បណ្ណាល័យ
មេរៀន​ទី ៣២ ថ្ងៃ​ទី ២ ៖ វិវរណៈ ១៤-១៦


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ២

វិវរណៈ ១៤-១៦

សេចក្ដីផ្ដើម

នៅក្នុង​ការនិមិត្ត សាវក​យ៉ូហាន​បាន​ឃើញ​ទេវតា​មួយ​អង្គ​ចុះ​មក​កាន់​ផែនដី ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុងថ្ងៃ​ចុង​ក្រោយ ។ លោក​ក៏​បាន​ឮ​សំឡេង​មក​ពី​លើ​មេឃ ដែល​ពិពណ៌នា​ពី​ពរជ័យ​ដែល​រីករាយ​ដោយ​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ យ៉ូហាន​បាន​ឃើញ​ការប្រមូល​ផ្តុំ​នៃ​ពួក​សុចរិត និង ការប្រមូល​ផ្តុំ​នៃ​ពួក​ទុច្ចរិត​នៅក្នុង​ថ្ងៃ​ចុងក្រោយ ព្រមទាំង​ការជនុំជម្រះ​របស់​ព្រះ​ដែល​ចាក់ស្រោច​លើ​ពួក​ទុច្ចរិត ។

វិវរណៈ ១៤

យ៉ូហាន​ឃើញ​ពី​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង ការប្រមូលផ្តុំ​នៃ​ពួកសុចរិត និង ពួកទុច្ចរិត

មនុស្ស​មួយ​ចំនួន​ឆ្ងល់​ថា តើ​អាច​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត​នៅក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​អំពើទុច្ចរិត គ្រោះធម្មជាតិ និង អំពើ​ឃោរឃៅ​បែប​ណា ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​និយាយ​ជាមួយ​មនុស្ស​ទាំងនេះ ។

នៅពេល​អ្នក​សិក្សា វិវរណៈ ១៤-១៦ សូម​រកមើល​សេចក្តីពិត ដែល​អាច​នាំ​ភាពសុខសាន្ត​ដល់​អ្នក ទោះបី​ជា​អ្នក​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​អំពើទុច្ចរិត គ្រោះធម្មជាតិ និង អំពើ​ឃោរឃៅ ។

នៅក្នុង វិវរណៈ ១៤:១–១៣ យើង​អាន​ថា សាវក​យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​មួយ​អំពី​ថ្ងៃ​ចុងក្រោយ ឬ ជំនាន់​របស់​យើង ។ នៅក្នុង​ការនិមិត្ត​របស់​លោក នោះ​លោក​បាន​ឃើញ​គ្រោះមហន្ដរាយ ដែល​នឹង​កើត​មាន​មក​លើ​ពួក​ទុច្ចរិត ។ លោក​ក៏​បាន​ឃើញ​ពី​អ្វី​ដែល​នឹង​នាំ​ភាពសុខសាន្ត​ដល់​ជនសុចរិត​នៅ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។

សូម​អាន វិវរណៈ ១៤:១-៥ ដោយ​រកមើល​ថា តើ​យ៉ូហាន​បាន​ឃើញ​នរណា​ឈរ​នៅ​ជាមួ​ព្រះអង្គសង្គ្រោះ « នៅលើ​ភ្នំ​ស៊ីយ៉ូន » ( វិវរណៈ ១៤:១ ) ឬ ស៊ីយ៉ូន ។

អ្នក​អាច​រំឭក​ពី​ការរៀន​ថា​មនុស្ស ១៤៤០០០ ដែល​បាន​លើក​ឡើង​នៅក្នុង ខ​ទី ១ គឺ​ជា​សង្ឃ​ជាន់ខ្ពស់​នៃ​ពួក​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ ចេញ​មក​ពី​គ្រប់​សាសន៍ ហើយ​ត្រូវបាន​តែងតាំង​ឲ្យ​នាំ​មនុស្ស​ទៅ « ឯ​សាសនាចក្រ​នៃ​កូន​ច្បង » ( គ. និង ស. ៧៧:១១ សូមមើល វិវរណៈ ៧:៤–៨ ) ។ ឃ្លា « ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រី​ឡើយ » ( វិវរណៈ ១៤:៤ ) មាន​ន័យ​ថា ពួកគេ​នឹង​ត្រូវបាន​បរិសុទ្ធ ឬ មាន​ភាព​ស្អាត​បាត​ខាង​សីលធម៌ ។ នៅក្នុង វិវរណៈ ១៤:៥ ឃ្លា « មិន​ឃើញ​មាន​សេចក្តី​ភូតភរ នៅ​ក្នុង​មាត់​គេ​ឡើយ » មាន​ន័យ​ថា ពួកគេ​នឹង​មាន​ភាព​ទៀងត្រង់ ហើយ​ស្មោះសរ ហើយ​ឃ្លា « ឥត​សៅហ្មង » មាន​ន័យ​ថា​ពួកគេ​នឹង​បាន​ជ្រះស្អាត​ពី​អំពើ​បាប ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុ​អ្វី​ការមាន​ភាពបរិសុទ្ធ ភាពទៀងត្រង់ និង ស្អាតបាត​ពី​អំពើ​បាប នឹង​ជួយ​ពួកសង្ឃ​ជាន់​ខ្ពស់ ១៤៤០០០​ នាក់​នោះ​នាំ​យក​ដំណឹង​ល្អ​ទៅ​កាន់​អ្នក​ដទៃ ?

អំឡុង​ពេល​នៃ​ការនិមិត្ត​របស់​យ៉ូហាន​អំពី​ថ្ងៃ​ចុងក្រោយ លោក​បាន​ឃើញ​ទេវតា​បី​អង្គ​បន្ថែម​ទៀត ។ សូមអាន វិវរណៈ ១៤:៦ ដោយ​រកមើល​ថា​តើ​ទេវតា​ទីមួយ​នោះ​មាន​អ្វី ។

បន្ទាប់​ពី​ដកស្រង់ វិវរណៈ ១៤:៦ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស ៖ « ទេវតា​នោះ​បាន​យាង​មក ។ ព្រះនាម​របស់​ទ្រង់​គឺ​មរ៉ូណៃ » ( « Stay the Course—Keep the Faith » Ensign ខែ វិច្ឆិកា ១៩៩៥ ទំព័រ ៧០ ) ។

រូបភាព
ទេវតា​មរ៉ូណៃ បាន​បង្ហាញ​ខ្លួន​ដល់ យ៉ូសែប ស៊្មីធ នៅក្នុង​បន្ទប់​របស់​លោក

ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​បាន​ប្រាប់​លោក​ថា ព្រះ​មាន​កិច្ចការ​សំខាន់​មួយ​ឲ្យ​លោក​ធ្វើ ( សូមមើល យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:២៩–៣៥ ) ។ យោង​តាម យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:៣៤ ក្រោម​ការដឹកនាំ​របស់​របស់​ព្រះ តើ​មរ៉ូណៃ​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ​អំពី​អ្វី​ខ្លះ ដែល​ជួយ​ស្តារ​ដំណឹងល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​មក​កាន់​ផែនដី​វិញ ។

រូបភាព
រូបចម្លាក់​ទេវតា​មរ៉ូណៃ

ដោយ​ដឹង​ពី​តួនាទី​របស់​មរ៉ូណៃ​នៅក្នុង​ការស្តារ​ឡើងវិញ អាច​ជួយ​អ្នក​យល់​ពី​មូលហេតុ​ដែល​រូបចម្លាក់​របស់​លោក​ត្រូវបាន​ដាក់​នៅលើ​កំពូល​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​របស់​យើង ។

ទេវតា​ដែល​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ១៤:៦ ក៏​អាច​តំណាង​ឲ្យ​បណ្តុំ​មួយ​នៃ​សារទូត​ជា​ច្រើន​របស់​ស្ថានសួគ៌ រួមមាន មរ៉ូណៃ ដែល​បាន​ជួយ​ស្តារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៥២៩–៣១ សូមមើល​ផងដែរ គ. និង ស. ១៣, ១១០:១១–១៦, ១២៨:២០–២១ ) ។

សូមអាន វិវរណៈ ១៤:៧ ដោយ​រកមើល​អ្វី​ដែល​ទេវតា​នោះ​បាន​មាន​បន្ទូល ។ ឃ្លា « ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជម្រះ នោះ​បាន​មក​ដល់​ហើយ » សំដៅ​លើ​គ្រានៃ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ជំនុំជម្រះ​មនុស្ស​ទាំង​អស់​នៅលើ​ផែនដី ។ ការជំនុំជម្រះ​របស់​ទ្រង់​នឹង​កើត​មាន​ឡើង​ទាំង​នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ និង គ្រា​នៃ​សេចក្តីជំនុំជម្រះ​ចុង​ក្រោយ ។

ចេញ​ពី​ការនិមិត្ត​របស់​យ៉ូហាន​អំពី​ទេវតា​នោះ យើង​រៀន​ថា ហេតុផល​មួយ​ដែល ព្រះ​បាន​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ដើម្បី​រៀប​ចំ​ពូជពង្ស​របស់​ផែនដី​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រៀបចំ​មនុស្ស​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់​តាម​របៀប​ណា​ខ្លះ ?

តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ ជួយ​នាំ​ភាពសុខសាន្ត​ដល់​អ្នក អំឡុង​ពេល​រស់នៅក្នុង​ពិភពលោក​ដែល​ទុច្ចរិត និង ច្របូកច្របល់​នេះ​យ៉ាង​ដូច​ម្ដេច ?

សូមអាន វិវរណៈ ១៤:៨–១១ ដោយ​រកមើល​អ្វី​ដែល​ទេវតា​ទី​ពីរ និង ទីបី​នោះ​បាន​មាន​បន្ទូល ។

យ៉ូហាន​ត្រូវ​បាន​បង្រៀន​ថា បាប៊ីឡូន ឬ អំពើទុច្ចរិត នឹង​មាន​នៅក្នុង​គ្រប់​សាសន៍​ទាំង​អស់ ។ អត្ថន័យ​មួយ​នៃ​ឃ្លា « ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ » ( វិវរណៈ ១៤:៨ ) គឺ​ថា ថ្ងៃ​នោះ​នឹង​មក​ដល់ នៅពេល​អំពើ​ទុច្ចរិត​នៃ​ពិភពលោក​នេះ​នឹង​បញ្ចប់ ។

សូម​ពិចារណា​អំពី​របៀប​ដែល​ការដឹង​ថា អំពើទុច្ចរិត​នៃ​ពិភពលោក​នឹង​បញ្ចប់ អាច​នាំ​ភាព​សុខសាន្ត​ដល់​អ្នក ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​អំពី​អ្វី​ដែល​ពួកទុច្ចរិត​នឹង​ជួប​បន្ទាប់​ពី​ពួកគេ​ស្លាប់ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« សេចក្តី​វេទនា​ដ៏​ធំ​នៃ​វិញ្ញាណ​ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​ពិភព​វិញ្ញាណ ជា​កន្លែង​ដែល​ពួកគេ​ទៅ​បន្ទាប់​ពី​ពួកគេ​ស្លាប់ គឺ​ការដឹង​ថា ពួកគេ​ពុំ​ទទួល​បាន​សិរីរុងរឿង ដែល​មនុស្ស​ដទៃ​រីករាយ ហើយ​ថា​ពួកគេ​អាច​មាន​ក្តី​រីករាយ​ចំពោះ​ខ្លួន​ពួកគេ ហើយ​ពួកគេ​គឺ​ជា​អ្នក​ចោទប្រកាន់​ខ្លួន​ឯង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២២៤ ) ។

« មនុស្ស​ម្នាក់​គឺ​ជា​ម្ចាស់​នៃ​អំពើ​បាប​ខ្លួន ហើយ​ក៏​ជា​អ្នក​កាត់​ទោស​ខ្លួន​ឯង​ដែរ ។ ហេតុដូច្នេះ​ហើយ ពួកគេ​នឹង​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ [ សូមើល វិវរណៈ ២១:៨ ] ។ ការដាក់ទោស​នៃ​ការខកចិត្ត​នៅក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​គឺ​ខ្លាំង​ដូច​ជា​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ ( Teachings: Joseph Smith ទំព័រ ២២៤ ) ។

បន្ទាប់​ពី​រៀន​ពី​អ្វី​ដែល​ពួក​ទុច្ចរិត​នឹង​ជួប​បន្ទាប់​ពី​ពួកគេ​ស្លាប់ នោះ​យ៉ូហាន​បាន​ឮ​សំឡេង​មួយ​មក​ពី​មេឃ ដោយ​រៀបរាប់​ពី​អ្វី​ដែល​ពួក​សុចរិត​នឹង​ជួប​បន្ទាប់​ពី​ពួកគេ​ស្លាប់ ។

សូម​អាន វិវរណៈ ១៤:១២-១៣ ដោយ​រកមើល​អ្វី​ដែល​ពួក​សុចរិត​នឹង​ជួប បន្ទាប់​ពី​ពួកគេ​ស្លាប់​ទៅ​នោះ ។

« ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់ [ របស់​យើង ] » ( ខ​ទី ១៣ ) បន្ទាប់​ពី​យើង​ស្លាប់ មាន​ន័យ​ថា យើង​នឹង​គ្មាន​បន្ទុក​នៃ​កង្វល់ ការបារម្ភ និង ទុក្ខព្រួយ​ទៀត​ឡើយ ( សូមមើល អាលម៉ា ៤០:១២ ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី វិវរណៈ ១៤:១២–១៣ គឺ​ថា ប្រសិនបើ​យើង​រស់នៅ​ដោយ​សុចរិត នោះ​យើង​នឹង​បាន​ទទួលពរ​ចំពោះ​កិច្ចការ​របស់​យើង ហើយ​សម្រាក​ពី​កិច្ចការ​របស់​យើង​បន្ទាប់​ពី​យើង​ស្លាប់ ។ អ្នក​អាច​សរសេរ ឬ កត់ចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ វិវរណៈ ១៤:១២–១៣ ។

  1. សូម​ពិចារណា​ពី​របៀប​ដែល​គោលការណ៍​នេះ​អាច​នាំ​ភាពសុខសាន្ត​ដល់​អ្នក ទោះបី​ជា​អ្នក​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​អំពើទុច្ចរិត​នេះ​ក្តី ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​កំណត់ចំណាំ​លើក​ទឹកចិត្ត​មួយ​ដល់​មិត្តភក្តិ ដែល​អាច​មាន​ចម្ងល់​ថា តើ​វា​សក្តិសម​ឬ​ទេ​ដើម្បី​រស់នៅ​ដោយ​សុចរិត ខណៈ​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​អំពើ​ទុច្ចរិត​នោះ ។

យើង​អាន​នៅក្នុង វិវរណៈ ១៤:១៤-២០ ថា​នៅក្នុង​ការនិមិត្ត​របស់​លោក យ៉ូហាន​បាន​ឃើញ​ការច្រូតកាត់​ពីរ ។ លោក​បាន​ឃើញ​ថា នៅក្នុង​អំឡុង​ពេល​ច្រូតកាត់​ទីមួយ​មនុស្ស​សុចរិត​ត្រូវបាន​ប្រមូល​ផ្តុំ​មក​ពី​ពួកទុច្ចរិត ( សូមមមើល វិវរណៈ ១៤:១៤–១៦ ) ហើយ​ថា​នៅ​អំឡុង​ពេល​ច្រូតកាត់​ទី​ពីរ ពួកទុច្ចរិត​នឹង​ត្រូវ​បាន​ប្រមូលផ្តុំ ហើយ​ទីបំផុត​នឹង​ត្រូវ​បំផ្លាញ​ចោល ( សូមមើល វិវរណៈ ១៤:១៧–២០ ) ។

វិវរណៈ ១៥-១៦

យ៉ូហាន​ឃើញ​ពួកសុចរិត​នៅ​ក្នុង​នគរ​សេឡេស្ទាល ហើយ​ឃើញ​មាន​សេចក្តី​វេទនា​ចំនួន​ប្រាំពីរ​នៅ​ថ្ងៃ​ចុងក្រោយ

វិវរណៈ ១៥:២–៤ មាន​ការពិពណ៌នា​បន្ថែម​ទៀត​របស់​សាវក​យ៉ូហាន ថា​តើ​វា​នឹង​មាន​សភាព​បែប​ណា​ដល់​អស់​អ្នក​ដែល​យក​ឈ្នះ​លើ​សាតាំង ហើយ​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល ។ ខគម្ពីរ​ទាំងអស់​នៃ វិវរណៈ ១៥–១៦ មាន​ការពិពណ៌នា​អំពី​សេចក្តីវេទនា​ទាំង​ប្រាំពីរ ដែល​នឹង​ដាក់​ទោស​ដល់​ពួកទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ ។ សេចក្តីវេទនា​ទាំង​នេះ​នឹង​កើត​មាន​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

នៅក្នុង​ការនិមិត្ត​របស់​យ៉ូហាន សេចក្តីវេទនា​នីមួយៗ​ត្រូវបាន​បង្ហាញ​ដោយ​ទេវតា​មួយ​អង្គ​ចាក់ « ចានកន្ទោង » ឬ ចានគោម ដែល « ពេញ​ដោយ​សេចក្តី​ឃោរឃៅ​របស់​ព្រះ » ( វិវរណៈ ១៥:៧ ) ។ សូម​អាន​វគ្គ​បទគម្ពីរ​ដូចតទៅ​នេះ​ពី វិវរណៈ ១៦ ដោយ​រកមើល​សេចក្តីវេទនា​ទាំង​ប្រាំពីរ​នោះ ។ សូម​សរសេរ​សង្ខេបៗ​ពី​សេចក្តីវេទនា​និមួយៗ នៅ​ក្បែរ​លេខ​ត្រូវ​គ្នា​ដែល​មាន​នៅក្នុង​តារាង​ខាង​ក្រោម​នេះ ៖

សេចក្តីវេទនា​ទី ១ ៖ វិវរណៈ ១៦:២

សេចក្តីវេទនា​ទី ២ ៖ វិវរណៈ ១៦:៣

សេចក្តីវេទនា​ទី ៣ ៖ វិវរណៈ ១៦:៤

សេចក្តីវេទនា​ទី ៤ ៖ វិវរណៈ ១៦:៨–៩

សេចក្តីវេទនា​ទី ៥ ៖ វិវរណៈ ១៦:១០-១១

សេចក្តីវេទនា​ទី ៦ ៖ វិវរណៈ ១៦:១២

សេចក្តីវេទនា​ទី ៧ ៖ វិវរណៈ ១៦:១៧-២១

សូម​អាន វិវរណៈ ១៦:១៥ ដោយ​រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ឃ្លា « រក្សា​សម្លៀកបំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត » ( វិវរណៈ ១៦:១៥ ) សំដៅ​លើ​ការត្រៀម​ខ្លួន​រួចរាល់​ខាង​វិញ្ញាណ ។ អស់​អ្នក​ដែល « [ រក្សា​សម្លៀកបំពាក់​ខ្លួន ] » ហើយ​ត្រៀម​ខ្លួន​រួចរាល់​ខាង​វិញ្ញាណ នោះ​ទីបំផុត​នឹង​ពាក់​សម្លៀកបំពាក់​នៃ​សេចក្ដី​សុចរិត ដែល​បាន​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​សក្តិសម​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល វិវរណៈ ៣:៣–៥; ៧:១៣–១៧ ) ។

អ្នក​អាច​សរសេរ ឬ កត់ចំណាំ​សេចក្តីពិត​ដូច​តទៅ​នេះ​នៅក្នុង​គម្ពីរ​អ្នក​ក្បែរ វិវរណៈ ១៦:១៥ ៖ ប្រសិនបើ​យើង​មាន​ការប្រុងប្រយ័ត្ន ហើយ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​រួច​ជា​ស្រេច នោះ​យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

វា​សំខាន់​ដើម្បី​ចងចាំ​ថា ព្រះអម្ចាស់​ស្រឡាញ់​រាស្ត្រ​ទ្រង់ ហើយ​នឹង​មើល​ថែ​ពួកគេ​នៅ​ថ្ងៃ​ចុងក្រោយ ទោះបី​ជា​នៅ​កណ្តាល​នៃ​សេចក្តី​បំផ្លិចបំផ្លាញ​ដ៏​ខ្លាំងក្លា និង ចម្បាំង​ដ៏​ធំ​ក្ដី ។ យើង​គួរតែ​មាន​ការប្រុងប្រយ័ត្ន ហើយ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​រួច​ជា​ស្រេច ប្រយោជន៍​ឲ្យ​យើង​ទទួល​ការការពារ និង ពរជ័យ​ពី​ព្រះអម្ចាស់ ។ ប្រសិនបើ​អ្នក​ចង់​ដឹង​បន្ថែម​អំពី​អើម៉ាគេដូន​ដែល​បាន​លើក​ឡើង​នៅក្នុង វិវរណៈ ១៦:១៦ សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អើម៉ាគេដូន » ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ១៤-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖