បណ្ណាល័យ
សេចក្តីណែនាំ​ស្តីពី​គម្ពីរ​ទីតុស


សេចក្តីណែនាំ​ស្តីពី​គម្ពីរ ទីតុស

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ដូចជា​សំបុត្រ​របស់​លោក​ទៅ​កាន់​ធីម៉ូថេ​ដែរ សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ទីតុស​មាន​នូវ​ដំបូន្មាន​បន្តបន្ទាប់​ពី​សាវក​ប៉ុល​ទៅ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ។ ប៉ុល​បាន​សរសេរ​ថា « សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ត្រូវ​បាន​សន្យា​ទុក​ជា​ដំបូង​ដោយ​ព្រះ​នៅ​ជីវិត​មុន​កើត​លើ​ផែនដី « មុន​អស់​ទាំងកល្ប » ( ទីតុស ១:២ ) ។ លោក​បាន​បង្រៀន​ថា ពួក​បរិសុទ្ធ​គួរតែ​ទន្ទឹង​រង់ចាំ « សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ » នៃ​ភាពតម្កើងឡើង និង ការយាង​មក​ជា​លើក​ទី​ពីរ ( ទីតុស ២:១៣ ) ។ ប៉ុល​ក៏​បាន​សរសេរ​អំពី « ការសម្អាត​នៃ​សេចក្តី​កើត​ជា​ថ្មី » និង « ការប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( ទីតុស ៣:៥ ) ដោយ​សំដៅ​ទៅ​លើ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក និង ឥទ្ធិពល​បន្សុទ្ធ​នៃ​ការទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ទាំង​ពីរ​ដែល​ជា​ពិធី​រៀបចំ​ខ្លួន​ដើម្បី « បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ទីតុស ៣:៧ ) ។ តាមរយៈ​ការសិក្សា​ដំបូន្មាន​ដ៏​បំផុសគំនិត​របស់​ប៉ុល​ទៅ​ដល់​ទីតុស អ្នក​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​ថា គោលលទ្ធិ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

គម្ពីរ​ទីតុស​ត្រូវបាន​សរសេរ​ដោយ​ប៉ុល ( សូម​មើល ទីតុស ១:១ )

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​ប្រហែលជា​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ទៅ​ទីតុស​នៅ​ចន្លោះ​ពេល​ដែល​លោក​សរសេរ​ធីម៉ូថេ ទី១ និង ទី២ ប្រមាណ​ឆ្នាំ ៦៤–៦៥ នៃ គ.ស. ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ទៅ​ទីតុស បន្ទាប់​ពី​ការជាប់​ឃុំ​របស់​លោក​នៅ​ក្រុង​រ៉ូម ។ លោក​មិន​បាន​កត់ត្រា​ទីកន្លែង​របស់​លោក នៅ​ពេល​លោក​សរសេរ​គម្ពីរ​នេះ​ឡើយ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​មួយ​ច្បាប់​នេះ​ត្រូវ​បាន​សរសេរ​ដោយ​ប៉ុល​ទៅ​ទីតុស ដែល​ប៉ុល​បាន​ចាត់​ទុក​ថា « ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ​ដែល​យើង​កាន់​ជា​មួយ​គ្នា » ( ទីតុស ១:៤ ) ។ ទីតុស​គឺ​ជា​សាសន៍​ក្រេក ( សូម​មើល កាឡាទី ២:៣ ) ហើយ​លោក​បាន​ប្រែចិត្តជឿ​លើដំណឹងល្អ​ដោយសារ​ប៉ុល ( សូម​មើល Bible Dictionary « Titus » ) ។ បន្ទាប់​ពី​លោក​បាន​ប្រែចិត្តជឿ ទីតុស​បាន​ធ្វើការ​ជាមួយ​ប៉ុល​ក្នុង​ការផ្សាយ​ដំណឹងល្អ ហើយ​ស្ថាបនា​សាសនាចក្រ ( សូម​មើល Bible Dictionary « Titus » ) ។ លោក​បាន​ជួយ​រៃ​អង្គាសដើម្បី​ជួយ​ជនក្រីក្រ​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល កូរិនថូស ទី២ ៨:៦, ១៦–២៣ ) ហើយ​លោក​ក៏​បាន​អម​ដំណើរ​ជាមួយ​ប៉ុល​ទៅ​ចូលរួម​ក្រុម​ប្រឹក្សា​នៅ​ក្រុង​យេរូសាឡិម​ដែរ ( សូម​មើល កាឡាទី ២:១ ) ។ ប៉ុល​បាន​ទុកចិត្ត​ឲ្យ​ទីតុស​នាំ​យក​សំបុត្រ​ទីមួយ​របស់​លោក​ទៅ​ឲ្យ​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្រុង​កូរិនថូស ( សូម​មើល កូរិនថូស ទី២ ៧:៥–១៥ ) ។ លោក​បាន​សរសេរ​ទៅ​ទីតុស​ដើម្បី​ពង្រឹង​គាត់​នៅ​ក្នុង​កិច្ចការ​ដឹកនាំ ហើយ​មើល​ថែ​សាខា​សាសនាចក្រ​នៅ​កោះ​ក្រេត​ ទោះជា​មាន​ការប្រឆាំង​យ៉ាង​ណា​ក្ដី ( សូម​មើល ទីតុស ១:៥, ១០–១១, ២:១៥; ៣:១០ ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅ​ក្នុង​គម្ពីរ​នេះ ?

សំបុត្រ​នេះ​គឺ​ជា​សំបុត្រផ្ញើ​ជូន​គ្រូគង្វាល ( ជូន​ដល់​គ្រូគង្វាល ឬ អ្នក​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ ) ជា​មួយ​នឹង​ធីម៉ូថេ ទី១ និង ទី២ ( សូម​មើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ សំបុត្រ​ទីតុស​បង្ហាញ​ភស្ដុតាង​ដំបូង​បង្អស់​ថា សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​លើ​កោះ​ក្រេត​នៃ​ប្រទេស​ក្រេក​លើ​សមុទ្រ​មេឌីទែរ៉ាណេ ( សូម​មើល ទីតុស ១:៥ ) ។ ទីតុស​មាន​ការទទួលខុសត្រូវ​លើ​ការហៅ​របស់​លោក​ជា​ប៊ីស្សព​ថ្មី​នៅ​លើ​កោះ​នោះ ។ ប៉ុល​បាន​រាយ​រ៉ាប់​ភាពសក្ដិសម​ខាង​វិញ្ញាណ​របស់​ប៊ីស្សព ( សូម​មើល ទីតុស ១:៦–៩ ) ។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​ផ្ដល់​ដំបូន្មាន​ជាក់លាក់​ដល់​បុរស ស្ត្រី និង បាវបម្រើ អំពី​អាកប្បកិរិយា​សមរម្យ​នៃ​ពួក​បរិសុទ្ធ ( សូម​មើល ទីតុស ២:២–១០ ) ។

គម្រោង​មេរៀន

ទីតុស ១ ។ ប៉ុល​ណែនាំ​ទីតុស​ឲ្យ​តែងតាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ហើយ​រាយរ៉ាប់ពី​ភាពសក្ដិសម​ខាង​វិញ្ញាណ​របស់​ប៊ីស្សព ។ លោក​ណែនាំ​ទីតុស​ឲ្យ​កែតម្រូវ​ការខ្វែងគំនិត ហើយ​បន្ទោស​ដល់​គ្រូបង្រៀន​ខុសឆ្គង​ដែល « ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ » ( ទីតុស ១:១៦ ) ។

ទីតុស ២ ។ ប៉ុល​លើក​ទឹកចិត្ត​ទីតុស​ឲ្យ​ណែនាំ​សមាជិក​ដែល​មាន​វ័យ​ចំណាស់​ឲ្យ​ធ្វើ​គំរូ​ដល់​ពួក​បរិសុទ្ធ​មាន​វ័យ​ក្មេង ។ លោក​ក៏​ស្នើ​ឲ្យ​ទីតុស​បង្រៀន​ពួក​បាវ​បម្រើ​ឲ្យ​ចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួន​ដែរ ។ ប៉ុល​ពន្យល់​អំពី​របៀប​ដែល​ពួកសិស្ស​គួរតែ​រស់នៅ ខណៈ​ដែល​ពួកគេ​ត្រៀមខ្លួន​ទទួល​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ ។ លោក​ពិពណ៌នា​ថា សេចក្តី​ប្រោស​លោះ​ត្រូវបាន​នាំ​ឲ្យ​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

ទីតុស ៣ ។ ប៉ុល​បង្រៀន​ថា សមាជិក​សាសនាចក្រ​ត្រូវ​ធ្វើ​ជា​ប្រជាពលរដ្ឋ​ល្អ និង ជា​អ្នក​ដើរតាម​ដ៏​សុចរិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ពិធីបុណ្យជ្រមុជទឹក យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់ ។