៅពេល​ដែល​អ្នក​បាន​ទទួល​បំណងប្រាថ្នា​មួយ ឬ ច្រើន ( ស្រប​តាម​ព្រះរាជបំណង និង កាលវេលា​របស់​ព្រះអម្ចាស់ ) នៅ​ពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ សរសេរ​អំពី​បទពិសោធន៍​មួយ​របស់​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ។ ( សូម​ចងចាំ​ថា​ត្រូវ​ចៀសវាង​សរសេរ​អំពី​បទពិសោធន៍​នានា ដែល​ពិសិដ្ឋ ឬ ផ្ទាល់ខ្លួន​ពេក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ) ។

ម៉ាថាយ ១៥:២៩-៣៩

ព្រះយេស៊ូវ​ប្រទាន​អាហារ​ដល់​អ្នក​ដើរតាម​ទ្រង់​ចំនួន ៤,០០០ នាក់ ដោយ​ប្រើ​នំប៉័ង​ប្រាំពីរ​ដុំ និង ត្រី​ពីរ​បី​កន្ទុយ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ១៥:២៩-៣៩ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ត្រឡប់​ទៅ​កាន់​ស្រុក​កាលីឡេ​វិញ ។ កាល​ទ្រង់​គង់​នៅ​ទីនោះ មាន​មនុស្ស​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​ទ្រង់ ។ ព្រះគម្ពីរ​បាន​កត់ត្រា​ថា​មាន « បួន​ពាន់​នាក់​ឥត​រាប់​ស្រីៗ ហើយ​និង​កូន​ក្មេង​ផង​ទេ » ( ម៉ាថាយ ១៥:៣៨ ) រួម​បញ្ចូល​ទាំង​មនុស្ស​ដែល​រងទុក្ខ​ដោយ​អត់​អាហារ និង ពិការភាព​ផ្សេងៗ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រោស​ពួកគេ ហើយ​បន្ទាប់​ពី​មនុស្ស​ទាំងនោះ​បាន​ចំណាយ​ពេល​បី​ថ្ងៃ​នៅ​ជាមួយ​ទ្រង់ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ទៀត​ដោយ​ប្រទាន​អាហារ​ដល់​មនុស្ស​ទាំងអស់​នោះ ដោយ​ប្រើ​តែ​នំប៉័ង​ប្រាំពីរ​ដុំ និង ត្រី​ពីរ​បី​កន្ទុយ​ប៉ុណ្ណោះ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖