មេរៀនទី ៣១ ៖ ថ្ងៃទី ៣
វិវរណៈ ៦-៧
សេចក្ដីផ្ដើម
សាវកយ៉ូហានបានឃើញការនិមិត្តអំពីកូនចៀមរបស់ព្រះ បើកត្រាប្រាំមួយដំបូងនៃក្រាំងដែលបិទត្រានោះ ។ នៅក្នុងត្រាទីប្រាំមួយ ដែលតំណាងឲ្យសម័យកាន់កាប់ត្រួតត្រានាថ្ងៃចុងក្រោយនេះ នោះយ៉ូហានបានឃើញអ្នកបម្រើរបស់ព្រះដែល « បោកអាវ ហើយធ្វើឲ្យឡើង-ស ក្នុងឈាមរបស់កូនចៀម » ( វិវរណៈ ៧:១៤ ) ។
វិវរណៈ ៦
យ៉ូហានបានឃើញកូនចៀមរបស់ព្រះ បើកត្រាប្រាំមួយដំបូងនៃក្រាំងដែលបិទត្រា
តើកង្វល់ ឬ ការភ័យព្រួយណាខ្លះ ដែលអ្នក ឬ មនុស្សដែលអ្នកស្គាល់អាចមាន អំពីការរស់នៅក្នុងថ្ងៃចុងក្រោយនេះ ?
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនពីរបៀបដែលព្យាការីបុរាណទទួលអារម្មណ៍ពីជំនាន់យើង ៖ « ការស្ថាបនាឡើងនៃទីក្រុងស៊ីយ៉ូន គឺជាបុព្វហេតុដែលប្រជារាស្ត្ររបស់ព្រះចាប់អារម្មណ៍នៅក្នុងគ្រប់សម័យកាល វាគឺជាប្រធានបទមួយដែលព្យាការី សង្ឃ និង ស្តេចបានរស់នៅក្នុងគ្រាដ៏រីករាយអស្ចារ្យ ពួកគេបានទន្ទឹងចាំដោយអំណរនាជំនាន់ដែលពួកយើងរស់នៅ ហើយបានរីករាយដោយសេចក្ដីសង្ឃឹមពីសួគ៌ាដោយអំណររហូតដល់ពួកគេបានច្រៀង ហើយសរសេរ ព្រមទាំងបានព្យាករពីជំនាន់របស់យើងនេះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ ) ។
តើអ្នកគិតថា ហេតុអ្វីព្យាការីពីបុរាណបានមានអារម្មណ៍បែបនេះអំពីជំនាន់របស់យើង ?
សាវកយ៉ូហាន ដែលត្រូវបានហៅថាយ៉ូហាន ជាអ្នកទទួលវិវរណៈ គឺជាព្យាការីម្នាក់ដែលបានដឹងអំពីព្រឹត្តិការណ៍នាជំនាន់ចុងក្រោយនេះ ហើយបានព្យាករអំពីជំនាន់របស់យើងទាំងទន្ទឹងចាំដោយអំណរ ។ នៅពេលអ្នកសិក្សា វិវរណៈ ៦–៧ សូមរកមើលសេចក្តីពិត ដែលអាចលួងលោមអ្នក និង អស់អ្នកដែលអ្នកស្គាល់ទាក់ទងនឹងព្រឹត្តិការណ៍នាថ្ងៃចុងក្រោយ ។
សូមចងចាំថា វិវរណៈ ៥:១–៥ កត់ត្រាថា យ៉ូហានបានឃើញក្រាំងមួយដែលមានបិតត្រាទាំងប្រាំពីរដែលមានតែកូនចៀមរបស់ព្រះប៉ុណ្ណោះដែលសក្តិសមបើកវាបាន ។ នៅក្នុងការនិមិត្តរបស់លោក យ៉ូហានបានឃើញរូបតំណាងនៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទាក់ទងនឹងរយៈពេល ១០០០ ឆ្នាំ និមួយៗដែលតំណាងដោយត្រាទាំងប្រាំពីរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបភាពសាមញ្ញមួយ ដែលបង្ហាញពីព្រឹត្តិការណ៍នៃត្រាទាំងប្រាំដំបូង ដែលមាននៅក្នុងខគម្ពីរយោងខាងក្រោម ។ នៅពេលអ្នកអានអំពីត្រានិមួយៗ សូមគិតអំពីអត្ថន័យនៃនិមិត្តសញ្ញានីមួយៗ ។
-
ត្រាទីមួយ ( វិវរណៈ ៦:១-២ )
-
ត្រាទីពីរ ( វិវរណៈ ៦:៣-៤ )
-
ត្រាទីបី ( វិវរណៈ ៦:៥-៦ )
-
ត្រាទីបួន ( វិវរណៈ ៦:៧-៨ )
-
ត្រាទីប្រាំ ( វិវរណៈ ៦:៩-១១ )
-
ទោះបីជាព្រះអម្ចាស់ពុំបានបើកសម្តែងអំពីអត្ថន័យនៃនិមិត្តសញ្ញាមួយចំនួន ដែលមាននៅក្នុងព្រះគម្ពីរក្តី ទ្រង់បានបើកសម្តែងអត្ថន័យនៃសញ្ញាជាច្រើនតាមរយៈព្យាការីរបស់ទ្រង់ ។ នៅពេលអ្នកសិក្សាព្រះគម្ពីរ ហើយមានសំណួរ នោះអ្នកអាចក្រឡេកមើលការអធិប្បាយរបស់ព្យាការី ដើម្បីឃើញពីអ្វីដែលអ្នកមានសិទ្ធិអំណាចរបស់សាសនាចក្របាននិយាយអំពីវគ្គបទគម្ពីរជាក់លាក់ទាំងនោះ ។ ព័ត៌មាននៅក្នុងតារាងដែលភ្ជាប់មកជាមួយ អាចជួយអ្នកយល់ពីនិមិត្តសញ្ញាមួយចំនួនដែលមាននៅក្នុង វិវរណៈ ៦:១–១១ ទាក់ទងនឹងការបើកត្រាទាំងប្រាំដំបូង ។
ត្រាទីមួយ ( ប្រហែលឆ្នាំ ៤០០០ ដល់ ៣០០០ មុន គ. ស. ) |
សេះ-ស = ជ័យជំនះ ធ្នូ = ចម្បាំង មកុដ = អ្នកឈ្នះ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្តល់យោបល់ថា វិវរណៈ ៦:១–២ ពិពណ៌នាអំពីជំនាន់របស់ហេណុក ហើយថាអ្នកជិះសេះនោះគឺហេណុក ( សូមមើល Doctrinal New Testament Commentary ភាគទី ៣ [ ឆ្នាំ ១៩៦៦–៧៣ ] ៣:៤៧៦–៧៨ ) ។ |
ត្រាទីពីរ ( ប្រហែលឆ្នាំ ៣០០០ ដល់ ២០០០ មុន គ. ស. ) |
សេះក្រហម = ការបង្ហូរឈាម ដាវ = សង្គ្រាម និង ការបំផ្លិចបំផ្លាញ អែលឌើរ ម៉ាក់ខន់ឃី បានផ្តល់យោបល់ថា វិវរណៈ ៦:៣–៤ ពិពណ៌នាពីជំនាន់ណូអេ នៅពេលអំពើទុច្ចរិតមានពាសពេញផ្ទៃផែនដី ។ អ្នកជិះសេះក្រហមនោះអាចជាសាតាំង ឬ ប្រហែលជា « បុគ្គលម្នាក់ដែលតំណាងឲ្យអ្នកចម្បាំងដែលធ្វើឃាតកម្មជាច្រើន » ( សូមមើល Doctrinal New Testament Commentary ៣:៤៧៨–៧៩ ) ។ |
ត្រាទីបី ( ប្រហែលឆ្នាំ ២០០០ ដល់ ១០០០ មុន គ. ស. ) |
សេះខ្មៅ = គ្រោះទុរភិក្ស ជញ្ជីង = អាហារមានតម្លៃថ្លៃ អែលឌើរ ម៉ាក់ខន់ឃី បានផ្តល់យោបល់ថា វិវរណៈ ៦:៥-៦ ពិពណ៌នាអំពីជំនាន់របស់អ័ប្រាហាំ នៅពេលមានមនុស្សជាច្រើនបានស្លាប់ដោយសារការស្រេកឃ្លាន ( សូមមើល Doctrinal New Testament Commentary ៣:៤៧៩-៨០ ) ។ មនុស្សម្នាក់អាចទិញអាហារបានគ្រាន់តែសម្រាប់រស់ដោយប្រាក់ខែពេញមួយថ្ងៃរបស់ខ្លួន នេះបង្ហាញពីតម្លៃអាហារដ៏ថ្លៃ ។ |
ត្រាទីបួន ( ប្រហែលឆ្នាំ ១០០០ មុន គ. ស. រហូតដល់កំណើតរបស់ព្រះគ្រីស្ទ ) |
សេះសម្បុរស្លាំង = សេចក្តីស្លាប់ សេចក្តីស្លាប់ និង ស្ថានឃុំព្រលឹងមនុស្សស្លាប់ = ការបំផ្លិចបំផ្លាញមនុស្សទុច្ចរិត និង ការទទួលពួកគេចូលទៅក្នុងស្ថានឃុំវិញ្ញាណ ( សូមមើល អេសាយ ៥:១៤ ) អែលឌើរ ម៉ាក់ខន់ឃី បានផ្តល់យោបល់ថា វិវរណៈ ៦:៧–៨ សំដៅលើគ្រា « ដែលនគរ និង ប្រជាជាតិដ៏អស្ចារ្យ មានសង្គ្រាម និង ការធ្វើទុក្ខបុកម្នេញប្រឆាំង ព្រមទាំងការរីករាលដាលប្រឆាំង [ អ៊ីស្រាអែល ] ម្តងហើយម្តងទៀត » ( សូមមើល Doctrinal New Testament Commentary ៣:៤៨១ ) ។ ប្រជាជាតិទាំងនោះរួមមាន បាប៊ីឡូន ពើស៊ី អេស៊ីព្ទ អាសសើរ ក្រិក និង រ៉ូម ។ |
ត្រាទីប្រាំ ( ប្រហែលពីកំណើតរបស់ព្រះគ្រីស្ទរហូតដល់ឆ្នាំ ១០០០ គ. ស. ) ។ |
អាសនា = ការបូជា ព្រលឹងរបស់មនុស្ស = ការធ្វើឃាតដោយសាសនា គ្រិស្ដសាសនិកត្រូវបានសម្លាប់ព្រោះជំនឿរបស់ពួកគេ អែលឌើរ ម៉ាក់ខន់ឃី បានផ្តល់យោបល់ថា វិវរណៈ ៦:៩-១១ សំដៅលើពួកគ្រីស្ទានពីជំនាន់ដើមជាច្រើន រួមមានពួកសាវកជំនាន់ដើមភាគច្រើនបំផុត ដែលបានស្លាប់ដោយសារសាសនា ( សូមមើល Doctrinal New Testament Commentary ៣:៤៨២-៨៣ ) ។ ដោយសារពួកបរិសុទ្ធទាំងនេះបានលះបង់ជីវិតរបស់ពួកគេ « ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់ » ( វិវរណៈ ៦:៩ ) ពួកគេត្រូវបានប្រទានឲ្យនូវ « អាវសវែង » ( វិវរណៈ ៦:១១ ) ជានិមិត្តសញ្ញានៃភាពបរិសុទ្ធ ( សូមមើល វិវរណៈ ៧:១៣–១៤; នីហ្វៃទី ៣ ២៧:១៩ ) ។ |
ត្រាទីប្រាំមួយតំណាងឲ្យជំនាន់ផ្ទាល់របស់យើង និង ព្រឹត្តិការណ៍នានា ជាពិសេសភយន្តរាយ រហូតដល់សហស្សវត្សរ៍ ជាពេលដែលព្រះយេស៊ូវគ្រីស្ទនឹងគ្រងរាជដោយផ្ទាល់លើផែនដីនេះ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ៣:៤៨៥–៨៦ ) ។
សូមអាន វិវរណៈ ៦:១២-១៧ ដោយរកមើលព្រឹត្តិការណ៍នានាដែលយ៉ូហាន ព្យាករនៅក្នុងជំនាន់របស់យើង រហូតដល់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ សូមអានផងដែរការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ៦:១៤ ( នៅក្នុង វិវរណៈ ៦:១៤ ) ។
សូមកត់សម្គាល់ថា វិវរណៈ ៦:១៦ ពិពណ៌នាពីមនុស្សមួយចំនួនដែលព្យាយាមគេចចេញពីសេចក្តីក្រោធខឹងរបស់ព្រះទាំងអស់សង្ឃឹម ។ បន្ទាប់មកយ៉ូហានបានចោទសួរថា « តើអ្នកណាអាចនឹងឈរនៅបាន ? » ( វិវរណៈ ៦:១៧ ) ។ វិវរណៈ ៧ ជួយយើងឲ្យយល់ថា តើនរណាដែលនឹងអាចឈរបាន ឬ នៅជាមួយបាន គ្រោះភ័យនៃត្រាទីប្រាំមួយ ។
វិវរណៈ ៧
យ៉ូហានបានឃើញអ្នកបម្រើរបស់ព្រះ ដែលបានលាងជម្រះសម្លៀកបំពាក់របស់ពួកគេនៅក្នុងឈាមរបស់កូនចៀម
សូមអាន វិវរណៈ ៧:១-៤ ដោយរកមើលអ្វីផ្សេងទៀត ដែលយ៉ូហានបានឃើញនៅក្នុងត្រាទីប្រាំមួយ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៨-១១ ផងដែរ ដែលព្រះអម្ចាស់បានពន្យល់អត្ថន័យក្នុងខគម្ពីរទាំងនេះ ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បានពន្យល់ថាពាក្យ អេលីយ៉ា ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៩ គឺជា « ឈ្មោះ និង ងារមួយសម្រាប់អ្នកដែលមានបេសកកម្មធ្វើកិច្ចការនានាដល់មនុស្សនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយដោយប្រើកូនសោ និង អំណាច » ( Mormon Doctrine ការបោះពុម្ពលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២២១ ) ។
មនុស្សមួយចំនួនដែលបានមកដោយប្រើកូនសោ និង អំណាចនោះរួមមាន អ័ដាម មរ៉ូណៃ យ៉ូហាន បាទីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន ម៉ូសេ និង អេលីយ៉ា ។
ការបោះត្រា ឬ ការគូសចំណាំនៃ « បោះត្រានៅត្រង់ថ្ងាសនៃពួកបាវបម្រើរបស់ព្រះ » ( វិវរណៈ ៧:៣ ) គឺជាការប្រៀបធៀបអំពីការបូជា ការបម្រើ និង ជារបស់ផងព្រះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ការបោះត្រាលើថ្ងាសនៃពួកស្មោះត្រង់ « គឺមានន័យថាជាផ្សារភ្ជាប់ពរជ័យលើក្បាលរបស់ពួកគេ មានន័យអំពីសេចក្តីសញ្ញាអស់កល្បជានិច្ច ហេតុដូច្នោះហើយធ្វើឲ្យការហៅ និង ការរើសតាំងរបស់ពួកគេបានពិតប្រាកដឡើង » ( នៅក្នុង History of the Church ៥:៥៣០ ) ។
តួលេខ ១៤៤០០០ដែលបានលើកឡើងនៅក្នុង វិវរណៈ ៧:៤ « គឺជាចំនួនដែលតំណាងចេញមកពីពួកកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ដែលនឹងត្រូវបានតែងតាំងឲ្យជួយមនុស្សដទៃ នៅក្នុងដំណើរស្វែងរកភាពតម្កើងឡើង ។ … អ្នកខ្លះបានជឿថា វាមិនមែនជាចំនួនសរុបរបស់មនុស្សដែលនឹងត្រូវបានតម្កើងឡើងឡើយ » ( New Testament Student Manual [ Church Educational System Manual ឆ្នាំ ២០១៤ ] ទំព័រ ៥៤៤ ) ។
ដូចបានកត់ត្រានៅក្នុង វិវរណៈ ៩ យ៉ូហានបាននិយាយម្តងទៀតអំពីអ្នកបម្រើសុចរិតទាំងនេះ ។ សូមអាន វិវរណៈ ៩ ៣–៤ ដោយរកមើលអ្វីដែលបានកើតឡើងដល់អស់អ្នកដែលពុំបានបិទត្រាជាអ្នកបម្រើរបស់ព្រះ ។
សូមអាន វិវរណៈ ៧:៩-១០ ដោយរកមើលថា យ៉ូហានបានឃើញនរណា ។ សូមកត់សម្គាល់ពីអ្វីដែលមនុស្សទាំងនេះស្លៀកពាក់ ។
ដូចមានកត់ត្រានៅក្នង វិវរណៈ ៧:១១–១២ យ៉ូហានបានឃើញថា មនុស្សទាំងនេះ រួមទាំងពួកចាស់ទុំ ២៤ នាក់ និង តួមានជីវិតទាំងបួនដែលបានលើកឡើងនៅក្នុង វិវរណៈ ៤ បានទៅជុំវិញបល្ល័ង្ករបស់ព្រះ ហើយថ្វាយបង្គំទ្រង់ ។
សូមអាន វិវរណៈ ៧:១៣-១៧ ដោយរកមើលចម្លើយឆ្លើយសំណួរខាងក្រោមនេះ ៖ អ្នកអាចគូសចំណាំ ឬ កត់ចំណាំអ្វីដែលអ្នករកឃើញ ។
-
តើមនុស្សទាំងនេះបានស៊ូទ្រាំនឹងអ្វីខ្លះ ?
-
តើអាវវែងរបស់ពួកគេបានប្រែទៅជាពណ៌សដោយរបៀបណា ?
-
តើពួកគេនឹងទទួលពរជ័យអ្វីខ្លះ ?
សូមកត់សម្គាល់ពីអាវវែងរបស់អ្នកទាំងនោះត្រូវបាន « ធ្វើឲ្យ … សក្នុងឈាមរបស់កូនចៀម » ( វិវរណៈ ៧:១៤ ) ដែលជានិមិត្តសញ្ញាថាមនុស្សត្រូវបានបន្សុទ្ធតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពរជ័យនៅក្នុង ខទី ១៦–១៧ ពិពណ៌នាអំពីអំណរ ភាពសុខសាន្ត និង ការបូជារបស់មនុស្សដែលគ្រងសិរីល្អនៃសេឡេស្ទាលទុកជាមរដក ( សូមមើលផងដែរ គ. និង ស. ១៣៨:១២–១៥ ) ។
យើងអាចរៀនចេញពីខគម្ពីរទាំងនេះថា ប្រសិនបើយើងស៊ូទ្រាំនឹងសេចក្តីទុក្ខលំបាកដោយស្មោះត្រង់ ហើយប្រែជាបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងរីករាយនឹងសិរីល្អសេឡេស្ទាលជាមួយព្រះ ។
សូមគិតថាតើវានឹងមានសភាសពបែបណា ហើយថាតើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច ដែលអាចឈរដោយបរិសុទ្ធនៅក្នុងវត្តមានរបស់ព្រះ ។ តើអារម្មណ៍ទាំងនេះប្រៀបធៀបទៅនឹងអារម្មណ៍របស់មនុស្សដែលបានពិពណ៌នានៅក្នុង វិវរណៈ ៦:១៦ យ៉ាងដូចម្តេច ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យព្រះអង្គសង្គ្រោះអាចបន្សុទ្ធយើងតាមរយៈដង្វាយធួនរបស់ទ្រង់ ?
-
តើការចងចាំពីពរជ័យនៃសិរីល្អសេឡេស្ទាលបានជួយអ្នក នៅក្នុងការខិតខំដើម្បីស៊ូទ្រាំនឹងសេចក្តីទុក្ខលំបាក ហើយប្រែជាបរិសុទ្ធយ៉ាងដូចម្តេច ?
-
សូមរំឭកអំពីបញ្ជីកង្វល់នានាដែលអ្នកបានសរសេរ នៅពេលចាប់ផ្ដើមនៃមេរៀននេះ ។ សូមពិចារណាពីរបៀបដែលគោលការណ៍នៅក្នុង វិវរណៈ ៧ អាចជួយ នៅពេលអ្នកមានអារម្មណ៍ខ្វាយខ្វល់អំពីការរស់នៅក្នុងថ្ងៃចុងក្រោយ ។
អ្នកអាចចំណាយពេលពីរបីនាទីពិចារណា និង អធិស្ឋាននៅក្នុងដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា វិវរណៈ ៦-៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖