បណ្ណាល័យ
មេរៀន​ទី ២៧ ថ្ងៃ​ទី ៣ ៖ ភីលេម៉ូន


មេរៀន​ទី ២៧ ៖ ថ្ងៃទី ៣

ភីលេម៉ូន

សេចក្ដីផ្ដើម

នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​នេះ សាវក​ប៉ុល​បាន​សរសើរ​សេចក្ដីជំនឿ​របស់​ភីលេម៉ូន និង​សេចក្ដីស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះអង្គសង្គ្រោះ ព្រមទាំង​គាំទ្រ​សមាជិក​សាសនាចក្រ ។ លោក​បាន​ទូន្មាន​ភីលេម៉ូន​ឲ្យ​ទទួល​យក​ទាសករ​របស់​គាត់​ដែល​គេច​ខ្លួន​គឺ​អូនេស៊ីម​វិញ ទុក​ជា​ប្អូន​ប្រុស​ក្នុង​ព្រះអម្ចាស់ ។

ភីលេម៉ូន

ប៉ុល​ទូន្មាន​ភីលេម៉ូន​ឲ្យ​ទទួល​យក​ទាសករ​របស់​គាត់​ដែល​គេច​ខ្លួន​គឺ​អូនេស៊ីម​វិញ ទុក​ជា​ប្អូន​ប្រុស​ក្នុង​ដំណឹងល្អ

  1. ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ជារឿយៗ​យើង​តែង​ជួប​នឹង​មនុស្ស​ថ្មីៗ ។ សូម​ស្រមៃ​អំពី​នរណាម្នាក់​ដែល​ទើបតែ​ចូលរួម​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ឧបសគ្គ​ខាង​សង្គម​ដែល​មនុស្ស​ម្នាក់​អាច​ជួប​ប្រទះ​នៅ​ពេល​គាត់​ចូលរួម​សាសនាចក្រ ឬ​ផ្លាស់​ទៅ​វួដ ឬ​សាខា​ថ្មី ។ ប្រសិនបើ​អ្នក​ធ្លាប់​ចូលរួម​សាសនាចក្រ ឬ​ផ្លាស់​ទៅ​វួដ ឬ​សាខា​ថ្មី​នា​ពេល​ថ្មីៗ​នេះ សូម​ពិពណ៌នា​អំពី​ឧបសគ្គ​នានា​ខាង​សង្គម​ដែល​អ្នក​បាន​ជួបប្រទះ ។

សូម​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​ប្រព្រឹត្ត​ចំពោះ​សមាជិក​ថ្មី​ក្នុង​វួដ ឬ​សាខា​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​អ្នក​ប្រព្រឹត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ដែល​មាន​អាកប្បកិរិយា​ខុស​ពី​អ្នក ចំណាប់អារម្មណ៍​ផ្សេង​ពី​អ្នក ឬ​មក​ពី​សង្គម​ដែល​ខុស​ពី​អ្នក​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា​អំពី​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ភីលេម៉ូន សូម​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​អាច​ដឹកនាំ​អ្នក​នៅ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​សមាជិក​សាសនាចក្រ ។

អំឡុង​ការជាប់ឃុំ​របស់​លោក​នៅ​ក្រុង​រ៉ូម ខណៈ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ភីលេម៉ូន ដែល​គាត់​ប្រហែល​ជា​អ្នក​ប្រែចិត្តជឿ​ជនជាតិ​ក្រេក ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលេម៉ូន ១:១–៣ ប៉ុល​បាន​ចាប់ផ្ដើម​សរសេរ​សំបុត្រ​របស់​លោក​ដោយ​ថ្លែង​ជម្រាបសួរ​ដល់​ភីលេម៉ូន និង​មនុស្ស​ដទៃ​ទៀត រួម​មាន​ក្រុមជំនុំ​ដែល​ប្រជុំ​នៅ​ក្នុង​ផ្ទះ​របស់​ភីលេម៉ូន ។

សូម​អាន ភីលេម៉ូន ១:៤–៧ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​សរសើរ​ភីលេម៉ូន ។ នៅ​ក្នុង​បរិបទ​នេះ ពាក្យ សេចក្តី​ប្រកប សំដៅ​ទៅ​លើ ការរួមចំណែក និង​ការរាប់អាន ( សូម​មើល ភីលេម៉ូន ១:៦  ) រីឯ​ឃ្លា « បាន​កើត​ការ​ឡើង » មាន​ន័យ​ថា ក្លាយ​ជា​សកម្ម ឬ​មាន​ប្រសិទ្ធភាព ( សូម​អាន ភីលេម៉ូន ១:៦  ) ។

វា​អាច​មាន​ប្រយោជន៍​ដែល​ត្រូវ​ដឹង​ថា នៅ​ពេល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា « ចិត្ត​នៃ​ពួក​បរិសុទ្ធ [ បាន ] ស្បើយ​ល្ហែ » ( ភីលេម៉ូន ១:៧ ) លោក​ចង់​មាន​ន័យ​ថា ភីលេម៉ូន​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួកគេ​រីករាយ​ឡើង ។

គោលបំណង​ចម្បង​របស់​ប៉ុល​ក្នុង​ការសរសេរ​សំបុត្រ​ទៅ​កាន់​ភីលេម៉ូន គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ភីលេម៉ូន និង​អ្នក​បម្រើ ឬ​ទាសករ​របស់​គាត់​ឈ្មោះ អូនេស៊ីម ។ អូនេស៊ីម​បាន​រត់​គេច​ខ្លួន ហើយ​ប្រហែលជា​បាន​លួច​អ្វី​មួយ​ពី​ភីលេម៉ូន ( សូម​មើល ភីលេម៉ូន ១:១៨ ) ។ ទាសភាព​ពុំ​ត្រូវបាន​ចាត់ទុក​ថា​ជា​អ្វី​មួយ​អាក្រក់​ឡើយ​នៅ​ក្នុង​វប្បធម៌​គ្រិស្តសាសនិក​សាសន៍​យូដា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ហើយ​ត្រូវបាន​គាំទ្រ​ដោយ​ច្បាប់​រ៉ូម ។ ការដាក់ទោស​ដល់​ទាសករ​ដែល​គេច​ខ្លួន​រួមមាន ការវាយ​ឲ្យ​ដំណំ បោះត្រា​ដែក​ដុត​នៅ​លើ​ថ្ងាស ឬ​ប្រហារ​ជីវិត ។ បន្ទាប់​ពី​បាន​គេច​ខ្លួន អូនេស៊ីម​បាន​ជួប​នឹង​សាវក​ប៉ុល ។

សូម​អាន ភីលេម៉ូន ១:៨–១២ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​អង្វរ ឬ​ស្នើ​ដោយ​អស់​ពី​ចិត្ត​ឲ្យ​ភីលេម៉ូន​ធ្វើ ។ សូម​កត់ចំណាំ​ថា​នៅ​ក្នុង ខទី ៨ ពាក្យ បង្គាប់ មាន​ន័យ​ថា បញ្ជា រីឯ​ពាក្យ ដែល​គួរ​គប្បី មាន​ន័យ​ថា ត្រឹមត្រូវ ឬ​សមរម្យ ។

ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​ភីលេម៉ូន តើ​អ្នក​អាច​គិត ឬ​មាន​អារម្មណ៍​ដូចម្ដេច​នៅ​ពេល​អ្នក​ទទួលបាន​សំណើ​របស់​ប៉ុល ?

សូម​កត់ចំណាំ​ឃ្លា « ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង » ( ភីលេម៉ូន ១:១០ ) ។ អត្ថន័យ​មួយ​នៃ​កិរិយាសព្ទ បង្កើត គឺ​ជា​ការផ្ដល់​ជីវិត​ឲ្យ​នរណាម្នាក់ ។ ខណៈ​ពេល​ដែល​ប៉ុល​នៅ​ជាប់​ឃុំ លោក​បាន​ជួយ​អូនេស៊ីម​ឲ្យ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលេម៉ូន ១:១៣–១៤ ប៉ុល​មាន​បំណង​ទុក​អូនេស៊ីម​ឲ្យ​នៅ​ជាមួយ​លោក ដើម្បី​អូសេស៊ីម​អាច​ធ្វើ​ជា​ជំនួយការ​របស់​លោក​បាន ប៉ុន្តែ​ប៉ុល​មិន​ចង់​ធ្វើ​ដូចនោះ​ឡើយ​ប្រសិនបើ​គ្មាន​ការយល់ស្រប​ពី​ភីលេម៉ូន​ទេ​នោះ ។

សូម​អាន ភីលេម៉ូន ១:១៥–១៦ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​លើក​ទឹកចិត្ត​ភីលេម៉ូន​ឲ្យ​បង្កើត​ទំនាក់ទំនង​គាត់​ជាមួយ​អ្នក​ប្រែចិត្តជឿ​ថ្មី​អូនេស៊ីម​នេះ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ហេតុអ្វី​បាន​ជា​ការចាត់ទុក​អូនេស៊ីម​ជា « ប្អូន​ស្ងួនភ្ងា » ( ភីលេម៉ូន ១:១៦ ) គឺ​ជា​កិច្ចការ​ដ៏​ពិបាក​សម្រាប់​ភីលេម៉ូន ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី ខទី ១៦ គឺ យើង​ទាំងអស់​គ្នា​គឺ​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ដំណឹងល្អ ។

យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ( សូម​មើល ហេព្រើរ ១២:៩ ) ដូច្នេះ​យើង​ទាំងអស់​គ្នា​គឺ​ជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា ។ មិន​តែ​ប៉ុណ្ណោះ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ការអនុវត្ត​សេចក្ដី​ជំនឿ​ជា​បន្តបន្ទាប់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ជានិច្ច នោះ​យើង​បាន​កើត​ម្ដង​ទៀត​ខាង​វិញ្ញាណ ។ តាមរបៀប​នេះ យើង​ក្លាយ​ជា​បុត្រា និង​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ម៉ូសាយ ៥:៧ ) ហេតុដូច្នេះហើយ យើង​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា​នៅ​ក្នុង​ក្រុមគ្រួសារ​នៃ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ។ ដោយ​មិន​គិត​អំពី​ភេទ វប្បធម៌ វ័យ ប្រវត្តិរូប ឬ​ស្ថានភាព​សង្គម​ណា​នោះ​ទេ យើង​មាន​ភាពស្មើគ្នា​នៅ​ក្នុង​នគរ​ព្រះ ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល សូម​ស្វែងរក​របៀប​ដែល​សេចក្ដីពិត​ដែល​ថា​យើង​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ដំណឹងល្អ អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ចំពោះ​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ខ្ញុំ​តែង​ទទួល​បាន​ការលើកទឹកចិត្ត​រាល់​ដង​ដែល​ខ្ញុំ​អាន​សំបុត្រ​ដ៏​ខ្លី​របស់​ប៉ុល​សរសេរ​ទៅ​កាន់​ភីលេម៉ូន វា​បង្រៀន​យើង​អំពី​គោលការណ៍​មួយ និង​ស្មារតី​មួយ​អំពី​ភាពជា​បងប្អូន​ក្នុង​ដំណឹងល្អ ។ …

« វា​គឺ​ជា​ការបំផុតគំនិត​មួយ និង​អំណរ​ដែល​ឃើញ​ស្មារតី​ដូចគ្នា​នេះ​ត្រូវបាន​អនុវត្ត​ពាសពេញ​សាសនាចក្រ ដែល​ឃើញ​ពួក​បរិសុទ្ធ​ឱបក្រសោប​យក ហើយ​ជួយ ព្រមទាំង​អធិស្ឋាន​សម្រាប់​អ្នក​ដែល​ដើរ​ចូល​ក្នុង​នគរ​របស់​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ។ ចូរ​បន្ត​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក—និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត ដែល​នឹង​ចូល​មក​ក្នុង​សាសនាចក្រ ។ ចូរ​ស្វាគមន៍​ពួកគេ ហើយ​ស្រឡាញ់ ព្រមទាំង​បង្កើត​មិត្តភាព​ជាមួយ​ពួកគេ​ផង ។

« ជា​អកុសល មាន​ឧបទ្ទវហេតុ​ម្ដងម្កាល​ដែល​មាន​ពួក​យើង​ខ្លះ​មិន​ទាន់​បាន​ធ្វើ​ដូចនោះ​ទេ ជា​រឿង​ដែល​មនុស្ស​មួយ​ចំនួន​ត្រូវបាន​គេ​ព្រងើយកន្តើយ​ដែល​មនុស្ស​ទាំងនោះ​ត្រូវបាន​ទទួល​យក​ដោយ​ព្រះអម្ចាស់​តាមរយៈ​ពិធីបុណ្យជ្រមុជទឹក​រួច​ទៅ​ហើយ ។ ប្រសិនបើ​ព្រះអម្ចាស់ ‹ មិន​ខ្មាស់​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ › ( ហេព្រើរ ២:១១ ) ហេតុដូច្នេះហើយ ចូរ​យើង … កាន់​ដៃ​បងប្អូន​ប្រុស​ស្រី​យើង ហើយ​លើក​ស្ទួយ​ពួកគេ​ឡើង​ឲ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ការខ្វល់ខ្វាយ និង​សេចក្ដី​ស្រឡាញ់​របស់​យើង » ( « Always a Convert Church: Some Lessons to Learn and Apply This Year » Ensign ខែ កញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សំខាន់​ដែល​ត្រូវ​យល់​ថា យើង​គឺ​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ដំណឹងល្អ ?

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​ធ្លាប់​បាន​ឃើញ​នរណាម្នាក់​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ដំណឹងល្អ ? តើ​មាន​លទ្ធផល​អ្វី​កើតឡើង​មក​ពី​សណ្ដាន​ចិត្ត​ល្អ និង​សេចក្ដីស្រឡាញ់​បែប​នេះ ?

  2. សូម​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​នរណា​ម្នាក់​នៅ​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ដែល​អាច​នឹង​ត្រូវការ​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការទទួលយក ។ អ្នក​អាច​ថ្លែង​ពាក្យ​សរសើរ​ដល់​បុគ្គល​នោះ​ចំពោះ​អំណោយទាន និង​ការរួមចំណែក​នានា​របស់​គាត់ រួច​បង្ហាញ​ការគោរព​ក្នុង​នាម​ជា​បងប្អូនប្រុសស្រី​ម្នាក់​ក្នុង​ដំណឹងល្អ ។ បន្ទាប់​ពី​អ្នក​បាន​សរសេរ​សំបុត្រ​ហើយ សូម​សង្ខេប​វា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ដើម្បី​រៀបចំ​ស្វែងរក​សេចក្ដីពិត​បន្ថែម​មួយ​ទៀត​ដែល​មាន​នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ភីលេម៉ូន សូម​គិត​អំពី​គ្រា​មួយ​ដែល​នរណាម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​រវាទចិត្ត ឬ​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​អ្នក ។

សូម​អាន ភីលេម៉ូន ១:១៧ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ភីលេម៉ូន​ធ្វើ​សម្រាប់​អេនេស៊ីម ជា​ទាសករ​របស់​ភីលេម៉ូន​ដែល​គេច​ខ្លួន​នោះ ។

ប៉ុល​បាន​ស្នើ​ឲ្យ​ភីលេម៉ូន​ទទួល​ស្វាគមន៍​អូនេស៊ីម​មក​ចូល​ក្នង​ផ្ទះ​របស់​គាត់​វិញ ដោយ​មិន​ចាំបាច់​ដាក់ទោស​ធ្ងន់ធ្ងរ​ដែល​ជា​ធម្មតា​ទាសករ​ដែល​គេច​ខ្លួន​ត្រូវ​ទទួល​នោះ​ទេ ។ ដូច​មាន​បង្ហាញ​នៅ​ក្នុង​ការណែនាំ​របស់​ប៉ុល​ទៅ​កាន់​ភីលេម៉ូន យើង​រៀន​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​មនុស្ស​ដទៃ ។

ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​មាន​ការលំបាក​ក្នុង​ការមាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​មនុស្ស​ដទៃ ?

សូម​កត់ចំណាំ​ថា ការមាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​ជន​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​យើង ពុំ​មាន​ន័យ​ថា អនុញ្ញាត​ឲ្យ​ពួកគេ​រួច​ផុត​ពី​លទ្ធផល​នៃ​ទង្វើ​របស់​ខ្លួន​ឡើយ ក៏​ពុំ​មាន​ន័យ​ថា យើង​ស្ដារ​ការទុកចិត្ត​ទៅ​លើ​ពួកគេ​ឡើង​វិញ​ភ្លាមៗ​នោះ​ដែរ ។ ផ្ទុយទៅវិញ វា​មាន​ន័យ​ថា យើង​បង្ហាញ​ការអាណិតអាសូរ​ដល់​មនុស្ស​ដទៃ ហើយ​ទុក​ឲ្យ​ការរវាទចិត្ត កំហឹង ឬ​ការឈឺចាប់​ដែល​យើង​អាច​នឹង​មាន​នោះ​ឲ្យ​រលាយ​សាបសូន្យ​ទៅ ។ ពេល​ដែល​សមស្រប យើង​ក៏​អាច​នឹង​អនុញ្ញាត​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​ខុសឆ្គង​នឹង​យើង​នោះ​ទទួល​បាន​ការទុកចិត្ត​របស់​យើង​ទៅ​លើ​គាត់​ឡើង​វិញ​ផងដែរ ។

សូម​អាន ភីលេម៉ូន ១:១៨–២១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជំនួស​អូនេស៊ីម ។

គឺ​ដូច​ជា​ប៉ុល​បាន​សុំ​ទោស​ជំនួស​អូនេស៊ីម​ដែរ នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​សុំ​ទោស​ជំនួស ហើយ​ទូលអង្វរ​ពី​បុព្វហេតុ​របស់​យើង​ចំពោះ​ព្រះវរបិតា ( សូម​មើល គ. និង ស. ៤៥:៣–៥ ) ។ ព្រះយេស៊ូវគ្រីស្ទ​ក៏​បាន​បង់​ថ្លៃ​បំណុល​ខាង​វិញ្ញាណ ដែល​យើង​ជំពាក់​ដោយសារ​តែ​អំពើបាប​របស់​យើង​ដែរ ។

តើ​ការចងចាំ​អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ជំនួស​យើង ជួយ​យើង​ឲ្យ​មាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​មួយ ឬ​ច្រើន​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ( សូម​ប្រាកដ​ថា​មិន​សរសេរ​អ្វី​ណា​មួយ​ដែល​ផ្ទាល់ខ្លួន ឬ​សម្ងាត់​ពេក ) ៖

    1. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​ស្ថានភាព​ដូចជា​ភីលេម៉ូន ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​មនុស្ស​ណា​ម្នាក់ ? តើ​អ្នក​អាច​មាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ដល់​បុគ្គល​នេះ​តាម​របៀប​ណា ? តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​ស្ថានភាព​ដូចជា​អូនេស៊ីម ដែល​សង្ឃឹម​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ពី​បុគ្គល​ណា​ម្នាក់ ? តើ​អ្នក​ស្វែងរក​សេចក្ដី​មេត្តា​ករុណា និង​ការអត់ទោស​ពី​បុគ្គល​នេះ​តាមរបៀប​ណា ? តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច ?

    3. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​ស្ថានភាព​ដូចជា​ប៉ុល ដែល​ដើរតួ​ជា​បុគ្គល​ផ្សះផ្សា​រវាង​អ្នក​ដែល​ស្វែងរក​ការអត់ទោស និង​អ្នក​ដែល​ត្រូវ​អត់ទោស ហើយ​មាន​សេចក្ដី​មេត្តា​ករុណា ? តើ​អ្នក​អាច​ជួយ​អ្នក​ប្រព្រឹត្ត​ខុសឆ្គង​ឲ្យ​ទទួល​បាន​ការអត់ទោស ចំណែក​ឯ​បុគ្គល​ដែល​រង​ការឈឺចាប់​ឲ្យ​អត់ទោស​ដល់​អ្នក​ប្រព្រឹត្ត​ខុសឆ្គង​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ដទៃ ។ នៅ​ពេល​អ្នក​ព្យាយាម​បញ្ចូល ទទួល និង​មាន​ការអត់ទោស​ដល់​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ក្នុង​ការខិតខំ​នេះ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​គម្ពីរ​ភីលេម៉ូន ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖