មេរៀនទី ២១ ៖ ថ្ងៃទី ១
រ៉ូម ៨–១១
សេចក្តីផ្ដើម
សាវកប៉ុលបានបង្រៀនអំពីពរជ័យទាំងឡាយ ដែលកើតមានពីការកើតជាថ្មីខាងវិញ្ញាណ និង ការដាក់ឆន្ទៈឲ្យចុះចូលតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។ លោកបានបង្រៀនអំពីការបដិសេធរបស់ពួកអ៊ីស្រាអែលចំពោះសេចក្ដីសញ្ញារបស់ព្រះ ដែលបានធ្វើជាមួយអ័ប្រាហាំ និង ពូជពង្សរបស់លោក ។ ប៉ុលបានបង្រៀនថា រាស្ត្រដ៏ជម្រើសរបស់ព្រះត្រូវបានកំណត់តាមរយៈភាពស្មោះត្រង់របស់ពួកគេចំពោះសេចក្ដីសញ្ញាច្រើនជាងតាមរយៈខ្សែស្រឡាយ ហើយលោកបានបង្រៀនអំពីការនាំយកដំណឹងល្អទៅកាន់សាសន៍ដទៃ ។
រ៉ូម ៨
ប៉ុលពិពណ៌នាអំពីពរជ័យនៃការកើតជាថ្មីខាងវិញ្ញាណ
តើអ្នកស្គាល់នរណាម្នាក់ដែលបានទទួលមរតកអ្វីមួយ ដ៏មានតម្លៃខ្ពស់ ឬចាំបាច់បំផុតពីនរណាម្នាក់ទៀតដែរឬទេ ? ឧទាហរណ៍ ពេលខ្លះឪពុកម្ដាយ ឬ លោកតាលោកយាយនឹងផ្ដល់អ្វីមួយដ៏មានតម្លៃខ្ពស់ដល់កូនៗ ឬចៅៗរបស់ពួកគាត់ ។
ប្រសិនបើអ្នកទទួលបានមរតកជាទ្រព្យសម្បត្តិពីនរណាម្នាក់ តើទ្រព្យសម្បត្តិនរណាដែលអ្នកនឹងជ្រើសរើស និងហេតុអ្វីបានជាអ្នកចង់បានទ្រព្យសម្បត្តិទាំងនោះ ?
សូមគិតអំពីពរជ័យទាំងឡាយ ដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកត្រូវទទួលមរតកទាំងអស់ដែលព្រះវរបិតាសួគ៌របស់យើងមាន ។ នៅពេលអ្នកសិក្សា រ៉ូម ៨:១–១៨ សូមស្វែងរកអ្វីដែលយើងត្រូវតែធ្វើ ដើម្បីបានគ្រងមរតកទាំងអស់ដែលព្រះវរបិតាសួគ៌របស់យើងមាន ។
សូមអាន រ៉ូម ៨:១, ៥–៧, ១៣ ដោយស្វែងរកអ្វីដែលសាវកប៉ុលបានបង្រៀនអំពីការដើរ « តាមសាច់ឈាម » ឬការបណ្ដោយខ្លួនទៅតាមទំនោរធម្មជាតិដែលនាំឲ្យប្រព្រឹត្តបាប និងអំពីការដើរ « តាមព្រះវិញ្ញាណ » ។
នៅក្នុងខគម្ពីរទាំងនេះ ប៉ុលបានបង្រៀនអំពីឥរិយាបថផ្ទុយគ្នាចំនួនពីរ ៖ ការមាន « គំនិតខាងសាច់ឈាម » និង ការមាន « គំនិតនៃព្រះវិញ្ញាណ » ( រ៉ូម ៨:៦ ) ។ ការមានគំនិតខាងសាច់ឈាម គឺជាការមានសេចក្ដីខ្វល់ខ្វាយអំពីការកម្សាន្តខាងសាច់ឈាម ចំណង់ និងភាពត្រេកត្រអាលនៃរូបកាយខាងសាច់ឈាម ។ តើអ្នកគិតថា ការមានគំនិតនៃព្រះវិញ្ញាណមានន័យដូចម្ដេច ?
ឃ្លា « សំឡាប់អំពើរបស់រូបសាច់ចេញ » ( រ៉ូម ៨:១៣ ) មានន័យថា ជម្នះ ឬកម្ចាត់អំពើទុច្ចរិត ការល្បួងចេញពីខ្លួនយើង ព្រមទាំងអំពើបាបដែលទាក់ទងទៅនឹងរូបកាយរមែងស្លាប់របស់យើង ( សូមមើល ម៉ូសាយ ៣:១៩ ) ។ យើងរៀនចេញពីខគម្ពីរនេះថា ប្រសិនបើយើងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណ នោះយើងអាចយកឈ្នះលើទំនោរដែលនាំឲ្យប្រព្រឹត្តអំពើបាបបាន ។
សូមអាន រ៉ូម ៨:១៤–១៧ ដោយស្វែងរកថាតើប៉ុលបានហៅអ្នកដែលដើរតាមព្រះវិញ្ញាណថាជានរណា ។ ពាក្យ ពួកកូន នៅក្នុង ខទី ១៤ មានន័យថា កូនៗ រួមបញ្ចូលទាំងកូនស្រីៗផងដែរ ( សូមមើល គ. និង ស. ២៥:១ ) ។
បទគម្ពីរនិយាយអំពីយើងថាជា « កូនរបស់ព្រះ » ( រ៉ូម ៨:១៦ ) ដែលមានន័យច្រើនជាងមួយ ។ ទីមួយ មនុស្សលោកទាំងអស់គឺជាកូនវិញ្ញាណជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌យ៉ាងប្រាកដ ។ ទីពីរ យើងបានកើតជាថ្មីជាកូនរបស់ព្រះតាមរយៈទំនាក់ទំនងខាងសេចក្ដីសញ្ញាជាមួយព្រះយេស៊ូវគ្រីស្ទនៅពេលយើងប្រែចិត្ត ទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។
ការយកកូនមកចិញ្ចឹមគឺជារឿងទូទៅរបស់ពួករ៉ូម ហើយវាអាចជារឿងដែលអ្នកអានសំបុត្ររបស់ប៉ុលអាចស្គាល់បាន ។ បុគ្គលដែលយកនរណាម្នាក់មកចិញ្ចឹមដោយស្របច្បាប់ គឺផ្ដល់សិទ្ធិ និង ឯកសិទ្ធិទាំងអស់ដែលកូនបង្កើតម្នាក់អាចនឹងទទួលដល់បុគ្គលនោះ ។ ហេតុដូច្នោះហើយ នៅពេលយើងទទួល « និស្ស័យជាកូនចិញ្ចឹម » ( រ៉ូម ៨:១៥ ) តាមរយៈការចូលទៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ នោះយើងក្លាយទៅជាកូនរបស់ព្រះ ហើយ « គ្រងមរដកជាមួយនឹងព្រះគ្រីស្ទ » ( រ៉ូម ៨:១៧ ) ។
នៅក្នុងព្រះគម្ពីរមរមន ស្ដេចបេនយ៉ាមីនក៏បានបង្រៀនអំពីរបៀបដែលយើងអាចក្លាយទៅជា « កូនចៅនៃព្រះគ្រីស្ទ » ដែរ ( សូមមើល ម៉ូសាយ ៥:៥–១០ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទ « ក្លាយជាព្រះបិតារបស់យើង … ដោយសារទ្រង់ប្រទានឲ្យយើងនូវជីវិត ដែលជាជីវិតដ៏អស់កល្បជានិច្ច តាមរយៈដង្វាយធួនដែលទ្រង់បានធ្វើសម្រាប់យើង » ។ លោកបានពន្យល់ថា « យើងក្លាយជា បុត្រា និងបុត្រីនៃព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញារបស់យើងដើម្បីគោរពតាមទ្រង់ » ( Doctrines of Salvation, រៀបរៀងដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:២៩ ) ។
សូមអាន រ៉ូម ៨:១៧ ម្ដងទៀត ។ អ្នកគ្រងមរតកជាមួយគឺជាបុគ្គលដែលទទួលបានមរតកស្មើនឹងបុគ្គលដទៃទៀត ។
ប្រសិនបើយើងគឺជាកូនរបស់ព្រះជាព្រះវរបិតាហើយនោះ ហេតុអ្វីបានជាយើងពុំទទួលបានមរតកស្មើនឹងព្រះយេស៊ូវគ្រីស្ទដោយស្វ័យប្រវត្តិតែម្ដងទៅ ? ហេតុអ្វីបានជាចាំបាច់ដែលត្រូវក្លាយទៅជាបុត្រា និង បុត្រីនៃព្រះគ្រីស្ទ ?
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖ « យើងទាំងអស់គ្នាសុទ្ធតែ គ្រងមរតក ពីព្រះមាតាបិតាសួគ៌របស់យើង ។ សាវកប៉ុលបានបង្រៀនថា ‹ យើងជាកូនរបស់ព្រះ ហើយបើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង › ( រ៉ូម ៨:១៦–១៧ ) ។ ការណ៍នេះមានន័យថា ដូចដែលយើងត្រូវបានប្រាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរថា យើងគឺជា ‹ អ្នកគ្រងមរដក … នៃជីវិតដ៏នៅអស់កល្បជានិច្ច › ( ទីតុស ៣:៧ ) ហើយប្រសិនបើយើងមករកព្រះវរបិតា យើងនឹងបាន ‹ គ្រងសេចក្តីទាំងនេះទុកជាមរដក › ( វិវរណៈ ២១:៧ )—គ្រប់អ្វីទាំងអស់ដែលទ្រង់មាន—គឺជាដំណើរមួយដែលគំនិតនៃជីវិតរមែងស្លាប់របស់យើងមិនអាចគិតដល់បាន ។ ប៉ុន្តែយ៉ាងហោចណាស់យើងអាចយល់ថា ការសម្រេចបានជោគវាសនាចុងក្រោយនេះនៅក្នុងភាពដ៏អស់កល្បជានិច្ច អាចធ្វើទៅបានតែនៅពេលយើងធ្វើតាមព្រះអង្គសង្គ្រោះរបស់យើងប៉ុណ្ណោះ ដែលទ្រង់បានបង្រៀនថា ‹ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ › ( យ៉ូហាន ១៤:៦ ) » ( « Followers of Christ » Ensign ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៨ ) ។
ដោយផ្អែកទៅលើភាពសក្ដិសមផ្ទាល់ខ្លួនរបស់យើង នោះយើងនឹងមិនទទួលបានអ្វីទាល់តែសោះ ពីព្រោះយើងគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ( សូមមើល រ៉ូម ៣:២៣ ) ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវបានទទួលយកទៅចិញ្ចឹមដោយព្រះយេស៊ូវគ្រីស្ទ ទើបភាពមិនគ្រប់លក្ខណ៍របស់យើងត្រូវបានយកឈ្នះ តាមរយៈព្រះជន្មដ៏គ្រប់លក្ខណ៍ និង ដង្វាយធួនរបស់ទ្រង់ ។ ដូច្នេះ តាមរយៈសេចក្ដីសញ្ញា និង ការគោរពប្រតិបត្តិដល់ព្រះយេស៊ូវគ្រីស្ទ នោះយើងក្លាយទៅជាអ្នកគ្រងមរតក ហើយ « ទទួលរងទុក្ខជាមួយនឹង [ ព្រះយេស៊ូវគ្រីស្ទ ] » ( រ៉ូម ៨:១៧ ) ។ ការណ៍នេះមិនមានន័យថា យើងរងទុក្ខដូចជាព្រះអង្គសង្គ្រោះបានរងទុក្ខដែលជាផ្នែកនៃពលិកម្មធួនរបស់ទ្រង់នោះទេ ។ ផ្ទុយទៅវិញ យើងរងទុក្ខជាមួយទ្រង់តាមរយៈការដើរតាមទ្រង់ និងការលះបង់ចោលនូវកិច្ចការខាងលោកិយ ការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ និង ការតស៊ូនៅក្នុងការផ្ទុយដោយមានចិត្តស្មោះត្រង់ ។
ចេញពី រ៉ូម ៨:១៤–១៨ យើងរៀនថា ប្រសិនបើយើងគឺជាកូននៃសេចក្ដីសញ្ញារបស់ព្រះដែលមានចិត្តស្មោះត្រង់ នោះយើងអាចក្លាយជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទ នូវអ្វីទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។
-
សូមគូរតារាងដែលមានជួរឈរចំនួនបី នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរអ្នក ដោយសរសេរឈ្មោះនៅលើជួរឈរទីមួយថា តម្រូវការ នៅលើជួរឈរនៅកណ្ដាលថា ការផ្ទុយ និងនៅលើជួរឈរទីបីថា មរតក ។ បន្ទាប់មក សូមអនុវត្តដូចខាងក្រោមនេះ ៖
-
នៅក្នុងជួរឈរ « តម្រូវការ » សូមសរសេរព្រះបញ្ញត្តិ ឬ បទដ្ឋានសំខាន់ៗចំនួនបី ដែលយើងត្រូវតែរស់នៅតាមដើម្បីបានហៅថាជាកូននៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះ ។
-
នៅក្នុងជួរឈរ « ការផ្ទុយ » សូមសរសេរឧទាហរណ៍នៃការផ្ទុយមួយចំនួន ដែលយើងអាចនឹងជួបប្រទះនៅពេលយើងពុះពាររស់នៅជាកូននៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះ ។
-
នៅក្នុងជួរឈរ « មរតក » សូមសរសេរពរជ័យមួយចំនួនដែលយើងអាចទទួលពីព្រះវរបិតាសួគ៌ ប្រសិនបើបើយើងពុះពាររស់នៅជាកូននៃសេចក្ដីសញ្ញាដ៏ស្មោះត្រង់របស់ព្រះ ។
-
ដោយមើលទៅអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមប្រៀបធៀបពរជ័យនៃការធ្វើជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទ ទៅនឹងតម្រូវការនានាដែលអ្នកត្រូវតែបំពេញ និង ការផ្ទុយដែលអ្នកអាចនឹងជួបប្រទះ ។ តើអ្នកនឹងថ្លែងយ៉ាងដូចម្ដេចទៅកាន់នរណាម្នាក់ដែលបានសួរ ថាតើវាមានតម្លៃដែរឬទេក្នុងការមានចិត្តស្មោះត្រង់ចំពោះព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ?
សូមអាន រ៉ូម ៨:១៨ ដោយស្វែងរកថាតើប៉ុលបានមានប្រសាសន៍យ៉ាងដូចម្ដេចអំពីអ្វីដែលយើងលះបង់ បើប្រៀបធៀបទៅនឹងអ្វីដែលយើងទទួលបានពីព្រះវរបិតាសួគ៌ទុកជាមរតកនោះ ។
រ៉ូម ៨:១៩–៣០ កត់ត្រាថាប៉ុលបានបង្រៀនថា ព្រះវិញ្ញាណជួយយើងនៅក្នុងភាពទន់ខ្សោយរបស់យើង ថាព្រះយេស៊ូវគ្រីស្ទត្រូវបានហៅនៅក្នុងជីវិតមុនឆាកជីវិតនេះឲ្យធ្វើជាព្រះអង្គសង្គ្រោះនៃកូនរបស់ព្រះ ។ ( នៅក្នុង រ៉ូម ៨:២៩–៣០ ពាក្យ តម្រូវទុកជាមុន មានន័យថា ត្រូវបានតែងតាំង ឬ ហៅពីមុនផែនដី ។ អ្នកនឹងសិក្សាកាន់តែច្រើនអំពីការបង្រៀនរបស់សាវកប៉ុល អំពីការតែងតាំងពីមុនផែនដីនៅក្នុងអេភេសូរ ) ។
សូមអាន រ៉ូម ៨:២៨, ៣១–៣៩ ដោយស្វែងរកសេចក្ដីពិតនានាដែលប៉ុលបានបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះដែលទាក់ទងទៅនឹងការផ្ទុយ ឧបសគ្គ និង ទុក្ខលំបាកនានានៅក្នុងជីវិតរមែងស្លាប់ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលមានអត្ថន័យចំពោះអ្នក ។
ការបកប្រែដោយ យ៉ូសែប ស៊្មីធ លើ រ៉ូម ៨:៣១ អានថា « បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាច [ ទាស់ ] នឹងយើងបាន ? » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ រ៉ូម ៨:៣១ ) ។
សេចក្តីពិតមួយចំនួនដែលយើងអាចរកឃើញនៅក្នុងខគម្ពីរនេះរួមមានដូចខាងក្រោម ៖ ប្រសិនបើយើងស្រឡាញ់ព្រះ នោះគ្រប់ការណ៍ទាំងអស់នឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចយកឈ្នះលើឧបសគ្គ និង ទុក្ខលំបាកនានានៅក្នុងជីវិតរមែងស្លាប់ ។ គ្មានអ្វីដែលអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់នៃព្រះ ដែលសម្ដែងឲ្យឃើញនៅក្នុងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទបានឡើយ ។
-
សូមបំពេញសកម្មភាពមួយ ឬ ច្រើនជាងមួយនៃសកម្មភាពទាំងឡាយដូចខាងក្រោម នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគិតអំពីឧបសគ្គ និង ទុក្ខលំបាកនានាដែលអ្នកបានជួបប្រទះ ក្រោយមកសរសេរសេចក្ដីថ្លែងការណ៍ចំនួនពីរចេញពី រ៉ូម ៨:២៨, ៣១–៣៩ ដែលអ្នកចាប់អារម្មណ៍ជាងគេ រួចពន្យល់អំពីមូលហេតុ ។
-
សូមពិពណ៌នាថាតើអ្នកបានទទួលបទពិសោធន៍នៃសេចក្ដីស្រឡាញ់របស់ព្រះ អំឡុងពេលអ្នកមានឧបសគ្គយ៉ាងដូចម្ដេច ?
-
សូមសរសេររបៀបមួយចំនួន ដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ។ សូមដាក់គោលដៅដើម្បីអនុវត្តតាមអ្វីដែលអ្នកបានសរសេរ ហើយសូមទុកចិត្តថា អ្វីគ្រប់យ៉ាងនឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។
-
រ៉ូម ៩–១១
ប៉ុលបង្រៀនអំពីការបដិសេធរបស់ពួកអ៊ីស្រាអែលចំពោះសេចក្ដីសញ្ញារបស់ព្រះ និងអំពីការនាំយកដំណឹងល្អទៅកាន់សាសន៍ដទៃ ។
ដូចមានកត់ត្រានៅក្នុង រ៉ូម ៩–១១ សាវកប៉ុលបានប្រើពាក្យ អ៊ីស្រាអែល និង រាស្ត្រអ៊ីស្រាអែល ជំនួសឲ្យ សាសន៍យូដា ។ នៅជំនាន់ព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសរើសពូជអំបូររបស់យ៉ាកុប ឬ អ៊ីស្រាអែលឲ្យធ្វើជាផ្នែកនៃសេចក្ដីសញ្ញារបស់ទ្រង់ជាមួយអ័ប្រាហាំ ( សូមមើល រ៉ូម ៩:៤–៥ ) ។ សេចក្ដីសញ្ញានេះរួមបញ្ចូលទាំងពរជ័យនានាមានដូចជា ដែនដី សិទ្ធិអំណាចបព្វជិតភាព និង ការទទួលខុសត្រូវក្នុងការប្រសិទ្ធពរដល់មនុស្សពាសពេញពិភពលោកដោយនូវដំណឹងល្អ ដែលធ្វើឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអាន រ៉ូម ៩:៦, ៨ ដោយស្វែងរកអ្វីដែលប៉ុលបានបង្រៀនអំពីសមាជិកក្នុងវង្សអ៊ីស្រាអែល ។
តើអ្នកគិតថាប៉ុលចង់មានន័យដូចម្ដេចដែលថា « មិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ » ( រ៉ូម ៩:៦ ) ?
ពួកសាសន៍យូដាមួយចំនួនពុំយល់ទេថា មិនមែនអស់អ្នកដែលកើតក្នុងវង្សអ៊ីស្រាអែល មានគុណសម្បត្តិធ្វើជាសមាជិកក្នុងសេចក្ដីសញ្ញារបស់ព្រះជាមួយសាសន៍អ៊ីស្រាអែលឡើយ ។ ពួកគេទុកចិត្តដោយខុសឆ្គងថា ខ្សែស្រឡាយរបស់ពួកគេផ្ដល់ឲ្យពួកគេនូវពរជ័យនៃសេចក្ដីសញ្ញាដោយស្វ័យប្រវត្តិ ។
សូមអាន រ៉ូម ១០:៨–១៣ ដោយស្វែងរករបៀបដែលនរណាម្នាក់ ជាសាសន៍អ៊ីស្រាអែល ឬមិនមែនសាសន៍អ៊ីស្រាអែល អាចក្លាយជាសមាជិកនៃរាស្ត្រក្នុងសេចក្តីសញ្ញារបស់ព្រះ ។
នៅក្នុងខគម្ពីរទាំងនេះ ពាក្យក្រិក ដែលប្រែថា ប្រកាស មានន័យថា ការទទួលស្គាល់កិច្ចព្រមព្រៀង ឬ សេចក្ដីសញ្ញាដោយបើកចំហ ចំណែកឯពាក្យ ពាក្យក្រិក ដែលប្រែថា ជឿ មានន័យថា ការតាំងចិត្តដោយមានការទុកចិត្ត ។ ការទុកចិត្តដ៏ខ្លាំងក្លានេះទៅលើព្រះអង្គសង្គ្រោះ ដឹកនាំមនុស្សឲ្យទទួលស្គាល់កិច្ចព្រមព្រៀងរបស់ពួកគេដោយបើកចំហអំពីទ្រង់តាមរបៀបដែលទ្រង់បានតាំងឡើង ។ របៀបទាំងនេះរួមមានការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ការប្រែចិត្ត និង ការទទួលពិធីបរិសុទ្ធនៃការសង្គ្រោះនៃដំណឹងល្អ ដែលរួមបញ្ចូលទាំងពិធីបុណ្យជ្រមុជទឹក និងអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។
យោងតាមសេចក្ដីបង្រៀនរបស់ប៉ុល ប្រសិនបើយើងទទួលយក ហើយគោរពប្រតិបត្តិតាមព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចទទួលបានពរជ័យនៃសេចក្ដីសញ្ញារបស់ព្រះ និងបានសង្គ្រោះ ។
-
មនុស្សមួយចំនួនបានប្រើ រ៉ូម ១០:៩, ១៣ ដើម្បីអះអាងថា អ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបានសង្គ្រោះគឺប្រកាសសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលសេចក្ដីពិតនានាដែលបានពិភាក្សានៅក្នុងមេរៀននេះអាចជួយអ្នកឆ្លើយតបទៅនឹងការអះអាងដ៏ខុសឆ្គងនេះ ។
ខគម្ពីរដែលនៅសល់ក្នុង រ៉ូម ១០–១១ យើងអានថាប៉ុលបានបង្រៀនថា ការស្ដាប់ព្រះបន្ទូលព្រះគឺចាំបាច់ក្នុងការអភិវឌ្ឍសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ លោកបានពន្យល់បន្ថែមអំពីការបដិសេធរបស់សាសន៍អ៊ីស្រាអែលចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបានប្រើរឿងប្រៀបប្រដូចអំពីមែកដែលបានផ្សាំចេញពីដើមអូលីវព្រៃទៅនឹងដើមអូលីវស្រុក ដើម្បីតំណាងឲ្យការទទួលយកសាសន៍ដទៃមកចិញ្ចឹមនៅក្នុងវង្សអ៊ីស្រាអែល ( សូមមើល យ៉ាកុប ៥ ) ។ លោកក៏បានបង្រៀនផងដែរថា ដំណឹងល្អនឹងបានផ្សព្វផ្សាយដល់ពួកសាសន៍យូដាម្ដងទៀត ។
-
សូមសរសេរឃ្លាដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា រ៉ូម ៨-១១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖