មេរៀនទី ៦ ៖ ថ្ងៃទី ៤
ម៉ាថាយ ២៦:១-៣០
សេចក្តីផ្តើម
ពីរថ្ងៃមុនថ្ងៃបុណ្យរំលង យូដាសរួមគំនិតនឹងពួកអ្នកដឹកនាំសាសន៍យូដា ដែលមានបំណងចង់ធ្វើគុតព្រះយេស៊ូវ ។ នៅយប់នៃបុណ្យរំលង ព្រះយេស៊ូវបានណែនាំអំពីពិធីសាក្រាម៉ង់ ។
ម៉ាថាយ ២៦:១-១៦
យូដាសរួមគំនិតនឹងពួកអ្នកដឹកនាំសាសន៍យូដា ដែលមានបំណងចង់ធ្វើគុតព្រះយេស៊ូវ
តើអ្នកធ្លាប់មើលភាពយន្ត ឬអានរឿងដែលមានតួអង្គត្រូវគេក្បត់ដែរឬទេ ? ហេតុអ្វីបានជាតួអង្គនោះត្រូវគេក្បត់ ? តើអ្នកនឹងមានអារម្មណ៍ដូចម្ដេច ប្រសិនបើមិត្តភក្ដិជិតស្និទ្ធរបស់អ្នកក្បត់អ្នកនោះ ? នៅពេលអ្នកអានអំពីវេលាចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ សូមចងចាំថា ទ្រង់ត្រូវមិត្តជិតស្និទ្ធម្នាក់ក្បត់ ។
សម្រាប់ពួកអ៊ីស្រាអែលបូរាណ សប្ដាហ៍បុណ្យរំលងគឺជាសប្ដាហ៍សំខាន់ជាងគេប្រចាំឆ្នាំ ។ « ការទទួលទានបុណ្យរំលងត្រូវបានតាំងឡើង [ នៅសម័យម៉ូសេ ] ដើម្បីជួយរំឭកកូនចៅអ៊ីស្រាអែល អំពីគ្រាដែលទេវតាបំផ្លាញបានបង្ហួសផ្ទះរបស់ពួកគេ ហើយបានរំដោះពួកគេចេញពីកណ្ដាប់ដៃពួកអេស៊ីព្ទ [ សូមមើល និក្ខមនំ ១២:២១–២៨; ១៣:១៤–១៥ ] » ។ ជាផ្នែកនៃបុណ្យរំលង ពួកអ៊ីស្រាអែលបានបូជាចៀមមួយក្បាលហើយយកឈាមវាទៅលាបនៅលើមាត់ទ្វាររបស់ពួកគេ ។ « ឈាមកូនចៀមដែលឥតខ្ចោះទាំងប៉ុន្មាន ត្រូវបានយកមកប្រើជាទីសម្គាល់សម្រាប់ជួយសង្គ្រោះពួកអ៊ីស្រាអែលពីបូរាណ នោះគឺជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ជាកូនចៀមនៃព្រះ រីឯការបូជារបស់ទ្រង់នោះបានប្រោសលោះមនុស្សលោកទាំងអស់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បុណ្យរំលង » scriptures.lds.org ) ។
សូមអាន ម៉ាថាយ ២៦:១-២ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវបានមានបន្ទូលថានឹងកើតឡើងនៅបន្ទាប់ពីបុណ្យរំលង ។
បន្ទាប់មកសូមអាន ម៉ាថាយ ២៦:៣–៥ ដោយស្វែងរកថាតើនរណាទៅ ដែលបានរៀបផែនការធ្វើគុតព្រះយេស៊ូវនៅពេលនេះ ។
ហេតុអ្វីពួកអាចារ្យ និងពួកសង្ឃរាជបានសម្រេចចិត្តរង់ចាំធ្វើគុតព្រះយេស៊ូវរហូតដល់ក្រោយបុណ្យរំលង ?
នៅក្នុង ម៉ាថាយ ២៦:៦–១៣ យើងអានថា កាលព្រះយេស៊ូវគង់នៅភូមិបេថនី មានស្ត្រីម្នាក់បានមករកទ្រង់ហើយចាក់ប្រេងតាំងទ្រង់ជាមួយនឹងប្រេងដ៏ថ្លៃបំផុតដើម្បីទទួលស្គាល់នូវការសុគត និងការបញ្ចុះសពរបស់ទ្រង់ដែលនឹងមកដល់ ។ ពួកសិស្សរបស់ទ្រង់មួយចំនួន រួមទាំងយូដាស ដែលជាសាវកម្នាក់ក្នុងចំណោមពួកសាវកដប់ពីរនាក់ និងជាអ្នករក្សាទ្រព្យរបស់ក្រុមនេះ បានត្អូញត្អែរថា ប្រេងនោះគួរយកទៅលក់ដើម្បីជួយដល់អ្នកក្រីក្រវិញ ។ ទោះជាយ៉ាងណាក៏ដោយ យូដាស ពុំបានខ្វល់ខ្វាយនឹងពួកអ្នកក្រីក្រទេ ប៉ុន្តែគាត់ជាចោរម្នាក់ដែលចង់បានប្រាក់សម្រាប់តែខ្លួនឯងវិញ ( សូមមើល យ៉ូហាន ១២:៤–៦ ) ។
សូមអាន ម៉ាថាយ ២៦:១៤–១៦ ដោយស្វែងរកអ្វីដែលយូដាសបានធ្វើ បន្ទាប់ពីព្រះអង្គសង្គ្រោះបានបន្ទោសចំពោះការត្អូញត្អែររបស់គាត់ ។
សូមកត់ចំណាំចំនួនប្រាក់ដែលយូដាសបានទទួល ជាថ្លៃនៃការក្បត់ព្រះយេស៊ូវ ។ « យោងតាមក្រឹត្យវិន័យរបស់ម៉ូសេ ប្រាក់សាមសិបរៀលត្រូវសងដល់ចៅហ្វាយសម្រាប់ការស្លាប់របស់បាវម្នាក់ ( សូមមើល និក្ខមនំ ២១:៣២ ) ។ … ថ្លៃសម្រាប់ការក្បត់នោះឆ្លុះបញ្ចាំងអំពីការមើលស្រាលដែលយូដាស និងពួកសង្ឃរាជមានចំពោះព្រះអង្គសង្គ្រោះ » ( New Testament Student Manual [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៨១ ) ។ វាក៏បានបំពេញការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់ស្ដីពីការក្បត់ចំពោះព្រះអង្គសង្គ្រោះដែរ ( សូមមើល សាការី ១១:១២ ) ។
ម៉ាថាយ ២៦:១៧-២៥
ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ទទួលទានអាហារបុណ្យរំលង
សូមគិតអំពីពេលចុងក្រោយដែលអ្នកបានឆ្លុះកញ្ចក់ ។ តើអត្ថប្រយោជន៍មួយចំនួនដែលកញ្ចក់អាចមានចំពោះយើងគឺអ្វីខ្លះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ ដោយស្វែងរក ហើយគូសចំណាំមូលហេតុដែលយើងត្រូវមើលឃើញខ្លួនឯងឲ្យបានច្បាស់ ដូចជាព្រះទ្រង់ទតយើងអញ្ជឹងដែរ ៖
« គ្មានយើងណាម្នាក់ចូលចិត្តសារភាពឡើយ ពេលយើងបរាជ័យក្នុងការបំពេញកិច្ចការរបស់យើងនោះ។ ជារឿយៗ យើងព្យាយាមចៀសវាងពីការមើលឲ្យបានជាក់លាក់ទៅក្នុងព្រលឹងយើង និងការប្រឈមនឹងភាពទន់ខ្សោយ ដែនកំណត់ និងភាពភ័យខ្លាចរបស់យើង។ ជាលទ្ធផល ពេលយើងដកពិសោធន៍ជីវិតយើង យើងធ្វើដូច្នេះដោយប្រើគំនិតផ្ទាល់ខ្លួន ការដោះសារ និងរឿងដែលប្រាប់ខ្លួនឯងដើម្បីការពារគំនិត និង ទង្វើមិនសក្ដិសម ។
« ប៉ុន្តែការដែលយើងមើលឃើញខ្លួនឯងឲ្យច្បាស់ គឺជាកត្តាដ៏ចាំបាច់ចំពោះសុខុមាលភាព និង ភាពរីកចម្រើនខាងវិញ្ញាណរបស់យើង ។ ប្រសិនបើភាពទន់ខ្សោយ និងកំហុសយើងបន្តលាក់ទុក នោះព្រះចេស្ដាដ៏ប្រោសលោះនៃព្រះអង្គសង្គ្រោះមិនអាចព្យាបាលវា ហើយធ្វើឲ្យវារឹងមាំបានឡើយ ។ …
« ដូច្នេះ តើយើងអាចបំភ្លឺពន្លឺដ៏បរិសុទ្ធនៃសេចក្ដីពិតរបស់ព្រះចូលទៅក្នុងព្រលឹងយើង ហើយមើលឃើញខ្លួនឯងដូចជាទ្រង់ទតឃើញយើងបានយ៉ាងដូចម្ដេចទៅ ?
« ខ្ញុំសូមផ្ដល់យោបល់ថា ព្រះគម្ពីរបរិសុទ្ធ និង សុន្ទរកថាដែលផ្ដល់ឲ្យក្នុងសន្និសីទទូទៅគឺជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពមួយ ដែលយើងអាចយកមកឆ្លុះមើលខ្លួនឯងបាន » (« Lord, Is It I? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៨ ) ។
សូមពិភាក្សាអំពីរបៀបដែលព្រះគម្ពីរ និង សុន្ទរកថាដែលផ្ដល់ឲ្យក្នុងសន្និសីទទូទៅ អាចដូចជាកញ្ចក់ដើម្បីជួយយើងឃើញវិធីដែលយើងត្រូវការដើម្បីបង្កើនការរស់នៅរបស់យើង ។
នៅពេលអ្នកសិក្សា ម៉ាថាយ ២៦:១៧–២៥ សូមស្វែងរកគោលការណ៍មួយដែលអាចជួយអ្នកឲ្យស្គាល់ភាពទន់ខ្សោយរបស់អ្នក ហើយខិតខំយកឈ្នះលើវា ។
នៅក្នុង ម៉ាថាយ ២៦:១៧–១៩ យើងអានថា ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ ឲ្យកក់បន្ទប់មួយនៅក្រុងយេរូសាឡិមសម្រាប់ទទួលទានអាហារបុណ្យរំលង ។
សូមអាន ម៉ាថាយ ២៦:២០–២១ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវ បានមានបន្ទូលប្រាប់ពួកសាវករបស់ទ្រង់នៅពេលទទួលទានអាហារបុណ្យរំលង ។
ប្រសិនបើអ្នកមានវត្តមាននៅទីនោះ តើអ្នកអាចគិតយ៉ាងដូចម្ដេចបន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលដូច្នេះ ?
សូមអាន ម៉ាថាយ ២៦:២២ ដោយស្វែងរកសំណួរ ដែលពួកសាវកបានទូលសួរព្រះយេស៊ូវ ។
តើសំណួរសួរថា « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី? » បង្រៀនអ្វីខ្លះដល់យើងអំពីពួកសាវកដ៏ស្មោះត្រង់ទាំងដប់មួយរូបនោះ ?
គោលការណ៍មួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា នៅពេលពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទស្ដាប់ឮបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្រួតពិនិត្យជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីមើលថាតើបន្ទូលនោះអនុវត្តចំពោះពួកគេយ៉ាងដូចម្ដេចដែរ ។
ប្រធាន អុជដូហ្វ បានមានប្រសាសន៍អំពីដំណើររឿងនេះដូចខាងក្រោម ៖
« ពួកសិស្សមិនបានសង្ស័យលើបន្ទូលរបស់ [ ព្រះយេស៊ូវ ] ឡើយ ។ ហើយពួកគេក៏មិនបានមើលជុំវិញខ្លួនដែរ ដោយចង្អុលទៅមនុស្សម្នាក់ផ្សេងទៀត ហើយទូលសួរថា ‹ តើគាត់មែនទេ? › …
« ខ្ញុំងឿងឆ្ងល់ថាតើយើងម្នាក់ៗនឹងធ្វើអ្វីទៅ បើព្រះអង្គសង្គ្រោះសួរសំណួរនោះដល់យើង ។ តើយើងនឹងក្រឡេកមើលអ្នកនៅជុំវិញខ្លួនយើង ហើយគិតក្នុងចិត្តថា ‹ ទ្រង់ប្រហែលជាមានបន្ទូលពីបងប្រុស ចនសុន ហើយមើលទៅ ។ ខ្ញុំតែងងឿងឆ្ងល់ពីគាត់ › ឬ ‹ ខ្ញុំរីករាយដែលបងប្រុស ប្រោន នៅទីនេះ ។ គាត់ពិតជាត្រូវការស្ដាប់ឮសារនេះ › ? ឬតើយើងនឹងមើលមកខ្លួនឯង ហើយទូលសួរសំណួរដ៏សំខាន់នោះ ដូចជាពួកសាវកពីបូរាណ ៖ ‹ តើខ្ញុំឬអី? › » ( «Lord, Is It I? » ទំព័រ ៥៦ ) ។
តើអ្នកធ្លាប់ត្រូវបានល្បួងឲ្យមិនយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយសន្មត់ថាវាសំដៅទៅលើមនុស្សម្នាក់ទៀតដែរឬទេ ? សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយស្វែងរកអ្វីដែលប្រធាន អុជដូហ្វ បានអញ្ជើញយើងឲ្យធ្វើកាលយើងឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ៖
« ក្នុងឃ្លាដ៏សាមញ្ញទាំងនេះ ‹ ព្រះអម្ចាស់អើយ តើទូលបង្គំឬអី? › គឺការចាប់ផ្ដើមនៃប្រាជ្ញា និង មាគ៌ាឆ្ពោះទៅកាន់ការប្រែចិត្តជឿផ្ទាល់ខ្លួន និង ការផ្លាស់ប្ដូរដ៏អស់កល្ប ។ …
« យើងត្រូវតែដាក់ភាពឆ្មើងឆ្មៃយើងមួយអន្លើរ មើលឲ្យហួសពីអំនួតយើង ហើយទូលសួរព្រះដោយរាបសាថា ‹ ព្រះអម្ចាស់អើយ តើទូលបង្គំឬអី? ›
« ហើយបើចម្លើយរបស់ព្រះអម្ចាស់ អាចតបថា ‹ ពិតណាស់ បុត្រា [ ឬបុត្រី ] យើងអើយ មានរឿងជាច្រើនដែលអ្នកត្រូវកែលម្អ ជារឿងដែលយើងអាចជួយបុត្រឲ្យយកឈ្នះបាន › ខ្ញុំអធិស្ឋានសូមឲ្យយើងនឹងទទួលយកចម្លើយនេះ ទទួលស្គាល់អំពើបាប និង កំហុសយើងដោយរាបសា ហើយផ្លាស់ប្ដូរមាគ៌ារបស់យើង ដោយក្លាយជាបុគ្គលកាន់តែប្រសើរជាងមុន » ( «Lord, Is It I?» ទំព័រ ៥៦, ៥៨ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីគ្រាមួយដែលអ្នកមានពរ តាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងជីវិតអ្នក ។ ក្រោយមកសូមដាក់គោលដៅជាក់លាក់មួយ ទាក់ទងទៅនឹងអ្វីដែលអ្នកនឹងធ្វើដើម្បីត្រួតពិនិត្យមើលជីវិតរបស់អ្នកឲ្យបានកាន់តែប្រសើរឡើង មិនថាពេលណាដែលអ្នកឮ ឬអានព្រះបន្ទូលរបស់ព្រះនោះទេ ។
សូមអាន ម៉ាថាយ ២៦:២៣–២៥ ដោយស្វែងរកចម្លើយដែលព្រះអង្គសង្គ្រោះបានឆ្លើយ ចំពោះសំណួរដែលពួកសាវកបានទូលសួរ ។ បន្ទាប់ពីព្រះយេស៊ូវបានបង្ហាញថាយូដាសជាមនុស្សម្នាក់ដែលនឹងក្បត់ទ្រង់ យូដាសក៏ចេញទៅភ្លាម ( សូមមើល យ៉ូហាន ១៣:៣០ ) ។
ម៉ាថាយ ២៦:២៦-៣០
ព្រះយេស៊ូវគ្រីស្ទណែនាំអំពីសាក្រាម៉ង់អំឡុងបុណ្យរំលង
បន្ទាប់ពីព្រះអង្គសង្គ្រោះសោយអាហារបុណ្យរំលងជាមួយនឹងពួកសាវកទ្រង់ នោះទ្រង់បានតាំងពិធីបរិសុទ្ធនៃសាក្រាម៉ង់ឡើង ។
សូមពិចារណាចម្លើយអំពីសំណួរខាងក្រោមនេះ ៖ នៅពេលអ្នកបានទទួលទានសាក្រាម៉ង់ចុងក្រោយបង្អស់ តើអ្នកបានធ្វើអ្វីខ្លះ ? តើអ្នកគិតអ្វីខ្លះ ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ?
សូមអាន ម៉ាថាយ ២៦:២៦–២៩ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានធ្វើជាមួយនឹងនំប៉័ង និងពែងនោះ ។
យើងរៀនតាមរយៈខគម្ពីរទាំងនេះថា និមិត្តរូបនៃសាក្រាម៉ង់តំណាងឲ្យព្រះកាយ និងព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានបូជាជំនួសយើង ។
ការបកប្រែដោយ យ៉ូសែប ស៊្មីធ ផ្ដល់ការយល់ដឹងបន្ថែមទៅក្នុង ម៉ាថាយ ២៦:២៦–២៨ ។ សូមមើល ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៦:២២, ២៤–២៥ ( នៅក្នុង Bible appendix ) ។
សូមស្វែងរកការផ្លាស់ប្ដូរដ៏បំផុសគំនិតដែលបានធ្វើឡើង ។ តើការផ្លាស់ប្ដូរទាំងនោះជួយយើងយល់អំពីគោលបំណងដ៏សំខាន់មួយនៃសាក្រាម៉ង់យ៉ាងដូចម្ដេច ?
តាមរយៈការផ្លាស់ប្ដូរដ៏បំផុសគំនិតទាំងនេះ យើងរៀនថា ព្រះយេស៊ូវគ្រីស្ទបានតាំងពិធីសាក្រាម៉ង់ឡើងដើម្បីឲ្យយើងចងចាំទ្រង់ និងដង្វាយធួនរបស់ទ្រង់សម្រាប់អំពើបាបរបស់យើង ។
ប្រសិនបើមាន សូមទស្សនាវីដេអូ « Always Remember Him » ( នាទីទី ៥:២៨ ) ដើម្បីយល់បន្ថែមអំពីគោលបំណង និង សារៈសំខាន់នៃពិធីសាក្រាម៉ង់ ។ នៅក្នុងវីដេអូនេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពន្យល់ថា គោលបំណងនៃពិធីសាក្រាម៉ង់គឺដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។ វីដេអូនេះមាននៅលើគេហទំព័រ LDS.org ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការព្យាយាមចងចាំដល់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់បានជះឥទ្ធិពលដល់មនោសញ្ចេតនា និងបទពិសោធន៍របស់អ្នកកាលកំពុងទទួលទានសាក្រាម៉ង់យ៉ាងដូចម្ដេចដែរ ?
-
តើរឿងមួយចំនួនដែលអាចរំខានយើងនៅក្នុងការធ្វើពិធីសាក្រាម៉ង់មានអ្វីខ្លះ ?
-
តើការចៀសវាងពីការរំខានទាំងនេះនៅក្នុងការប្រជុំសាក្រាម៉ង់ អាចជួយយើងឲ្យកាន់តែមានបទពិសោធន៍ខាងវិញ្ញាណច្រើនឡើងបានដោយរបៀបណា ?
-
តើមានសកម្មភាពណាខ្លះដែលអ្នកអាចធ្វើ ដើម្បីជួយអ្នកផ្ដោតអារម្មណ៍ទៅលើព្រះអង្គសង្គ្រោះ និង លើសារៈសំខាន់នៃពិធីបរិសុទ្ធនេះ អំឡុងពេលធ្វើពិធីសាក្រាម៉ង់ ហើយចងចាំទ្រង់ពេញមួយសប្ដាហ៍ ?
-
យោងតាម ម៉ាថាយ ២៦:២៧–២៨ តើការបង្ហូរព្រះលោហិតរបស់ព្រះគ្រីស្ទ អនុញ្ញាតឲ្យយើងទទួលបានអ្វីខ្លះ នៅពេលយើងទទួលទានសាក្រាម៉ង់ ?
ការដែលទទួលទាននំប៉័ង និងទឹកតែម្យ៉ាងនៅក្នុងពេលសាក្រាម៉ង់ពុំបានធ្វើឲ្យយើងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការផ្ដាច់បាប ឬការអភ័យទោសពីអំពើបាបរបស់យើងដោយស្វ័យប្រវត្តិឡើយ ។ យើងត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយទទួលទានសាក្រាម៉ង់ដោយស្មោះអស់ពីចិត្តដោយចងចាំទ្រង់ជានិច្ច ហើយព្យាយាមគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ដោយទទួលទានសាក្រាម៉ង់យ៉ាងសក្តិសម យើងរំឭកចាំសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ។
សូមគិតដល់ការសរសេរគោលការណ៍នេះ ដាក់នៅលើគែមព្រះគម្ពីររបស់អ្នក ៖ នៅពេលយើងប្រែចិត្ត ហើយទទួលទានសាក្រាម៉ង់ដោយស្មោះអស់ពីចិត្ត យើងអាចទទួលបានការផ្តាច់បាបរបស់យើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលអ្នកនឹងអនុវត្តសេចក្ដីពិតនានាទាក់ទងនឹងពិធីសាក្រាម៉ង់ដែលអ្នកឃើញមាននៅក្នុង ម៉ាថាយ ២៦:២៦–៣០ ។
សូមអាន ម៉ាថាយ ២៦:២៩ ឡើងវិញ ដោយស្វែងរកពេលបន្ទាប់ទៀតដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់នឹងទទួលទានសាក្រង់ ។
« ដូចមានកត់ត្រានៅក្នុង ម៉ាថាយ ២៦:២៩ ព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា ទ្រង់នឹងមិនសោយពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលទ្រង់នឹងសោយជាថ្មី ជាមួយនឹងពួកគេនៅក្នុងនគរព្រះវរបិតានៃទ្រង់ ។ ហេតុដូច្នេះ ពិធីសាក្រាម៉ង់ពុំមែនគ្រាន់តែជានិមិត្តរូបនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទន្ទឹងរង់ចាំដល់គ្រាដែលទ្រង់នឹងត្រឡប់មកផែនដីវិញក្នុងសិរីល្អផងដែរ ( សូមមើល កូរិនថូស ទី១ ១១:២៦ ) ។
« នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ នូវសេចក្ដីលម្អិតអំពីឱកាសនាពេលអនាគតកាលទ្រង់នឹងសោយពីផលទំពាំងបាយជូរនៅលើផែនដី ។ ដូចមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៧ ព្រះអម្ចាស់បានបើកសម្ដែងថា ទ្រង់នឹងទទួលទានសាក្រាម៉ង់ជាថ្មីនៅលើផែនដីជាមួយពួកអ្នកដើរតាមទ្រង់ រួមបញ្ចូលទាំងពួកព្យាការីបូរាណៗជាច្រើនរូបមានដូចជា មរ៉ូណៃ អេលីយ៉ាស យ៉ូហាន បាទីស្ទ អេលីយ៉ា អ័ប្រាហាំ អ៊ីសាក យ៉ាកុប យ៉ូសែបដែលបានលក់ទៅអេស៊ីព្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន « ព្រមទាំងជាមួយ ម៉ៃឃើល ឬ អ័ដាម ដែលជាឪពុកនៃមនុស្សលោកទាំងអស់ » ( សូមមើល គ. និង ស. ២៧:៤–១៤ ) ។ អ្នកដើរតាមព្រះអម្ចាស់រួមមាន « អស់អ្នកណាដែលព្រះវរបិតារបស់យើង បានប្រទានដល់យើង ចេញពីលោកិយផង » ( គ. និង ស. ២៧:១៤ ) ។ ការណ៍នេះមានន័យថា ប្រសិនបើយើងបន្តរក្សាសេចក្ដីសញ្ញារបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត យើងអាចស្ថិតនៅក្នុងចំណោមអស់អ្នកដែលទទួលទានសាក្រាម៉ង់ជាមួយនឹងព្រះអង្គសង្គ្រោះនៅពេលអនាគត ( New Testament Student Manual ទំព័រ ៨៣–៨៤ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ម៉ាថាយ ២៦:១-៣០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖