បណ្ណាល័យ
មេរៀន​ទី ៣១ ថ្ងៃ​ទី ៤ ៖ វិវរណៈ ៨-១១


មេរៀន​ទី ៣១ ៖ ថ្ងៃទី ៤

វិវរណៈ ៨-១១

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ឃើញ​ការបើក​ត្រា​ទី​ប្រាំ​ពីរហើយ​បាន​រៀន​ពី​បេសកកម្ម​របស់​លោក ដើម្បី​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។ ទោះបី​ជា​មាន​សេចក្តី​វេទនា​ជាច្រើន ការបំផ្លិចបំផ្លាញ និង ការជំនុំជម្រះ​ដែល​នឹង​កើត​ឡើង​លើ​ប្រជាជន​នៅលើ​ផែនដី​នេះ​ក្តី យ៉ូហាន​បាន​ឃើញ​ថា អស់​អ្នក​ដែល​មាន​ភាពសក្តិសម​ត្រូវបាន​ទុក​ឲ្យ​មាន​ជីវិត​ពី​បញ្ហា​ទាំង​នោះ ។

វិវរណៈ ៨-៩

យ៉ូហាន​ឃើញ​ការបើក​ត្រា​ទី​ប្រាំពីរ

សូម​មើល​តារាង​ដែល​ភ្ជាប់​មក​ជាមួយ​នៅក្នុង​គម្ពីរ​វិវរណៈ​នេះ ។ សូម​កត់សម្គាល់​ពី​ចំនួន​ខគម្ពីរ​ដែល​និយាយ​អំពី​ព្រឹត្តិការណ៍​ទាំងនោះ​ក្នុង​ត្រា​ទី​ប្រាំមួយ បើប្រៀបធៀប​ទៅ​នឹង​ចំនួន​ខគម្ពីរ​ដែល​និយាយ​អំពី​ព្រឹត្តិការណ៍​ទាំងនោះ​ក្នុងត្រា​ទី​ប្រាំពីរ ។

រូបភាព
ការនិមិត្ត​របស់ យ៉ូហាន អំពី​ត្រា​ទាំង​ប្រាំពីរ​

សាវក​យ៉ូហាន​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ជាមួយ​នឹង​រយៈពេល ១០០០ ឆ្នាំ ទី​ប្រាំពីរ ច្រើន​ជាង​លោក​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង​រយៈពេល ១០០០ ឆ្នាំ ផ្សេង​ទៀត ។ លោក​បាន​សរសេរ​ជាពិសេស​អំពី​ព្រឹត្តិការណ៍ ដែល​កើត​មាន​ឡើង​ចន្លោះ​ពេល​នៃ​ការបើកត្រា​ទី​ប្រាំពីរ និង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ហេតុអ្វី​អ្នក​គិត​ថា​យ៉ូហាន​បាន​សរសេរ​យ៉ាង​ច្រើន​អំពី​ព្រឹត្តិការណ៍​ក្នុង​ត្រា​ទី​ប្រាំ​ពីរ ?

នៅពេល​អ្នក​សិក្សា​ការនិមិត្ត​របស់​យ៉ូហាន​នៅក្នុង វិវរណៈ ៨–១១ សូម​ពិចារណា​ពី​អ្វី​ដែល​យើង​អាច​រៀន​ពី​អ្វី​ដែល​លោក​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ។

វិវរណៈ ៨:១–៦ ពិពណ៌នា​ថា​ព្រះអង្គសង្គ្រោះ​បើក​ត្រា​ទី​ប្រាំពីរ ។ យ៉ូហាន​បាន​ឃើញ​ទេវតា​ប្រាំ​ពីរ​អង្គ ដែល​បាន​ទទួល​ត្រែ​ប្រាំ​ពីរ ។ « ត្រែ​ត្រូវបាន​ប្រើ​កាល​ពី​សម័យ​បុរាណ​ដើម្បី​ធ្វើ​ជា​សំឡេង​ប្រកាស សញ្ញា [ របស់​កងទ័ព ] ក្នុង​ចម្បាំង ឬ ប្រកាស​ពី​ការ​យាង​មក​របស់​ស្តេច ។ ហេតុដូច្នោះហើយ​សំឡេង​ត្រែ ប្រាប់​ដំណឹង​ជា​មុន ឬ ប្រកាស​អំពី​អ្វី​មួយ​ដែល​សំខាន់​បំផុត » ( ហ្គើរ៉ល អិន ឡាន់ « Seeing the Book of Revelation as a Book of Revelation » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៧ ទំព័រ ៥០ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១២ ដោយ​រកមើល​សំឡេង​ត្រែ​ទាំង​ប្រាំពីរ​ជា​សញ្ញា​នៃ​អ្វី ។

នៅក្នុង វិវរណៈ ៨:១–៦ ការផ្លុំ​ត្រែ​គឺ​ជា​សញ្ញា​មួយ​នៃ​ការចាប់ផ្តើម​នៃ​សេចក្តី​វេទនា និង ការបំផ្លិចបំផ្លាញ​ផ្សេងៗ នៅក្នុង​ការរៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការសោយរាជ្យ​របស់​ទ្រង់​ពេញ​ទាំង​សហស្សវត្សរ៍ ។

សូម​អាន​ខគម្ពីរ​យោង​នីមួយៗ​ដូចត​ទៅ​នេះ ដែល​ពន្យល់​ពី​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​សំឡេង​ត្រែ​ទាំង​ប្រាំមួយ​ដំបូង ។ នៅពេល​អ្នក​អាន សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។

ទីមួយ—វិវរណៈ ៨:៧ ។ តើ​មាន​អ្វី​កើតឡើង ដែល​ជា​លទ្ធផល​នៃ « ព្រិល និង ភ្លើង » ដែល​ធ្លាក់​មក​លើ​ផែនដី នៅពេល​ទេវតា​ទីមួយ​បាន​ផ្លុំ​ត្រែ​របស់​ទ្រង់​នោះ ?

ទី​ពីរ—វិវរណៈ ៨:៨–៩ ។ តើ​មាន​អ្វី​បី​យ៉ាង ដែល​បាន​ប៉ះទង្គិច​នៅពេល​សំឡេង​ត្រែ​ទី​ពីរ​បាន​បន្លឺ​ឡើង ?

ទី​បី—វិវរណៈ ៨:១០–១១ ។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ផ្កាយ​បាន​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​នោះ ? « សូម​កត់សម្គាល់​ថា ស្លែង​គឺ​ជា​មើម​រុក្ខជាតិ​ម្យ៉ាង វា​គឺ​ជា​និមិត្ត​សញ្ញា​នៃ « គ្រោះភ័យ ទុក្ខសោក​ដ៏​ជូរចត់ » [ សូមមើល Bible Dictionary « Wormwood »] ) ។

ទីបួន—វិវរណៈ ៨:១២ ។ បន្ទាប់​ពី​ឮ​សំឡេង​ត្រែ​ទីបួន តើ​មាន​អ្វី​បី​យ៉ាង​ទៀត​ដែល​ផ្នែក​ខ្លះ​របស់​វា​បាន​ប្រែ​ជា​ងងឹត​នោះ ?

ទី​ប្រាំ—វិវរណៈ ៩:១–៣ ។ តើ​មាន​អ្វី​បាន​ចេញ​មក​ពី​ជម្រៅ​នៃ​ជង្ហុក​ធំ​នោះ នៅពេល​ទេវតា​ទី​ប្រាំ​បាន​បើក​វា​នោះ ?

ទី​ប្រាំមួយ—វិវរណៈ ៩:១៣-១៦, ១៨ ។ តើ​មាន​ពលទ័ព​ប៉ុន្មាន​នាក់​ដែល​ចូលរួម​នឹង​ចម្បាំង​ដ៏​ធំ​នោះ ដែល​យ៉ូហាន​បាន​ឃើញ​បន្ទាប់​ពី​ត្រែ​ទី​ប្រាំមួយ​បាន​ផ្លុំ​ឡើង​នោះ ? តើ​មនុស្ស​ប៉ុន្មាន​ភាគ​បាន​ស្លាប់​នៅក្នុង​ចម្បាំង​នោះ ?

សូម​អាន វិវរណៈ ៩:២០–២១ ដោយ​រកមើល​របៀប​ដែល​ពួកទុច្ចរិត ដែល​នៅ​រស់​ពី​សេចក្តី​វេទនា​នោះ​នឹង​ឆ្លើយ​តប ។

វិវរណៈ ១០

ទេវតា​មួយ​អង្គ​ណែនាំ​យ៉ូហាន​អំពី​បេសកកម្ម​របស់​លោក​នៅ​ថ្ងៃ​ចុងក្រោយ

វិវរណៈ ១០ មាន​ការផ្អាក​ពី​ការពិពណ៌នា​អំពី​សំឡេង​ត្រែ​ទី​ប្រាំ​ពីរ និង គ្រោះ​កាច​ដែល​ទាក់ទង​នឹង​សេចក្តី​វេទនា ។ នៅក្នុង​ជំពូក​នេះ យើង​អាន​ថា​យ៉ូហាន​ត្រូវបាន​ណែនាំ​ដោយ​ទេវតា​មួយ​អង្គ​ផ្សេង​ទៀត ។

រូបភាព
ផ្អែម ជូរចត់

តើ​មាន​បទពិសោធន៍​ណា​ខ្លះ​នៅក្នុង​ជីវិត​នេះ ដែល​អាច​ចាត់ទុក​ថា​ជា​បទពិសោធន៍​ផ្អែមល្ហែម និង ជូរចត់ ?

សូមអាន វិវរណៈ ១០:១-៣ ដោយ​រកមើល​ថា​តើ​ទេវតា​នោះ​កំពុង​កាន់​អ្វី ។

សូម​អាន វិវរណៈ ១០:៨-១១ ដោយ​រកមើល​អ្វី​ដែល យ៉ូហាន​ត្រូវបាន​ប្រាប់​ឲ្យ​ធ្វើ​ជាមួយ​នឹង​ក្រាំង​តូច ។ សូម​កត់សម្គាល់​ថា​តើ​វា​មាន​រសជាតិ​ដូចម្តេច​ចំពោះ​គាត់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១៤ ដោយ​រកមើល​ថា​ក្រាំង​តូច​នោះ​តំណាង​ឲ្យ​អ្វី ។

សាវក​យ៉ូហាន​បាន​ទទួល​ពរ​ពី​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​រស់នៅ​រហូត​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ និង នាំ​មនុស្ស​មក​កាន់​ទ្រង់ ( សូមមើល យ៉ូហាន ២១:២០–២៤; គ. និង ស. ៧:១–៤ ) ។ បេសកកម្ម​របស់ យ៉ូហាន គឺ​ជា​ការជួយ​ប្រមូលផ្តុំ​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល ។ តើ​បេសកកម្ម​បែប​នេះ​អាច​ជា​បេសកកម្ម​ទាំង​ផ្អែមល្ហែម ផង និង ជូរចត់​ផង​តាម​របៀប​ណា​ខ្លះ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ប្រើ វិវរណៈ ១០:៨–១១ ដើម្បី​សរសេរ​ចម្លើយ​ចំពោះ​កង្វល់​មួយ ឬ ទាំង​ពីរ​ខាង​ក្រោម​នេះ ៖

    1. ខ្ញុំ​បាន​ស្តាប់​ឮ​ពី​ការលំបាក​ក្នុង​ការ​បម្រើ​បេសកកម្ម ។ ខ្ញុំ​មាន​ការលំបាក​ដែល​គេ​បដិសេធ​ខ្ញុំ ។ ខ្ញុំ​ពុំ​ប្រាកដ​ទេ​ថា​ខ្ញុំ​ចង់​ទៅ​បម្រើ​បេសកកម្ម​នោះ ។

    2. ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ខ្ញុំ​អាន​ព្រះគម្ពីរ អធិស្ឋាន ហើយ​ព្យាយាម​ចែកចាយ​ដំណឹង​ល្អ ប៉ុន្តែ​ជីវិត​របស់​ខ្ញុំ​ហាក់​ដូច​ជា​នៅតែ​មាន​មិន​ល្អ—ហើយ​គ្មាន​នរណ​ម្នាក់​ចង់​ចូលរួម​សាសនាចក្រ​នេះ​ដោយសារ​ខ្ញុំ​ឡើយ ។ ប្រហែល​ជា​ខ្ញុំ​នឹង​បរាជ័យ​ហើយ ។

វិវរណៈ ១១

យ៉ូហាន​ឃើញ​ព្យាការី​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ក្រុង​យេរូសាឡិម និង សំឡេង​ត្រែ​ទី​ប្រាំពីរ

វិវរណៈ ១១ ចាប់ផ្តើម​ជាមួយនឹង​ការពិពណនា​របស់​សាវក​យ៉ូហាន​អំពី​ព្រឹត្តិការណ៍ ដែល​នឹង​កើត​ឡើង​ចន្លោះ​ពេល​នៃ​សំឡេង​ត្រែ​ទី​ប្រាំ​ពីរ និង ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អំឡុង​ពេល​គ្រា​នោះ ពួក​ទុច្ចរិត​នឹង​មាន​អំណាច​ខ្លាំង ហើយ​គ្រប់គ្រង​លើ​ផែនដី ហើយ​មាន​ពលទ័ព​មួយ​កង​នឹង​ព្យាយាម​ច្បាំង​ដណ្តើម​យក​ក្រុង​យេរូសាឡិម ដែល​ជា​ផ្នែក​មួយ​នៃ​ចម្បាំង​ដ៏​ធំ​ចុង​ក្រោយ​នៅ​អើម៉ាគេដូន ។

យ៉ូហាន​បាន​ពិពណ៌នា​ពី​ទីក្រុង​យេរូសាឡិម និង ការវាយ​ឈ្នះ​ទីក្រុង​នោះ​ដោយ​ពួកសាសន៍​ដទៃ ( អស់​អ្នក​ដែល​ពុំ​បាន​ចុះ​សេចក្តីសញ្ញា និង រក្សា​សេចក្តី​សញ្ញា ជាមួយ​ព្រះអម្ចាស់ ) រយៈពេល ៤២ ខែ ដែល​ស្មើ​នឹង​បី​ឆ្នាំ​កន្លះ ។

សូម​អាន វិវរណៈ ១១:៣-៦ ដោយ​រកមើល​ថា​តើ​ស្មរ​បន្ទាល់​ទាំង​ពីរ​របស់​ព្រះអង្គសង្គ្រោះ នឹង​ធ្វើ​អ្វី​ខ្លះ​នៅក្នុង​ក្រុង​យេរូសាឡិម​ភ្លាម ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

ព្យាការី​ទាំង​ពីរ​នាក់​នោះ​គឺ​អេលីយ៉ា និង ម៉ូសេ មាន​សិទ្ធិ​អំណាច និង អំណាច​ដើម្បី​ផ្សារភ្ជាប់​នៅលើ​ឋានសួគ៌ ហើយ​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្តី​ទេវនា​គ្រប់​យ៉ាង ។ ភ្លើង​ដែល​នឹង​ចេញ​ពី​មាត់​នៃ​ស្មរបន្ទាល់​ពីរ​នាក់​នេះ អាច​ជា​និមិត្ត​សញ្ញា​នៃ​អំណាច និង ទីបន្ទាល់​ដែល​ពួកលោក​នឹង​ថ្លែង ( សូមមើល យេរេមា ៥:១៤, ២០:៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១៥ ដោយ​រកមើល​ថា​តើ​នរណា​ជា​ស្មរបន្ទាល់​ទាំង​ពីរ​នាក់​នោះ ។

សូម​អាន វិវរណៈ ១១:៧-១២ ដោយ​រក​មើល​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ ។ សូម​កត់សម្គាល់​ពី​ប្រតិកម្ម​របស់​ពួកទុច្ចរិត ។

សូម​អាន វិវរណៈ ១១:១៣–១៥ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ព្យាការី​ទាំង​ពីរ​ត្រូវបាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់ ហើយ​ឡើង​ទៅ​លើ​មេឃ​វិញ​នោះ ។

បន្ទាប់​ពី​សំឡេង​ត្រែ​ទី​ប្រាំពីរ​បន្លឺ​ឡើង តើ​នរណា​នឹង​គ្រង​រាជ្យ​លើ « នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ » ( វិវរណៈ ១១:១៥ ) ?

នៅក្នុង វិវរណៈ ១១:១៦–១៩ យើង​អាន​ថា​មាន​ពួក​ចាស់ទុំ ២៤ នាក់ ដែល​អង្គុយ​នៅ​ជិត​បល្ល័ង្ក​ព្រះ ថ្វាយ​អំណរគុណ និង សរសើរ​តម្កើង​ដល់​ព្រះ ចំពោះ​រង្វាន់​នៃ​សេចក្តី​សុចរិត ព្រមទាំង​ការដាក់​ទោស​ចំពោះ​ពួក​ទុចរិត ។

  1. រំឭក​ពី​មេរៀន​មុន​អំពី​គោលការណ៍​ដូច​ត​ទៅ​នេះ​ដែល​មាន​នៅក្នុង វិវរណៈ ៧ ៖ ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​សេចក្តី​ទុក្ខ​លំបាក​ដោយ​ស្មោះត្រង់ ហើយ​ប្រែជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​រីករាយ​នឹង​សិរីល្អ​សេឡេស្ទាល​ជាមួយ​ព្រះ ។ សូម​ពិចារណា​អំពី​ព្រឹត្តិការណ៍​ក្នុង​ត្រា​ទី​ប្រាំពីរ​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​គោលការណ៍​ទាំង​នេះ​អាច​ផ្តល់​ការលួងលោម និង ភាព​សុខសាន្ត​ដល់​អស់​អ្នក ដែល​ជួប​ប្រទះ​នូវ​គ្រោះភ័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​នឹង​កើត​ឡើង​ពីមុន​ពេល​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

អែលឌើរ នែល អិល អិល អាន់ឌើរសិន ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន​ថា​ទោះបី​ជា​មាន​គ្រោះភ័យ​ក្នុង​ជំនាន់​យើង​ក្តី យើង​អាច​ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ព្រះអម្ចាស់ ដោយ​គារវភាព និង ការគិត​ត្រៀម​ខ្លួន​ជា​មុន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« បងប្អូន​ប្រុសស្រី យើង​រស់​នៅ​ក្នុង​សម័យ​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​អម្ចាស់ ជា​ពេល​ដែល​ត្រូវ​ចូលរួម​ជា​បន្តបន្ទាប់​ដោយ​ពួក​អ្នក​ជឿ​គ្រប់​សម័យ​កាល ។ យើង​រស់​នៅ​ក្នុង​សម័យ​នៃ​សង្គ្រាម និង ពាក្យ​ចចាមអារ៉ាម​អំពី​សង្គ្រាម​ទាំងឡាយ សម័យ​នៃ​គ្រោះ​ធម្មជាតិ សម័យ​ដែល​ពិភពលោក​ត្រូវ​បាន​ប៉ះ​ទង្គិច​ដោយ​ការភាន់ច្រឡំ និង ចលាចល ។

« ប៉ុន្តែ យើង​ក៏​រស់​នៅ​ក្នុង​យុគ្គ​សម័យ​នៃ​ការស្តារ​ឡើង​វិញដ៏​រុងរឿង​ផងដែរ ជា​ពេល​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​នាំ​ទៅ​កាន់​ពេញ​សព្វផែនដី—​ជាពេល​មួយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា ‹ នឹង​បង្កើត​ឡើង​នូវ…ប្រជាជន​បរិសុទ្ធ​មួយ › [ គ. និង ស. ១០០:១៦ ] ហើយ​ប្រដាប់ ‹ ដោយ​អាវុធ​នៃ​សេចក្តី​សុចរិត និង ដោយ​ព្រះចេស្តា​នៃ​ព្រះ › [ នីហ្វៃទី ១ ១៤:១៤ ] ។

« យើង​រីករាយ​ក្នុង​ជំនាន់​នេះ និង អធិស្ឋាន​ថា​យើង​អាច​នឹង​ប្រឈម​មុខ​ជាមួយ​ឧបសគ្គ និង ភាព​មិន​ប្រាកដ​ប្រជា​របស់​យើង​ដោយ​ចិត្ត​ក្លាហាន ។ ការលំបាក​របស់​មនុស្ស​មួយ​ចំនួន​មាន​ច្រើន​ជាង​មនុស្ស​ដទៃ​ទៀត ប៉ុន្តែ​គ្មាន​នរណា​ដែល​មិន​ត្រូវបាន​ការពារ​ឡើយ ។ …

« ថ្វី​ដ្បិត​តែ​ព្រះអម្ចាស់​បាន​អះអាង​នឹង​យើង​ម្ដងហើយ​ម្ដងទៀត​ថា យើង ‹ ពុំចាំបាច់​ភ័យខ្លាច​ឡើយ › ក្ដី [ គ. និង ស.១០:៥៥ ] ក៏​ការ​រក្សា​ទស្សនវិស័យ​ច្បាស់​លាស់ និង​ការ​សម្លឹង​មើល​ហួស​ពី​ពិភពលោក​នេះ ពុំ​ងាយស្រួល​ជានិច្ច​នោះទេ នៅពេល​យើង​ស្ថិត​នៅក្នុង​ការសាកល្បង​នោះ ។ …

« សេចក្តី​ជំនឿ​យើង​កើន​ឡើង នៅពេល​យើង​រំពឹងចាំ​នូវ​ថ្ងៃ​ដ៏​រុងរឿង​នៃ​ការត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ផែនដី​នេះ ។ គំនិត​អំពី​ការយាងមក​របស់​ទ្រង់​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​រំភើប​ណាស់ ។ វា​គឺ​ជា​ការបំផុស​គំនិត​មួយ​ដ៏​អស្ចារ្យ​ណាស់ ។ ព្រំដែន និង ភាព​ធំ​សម្បើម ភាព​ធំធេង និង សិរី​រុងរឿង​នេះ​នឹង​មាន​ហួស​ពី​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់​ធ្លាប់​បាន​ឃើញ ឬ បាន​ជួប​ប្រទះ​ ។ …

« …យើង​នឹង​លុត​ជង្គង់​ចុះ​ដោយ​គាវរភាព ‹ ហើយ​ព្រះអម្ចាស់ ទ្រង់​នឹង​បន្លឺ​សំឡេង​របស់​ទ្រង់ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឮ [ គ. និង ស. ៤៥:៤៩ ] ។ ‹ ហើយ​សំឡេង​នោះ​នឹង… ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង [ គ. និង ស. ១៣៣:២២ ] ។ ‹ [ ហើយ ] ព្រះអម្ចាស់…ព្រះអង្គ​សង្គ្រោះ​ទ្រង់​នឹង​ឈរ​នៅ​កណ្តាល​រាស្ត្រ​ទ្រង់ › [ គ. និង ស. ១៣៣:២៥ ] » ( « Thy Kingdom Come » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១៩–២០, ១២២ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ៨-១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖