បណ្ណាល័យ
មេរៀន​ទី ៣១ ថ្ងៃ​ទី ៣ ៖ វិវរណៈ ៦-៧


មេរៀន​ទី ៣១ ៖ ថ្ងៃ​ទី ៣

វិវរណៈ ៦-៧

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​អំពី​កូនចៀម​របស់​ព្រះ បើកត្រា​ប្រាំមួយ​ដំបូង​នៃ​ក្រាំង​ដែល​បិទ​ត្រា​នោះ ។ នៅក្នុង​ត្រា​ទី​ប្រាំមួយ ដែល​តំណាង​ឲ្យ​សម័យ​កាន់កាប់​ត្រួតត្រា​នា​ថ្ងៃ​ចុងក្រោយ​នេះ នោះ​យ៉ូហាន​បាន​ឃើញ​អ្នក​បម្រើ​របស់​ព្រះ​ដែល « បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង-ស ក្នុង​ឈាម​របស់​កូន​ចៀម » ( វិវរណៈ ៧:១៤ ) ។

វិវរណៈ ៦

យ៉ូហាន​បាន​ឃើញ​កូនចៀម​របស់​ព្រះ បើកត្រា​ប្រាំមួយ​ដំបូង​នៃ​ក្រាំង​ដែល​បិទ​ត្រា

តើ​កង្វល់ ឬ ការភ័យ​ព្រួយ​ណា​ខ្លះ ដែល​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់​អាច​មាន អំពី​ការរស់នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ពី​របៀប​ដែល​ព្យាការី​បុរាណ​ទទួល​អារម្មណ៍​ពី​ជំនាន់​យើង ៖ « ការស្ថាបនា​ឡើង​នៃ​ទីក្រុង​ស៊ីយ៉ូន គឺ​ជា​បុព្វហេតុ​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ចាប់​អារម្មណ៍​នៅក្នុង​គ្រប់​សម័យកាល វា​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ព្យាការី សង្ឃ និង ស្តេច​បាន​រស់នៅ​ក្នុង​គ្រា​ដ៏​រីករាយ​អស្ចារ្យ ពួកគេ​បាន​ទន្ទឹង​ចាំ​ដោយ​អំណរ​នា​ជំនាន់​ដែល​ពួកយើង​រស់នៅ ហើយ​បាន​រីករាយ​ដោយ​សេចក្ដី​សង្ឃឹម​ពី​សួគ៌ា​ដោយ​អំណរ​រហូត​ដល់​ពួកគេ​បាន​ច្រៀង ហើយ​សរសេរ ព្រមទាំង​បាន​ព្យាករ​ពី​ជំនាន់​របស់​យើង​នេះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ ) ។

តើ​អ្នក​គិត​ថា ហេតុអ្វី​ព្យាការី​ពី​បុរាណ​បាន​មាន​អារម្មណ៍​បែប​នេះ​អំពី​ជំនាន់​របស់​យើង ?

សាវក​យ៉ូហាន ដែល​ត្រូវបាន​ហៅ​ថា​យ៉ូហាន ជា​អ្នក​ទទួល​វិវរណៈ គឺ​ជា​ព្យាការី​ម្នាក់​ដែល​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នា​ជំនាន់​ចុងក្រោយ​នេះ ហើយ​បាន​ព្យាករ​អំពី​ជំនាន់​របស់​យើង​ទាំង​ទន្ទឹង​ចាំ​ដោយ​អំណរ ។ នៅពេល​អ្នក​សិក្សា វិវរណៈ ៦–៧ សូម​រកមើល​សេចក្តីពិត ដែល​អាច​លួងលោម​អ្នក និង អស់​អ្នក​ដែល​អ្នក​ស្គាល់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នា​ថ្ងៃ​ចុង​ក្រោយ ។

សូម​ចងចាំ​ថា វិវរណៈ ៥:១–៥ កត់ត្រា​ថា យ៉ូហាន​បាន​ឃើញ​ក្រាំង​មួយ​ដែល​មាន​បិតត្រា​ទាំង​ប្រាំពីរ​ដែល​មានតែ​កូន​ចៀម​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​សក្តិសម​បើក​វា​បាន ។ នៅក្នុង​ការនិមិត្ត​របស់​លោក យ៉ូហាន​បាន​ឃើញ​រូប​តំណាង​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ទាក់ទង​នឹង​រយៈពេល ១០០០ ឆ្នាំ និមួយៗ​ដែល​តំណាង​ដោយ​ត្រា​ទាំង​ប្រាំ​ពីរ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព​សាមញ្ញ​មួយ ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​នៃ​ត្រា​ទាំង​ប្រាំ​ដំបូង ដែល​មាន​នៅក្នុង​ខគម្ពីរ​យោង​ខាង​ក្រោម ។ នៅពេល​អ្នក​អាន​អំពី​ត្រា​និមួយៗ សូម​គិត​អំពី​អត្ថន័យ​នៃ​និមិត្ត​សញ្ញា​នីមួយៗ ។

    1. ត្រា​ទីមួយ ( វិវរណៈ ៦:១-២ )

    2. ត្រា​ទីពីរ ( វិវរណៈ ៦:៣-៤ )

    3. ត្រា​ទីបី ( វិវរណៈ ៦:៥-៦ )

    4. ត្រា​ទីបួន ( វិវរណៈ ៦:៧-៨ )

    5. ត្រា​ទីប្រាំ ( វិវរណៈ ៦:៩-១១ )

ទោះបី​ជា​ព្រះអម្ចាស់​ពុំ​បាន​បើក​សម្តែង​អំពី​អត្ថន័យ​នៃ​និមិត្ត​សញ្ញា​មួយ​ចំនួន ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ក្តី ទ្រង់​បាន​បើក​សម្តែង​អត្ថន័យនៃ​សញ្ញា​ជា​ច្រើន​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ហើយ​មាន​សំណួរ នោះ​អ្នក​អាច​ក្រឡេក​មើល​ការអធិប្បាយ​របស់​ព្យាការី ដើម្បី​ឃើញ​ពី​អ្វី​ដែល​អ្នក​មាន​សិទ្ធិ​អំណាច​របស់​សាសនាចក្រ​បាន​និយាយ​អំពី​វគ្គ​បទគម្ពីរ​ជាក់លាក់​ទាំង​នោះ ។ ព័ត៌មាន​នៅក្នុង​តារាង​ដែល​ភ្ជាប់​មក​ជាមួយ អាច​ជួយ​អ្នក​យល់​ពី​និមិត្តសញ្ញា​មួយ​ចំនួន​ដែល​មាន​នៅក្នុង វិវរណៈ ៦:១–១១ ទាក់ទង​នឹង​ការបើក​ត្រា​ទាំង​ប្រាំ​ដំបូង ។

ត្រា​ទី​មួយ

( ប្រហែល​ឆ្នាំ ៤០០០ ដល់ ៣០០០ មុន គ. ស. )

សេះ​-ស = ជ័យជំនះ

ធ្នូ = ចម្បាំង

មកុដ = អ្នក​ឈ្នះ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​យោបល់​ថា វិវរណៈ ៦:១–២ ពិពណ៌​នា​អំពី​ជំនាន់​របស់​ហេណុក ហើយ​ថា​អ្នក​ជិះ​សេះ​នោះ​គឺ​ហេណុក ( សូមមើល Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៦–៧៣ ] ៣:៤៧៦–៧៨ ) ។

ត្រា​ទី​ពីរ

( ប្រហែល​ឆ្នាំ ៣០០០ ដល់ ២០០០ មុន គ. ស. )

សេះ​ក្រហម = ការបង្ហូរ​ឈាម

ដាវ = សង្គ្រាម និង ការបំផ្លិចបំផ្លាញ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា វិវរណៈ ៦:៣–៤ ពិពណ៌នា​ពី​ជំនាន់​ណូអេ នៅពេល​អំពើ​ទុច្ចរិត​មាន​ពាសពេញ​ផ្ទៃ​ផែនដី ។ អ្នក​ជិះ​សេះ​ក្រហម​នោះ​អាច​ជា​សាតាំង ឬ ប្រហែល​ជា « បុគ្គល​ម្នាក់​ដែល​តំណាង​ឲ្យ​អ្នក​ចម្បាំង​ដែល​ធ្វើ​ឃាតកម្ម​ជា​ច្រើន » ( សូមមើល Doctrinal New Testament Commentary ៣:៤៧៨–៧៩ ) ។

ត្រា​ទី​បី

( ប្រហែល​ឆ្នាំ ២០០០ ដល់ ១០០០ មុន គ. ស. )

សេះ​ខ្មៅ = គ្រោះ​ទុរភិក្ស

ជញ្ជីង = អាហារ​មាន​តម្លៃ​ថ្លៃ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា វិវរណៈ ៦:៥-៦ ពិពណ៌នា​អំពី​ជំនាន់​របស់​អ័ប្រាហាំ នៅពេល​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ការស្រេកឃ្លាន ( សូមមើល Doctrinal New Testament Commentary ៣:៤៧៩-៨០ ) ។ មនុស្ស​ម្នាក់​អាច​ទិញ​អាហារ​បាន​គ្រាន់តែ​សម្រាប់​រស់​ដោយ​ប្រាក់​ខែ​ពេញ​មួយ​ថ្ងៃ​របស់​ខ្លួន នេះ​បង្ហាញ​ពី​តម្លៃ​អាហារ​ដ៏​ថ្លៃ ។

ត្រា​ទី​បួន

( ប្រហែល​ឆ្នាំ ១០០០ មុន គ. ស. រហូត​ដល់​កំណើត​របស់​ព្រះគ្រីស្ទ )

សេះ​សម្បុរ​ស្លាំង = សេចក្តីស្លាប់

សេចក្តី​ស្លាប់ និង ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ = ការបំផ្លិចបំផ្លាញ​មនុស្ស​ទុច្ចរិត និង ការទទួលពួកគេ​ចូលទៅ​ក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ( សូមមើល អេសាយ ៥:១៤ )

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា វិវរណៈ ៦:៧–៨ សំដៅ​លើ​គ្រា « ដែល​នគរ និង ប្រជាជាតិ​ដ៏​អស្ចារ្យ មាន​សង្គ្រាម និង ការធ្វើ​ទុក្ខបុកម្នេញ​ប្រឆាំង ព្រមទាំង​ការរីករាលដាល​ប្រឆាំង [ អ៊ីស្រាអែល ] ម្តង​ហើយ​ម្តង​ទៀត » ( សូមមើល Doctrinal New Testament Commentary ៣:៤៨១ ) ។ ប្រជាជាតិ​ទាំង​នោះ​រួមមាន បាប៊ីឡូន ពើស៊ី អេស៊ីព្ទ អាសសើរ ក្រិក និង រ៉ូម ។

ត្រា​ទី​ប្រាំ

( ប្រហែល​ពី​កំណើត​របស់​ព្រះគ្រីស្ទ​រហូត​ដល់​ឆ្នាំ ១០០០ គ. ស. ) ។

អាសនា = ការបូជា

ព្រលឹង​របស់​មនុស្ស = ការធ្វើ​ឃាត​ដោយ​សាសនា គ្រិស្ដសាសនិក​ត្រូវបាន​សម្លាប់​ព្រោះ​ជំនឿ​របស់​ពួកគេ

អែលឌើរ ម៉ាក់ខន់ឃី បាន​ផ្តល់​យោបល់​ថា វិវរណៈ ៦:៩-១១ សំដៅ​លើ​ពួកគ្រីស្ទាន​ពី​ជំនាន់​ដើម​ជាច្រើន រួមមាន​ពួក​សាវក​ជំនាន់​ដើម​ភាគ​ច្រើន​បំផុត ដែល​បាន​ស្លាប់​ដោយ​សារ​សាសនា ( សូមមើល Doctrinal New Testament Commentary ៣:៤៨២-៨៣ ) ។ ដោយសារ​ពួកបរិសុទ្ធ​ទាំង​នេះ​បាន​លះបង់​ជីវិត​របស់​ពួកគេ « ដោយ​ព្រោះ​កាន់​តាម​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់ » ( វិវរណៈ ៦:៩ ) ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ « អាវ​ស​វែង » ( វិវរណៈ ៦:១១ ) ជា​និមិត្ត​សញ្ញា​នៃ​ភាពបរិសុទ្ធ ( សូមមើល វិវរណៈ ៧:១៣–១៤; នីហ្វៃទី ៣ ២៧:១៩ ) ។

ត្រា​ទី​ប្រាំមួយ​តំណាង​ឲ្យ​ជំនាន់​ផ្ទាល់​របស់​យើង និង ព្រឹត្តិការណ៍​នានា ជាពិសេស​ភយន្តរាយ រហូត​ដល់​សហស្សវត្សរ៍ ជា​ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​គ្រងរាជ​ដោយ​ផ្ទាល់​លើ​ផែនដី​នេះ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ៣:៤៨៥–៨៦ ) ។

សូម​អាន វិវរណៈ ៦:១២-១៧ ដោយ​រកមើល​ព្រឹត្តិការណ៍​នានា​ដែល​យ៉ូហាន ព្យាករ​នៅក្នុង​ជំនាន់​របស់​យើង រហូត​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។ សូម​អាន​ផងដែរ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ៦:១៤ ( នៅក្នុង វិវរណៈ ៦:១៤  ) ។

សូម​កត់សម្គាល់​ថា វិវរណៈ ៦:១៦ ពិពណ៌នា​ពី​មនុស្ស​មួយ​ចំនួន​ដែល​ព្យាយាម​គេច​ចេញ​ពី​សេចក្តី​ក្រោធ​ខឹង​របស់​ព្រះ​ទាំង​អស់​សង្ឃឹម ។ បន្ទាប់មក​យ៉ូហាន​បាន​ចោទ​សួរ​ថា « តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន ? » ( វិវរណៈ ៦:១៧ ) ។ វិវរណៈ ៧ ជួយ​យើង​ឲ្យ​យល់​ថា តើ​នរណា​ដែល​នឹង​អាច​ឈរ​បាន ឬ នៅ​ជាមួយ​បាន គ្រោះ​ភ័យ​នៃ​ត្រា​ទី​ប្រាំមួយ ។

វិវរណៈ ៧

យ៉ូហាន​បាន​ឃើញ​អ្នក​បម្រើ​របស់​ព្រះ ដែល​បាន​លាង​ជម្រះ​សម្លៀកបំពាក់​របស់​ពួកគេ​នៅក្នុង​ឈាម​របស់​កូនចៀម

សូម​អាន វិវរណៈ ៧:១-៤ ដោយ​រក​មើល​អ្វី​ផ្សេង​ទៀត ដែល​យ៉ូហាន​បាន​ឃើញ​នៅក្នុង​ត្រា​ទី​ប្រាំមួយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៨-១១ ផងដែរ ដែល​ព្រះអម្ចាស់​បាន​ពន្យល់​អត្ថន័យ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ពន្យល់​ថា​ពាក្យ អេលីយ៉ា ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៩ គឺ​ជា « ឈ្មោះ និង ងារ​មួយ​សម្រាប់​អ្នក​ដែល​មាន​បេសកកម្ម​ធ្វើ​កិច្ចការ​នានា​ដល់​មនុស្ស​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​ដោយ​ប្រើ​កូនសោ និង អំណាច » ( Mormon Doctrine ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២២១ ) ។

មនុស្ស​មួយ​ចំនួន​ដែល​បាន​មក​ដោយ​ប្រើ​កូនសោ និង អំណាច​នោះ​រួមមាន អ័ដាម មរ៉ូណៃ យ៉ូហាន បាទីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន ម៉ូសេ និង អេលីយ៉ា ។

ការបោះត្រា ឬ ការគូស​ចំណាំ​នៃ « បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បម្រើ​របស់​ព្រះ » ( វិវរណៈ ៧:៣ ) គឺ​ជា​ការប្រៀបធៀប​អំពី​ការបូជា ការបម្រើ និង ជា​របស់​ផង​ព្រះ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ការបោះត្រា​លើ​ថ្ងាស​នៃ​ពួក​ស្មោះត្រង់ « គឺ​មាន​ន័យ​ថា​ជា​ផ្សារភ្ជាប់​ពរជ័យ​លើ​ក្បាល​របស់​ពួកគេ មាន​ន័យ​អំពី​សេចក្តីសញ្ញា​អស់កល្ប​ជានិច្ច ហេតុដូច្នោះ​ហើយ​ធ្វើ​ឲ្យ​ការហៅ និង ការរើស​តាំង​របស់​ពួកគេ​បាន​ពិត​ប្រាកដ​ឡើង » ( នៅក្នុង History of the Church ៥:៥៣០ ) ។

តួ​លេខ ១៤៤០០០​ដែល​បាន​លើក​ឡើង​នៅក្នុង វិវរណៈ ៧:៤ « គឺ​ជា​ចំនួន​ដែល​តំណាង​ចេញ​មក​ពី​ពួកកុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ដែល​នឹង​ត្រូវបាន​តែងតាំង​ឲ្យ​ជួយ​មនុស្ស​ដទៃ នៅក្នុង​ដំណើរ​ស្វែងរក​ភាពតម្កើង​ឡើង ។ … អ្នក​ខ្លះ​បាន​ជឿ​ថា វា​មិន​មែន​ជា​ចំនួន​សរុប​របស់​មនុស្ស​ដែល​នឹង​ត្រូវបាន​តម្កើង​ឡើង​ឡើយ » ( New Testament Student ManualChurch Educational System Manual ឆ្នាំ ២០១៤ ] ទំព័រ ៥៤៤ ) ។

ដូច​បាន​កត់ត្រា​នៅក្នុង វិវរណៈ ៩ យ៉ូហាន​បាន​និយាយ​ម្តង​ទៀត​អំពី​អ្នក​បម្រើ​សុចរិត​ទាំង​នេះ ។ សូម​អាន វិវរណៈ ៩ ៣–៤ ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អស់​អ្នក​ដែល​ពុំ​បាន​បិទត្រា​ជា​អ្នក​បម្រើ​របស់​ព្រះ ។

សូម​អាន វិវរណៈ ៧:៩-១០ ដោយ​រក​មើល​ថា យ៉ូហាន​បាន​ឃើញ​នរណា ។ សូម​កត់សម្គាល់​ពី​អ្វី​ដែល​មនុស្ស​ទាំង​នេះ​ស្លៀក​ពាក់ ។

ដូច​មាន​កត់ត្រា​នៅក្នង វិវរណៈ ៧:១១–១២ យ៉ូហាន​បាន​ឃើញ​ថា មនុស្ស​ទាំង​នេះ រួមទាំង​ពួក​ចាស់ទុំ ២៤ នាក់ និង តួ​មាន​ជីវិត​ទាំង​បួន​ដែល​បាន​លើក​ឡើង​នៅក្នុង វិវរណៈ ៤ បាន​ទៅ​ជុំវិញ​បល្ល័ង្ក​របស់​ព្រះ ហើយ​ថ្វាយ​បង្គំ​ទ្រង់ ។

សូម​អាន វិវរណៈ ៧:១៣-១៧ ដោយ​រកមើល​ចម្លើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖ អ្នក​អាច​គូស​ចំណាំ ឬ កត់​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  • តើ​មនុស្ស​ទាំងនេះ​បាន​ស៊ូទ្រាំ​នឹង​អ្វី​ខ្លះ ?

  • តើ​អាវ​វែង​របស់​ពួកគេ​បាន​ប្រែ​ទៅ​ជា​ពណ៌​ស​ដោយ​របៀប​ណា ?

  • តើ​ពួកគេ​នឹង​ទទួល​ពរជ័យ​អ្វី​ខ្លះ ?

សូម​កត់សម្គាល់​ពី​អាវ​វែង​របស់​អ្នក​ទាំង​នោះ​ត្រូវបាន « ធ្វើ​ឲ្យ … ស​ក្នុង​ឈាម​របស់​កូន​ចៀម » ( វិវរណៈ ៧:១៤ ) ដែល​ជា​និមិត្ត​សញ្ញា​ថា​មនុស្ស​ត្រូវបាន​បន្សុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពរជ័យ​នៅ​ក្នុង ខ​ទី ១៦–១៧ ពិពណ៌នា​អំពី​អំណរ ភាពសុខសាន្ត និង ការបូជា​របស់​មនុស្ស​ដែល​គ្រង​សិរីល្អ​នៃ​សេឡេស្ទាល​ទុក​ជា​មរដក ( សូមមើល​ផងដែរ គ. និង ស. ១៣៨:១២–១៥ ) ។

យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​ថា ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​សេចក្តី​ទុក្ខ​លំបាក​ដោយ​ស្មោះត្រង់ ហើយ​ប្រែជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​រីករាយ​នឹង​សិរីល្អ​សេឡេស្ទាល​ជាមួយ​ព្រះ ។

សូម​គិត​ថា​តើ​វា​នឹង​មាន​សភាសព​បែប​ណា ហើយ​ថា​តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច ដែល​អាច​ឈរ​ដោយ​បរិសុទ្ធ​នៅក្នុង​វត្តមាន​របស់​ព្រះ ។ តើ​អារម្មណ៍​ទាំង​នេះ​ប្រៀបធៀប​ទៅ​នឹង​អារម្មណ៍​របស់​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ៦:១៦ យ៉ាង​ដូចម្តេច ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​ព្រះអង្គសង្គ្រោះ​អាច​បន្សុទ្ធ​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

    2. តើ​ការចងចាំ​ពី​ពរជ័យ​នៃ​សិរីល្អ​សេឡេស្ទាល​បាន​ជួយ​អ្នក នៅក្នុង​ការខិតខំ​ដើម្បី​ស៊ូទ្រាំ​នឹង​សេចក្តី​ទុក្ខ​លំបាក ហើយ​ប្រែជា​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

សូម​រំឭក​អំពី​បញ្ជី​កង្វល់​នានា​ដែល​អ្នក​បាន​សរសេរ នៅ​ពេល​ចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ សូម​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​នៅក្នុង វិវរណៈ ៧ អាច​ជួយ នៅពេល​អ្នក​មាន​អារម្មណ៍​ខ្វាយខ្វល់​អំពី​ការ​រស់នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ។

អ្នក​អាច​ចំណាយ​ពេល​ពីរបី​នាទី​ពិចារណា និង អធិស្ឋាន​នៅក្នុង​ដួងចិត្ត​របស់​អ្នក អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ៦-៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖