បណ្ណាល័យ
មេរៀន​ទី ២៥ ថ្ងៃ​ទី ៤ ៖ ភីលីព ៤


មេរៀន​ទី ២៥ ៖ ថ្ងៃទី ៤

ភីលីព ៤

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព​ឲ្យ​ប្រុងប្រយ័ត្ន ហើយ​ស្វែងរក​អ្វី​ដែល​សុចរិត ។ លោក​ក៏​បាន​ប្រាប់​អំពី​ការទុកចិត្ត​របស់​លោក ទៅ​លើ​កម្លាំង​ដែល​មាន​មក​ពី​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​ការបង្ហាញ​នូវ​ការដឹងគុណ​ដល់​ពួក​បរិសុទ្ធ​ភីលីព សម្រាប់​ការផ្គត់ផ្គង់​ដែល​ពួកគេ​បាន​ផ្ដល់​ឲ្យ​លោក​ក្នុង​គ្រា​ចាំបាច់ ។

ភីលីព ៤:១–១៤

ប៉ុល​ណែនាំ​ពួក​បរិសុទ្ធ​ភីលីព​ឲ្យ​ប្រុងប្រយ័ត្ន ហើយ​ស្វែងរក​អ្វី​ដែល​សុចរិត

ពេញ​មួយ​ជីវិត​របស់​យើង យើង​នឹង​ជួប​ប្រទះ​ឧបសគ្គ ឬ​កាលៈទេសៈ​នានា​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ ។ ឧទាហរណ៍ ៖

  • « ខ្ញុំ​ព្រួយបារម្ភ​អំពី​ការប្រឡង​ដែល​នឹង​មក​ដល់ » ។

  • « ខ្ញុំ​ព្រួយបារម្ភ​អំពី​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ » ។

  • « ខ្ញុំ​ព្រួយបារម្ភ​អំពី​ការប្រកាន់​គោលជំហរ​សម្រាប់​ជំនឿ​របស់​ខ្ញុំ » ។

  • « ខ្ញុំ​ព្រួយបារម្ភ​ថាតើ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​ម្នាក់​ដែរ​ឬ​ទេ » ។

តើ​មាន​ការព្រួយបារម្ភ​ណា​ខ្លះ ដែល​អ្នក​កំពុង​ជួបប្រទះ​នៅ​ក្នុង​ជីវិត​នា​ពេល​បច្ចុប្បន្ន ?

នៅ​ពេល​អ្នក​សិក្សា ភីលីព ៤ សូម​ស្វែងរក​សេចក្ដីពិត​មួយ ដែល​អាច​ជួយ​យើង​នៅ​ពេល​យើង​ប្រឈមមុខ​នឹង​កាលៈទេសៈ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ ។

នៅ​ក្នុង ភីលីព ៤:១–៥ យើង​អាន​អំពី​របៀប​ដែល​ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ដើម្បី​រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់ និង​ដើម្បី​ធ្វើ​ឲ្យ​រមទម្យ ឬ​ការសុភាពរាបសា​របស់​ពួកគេ ( សូម​មើល ភីលីព ៤:៥  ) ឃើញ​ជាក់ស្ដែង​ចំពោះ​មនុស្ស​ដទៃ ។

សូម​អាន​ឃ្លា​ទី​មួយ​ក្នុង ភីលីព ៤:៦ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​បរិសុទ្ធ ។

ឃ្លា « កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ » នៅ​ក្នុង ខទី ៦ មាន​ន័យ​ថា មិន​ត្រូវ​ខ្វល់ខ្វាយ​ហួស​កម្រិត​អំពី​អ្វី​ឡើយ ( សូម​មើល ភីលីព ៤:៦  ) ។

សូម​អាន​ផ្នែក​ដែល​នៅ​សល់​ក្នុង ភីលីព ៤:៦ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​ជំនួស​ការព្រួយបារម្ភ ។ ( ពាក្យ​ទូល​អង្វរ គឺ​ជា​សំណើ​ដ៏​រាបសា និង​ស្មោះត្រង់ ) ។

សូម​អាន ភីលីព ៤:៧ ដោយ​ស្វែងរក​ពរជ័យ​ដែល​ប៉ុល​បាន​សន្យា​ចំពោះ​ការអធិស្ឋាន​ដោយ​រាបសា និង​ដោយ​ស្មោះ​ព្រមទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង ។ សូម​កត់ចំណាំ​ថា​ពាក្យ ការពារ នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ថា រក្សា ( សូម​មើល ភីលីព ៤:៧  ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ ក្នុង​នាម​ជា​អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​មាន​ពាក្យ​ទូល​អង្វរ និង​ពាក្យ​អរព្រះគុណ នោះ​យើង​អាច​ទទួលបាន​ភាពសុខសាន្ត​ពី​ព្រះ ។ ការធ្វើតាម​ដំបូន្មាន​ដ៏​ឆ្លាតវៃ​របស់​ប៉ុល​ដើម្បី​ទូលប្រាប់​អ្វី​គ្រប់​យ៉ាង​ដល់​ព្រះ​ក្នុង​ការអធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ដោយ​នូវ​ពាក្យ​អរព្រះគុណ អាច​ជួយ​យើង​រក្សា​តុល្យភាព​ត្រឹមត្រូវ​ក្នុង​ជីវិត ជាង​ការខ្វាយខ្វល់​ហួសហេតុ ឬ​ជ្រុលហួស​អំពី​ភាពលម្អិត និង​លទ្ធផល​របស់​វា ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ការជ្រើសរើស​រស់នៅ​តាម​គោលការណ៍​នេះ​អាច​ជួយ​យើង ៖ « ដោយសារ​ទ្រង់​គោរព​ដល់​សិទ្ធិជ្រើសរើស​របស់​អ្នក ទើប​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​នឹង​មិន​បង្ខំ​អ្នក​ឲ្យ​អធិស្ឋាន​ទៅ​ទ្រង់​ឡើយ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ប្រើប្រាស់​សិទ្ធិជ្រើសរើស​នោះ ហើយ​ដាក់បញ្ចូល​ទ្រង់​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក នោះ​ដួងចិត្ត​របស់​អ្នក​នឹង​ចាប់ផ្ដើម​ពោរពេញ​ដោយ​សេចក្ដីសុខសាន្ត​ដ៏​រីករាយ ។ សេចក្តីសុខសាន្ត​នោះ​នឹង​ផ្ដោត​លើ​ពន្លឺ​ដ៏​អស់កល្ប​មួយ ជាជាង​លើ​ភាពស្មុគស្មាញ​របស់​អ្នក ។ វា​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ឧបសគ្គ​ទាំងនេះ​ចេញ​ពី​ទស្សនៈ​ដ៏​អស់កល្ប​មួយ » ( « Make the Exercise of Faith Your First Priority » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣ ) ។

  1. សូម​កត់ចំណាំ​នៅ​ក្នុង ភីលីព ៤:៦ ថា ប៉ុល​បាន​ណែនាំ​ថា​ការអធិស្ឋាន និង​សំណើ​នានា​គួរតែ​ធ្វើ​ឡើង​ដោយ​ពាក្យ​អរព្រះគុណ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការបង្ហាញ​ការដឹងគុណ​អាច​នាំ​ឲ្យ​យើង​មាន​ភាពសុខសាន្ត​មក​ពី​ព្រះ​តាមរៀប​ណា ?

    2. យោងតាម អែលឌើរ ស្កត តើ​ភាពសុខសាន្ត​មក​ពី​ព្រះ​អាច​ជួយ​យើង​នៅ​ក្នុង​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ​តាមរបៀប​ណា ?

សូម​ពិចារណា​អំពី​ការព្រួយបារម្ភ ឬ​ការខ្វល់ខ្វាយ​នានា ដែល​អ្នក​បាន​គិត​ដល់​នៅ​មុន​នេះ​បន្តិច​ក្នុង​មេរៀន​នេះ ។ សូម​ជ្រើសរើស​អនុវត្ត​តាម​គោលការណ៍​ដែល​ប៉ុល​បាន​បង្រៀន ដោយ​ការអធិស្ឋាន​ជាមួយ​នឹង​ពាក្យ​ទូល​អង្វរ និង​ពាក្យ​អរព្រះគុណ ជំនួស​ឲ្យ​ពាក្យ​ព្រួយបារម្ភ​វិញ ។ នៅ​ពេល​អ្នក​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​មាន​ការព្រួយបារម្ភ សូម​គិត​ដល់​ការចែកចាយ​ប្រសាសន៍​របស់​ប៉ុល និង​គោលការណ៍​របស់​លោក​ទៅ​ដល់​ពួកគេ ។

ក្នុង​រយៈ​ពេល ៣០ វិនាទី សូម​ផ្ដោត​អារម្មណ៍​របស់​អ្នក​ទៅ​លើ​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។

តើ​ការផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំងនេះ បាន​មាន​ឥទ្ធិពល​ដូចម្ដេច​មក​លើ​អ្នក ?

សូម​អាន ភីលីព ៤:៨–៩ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​ភីលីព​ឲ្យ​គិត ហើយ​ធ្វើ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ​កត់ចំណាំ​លើ​ចំណុច​និមួយៗ​ដែល​ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ ។ ឃ្លា « ពិចារណា » នៅ​ក្នុង ខទី ៨ មាន​ន័យ​ថា គិត​ដោយ​ប្រុងប្រយ័ត្ន និង​ដោយ​ឥតឈប់ឈរ ។

នៅ​ក្នុង ខទី ៩ តើ​ប៉ុល​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ ធ្វើអ្វី ? ប្រសិនបើ​ពួកគេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដីសុចរិត ហើយ​ធ្វើតាម​សេចក្ដីបង្រៀន និង​គំរូ​របស់​លោក តើ​ពរជ័យ​អ្វី​ដែល​លោក​បាន​សន្យា​នឹង​ពួក​បរិសុទ្ធ ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការណែនាំ​របស់​ប៉ុល​គឺ ប្រសិនបើ​ពួក​បរិសុទ្ធ​ផ្ដោត​អារម្មណ៍​លើ​អ្វី​គ្រប់​យ៉ាង​ដែល​សុចរិត ហើយ​ប្រសិនបើ​ពួកគេ​ធ្វើតាម​ពួក​សាវក និង​ពួក​ព្យាការី នោះ​ព្រះ​នៃ​សេចក្តី​សុខសាន្ត ទ្រង់​នឹង​គង់​នៅ​ជាមួយ​ពួកគេ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​ការផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​គ្រប់​យ៉ាង​ដែល​សុចរិត អាច​ជះ​ឥទ្ធិពល​ទៅ​លើ​បំណងប្រាថ្នា និង​ឥរិយាបថ​យើង ។

សូម​អាន មាត្រា​នៃ​សេចក្តីជំនឿ ១:១៣ ( នៅ​ក្នុងមុក្តា​ដ៏​មាន​តម្លៃ​មហិមា ) ដោយ​ស្វែងរក​ថាតើ​មាត្រា​នេះ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង ភីលីព ៤:៨ យ៉ាង​ដូចម្ដេច ។

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ដកស្រង់ « ការដាស់តឿន​របស់​ប៉ុល » ចេញ​ពី ភីលីព ៤:៨ នៅ​ក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ លោក​បាន​ប្ដូរ​ឃ្លា « ពិចារណា​ពី​សេចក្តី​ទាំង​នោះ » ទៅ​ជា « ស្វែងរក​របស់​ផង​ទាំងនេះ » វិញ ។ សូម​គិត​អំពី​មូលហេតុ​ដែល​វា​សំខាន់​ដែល​យើង​ត្រូវ​ស្វែងរក​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួររាប់អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ និង​មាន​សគុណ ឬ​ជា​សេចក្តី​សរសើរ ។

  1. សូម​អាន​ដំបូន្មាន​ស្ដីពី​ប្រធានបទ​មួយ​ចេញ​ពី កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន« ការដើរលេង​ជា​គូ » « ការស្លៀកពាក់ និង អាការៈ​ខាង​ក្រៅ » « ការអប់រំ » « ការកម្សាន្ត និង ប្រព័ន្ធ​ផ្សព្វផ្សាយ » « មិត្តភក្ដិ » « ភាសា »« តន្ត្រី និង ការរាំ » ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។ បន្ទាប់​មក សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​យើង​អាច​ប្រើ​ការណែនាំ​របស់​ប៉ុល​ដែល​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ៤:៨–៩ ដើម្បី​ដឹកនាំ​ជម្រើស​របស់​យើង​អំពី​ប្រធានបទ​នេះ​យ៉ាង​ដូចម្ដេច ?

    2. នៅ​ពេល​យើង​ព្យាយាម​ធ្វើតាម​ការណែនាំ​របស់​ប៉ុល តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​យើង​អាច​នឹង​ជួប​អំពី​ប្រធានបទ​នេះ ?

    3. ហេតុអ្វី​បាន​ជា​ការមាន « ព្រះ​នៃ​សេចក្តី​សុខសាន្ត … ទ្រង់​គង់​នៅ​ជាមួយ​នឹង​អ្នក​រាល់​គ្នា » ( ភីលីព ៤:៩ ) សម​នឹង​តម្លៃ​នៃ​ការខិតខំ​ស្វែងរក​អ្វី​ដែល​សុចរិត ហើយ​ធ្វើតាម​ពួក​សាវក និង​ពួក​ព្យាការី ?

តើ​អ្នក​អាច​បង្កើន​ការខិតខំ​របស់​អ្នក​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សុចរិត​បាន​តាម​របៀប​ណា ? សូម​គិត​ដល់​ពរជ័យ​ទាំងឡាយ​ដែល​បាន​កើត​មាន​ដល់​អ្នក នៅ​ពេល​អ្នក​បាន​ធ្វើតាម​ការបង្រៀន​របស់​ពួក​សាវក និង ពួក​ព្យាការី ។ សូម​បន្ត​រស់នៅ​តាម​គោលការណ៍​នេះ ដើម្បី​ព្រះអម្ចាស់​អាច​បន្ត​ប្រទាន​ដៃគូ និង​សេចក្ដីសុខសាន្ត​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​អ្នក ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ៤:១០ ប៉ុល​បាន​ថ្លែង​អំណរគុណ​ពួក​បរិសុទ្ធ​ភីលីព​សម្រាប់​ការផ្គត់ផ្គង់ និង​ការខ្វាយខ្វល់​ដែល​ពួកគេ​មាន​សម្រាប់​លោក​អំឡុង​ពេល​ការសាកល្បង​នេះ ។ សូម​អាន ភីលីព ៤:១១–១២ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​ថា​លោក​បាន​រៀន​អ្វី​ខ្លះ ។

តើ​ប៉ុល​បាន​រៀន​ធ្វើ​អ្វី​ខ្លះ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ?

សូម​អាន ភីលីព ៤:១៣–១៤ ដោយ​ស្វែងរក​ប្រភព​នៃ​ភាពរឹងមាំ​របស់​ប៉ុល ។ ( ភីលីព ៤:១៣ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ) ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ ឬ​កត់ចំណាំ​វា​នៅ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

សេចក្ដី​ថ្លែងការណ៍​របស់​ប៉ុល​នៅ​ក្នុង ខទី ១៣ ទាក់ទង​ទៅ​នឹង​លទ្ធភាព​របស់​លោក តាមរយៈ​ភាពរឹងមាំ​ដែល​បាន​ប្រទាន​មក​ពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ផ្គាប់​ព្រះទ័យ ឬ​ទាមទារ​ដោយ​ព្រះ រួម​មាន​ការមាន​ភាពរីករាយចិត្ត​ក្នុង​គ្រប់​កាលៈទេសៈ ។ ដូចជា​ប៉ុល​ដែរ យើង​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​បាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែល​ប្រទាន​ភាពរឹងមាំ​ឲ្យ​យើង ។

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួលបាន​ភាពរឹងមាំ​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ឲ្យ​នោះ ?

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ បាន​បង្រៀន​អំពី​កិច្ចការ​ដែល​ភាពរឹងមាំ​នៃ​ព្រះគុណ​របស់​ព្រះ​អាច​ឲ្យ​យើង​ធ្វើ​បាន ៖ « កត្តា​សំខាន់ [ មួយ ] នៃ​ព្រះគុណ​របស់​ព្រះ​គឺ ការបើក​បង្អួច​ស្ថានសួគ៌ ដែល​តាមរយៈ​បង្អួច​នោះ ព្រះ​ចាក់​ស្រោច​ពរជ័យ​នៃ​កម្លាំង និង អំណាច​ដែល​ជួយ​យើង​ឲ្យ​សម្រេច​បាន​កិច្ចការ​នានា បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​អាច​សម្រេច​វា​បាន​ឡើយ ។ ដោយសារ​តែ​ព្រះគុណ​ដ៏​អស្ចារ្យ​នៃ​ព្រះ ទើប​កូន​ចៅ​នៃ​ទ្រង់​អាច​យក​ឈ្នះ​ទៅ​លើ​ការល្បួង​ដ៏​គ្រោះថ្នាក់ និង ការលាក់​ខ្លួន​របស់​អ្នក​បញ្ឆោត ឈប់​ប្រព្រឹត្ត​បាប ហើយ « បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » បាន [ មរ៉ូណៃ ១០:៣២ ] » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។

របៀប​មួយ​ចំនួន​ដែល​យើង​អាច​មាន​ភាពរឹងមាំ​នេះ​បាន រួមមាន​ការអាច​ឆាប់​ងើប​ឡើង​វិញ​បាន ការដោះស្រាយ ភាពក្លាហាន ការអត់ធ្មត់ និង ការតស៊ូ​ដែល​កើន​ឡើង ក៏​ដូចជា​ភាពរឹងមាំ និង​ថាមពល​ខាង​សាច់ឈាម ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​ដែរ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក អំពី​បទពិសោធន៍​មួយ​នៅ​ពេល​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាពរឹងមាំ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​ណា​មួយ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—ភីលីព ៤:១៣

  1. ការទន្ទេញ​ចាំ ភីលីព ៤:១៣ នឹង​ជួយ​ឲ្យ​សេចក្ដីពិត​នេះ​ជ្រាប​ចូល​ទៅ​ក្នុង​គំនិត​របស់​អ្នក នៅ​ពេល​អ្នក ឬ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ពុះពារ​ឲ្យ​មាន​ភាពរឹងមាំ​ដើម្បី​យក​ឈ្នះ​លើ​ការលំបាក​នានា ហើយ​រស់នៅ​យ៉ាង​សុចរិត ។ សូម​អាន ភីលីព ៤:១៣ ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ជួយ​អ្នក​ទន្ទេញ​វា​ចាំ ។ សូម​សូត្រ​ខគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់​ស្ដាប់ រួច​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ចែកចាយ​បទបិសោធន៍​មួយ​អំពី​ការមាន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ភាពរឹងមាំ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​ណា​មួយ ។ ក្រោយ​មក សូម​ចុះ​ហេត្ថលេខា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ភីលីព ៤:១៥–២៣

ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​ភីលីព​ដោយ​បង្ហាញ​អារម្មណ៍​នៃ​ការអរគុណ

នៅ​ក្នុង ភីលីព ៤:១៥–២៣ យើង​អាន​ថា សាវក​ប៉ុល​បាន​ថ្លែង​អំណរគុណ​សាជាថ្មី​ដល់​ពួក​បរិសុទ្ធ​ភីលីព សម្រាប់​ការផ្គត់ផ្គង់​ដល់​លោក​អំឡុង​ពេល​មាន​សេចក្ដីត្រូវការ ។ អំណោយ​មក​ពី​ពួក​បរិសុទ្ធ​គឺ​ជា​ដង្វាយ​គាប់​ព្រះហឫទ័យ​ព្រះ ហើយ​ប៉ុល​បាន​សន្យា​ថា ព្រះ​នឹង​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​ពួកគេ​ផងដែរ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ភីលីព ៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖