មេរៀនទី ៣ ៖ ថ្ងៃទី ៤
ម៉ាថាយ ១៣:១-២៣
សេចក្តីផ្តើម
កាលព្រះអង្គសង្គ្រោះគង់នៅស្រុកកាលីឡេ បណ្ដាជនកកកុញបានមកឯទ្រង់ ។ ទ្រង់បានត្រាស់បង្រៀនប្រជាជនដោយប្រើរឿងប្រដូច ដោយបានចាប់ផ្ដើមដោយរឿងប្រដូចអំពីអ្នកព្រោះពូជម្នាក់ ។
ម៉ាថាយ ១៣:១-១៧
ព្រះអង្គសង្គ្រោះបានត្រាស់បង្រៀន រឿងប្រដូចអំពីអ្នកព្រោះពូជម្នាក់
សូមគិតអំពីសួន ឬ រុក្ខជាតិដាំក្នុងផើង ។ តើដីមានជីជាតិ មានលក្ខណៈយ៉ាងដូចម្ដេច ? តើដីពុំមានជីជាតិ មានលក្ខណៈយ៉ាងដូចម្ដេច ?
នៅក្នុង ម៉ាថាយ ១៣:១–២៣ យើងអានថា ព្រះអង្គសង្គ្រោះបានប្រៀបធៀបដីជាច្រើនប្រភេទ ទៅនឹងដួងចិត្តរបស់មនុស្ស ។ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះនៅថ្ងៃនេះ សូមពិចារណាថាតើប្រភេទដីមួយណាដែលមានសភាពដូចជា ស្ថានភាពនៃដួងចិត្តរបស់អ្នកនាពេលនេះ ។
សូមអាន ម៉ាថាយ ១៣:១-៣ ដោយស្វែងរករបៀបដែលព្រះយេស៊ូវបានត្រាស់បង្រៀន បណ្ដាជននៅស្រុកកាលីឡេ ?
តើព្រះយេស៊ូវបានត្រាស់បង្រៀន បណ្ដាជនយ៉ាងដូចម្ដេច ?
ដូចម្ដេចដែលហៅថារឿងប្រដូច ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រឿងប្រដូច ») ។
រឿងប្រដូចគឺជា « រឿងសាមញ្ញដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញ និង បង្រៀនអំពីសេចក្ដីពិតខាងវិញ្ញាណ ឬ គោលការណ៍មួយ ។ រឿងប្រៀបប្រដូច ផ្អែកទៅលើការប្រៀបធៀបវត្ថុបំណងធម្មតា ឬ ព្រឹត្តការណ៍មួយ ទៅនឹងសេចក្ដីពិត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រឿងប្រដូច » scriptures.lds.org ) ។
ស្របតាម ម៉ាថាយ ១៣:៣ តើរឿងប្រដូចរបស់ព្រះអង្គសង្គ្រោះ និយាយអំពីអ្វី ?
ព្រោះ មានន័យថា សាប ឬ បាចគ្រាប់ពូជ ។ សូមអាន ម៉ាថាយ ១៣:៤–៩ ដោយស្វែងរកប្រភេទដីទាំងបួនដែលគ្រាប់ពូជបានធ្លាក់ទៅ ។
តើប្រភេទដីអ្វីខ្លះដែលគ្រាប់ពូជបានធ្លាក់ទៅ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបដែលតំណាងឲ្យប្រភេទដីទាំងបួន ។ នៅពេលអ្នករៀនអំពីការបកស្រាយនៃរឿងប្រដូចនោះ សូមដាក់ឈ្មោះនៅលើរូបភាពនោះ ។
-
ដីភ្លឺស្រែ គឺជាផ្លូវលំក្បែរវាលស្រែ ហើយវាក្លាយជាមានសភាពហាប់នៅពេលមនុស្សដើរជាន់លើវា ។ កំហាប់ដីរឹងនៅលើភ្លឺ រារាំងគ្រាប់ពូជពីការចាក់ឫសចូលទៅក្នុងដី ។
-
កន្លែងថ្ម គឺជាផ្ទៃដីដែលសម្បូរទៅដោយថ្ម ដែលគ្របដណ្ដប់ដោយកម្រាស់ដីដ៏ស្ដើង ។ ទោះជាគ្រាប់ពូជអាចចាក់ឫសទៅក្នុងដីរាក់ៗក្ដី ក៏ថ្មដែលស្ថិតនៅពីក្រោមផ្ទៃដីនោះ រារាំងឫសមិនឲ្យចាក់ចូលទៅកាន់តែជ្រៅដែរ ។
-
ដីមានបន្លា គឺជាដីមានជីជាតិ ប៉ុន្តែបន្លាដុះឡើងខ្ចប់ជិត ដោយដកយកពន្លឺព្រះអាទិត្យ ទឹក ថែមទាំងសារធាតុចិញ្ចឹមចាំបាច់នានា ។
-
ដីល្អ គឺជាដីមានជីជាតិ ដែលមានជម្រៅល្មមនឹងឫសអាចចាក់ចូលទៅបានយ៉ាងល្អ ។
ម៉ាថាយ ១៣:១០–១១ កត់ត្រាថា ពួកសិស្សរបស់ព្រះអង្គសង្គ្រោះបានទូលសួរ អំពីមូលហេតុដែលទ្រង់បង្រៀនដោយប្រើរឿងប្រដូច ។ ទ្រង់បានមានព្រះបន្ទូលពន្យល់ថា រឿងប្រដូចបើកសម្ដែងអំពីអាថ៌កំបាំង ឬ សេចក្ដីពិតទាំងឡាយនៃនគរស្ថានសួគ៌ ទៅដល់អ្នកទាំងឡាយណាដែលត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកវា ស្របពេលដែលវាកំពុងលាក់អត្ថន័យពីអ្នកទាំងឡាយណា ដែលពុំបានត្រៀមខ្លួនរួចរាល់ខាងវិញ្ញាណ ( សូមមើល New Testament Student Manual [Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៥ ) ។
សូមអាន ម៉ាថាយ ១៣:១៤–១៥ ដោយស្វែងរកអ្វីដែលរារាំងមនុស្ស ពីការយល់ដឹងអំពីសេចក្ដីពិតនានាដែលព្រះអង្គសង្គ្រោះបានត្រាស់បង្រៀន ។
តើអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលថាបានរារាំងមនុស្សមិនឲ្យមើលឃើញ ស្ដាប់ឮ និង យល់ដឹងសេចក្ដីពិតនានាដែលទ្រង់បានបង្រៀននោះ ?
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា « ទោសដែលធ្លាក់លើបណ្ដាជន ដែលពុំបានទទួលសេចក្ដីបង្រៀនរបស់ទ្រង់នោះ គឺដោយសារតែពួកគេពុំមានឆន្ទៈបើកភ្នែកមើល និង ផ្ទៀងត្រចៀកស្ដាប់ឡើយ ដ្បិតនោះមិនមែនមកពីពួកគេពុំអាចធ្វើដូច្នោះបាន ឬ ពុំមានឯកសិទ្ធិដើម្បីមើលឃើញ និង ស្ដាប់ឮនោះទេ ប៉ុន្តែគឺដោយសារតែដួងចិត្តរបស់ពួកគេពោរពេញទៅដោយអំពើទុច្ចរិត និង អំពើខ្ពើមឆ្អើមទាំងឡាយវិញទេតើ » ។ លោកក៏បានបង្រៀនផងដែរថា « មូលហេតុចម្បងដែលបណ្ដាជន ឬ មនុស្សលើផែនដីពុំទទួលបានការបកស្រាយលើរឿងប្រដូច ដែលត្រូវបានតំណាលដោយព្រះអង្គសង្គ្រោះ គឺដោយសារតែការឥតជំនឿ » ( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៩៦, ២៩៨) ។
ឃ្លា « ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ » នៅក្នុង ខទី ១៥ មានន័យថា ដួងចិត្តរបស់ប្រជាជននេះ បានក្លាយជារឹងទទឹង ហើយមិនស្ដាប់បង្គាប់ ។ ស្របតាម ខទី ១៥ តើយើងអាចបាត់បង់ពរជ័យអ្វីខ្លះ ប្រសិនបើយើងធ្វើចិត្តរឹងរូសនោះ ?
យើងរៀនចេញពីខគម្ពីរទាំងនេះថា ប្រសិនបើយើងធ្វើចិត្តរឹងរូស នោះយើងនឹងពុំយល់ព្រះបន្ទូលព្រះ ឬ ក្លាយជាប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ និង បានជាសះស្បើយបានឡើយ ។ សូមសរសេរគោលការណ៍នេះនៅក្បែររូបភាពដីតាមផ្លូវ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមពិចារណាអំពីអត្ថន័យនៃការក្លាយជាប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ និង ការបានជាសះស្បើយ ។
នៅពេលអ្នកប្រែចិត្តជឿ អ្នកបានកែប្រែ និង បានញែកឲ្យបរិសុទ្ធតាមរយៈដង្វាយធួនរបស់ទ្រង់ ដើម្បីឲ្យជំនឿ ដួងចិត្ត និង ជីវិតរបស់អ្នកចុះសម្រុងទៅនឹងព្រះឆន្ទៈនៃព្រះវរបិតាសួគ៌ ហើយអ្នកត្រូវបានដោះលែងពីបន្ទុកនៃអំពើបាប ។
នៅក្នុង ម៉ាថាយ ១៣:១៦–១៧ ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា ពួកគេមានពរហើយ ដ្បិតភ្នែកពួកគេបានមើលឃើញ ហើយត្រចៀកពួកគេបានស្ដាប់ឮ ។
ម៉ាថាយ ១៣:១៨-២៣
ព្រះអង្គសង្គ្រោះបានបកស្រាយរឿងប្រដូចអំពីអ្នកព្រោះពូជ
សូមមើលទៅរូបភាពដីតាមផ្លូវរបស់អ្នកម្ដងទៀត ។ សូមអាន ម៉ាថាយ ១៣:១៨–១៩ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានប្រៀបធៀបទៅនឹងគ្រាប់ពូជ ដីតាមផ្លូវ និង សត្វស្លាបដែលមានលើកឡើងនៅក្នុង ម៉ាថាយ ១៣:៤ ។ បន្ទាប់មកសូមដាក់ឈ្មោះរូបភាពរបស់អ្នក ទៅតាមការបកស្រាយរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុង ខទី ១៩ ឃ្លា « តែមិនយល់ » អាចសំដៅទៅលើលទ្ធផលនៃការពង្រឹងចិត្ត និង « អាកំណាច » អាចតំណាងឲ្យសាតាំង ព្រមទាំងពួកបម្រើរបស់វា ។
សូមពិចារណាអំពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ អំពីដីភ្លឺស្រែអាចនឹងជួយអ្នកយល់កាន់តែច្បាស់ អំពីគោលការណ៍ដែលថា ប្រសិនបើយើងធ្វើចិត្តរឹងរូស នោះយើងនឹងពុំយល់ព្រះបន្ទូលព្រះ ឬ ក្លាយជាប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ និង បានជាសះស្បើយឡើយ ។
សូមមើលទៅរូបភាពដីមានថ្ម នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមអាន ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ ដោយស្វែងរកការបកស្រាយរបស់ព្រះអង្គសង្គ្រោះអំពីកន្លែងថ្ម ។ ពាក្យ ទទួលភ្លាម នៅក្នុង ខទី ២០ មានន័យថា មួយរំពេច ឬ ឆាប់ៗ ។
នៅក្នុងខគម្ពីរទាំងនេះ ព្រះយេស៊ូវបានបង្រៀនថា ដើមដែលដុះនៅក្នុងកន្លែងថ្ម តំណាងឲ្យអ្នកទាំងឡាយណាដែលមានទីបន្ទាល់ពុំចាក់ឫសបានជ្រៅ ។ សូមដាក់ឈ្មោះរូបភាពដើមដុះលើកន្លែងថ្មថា ទីបន្ទាល់ពុំចាក់ឫសបានជ្រៅ ។
ស្របតាម ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ តើកម្ដៅព្រះអាទិត្យតំណាងឲ្យអ្វី ? នៅពីលើរូបភាពដើមដែលមានឫសមិនជ្រៅ សូមសរសេរអ្វីដែលជាតំណាងកម្ដៅព្រះអាទិត្យ ។
សូមសរសេរគោលការណ៍ខាងក្រោមនេះក្បែរ រូបភាពដីមានថ្ម ៖ លុះត្រាតែយើងព្យាយាមពង្រឹងទីបន្ទាល់យើងឲ្យស៊ីជម្រៅ បើមិនដូច្នោះទេ យើងនឹងបាត់បង់ភាពរឹងមាំចាំបាច់ដើម្បីស៊ូទ្រាំក្នុងសេចក្ដីលំបាក សេចក្ដីបៀតបៀន និង ការល្បួងនានា ។
សូមមើលទៅរូបភាពដីមានបន្លា ។ សូមអាន ម៉ាថាយ ១៣:២២ ដោយស្វែងរកថាតើបន្លាតំណាងឲ្យអ្វី ។ សូមដាក់ឈ្មោះរូបភាពរបស់អ្នក នូវអ្វីដែលជាតំណាងឲ្យបន្លានោះ ។
តើមានឧទាហរណ៍ណាខ្លះអំពីសេចក្ដីខ្វាយខ្វល់នៃលោកិយ ដែលអាច « ខ្ទប់ព្រះបន្ទូលជាប់ » ?
ភាពខាងលោកិយ លោភៈ និង សេចក្ដីបញ្ឆោតចិត្តខាងសាច់ឈាម គឺជាឧទាហរណ៍មួយចំនួននៃសេចក្ដីខ្វាយខ្វល់ដែលអាច « ខ្ទប់ព្រះបន្ទូលជាប់ » ហើយនាំយើងឲ្យឃ្លាតឆ្ងាយពីព្រះ ។ នៅក្បែររូបភាពដីមានបន្លា សូមសរសេរគោលការណ៍ដូចខាងក្រោម ៖ សេចក្តីខ្វល់ខ្វាយខាងលោកិយ អាចខ្ទប់សេចក្ដីជំនឿ និង ទីបន្ទាល់របស់យើងអំពីព្រះបន្ទូលព្រះមិនឲ្យរីកលូតលាស់បាន ។
សូមមើលទៅរូបភាពដីល្អ ។ សូមអាន ម៉ាថាយ ១៣:២៣ និង ចំណែកនៃការបកប្រែដោយ យ៉ូសែប ស៊្មីធ នៅក្នុង ម៉ាថាយ ១៣:២៣ លេខយោង ខ ។
សូមកត់ចំណាំថា ការបកប្រែដោយ យ៉ូសែប ស៊្មីធ ជួយយើងយល់ថា ដើមដែលដុះក្នុងដីល្អ រស់បានយូរ ។ សូមកត់ចំណាំផងដែរថា ដើមដែលដុះក្នុងដីល្អ ក៏រងកម្ដៅព្រះអាទិត្យដូចគ្នា ( ដែលតំណាងឲ្យសេចក្ដីលំបាក សេចក្តីបៀតបៀន និង ការល្បួងនានា ) ដូចជាដើមដែលក្រៀមនៅក្នុងដីមានថ្មដែរ ។ សូមពិចារណាអំពីរបៀបដែលអ្នក នឹងសង្ខេបអ្វីដែលជាតំណាងឲ្យដីល្អ ហើយដាក់ឈ្មោះរូបភាពរបស់អ្នក ។
យោងតាមអ្វីដែលអ្នកបានរៀននៅក្នុង ម៉ាថាយ ១៣:១៥ តើផ្លែដែលមានលើកឡើងនៅក្នុង ខទី ២៣ អាចតំណាងឲ្យអ្វី ?
ចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ អំពីដីល្អ យើងរៀនគោលការណ៍ដែលថា នៅពេលយើងទទួលយកព្រះបន្ទូលព្រះ យល់អំពីវា ហើយតស៊ូក្នុងសេចក្ដីលំបាក សេចក្ដីបៀតបៀន និង ការល្បួង នោះយើងនឹងក្លាយជាប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ ។ សូមសរសេរគោលការណ៍នេះ នៅក្បែររូបភាពដីល្អ ។
សូមអានស្ថានភាពខាងក្រោមនេះ ។ សូមគូសបន្ទាត់ចេញពីប្រភេទដីនីមួយៗ ទៅស្ថានភាពដែលបង្ហាញយ៉ាងច្បាស់អំពីគោលការណ៍ដែលមានបង្រៀន និង តំណាងដោយដីនោះនៅក្នុងរឿងប្រដូចនៃអ្នកសាបព្រោះពូជ ។
|
យុវនារីម្នាក់បានធ្លាប់ចូលចិត្ត ទៅព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនាងចម្រើនវ័យទៅ មិត្តភក្ដិមួយចំនួនរបស់នាងបានសើចចំអកដាក់នាង ដោយសារតែបទដ្ឋានដែលនាងរស់នៅនោះ ។ នាងបានចាប់ផ្ដើមរំលងបទបញ្ញត្តិមួយចំនួន ។ នាងពុំមានអារម្មណ៍ល្អនៅព្រះវិហារទៀតឡើយ ថែមទាំងមិនមានអារម្មណ៍ចង់ចួលរួមទៀតផង ។ |
|
យុវនារីម្នាក់ចូលរួមព្រះវិហារ ហើយអធិស្ឋានដោយស្ងៀមស្ងាត់ ដើម្បីនាងអាចងាយនឹងទទួលអារម្មណ៍បំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលនាងទទួលបានការបំផុសគំនិត នាងបានប្រព្រឹត្តតាមការបំផុសគំនិតទាំងនោះ ។ នាងមានអារម្មណ៍ថានៅជិតព្រះអម្ចាស់ ហើយនាងមានអំណរគុណចំពោះរបៀបដែលនាងបានទទួលការបំផុសគំនិតឲ្យយកឈ្នះលើការល្បួង ។ |
|
យុវជនម្នាក់ចូលរួមព្រះវិហារបរិសុទ្ធយ៉ាងទៀងទាត់ ប៉ុន្តែពុំសូវរួមចំណែក និង ពុំបើកដួងចិត្តរបស់គាត់ ទទួលអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ។ គាត់បានអានព័ត៌មាននៅលើគេហទំព័រ ដែលជំទាស់នឹងគោលលទ្ធិសំខាន់ៗនៃសាសនាចក្រ ហើយគាត់បានចោទជាសំណួរដល់ខ្លួងឯង ថាតើគាត់នៅតែជឿលើភាពពេញលេញនៃដំណឹងល្អឬទេ ។ |
|
យុវជនម្នាក់ចំណាយពេលវេលាភាគច្រើនរបស់គាត់លើការសិក្សា ដើម្បីគាត់អាចបានទទួលឲ្យចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ ។ នៅពេលគាត់មិនរវល់នឹងការសិក្សា នោះគាត់រវល់នឹងការងារ ។ គាត់ប្រាប់ខ្លួនឯងថា គាត់ពុំមានពេលអានព្រះគម្ពីរ អធិស្ឋាន ឬ ទៅព្រះវិហារឡើយ ។ |
វាសំខាន់ដែលត្រូវចងចាំថា ចិត្តគឺដូចជាដីដូច្នោះដែរ គឺអាចផ្លាស់ប្ដូរ និង ពង្រីកបន្ថែម ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីដែលយើងអាចធ្វើបានដើម្បីបង្កើត ឬ រក្សាប្រភេទដីនីមួយៗ ឲ្យទៅជាកន្លែងដាំរុក្ខជាតិប្រកបដោយជីជាតិ និង កើតផលឡើង ?
-
តើយើងអាចប្រដូចការបង្កើនគុណភាពដីនីមួយៗ ទៅនឹងអ្វីដែលយើងអាចធ្វើដើម្បីផ្លាស់ប្ដូរដួងចិត្តយើង ឲ្យកាន់តែងាយនឹងទទួលព្រះបន្ទូលព្រះ បានយ៉ាងដូចម្ដេច ?
-
តើការព្យាយាមទទួលបាន និង យល់ព្រះបន្ទូលព្រះ បានជួយអ្នកឲ្យប្រែចិត្តជឿកាន់តែខ្លាំងលើព្រះអង្គសង្គ្រោះ យ៉ាងដូចម្ដេច ?
-
សូមពិចារណាថាតើស្ថានភាពណាមួយ ដែលតំណាងឲ្យចិត្តរបស់អ្នកក្នុងពេលនេះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគោលដៅមួយអំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីទទួលបាន និង យល់ព្រះបន្ទូលព្រះបានកាន់តែច្បាស់ ហើយតស៊ូក្នុងសេចក្ដីលំបាក សេចក្ដីបៀតបៀន និង ការល្បួងនានា ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ម៉ាថាយ ១៣:១–២៣ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖