បណ្ណាល័យ
មេរៀន​ទី ១២ ថ្ងៃទី ១ ៖ លូកា ១៨-២១


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ១

លូកា ១៨-២១

សេចក្តីផ្ដើម

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើដំណើរ​ទៅកាន់​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ នោះ​ទ្រង់​បាន​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បាន​សម្តែង​អព្ភូត​ហេតុ​ជា​ច្រើន​នៅក្នុង​ចំណោម​ប្រជាជន ។ ទ្រង់​បាន​ជិះ​លា​យាង​ចូល​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ម្តង​ទៀត ហើយ​បាន​បង្រៀន​ប្រជាជន​នៅ​ទីនោះ ។

លូកា ១៨-២១

ព្រះអង្គ​សង្គ្រោះ​បង្រៀន​នៅតាម​ផ្លូវ​របស់​ទ្រង់​ទៅកាន់​ទីក្រុង​យេរូសាឡិម

អ្នក​បាន​រៀន​រួចមកហើយ​អំពី​ព្រឹត្តិការណ៍​ជាច្រើន​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង លូកា ១៨–២១ មក​ពី​ការសិក្សា​របស់​អ្នក​នៅ​ក្នុង​ម៉ាថាយ និង ម៉ាកុស ។

រូបភាព
ព្រះយេស៊ូវ និង កំលោះ​អ្នកមាន
រូបភាព
ការយាង​ចូល​ដោយ​ជោគជ័យ

នៅពេល​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ នោះ​ទ្រង់​បាន​បង្រៀន​រឿង​ប្រដូច​មួយ​ចំនួន ហើយ​បាន​ព្យាបាល​មនុស្ស​ជាច្រើន ។ ទ្រង់​បាន​អញ្ជើញ​កំលោះ​អ្នក​មាន​ម្នាក់​ឲ្យ​ផ្តល់​អ្វីៗ​ទាំងអស់​ដល់​អ្នក​ក្រ ហើយ​ដើរតាម​ទ្រង់ ។ ទ្រង់​បាន​ព្យាបាល​បុរស​ខ្វាក់ម្នាក់ ។ ទោះបី​ជា​ត្រូវ​គេ​រិះគន់​ក្តី ព្រះយេស៊ូវ​បាន​សោយ​អាហារ​ជាមួយ​មេពួក​អ្នក​យក​ពន្ធ​ម្នាក់​នៅ​យេរីខូ ។ ( សូមមើល​ផងដែរ ម៉ាថាយ ១៩–២០, ម៉ាកុស ១០) ។

ព្រះយេស៊ូវ​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម ហើយ​មនុស្ស​ជា​ច្រើន​បាន​ស្រែក​សរសើរ​តម្កើង​ទ្រង់ បាន​ជិះ​កូន​លា​នៅពេល​ទ្រង់​យាង​ចូល​ទៅក្នុង​ទីក្រុង ។ ទ្រង់​បាន​បណ្តេញ​ពួក​អ្នក​ប្តូរ​ប្រាក់​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ម្តង​ទៀត បាន​បង្រៀន​ប្រជាជន​នៅ​ទីនោះ ហើយ​បាន​ឆ្លើយ​សំណួរ​នានា​របស់​ស្តេច​សង្ឃ និង ពួក​អាចារ្យ ។ ទ្រង់​បាន​សរសើរ​ដល់​ស្ត្រីមេម៉ាយ​ម្នាក់ ដែល​បាន​ថ្វាយ​ប្រាក់​ពីរ​ស្លឹង​របស់​ខ្លួន​នៅក្នុង​ឃ្លាំង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​អំពី​ការ​យាង​មកជា​លើក​ទីពីរ​របស់​ទ្រង់ ។

ដំណើររឿង​ភាគ​ច្រើន​ដែល​អ្នក​នឹង​សិក្សា​នៅក្នុង​មេរៀន​នេះ​គឺ​វា​ពិសេស​ណាស់​ចំពោះ​ដំណឹង​ល្អ​របស់​លូកា ។ ដើម្បី​រៀបចំ​ខ្លួន​សិក្សា លូកា ១៨–២១សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ ៖

តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អាច​បង្ហាញ​ថា បុគ្គល​ម្នាក់​ពិត​ជា​ចង់​ខិត​មក​ជិត​ព្រះអម្ចាស់​ដោយ​ស្មោះសរ​នោះ ? តើ​អាកប្បកិរិយា​អ្វី​ខ្លះ​ដែល​នឹង​បង្ហាញ​ថា គាត់​ពិត​ជា​ចង់​បាន​ការ​អភ័យទោស ឬ មាន​បំណង​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​ព្រះអម្ចាស់​នោះ ?

សូម​អាន​វគ្គ​បទគម្ពីរ​នីមួយៗ​នៅក្នុង​តារាង​ដែល​ផ្តល់​ឲ្យ​នេះ ហើយ​សូម​ពិចារណា​ពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រឿង​ប្រៀប​ប្រដូច ឬ ដំណើររឿង

ពន្យល់​ពាក្យ

តួអង្គ​សំខាន់

គោលលទ្ធិ ឬ គោលការណ៍

លូកា ១៨:១-៨

សាយ​ចិត្ត ៖​ ប្រែ​ជា​បាក់​ទឹកចិត្ត ឬ ភ័យ​ព្រួយ

កាត់​ទោស ៖ ធ្វើ​ឲ្យ​មាន​សិទ្ធិ ឬ រក​យុត្តិធម៌​ឲ្យ

ស្ត្រី​មេម៉ាយ

លូកា ១៨:៩-១៤

បាន​រាប់​ជា​សុចរិត ៖ បាន​ទទួល ឬ ធ្វើ​ឲ្យ​ជ្រះស្អាត

អ្នក​យក​ពន្ធ

លូកា ១៨:៣៥-៤៣

មនុស្ស​ខ្វាក់​ភ្នែក

លូកា ១៩:១–១០

មនុស្ស​សន្ធឹក​ណាស់ ៖ មនុស្ស​អ៊ូរអរ ឬ ហ្វូងមនុស្ស

ហូត​ពន្ធ​បំបាត់ ៖ វិធីសាស្ត្រ ឬ យុទ្ធសាស្ត្រ​ដែល​ទុច្ចរិត

សាខេ

សំណួរ​រិះគិត

  • តើ​តួអង្គ​សំខាន់ៗ​នេះ​ប្រាថ្នា​ចង់​បាន​អ្វី ?

  • តើ​បុគ្គល​ម្នាក់​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​គាត់​មាន​បំណង​ប្រាថ្នា​ដោយ​ស្មោះសរ​នោះ ?

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ដោយសារ​តែ​ទង្វើ​ដ៏​ស្មោះត្រង់​របស់​គាត់​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​នៅក្នុង​សកម្មភាព​នានា​នៃ​តួអង្គ​សំខាន់​ម្នាក់ៗ​នេះ ?

    2. តើ​អ្នក​បាន​កត់សម្គាល់​ឃើញ មាន​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ នៅក្នុង​តួអង្គ​សំខាន់​ម្នាក់ៗ​នេះ បាន​ទទួល​ដោយសារ​តែ​លទ្ធផល​នៃ​ទង្វើ​របស់​ខ្លួន​នោះ ?

គោលការណ៍​មួយ​នៃ​រឿង​ទាំង​នេះ​ដែល​បង្រៀន​នោះ​គឺ​ថា ប្រសិន​បើ​យើង​មាន​ចិត្ត​ស្មោះសរ និង ជាប់លាប់​នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​អម្ចាស់​នោះ​យើង​អាច​ទទួល​បាន​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​រកមើល​អ្វី​ដែលបង្ហាញ​ថា បុគ្គល​ម្នាក់​កំពុង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ៖ « សេចក្តី​ជំនឿ​ពិត​គឺ​ផ្តោត​នៅក្នុង និង ផ្តោត​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅរក​ធ្វើ​សកម្មភាព​សុចរិត » (« Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៥ ) ។

អ្នក​អាច​សរសេរ​សេចក្តីថ្លែងការណ៍​នេះ នៅ​គែម​លើ​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​សូម​សរសេរ​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នា​ពេល​បច្ចុប្បន្ន​នេះ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​មាន​តាមរយៈ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​រៀងរាល់​ថ្ងៃ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះដោយ​អែលឌើរ បែដណា ដោយ​រកមើល​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ពី​អត្ថន័យ​នៃ​ការ​មាន​បទពិសោធន៍​ពី​សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« តាមរយៈ​ការសិក្សា ការអង្កេត ពិចារណា និង ការអធិស្ឋាន​ផ្ទាល់​ខ្លួន នោះ​ខ្ញុំ​ជឿ​ថា​ខ្ញុំ​បាន​ប្រែ​មក​យល់​កាន់តែ​ប្រសើរ​ឡើង​ថា សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ទាំងឡាយ​នៃ​ព្រះ​អម្ចាស់ គឺជា​ពរជ័យ​ផ្ទាល់​ខ្លួន និង សម្រាប់​បុគ្គល​ម្នាក់ៗ ជា​កម្លាំង ជា​ការការពារ ជា​ការធានា​អះអាង ជា​ការដឹកនាំ ជា​សេចក្តី​សប្បុរស ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ជា​ការលួង​លោម​ចិត្ត ជា​ការគាំ​ទ្រ និង ជា​អំណោយ​ទាន​ខាង​វិញ្ញាណ ដែល​យើង​បាន​ទទួល និង ក៏​ដោយ​សារតែ​តាម​រយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិតណាស់ ព្រះអម្ចាស់​ប្រទាន ‹ សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​តាម​លក្ខខណ្ឌ​នៃ​កូនចៅ​មនុស្ស › (គ. និង ស. ៤៦:១៥) ។

« …ខ្ញុំ​សូម​ផ្តល់​យោបល់​ថា របៀប​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​យាង​មក​កាន់​យើង​ម្នាក់ៗ​នោះ​គឺ​តាមរយៈ​សេចក្តី​មេត្តា​ករុណា​ដ៏​ខ្លាំង​ក្លា និង ទន់ភ្លន់​របស់​ទ្រង់ ។ ឧទាហរណ៍ នៅពេល​អ្នក និង ខ្ញុំ​បាន​ជួប​នឹង​ឧបសគ្គ និង ការសាកល្បង​នានា​នៅក្នុង​ជីវិត​របស់​យើង នោះ​អំណោយ​ទាន​នៃ​សេចក្តីជំនឿ និង ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន​ដ៏​សមរម្យ​ដែល​មាន​លើស​ហួស​ពី​សមត្ថភាព​របស់​យើង​គឺ​ជា​គំរូ​នៃ​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ។ ការប្រែចិត្ត និង ការអភ័យទោស​បាប ព្រមទាំង​សេចក្តីសុខសាន្ត​នៃ​សតិសម្បជញ្ញៈ​គឺ​ជា​គំរូ​នៃ​សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ។ ហើយ​ភាព​ជាប់លាប់ និង កម្លាំង​ដែល​ប្រទាន​ដល់​យើង​ឲ្យ​ឈាន​ឆ្ពោះ​ទៅមុន​ដោយ​ក្តី​រីករាយ​តាមរយៈ​ដែន​កំណត់​នៃ​រូបកាយ និង ការលំបាក​ខាង​វិញ្ញាណ​គឺ​ជា​គំរូ​នៃ​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ » (« The Tender Mercies of the Lord » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩៩–១០០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា​ខ្លះ ? តើ​ជា​លទ្ធផល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ជួប​នូវ​សេចក្តី​មេត្តាកុរណា​អ្វី​ខ្លះ ?

    2. សូម​ពិចារណា​ពី​របៀប ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ជំនួយ ឬ សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​អ្នក ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ?

  2. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១៨-២១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖