មេរៀនទី ៣ ៖ ថ្ងៃទី ២
ម៉ាថាយ ៨-១០
សេចក្តីផ្តើម
នៅពេលព្រះយេស៊ូវគ្រីស្ទ បានយាងទៅដល់ស្រុកកាលីឡេ ទ្រង់បានសម្ដែងអព្ភូតហេតុជាច្រើន ។ ទ្រង់ក៏បានត្រាស់ហៅពួកសាវកដប់ពីររូបដែរ ដោយបានប្រទានអំណាច និង បង្រៀនដល់ពួកគេ ព្រមទាំងបានបញ្ជូនពួកគេឲ្យទៅបម្រើដល់មនុស្ស ។
ម៉ាថាយ ៨:១–៩:២៣
ព្រះយេស៊ូវ បានសម្ដែងអព្ភូតហេតុជាច្រើន
ប្រសិនបើអ្នកបានដឹងថា ព្រះអង្គសង្គ្រោះកំពុងយាងមកទីក្រុងរបស់អ្នកនៅថ្ងៃនេះ តើអ្នកនឹងនាំនរណាទៅឲ្យទ្រង់ព្យាបាល ? ហេតុអ្វី ?
សូមអានបណ្តុំបទគម្ពីរបីក្នុងចំណោមបណ្ដុំបទគម្ពីរទាំងឡាយខាងក្រោមនេះ ដោយស្វែងរកប្រភេទ និង ជំពូកអព្ភូតហេតុនានា ដែលព្រះយេស៊ូវបានសម្ដែង ៖ ម៉ាថាយ ៨:១–៤, ម៉ាថាយ ៨:៥–១៣, ម៉ាថាយ ៨:១៤–១៥, ម៉ាថាយ ៨:២៨–៣២, ម៉ាថាយ ៩:១–៨, ម៉ាថាយ ៩:១៨–១៩, ២៣–២៦, ម៉ាថាយ ៩:២០–២២, ម៉ាថាយ ៩:២៧–៣១, ម៉ាថាយ ៩:៣២–៣៣ ។
តើអ្នកបានសម្គាល់ឃើញអំពីព្រះចេស្តាដ៏មហស្ចារ្យ ដែលព្រះយេស៊ូវមានដែរឬទេ ? ទ្រង់មានព្រះចេស្ដាលើគ្រប់ទាំងធាតុទាំងឡាយនៃផែនដី ដើម្បីព្យាបាលអ្នកជំងឺ និង បណ្ដេញអារក្ស ។
យើងរៀនចេញពីដំណើររឿងទាំងនេះថា ព្រះយេស៊ូវអាចជួយព្យាបាលយើង ពីអស់ទាំងជំងឺ និង រោគា ។
ជំងឺ គឺជាការឈឺថ្កាត់ សេចក្ដីវិនាស និង ភាពទន់ខ្សោយ ។ សូមពិចារណាអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចព្យាបាល ឬ ពង្រឹងភាពទន់ខ្សោយទាំងឡាយរបស់យើង ដោយពុំចាំបាច់មានវត្តមានខាងសាច់ឈាមក្នុងចំណោមយើងនាពេលសព្វថ្ងៃនេះ ។
ម៉ាថាយ ៩:៣៥–១០:៨
ព្រះយេស៊ូវត្រាស់ហៅពួកសាវកដប់ពីររូប
ប្រសិនបើអាច សូមចូលទៅគេហទំព័រ LDS.org រួចស្វែងរករូបថតនៃពួកសាវកនៃសាសនាចក្រនាពេលបច្ចុប្បន្ន រួមទាំងគណៈប្រធានទីមួយ ( ឬ ស្វែងរករូបថតរបស់ពួកលោក នៅក្នុងលេខទស្សនាវដ្ដី Ensign ឬ Liahona សម្រាប់សន្និសីទ ) ។
តើបុគ្គលទាំងនេះមានលក្ខណៈពិសេស ក្នុងចំណោមមនុស្សទាំងអស់លើផែនដីយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សា ម៉ាថាយ ៩:៣៥–១០:៨ សូមស្វែងរកសេចក្ដីពិតអំពីតួនាទីរបស់ពួកសាវក និង ពរជ័យដែលពួកលោកអាចនាំឲ្យមានក្នុងជីវិតរបស់អ្នក ។
សូមអាន ម៉ាថាយ ៩:៣៥ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវ បានធ្វើបន្ថែមពីលើការព្យាបាលដល់មនុស្ស ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅពេលព្រះយេស៊ូវបានប្រកាសដំណឹងល្អ ហើយសម្ដែងអព្ភូតហេតុទូទាំងស្រុកយូដា ចំនួនមនុស្សដែលបានដើរតាម និង ស្វែងរកទ្រង់ បានកើនឡើងកាន់តែច្រើន ។
សូមអាន ម៉ាថាយ ៩:៣៦–៣៨ ដោយស្វែងរកថា តើនរណាដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថាទ្រង់ត្រូវការ ដើម្បីជួយទ្រង់ក្នុងការបម្រើដល់មនុស្សទាំងអស់ដែលដើរតាមទ្រង់ ។
សូមអាន ម៉ាថាយ ១០:១–៤ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់មនុស្ស ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។ យើងរៀនចេញពីដំណើររឿងនេះថា ព្រះយេស៊ូវគ្រីស្ទត្រាស់ហៅពួកសាវក ហើយប្រទានសិទ្ធិអំណាចរបស់ទ្រង់ដល់ពួកគេ ទុកជារបៀបមួយដែលទ្រង់បម្រើដល់មនុស្សលើផែនដី ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះ នៅលើគែមព្រះគម្ពីររបស់អ្នកក្បែរ ម៉ាថាយ ១០:១-៤ ។
សូមកត់ចំណាំថា ព្រឹត្តិការណ៍នានានៅក្នុងដំណឹងល្អម៉ាថាយ ពុំត្រូវបានផ្ដល់ឲ្យទៅតាមលំដាប់លំដោយនៃកាលប្រវត្តិជានិច្ចនោះឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានត្រាស់ហៅពួកសាវកជាដំបូង ក្រោយមក ទ្រង់បានបំពាក់បំប៉នពួកគេនៅក្នុងទេសនកថារបស់ទ្រង់នៅលើភ្នំ ( ម៉ាថាយ ៥–៧ សូមមើល Harmony of the Gospels ) ។
សូមអាន ម៉ាថាយ ១០:៥–៨ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវគ្រីស្ទ បានត្រាស់បង្គាប់ពួកសាវកទ្រង់ឲ្យធ្វើ ។
ជាភាសាក្រិក ពាក្យ សាវក មានន័យថា « មនុស្សម្នាក់ដែលត្រូវ បានបញ្ជូន » ។ ដំបូងឡើយ ពួកសាវកត្រូវ បានបញ្ជូនឲ្យទៅក្នុងចំណោមប្រជាជនក្នុងវង្សអ៊ីស្រាអែល ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ ក្រោយមក ព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់ ឡើងវិញ បានត្រាស់បង្គាប់ថា ដំណឹងក៏ត្រូវប្រកាសទៅក្នុងចំណោមពួកសាសន៍ដទៃដែរ ឬប្រជាជនដែលមិនមែននៅក្នុងវង្សអ៊ីស្រាអែល ( សូមមើល ម៉ាថាយ ២៨:១៩ កិច្ចការ ១:៨ ) ។ ពួកសាវកថ្ងៃចុងក្រោយក៏ត្រូវ បានត្រាស់បង្គាប់ឲ្យប្រកាសដំណឹងល្អ និង ធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ទៅដល់ពិភពលោកទាំងមូល ( សូមមើល គ. និង ស. ១០៧:២៣ ) ។
តើអ្នកសម្គាល់ឃើញភាព ស្រដៀងគ្នាអ្វីខ្លះ រវាងកិច្ចការដែលព្រះយេស៊ូវបានធ្វើ និង កិច្ចការដែលទ្រង់បានត្រាស់បង្គាប់ឲ្យពួកសាវកទ្រង់ធ្វើ ? ចេញពី ម៉ាថាយ ១០:៥–៨ យើងរៀនថា ព្រះអម្ចាស់ត្រាស់ហៅពួកសាវកទ្រង់ ឲ្យប្រកាសដំណឹងល្អរបស់ទ្រង់ និង ធ្វើកិច្ចការរបស់ទ្រង់ ។
តើមានគំរូមួយចំនួនណាខ្លះនៃរបៀបដែលពួកសាវកសម័យបច្ចុប្បន្នប្រកាស និង បម្រើ ដែលដូចជាព្រះយេស៊ូវគ្រីស្ទធ្វើបើទ្រង់គង់នៅទីនេះ ?
ប្រសិនបើអាច សូមចូលទៅគេហទំព័រ LDS.org រួចមើល ឬ អានសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗ ដែលបានផ្ដល់ដោយសាវកសម័យបច្ចុប្បន្នមួយរូប ( ឬ អានសុន្ទរកថាមួយនៃសន្និសីទទូទៅនៅក្នុងទស្សនាវដ្ដី Ensign ឬ Liahona ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការយល់ថាពួកសាវកត្រូវបានហៅដោយព្រះយេស៊ូវគ្រីស្ទឲ្យធ្វើកិច្ចការរបស់ទ្រង់ អាចមានឥទ្ធិពលយ៉ាងដូចម្ដេចលើរបៀបដែលយើងឆ្លើយតបទៅនឹងអ្វីដែលពួកលោកបង្រៀន និង ទូន្មានយើងឲ្យធ្វើ ?
-
តើការបម្រើ និង សារលិខិតនានារបស់ពួកសាវកសម័យទំនើប មានឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្តេចខ្លះ ?
-
សូមពិចារណាអំពីរបៀបដែលអ្នកអាចស្វែងរកឱកាសដោយមានចិត្តស្មោះត្រង់ ដើម្បីស្ដាប់ សិក្សា និង អនុវត្ដតាមប្រសាសន៍របស់ពួកសាវកដែលត្រូវបានជ្រើសតាំងដោយព្រះអម្ចាស់ ។
ម៉ាថាយ ១០:៩-៤២
ព្រះយេស៊ូវត្រាស់បង្រៀនពួកសាវកដប់ពីរនាក់ ពីមុនពួកគេចេញទៅប្រកាសដំណឹងល្អ និង បម្រើ
នៅក្នុង ម៉ាថាយ ១០:៩–១៨ យើងអានថា ព្រះអម្ចាស់បានណែនាំ ពួកសាវក ឲ្យទុកចិត្តលើព្រះវរបិតាសួគ៌ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ពួកគេ នៅពេលពួកគេបានធ្វើដំណើរទៅប្រកាសដំណឹងល្អ ។ ព្រះអង្គសង្គ្រោះក៏បានត្រាស់បង្រៀនពួកគេ ឲ្យប្រសិទ្ធិពរដល់មនុស្សដែលទទួល និង ផ្ដល់ទីជម្រកដល់ពួកគេផងដែរ ។
សូមគិតអំពីគ្រាមួយដែលមនុស្សម្នាក់មានជំនឿផ្សេង បានសួរសំណួរមួយដ៏លំបាកដល់អ្នក អំពីដំណឹងល្អ ឬ អំពីអ្វីមួយដែលប្រឆាំងនឹងសាសនាចក្រ ។ តើអ្នកមានទំនុកចិត្តដល់កម្រិតណា ក្នុងការដឹងអំពីអ្វីដែលអ្នកគួរតែនិយាយនៅក្នុងស្ថានភាពនោះ ?
នៅពេលអ្នកបន្តសិក្សាលើ ម៉ាថាយ ១០ សូមស្វែងរកគោលការណ៍មួយ នៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវទៅដល់ពួកសាវករបស់ទ្រង់ ដែលអាចជួយយើងនៅពេលយើងត្រូវពន្យល់អំពីដំណឹងល្អ ឬ ចែកចាយទីបន្ទាល់របស់យើង ។
សូមអាន ម៉ាថាយ ១០:១៦–២០ ដោយស្វែងរកឧបសគ្គនានាដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា ពួកសាវកនឹងជួបប្រទះនៅពេលពួកគេបានធ្វើដំណើរ ហើយប្រកាសដំណឹងល្អ ។
យោងតាម ខទី ១៩–២០ តើពួកសាវកត្រូវធ្វើដូចម្ដេច ដើម្បីដឹងអំពីអ្វីដែលត្រូវនិយាយនៅក្នុងស្ថានភាពដ៏លំបាកនេះ ? ( ឃ្លា « កុំឲ្យថប់ព្រួយ » មានន័យថា « កុំឲ្យបារម្ភពេក » [ សូមមើល ម៉ាថាយ ១០:១៩ លេខយោង ក ] ) ។
ចេញពីអ្វីដែលអ្នករៀននៅក្នុង ម៉ាថាយ ១០:១៩–២០ សូមបញ្ចប់គោលការណ៍ខាងក្រោមនេះ អំពីការថ្លែងទៅកាន់មនុស្សទូទៅ ៖ នៅពេលយើងនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ នោះទ្រង់នឹង ។
-
សូមឆ្លើយសំណួរមួយ ឬ សំណួរទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើគោលការណ៍ដែលអ្នកបង្ហាញខាងលើនេះ អាចជួយអ្នកបានយ៉ាងដូចម្ដេច នៅពេលមនុស្សម្នាក់សួរអ្នកនូវសំណួរដ៏លំបាកអំពីសាសនាចក្រ ?
-
តើនៅពេលណាដែលអ្នកធ្លាប់មានអារម្មណ៍ថាព្រះអម្ចាស់បំផុសគំនិតអ្នក ឲ្យដឹងអំពីអ្វីដែលត្រូវថ្លែងទៅកាន់បុគ្គលម្នាក់ទៀត ?
-
ម៉ាថាយ ១០:២១–៤២ កត់ត្រាថា ព្រះយេស៊ូវគ្រីស្ទបានបន្តប្រទានសេចក្ដីណែនាំ ការព្រមាន និង ការលួងលោមចិត្តអំពីឧបសគ្គនានា ដែលពួកគេនឹងជួបប្រទះ ។
សូមអាន ម៉ាថាយ ១០:៣៧–៣៨ ដោយស្វែងរកការលះបង់នានាដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា យើងត្រូវតែមានឆន្ទៈធ្វើការលះបង់ ក្នុងនាមជាសិស្សរបស់ទ្រង់ ។ ឃ្លា « គួរនឹងខ្ញុំ » នៅក្នុងខគម្ពីរនេះ មានន័យថា សក្ដិសមនឹងធ្វើជាអ្នកតំណាងឲ្យព្រះអម្ចាស់ និង ទទួលបានពរជ័យពីទ្រង់ ។
សូមពិចារណាអំពីមូលហេតុដែលចាំបាច់សម្រាប់ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវស្រឡាញ់ទ្រង់ឲ្យលើសពីអ្វីគ្រប់ទាំងអស់—រួមទាំងសមាជិកគ្រួសាររបស់ពួកគេផង ។
ឈើឆ្កាងដែលមានលើកឡើងនៅក្នុង ម៉ាថាយ ១០:៣៨ សំដៅទៅលើឈើឆ្កាងដែលព្រះយេស៊ូវគ្រីស្ទបានលីនៅក្នុងសាច់ឈាម ដើម្បីបំពេញតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ និង នាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សទូទៅ ។
តើអ្នកគិតថា ផ្ទុកឈើឆ្កាងរបស់យើង ហើយដើរតាមទ្រង់ មានន័យយ៉ាងដូចម្ដេច ?
សូមអាន ម៉ាថាយ ១០:៣៩ ដោយស្វែងរកគោលការណ៍ ដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការលះបង់ ។ ការបកប្រែដោយ យ៉ូសែប ស៊្មីធ បញ្ជាក់នៅដើមខគម្ពីរនេះថា « អ្នកណាដែលព្យាយាមរក្សាជីវិតខ្លួន … » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១០:៣៩ [ នៅក្នុង ម៉ាថាយ ១០:៣៩ លេខយោង ក ] ) ។ នៅក្នុងបរិបទនេះ ឃ្លា « រក្សាជីវិតខ្លួន » មានន័យថា រស់នៅដោយភាពអាត្មានិយម ជាងប្រឹងប្រែងបម្រើព្រះ និង កូនចៅទ្រង់ ។
តើអ្នកគិតថាមនុស្សដែលផ្តោតអារម្មណ៍ទៅលើបំណងផ្ទាល់ខ្លួន និង សេចក្ដីប្រាថ្នាដ៏អាត្មានិយម នឹង « បាត់ » ជីវិតខ្លួនទៅ នៅទីបញ្ចប់តាមរបៀបណា ? សូមបញ្ចប់គោលការណ៍ខាងក្រោមនេះ ដោយប្រើពាក្យពេចន៍របស់អ្នកផ្ទាល់ ៖ ប្រសិនបើយើងព្យាយាមរក្សាជីវិតខ្លួន នោះ ។
សូមគិតអំពីការគូសចំណាំការសន្យានេះនៅក្នុង ខ ៣៩ ដែលព្រះអង្គសង្គ្រោះបានធ្វើ ជាមួយអ្នកដែលបានបាត់បង់ជីវិតខ្លួនដើម្បីទ្រង់ ។ ការបាត់បង់ជីវិតខ្លួនដើម្បីទ្រង់ មានន័យជ្រាលជ្រៅជាងការដែលមានឆន្ទៈក្នុងការស្លាប់ដើម្បីទ្រង់ទៅទៀត ។ វាមានន័យថាការមានឆន្ទៈថ្វាយខ្លួនយើងជារៀងរាល់ថ្ងៃ ដើម្បីបម្រើទ្រង់ និង មនុស្សនៅជុំវិញខ្លួនយើង ។
តើអ្នកគិតថា វាមានន័យដូចម្ដេចដែលយើងនឹងរកឃើញជីវិតវិញ នៅពេលយើងបានបាត់បង់វាដើម្បីទ្រង់នោះ ?
សូមបញ្ចប់គោលការណ៍ខាងក្រោមនេះ ដោយប្រើពាក្យពេចន៍របស់អ្នកផ្ទាល់ ៖ ប្រសិនបើយើងបាត់ជីវិតដើម្បីព្រះយេស៊ូវគ្រីស្ទ នោះ ។
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុនសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖ « ខ្ញុំជឿថា ព្រះអង្គសង្គ្រោះ កំពុងតែមានព្រះបន្ទូលប្រាប់យើងថា លើកលែងតែយើងលះបង់ខ្លួនយើង ដើម្បីបម្រើដល់មនុស្សទូទៅប៉ុណ្ណោះ នោះទើបជីវិតរបស់យើងផ្ទាល់នឹងមានគោលបំណងបន្តិចបន្តួចវិញ ។ អ្នកទាំងឡាយណាដែលរស់នៅសម្រាប់តែខ្លួនឯង យូរៗទៅនឹងហួតហែង ហើយមាននិមិត្តរូបជា ការបាត់បង់ជីវិតរបស់ខ្លួន ស្របពេលដែលមនុស្សដែលលះបង់ខ្លួនពួកគេ ដើម្បីបម្រើអ្នកដទៃ នឹងរីកចម្រើន ហើយលូតលាស់—និងជាប្រយោជន៍ដើម្បីសង្គ្រោះជីវិតរបស់ពួកគេវិញ » ( « What Have I Done for Someone Today? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនរណាដែលអ្នកស្គាល់ថាជាមនុស្សដែលបានជ្រើសរើស ស្មគ្រ័បាត់បង់ជីវិតខ្លួនដើម្បីព្រះយេស៊ូវគ្រីស្ទ ? តើបុគ្គលរូបនេះ បានធ្វើដូចម្ដេច ?
-
តើការសម្រេចចិត្តនេះ មានអានុភាពលើបុគ្គលរូបនេះយ៉ាងដូចម្ដេច ?
-
តើមានអ្វីខ្លះដែលអ្នកអាចធ្វើនាពេលបច្ចុប្បន្ននេះ ឬ នៅពេលខាងមុខដ៏ខ្លី ស្មគ្រ័បាត់ជីវិតខ្លួនទៅក្នុងការបម្រើព្រះយេស៊ូវគ្រីស្ទ និង មនុស្សទូទៅ ?
-
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ម៉ាថាយ ៨-១០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖