បណ្ណាល័យ
មេរៀន​ទី ៣១ ថ្ងៃ​ទី ១ ៖ វិវរណៈ ១-៣


មេរៀន​ទី ៣១ ៖ ថ្ងៃ​ទី ១

វិវរណៈ ១-៣

សេចក្ដីផ្ដើម

អំឡុង​ពេល​នៅ​លើ​កោះ ប៉ាត់ម៉ុស សាវក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​លើក​ទឹកចិត្ត​មួយ​ច្បាប់​ទៅ​កាន់​ក្រុមជំនុំ​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ ។ នៅក្នុង​សំបុត្រ​នោះ លោក​បាន​ពិពណ៌នា​អំពី​វិវរណៈ​ដែល​លោក​បាន​ទទួល ។ យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​ពី​អ្វី ដែល​ទេវតា និង ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​លោក ។ លោក​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល សរសើរ កែតម្រូវ និង ព្រមាន​ដល់​ពួកបរិសុទ្ធ ។

វិវរណៈ ១:១–១១

យ៉ូហាន​ធ្វើ​ទីបន្ទាល់​ពី​ការនិមិត្ត​របស់​លោក

សូម​គូស​សញ្ញា​កែង​លើ​ព្រឹត្តិការណ៍​នីមួយៗ ដែល​អ្នក​ចង់​ដឹង​បន្ថែម​ទៀត ៖

____ ជីវិត​មុន​ឆាក​ជីវិត​នេះ

____ ថ្ងៃ​ចុងក្រោយ

____ ការយាងមក​ជា​លើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ

____ សហស្សវត្សរ៍

____ ការជំនុំ​ជម្រះ​ចុងក្រោយ

គម្ពីរ​វិវរណៈ « ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា អាប៉ូកាលីព ជា​ភាសា​ក្រិក​មាន​ន័យ​ថា ការ​បើក​សម្ដែង ឬ​ការ​បើក​ចេញ » ( Bible Dictionary « Revelation of John » ) ។ នៅក្នុង​គម្ពីរ​នេះ សាវក​យ៉ូហាន​បាន​កត់ត្រា​សេចក្តីពិត​ដែល​បាន​បើក​សម្តែង​ដល់​លោក អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ ព្រះយេស៊ូវគ្រីស្ទ និង តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ព្រឹត្តិការណ៍​នានា​ដែល​នាំ​ទៅ​ដល់​ការយាង​មក​ជា​លើកទីពីរ សហស្សវត្សរ៍ និង ការជំនុំ​ជម្រះ​ចុងក្រោយ ។

សូម​រកមើល​សេចក្តីពិត​អំពី​ប្រធាន​បទ​ទាំង​នេះ នៅពេល​អ្នក​សិក្សា​គម្ពីរ​វិវរណៈ ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ វិវរណៈ ១:១-៣ ( នៅក្នុង សេចក្តីណែនាំដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​រកមើល​ថា​យ៉ូហាន​បាន​បង្រៀន​អ្វី​អំពី​វិវរណៈ​ដែល​លោក​បាន​ទទួល ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​យ៉ូហាន​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ។

សាវក​យ៉ូហាន​បាន​ថ្លែង​អំពី​អ្នក​ដែល​អាន​ពាក្យ​របស់​លោក និង អស់​អ្នក​ដែល​ស្តាប់​ពាក្យ​របស់​លោក ។ នៅក្នុង​ជំនាន់​របស់​យ៉ូហាន មាន​ពួកបរិសុទ្ធ​ជា​ច្រើន​ពុំ​អាច​អាន​បាន ដូច្នេះ​ពួកគេ​បាន​ស្គាល់​អ្វី​ដែល​លោក​បាន​សរសេរ​នៅក្នុង​គម្ពីរ​វិវរណៈ តាមរយៈ​ការស្តាប់​មនុស្ស​ដទៃ​អាន​វា​ឮ ។

ផ្អែកលើ​ការបង្រៀន​របស់​យ៉ូហាន​នៅក្នុង វិវរណៈ ១:៣ យើង​អាច​រៀន​គោលការណ៍​ដូច​ត​ទៅនេះ ៖ នៅពេល​យើង​អាន ព្យាយាម​យល់ ហើយ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​ពរ ។ ពរជ័យ​មួយ​ដែល​យ៉ូហាន​បាន​បង្រៀន​នោះ​គឺ​ថា យើង​នឹង​ទទួល​ថា ជា​អ្នក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​បាន​បញ្ជាក់​ថា យ៉ូហាន​បាន​ការខ្នង​សំបុត្រ​របស់​លោក​ថា « ផ្ញើ​មក​ពួក​អ្នក​បម្រើ​ទាំង​ប្រាំពីរនាក់ ដែល​នៅ​លើ​សាសនាចក្រ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី » ( ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១:៤ [ នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​ថា « សាសនាចក្រ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី » សំដៅ​លើ​ក្រុមជំនុំ​សាសនាចក្រ​ទាំង​ប្រាំពីរ ដូច​ជា​វួដ និង សាខា​នានា​សព្វថ្ងៃ​នេះ ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​តួកគី​បច្ចុប្បន្ន​នេះ ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ វិវរណៈ ១:៥-៨ ( នៅក្នុង សេចក្តីណែនាំដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​រកមើល​អ្វី​ដែល​ថា​យ៉ូហាន​ចង់​ឲ្យ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​កត់ចំណាំ​ថា យ៉ូហាន​បាន​ពន្យល់​ថា យើង​អាច​ត្រូវបាន « លាង … ឲ្យ​បាន​រួច​ពី​បាប » ហើយ​ប្រែ​បាន​ជា​ជ្រះស្អាត​តាមរយៈ​ព្រះលោហិត ឬ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ជា « នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរបិតា » ( វិវរណៈ ១:៥–៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច តទៅ នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​ឃ្លា​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ នៅក្នុង វិវរណៈ ១:៥–៨ ដែល​មាន​ន័យ​ជា​ពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​អាន វិវរណៈ ១:៩–១១ ដោយ​រកមើល​ទីកន្លែង​ដែល​យ៉ូហាន​បាន​នៅ ពេល​លោក​បាន​ទទួល​វិវរណៈ​នេះ និង ទីតាំង​របស់​សាសនាចក្រ​ទាំង​ប្រាំ​ពីរ​នោះ ។ សូម​កត់សម្គាល់​ពី​កន្លែង​មួយ​ចំនួន​នៃ​ទីក្រុង​ទាំង​នេះ​នៅ លើ​ផែនទី​ដែល​ភ្ជាប់​មក​ជាមួយ ។។

រូបភាព
ផែនទី មេឌីទែរណេ ភាគ​ខាង​កើត

យ៉ូហាន បាន​ទទួល​វិវរណៈ​នេះ អំឡុង​ពេល​នៃ​គ្រា​ដ៏​លំបាក​របស់​សមាជិក​សាសនាចក្រ ។ មាន​ការបៀតបៀន​យ៉ាង​ខ្លាំង​ចំពោះ​ពួកបរិសុទ្ធ ពួកគេ​មួយ​ចំនួន​ត្រូវ បាន​សម្លាប់ ព្រម ទាំង​ក្បត់​សាសនា ហើយ​មាន​ការ​បែកខ្ញែក​គ្នា​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ ក្រៅ​ពី​នោះ សាវក​ទាំង​អស់​ត្រូវបាន​សម្លាប់​លើកលែង​តែ​យ៉ូហាន​ប៉ុណ្ណោះ ។ គម្ពីរ​វិវរណៈ​អាច​ត្រូវ បាន​សរសេរ​អំឡុង​សម័យ​គ្រប់គ្រង​របស់​អធិរាជ​ចក្រភព​រ៉ូម ( គ. ស. ៨១–៩៦ ) ដែល​បាន​អនុវត្ត​ឡើង​វិញ​នូវ​ការថ្វាយ​បង្គំ​អធិរាជ ទូទាំង​ចក្រភព​រ៉ូម និង បំបរបង់ ឬ ប្រហារ​ជីវិត​អស់​អ្នក​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​ទាំងឡាយ​ដែល​បាន​អនុមតិ​ដោយ​រដ្ឋាភិបាល​រ៉ូម ។ មនុស្ស​ជា ច្រើន​ជឿ​ថា យ៉ូហាន​ត្រូវ បាន​បំបរបង់​ទៅ កាន់​កោះ​ប៉ាត់ម៉ុស​ដោយ សារ​ហេតុផល​នោះ ។

រូបភាព
យ៉ូហាន​កំពុង​សរសេរ

យ៉ូហាន​បាន​ទទួល​ការនិមិត្ត​មួយ នៅ ពេល​លោក​កំពុង​នៅ​លើ​កោះ​ប៉ាត់ម៉ុស ។

យើង​រៀន​ពី​ព្រះគម្ពីរ​មរមន​ថា នីហ្វៃ​បាន​មាន​ការនិមិត្ត​មួយ​ស្រដៀង​នឹង​ការនិមិត្ត​របស់​យ៉ូហាន ។ នីហ្វៃ​បាន​ឃើញ​ព្រឹត្តិការណ៍​នានា​នៅ​ថ្ងៃ​ចុងក្រោយ ( រួមមាន ការ យាង មក ជា លើក ទី ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ សហស្សវត្សរ៍ និង ការបញ្ចប់​កិច្ចការ​របស់​ព្រះ​នៅ លើ​ផែនដី​នេះ ) ប៉ុន្តែ​លោក​ត្រូវ បាន​បញ្ជា​មិន​ឲ្យ​សរសេរ​ពី​ព្រឹត្តិការណ៍​ទាំង​នេះ​ទេ ដោយ សារ​យ៉ូហាន​ត្រូវ បាន​តែងតាំង​ជា​មុន​ឲ្យ​ធ្វើ​ការណ៍​នេះ ( សូមមើល នីហ្វៃទី ១ ១៤:២៤–២៩ ) ។ សូម​ពិចារណា​អំពី​សារៈសំខាន់​ដែល​ព្រះអម្ចាស់​បាន​ដាក់​នៅ​លើ​កំណត់ត្រា​របស់​យ៉ូហាន ។ នៅពេល​អ្នក​បន្ត​សិក្សា​ពាក្យ​សម្តី​របស់​យ៉ូហាន​នៅក្នុង​គម្ពីរ​វិវរណៈ សូម​រក​មើល​សេចក្ដី​ពិត​អំពី​ថ្ងៃ​ចុងក្រោយ ការយាង​មក​ជា​លើក​ទីពីរ សហស្សវត្សរ៍ និង ការបញ្ចប់​កិច្ចការ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។

វិវរណៈ​១:១២-២០

យ៉ូហាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ ក្នុង​ការនិមិត្ត

សូម​គិត​អំពី​ក្រុមហ៊ុន​បី ដែល​អ្នក​ស្គាល់ ។ តើ​ក្រុមហ៊ុន​ទាំង​បី​នោះ​ប្រើប្រាស់​ស្លាក​យីហោ​សម្គាល់​ក្រុមហ៊ុន​របស់​វា​ឬ​ទេ ?

ហេតុអ្វី​អ្នក​គិត​ថា ក្រុមហ៊ុន​ទាំង​នេះ​ប្រើ​ស្លាក​យីហោ ?

នៅក្នុង​គម្ពីរ​វិវរណៈ សាវក​យ៉ូហាន​បាន​ប្រើ​ប្រាស់​និមិត្តរូប និង រូបភាព​ដើម្បី​បង្រៀន​អំពី​សារលិខិត​សំខាន់​នៃ​ដំណឹង​ល្អ ។ និមិត្ត​រូប​អាច​ជា​ឧបករណ៍​បង្រៀន​មួយ​ដ៏​មាន​អំណាច ដោយសារ​វា​អាច​ទំនាក់ទំនង​មនុស្ស​នៅក្នុង​ជំនាន់ និង វប្បធម៌ ព្រមទាំង​កម្រិត​ជាច្រើន​ផ្សេងៗ​ពី​គ្នា ។ ពួកគេ​អាច​ទាក់ទង​សារលិខិត​ផ្សេងៗ​ជា​ច្រើន​ផងដែរ ។

សូម​អាន វិវរណៈ ១:១២–១៨ ដោយ​រកមើល​និមិត្ត​រូប ដែល​យ៉ូហាន​បាន​ឃើញ និង ប្រើ​ដើម្បី​ពិពណ៌នា​អំពី​វិវរណៈ​របស់​លោក ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. នៅក្នុង​តារាង​ដែល​ភ្ជាប់​មក​ជាមួយ​នេះ សូម​អាន​វគ្គបទគម្ពីរ​នៅក្នុង​ជួរឈរ​ខាង​ស្តាំ​ដៃ​នៃ​តារាង​ខាង​ក្រោម ដើម្បី​ពិចារណា​ពី​អត្ថន័យ​ដែល​អាច​មាន​អំពី​និមិត្ត​រូប ដែល​យ៉ូហាន​បាន​សរសេរ​នៅក្នុង វិវរណៈ ១:១២–១៨ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អត្ថន័យ​ដែល​អាច​មាន​សម្រាប់​និមិត្ត​រូប​និមួយៗ ។

និមិត្ត​រូប

អត្ថន័យ​ដែល​អាច​មាន

  1. ជើង​ចង្កៀង​មាស​៧ ( វិវរណៈ ១:១២ )

  1. សូមមើល វិវរណៈ ១:២០,; នីហ្វៃទី ៣ ១៨:២៤

  1. ព្រះហស្ត​ស្តាំ​របស់​ព្រះអង្គសង្គ្រោះ ( វិវរណៈ ១:១៦–១៧ )

  1. សូមមើល ម៉ាកុស ១៤:៦២, ១៦:១៩

  1. ផ្កាយ​៧ ( វិវរណៈ ១:១៦)

  1. សូមមើល វិវរណៈ ១:២០; ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១:២០ ប្តូរ​ពាក្យ​ពួកទេវតា​ទៅ​ជា​អ្នក​បម្រើ​វិញ ( នៅក្នុង វិវរណៈ ១:២០  )

  1. ដាវ​មុខ​២​ដ៏​មុត ( វិវរណៈ ១:១៦ )

  1. សូមមើល ហេព្រើរ ៤:១២

  1. កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ( វិវរណៈ ១:១៨ )

  1. សូមមើល នីហ្វៃទី ២ ៩:១០–១៣

រូបភាព
ព្រះគ្រីស្ទ និង ជើង​ចង្កៀង

ផ្អែក​លើ​សារលិខិត​របស់​ព្រះអម្ចាស់​ដែល​បាន​បើក​សម្តែង​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់​តាមរយៈ​យ៉ូហាន នោះ​មាន​សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​នោះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​គ្រប់គ្រង និង ថែទាំ​ដល់​អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​សំខាន់​ចំពោះ សមាជិក​សាសនាចក្រ​នៅក្នុង​ជំនាន់​របស់​យ៉ូហាន ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​គ្រប់គ្រង និង មើលថែ​ដល់​ពួកគេ ?

    2. ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង ដើម្បី​ចាំ​ពី​សេចក្ដីពិត​ដូចគ្នា​នេះ ?

សូម​គិត​ពី​គ្រា​មួយ ពេល​អ្នក​មាន​អារម្មណ៍​ថា ព្រះ​បាន​គ្រប់គ្រង និង មើលថែ​អ្នក ។ សូម​ពិចារណា​ពី​របៀប​ដែល​បទពិសោធន៍​នោះ​បាន​ប្រទានពរ​ដល់​អ្នក ។

សូម​កត់សម្គាល់​នៅក្នុង វិវរណៈ ១:១៧–១៨ ថា​ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​យ៉ូហាន​ថា ទ្រង់​បាន​កាន់​កូនសោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ។ ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​យើង​អាច​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​មាន​សិរីរុងរឿង ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ និង ស្ថាននរក ។

សូម​ពិចារណា​ថា​តើ​គោលលទ្ធិ​នេះ​បង្រៀន​អ្វី​ខ្លះ អំពី​លទ្ធផល​ចុងក្រោយ​នៃ​ចំបាំង​រវាង​សេចក្តីល្អ និង អាក្រក់​ដែល​មាន​នៅ​ទូទាំង​ផែនដី ។

សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តី​ថ្លែង​ខាងក្រោម​នេះ ទាក់ទង​នឹង​ព្រះចេស្តា​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ឈ្នះ​លើ​សេចក្តីស្លាប់ និង ស្ថាននរក ៖ « សារលិខិត​នៃ​វិវរណៈ​គឺ​ដូចជា​ក្នុង​គ្រប់​បទគម្ពីរ ៖ នឹង​មាន​ជោគជ័យ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ នៅទីបំផុត យក​ឈ្នះ​លើ​អារក្ស ជា​ជ័យ​ជំនះ​ដ៏​និរន្ដន៍​មួយ​នៃ​សេចក្ដីល្អ​លើ​សេចក្ដីអាក្រក់ នៃ​ពួក​បរិសុទ្ធ​លើ​ពួក​បៀតបៀន​ពួកគេ នៃ​នគរ​ព្រះ​លើ​នគរ​មនុស្ស និង​សាតាំង » ( Bible Dictionary « Revelation of John » ) ។

ដោយសារ​យើង​ដឹង​ថា នៅ​ទីបំផុត​សេចក្តី​ល្អ​នឹង​ឈ្នះ​លើ​សេចក្តី​អាក្រក់ នោះ​វា​សម្រេច​លើ​យើង​ថា​អ្នក​ណា​ដែល​យើង​ត្រូវ​ជ្រើសរើស—សាតាំង ឬ ព្រះ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​បាន​មាន​ប្រសាសន៍​ដូច​នេះ ៖ « រៀងរាល់ថ្ងៃ​នេះ កម្លាំង​នៃ​សេចក្តីអាក្រក់ និង កម្លាំង​នៃ​សេចក្តីល្អ​កំពុង​កែន​រក​អ្នក​ដើរ​តាម​ថ្មី​បន្ថែម​ទៀត ។ រៀងរាល់​ថ្ងៃ យើង​ធ្វើ​ការសម្រេច​ចិត្ត​ផ្ទាល់ខ្លួន​ជា​ច្រើន ដែល​បង្ហាញ​ពី​កន្លែង​ដែល​ការគាំទ្រ​របស់​យើង​នឹង​កើត​មាន ។ លទ្ធផល​ចុងក្រោយ​គឺ​ពិតប្រាកដ—ទីបំផុត​កម្លាំង​នៃ​សេចក្តីសុចរិត​នឹង​ឈ្នះ ។ ឥឡូវ​នេះ​យើង​ត្រូវតែ​បង្ហាញ​ថា​យើង​ម្នាក់ៗ​ឈរ​នៅ​ខាង​នរណា ក្នុង​ពេល​នេះ និង ពេល​អនាគត ដែល​នឹង​គាំទ្រ​នៅក្នុង​ចំបាំង​នេះ—និង របៀប​ដែល​យើង​គាំទ្រ​ខ្លាំង​ប៉ុណ្ណា ។ តើ​យើង​ពិត​ស្មោះត្រង់​រហូត​ដល់​ថ្ងៃ​ចុងក្រោយ ចំពោះ​បេសកកម្ម​ដែល​បាន​តែងតាំង​ពី​មុន​ផែនដី​នេះ​ឬ​ទេ ? ( « In His Steps » [ Brigham Young University fireside ថ្ងៃ​ទី ៤ ខែ មិនា ឆ្នាំ ១៩៧៩ ] ទំព័រ ១ speeches.byu.edu ) ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជ្រើសរើស​នៅ​ខាង​ព្រះ​កាន់តែ​ខ្លាំង​ឡើង ។ សូម​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

វិវរណៈ ២-៣

យ៉ូហាន​សរសេរ​អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​ទាំង​ប្រាំពីរ

វិវរណៈ ២:១–៣:១៣ រួមមាន​សារលិខិត​របស់​ព្រះអម្ចាស់ ផ្ញើ​យ៉ាង​ជាក់លាក់​ទៅកាន់​សាសនាចក្រ​នៅក្នុង​តំបន់​អាស៊ីតូច ។ សូម​អាន​ខគម្ពីរ​ទាំង​នេះ ដោយរកមើល​ព្រះឱវាទ និង ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សមាជិក​សាសនាចក្រ​ទាំងនេះ ។

តើ​អ្នក​ចង់​បាន​ការសន្យា​ណា​មួយ ក្នុង​ចំណោម​ការសន្យា​ទាំងនេះ ?

សូមអាន វិវរណៈ ៣:១៤-១៧ ដោយ​រកមើល​លក្ខខណ្ឌ​មួយ​ដែល​សមាជិក​សាសនាចក្រ​នៅក្នុង​ឡៅឌីសេ ត្រូវតែ​យក​ឈ្នះ​ដើម្បី​ទទួលបាន​ភាព​តម្កើង​ឡើង ។ នៅក្នុង ខ​ទី ១៤ « អាម៉ែន » សំដៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្តេច​ដែល​ថា សមាជិក​សាសនាចក្រ « មិន​ត្រជាក់ ក៏​មិន​ក្តៅ​ផង » ( វិវរណៈ ៣:១៥ ) ប៉ុន្តែ​គ្រាន់​តែ​ជា​សិស្ស​ស្ទើរៗ​របស់​ព្រះយេស៊ូគ្រីស្ទ ?

    2. តាម​គំនិត​របស់​អ្នក តើ​មាន​អ្វី​ខ្លះ​ដែល​សិស្ស​ស្ទើរៗ​របស់​ព្រះយេស៊ូគ្រីស្ទ​អាច​ធ្វើ និង មិន​ធ្វើ ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ កាល​ពី​ពីរបី​ថ្ងៃ​កន្លង​ទៅ​នេះ ហើយ​ថា​តើ​អ្នក​ជា​សិស្ស​ក្តៅ ត្រជាក់ ឬ ស្ទើរៗ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន វិវរណៈ ៣:១៩ ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​កំពុង​កែតម្រូវ​ពួកបរិសុទ្ធ​នៅ​ឡៅឌីសេ ។ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រក​ឃើញ ។

សូម​អាន​ឃ្លា​ទីមួយ​នៅក្នុង វិវរណៈ ៣:២០ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា​ទ្រង់​កំពុង​ធ្វើ ។

រូបភាព
ព្រះគ្រីស្ទ​គង់​នៅ​មាត់​ទ្វារ

តើ​មាន​វិធី​ណា​ខ្លះ​ដែល​មនុស្ស​អាច​ឆ្លើយ​តប ប្រសិនបើ​គាត់​បាន​ដឹង​ថា ព្រះអង្គសង្គ្រោះ​គោះ​ទ្វារ​ផ្ទះ​របស់​ពួកគេ ?

សូម​គិត​ពី​អារម្មណ៍​ដែល​អ្នក​អាច​មាន ប្រសិន​បើ​អ្នក​គោះ​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​ដឹង​ថា​នោះ​គឺ​ជា​ព្រះអង្គសង្គ្រោះ ។ តើ​អ្នក​នឹង​បើក​ទ្វារ​នោះ​ទេ ?

សូម​អាន វិវរណៈ ៣:២០ ដោយ​ស្វែងរក​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​នៅ ឡៅឌីសេ ព្រមទាំង​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​វា ។

ផ្អែកលើ​សារលិខិត​របស់​ព្រះអម្ចាស់​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង ឡៅឌីសេ នោះ​យើង​អាច​រៀន​គោលការណ៍​ដូចត​ទៅ​នេះ ៖ នៅពេល​យើង​បើក​ទ្វារ​ឲ្យ​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​នឹង​យាង​មក​ក្នុង​ចិត្ត​យើង ហើយ​សោយ​អាហារ​ជាមួយ​យើង ។

នៅក្នុង​វប្បធម៌​តំបន់​ខាង​កើត​ពី​បុរាណ ការបរិភោគ​អាហារ​ជាមួយ​នរណា​ម្នាក់​គឺ​ជា​សញ្ញា​នៃ​ការរាប់អាន ។ វា​បាន​បង្ហាញ​ថា ចំណង​មិត្តភាព និង ភាព​សុខសាន្ដ​បាន​មាន ឬ យ៉ាង​ហោច​ណាស់​ត្រូវបាន​ផ្តល់​ឲ្យ ។

តើ​អ្នក​គិត​ថា ទ្វារ​ដែល​បាន​លើក​ឡើង​នៅក្នុង វិវរណៈ ៣:២០ តំណាង​ឲ្យ​អ្វី ?

សូម​គិត​អំពី​ថា តើ​ទ្វារ​តំណាង​ឲ្យ​អ្វី នៅពេល​អ្នក​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ថ្ងៃ​មួយ [ វិចិត្រករ​ម្នាក់​ឈ្មោះ ហុលមែន ហាន់ ] បាន​បង្ហាញ​រូបភាព​របស់​គាត់​ជា​រូប​របស់ ‹ ព្រះគ្រីស្ទ​គោះទ្វារ › ទៅ​កាន់​មិត្តភក្តិ​ម្នាក់ នៅពេល​មិត្ត​ម្នាក់​នោះ​បាន​លាន់​មាត់ ៖ ‹ មាន​អ្វី​មួយ​ខុស​ប្លែក​នៅលើ​រូបភាព​របស់​អ្នក › ។

វិចិត្រករ​នោះ​បាន​សួរ​ថា « ‹ តើ​វា​មាន​អ្វី​ខុស ? › ។

មិត្ត​របស់​គាត់​បាន​ឆ្លើយ​ថា « ទ្វារ​ដែល​ព្រះយេស៊ូវ​គោះ​នោះ​អត់​មាន​បង្កាន់ដៃ​ទេ › ។

លោក ហាន់ បាន​តប « ‹ អ៎ា ‹ នោះ​វា​មិន​ទាស់ខុស​អី​នោះ​ទេ ។ អ្នក​ដឹង​ទេ នោះ​គឺ​ជា​ទ្វារ​នៃ​ដួងចិត្ត​មនុស្ស ។ ទ្វារ​នេះ​អាច​បើក​ចេញ​មក​ពី​ក្នុង​ចិត្ត​វិញ › ។

ហើយ​នេះ​ជា​ការពិត ។ ព្រះយេស៊ូវ​គង់​នៅ ហើយ​គោះ​ទ្វារ ប៉ុន្តែ​យើង​ម្នាក់ៗ​ជា​អ្នក​សម្រេច​ចិត្ត​ថា​បើក ឬ អត់បើក » ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ២១២ ) ។

សូម​ពិចារណា​ពី​អ្វី ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បើក​ដួងចិត្ត​របស់​អ្នក​ទៅ​កាន់​ព្រះអង្គសង្គ្រោះ ។

សូម​អាន វិវរណៈ ៣:២១–២២ ដោយ​រកមើល​ការសន្យា និង ព្រះ​ឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកបរិសុទ្ធ ។

យោងតាម ខ​ទី ២២ តើ​ព្រះអម្ចាស់​បាន​ទូន្មាន​អ្វី​ខ្លះ ?

ព្យាយាម «ស្តាប់​សេចក្តី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល » ( វិវរណៈ ៣:២២ ) ដោយ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។ សូម​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​អ្នក​បាន​ទទួល ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ១–៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖