បណ្ណាល័យ
មេរៀន​ទី ២០ ថ្ងៃ​ទី ៣ ៖ រ៉ូម ១–៣


មេរៀន​ទី ២០ ៖ ថ្ងៃទី ៣

រ៉ូម ១–៣

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ ឬ លិខិត​មួយ​ច្បាប់​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ។ នៅ​ក្នុង​សំបុត្រ​នោះ​លោក​បាន​ប្រកាស​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ លោក​បាន​ពន្យល់​ថា ដោយសារ​មនុស្ស​ទាំងអស់​មាន​បាប ទើប​គ្មាន​នរណា​ម្នាក់​អាច​បាន​សង្គ្រោះ​តាមរយៈ​កិច្ចការ​របស់​ខ្លួន​ឡើយ ។ ពួកគេ​ត្រូវតែ​បាន​សង្គ្រោះ​តាមរយៈ​ព្រះគុណ​នៃ​ព្រះ ដែល​មាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

បញ្ជី​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​យល់​អំពី​ពាក្យ​មួយ​ចំនួន ដែល​ប៉ុល​បាន​ប្រើ​នៅ​ក្នុង​សំបុត្រ ( លិខិត ) របស់​លោក ៖

ដំណឹងល្អ ៖ « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ត្រូវបាន​ធ្វើ​ឲ្យ​មាន​តាមរយៈដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អ​មាន​រួម​ទាំង​សេចក្ដីពិត ឬ ក្រឹត្យវិន័យ​ដ៏​អស់កល្ប​ជានិច្ច សេចក្តីសញ្ញា និង ពិធីបរិសុទ្ធ​នានា​ចាំបាច់​ដើម្បី​ឲ្យ​មនុស្ស​លោក​អាច​ចូល​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ដំណឹងល្អ » scriptures.lds.org ) ។

សេចក្តីសង្រ្គោះ ៖ « ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ផង និង ខាង​វិញ្ញាណ​ផង » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សង្គ្រោះ » scriptures.lds.org ) ។

ការរាប់ជាសុចរិត ៖ « ដើម្បី​ឲ្យ​បាន​លើកលែង​ពី​ការដាក់ទោស​ចំពោះ​អំពើបាប ហើយ​រាប់​ថា​ឥត​មាន​ទោស ។ ជន​ម្នាក់ៗ​ត្រូវបាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះគុណ​នៃ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​សេចក្ដីជំនឿ​ជឿ​ដល់​ទ្រង់ ។ សេចក្ដី​ជំនឿ​នេះ​គឺ​បាន​បង្ហាញ​ដោយសារ​ការប្រែចិត្ត និង​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​នាំ​ឲ្យ​មនុស្ស​លោក​ប្រែចិត្ត ហើយ​បាន​រាប់​ជា​សុចរិត ឬ​លើកលែង​ពី​ការដាក់ទោស​ដែល​គេ​នឹង​ត្រូវ​ទទួល » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការរាប់​ជា​សុចរិត រាប់​ជា​សុចរិត » scriptures.lds.org ) ។

សេចក្ដី​ជំនឿ ៖ « ដូចជា​យក​មក​ប្រើ​ជា​ច្រើន​លើក​ច្រើន​ដង​នៅ​ក្នុង​គម្ពីរ សេចក្តីជំនឿ​គឺ​ជា​សេចក្ដី​ទុកចិត្ត និង ទីទុកចិត្ត​ដល់​ព្រះយេស៊ូវគ្រីស្ទ​ដែល​នាំ​ជន​ណា​ម្នាក់​ឲ្យ​គោរព​តាម​ទ្រង់ ។ សេចក្តីជំនឿ​ត្រូវតែ​ពឹងពាក់​ដល់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​បាន​នាំ​ជន​ណា​ម្នាក់​ទៅ​រក​សេចក្ដី​សង្គ្រោះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តីជំនឿ » scriptures.lds.org ) ។

សេចក្ដី​លួងចិត្ត ៖ សេចក្ដី​លួងចិត្ត ( ស្ដារ ឬ ធ្វើ​ឲ្យ​ត្រូវ​ឡើង​វិញ ) ដង្វាយធួន ( « គឺ​ដូច​ដែល​បាន​ប្រើ​ក្នុង​គម្ពីរ ដើម្បី​ធ្វើ​ឲ្យ​ធួន​គឺ​ដើម្បី​រង​ទណ្ឌកម្ម​ចំពោះ​អំពើបាប​ណា​មួយ ដើម្បី​ដោះបាប​ចេញ​ពី​អ្នក​មាន​បាប​ណា​ដែល​បាន​ប្រែចិត្ត ហើយ​អនុញ្ញាត​ឲ្យ​គេ​បាន​ធួន​នឹង​ព្រះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​តែ​មួយ​អង្គ ដែល​មាន​សមត្ថភាព​នឹង​ថ្វាយ​ដង្វាយធួន​ដ៏​ល្អ​ឥតខ្ចោះ​ជំនួស​មនុស្ស​គ្រប់​រូប » [ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ធ្វើឲ្យធួន ដង្វាយធួន » scriptures.lds.org ] ) ។

ព្រះ​គុណ ៖ « ជា​អំណាច​ផ្ដល់​ពី​ព្រះ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រុស​ស្រី​បាន​ទទួល​ព្រះ​ពរ​នៅ​ក្នុង​ជីវិត​នេះ ហើយ​បាន​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ភាព​ថ្កើងថ្កាន​ឡើង បន្ទាប់​ពី​គេ​បាន​អនុវត្ត​សេចក្ដី​ជំនឿ ប្រែ​ចិត្ត ហើយ​ខិតខំ​អស់​ពី​សមត្ថ​ភាព ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ ។ ជំនួយ និង​កម្លាំង​ពី​ព្រះ បាន​ត្រូវ​ប្រទាន​ឲ្យ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ។ មនុស្ស​លោក​គ្រប់​រូប​ត្រូវការ​ព្រះ​គុណ​ពី​ព្រះ ពី​ព្រោះ​ការ​ធ្លាក់​នៃ​លោក​អ័ដាម ហើយ​ព្រម​ទាំង​ពី​ព្រោះ​សេចក្ដី​ទន់ខ្សោយ​របស់​មនុស្ស​ដែរ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគុណ » scriptures.lds.org ) ។

កិច្ចការ ៖ « ជា​កិច្ចការ​របស់​ជន​ម្នាក់ ទោះ​ជា​ល្អ ឬ​អាក្រក់​ក្ដី ។ ជន​គ្រប់​រូប​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ តាម​ការប្រព្រឹត្ត​ទាំងឡាយ​របស់​ខ្លួន » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កិច្ចការ » scriptures.lds.org ) ។

ក្រឹត្យវិន័យ ៖ « ជា​បញ្ញត្តិ ឬ​ច្បាប់​ទាំងឡាយ​នៃ​ព្រះ​ដែល​ព្រះពរ និង​ទោស​ទាំងអស់​ផ្អែក​ទៅ​លើ នៅ​លើ​ស្ថានសួគ៌ ព្រមទាំង​នៅ​លើ​ផែនដី​ផង ។ អស់​អ្នក​ណា​ដែល​គោរព​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ នោះ​នឹង​បាន​ទទួល​ព្រះ​ពរ ដែល​បាន​សន្យា​ទុក ។ …

« ក្រឹត្យវិន័យ​លោក​ម៉ូសេ [ ឬ​ជា​ធម្មតា ‹ ក្រឹត្យវិន័យ › ដូច​បាន​ប្រើ​ដោយ​ប៉ុល ] គឺ​ជា​ក្រឹត្យវិន័យ​ដែល​បាន​រៀបចំ​ទុក ដើម្បី​នាំ​មនុស្ស​ប្រុស​ស្រី​មក​ឯ​ព្រះ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ក្រឹត្យវិន័យ » scriptures.lds.org ) ។

រ៉ូម ១:១–១៧

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ

អែលឌើរ ឡារី អ៊ីកូ ហក នៃ​ពួក​ចិតសិប​នាក់​បាន​ចែកចាយ​បទពិសោធន៍​មួយ​ដែល​លោក​មាន​កាល​នៅ​ជា​យុវជន បន្ទាប់​ពី​បាន​ចូល​បម្រើ​ទ័ព​ម៉ារីន​អាមេរិក ៖

រូបភាព
អែលឌើរ ឡារី អ៊ីកូ ហក

ខ្ញុំ​បាន​ជួប​គ្រូបង្វឹក​របស់​ខ្ញុំ ដែល​ជា​ទាហាន​ជើង​ចាស់​ម្នាក់ ពេល​ដែល​គាត់​ធាក់​បើក​ទ្វារ​ចូលមក​បន្ទាយ​ទាំង​ស្រែក​ពោល​ពាក្យ​អាសគ្រាម​ផង ។

បន្ទាប់ពី​ការណែនាំ​ខ្លួន​ដ៏​រន្ធត់​នេះ គាត់​បាន​ចាប់ផ្ដើម​ពី​ចុង​ម្ខាង​នៃ​បន្ទាយ ហើយ​សួរ​ទាហាន​ថ្មី​ម្នាក់ៗ​ប្រទល់​មុខ ។ ដោយ​គ្មាន​ការលើកលែង​នោះ គ្រូបង្វឹក​ព្យាយាម​ស្វែងរក​អ្វី​មួយ​ពី​ទាហាន​ថ្មី​ម្នាក់ៗ​ដើម្បី​ចំអក​ឲ្យ​ដោយ​ប្រើ​ភាសា​គ្រោតគ្រាត​ខ្លាំងៗ ។ គាត់​បាន​ដើរ​ចូល​តាម​ជួរ ដោយ​ទ័ព​ជើង​ទឹក​ម្នាក់ៗ​ស្រែក​ឆ្លើយ​នឹង​សំណួរ ដូច​ដែល​បាន​បញ្ជា ៖ ‹ បាទ › ឬ ‹ ទេ លោក​ពលបាល​ត្រី › ។ ខ្ញុំ​មិន​អាច​មើល​ឃើញ​ថា​គាត់​បាន​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​យើង​ត្រូវបាន​បញ្ជា​ឲ្យ​ឈរ​ដោយ​សម្លឹង​មើល​ទៅ​មុខ​ត្រង់ ។ ពេល​ដល់​វេន​ខ្ញុំ ខ្ញុំ​អាច​ប្រាប់​បាន​ថា គាត់​បាន​កញ្ឆក់​កាបូប​ស្ពាយ​របស់​ខ្ញុំ ហើយ​ចាក់​ឥវ៉ាន់​ចេញ​ទៅ​លើ​ពូក​នៅ​ពី​ក្រោយ​ខ្ញុំ ។ គាត់​បាន​មើល​របស់​របរ​ខ្ញុំ បន្ទាប់​មក​ដើរ​ត្រឡប់​មក​ខាង​មុខ​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​របស់​គាត់ ។ នៅ​ក្នុង​ដៃ​របស់​គាត់​គឺ​ជា​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ » ( « Come unto Me, O Ye House of Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​អែលឌើរ អ៊ីកូ ហក ?

    2. តើ​អ្នក​គិត​ថា គ្រូបង្វឹក​នោះ​បាន​ធ្វើ​អ្វី ?

    3. តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ថា​ជំនឿ​របស់​អ្នក​ត្រូវ​គេ​ចំអក​ដែរ​ឬ​ទេ ? ប្រសិនបើ​អ្នក​ធ្លាប់ តើ​វា​ជា​កាលៈទេសៈ​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា រ៉ូម ១ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក នៅ​ពេល​អ្នក​ជួប​ប្រទះ​នឹង​ការចំអក ឬ សេចក្តីបៀតបៀន​លើ​ជំនឿ និង បទដ្ឋាន​របស់​អ្នក ។

គម្ពីរ​រ៉ូម​គឺ​ជា​សំបុត្រ ឬ លិខិត​មួយ​ច្បាប់​ដែល​សាវក​ប៉ុល បាន​សរសេរ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម​នៅ​ពេល​លោក​ហៀប​នឹង​បញ្ចប់​បេសកកម្ម​របស់​លោក ។ លោក​បាន​សរសេរ​សំបុត្រ​នោះ​ដើម្បី​រៀបចំ​ពួកគេ​នៅ​ពេល​លោក​ត្រឡប់​ទៅ​ជួប​ពេកគេ​វិញ ដើម្បី​បញ្ជាក់ ហើយ​គាំទ្រ​សេចក្ដី​បង្រៀន​ទាំងឡាយ​របស់​លោក និង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មាន​សាមគ្គីភាព​រវាង​សមាជិក​សាសន៍​យូដា និង សមាជិក​សាសន៍​ដទៃ​ក្នុង​សាសនាចក្រ ។ រ៉ូម—គឺ​ជា​ទីក្រុង​ធំ​នៃ​ចក្រភព​រ៉ូម—ដែល​ពោរពេញ​ទៅ​ដោយ​ទស្សនវិជ្ជា​ខាង​លោកិយ ហើយ​ជា​ទីកន្លែង​មួយ​ដែល​មាន​ការលំបាក​ក្នុង​ការប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ក្នុង រ៉ូម ១:១–១៤ យើង​អាន​អំពី​របៀប​ដែល​ប៉ុល​បាន​ចាប់ផ្ដើម​សរសេរ​សំបុត្រ​របស់​លោក ដោយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្ហាញ​សេចក្ដី​សង្ឃឹម និង បំណងប្រាថ្នា​របស់​លោក​ដើម្បី​ទៅ​ជួប​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ។

សូម​អាន រ៉ូម ១:១៥–១៧ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​រ៉ូម អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ ដល់​អស់​អ្នក​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ដល់​ការគូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​នេះ​នៅ​ក្នុង រ៉ូម ១:១៥–១៧ ។

ដំណឹងល្អ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​បាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ផង និង ខាង​វិញ្ញាណ​ផង ហើយ​ត្រឡប់​ទៅ​ឯ​វត្តមាន​នៃ​ព្រះ​វិញ ។ យើង​ត្រូវតែ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​សង្គ្រោះ ព្រោះ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​ដែល​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​កើត​មាន ។

« ចំពោះ ប៉ុល សេចក្តីជំនឿ [ និង​ការជឿ ] លើ​ព្រះយេស៊ូវគ្រីស្ទ​ពុំ​គ្រាន់តែ​ជា​សេចក្ដី​ព្រមព្រៀង​ជាមួយ​នឹង​គំនិត​ដែល​យល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​អស់​ពី​ដួងចិត្ត ហើយ​ទុកចិត្ត​លើ​ទ្រង់​ថា​ជា​ព្រះ​មួយ​អង្គ​ដែល​បាន​ប្រទាន​អង្គ​ទ្រង់​ធ្វើ​ដង្វាយធួន​ជំនួស​អំពើបាប​របស់​យើង ។ សេចក្ដី​ទុកចិត្ត​ដ៏​ខ្លាំង​បែប​នេះ​ដឹកនាំ​ទៅ​រក​ជីវិត​នៃ​ភាពស្មោះត្រង់ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការប្រែចិត្ត​ពី​អំពើបាប ការទទួល​ពិធីបុណ្យជ្រមុជទឹក និង​ការព្យាយាម​រស់នៅ​តាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ( សូមមើល កិច្ចការ ១៦:៣០–៣៣; រ៉ូម ៦:១–១១; កូរិនថូស ទី១ ៦:៩–១១ ) ។ ‹ សេចក្តីជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ … ត្រូវបាន​បើក​សម្ដែង​នៅ​ក្នុង​ជីវិត​ដែល​គោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ និង ការបម្រើ​ដល់​ព្រះគ្រីស្ទ › ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សង្គ្រោះ » scriptures.lds.org ) » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤] ទំព័រ ៣៣៤ ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រក​ឃើញ​ចេញ​ពី រ៉ូម ១:១៦ គឺ​ថា នៅ​ពេល​យើង​បង្កើន​ទីបន្ទាល់​ថា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​អំណាច​ដើម្បី​សង្គ្រោះ​យើង​ម្នាក់ៗ នោះ​យើង​នឹង​គ្មាន​ភាពអាម៉ាស់​ក្នុង​ការចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ការបង្កើន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​អ្នក​មាន​ភាពក្លាហាន​ដែល​យើង​ត្រូវការ​ដើម្បី​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ ?

សូម​អាន​បន្ថែម​អំពី​បទពិសោធន៍​របស់​អែលឌើរ អ៊ីកូ ហក ជាមួយ​គ្រូ​បង្វឹក ៖

« ខ្ញុំ​បាន​គិត​ថា​គាត់​នឹង​ស្រែក​ដាក់​ខ្ញុំ តែ​ផ្ទុយទៅវិញ គាត់​បាន​ខិត​មក​ជិត​ខ្ញុំ ហើយ​ខ្សឹប​ថា ‹ តើ​ឯង​ជា​ពួក​មរមន​ឬ ? ›

« ដូច​ដែល​បាន​បញ្ជា នោះ​ខ្ញុំ​បាន​ស្រែក​ថា ‹ បាទ ! លោក​ពលបាល​ត្រី › ។

« ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​បាន​គិត​ថា​មាន​រឿង​ដ៏​អាក្រក់​បំផុត​នឹង​កើតឡើង ។ ផ្ទុយទៅវិញ គាត់​បាន​ឈប់​មួយ​សន្ទុះ ហើយ​លើក​ដៃ​គាត់​ដែល​កាន់​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ​នោះ ហើយ​បាន​និយាយ​ដោយ​សំឡេង​តិចៗ​ថា ‹ តើ​ឯង​ជឿ​លើ​ព្រះគម្ពីរ​នេះ​ទេ ? ›

« ខ្ញុំ​បាន​ស្រែក​ឆ្លើយ​ម្ដង​ទៀត​ថា ‹ បាទ ! លោក​ពលបាល​ត្រី › ។

« មក​ដល់​ត្រឹម​នេះ ខ្ញុំ​ប្រាកដ​ណាស់​ថា​គាត់​នឹង​ស្រែក​បង្អាប់​ដល់​ពួកមរមន និង ព្រះគម្ពីរ​មរមន តែ​គាត់​គ្រាន់តែ​ឈរ​នៅ​ទីនោះ​ដោយ​មិន​និយាយ​ស្ដី ។ មួយ​ស្របក់​ក្រោយមក គាត់​បាន​ដើរ​ត្រឡប់​ទៅ​គ្រែ​ខ្ញុំ​វិញ ហើយ​បាន​ដាក់​ព្រះគម្ពីរ​មរមន​ខ្ញុំ​ចុះ​ដោយ​ប្រុងប្រយ័ត្ន ។ បន្ទាប់មក គាត់​បាន​ដើរ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​បន្ត​ចំអក និង​បង្អាប់​ដោយ​ភាសា​អាសគ្រាម​ទៅ​ទាហាន​ថ្មីៗ​ទៀត » ( « Come Unto Me, O Ye House of Israel » ទំព័រ ៣២ ) ។

សូម​គិត​ដល់​របៀប​ដែល​ចម្លើយ​របស់​អែលឌើរ អ៊ីកូ ហក ថា​ជា​គំរូ​មួយ​ដ៏​ប្រពៃ​នៃ​គោលការណ៍​ដែល​មាន​បង្រៀន​នៅ​ក្នុង រ៉ូម ១:១៦ ។

រូបភាព
អែលឌើរ ឡារី អ៊ីកូ ហក

សូម​អាន​សេចក្ដី​ថ្លែងការណ៍​បញ្ចប់​របស់​អែលឌើរ អ៊ីកូ ហក ៖ « ជា​ញឹកញាប់ ខ្ញុំ​តែង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ពលបាលត្រី​ទ័ព​ម៉ារីន​ដ៏​កាច​នោះ បាន​លើកលែង​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​អាច​ថ្លែង​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ‹ បាទ​លោក ខ្ញុំ​គឺ​ជា​សមាជិក​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ › ហើយ​ថា ‹ បាទ​លោក ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត › ។ ទីបន្ទាល់​នេះ​គឺ​ជា​អំណោយ​ដ៏​វិសេសវិសាល ដែល​បាន​ប្រទាន​ដល់​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Come Unto Me, O Ye House of Israel » ទំព័រ ៣២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​បាន​បង្ហាញ​ភាពក្លាហាន ហើយ​គ្មាន​ការអៀនខ្មាស់​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​អ្នក​មាន​ទីបន្ទាល់​យ៉ាង​ដូចម្ដេច អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

    3. តើ​មាន​វិធី​ណា​ខ្លះ ដែល​អ្នក​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ ? តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ឲ្យ​កាន់តែ​រឹងមាំ ? សូម​សរសេរ​គោលដៅ​មួយ​ដែល​អ្នក​អាច​ធ្វើ​នៅ​សប្ដាហ៍​នេះ ដែល​នឹង​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ។

រ៉ូម ១:១៨–៣:២៣

គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ

នៅ​អំឡុង​គ្រា​របស់​ប៉ុល គ្រិស្តបរិស័ទ​សាសន៍​ដទៃ​បាន​ព្យាយាម​ដោះសារ​ពី​ឥរិយាបថ​អសីលធម៌ ឬ មាន​បាប ដោយ​លើក​ឡើង​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ព្រងើយ​កន្តើយ​នឹង​សេចក្ដី​យុត្តិធម៌​ដ៏​ឥតខ្ចោះ​របស់​ព្រះ ។ លើស​ពី​នេះ​ទៅ​ទៀត គ្រិស្តបរិស័ទ​សាសន៍​យូដា​មួយ​ចំនួន​នៅ​តែ​ជឿ​ថា ការធ្វើតាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​គឺ​ចាំបាច់​ដើម្បី​បាន​សេចក្ដី​សង្គ្រោះ ។ សាវក​ប៉ុល​បាន​ព្យាយាម​កែប្រែ​ការភាន់ច្រឡំ​ទាំង​ពីរ​នេះ ។

សូម​អាន រ៉ូម ១:២២–៣១ ដោយ​ស្វែងរក​អំពើបាប​ដែល​ពួក​សាសន៍​ដទៃ​បាន​ប្រព្រឹត្ត ។

នៅ​ក្នុង រ៉ូម ១:២៥ តើ​អ្នក​គិត​ថា ការកោតខ្លាច ហើយ​គោរព​បូជា​ដល់ « របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ » មាន​ន័យ​ដូចម្ដេច ?

ឃ្លា​ដូចជា « ផ្លាស់ប្រែ​ទំនៀមទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា » នៅ​ក្នុង រ៉ូម ១:២៦ និង « លះ​ចោល​ទំនៀមទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ » នៅ​ក្នុង រ៉ូម ១:២៧ សំដៅ​ទៅ​លើ​អាកប្បកិរិយា​ស្រីៗ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​គោលជំហ​របស់​សាសនាចក្រ​ទៅ​លើ​ស្រីៗ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ៖

« អាកប្បកិរិយា​មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង​ស្រីៗ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា គឺ​ជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ចំណាប់​អារម្មណ៍​លើ​ភេទ​ដូចគ្នា ឬ អ្នក​កំពុងតែ​ត្រូវបាន​ល្បួង​ឲ្យ​ចូលរួម​នៅ​ក្នុង​អាកប្បកិរិយា​មិន​សមរម្យ ចូរ​ស្វែងរក​ការប្រឹក្សា​ពី​ឪពុក​ម្តាយ និង ប៊ីស្សព​របស់​អ្នក ។ ពួកគាត់​នឹង​ជួយ​អ្នក » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ​ឆ្នាំ ២០១១ ] ទំព័រ ៣៦ ) ។

« ការប្រព្រឹត្ត​រួម​ភេទ​ដូចគ្នា … គឺ​ផ្ទុយទៅនឹង​គោលបំណង​នៃ​ជីវិត​ផ្លូវ​ភេទ​របស់​មនុស្ស​លោក ( សូម​មើល រ៉ូម ១:២៤–៣២ ) ។ វា​បំភាន់​ទំនាក់ទំនង​ស្នេហា ហើយ​រារាំង​មនុស្ស​ពី​ការទទួលបាន​ពរជ័យ ដែល​អាច​រកឃើញ​នៅ​ក្នុង​ជីវិត​គ្រួសារ និង​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​ការសង្រ្គោះ​នៃ​ដំណឹងល្អ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារយោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៣២ ) ។

« គោលជំហ​ខាង​គោលលទ្ធិ​របស់​សាសនាចក្រ​គឺ​ច្បាស់លាស់ ៖ ការប្រព្រឹត្ត​ខាង​ផ្លូវ​ភេទ គប្បី​កើត​មាន​តែ​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ហើយ​តែ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ប្រើប្រាស់​វា​ជា​ហេតុផល​ចំពោះ​អំពើ​ទុច្ចរិត​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​យើង​ដើរតាម បាន​ដាក់​ទោស​យ៉ាង​ច្បាស់​ចំពោះ​រឿង​អសីលធម៌​ខាង​ផ្លូវ​ភេទ ប៉ុន្តែ​មិន​ឃោរឃៅ​នោះ​ទេ ។ ព្រះទ័យ​របស់​ទ្រង់​តែងតែ​លើក​តម្កើង​បុគ្គល​ម្នាក់ៗ ពុំ​ដែល​ទាញ​ទម្លាក់​ចុះ​ឡើយ ។ …

« សាសនាចក្រ​បាន​បង្ហាញ​អំពី​លក្ខណៈ​ខុស​គ្នា​រវាង​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង អាកប្បកិរិយា​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ខណៈ​ដែល​មាន​អារម្មណ៍ និង ទំនោរចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា នោះ​ពុំ​មែន​ជា​អំពើបាប​ទេ តែ​ការចូលរួម​ក្នុង​ទង្វើ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ទេ​តើ ទើប​ខុស​នឹង ‹ គោលការណ៍​ខាង​គោលលទ្ធិ ដែល​ផ្អែក​លើ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ … ថា​អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺ​ចាំបាច់​ចំពោះ​ផែនការ​នៃ​អង្គ​ដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ › [ ‹ សេចក្ដី​ថ្លែងការណ៍​របស់​គណៈ​ប្រធាន​ទី​មួយ​ស្ដីពី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា › ] » ( « Same-Sex Attraction » topics.lds.org ) ។

ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​យើង​ដែល​ត្រូវ​យល់​អំពី​សេចក្ដី​បង្រៀន​របស់​ពួក​ព្យាការី​នៃ​ព្រះអម្ចាស់ និង​ពួក​សាវក​អំពី​អាកប្បកិរិយា​មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង​ស្រីៗ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ?

នៅ​ក្នុង រ៉ូម ២:១–៣:៨ ប៉ុល​បាន​បង្រៀន​ថា មនុស្ស​ទាំងអស់​នឹង​ត្រូវបាន​ជំនុំជម្រះ​ស្រប​តាម​កិច្ចការ​របស់​ខ្លួន ហើយ​លោក​បាន​បង្ហាញ​ថា​ភាពទុច្ចរិត​របស់​ពួក​សាសន៍​យូដា​កើត​ចេញ​មក​ពី​ការរស់នៅ​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​តែ​ពី​សំបក​ក្រៅ មិនមែន​ពី​ក្នុង​ចិត្ត​នោះ​ទេ ។

សូម​អាន រ៉ូម ៣:៩–១២, ២៣ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​និយាយ​អំពី​នរណា ដែល​នឹង​រង​ឥទ្ធិពល​ដោយ​អំពើបាប ។

សូម​គិត​ដល់​ការគូសចំណាំ​នៅ​ក្នុង ខទី ២៣ នូវ​ឥទ្ធិពល​ដែល​អំពើបាប​របស់​យើង​មាន​មក​លើ​យើង ។

សេចក្តីពិត​មួយ​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​គឺ​ថា មនុស្ស​ដែល​ដឹង​ខុសត្រូវ​ទាំងអស់​ប្រព្រឹត្ត​បាប ហើយ​ត្រូវការ​ការអភ័យទោស​បាប​ពី​ព្រះ ។ តើ​សេចក្ដីពិត​នេះ​ជួយ​យើង​យល់​កាន់តែ​ច្បាស់ អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​បន្ត​សិក្សា រ៉ូម ៣ សូម​ស្វែងរក​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន​ថា ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​យើង​ចេញ​ពី​ស្ថានភាព​ពេញ​ដោយ​អំពើបាប ។

រ៉ូម ៣:២៤–៣១

មនុស្ស​លោក​ទាំងអស់​អាច​បាន​រាប់​ជា​សុចរិត តាមរយៈ​ការទទួលយក​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដោយ​ស្មោះត្រង់ ។

បន្ទាប់​ពី​បាន​ពន្យល់​ថា យើង​ទាំងអស់​គ្នា​ប្រព្រឹត្ត​បាប ហេតុដូច្នេះហើយ​យើង​ត្រូវ​ទទួល​ទោស​នៅ​ចំពោះ​ព្រះ ដោយសារ​ទ្រង់​ពុំ​ព្រម​ទទួល​ស្គាល់​អំពើបាប​ឡើយ នៅ​ក្នុង រ៉ូម ៣:២៤–៣១ សាវក​ប៉ុល​បាន​បង្រៀន​អំពី​របៀប​ដែល​លក្ខខណ្ឌ​នោះ អាច​យក​ឈ្នះ​បាន​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​យល់​ខគម្ពីរ​ទាំងនេះ អ្នក​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ​ខាង​ក្រោម​នេះ ៖ បាន​រាប់​ជា​សុចរិត មាន​ន័យ​ថា បាន​ទទួល​ការអភ័យទោស​ពី​ទោស​នៃ​អំពើបាប ហើយ​ប្រកាស​ថា​គ្មាន​ទោស ព្រះគុណ គឺ​ជា​មធ្យោបាយ​ដ៏​ទេវភាព​នៃ​ជំនួយ ឬ ភាពរឹងមាំ​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​ស្រឡាញ់​របស់​ព្រះ រីឯទី​សន្តោស​ប្រោស មាន​ន័យ​ថា ដង្វាយធួន ។

សូម​អាន រ៉ូម ៣:២៤–២៦ ដោយ​ដាក់​ជំនួស​ពាក្យ​ទាំង​នោះ​ជាមួយ​នឹង​និយមន័យ​ដែល​បាន​ផ្ដល់​ឲ្យ​ខាង​លើ ។ អ្នក​អាច​ចង់​គូសចំណាំ​នៅ​ក្នុង រ៉ូម ៣:២៤ អំពី​របៀប​ដែល​យើង​បាន​រាប់​ជា​សុចរិត ឬ ប្រកាស​ថា​មាន​ភាពសក្ដិសម​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ លើ រ៉ូម ៣:២៤ ផ្លាស់ប្ដូរ​ពាក្យ ទទេ ទៅ​ជា មានតែ ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ រ៉ូម ៣:២៤ [ នៅ​ក្នុង រ៉ូម ៣:២៤ លេខ​យោង a ] ) ។ ទោះជា​កិច្ចការ​ល្អ​របស់​យើង​ជួយ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​យើង​ពុំ​អាច​បាន ឬ សម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​កិច្ចការ​ទាំងនោះ​ដែរ ព្រោះ​ដូច ប៉ុល បាន​បង្រៀន​នៅ​ក្នុង រ៉ូម ៣:២៣ ថា​ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សេចក្ដី​សង្គ្រោះ ។ មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ—ភាពរឹងមាំ និង ព្រះចេស្តា​ដែល​អាច​ធ្វើ​ឲ្យ​អ្វីៗ​កើតឡើង​បាន​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ​—ទើប​យើង​អាច​បាន​សង្គ្រោះ ។

សូម​កត់ចំណាំ​នៅ​ក្នុង រ៉ូម ៣:២៥–២៦ ដែល​ថា​មនុស្ស​ដែល​ជឿ ហើយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ​នៃ​ព្រះ ។ សូម​ចងចាំ​ថា ពាក្យ ជំនឿ និង សេចក្ដី​ជំនឿ មាន​ន័យ​ថា ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​អស់​ពី​ដួងចិត្ត ដែល​នាំ​បុគ្គល​ម្នាក់​ឲ្យ​ក្លាយ​ជា​សមាជិក​ក្នុង​សាសនាចក្រ​ទ្រង់ ដោយ​មាន​ឆន្ទៈ​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ ហើយ​គោរព​តាម​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​អាច​រៀន​គោលការណ៍​ដូច​តទៅ​នេះ ៖ តាមរយៈ​ការទទួលយក​ដោយ​ស្មោះត្រង់​នូវ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​លោក​ទាំងអស់​អាច​បាន​រាប់​ជា​សុចរិត ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។

សូម​ពិចារណា​អំពី​តម្រូវការ​របស់​អ្នក​ដែល​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ សូម​សរសេរ​មធ្យោបាយ​មួយ​ចំនួន ដែល​អ្នក​អាច​បង្ហាញ​ការទទួល​យក​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះត្រង់ ៖

សូម​គិត​ដល់​ការចែកចាយ​អារម្មណ៍ និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ជាមួយ​មនុស្ស​ម្នាក់​ដែល​គាត់​អាច​ទទួលបាន​ប្រយោជន៍​ពី​ការស្ដាប់​អំពី​ព្រះអង្គ​សង្គ្រោះ ។

នៅ​ក្នុង រ៉ូម ៣:២៧–៣១ ប៉ុល​បាន​គូសសម្គាល់​ម្ដង​ទៀត​ថា ទាំង​ពួក​សាសន៍​យូដា និង​សាសន៍​ដទៃ ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ការងាក​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សេចក្ដី​ជំនឿ នោះ​ពួកគេ​បំពេញ ឬ « តាំង​ក្រឹត្យវិន័យ » លោក​ម៉ូសេ​ឲ្យ​កាន់តែ​មាំមួន​ឡើង​វិញ ( រ៉ូម ៣:៣១ ) ដែល​តម្រង់​ឆ្ពោះ​ទៅ​រក​ព្រះគ្រីស្ទ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា រ៉ូម ១–៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖