មេរៀនទី ១២ ៖ ថ្ងៃទី ២
លូកា ២២
សេចក្តីផ្ដើម
នៅពេលការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ខិតកាន់តែជិតដល់ នោះព្រះយេស៊ូវបានតាំងសាក្រាម៉ង់ឡើង បានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យបម្រើគ្នាទៅវិញទៅមក ហើយបានបង្គាប់ឲ្យពេត្រុសពង្រឹងដល់បងប្អូនរបស់លោក ។ ការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះបានចាប់ផ្តើមនៅច្បារគែតសេម៉ានី ។ ទ្រង់ត្រូវបានគេចាប់ព្រះកាយ ហើយកាត់ទោសនៅចំពោះមុខលោកកៃផា ។ អំឡុងពេលព្រះអង្គសង្គ្រោះត្រូវបានកាត់ទោស នោះពេត្រុសបានបដិសេធមិនស្គាល់ទ្រង់ ។
លូកា ២២:១-៣៨
ព្រះអង្គសង្គ្រោះតាំងពិធីសាក្រាម៉ង់ ហើយណែនាំពួកសាវករបស់ទ្រង់
សូមស្រមៃថាអ្នក និង សមាជិកម្នាក់នៃគ្រួសាររបស់អ្នកកំពុងអង្គុយនៅលើកម្រាលនៃផ្ទះរបស់អ្នក ។ សមាជិកគ្រួសាររបស់អ្នកចង់ក្រោកឈរឡើង ហើយសុំជំនួយពីអ្នក ។ តើអ្នកអាចជួយគាត់បានច្រើនប៉ុណ្ណា ប្រសិនបើអ្នកបន្តអង្គុយនៅលើកម្រាលនោះ ? តើនឹងមានអ្វីផ្លាស់ប្តូរ ប្រសិនបើអ្នកក្រោកឈរមុននោះ ?
រឿងប្រៀបប្រដូចនេះ អាចជួយអ្នកឲ្យយល់ពីអ្វីដែលយើងអាចធ្វើដើម្បីជួយខាងវិញ្ញាណរបស់មនុស្សដទៃឲ្យបានកាន់តែប្រសើរឡើង ។
នៅពេលអ្នកសិក្សា លូកា ២២សូមរកមើលសេចក្តីពិតដែលនឹងជួយអ្នក ឲ្យដឹងពីរបៀបដើម្បីជួយមនុស្សដទៃឲ្យរឹងមាំខាងវិញ្ញាណ ។
នៅក្នុង លូកា ២២:១-៣០ យើងបានរៀនថានៅពេលការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ខិតកាន់តែជិតដល់ ព្រះអង្គសង្គ្រោះបានជួបជាមួយពួកសាវករបស់ទ្រង់ដើម្បីគោរពបុណ្យរំលង ។ អំឡុងពេលនោះ ទ្រង់បានប្រកាសថាមានម្នាក់នឹងក្បត់ទ្រង់ ទ្រង់បានតាំងពិធីសាក្រាម៉ង់ឡើង ហើយបានបញ្ជាថា ពិធីនេះត្រូវតែធ្វើឡើងក្នុងការចងចាំពីទ្រង់ ហើយទ្រង់បានបង្រៀនពួកគេថា អស់អ្នកដែលបម្រើមនុស្សដទៃគឺជាអ្នកធំជាងគេបំផុត ។ ព្រះអង្គសង្គ្រោះក៏បានសរសើរពួកសាវករបស់ទ្រង់ចំពោះការបន្តនៅជាមួយទ្រង់ ហើយបានសន្យាពួកគេថា នៅថ្ងៃណាមួយពួកគេនឹងអង្គុយនៅលើបល្ល័ង្ក ហើយជំនុំជម្រះពូជអំបូរអ៊ីស្រាអែលទាំងដប់ពីរ ។
សូមអាន លូកា ២២:៣១–៣២ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថាសាតាំងចង់បានអ្វី ។
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ផ្តល់នូវភាពច្បាស់លាស់ចំពោះ ខទី ៣១ដូចតទៅនេះ ៖ « ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយមើលសាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងកូនចៅនៃនគរដូចជារែងអង្ករ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ២២:៣១ [ នៅក្នុង លូកា ២២:៣១ លេខយោង ក] ) ។ និយាយម្យ៉ាងទៀតថា សាតាំងចង់ដាក់អន្ទាក់ពេត្រុស ប្រយោជន៍ឲ្យវាអាចងាយនឹងដាក់អន្ទាក់សមាជិកផ្សេងទៀតនៃសាសនាចក្រ ។
« អង្ករត្រូវបានរែង ដោយការបំបែកគ្រាប់ស្រូវចេញពីអង្កាម ។ គ្រាប់ស្រូវដែលមានតម្លៃត្រូវបានទុក ខណៈដែលសំបកវាត្រូវបានបោះចោល ។ ប្រសិនបើពួកបរិសុទ្ធទោរទន់ទៅតាមការល្បួង ហើយភ្លក់រសជាតិនៃអំពើបាបនៃពិភពលោក នោះពួកគេបាត់បង់អត្តសញ្ញាណខ្លួន ហើយប្រែក្លាយទៅដូចជាអង្កាម » (New Testament Student Manual [ Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៨៣) ។ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ សេចក្តីជំនឿ និង ទីបន្ទាល់របស់ពេត្រុស និង មនុស្សដទៃទៀតគឺដូចជាគ្រាប់ស្រូវនោះ ដែលសាតាំងមានបំណងបំបែក ឬ យកវាចេញ ។
សូមសរសេរចំណុចមួយ ឬ ពីរដែលអ្នកបានរៀនអំពីពេត្រុស ដែលបង្ហាញថាលោកមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់រួចហើយ ៖
សូមគិតពីការគូសចំណាំនៅក្នុង លូកា ២២:៣២ អំពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថាពេត្រុសនៅតែត្រូវការ ដើម្បីទទួលបទពិសោធន៍ពីមុនលោកអាចពង្រឹងដល់បងប្អូនរបស់លោក ។
ការមាន ទីបន្ទាល់ អំពីដំណឹងល្អមានន័យថាមនុស្សម្នាក់បានទទួលនូវ « ដំរិះ និង សាក្សីខាងវិញ្ញាណដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទីបន្ទាល់ » scriptures.lds.org) ។ ការប្រែចិត្តជឿ ចំពោះដំណឹងល្អមានន័យថា « ការប្រែជំនឿ ចិត្ត និង ជីវិតរបស់មនុស្សម្នាក់ ដើម្បីទទួលយក ហើយធ្វើឲ្យបានស្របតាមព្រះហឬទ័យនៃព្រះ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការប្រែចិត្តជឿ អ្នកប្រែចិត្តជឿ » scriptures.lds.org) ។
ផ្អែកលើអ្វីដែលព្រះអម្ចាស់បានប្រាប់ពេត្រុសនៅក្នុង លូកា ២២:៣២យើងអាចស្វែងរកសេចក្តីពិតដូចតទៅនេះ ៖ នៅពេលយើងបានប្រែចិត្តជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចពង្រឹងដល់មនុស្សដទៃ ។
-
នៅពេលយើងបានប្រែចិត្តជឿនោះជំនឿ និង សកម្មភាពរបស់យើងធ្វើឲ្យបានស្របតាមព្រះហឫទ័យនៃព្រះ ហើយយើងអាចជួយ ឬ ពង្រឹងមនុស្សដទៃ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើរឿងប្រៀបប្រដូចនៃការជួយនរណាម្នាក់ឲ្យរឹងមាំ ទាក់ទងនឹងគោលការណ៍យ៉ាងដូចម្តេច ?
-
តើអ្នកគិតថា អ្វីដែលអាចជួយបុគ្គលម្នាក់ ឲ្យកាន់តែប្រែចិត្តជឿចំពោះដំណឹងល្អថែមទៀតនោះ ?
-
សូមអាន លូកា ២២:៣៣–៣៤ដោយរកមើលរបៀបដែលពេត្រុសបានឆ្លើយតបចំពោះការក្រើនរំឭករបស់ព្រះអង្គសង្គ្រោះ និង អ្វីដែលព្រះអង្គសង្គ្រោះបានព្យាករថាពេត្រុសនឹងធ្វើ ។ អ្នកអាចគូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
កំណែលម្អិតបន្ថែមទៀតនៃដំណើររឿងនេះត្រូវបានកត់ត្រានៅក្នុង ម៉ាថាយ ២៦។ សូមអាន ម៉ាថាយ ២៦:៣៥ដោយរកមើលអ្វីដែលពេត្រុសបាននិយាយទៅកាន់ព្រះអង្គសង្គ្រោះ បន្ទាប់ពីស្តាប់ឮការព្យាករនោះ ។
លូកា ២២:៣៩-៥៣
ព្រះអង្គសង្គ្រោះរងទុក្ខនៅក្នុងច្បារគែតសេម៉ានី ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ និង ត្រូវបានយូដាសក្បត់
បន្ទាប់ពីបុណ្យរំលងព្រះយេស៊ូវ និង ពួកសាវករបស់ទ្រង់បានចេញទៅច្បារគែតសេម៉ានី ។ សូមអាន លូកា ២២:៣៩-៤៣ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅទីនោះ ។ អ្នកអាចគូសចំណាំនៅក្នុង ខទី ៤៣ នរណាដែលបានពង្រឹងដល់ទ្រង់ ។
ចេញពីដំណើររឿងនេះយើងរៀនថា ប្រសិនបើយើងមានឆន្ទៈធ្វើតាមព្រះវរបិតាសួគ៌ នោះទ្រង់នឹងជួយអ្នកឲ្យមានកម្លាំងដើម្បីធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
តើមានរបៀបអ្វីខ្លះដែលព្រះវរបិតាសួគ៌អាចពង្រឹងដល់យើង ?
សូមគិតអំពីគ្រាមួយ នៅពេលអ្នកមានអារម្មណ៍ថាត្រូវបានពង្រឹងដោយព្រះវរបិតាសួគ៌ នៅពេលអ្នកព្យាយាមធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ។
ដំណើររឿងរបស់លូកាអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងច្បារគែតសេម៉ានី រួមមាននូវព័ត៌មានលម្អិតសំខាន់មួយ ដែលពុំមាននៅក្នុងដំណើររឿងដែលបានផ្តល់ឲ្យដោយម៉ាថាយ និង ម៉ាកុស ។ សូមអាន លូកា ២២:៤៤ដោយរកមើលរបៀបដែលលូកាបានពិពណ៌នានូវការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅទីនោះ ។ សូមគិតអំពីការគូសចំណាំពាក្យទាំងឡាយ ដែលបង្រៀនអំពីសេចក្តីពិតដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទបានបង្ហូរញើសទ្រង់ដូចជាដំណក់ឈាមដ៏ធំៗ នៅពេលទ្រង់រងទុក្ខនៅក្នុងច្បារគែតសេម៉ានី ។
ព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីការរងទុក្ខរបស់ទ្រង់ផ្ទាល់នៅក្នុងវិវរណៈមួយដែលបានផ្តល់ឲ្យតាមរយៈព្យាការីយ៉ូសែប ស៊្មីធ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នាពីការរងទុក្ខរបស់ទ្រង់ ។ សូមអានផងដែរ ម៉ូសាយ ៣:៧។ សូមគិតពីការសរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ និង ម៉ូសាយ ៣:៧ នៅក្នុងគម្ពីររបស់អ្នកនៅក្បែរ លូកា ២២:៤៤ ជាសេចក្តីយោងបទគម្ពីរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកមានគំនិតយ៉ាងណាដែរ ដោយដឹងថាព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងខ្លាំងសម្រាប់អ្នក ?
-
តើការដឹងពីសេចក្តីពិតនេះពង្រឹងទីបន្ទាល់របស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនការរងទុក្ខរបស់ព្រះអង្គសង្គ្រោះដូចតទៅនេះ ៖
« យើងមិនអាចដឹង យើងមិនអាចប្រាប់ គ្មានគំនិតខាងសាច់ឈាមណាយល់ដឹងនូវ ជម្រៅនៃការឈឺចាប់ដែលព្រះគ្រីស្ទបានធ្វើនៅឯច្បារគែតសេម៉ានីនោះទេ ។
« យើងដឹងថាទ្រង់បានបង្ហូរព្រះលោហិតចេញពីគ្រប់រន្ធញើស នៅពេលដែលទ្រង់បានសោយនូវកាកនៃពែងល្វីងជូរចត់របស់ ព្រះវរបិតារបស់ទ្រង់ដែលបានប្រទានដល់ទ្រង់ ។
« យើងដឹងថាទ្រង់បានរងទុក្ខទាំងព្រះកាយ និងព្រះវិញ្ញាណ ហួសពីលទ្ធភាពដែលមនុស្សអាចទទួល លើកលែងតែជាការស្លាប់ប៉ុណ្ណោះ ។
« យើងដឹងថាក្នុងពេលណាមួយ ដោយមិនប្រៀបធៀបនឹងយើងនោះឡើយថា ការទទួលរងការឈឺចាប់របស់ទ្រង់ នឹងធ្វើឲ្យឆ្អែតដល់ការទាមទារនៃសេចក្តីយុត្តិធម៌ សង្រ្គោះដល់ដួងព្រលឹងដែលប្រែចិត្ត ពីការឈឺចាប់ និង ទារុណកម្មពីអំពើបាប ហើយធ្វើឲ្យសេចក្តីមេត្តាករុណា មានចំពោះអ្នកទាំងឡាយណា ដែលជឿនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
« យើងបានដឹងថាទ្រង់បានក្រាបនៅលើដី នៅពេលដែលការឈឺចាប់ និង ទុក្ខព្រួយនៃបន្ទុកដ៏ខ្លាំងក្លាបានធ្វើឲ្យទ្រង់ញាប់ញ័រ ហើយធ្វើឲ្យទ្រង់មិនចង់សោយនូវពែងល្វីងឡើយ ។
« យើងដឹងថាទេវតាមួយអង្គ បានយាងមកពីដំណាក់នៃសិរីរុងរឿង ដើម្បីពង្រឹងដល់ទ្រង់នៅក្នុងគ្រាមិនល្អរបស់ទ្រង់ ហើយយើងគិតថាប្រហែលជាទេវតាមីកែលដ៏អស្ចារ្យនោះ ដែលជាអ្នកដែលធ្លាក់មុនគេ ដែលមនុស្សលោកដែលមានជីវិតរមែងស្លាប់នេះអាចកើតមានបាន ។
« តាមដែលយើងប៉ាន់ស្មាន នោះការរងទុក្ខដ៏ខ្លាំងក្លាទាំងនេះ—គឺការរងទុក្ខដែលហួសពីរប្រៀបផ្ទឹមបាន—បានបន្តអស់រយៈពេលប្រមាណជាបី ឬ បួនម៉ោង (« The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៩ ) ។
នៅក្នុង លូកា ២២:៤៥–៤៨ យើងរៀនថាបន្ទាប់ពីព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងច្បារគែតសេម៉ានី នោះទ្រង់ត្រូវបានយូដាសអេស្ការីយ៉ុតក្បត់ ។
សូមអាន លូកា ២២:៤៩–៥១ដោយរកមើលអ្វីដែលពេត្រុស ( សូមមើល យ៉ូហាន ១៨:១០) បានធ្វើនៅពេលដែលពួកសង្គ្រាជ និង មនុស្សដទៃបានមកហើយចាប់ព្រះកាយរបស់ព្រះយេស៊ូវ ។ សូមគិតពីការគូសចំណាំអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ចំពោះបាវបម្រើរបស់សង្ឃជាន់ខ្ពស់នោះ ។
នៅក្នុង លូកា ២២:៥២–៥៣ យើងរៀនថា ព្រះអង្គសង្គ្រោះបានសួរពីមូលហេតុដែលពួកសង្គ្រាជ និង មនុស្សដទៃទៀតមកចាប់ព្រះកាយទ្រង់ទាំងយប់ ជំនួសឲ្យការចាប់ព្រះកាយទ្រង់នៅពេលថ្ងៃនៅព្រះវិហារបរិសុទ្ធទៅវិញដូច្នេះ ។
លូកា ២២:៥៤-៧១
ព្រះយេស៊ូវត្រូវបានកាត់ទោសនៅចំពោះមុខពួកសានហេឌ្រីន ហើយពេត្រុសបានបដិសេធមិនស្គាល់ទ្រង់
នៅក្នុង លូកា ២២:៥៤ យើងរៀនថាពេត្រុសបានដើរតាមព្រះអង្គសង្គ្រោះ នៅពេលទ្រង់ត្រូវបានគេចាប់ទ្រង់យកទៅកាត់ទោសនៅឯដំណាក់របស់សង្គ្រាជ ។
-
សូមគូសតារាងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ នៅពេលអ្នកអានវគ្គបទគម្ពីរនីមួយៗ សូមរកមើលថានរណាបាននិយាយជាមួយពេត្រុស និង អ្វីដែលពេត្រុសបាននិយាយខណៈដែលព្រះអង្គសង្គ្រោះកំពុងត្រូវបានកាត់ទោសនោះ ។ សូមសរសេរចម្លើយរបស់អ្នក ដាក់នៅក្នុងប្រអប់ឈរដែលត្រឹមត្រូវ ៖ (កំណត់ចំណាំ ៖ គ្រប់ដំណឹងល្អទាំងបួនមាននូវដំណើររឿងលម្អិតរបស់ពេត្រុស ប៉ុន្តែដំណើររឿងរបស់យ៉ូហានមានព័ត៌មានលម្អិតច្រើនជាងគេបំផុត ) ។
សេចក្ដីយោង |
តើនរណាបាននិយាយជាមួយពេត្រុស ? |
តើពេត្រុសបាននិយាយអ្វីខ្លះ ? |
---|---|---|
ពេលអ្នកបំពេញតារាងចប់ហើយ សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីពេត្រុសបានបដិសេធពុំស្គាល់ព្រះយេស៊ូវចំពោះពួកគេម្នាក់ៗ ?
សូមអាន លូកា ២២:៦១–៦២ដោយរកមើលអ្វីដែលបានកើតឡើង បន្ទាប់ពីពេត្រុសបានបដិសេធថាពុំស្គាល់ព្រះអង្គសង្គ្រោះ ។
សូមស្រមៃថាអ្នកបាននៅក្នុងស្ថានភាពរបស់ពេត្រុស បន្ទាប់ពីលោកបានបដិសេធថាពុំស្គាល់ព្រះយេស៊ូវបីដង ។ តើអ្នកអាចមានគំនិត ឬអារម្មណ៍យ៉ាងណា នៅពេលព្រះអង្គសង្គ្រោះបានទតមកអ្នកនោះ ? ហេតុអ្វីអ្នកនឹងមានអារម្មណ៍បែបនោះ ?
អែលឌើរ ប្រូស អរ ម៉ាក់ខនឃី បានបង្រៀនដូចតទៅនេះអំពីពេត្រុស ៖
« ពេត្រុសគឺជាគំរូដ៏ប្រសើរនៃរបៀបដែលអំណាចនៃការប្រែចិត្តជឿ មានដំណើរការលើការទទួលព្រលឹង ។ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ នោះពេត្រុសមានទីបន្ទាល់ កើតចេញពីព្រះវិញ្ញាណ នៃភាពជាព្រះរបស់ព្រះគ្រីស្ទ និង អំពីផែនការនៃសេចក្តីសង្គ្រោះដ៏មហិមាដែលមាននៅក្នុងព្រះគ្រីស្ទ ។ លោកមានប្រសាសន៍ថា ‹ ទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ › ដោយសារព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់លោកទាំងស្រុង ។ (ម៉ាថាយ ១៦:១៣-១៩) ។ នៅពេលមនុស្សដទៃបានវង្វេងចេញ នោះពេត្រុសបាននៅរឹងមាំដោយការបញ្ជាក់ក្នុងនាមជាសាវកថា ‹ យើងខ្ញុំក៏បានជឿ ហើយដឹងថាទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត › ។ (យ៉ូហាន ៦:៦៩) ។ ពេត្រុសបានដឹង ហើយចំណេះដឹងរបស់លោកបានទទួលតាមរយៈវិវរណៈ ។
« ប៉ុន្តែពេត្រុសពុំបានប្រែចិត្តជឿនោះទេ ដោយសារលោកពុំបានប្រែជាសត្វលោកថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ។ ផ្ទុយទៅវិញ ក្រោមមកបន្ទាប់ពីពេត្រុសបានទទួលទីបន្ទាល់ ហើយនៅចំយប់ដែលព្រះយេស៊ូវត្រូវបានគេចាប់ព្រះកាយទ្រង់ នោះទ្រង់មានបន្ទូលទៅពេត្រុស ៖ ‹ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង › ។ (លូកា ២២:៣២) ។ មិនយូរប៉ុន្មានក្រោមមក ហើយទោះបីជាទីបន្ទាល់របស់លោកយ៉ាងណាក៏ដោយ ពេត្រុសបានបដិសេធមិនស្គាល់ព្រះគ្រីស្ទឡើយ ។ (លូកា ២២:៥៤–៦២) ។ បន្ទាប់ពីការឆ្កាង ពេត្រុសបានត្រឡប់ទៅនេសាទត្រីវិញ ហើយត្រូវបានហៅត្រឡប់មកការបម្រើវិញដោយព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញតែប៉ុណ្ណោះ ។ (យ៉ូហាន ២១:១–១៧) ។ នៅទីបំផុតនៅថ្ងៃនៃបុណ្យថ្ងៃទីហាសិប ការសន្យាផ្តល់អំណាចខាងវិញ្ញាណត្រូវបានទទួល ពេត្រុស និង ពួកសិស្សស្មោះត្រង់ទាំងអស់ បានប្រែជាសត្វលោកថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេពិតជាបានប្រែចិត្តជឿ ហើយសមិទ្ធផលជាបន្តបន្ទាប់របស់ពួកគេបានគូសបង្ហាញពីភាពរឹងមាំនៃការប្រែចិត្តជឿរបស់ពួកគេ ។ (កិច្ចការ ៣, ៤ ) » ។ ( Mormon Doctrine កំណែលើកទី២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៦២-៦៣ ) ។
នៅក្នុងគម្ពីរកិច្ចការយើងរៀនថា បន្ទាប់ពីពេត្រុសបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះលោកបានប្រែជាប្រែចិត្តជឿពេញលេញ ហើយចំណាយពេលពេញមួយជីវិតរបស់លោក ធ្វើជាសិស្សរបស់ព្រះយេស៊ូវដ៏ស្មោះត្រង់ ( សូមមើល កិច្ចការ ៤:១៣–១៧, ៥:២៥–២៩) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមេរៀនអ្វីខ្លះដែលយើងអាចរៀនពីបទពិសោធន៍របស់ពេត្រុស ?
-
តើមនុស្សម្នាក់ដែលអ្នកស្គាល់ណាមួយ ដែលហាក់ដូចជាប្រែចិត្តជឿពិតប្រាកដចំពោះ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? តើបុគ្គលម្នាក់នេះបានធ្វើអ្វីខ្លះដើម្បីបង្ហាញថាគាត់បានប្រែចិត្តជឿ ?
-
សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើដើម្បីធ្វើឲ្យការប្រែចិត្តជឿរបស់អ្នកកាន់តែចាក់ឫសជ្រៅលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអនុវត្តតាមការបំផុសគំនិតដែលអ្នកបានទទួល ។
នៅក្នុង លូកា ២២:៦៣-៧១ យើងរៀនថាព្រះអង្គសង្គ្រោះត្រូវបានគេសើចចំអក ហើយវាយដំដោយពួកសង្គ្រាជ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា លូកា ២២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖