បណ្ណាល័យ
មេរៀន​ទី ២៤ ថ្ងៃ​ទី ១ ៖ កូរិនថូស ទី២ ៨-៩


មេរៀន​ទី ២៤ ៖ ថ្ងៃទី ១

កូរិនថូស ទី២ ៨-៩

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​បរិសុទ្ធ​កូរិនថូស​ដោយ​ពន្យល់​ថា សមាជិក​សាសនាចក្រ​នៅ​ស្រុក​ម៉ាសេដូន​គេ​បរិច្ចាគ​ដល់​អ្នក​ដែល​ខ្វះខាត​ដោយ​ចិត្ត​សប្បុរស ។ លោក​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​កូរិនថូស ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ការបរិច្ចាគ​ដល់​ជនក្រីក្រ​ដូចគ្នា​នេះ​ដែរ ។ ប៉ុល​បាន​បង្រៀន​អំពី​ពរជ័យ​ទាំងឡាយ​ដែល​កើតមាន​ចំពោះ​អ្នក​ដែល​បរិច្ចាគ​ដល់​ជនក្រីក្រ​ដោយ​មាន​ចិត្ត​រីករាយ ។

កូរិនថូស ទី២ ៨

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​មើលថែ​ជនក្រីក្រ

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​ពិចារណា​ថា​ពាក្យ​ណា​ដែល​បាត់​ពី​ចន្លោះ ដែល​ធ្វើ​ឲ្យ​សេចក្ដី​ថ្លែងការណ៍​នេះ​ក្លាយ​ជា​សេចក្ដី​ថ្លែងការណ៍​មួយ​ដ៏​ពិត ៖ « ក្នុង​ប្រវត្តិសាស្ត្រ ____________________ ត្រូវបាន​ចាត់​ថា​ជា​ឧបសគ្គ​ដ៏​ធំ និង ទូទៅ​បំផុត​នៃ​មនុស្សលោក ។ ការរងទុក្ខ​ជាក់ស្ដែង​របស់​វា ជា​ទូទៅ​គឺ​ខាង​សាច់ឈាម តែ​ការខូតខាត​ខាង​វិញ្ញាណ និង ខាង​ផ្លូវ​អារម្មណ៍​ដែល​បណ្ដាល​មក​ពី​វា អាច​បណ្ដាល​ឲ្យ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ​ទៀត » ( « Are We Not All Beggars? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤០ ) ។

សូម​សរសេរ​ពាក្យ ភាពក្រីក្រ នៅ​លើ​បន្ទាត់ រួច​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ហូឡិន ឡើង​វិញ ដោយ​គិត​អំពី​អត្ថន័យ​របស់​វា ។

ភាពក្រីក្រ​គឺ​ជា​ស្ថានភាព​ដែល​ពុំ​មាន​ធនធាន​ត្រូវការ​គ្រប់គ្រាន់​រួម​មាន ប្រាក់កាស ទ្រព្យសម្បត្តិ ឬ មធ្យោបាយ​ផ្គត់ផ្គង់ ។ ហេតុអ្វី​បាន​ជា​ទ្រព្យសម្បត្តិ​គឺ​ជា​ឧបសគ្គ​មួយ​ដ៏​លំបាក ?

សូម​គិត​អំពី​បុគ្គល​ទាំងឡាយ​ដែល​អ្នក​ស្គាល់ ដែល​អាច​ត្រូវការ​ជំនួយ​ណា​មួយ​រួមមាន ជំនួយ​ខាង​សាច់ឈាម ខាង​អារម្មណ៍ ខាង​សង្គម ឬ​ខាង​វិញ្ញាណ ។ នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី២ ៨–៩ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក​យល់ ហើយ​បំពេញ​តួនាទី​របស់​អ្នក​នៅ​ក្នុង​ការជួយ​មនុស្ស​ដទៃ​ដែល​ខ្វះខាត ។

នៅ​ក្នុង កូរិនថូស ទី២ ៨:១–៨ សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​កូរិនថូស​ថា សមាជិក​សាសនាចក្រ​នៅ​ស្រុក​ម៉ាសេដូន​បាន​បរិច្ចាគ​ដោយ​ចិត្ត​សប្បុរស​ដើម្បី​ជួយ​ជនក្រីក្រ​ដោយ​នូវ​សេចក្ដីត្រូវការ​ខាង​សាច់ឈាម​របស់​ពួកគេ ( សូម​មើល ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប លេខ ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ លោក​បាន​ពន្យល់​ថា សមាជិក​ម៉ាសេដូន​បាន​ធ្វើ​ដូច្នោះ​ដោយសារ​ពួកគេ​ចង់​ធ្វើតាម​ព្រះបំណង​របស់​ព្រះ ។ ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​កូរិនថូស​ឲ្យ​ធ្វើតាម​គំរូ​នេះ ក្នុង​ការជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ​ដោយ​ចេញ​ពី​សេចក្ដីស្រឡាញ់​ដ៏​បរិសុទ្ធ ។

  1. សូម​គូស​បន្ទាត់​ឈរ​ឲ្យ​ចំ​កណ្ដាល​ក្រដាស​ទទេ​មួយ​សន្លឹក នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​ពាក្យ អ្នក​មាន នៅ​ផ្នែក​ខាង​លើ​ប្រអប់​ឈរ​ទី​មួយ រួច​សរសេរ​ពាក្យ អ្នក​ក្រ នៅ​ផ្នែក​ខាង​លើ​ប្រអប់​ឈរ​ទី​ពីរ ។

    សូម​អាន កូរិនថូស ទី២ ៨:៩ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួក​បរិសុទ្ធ ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម ដោយ​សរសេរ​ចម្លើយ​របស់​អ្នក​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​ក្រោម​ពាក្យ អ្នក​មាន និង អ្នក​ក្រ ។

    1. តើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​មាន​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​តាម​របៀប​ណា ?

    2. តើ​ទ្រង់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ក្រ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​តាមរបៀប​ណា ?

    3. តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​នៅ​ក្នុង ខទី ៩ ដែល​ថា​យើង​រាល់​គ្នា « បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ [ របស់​ព្រះអង្គ​សង្គ្រោះ ] » ?

សូម​ពិចារណា​សូម្បី​តែ​ពី​មុន​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក ទ្រង់​គឺ​ជា​សមាជិក​ក្នុង​ក្រុមព្រះ ហើយ​ទ្រង់​បាន​ឈរ​នៅ​ក្បែរ​ព្រះវរបិតាសួគ៌​ដោយ​សិទ្ធិអំណាច ព្រះចេស្តា និង សិរីល្អ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដាក់​ព្រះកាយ​ចុះ ឬ មាន​ព្រះទ័យ​រាបទាប និង​បន្ទាប​ព្រះកាយ​ទ្រង់ ចេញ​ពី​បល្ល័ង្ក​របស់​ទ្រង់​មុន​ឆាក​ជីវិត​នេះ​មក​ប្រសូត​លើ​ផែនដី​ដើម្បី​ធ្វើ​ការងារ​បម្រើ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ ហើយ​បាន​ធ្វើ​ដង្វាយធួន ដើម្បី​យើង​អាច​ទទួល​បាន​ភាពមាន​បាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូម​មើល នីហ្វៃទី១ ១១:២៦–២៨ ) ។

ប្រមាណ​ជា​មួយ​ឆ្នាំ​មុន ពួក​បរិសុទ្ធ​កូរិនថូស​បាន​តាំងចិត្ត​ប្រមូល​ទ្រព្យសម្បត្តិ​សម្រាប់​ពួក​បរិសុទ្ធ​ក្រីក្រ​នៅ​ក្រុង​យេរ៉ូសាឡិម ។ សូម​អាន កូរិនថូស ទី២ ៨:១០–១១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​នៅ​ពេល​នោះ ។ ឃ្លា « ចាប់​ផ្តើម​ធ្វើ » និង « បំពេញ​ការនោះ​ចុះ » សំដៅ​ទៅ​លើ​ការក្រើនរំឭក​របស់​ប៉ុល​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើតាម​ការតាំងចិត្ត​ពី​មុន​របស់​ពួកគេ ដើម្បី​បរិច្ចាគ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ពួក​បរិសុទ្ធ​ក្រីក្រ គឺ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ភាពមាន​បាន​ដ៏​អស់កល្ប​ជានិច្ច​ដល់​ពួកគេ​ដូច្នោះ​ដែរ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​គឺ​ថា នៅ​ពេល​យើង​យល់​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង នោះ​យើង​នឹង​កាន់តែ​មាន​បំណង​ដើម្បី​បរិច្ចាគ​ធនធាន​របស់​យើង​ដល់​មនុស្ស​ដទៃ ។

សូម​គិត​ថាតើ​ការទទួលស្គាល់​ភាពពោរពេញ​នៃ​អំណោយ​របស់​ព្រះអង្គសង្គ្រោះ​មក​ដល់​យើង អាច​ជំរុញ​ឲ្យ​យើង​បរិច្ចាគ​ដល់​អ្នកខ្វះខាត​បាន​យ៉ាង​ដូចម្ដេច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អំណោយ​ជាក់លាក់​ណា​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​អ្នក ហើយ​ថាតើ​អំណោយ​ទាំងនោះ​បំផុសគំនិត​ឲ្យ​អ្នក​បរិច្ចាគ​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

សូម​អាន កូរិនថូស ទី២ ៨:១២–១៥ ដោយ​ស្វែងរក​សេចក្ដីពិត​មួយ​ទៀត​ដែល​ប៉ុល​បាន​បង្រៀន​ប្រជាជន អំពី​សារៈសំខាន់​នៃ​ការផ្គត់ផ្គង់​គ្នាទៅវិញ​ទៅ​មក​នៅ​ក្នុង​សាច់ឈាម ។

សេចក្ដីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី កូរិនថូស ទី២ ៨:១២–១៣ គឺ​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​បំណង​បរិច្ចាគ ទោះជា​នៅ​ពេល​យើង​ពុំ​មាន​អ្វី​សោះ​ដើម្បី​បរិច្ចាគ​យ៉ាង​ណា​ក្ដី ។

ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​សេចក្ដីពិត​នេះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ហូឡិន រួច​ពិចារណា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖ « ទាំង​អ្នក​មាន អ្នក​ក្រ យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​អ្នក​ផ្សេង​ទៀត​ត្រូវការ​ជំនួយ » ( « Are We Not All Beggars? » ទំព័រ ៤១ ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​បាន ប្រសិនបើ​យើង​ពុំ​មាន​ទ្រព្យសម្បត្តិ​ខាង​សាច់ឈាម​ដើម្បី​បរិច្ចាគ​ឲ្យ​ពួកគេ​ផង​នោះ ?

  • ហេតុអ្វី​បាន​ជា​យើង​គួរតែ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មនុស្ស​ដទៃ ?

  • យោង​តាម កូរិនថូស ទី២ ៨:១៤–១៥ តើ​នរណា​ដែល​ទទួល​បាន​ប្រយោជន៍​នៅ​ពេល​ពួក​បរិសុទ្ធ​ទាំងអស់ បន្ត​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ?

សូម​ពិចារណា​អំពី​របៀប​មួយ​ចំនួន ដែល​មនុស្ស​គ្រប់​គ្នា​ទទួលបាន​ប្រយោជន៍​នៅ​ពេល​យើង​មាន​បំណង​បរិច្ចាគ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ហូឡិន ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​ឆ្លើយ​តប​ដោយ​ចិត្ត​មេត្តា​ដល់​ជនក្រីក្រ ៖ « ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​អ្នក​ក្នុង​ការជួយ​ដល់​ពួក​អ្នក​ដែល​តែងតែ​មិន ឬ មិន​អាច​ជួយ​ខ្លួនគេ​ផ្ទាល់​នោះ​យ៉ាងណាទេ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះ​នឹង​ជួយ​អ្នក ហើយ​ដឹកនាំ​អ្នក​នៅ​ក្នុង​ទង្វើ​ដ៏​មេត្តាករុណា​នៃ​ភាពជាសិស្ស ប្រសិនបើ​អ្នក​ចង់ ហើយ​អធិស្ឋាន​សុំ ព្រមទាំង​ស្វែងរក​របៀប​គោរព​តាម​ព្រះបញ្ញត្តិ​មួយ​ប្រកប​ដោយ​មនសិកា ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ » ( « Are We Not All Beggars? » ទំព័រ ៤១ ) ។

សូម​កត់សម្គាល់​ថា​អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា​យើង​គួរតែ « ចង់ ហើយ​អធិស្ឋាន​សុំ ព្រមទាំង​ស្វែងរក​របៀប​គោរព​តាម​ព្រះបញ្ញត្តិ​មួយ​ប្រកប​ដោយ​មនសិកា » ដើម្បី​ជួយ​ជនក្រីក្រ និង អ្នក​ខ្វះខាត ។ ដង្វាយតមអាហារ គម្រោង​បម្រើ​ក្នុង​មូលដ្ឋាន និង ឱកាស​សប្បុរសធម៌ គឺជា​មធ្យោបាយ​មួយ​ចំនួន​ដែល​សាសនាចក្រ​បាន​បង្កើត​ឡើង ដើម្បី​យើង​អាច​ជួយ​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​ជនក្រីក្រ ។ តើ​អ្នក​អាច​គិត​ឃើញ​មធ្យោបាយ​ណា​ផ្សេង​ទៀត ដែល​យើង​អាច​ធ្វើ​ដូចនេះ​បាន​ដែរ​ឬ​ទេ ?

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ពេល​មួយ​ដែល​អ្នក​បាន​ជួយ​នរណាម្នាក់​ដែល​ខ្វះខាត ហើយ​ជា​លទ្ធផល​អ្នក​មាន​អារម្មណ៍​ដូចម្ដេច ។ អ្នក​ក៏​អាច​សរសេរ​អំពី​សកម្មភាព​មួយ​ដែល​អ្នក​គ្រោង​នឹង​ធ្វើ ដោយ​យោង​តាម​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការបរិច្ចាគ​ដល់​ជនក្រីក្រ និង អ្នក​ខ្វះខាត ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី២ ៨:១៦–២៤ ប៉ុល​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​ទីតុស និង បងប្អូនប្រុស​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​បញ្ជូន​ទៅ​រៃ​អង្គាស​វិភាគទាន​សប្បុរសធម៌​សម្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរ៉ូសាឡិម ។ ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ការទុកចិត្ត​របស់​លោក​ទៅ​លើ​ពួក​បរិសុទ្ធ​កូរិនថូស ហើយ​បាន​ពន្យល់​ថា ការបរិច្ចាគ​ដោយ​សប្បុរស​របស់​ពួកគេ​នឹង​ជា​ភស្ដុងតាង​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​មាន​ចំពោះ​មនុស្ស​ដទៃ ។

កូរិនថូស ទី២ ៩

ប៉ុល​បង្រៀន​អំពី​ពរជ័យ​នៃ​ការធ្វើ​ជា​អ្នក​បរិច្ចាគ​ដោយ​ស្មោះ ។

ប៉ុល​បាន​បន្ត​សរសើរ​ពួក​បរិសុទ្ធ​កូរិនថូស ( សូម​មើល កូរិនថូស ទី២ ៩:១–៥ ) ។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ពួកគេ​ថា លោក​បាន​បញ្ជូន​ទីតុស និង​អ្នក​ដទៃ​ទៀត​ឲ្យ​ទៅ​បញ្ជាក់​អំពី​បំណង​របស់​ពួកគេ​ក្នុង​ការបរិច្ចាគ​ដល់​ជនក្រីក្រ​ដោយ​ចិត្ត​សប្បុរស ។

សូម​គិត​ថាតើ​អ្នក​ធ្លាប់​បរិច្ចាគ​អ្វី​មួយ​ដល់​នរណា​ម្នាក់ ឬ បាន​ធ្វើ​អ្វី​មួយ​សម្រាប់​នរណាម្នាក់​ដោយ​មិន​ពេញ​ចិត្ត ឬ មិន​មាន​បំណង​ដែរ​ឬ​ទេ ។ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការលះបង់​ពេល​វេលា ប្រាក់កាស ឬ ធនធាន​ដទៃ​ទៀត​ដោយ​មាន​ចិត្ត​រីករាយ ដើម្បី​ជួយ​មនុស្ស​ដទៃ ?

សូម​អាន កូរិនថូស ទី២ ៩:៦–៧ ដោយ​ស្វែងរក​ការប្រៀបធៀប​ដែល​ប៉ុល​បាន​ប្រើ ដើម្បី​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​អំពី​ការបរិច្ចាគ​ដោយ​សប្បុរស ។

ព្រោះ មាន​ន័យ​ថា បាច​គ្រាប់​ពូជ ។ តើ​នរណា​ជា​អ្នក​ព្រោះ​នៅ​ក្នុង​ការប្រៀបធៀប​នេះ ?

សូម​គិត​ថាតើ​ការបរិច្ចាគ​ដល់​អ្នក​ដទៃ អាច​ប្រៀប​ដូចជា​ការព្រោះ​គ្រាប់​ពូជ​នៅ​ក្នុង​ចម្ការ​យ៉ាង​ដូចម្ដេច ។ តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​ព្រោះ​ដោយ​កំណាញ់ ? តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​ព្រោះ​ដោយ​សទ្ធា ?

យោង​តាម កូរិនថូស ទី២ ៩:៧ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​យើង​ព្រោះ ឬ បរិច្ចាគ​យ៉ាង​ដូចម្ដេច ?

ចេញ​ពី កូរិនថូស ទី២ ៩:៦–៧ យើង​រៀន​សេចក្តីពិត​ដូច​ត​ទៅ​នេះ ៖ ប្រសិនបើ​យើង​បរិច្ចាគ​ដល់​អ្នក​ដែល​ខ្វះខាត​ដោយ​មាន​ចិត្ត​រីករាយ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​ដោយ​សប្បុរស​ដែរ ។

តើ​ការបរិច្ចាគ​ដល់​មនុស្ស​ដទៃ​ដោយ​ឥរិយាបថ​រីករាយ នាំ​យើង​ឲ្យ​ទទួលបាន​កាន់តែ​បរិបូរ​យ៉ាង​ដូចម្ដេច ?

សូម​អាន កូរិនថូស ទី២ ៩:៨–១០ ដោយ​ស្វែងរក​ពរជ័យ​ទាំងឡាយ​ដែល​ប៉ុល​បាន​ថ្លែង ដែល​នឹង​កើតមាន​ដល់​ពួក​បរិសុទ្ធ​ប្រសិនបើ​ពួកគេ​បរិច្ចាគ​ដោយ​ចិត្ត​រីករាយ ។ សូម​គូសចំណាំ ឬ​កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក លើ​ឃ្លា​មួយ​ចំនួន​ដែល​ប៉ុល​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ដែល​បរិច្ចាគ​ដោយ​ចិត្ត​រីករាយ ។

សូម​កត់ចំណាំ​ថា​ឃ្លា​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ពរជ័យ​របស់​ព្រះអម្ចាស់​ប្រាប់​ថា យើង​នឹង​ទទួល​បាន​ព្រះគុណ​ពី​ព្រះអម្ចាស់ ដែល​ព្រះគុណ​នោះ​រួមមាន​ពរជ័យ​ខាង​សាច់ឈាម​គ្រប់គ្រាន់​បំពេញ​តាម​សេចក្ដី​ត្រូវការ​នានា​របស់​យើង ។

យោង​តាម កូរិនថូស ទី២ ៩:១០ តើ​នរណា​ជា « អ្នក​ផ្គត់ផ្គង់​ពូជ សំរាប់​អ្នក​ដែល​ព្រោះ » ? តើ​ការចងចាំ​អំពី​ប្រភព​នៃ​គ្រាប់​ពូជ​នោះ​ចេញ​មក អាច​ជួយ​យើង​ឲ្យ​បរិច្ចាគ​ដោយ​ចិត្ត​រីករាយ​យ៉ាង​ដូចម្ដេច ?

សូម​អាន កូរិនថូស ទី២ ៩:១១–១៥ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ពួក​បរិសុទ្ធ​ដែល​បរិច្ចាគ និង​ទទួល​ដោយ​ចិត្ត​រីករាយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យោង​តាម កូរិនថូស ទី២ ៩:១១–១៥ តើ​អ្នក​ដែល​បរិច្ចាគ​ទ្រព្យសម្បត្តិ​ខ្លួន​ដោយ​សប្បុរស និង អ្នក​ដែល​ទទួល​បាន​ទ្រព្យសម្បត្តិ​ពី​មនុស្ស​ម្នាក់​ទៀត មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​ព្រះ ? ( សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​ឃ្លា​ដែល​ប្រាប់​អំពី​ការដឹងគុណ ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ) ។

សូម​គិត​ដល់​ការសរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​ក្បែរ កូរិនថូស ទី២ ៩:១១–១៥ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ការទទួលស្គាល់​សេចក្ដី​សប្បុរស​របស់​ព្រះ​នៅ​ក្នុង​ការប្រទានពរ​ដល់​យើង អាច​ជួយ​យើង​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​នៅ​ពេល​ណា​ខ្លះ​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ព្រះ​បន្ទាប់​ពី​បាន​ទទួល​ពរជ័យ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក​សម្រាប់​ការបម្រើ និង ការបរិច្ចាគ​ដល់​មនុស្ស​ដទៃ​ដោយ​ចិត្ត​រីករាយ ? ( សូម​គិត​ដល់​ការបន្ថែម​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍ និង សេចក្ដីពិត​នានា​ដែល​មាន​នៅ​ក្នុង កូរិនថូស ទី២ ៨–៩ ) ។

ដើម្បី​ជួយ​អ្នក​អនុវត្ត​តាម​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​នរណា​ម្នាក់​ដែល​ខ្វះខាត​នៅ​សប្ដាហ៍​នេះ ( អាច​ជា​នរណាម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​អ្នក ) ។ សូម​ដាក់​គោលដៅ​ជាក់លាក់​មួយ​ដើម្បី​ជួយ​បុគ្គល​នោះ រួច​សរសេរ​វា​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី២ ៨-៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖