មេរៀនទី ៧ ៖ ថ្ងៃទី ៣
ម៉ាកុស ១
សេចក្តីផ្តើម
យ៉ូហាន បាទីស្ទ បានប្រកាសប្រាប់ « ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប » (ម៉ាកុស ១:៤) ។ បន្ទាប់ពីយ៉ូហានបានជ្រមុជទឹកឲ្យព្រះយេស៊ូវ នោះព្រះអង្គសង្គ្រោះបានចាប់ផ្តើមប្រកាសដំណឹងល្អ ហើយសម្តែងអព្ភូតហេតុនានាដោយអំណាច និង សិទ្ធិអំណាចនៃព្រះ ។ ទ្រង់បានបណ្តេញវិញ្ញាណអារក្ស ហើយព្យាបាលមនុស្សកើតឃ្លង់ ។ ដំណឹងពីការណ៍ដែលទ្រង់បានធ្វើ បានលេចឮទូទាំងស្រុកកាលីឡេ ។
ម៉ាកុស ១:១-២០
ព្រះគ្រីស្ទចាប់ផ្តើមកិច្ចការបម្រើរបស់ទ្រង់
-
សូមឲ្យមនុស្សពីរនាក់ ឬ ច្រើនជាងនេះ ( សមាជិកគ្រួសារ មិត្តភក្ដិ មិត្តរួមថ្នាក់ ឬ មនុស្សផ្សេងទៀត ) ចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នក ។ អ្នកអាចទុកពេលឲ្យពួកគេសញ្ជឹងគិត និង រៀបចំខ្លួនពីមុនចែកចាយទីន្ទាល់របស់ពួកគេជាមួយអ្នក ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរ សេចក្តីសង្ខេបខ្លីមួយអំពីសេចក្តីពិតដែលពួកគេបានចែកចាយ ។
សូមពិចារណាសំណួរខាងក្រោម ៖
-
តើការស្តាប់ទីបន្ទាល់របស់មនុស្សច្រើននាក់មានតម្លៃជាងស្តាប់តែទីបន្ទាល់របស់មនុស្សម្នាក់ដូចម្តេចខ្លះ ?
-
តើអ្នកគិតថាវាមានតម្លៃអ្វីខ្លះអំពីការសិក្សាទីបន្ទាល់របស់ម៉ាកុស បន្ទាប់ពីអ្នកបានសិក្សាទីបន្ទាល់របស់ម៉ាថាយហើយនោះ ?
សូមអាន ម៉ាកុស ១:១–៤, ៩–១១ដោយរកមើលព្រឹត្តិការណ៍ដែលម៉ាកុសបានចាប់ផ្តើមសរសេរដំណើររឿងអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។
ដំណើររឿងរបស់ម៉ាកុសអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះគឺផ្សេងពីរបស់ម៉ាថាយ ។ វាបានចាប់ផ្តើមភ្លាមៗ ហើយមានល្បឿនលឿន សង្កត់ធ្ងន់លើភាពជាព្រះរបស់ព្រះអង្គសង្គ្រោះ តាមរយៈការផ្តោតលើកិច្ចការ និង អព្ភូតហេតុនានារបស់ទ្រង់ ។ ម៉ាកុស ទំនងជាបានសរសេរដំណើររឿងរបស់លោកដោយបានយោងលើអ្វីដែលលោកបានរៀនពីសាវកពេត្រុស ។ អ្នកប្រាជ្ញាជាច្រើនជឿថាគម្ពីរនេះត្រូវបានសរសេរឡើងនៅចន្លោះ គ.ស. ឆ្នាំ ៦៦ និង គ.ស. ឆ្នាំ ៧៣ គឺចំពេលដែលពួកគ្រីស្ទាននៅទូទាំងចក្រភពរ៉ូមបានរងទុក្ខយ៉ាងខ្លាំងពីការបៀតបៀន ។
នៅក្នុង ម៉ាកុស ១:១២–២០ យើងអានថាបន្ទាប់ពីព្រះយេស៊ូវបានតមអាហារអស់រយៈពេល ៤០ថ្ងៃ នោះទ្រង់ត្រូវបានអារក្សល្បួង ( សូមមើលផងដែរ ម៉ាកុស ៤:១–១១) ។ ទ្រង់ក៏បានប្រកាសផងដែរអំពីការប្រែចិត្តនៅក្នុងស្រុកកាលីឡេ ហើយបានហៅពួកសិស្សឲ្យដើរតាមទ្រង់ ។
ម៉ាកុស ១:២១-៣៩
ព្រះយេស៊ូវបានបណ្តេញអារក្ស ហើយបានព្យាបាលអ្នកឈឺ
តើមានគ្រោះថ្នាក់អ្វីខ្លះដែលទាហាន ម្នាក់អាចជួបនៅក្នុងដែនដីនៃមារសត្រូវនោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ជាមួយនឹងអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោកនេះ ជាមួយនឹងបទដ្ឋានសីលធម៌ដ៏ទន់ទាប នោះអ្នករាល់គ្នាដែលជាយុវវ័យកំពុងចម្រើនវ័យធំឡើងនៅក្នុងដែនដីរបស់មារសត្រូវ ។
« យើងដឹងពីព្រះគម្ពីរថា មានសង្គ្រាមមួយនៅឋានសួគ៌ ហើយថាលូស៊ីហ្វើរ បានបះបោរប្រឆាំង រួមទាំងពួកអ្នកដើរតាមវាផង ‹ ត្រូវបានបោះទំលាក់ទៅផែនដី › [វិវរណៈ ១២:៩] ។ វាបានប្តេជ្ញាថារុកគួនផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ហើយព្យាយាមត្រួតត្រាលើដួងចិត្ត និង ទង្វើរបស់មនុស្សទាំងអស់ » (« Counsel to Youth » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ចេញពីអ្វីដែលប្រធានផាកកឺបានបង្រៀន ហើយចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក តើជីវិតរបស់យើងនៅលើផែនដីនេះដូចជានៅក្នុងដែនដីនៃមារសត្រូវរបស់យើងតាមរបៀបណាខ្លះ ?
សូមគិតអំពីគ្រានានានៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ច្របូកច្របល់ដោយសារតែឥទ្ធិពល និង ការល្បួងនៃអំពើអាក្រក់ដែលនៅជុំវិញអ្នក ។ នៅពេលអ្នកសិក្សា ម៉ាកុស ១:២១–៣៧សូមស្វែងរកសេចក្ដីពិតដែលនឹងជួយអ្នកនៅពេលអ្នកប្រឈមមុខនឹងឥទ្ធិពលអាក្រក់ និង ការល្បួងទាំងឡាយនោះ ។
សូមអាន ម៉ាកុស ១:២១–២២ដោយរកមើលអ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងទីក្រុងកាពើណិម និង របៀបដែលសាសន៍យ៉ូដាបានឆ្លើយតប ។
ហេតុអ្វីបានជាពួកសាសន៍យូដានឹកប្លែកចិត្តពីការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ?
ពាក្យថាពួកអាចារ្យដែលមាននៅក្នុង ខ ២២ ត្រូវបានចាត់ទុកថាជាអ្នកជំនាញនៅក្នុងក្រឹត្យវិន័យលោកម៉ូសេ ។ ពេលខ្លះពួកគេត្រូវបាន « ហៅថាជាមេធាវី ឬ អ្នកប្រាជ្ញច្បាប់ ។ ពួកគេបានបង្កើតក្រឹត្យវិន័យយ៉ាងលម្អិត ហើយបានអនុវត្តវាតាមកាលៈទេសៈនៃសម័យកាលរបស់ពួកគេ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Scribe » គេហទំព័រ scriptures.lds.org) ។ ជាញឹកញាប់កាលណាពួកគេបង្រៀន ពួកគេបានដកស្រង់សិទ្ធិអំណាចពីអតីតកាលដែលមាននៅក្នុងក្រឹត្យវិន័យនោះ ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូលដោយអំណាច និង សិទ្ធិអំណាចរបស់ព្រះវរបិតាទ្រង់ ។ ទ្រង់ក៏ជាព្រះយេហូវ៉ាដ៏មហិមាដែលបានប្រទានក្រឹត្យវិន័យលោកម៉ូសេ ។ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ បង្រៀនថា « ទ្រង់បានបង្រៀនពួកគេដូចជាមនុស្សម្នាក់ដែលមានសិទ្ធិអំណាចមកពីព្រះ ហើយពុំមែនមានសិទ្ធិអំណាចមកពីពួកអាចារ្យនោះឡើយ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៣៧ [ នៅក្នុង ម៉ាថាយ ៧:២៩ លេខយោង ក] ) ។
ខណៈដែលព្រះយេស៊ូវបានបង្រៀននៅក្នុង សាលាប្រជុំ នោះទ្រង់បានជួបនឹងបុរសម្នាក់ដែលមានអារក្សអសោច ឬ វិញ្ញាណអាក្រក់ចូលខ្លួន ។ សូមអាន ម៉ាកុស ១:២៣-២៦ដោយស្វែងរកអ្វីដែលអារក្សបានដឹងអំពីព្រះយេស៊ូវ ។
វិញ្ញាណអារក្សដែលព្យាយាមចូលក្នុងរូបកាយមនុស្សគឺជាពួកបរិវាររបស់លូស៊ីហ្វើរ ។ ពួកវាបាននៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទពីមុនត្រូវបានបណ្តេញចេញពីឋានសួគ៌ ។
ប្រសិនបើអ្នកស្ថិតនៅក្នុងសាលាប្រជុំនោះ ហើយបានឃើញព្រឹត្តិការណ៍ដែលកើតឡើង តើអ្នកនឹងគិតអ្វីខ្លះពីព្រះយេស៊ូវគ្រីស្ទ ?
សូមអាន ម៉ាកុស ១:២៧–២៨ដោយស្វែងរករបៀបដែលប្រជាជនបានឆ្លើយតប បន្ទាប់ពីបានឃើញព្រះយេស៊ូវបណ្តេញវិញ្ញាណអារក្សចេញពីបុរសនោះ ។
សេចក្ដីពិតមួយដែលយើង អាចរៀនចេញពីដំណើររឿងនេះគឺថា ព្រះអង្គសង្គ្រោះមានអំណាចលើអារក្ស និង ពួកបរិវាររបស់វា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការដឹងថាព្រះអង្គសង្គ្រោះមានអំណាចលើអារក្ស និង ពួកបរិវាររបស់វាអាចជួយអ្នករបៀបណាខ្លះ នៅពេលអ្នកមានអារម្មណ៍ច្របូកច្របល់ដោយសារតែឥទ្ធិពល និង ការល្បួងនានានៃអំពើអាក្រក់ដែលនៅជុំវិញអ្នក ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្តក្នុងគណៈប្រធានទីមួយ ហើយសូមគូសចំណាំនូវអ្វីដែលយើងអាចធ្វើដើម្បីទទួលអំណាចទប់ទល់នឹងអារក្សកាន់តែខ្លាំងឡើង ៖
« ព្យាការី យ៉ូសែប ស៊្មីធ …បានថ្លែងថា ‹ វិញ្ញាណទុច្ចរិតមានចំណង ដែនកំណត់ និង ក្រឹត្យវិន័យរបស់ខ្លួនទៅតាមអ្វីដែលពួកវាត្រូវបានត្រួតត្រា › [ នៅក្នុង History of the Church ៤:៥៧៦ ] ។ ដូច្នេះសាតាំង និង ពួកទេវតាវាគ្មានអំណាចអ្វីទាំងអស់ ។ …
« …ឥទ្ធិពលសាតាំងអាចត្រូវបានរារាំង ដោយអស់អ្នកដែលមករកព្រះគ្រីស្ទដោយការគោរពប្រតិបត្តិចំពោះសេចក្តីសញ្ញា និង ពិធីបរិសុទ្ធនៃដំណឹងល្អ ។ អ្នកដើរតាមដ៏រាបទាបនៃលោកចៅហ្វាយដ៏ទេវភាពនឹងពុំត្រូវអារក្សបោកបញ្ឆោតបានឡើយ ។ សាតាំងពុំគាំទ្រ និង លើកស្ទួយ ព្រមទាំងពុំប្រទានពរឡើយ ។ វាទុកឲ្យអស់អ្នកដែលវាបានដណ្តើមយកមក ស្ថិតនៅក្នុងភាពអាម៉ាស់ និង ទុក្ខវេទនា ។ ព្រះវិញ្ញាណនៃព្រះគឺជាអង្គមួយដែលគាំទ្រ ហើយ លើកស្ទួយ » ( « Serving the Lord and Resisting the Devil » Ensign ខែ កញ្ញា ឆ្នាំ ១៩៩៥ ទំព័រ ៦, ៧ ) ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖ « យើងមកលើផែនដីនេះ ដើម្បីយើងអាចមានរូបកាយ ហើយ បង្ហាញថាវាបរិសុទ្ធនៅចំពោះព្រះ នៅក្នុងនគរសេឡេស្ទាល ។ គោលការណ៍នៃសុភមង្គលដ៏មហិមា មាននៅក្នុងការមានរូបរាងកាយ ។ អារក្សគ្មានរូបកាយទេ ហើយការគ្មានរូបកាយនេះហើយគឺជាទណ្ឌកម្មរបស់វា ។ វាមានចិត្តរីករាយណាស់ នៅពេលវាអាចទទួលបានរោងឧបោសថនៃមនុស្ស ហើយនៅពេលព្រះអង្គសង្គ្រោះបណ្តេញវាចេញ វាបានសូមទ្រង់ចូលទៅក្នុងហ្វូងជ្រូកវិញ [ សូមមើល ម៉ាកុស ៥:១–១៣] ដែលបង្ហាញថា វាចង់បានរូបកាយរបស់សត្វជ្រូក ប្រសើរជាជាងគ្មានរូបកាយ ។ គ្រប់តួអង្គដែលមានរូបកាយទាំងអស់ មានអំណាចលើអ្វីដែលគ្មានរូបកាយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១១) ។
សូមអាន ម៉ាកុស ១:២៨រកមើលអ្វីដែលបានកើតឡើង បន្ទាប់ពីព្រះអង្គសង្គ្រោះបានបណ្តេញវិញ្ញាណអារក្សចេញ ។
ស៊ីម៉ូន ពេត្រុស បានរៀបការ ហើយនៅក្នុង ម៉ាកុស ១:២៩–៣១ យើងអានអំពីព្រះអង្គសង្គ្រោះបានព្យាបាលជំងឺគ្រុនដល់ម្តាយក្មេករបស់លោក ។ នៅក្នុង ម៉ាកុស ១:៣២–៣៩ យើងអានថាព្រះយេស៊ូវបានព្យាបាលមនុស្សឈឺជាច្រើននាក់ បណ្តេញអារក្សចេញពីខ្លួនពួកគេ ហើយបន្តប្រកាសនៅទូទាំងស្រុងកាលីឡេ ។
ម៉ាកុស ១:៤០-៤៥
ព្រះយេស៊ូវប្រោសមនុស្សឃ្លង់
សូមអាន ម៉ាកុស ១:៤០រកមើលថានរណាបានមករកព្រះអង្គសង្គ្រោះនៅពេលទ្រង់បន្តប្រកាសនៅក្នុងស្រុកកាលីឡេ ។
កាលពីសម័យបុរាណមនុស្សឆ្លងមេរោគឃ្លង់ត្រូវបានហៅថាមនុស្សឃ្លង់ ។ « រោគឃ្លង់គឺជាជំងឺរាំរ៉ៃមួយដែលបណ្តាឲ្យមានដំបៅនៅលើស្បែក សរសៃប្រសាទ ភ្នែក ឆ្អឹង និង ដៃជើង ។ ប្រសិនបើពុំព្យាបាលទេ នោះវានឹងបណ្តាលឲ្យអ្នកជំងឺក្លាយជាពិការ ឈឺចាប់ខ្លោចផ្សាពីមុនពួកគេស្លាប់ ។ មនុស្សឃ្លង់ពីបុរាណនៅអ៊ីស្រាអែលត្រូវបានដាក់ឲ្យនៅដាច់ពីគេ [ បង្ខំឲ្យនៅក្រៅទីប្រជុំជន ] ត្រូវបានហៅថា ‹ ស្មោកគ្រោក ! › ដើម្បីព្រមានដល់អ្នកដែលប៉ងទៅជួបពួកគេ ហើយត្រូវបានសន្និដ្ឋានថាចម្លងភាពស្មោកគ្រោករបស់ខ្លួនដល់មនុស្សដទៃទៀត ដែលមកពាក់ព័ន្ធជាមួយពួកគេ ( សូមមើល លេវីវិន័យ ១៣:៤៥–៤៦) » (New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១០៣ ) ។
សូមស្រមៃថាអ្នកគឺជាមនុស្សឃ្លង់ម្នាក់នៅអំឡុងជំនាន់ព្រះយេស៊ូវគ្រីស្ទ ។ តើការមានរោគឃ្លង់ជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
សូមអាន ម៉ាកុស ១:៤០រកមើលអ្វីដែលមនុស្សឃ្លង់បានធ្វើ នៅពេលគាត់បានឃើញព្រះអង្គសង្គ្រោះ ។ ( ពាក្យ អង្វរ មានន័យថា សុំ ឬ អង្វរករ ) ។
តើបុរសឃ្លង់នោះបានបង្ហាញសេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
ឃ្លាថា « បើទ្រង់សព្វព្រះហឫទ័យ » មានន័យថាបុរសនោះទទួលស្គាល់ថាការជាសះស្បើយរបស់ខ្លួនគឺពឹងផ្អែកលើព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះ ។ សូមអាន ម៉ាកុស ១:៤១-៤២រកមើលរបៀបដែលព្រះអង្គសង្គ្រោះឆ្លើយតបចំពោះការទូលអង្វររបស់បុរសនោះ ។
សូមពិចារណាទៅលើសំណួរខាងក្រោមនេះ ៖
-
ប្រសិនបើអ្នកជាមនុស្សឃ្លង់ តើការត្រូវបានពាល់ដោយព្រះអង្គសង្គ្រោះនោះមានន័យយ៉ាងណាចំពោះអ្នក ? ហេតុអ្វី ?
-
តើជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេច ប្រសិនបើព្រះយេស៊ូវគ្រីស្ទបានព្យាបាលរោគឃ្លង់របស់អ្នកនោះ ?
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសចំណាំពីរបៀបដែលទ្រង់មានបន្ទូលប្រដូចមនុស្សឃ្លង់ទៅនឹងអំពើបាប ( សូមមើល លេវីវិន័យ ១៤) ៖ « ក្រៅពីផលប៉ះពាល់នៃការដាក់ឲ្យនៅដោយឡែកខាងរូបកាយ រោគឃ្លង់នៅក្នុងជំនាន់ព្រះគម្ពីរប៊ីប ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃអំពើបាប និង ភាពស្មោកគ្រោក ដែលមានន័យថា ជំងឺអាក្រក់នេះស៊ីបំផ្លាញរូបកាយសាច់ឈាម ដូចគ្នាផងដែរទៅនឹងអំពើបាបដែរវាស៊ីបំផ្លាញ និង ធ្វើឲ្យវិញ្ញាណរបស់មនុស្សខូចបង់ ។ … មានឧទាហរណ៍នៅក្នុងព្រះគម្ពីរសញ្ញាចាស់—ម៉ារាម, កេហាស៊ី និង អូសៀស—ជាមនុស្សដែលប្រឆាំងបះបោរ បានត្រូវបណ្តាសាឲ្យមានរោគឃ្លង់ ដែលវាជាការដាក់ទោសចំពោះទង្វើអាក្រក់របស់ពួកគេ » (The Mortal Messiah ៖ From Bethlehem to Calvary, ភាគ ៤. [ ឆ្នាំ ១៩៧៩–៨១ ] ២:៤៥ ) ។
វាសំខាន់ដើម្បីកត់ចំណាំថា ជំងឺឃ្លង់នេះគឺពុំមែនជាបណ្តាសានៃអំពើបាបនោះទេ ។ ប៉ុន្តែមាន ការប្រដូច មួយរវាងលទ្ធផលនៃរោគឃ្លង់ និង លទ្ធផលនៃអំពើបាប ។ សូមអាន ម៉ាកុស ១:៤០–៤២ម្តងទៀត ។ ម្តងនេះ សូមជំនួសពាក្យ មនុស្សមានបាប ដោយពាក្យ មនុស្សឃ្លង់ និង ពាក្យ អំពើបាប ដោយពាក្យ រោគឃ្លង់ ។ នៅពេលអ្នកអាន សូមរកមើលរបៀបដែលយើងអាចប្រៀបប្រដូចការព្យាបាលមនុស្សឃ្លង់នេះទៅនឹងការបានជ្រះស្អាតពីអំពើបាបរបស់យើង ។
នៅពេលអ្នកអានខគម្ពីរទាំងឡាយតាមរបៀបនេះ តើពាក្យអ្វីខ្លះដែលផ្ដល់ជាយោបល់អំពីការទទួលបាននូវការអភ័យទោស ?
តើយើងអាចប្រៀបប្រដូចអ្វីដែលមនុស្សឃ្លង់បានធ្វើ ដើម្បីបានជាស្អាតពីរោគឃ្លង់ ទៅនឹងអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីបានស្អាតពីអំពើបាបយ៉ាងដូចម្ដេច ?
គោលការណ៍មួយដែលយើងអាចរៀនតាមរយៈការប្រៀបប្រដូច ការព្យាបាលមនុស្សឃ្លង់ទៅនឹងការបានជ្រះស្អាតពីអំពើបាបនោះគឺថា នៅពេលយើងអនុវត្តសេចក្ដីជំនឿ ហើយមករកព្រះអង្គសង្គ្រោះ នោះទ្រង់នឹងមានក្ដីមេត្តាចំពោះយើង ហើយសម្អាតយើងពីអំពើបាប ។ សូមគិតពីការសរសេរសេចក្ដីពិតនេះនៅលើគែមព្រះគម្ពីររបស់អ្នកក្បែរ ម៉ាកុស ១:៤០–៤២។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយើងត្រូវអនុវត្តសេចក្ដីជំនឿ ហើយមករកព្រះអង្គសង្គ្រោះ ដើម្បីទ្រង់អាចសម្អាតយើងពីអំពើបាបដោយរបៀបណា ?
-
សូមពិចារណាម្ដងទៀតអំពីស្ថានភាពជីវិតរបស់មនុស្សឃ្លង់ពីមុន និង ក្រោយពេលដែលគាត់ត្រូវបានជាសះស្បើយ ។ តើការមករកព្រះយេស៊ូវគ្រីស្ទដើម្បីត្រូវបានស្អាតពីអំពើបាប អាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់យ៉ាងដូចម្ដេច ?
-
តើអ្នកធ្លាប់បានឃើញជីវិតរបស់មនុស្សម្នាក់ផ្លាស់ប្ដូរ បន្ទាប់ពីត្រូវបានសម្អាតពីអំពើបាប តាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទនៅពេលណា ?
-
សូមពិចារណាអំពីអំពើបាបនានា ដែលអ្នកចាំបាច់ត្រូវតែសម្អាតចេញពីអ្នកនោះ ។ នៅពេលអ្នកមករកព្រះអង្គសង្គ្រោះតាមរយៈការអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ដោយការអធិស្ឋាន ការប្រែចិត្ត និងការគោរពប្រតិបត្តិ នោះទ្រង់អាចធ្វើឲ្យអ្នកស្អាតបាន ។
សូមអាន ម៉ាកុស ១:៤៣–៤៥ដោយរកមើលការណែនាំដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យដល់បុរសឃ្លង់ដែលបានជាសះស្បើយនោះ ។ ក្រឹត្យវិន័យលោកម៉ូសេ តម្រូវឲ្យអ្នកទាំងឡាយដែលបានជាស្អាតពីរោគឃ្លង់ បង្ហាញខ្លួនដល់សង្ឃនៅព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីសង្ឃបានប្រកាសថាមនុស្សឃ្លង់បានជាសះស្បើយ ការបូជាមួយត្រូវធ្វើឡើងតាមរយៈមនុស្សឃ្លង់នោះ អាចត្រូវបានប្រកាស ដោយអនុញ្ញាតឲ្យគាត់ និង គ្រួសារគាត់បានថ្វាយបង្គំពេញលេញនៅក្នុងសហគមន៍វិញ ។
តើបុរសនោះបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គសង្គ្រោះព្រមានគាត់កុំឲ្យប្រាប់ដល់អ្នកដទៃ ?
តើមានអ្វីបានកើតឡើងខ្លះ ពេលបុរសនោះបានផ្សាយដំណឹងអំពីការជាស្អាតរបស់ខ្លួន ?
-
សូមសរសេរឃ្លាខាងក្រោមនេះពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ម៉ាកុស ១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖