បណ្ណាល័យ
មេរៀន​ទី ៣១ ថ្ងៃ​ទី ២ ៖ វិវរណៈ ៤-៥


មេរៀន​ទី ៣១ ៖ ថ្ងៃ​ទី ២

វិវរណៈ ៤-៥

សេចក្ដីផ្ដើម

នៅក្នុង​ការនិមិត្ត សាវក​យ៉ូហាន បាន​ឃើញ​ពួក​អ្នក​ដែល​មាន​សិរីរុង​រឿង​កំពុង​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ កាល​ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ។ លោក​ក៏​បាន​ឃើញ​ក្រាំង​មួយ​ដែល​បាន​បិទត្រា​ដោយ​ត្រា​ទាំង​ប្រាំពីរ និង កូនចៀម ឬ ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ភាពសក្តិសម​ដើម្បី​បើក​ក្រាំង​នោះ ។

វិវរណៈ ៤

យ៉ូហាន​ឃើញ​អ្នក​ដែល​មាន​សិរីរុងរឿង​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌

សូម​ស្រមៃ​ថា​បាន​នៅក្នុង​នគរ​សេឡេស្ទាល ។ តើ​អ្នក​ស្រមៃ​គិត​ថា​តើ​នគរ​សេឡេស្ទាល​មាន​រូបភាព​យ៉ាង​ដូចម្តេច ? តើ​អ្នក​គិត​ថា វា​មាន​សភាព​ដូចម្តេច ?

ដូច​បាន​កត់ត្រា​នៅក្នុង វិវរណៈ ៤-៥ សាវក​យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​នគរ​សេឡេស្ទាល ។

  1. សូមមើល វិវរណៈ ៤:១-៨ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ។ សូម​កត់សម្គាល់​ថា « ដោយ​វិញ្ញាណ » ( ខ​ទី ២ ) មាន​ន័យ​ថា នៅក្នុង​ស្ថានភាព​នៃ​វិវរណៈ ឬ ឃើញ​ការនិមិត្ត​តាមរយៈ​ព្រះវិញ្ញាណ ។

នៅក្នុង វិវរណៈ ៤:៣ យ៉ូហាន​បាន​សរសេរ​ថា ការសម្លឹង​មើល​ទៅ​ព្រះវរបិតាសួគ៌​គឺ « ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម » ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« នៅក្នុង​ការព្យាយាម​កត់ត្រា សម្រាប់​ការយល់​ដឹង​អំពី​ជីវិត​រមែង​ស្លាប់​នេះ បារមី សិរីល្អ និង សម្រស់​នៃ​មហិទ្ធិឫទ្ធិ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ នោះ​យ៉ូហាន​បាន​ប្រដូច​រូបកាយ​របស់​ទ្រង់​ទៅ​នឹង​ត្បូង​ដ៏​មាន​តម្លៃ ។ ត្បូង​ដែល​បាន​លើក​ឡើង​នោះ ត្រូវបាន​អ្នក​អត្ថាធិប្បាយ​ជឿ​ថា​ជា​ពេជ្រ ។ …

«… តើ​ព្យាការី​ដែល​មាន​ជីវិត​រមែង​ស្លាប់​នេះ​អាច​រកឃើញ​ពាក្យ​ពេចន៍​សម​ល្មម​ដែល​បង្ហាញ​ដល់​មនុស្ស អំពី​បារមី និង សម្រស់​ដ៏​អស្ចារ្យ​បំផុត​នៃ​ពិភព​ដ៏​អស់កល្ប​នៃ​សេឡេស្ទាល និង សិរីរុងរឿង​របស់​នគរ​នេះ​ដោយ​របៀប​ណា ? ពួកគេ​និយាយ​អំពី​ឥន្ធនូ និង គ្រឿង​អលង្ការ អំពី​អណ្តាត​ភ្លើង​ដែល​ឆេះ​រេរា អំពី​ភ្លើង​ធ្យូង​ដែល​មាន​ពន្លឺ​ចែងចាំង ពួកគេ​ប្រាប់​ពី​រន្ទះ និង សំឡេង អំពី​សំឡេង​ទឹក​ហូរ​យ៉ាង​ខ្លាំង និង បារមី​ដែល​បង្ហាញ​ពី​មហិទ្ធិឫទ្ធិ និង សម្រស់—ទាំងអស់​នេះ​គឺ​មាន​បំណង​កត់ត្រា​នៅក្នុង​ពាក្យសម្តី​រមែង​ស្លាប់​នេះ​ថា អាច​បាន​ឃើញ ហើយ​បាន​ស្គាល់​តែ​តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​តែ​ប៉ុណ្ណោះ ។ ( អេសេគាល ១ និង ១០, អេសាយ ៦ ) ។ ប៉ុន្តែ​យើង​ថ្វាយ​អំណរគុណដល់​ព្រះអម្ចាស់​ថា ពួក​ព្យាការី​បាន​មាន​បំណង​បែប​នោះ ប្រយោជន៍​ឲ្យ​អ្នក​ដែល​ពុំ​ធ្លាប់​បាន​ឃើញ និង ស្តាប់​ឮ​អាច​ទទួល​បាន​ចំណេះដឹង​បន្តិចបន្តួច​ពី​អ្វីៗ​ទាំង​នោះ​ដែល​លាក់​កំបាំង​នៅ​ពី​ក្រោយ​បង្អួច​ស្ថានសួគ៌ » ( Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៤៦៤–៦៦ ) ។

វិវរណៈ​សម័យ​ទំនើប​ជួយ​យើង​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧ បន្ទាប់​ពី​ព្យាការី យ៉ូសែប ស៊្មីធ បាន​សុំ​ទ្រង់​ឲ្យ​បកស្រាយ​ពី​និមិត្តរូប និង ព្រឹត្តិការណ៍​នានា​ដែល​បាន​កត់ត្រា​នៅក្នុង វិវរណៈ ១–១១ ។

  1. សូម​ចម្លង​តារាង​ដែល​ភ្ជាប់​មក​ជាមួយ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​អាន​បទគម្ពីរ​យោង ហើយ​សរសេរ​ដាក់​នៅក្នុង​តារាង​នូវ​ព័ត៌មាន​បន្ថែម​ពី​អ្វី​ដែល​អ្នក​ស្វែងរក​ឃើញ​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ។ ( បន្ទាប់ពី​អ្នក​ធ្វើ​ចប់​ហើយ សូម​មើល ចម្លើយរបស់​អ្នក ជាមួយ​នឹង​ចម្លើយ​ទាំងឡាយ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន ) ។

វិវរណៈ ៤

អ្វី​ដែល​យ៉ូហាន​បាន​ឃើញ

បទគម្ពីរ​យោង

ព័ត៌មាន​បន្ថែម

បល្ល័ង្ក ( វិវរណៈ ៤:២–៣ )

គ. និង ស. ១៣៧:១-៤

អ្នក​ចាស់ទុំ​២៤​នាក់​ពាក់​មកុដ​លើ​ក្បាល ( វិវរណៈ ៤:៤ )

គ. និង​ស. ៧៧:៥

វិញ្ញាណ​ទាំង​៧​របស់​ព្រះ ( វិវរណៈ ៤:៥ )

សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ៤:៥ បាន​ប្តូរ​ពី​វិញ្ញាណ​ទាំង​៧​របស់​ព្រះ​ទៅ​ជា អ្នក​បម្រើ​ទាំង​៧​របស់​ព្រះ ( នៅក្នុង វិវរណៈ ៤:៥  ) ។

សមុទ្រ​កែវ ( វិវរណៈ ៤:៦ )

គ. និង ស. ៧៧:១, ១៣០:៦–៩

តួ​មាន​ជីវិត​៤ ( វិវរណៈ ៤:៦-៧ )

គ. និង ស. ៧៧:២-៣

ភ្នែក និង ស្លាប​របស់​តួ​មាន​ជីវិត ( វិវរណៈ ៤:៨ )

គ. និង ស. ៧៧:៤

សូម​អាន វិវរណៈ ៤:៨-១១ ដោយ​រក​មើល​ថា តើ​អស់​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​ជុំ​វិញ​ព្រះវរបិតាសួគ៌​បាន​និយាយ និង ធ្វើ​អ្វី​ខ្លះ ។

តើ​ពួក​ចាស់​ទុំ​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះវរបិតាសួគ៌​អាច​តំណាង​ឲ្យ​អ្វី ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខ​គម្ពីរ​ទាំង​នេះ​គឺ នៅ​ពេល​យើង​ដឹង​ពី​ភាព​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌​យើង នោះ​យើង​មាន​បំណង​ថ្វាយ​បង្គំ និង សរសើរ​តម្កើង​ទ្រង់ ។

សូម​គិត​អំពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួលស្គាល់​ភាព​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌ ។

យប់​នេះ​ពីមុន​អ្នក​អធិស្ឋាន សូម​ពិចារណា​ពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា និង របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​ដល់​អ្នក ។ នៅពេល​អ្នក​អធិស្ឋាន សូម​ចាំ​ពី​ការថ្លែង​អំណរ​គុណ​ដល់​ទ្រង់ ជាពិសេស​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក ។

វិវរណៈ ៥

យ៉ូហាន​ឃើញ​ក្រាំង​មួយ​ដែល​បាន​បិទត្រា​ដោយ​ត្រា​ទាំង​ប្រាំពីរ និង កូនចៀម​ដែល​មាន​ភាពសក្តិសម​ដើម្បី​បើក​គម្ពីរ​នោះ

សូម​អាន វិវរណៈ ៥:១-៤ ដោយ​រក​មើល​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​នៅក្នុង​ព្រះហស្ត​របស់​ព្រះវរបិតាសួគ៌ ។

រូបភាព
រមូរ​ក្រដាស​មាន​បិទត្រា

សូម​កត់សម្គាល់​ថា​ក្រាំង ឬ រមូរ​ក្រដាស​ដែល​យ៉ូហាន​បាន​ឃើញ​នោះ ត្រូវបាន​បិទត្រា​ដោយ​ត្រា​ទាំង​ប្រាំពីរ ។ កាល​ពី​បុរាណ ឯកសារ​សំខាន់ៗ​ត្រូវបាន​បិទត្រា​ដោយ​ដី​ឥដ្ឋ ឬ ក្រមួន ។ មានតែ​ម្ចាស់​ឯកសារ និង អស់​អ្នក​ដែល​ម្ចាស់​ឯកសារ​នោះ​ផ្តល់​សិទ្ធិ​ឲ្យ ទើប​អនុញ្ញាត​ឲ្យ​បំបែក​ត្រា​នោះ ហើយ​អាន​វា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦-៧ ដោយ​រកមើល​អត្ថន័យ​នៃ​ពាក្យ​ក្រាំង និង ត្រា ។

រយៈពេល ៧០០០ ឆ្នាំ​ដែល​ផែនដី « រស់នៅ​ខាង​សាច់​ឈាម » ( គ. និង ស. ៧៧:៦ ) សំដៅ​លើ​ជំនាន់​​ចាប់តាំង​ពី​ការ​ធ្លាក់​នៃ​អ័ដាម និង អេវ៉ា ។ វា​ពុំ​សំដៅ​ទៅ​លើ​អាយុ​កាល​ពិត​ប្រាកដ​នៃ​ផែនដី រួម​ទាំង​អាយុ​កាល​នៃ​ការ​បង្ក​បង្កើត​នោះ​ទេ ។ ត្រា​និមួយៗ​តំណាង​ឲ្យ​រយៈពេល ១០០០ ឆ្នាំ ។

យោងតាម វិវរណៈ ៥:២ តើ​មនុស្ស​ម្នាក់​ត្រូវការ​គុណសម្បត្តិ​អ្វី​ខ្លះ ដើម្បី​បើក​ក្រាំង​នោះ​បាន ?

សូម​កត់សម្គាល់​ថា យ៉ូហាន​បាន​យំ នៅពេល​លោក​បាន​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង​នោះ​បាន​ឡើយ ។ លោក​បាន​គិត​ថា « ព្រះ​ហឫទ័យ សេចក្ដី​អាថ៌កំបាំង… និង ​កិច្ចការ​ទាំង​ឡាយ » នៃ​ព្រះ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦ ) ទាក់ទង​នឹង​សេចក្តីសង្គ្រោះ​របស់​កូនចៅ​ទ្រង់​នឹង​ពុំ​អាច​បើក​សម្តែង ឬ សម្រេច​បាន ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ប្រសិនបើ​ផែនការ​របស់​ទ្រង់​សម្រាប់​សេចក្តីសង្គ្រោះ​របស់​ពួកគេ​ពុំ​អាច​សម្រេច​បាន​នោះ ?

សូម​អាន វិវរណៈ ៥:៥-៧ ដោយ​រកមើល​មូលហេតុ​ដែល​យ៉ូហាន​ត្រូវបាន​ប្រាប់​ថា​កុំ​ឲ្យ​យំ ។ សូម​អាន​ផងដែរ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ៥:៦ ( នៅក្នុង វិវរណៈ ៥:៦  ) ។ នៅក្នុង​ព្រះគម្ពីរ ជាញយៗ​ស្នែង​ជា​និមិត្តរូប​នៃ​អំណាច ឬ សិទ្ធិអំណាច ភ្នែក​តំណាង​ឲ្យ​ពន្លឺ និង ចំណេះដឹង ហើយ​លេខ​១២​អាច​តំណាង​ឲ្យ​ការគ្រប់គ្រង និង អង្គការ​នៃ​ព្រះ ឬ ជា​បព្វជិតភាព ។

ពាក្យ​ថា « កូនចៀម » ( វិវរណៈ ៥:៦ ) ចង្អុល​បង្ហាញ​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ដង្វាយ​បូជា​ដែល​បាន​ប្រទាន​ឲ្យ ដើម្បី​ធួន​នឹង​កូនចៅ​របស់​ព្រះ ( សូមមើល​ផងដែរ អេសាយ ៥៣:៧, កូរិនថូសទី ១ ៥:៧, ពេត្រុសទី ១ ១:១៨–១៩ ) ។ ឃ្លា « កូន​ចៀម​មួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ » ( វិវរណៈ ៥:៦ ) សំដៅ​លើ​កូនចៀម​ដែល​បង្ហាញ​ជា​សញ្ញា​ថា​ត្រូវបាន​សម្លាប់​ហើយ ។ យ៉ូហាន បាទីស្ទ​បាន​ហៅ​ព្រះអង្គសង្គ្រោះ​ថា​ជា « កូនចៀម​របស់​ព្រះ » ( យ៉ូហាន ១:២៩, ៣៦ ) ។

សូម​អាន វិវរណៈ ៥:៨-១០ ដោយ​រក​មើល​របៀប​ដែល​អ្នក​នៅជុំ​វិញ​បល្ល័ង្ក​របស់​ព្រះវរបិតាសួគ៌​បាន​សរសើរ​តម្កើង​កូនចៀម ។

ផ្អែក​លើ​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ និង ស្តាប់​ឮ​ទាក់ទង​នឹង​កូនចៀម នោះ​យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​អង្គ​គត់​ដែល​សក្តិសម ហើយ​អាច​ប្រោសលោះ​យើង​បាន ។

តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​អង្គ​គត់​ដែល​សក្តិសម ហើយ​អាច​ប្រោសលោះ​យើង​បាន ?

យោង​តាម វិវរណៈ ៥:១០ អស់​អ្នក​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ ប្រែក្លាយ​ជា​ស្តេច និង សង្ឃ ដែល​រួម​មាន​ទាំង​ស្ត្រី ជា​ម្ចាស់ក្សត្រី និង សង្ឃស្ត្រី។

សូម​អាន វិវរណៈ ៥:១១–១៤ ដោយ​រកមើល​របៀប​ដែល អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​ថ្វាយ​បង្គំ និង សរសើរ​តម្កើង​ដល់​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។

អស់​អ្នក​ដែល​មាន​សិរីរុងរឿង និង ការបង្កបង្កើត​ទាំងអស់​បាន​ទទួលស្គាល់​ពី​ភាពល្អ​របស់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​អារម្មណ៍​អរគុណ​ចំពោះ​តួនាទី​របស់​កូនចៀម នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ហេតុដូច្នោះ​ហើយ ពួកគេ​បាន​ថ្វាយ​បង្គំ និង សរសើរ​តម្កើង​ដល់​ព្រះវរបិតា និង ព្រះរាជបុត្រា ។ ស្រដៀង​គ្នា​នេះ នៅពេល​យើង​ទទួលស្គាល់ ហើយ​មាន​អារម្មណ៍​ថ្លែង​អំណរគុណ​ដល់​អ្វី ដែល​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកយើង នោះ​យើង​មាន​បំណង​ថ្វាយ​បង្គំ និង សរសើរ​តម្កើង​ពួក​ទ្រង់ ។

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​អំពី​ការថ្វាយ​បង្គំ​ដូចត​ទៅ​នេះ ៖ « សេចក្តីពិត និង ការថ្វាយ​បង្គំ​ដ៏​ឥត​ខ្ចោះ រួម​មាន​នៅក្នុងការដើរតាម​ជំហាន​នានា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ វា​មាន​នៅក្នុង​ការរក្សា​ព្រះបញ្ញត្តិ ព្រមទាំង​ការគោរព​តាម​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា រហូត​ដល់​កម្រិត​នោះ ដែល​យើង​រីកចម្រើន​ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​យើង​បាន​សិរីរុងរឿង​នៅក្នុង​ព្រះគ្រីស្ទ ដូច​ដែល​ទ្រង់​នៅក្នុង​ព្រះវរបិតា​ទ្រង់​ដែរ ។ វា​លើស​ពី​ការគ្រាន់តែ​ការអធិស្ឋាន និង​ទេសនកថា ព្រម​ទាំង​ច្រៀង​ទៅ​ទៀត ។ វា​គឺ​ជា​ការរស់នៅ​តាម ហើយ​ធ្វើតាម និង គោរព​តាម ។ វា​គឺ​ជា​ការប្រឹង​ធ្វើ​តាម​ជីវិត​នៃ​អង្គ​ជា​គំរូ​ដ៏​អស្ចារ្យ » (​« How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១៣០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពី​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មាន​អារម្មណ៍​អរគុណ និង ស្រឡាញ់​ដល់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

    2. តើ​អ្វីៗ​ដែល​អ្នក​បាន​សរសេរ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ លើ​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ថ្វាយ​បង្គំ និង សរសេរ​តម្កើង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​អាច​ធ្វើ​អ្វី​បន្ថែម​ទៀត​ដើម្បី​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ? សូម​ដាក់​ផែនការ ហើយ​ធ្វើ​តាម​ការបំផុស​ដែល​អ្នក​ទទួល ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ៤-៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖