បណ្ណាល័យ
មេរៀន​ទី ១៩ ថ្ងៃទី ៤ ៖ កិច្ចការ ១៨-១៩


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ៤

កិច្ចការ ១៨-១៩

សេចក្តី​ផ្ដើម

ប៉ុល​ត្រូវ​ពួក​សាសន៍​យូដា​ជាច្រើន​នៅ​ក្រុង​កូរិនថូស​បដិសេធ ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​សាសន៍​ដទៃ​ដែល​នៅ​ទីនោះ ។ នៅ​ក្រុង​អេភេសូ លោក អ័គីឡា និង​នាង ព្រីស៊ីល​ជា​ស្វាមី​ភរិយា​ដ៏​ស្មោះ​ត្រង់​មួយ​គូ បាន​ណែនាំ​អ័ប៉ុឡូស ដែល​ជា​សាសន៍​យូដា​មក​ពី​ក្រុង អ័លេក្សានទ្រា ហើយ​ជួយ​គាត់​ឲ្យ​យល់​ពី​មាគ៌ា​របស់​ព្រះ ។ ប៉ុល​បាន​ប្រកាស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ធ្វើ​អព្ភូតហេតុ ហើយ​បាន​ចៀស​ពី​ក្រុម​មនុស្ស​ដ៏​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​សាលាប្រជុំ​នៅ​ឯ​ក្រុង​អេភេសូ ។

កិច្ចការ ១៨:១-១៧

ប៉ុល​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​កូរិនថូស

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​វិធី​អ្វីខ្លះ ដែល​អ្នក​អាច​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ?

    2. តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​បាន​ជួប នៅ​ពេល​អ្នក​បាន​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

នៅពេល​អ្នក​សិក្សា កិច្ចការ ១៨ សូម​រកមើល​គោលការណ៍​មួយ ដែល​អាច​ជួយ​អ្នក​នៅពេល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

នៅក្នុង កិច្ចការ ១៨:១-៥ យើង​រៀន​ថា ប៉ុល​បាន​ចាកចេញ​ពី​ក្រុង អាថែន ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​កូរិនថូស ជា​ទីកន្លែង​ដែល​លោក​បាន​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ។ សូម​អាន កិច្ចការ ១៨:៦ ដោយ​រកមើល​ឧបសគ្គ​នានា​ដែល​ប៉ុល​បាន​ជួប នៅ​ពេល​លោក​បាន​បង្រៀន​ពួក​សាសន៍​យូដា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្រុង​កូរិនថូស ។

តើ​ប៉ុល​បាន​ដាក់​ផែនការ​ធ្វើ​អ្វីខ្លះ ដោយសារ​ពួក​សាសន៍​យូដា​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​បាន​បដិសេធ​សារលិខិត​របស់​លោក ?

សូម​អាន កិច្ចការ ១៨:៧-១០ ដោយ​រកមើល​អ្វី​បាន​កើត​ឡើង ដែល​អាច​លើកទឹក​ចិត្ត​ដល់​ប៉ុល ។ សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង ខ​ទី ១០ អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ប៉ុល ប្រសិន​បើ​លោក​បន្ត​ប្រកាស​ដំណឹងល្អ​នៅ ក្រុង​កូរិនថូស ?

យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​ថា ប្រសិន​បើ​យើង​រស់នៅ​ដោយ​សក្ដិសម ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង កាល​យើង​ធ្វើ​កិច្ចការ​ទ្រង់ ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ១៨:៩–១០ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន​ថូម៉ាស អេស ម៉នសុន​បាន​ផ្ដល់​ការលើក​ទឹកចិត្ត​ដូចតទៅ​នេះ ៖ « ឥឡូវនេះ​ពួកអ្នក​មួយ​ចំនួន​អាច​មាន​ការអៀនខ្មាស​ពី​ធម្មជាតិ ឬ​គិត​ថា​ខ្លួន​ឯង​ខ្វះ​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ទៅ​នឹង​ការ​ហៅ​បម្រើ ។ ចូរ​ចាំ​ថា កិច្ចការ​នេះ​ពុំ​គ្រាន់​តែ​ជា​របស់​អ្នក និង ខ្ញុំ​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ វា​គឺ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​នៅ​ពេល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ ចូរ​ចាំ​ថា ព្រះអម្ចាស់ នឹង​ដុស​ខាត់​ខ្នង​ដើម្បី​រែក​បន្ទុក​ដែល​នឹង​ដាក់​មក​លើ » ( «To Learn, to Do, to Be» Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៦២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​អ្នក នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

    2. តើ​នៅ​ពេល​ណា ដែល​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​អ្នក​នៅពេល​អ្នក​បាន​ធ្វើ​កិច្ចការ​របស់​ទ្រង់ ? តើ​អ្នក​បាន​ដឹង​ថា​ទ្រង់​គង់​នៅ​ជាមួយ​អ្នក​ដោយ​របៀប​ណា ?

កិច្ចការ ១៨:១១–១៧ កត់ត្រា​ថា ប៉ុល​បាន​បន្ត​បង្រៀន​នៅ​ក្រុង​កូរិនថូស​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ ។ អំឡុង​ពេល​នៅ ក្រុង​កូរិនថូស ពួកសាសន៍​យូដា បាន​ព្យាយាម​ដាក់​ទោស​លោក ចំពោះ​អ្វី​ដែល​លោក​កំពុង​បង្រៀន ប៉ុន្តែ​អ្នក​តំណាង​ច្បាប់​បាន​បដិសេធ​រឿង​ក្តី​នោះ ហេតុ​ដូច្នោះ​ហើយ​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ប៉ុល​ត្រូវបាន​បំពេញ ។

កិច្ចការ ១៨:១៨-២៨

អ័គីឡា និង ព្រីស៊ីល បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ពី​មាគ៌ា​របស់​ព្រះ

នៅក្នុង កិច្ចការ ១៨:១៨–២៣ យើង​រៀន​ថា​ស្វាមី និង​ភរិយា អ័គីឡា និង ព្រីស៊ីល បាន​ចូលរួម​ដំណើរ​ជាមួយ​ប៉ុល​ទៅ​ក្រុង​អេភេសូ ។ ដោយ​បាន​ចាកចេញ​ពី​គូស្វាមី​ភរិយា​នោះ​នៅ​ក្រុង​អេភេសូ ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ែក​នៃ​ក្រុង​យេរូសាឡិម និង ភាគខាង​ជើង អាន់ទីយ៉ូក ជា​កន្លែង​ដែល​លោក​បាន​បញ្ចប់​ដំណើរ​ផ្សាយ​សាសនា​លើក​ទី​ពីរ​របស់​លោក ។ ដំណើរ​ផ្សាយ​សាសនា​នេះ​មាន​រយៈពេល​បី​ឆ្នាំ ។ អំឡុង​ពេល​នោះ ប៉ុល​បាន​ធ្វើ​ដំណើរ​អស់​ប្រហែល​ជា ៤៨២៨ គីឡូម៉ែត្រ ។ ។

បន្ទាប់​មក ប៉ុល​បាន​ចាកចេញ​ពី អាន់ទីយ៉ូក ហើយ​បាន​ចាប់ផ្តើម​ដំណើរ​ផ្សាយ​សាសនា​លើក​ទី​បី​របស់​លោក ( សូមមើល​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ.១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ នៅក្នុង​ដំណើរ​នេះ លោក​បាន​ធ្វើ​ដំណើរ​ជា​ថ្មី​ម្តង​ទៀត​ទៅ​តំបន់​នានា​ដែល​លោក​ធ្លាប់​បង្កើត​សាខា​របស់​សាសនាចក្រ​កាល​ពីមុន ដោយ​ពង្រឹង​ដល់​ពួកសិស្ស ។

សូម​អាន កិច្ចការ ១៨:២៤-២៥ ដោយ​រកមើល​អ្វី​ដែល​កើត​ឡើង​នៅ​ក្រុង​អេភេសូ បន្ទាប់​ពី​ប៉ុល​បាន​ចាកចេញ ។

តើ អ័ប៉ុឡូស​បាន​យល់​អ្វី​រួច​ទៅ​ហើយ​អំពី « សេចក្តី​ខាង​ឯ​ព្រះអម្ចាស់ » ( ខ​ទី ២៥ ) ?

ដោយ « ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន » ( ខ​ទី ២៥ ) នោះ​អ័ប៉ុឡូស​ពុំ​យល់​ច្បាស់​ពី​ព្រះយេស៊ូវ​គ្រីស្ទ និង បេសកកម្ម​របស់​ទ្រង់​ឡើយ ។ សូម​អាន កិច្ចការ ១៨:២៦ ដោយ​រកមើល​អ្វី​ដែល​អ័គីឡា និង ព្រីស៊ីល បាន​ធ្វើ​នៅពេល​ពួកគេ​បាន​ស្តាប់​ឮ​ការបង្រៀន​របស់​អ័ប៉ុឡូស ។

ឃ្លា​ថា « ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ទៅ​ទៀត » ( ខ​ទី ២៦ ) មាន​ន័យ​ថា អ័គីឡា និង ព្រីស៊ីល​បាន​បង្រៀន​អ័ប៉ុឡូស​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​ទ្រង់​បន្ថែម​ទៀត ដែល​បន្ថែម​ទៅលើ​ចំណេះដឹង និង ការយល់​ដឹង​របស់​អ័ប៉ុឡូស ។

សូម​អាន កិច្ចការ ១៨:២៧–២៨ ដោយ​រកមើល​ភស្ដុតាង​ដែល​បង្ហាញ​ថា​អ័គីឡា និង ព្រីស៊ីល បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ពី​មាគ៌ា​របស់​ព្រះ​ឲ្យ​រឹត​តែ​ច្បាស់​ឡើង ។

កិច្ចការ ១៩:១-២០

ប៉ុល​ផ្តល់​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​អព្ភូតហេតុ

នៅពេល​ប៉ុល​បាន​ចាប់ផ្តើម​ដំណើរ​ផ្សាយ​សាសនា​លើក​ទី​បី​របស់​លោក នោះ​លោក​បាន​ធ្វើ​ដំណើរ​ទូទាំង​តំបន់​នានា​នៅ​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ( សូមមើល កិច្ចការ ១៨:២៣ ) ហើយ​បន្ទាប់​មក​លោក​បាន​ត្រឡប់​ទៅ​ក្រុង​អេភេសូ វិញ ។ សូម​អាន កិច្ចការ ១៩:២–៦ ដោយ​រកមើល​របៀប​ដែល​ប៉ុល​បាន​ជួយ​មនុស្ស​នៅ ក្រុង​អេភេសូ ឲ្យ​យល់​ពី​មាគ៌ា​របស់​ព្រះ​ឲ្យ​រឹត​តែ​ច្បាស់​ឡើង ។

រូបភាព
ប្រទេស​ក្រិក​ដែល​បាន​បំផ្លិចបំផ្លាញ

ការបំផ្លាញ​សាល​មហោស្រព​របស់​ប្រទេស​ក្រិក​នៅ​ក្រុង​អេភេសូ ជា​កន្លែង​ដែល​ប៉ុល​បាន​បង្រៀន

តើ​ប៉ុល​បាន​ជួយ​ពួកសិស្ស​នៅ​ក្រុង​អេភេសូ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​អ្វី​ខ្លះ ?

នៅពេល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដែល​បាន​បោះពុម្ព​ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ សូម​រកមើល​មូលហេតុ​ដែល​ប្រជាជន​នៅ​ក្រុង​អេភេសូ​ត្រូវតែ​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើង​វិញ ៖ « វា​ហាក់បី​ដូច​ជា … ថា ពួកសាសន៍​យូដា មួយ​ចំនួន​ដែល​មាន​គំនិត​ប្រកាន់​នោះ​បាន​ជ្រមុជទឹក ដូច​ជា យ៉ូហាន [ បាទីស្ទ ] ប៉ុន្តែ​បាន​ភ្លេច​ប្រាប់​ពួកគេ​ថា មាន​ម្នាក់​ធ្វើ​តាម​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖—ដែល​បាន​បង្ហាញ​អ្នក​ប្រែចិត្ត​ជឿ​ទាំង​នេះ​ថា ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​គឺ មិន​ត្រូវ​ច្បាប់​ទេ ហើយ​នៅពេល​ពួកគេ​បាន​ឮ​ការណ៍​នេះ ពួកគេ​បាន​ជ្រមុជទឹក​ដោយ​រីករាយ ហើយ​ក្រោយមក​ពួកគេ​ត្រូវបាន​ដាក់ដៃ​លើ ពួកគេ​បាន​ទទួល​អំណោយ​ទាន​នានា ស្រប​តាម​ការសន្យា » ( « Baptism » Times and Seasons ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ទំព័រ ៩០៤ ) ។

ចេញ​ពី​បទពិសោធន៍​នេះ​យើង​រៀន​ថា ដើម្បី​យក​ជា​ការបាន ពិធី​បុណ​ជ្រមុជ​ទឹក​ត្រូវតែ​ធ្វើ​ឡើង​ដោយ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​ពី​ព្រះ និង ដើម្បី​ឲ្យ​ពិធី​បុណ្យជ្រមុជទឹក​នោះ​មាន​ភាព​ពេញ​លេញ វា​ត្រូវ​អម​ដោយ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពិធី​បុណ្យ​ជ្រមុជទឹក​ត្រូវតែ​អម​ដោយ « អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការដាក់​ដៃ​លើ » ៖ « អ្នក​អាច​ជ្រមុជទឹក​ឲ្យ​មនុស្ស​ម្នាក់ ដូច​ជា​ជ្រមុជទឹក​ខ្សាច់​មួយ​បាវ​ផងដែរ ប្រសិនបើ​វា​មិន​ធ្វើ​ឡើង​ក្នុង​គោលបំណង​នៃ​ការការផ្តាច់បាប និង ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​នោះ ។ បុណ្យ​ជ្រមុជ​ដោយ​ទឹក គឺ​ជា​បុណ្យ​ជ្រមុជ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ហើយ​វា​ពុំ​បាន​ការ​អ្វី​ឡើយ​ប្រសិនបើ​គ្មាន​ពិធី​ជ្រមុជ​ពាក់​កណ្តាល​ទៀត—នោះ​គឺ​ជា​បុណ្យ​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » (Teachings of Presidents of the Church ៖ Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ៩៥) ។

នៅ​ក្នុង កិច្ចការ ១៩:៧-១០ យើង​រៀន​ថា ប៉ុល​បាន​បន្ត​បង្រៀន​នៅ ក្រុង​អេភេសូ អស់រយៈពេល​ជាង​ពីរ​ឆ្នាំ​ទៀត ។ សូម​អាន កិច្ចការ ១៩:១១-១២ ដោយ​រកមើល​អព្ភូតហេតុ​អ្វី​ខ្លះ ដែល​ព្រះ​បាន​សម្តែង​ឡើង​តាមរយៈ​ប៉ុល ។

គោលលទ្ធិ​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើររឿង​នេះ​គឺ​ថា វិធី​មួយ​ដែល​ព្រះ​បង្ហាញ​ព្រះចេស្ដា​ទ្រង់​គឺ​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែល​មាន​សិទ្ធិ​អំណាច ។

សូម​អាន កិច្ចការ ១៩:១៣-១៦ ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​បណ្តេញ​អារក្ស ដូច​ជា​ប៉ុល​បាន​ធ្វើ ។

ដោយសារ​កូន​របស់​ស្កេវ៉ា​គ្មាន​សិទ្ធិ​អំណាច​បព្វជិតភាព ដើម្បី​បម្រើ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​វិញ្ញាណ​អារក្ស​ពុំ​ទទួល​ស្គាល់ ឬ យល់​ព្រម​នឹង​សិទ្ធិ​អំណាច​នោះ​ឡើយ បើ​ទោះបី​ជា​ពួកគេ​ប្រកាស​ថា​ពួកគេ​តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ​ក្តី ។

សូម​អាន កិច្ចការ ១៩:១៧-២០ ដោយ​រកមើល​អ្វី​ដែល​មនុស្ស​ជា​ច្រើន​បាន​ធ្វើ បន្ទាប់​ពី​បាន​ដឹង​នូវ​ព្រឹត្តិការណ៍​នេះ ។ ឃ្លា « វិជ្ជា​ប្លែកៗ » នៅក្នុង ខ​ទី ១៩ សំដៅលើ​គ្រូអាប​ធ្មប់ និង ការប្រព្រឹត្ត​អាក្រក់​ផ្សេង​ទៀត ។

តើ​មនុស្ស​ទាំងនេះ​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

យើង​អាច​រៀន​គោលការណ៍​ដូចតទៅ​នេះ​ពី​ខគម្ពីរ​ទាំង​នេះ ៖ ដោយ​សារភាព ហើយ​លះបង់​ការប្រព្រឹត្ត​អាក្រក់ៗ នោះ​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការលះបង់​អ្វី​ខ្លះ​ដែល​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ ដើម្បី​បោះបង់​ចោល​អំពើ​បាប​ដែល​គាត់​បាន​សារភាព​នោះ ?

សូម​ពិចារណា​ថា​តើ​មាន​អំពើ​បាប​ណា​ខ្លះ ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​សារភាព និង បោះបង់​ចោល ។ សូម​ជ្រើស​អនុវត្ត​តាម​ការបំផុស​គំនិត​នានា ដែល​អ្នក​បាន​ទទួល​នៅពេល​អ្នក​សិក្សា​មេរៀន​នេះ ។

កិច្ចការ ១៩:២១-៤១

អ្នក​ថ្វាយបង្គំ​ព្រះ ឌីអាន​ក្លែងក្លាយ និយាយ​ជំទាស់​នឹង​ប៉ុល ហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅក្នុង​ទីក្រុង

នៅក្នុង កិច្ចការ ១៩:២១–៤១ យើង​រៀន​ថា កិច្ចការ​មួយ​ចំនួន​នៅ​ក្រុង​អេភេសូត្រូវបាន​គាំទ្រ​ដោយ​ការថ្វាយ​បង្គំ​ព្រះ ឌីអាន​ក្លែងក្លាយ ។ ដោយសារ​ប៉ុល​បាន​បង្រៀន​ទាស់​នឹង​ការថ្វាយ​បង្គំ​នៃ​ព្រះក្លែងក្លាយ នោះ​ពួក​ជាង​ដែល​ធ្វើ​រូប​ចម្លាក់​នៃ​ព្រះ​ឌីអាន​នោះ​បាន​បង្វែរ​ប្រជាជន​ឲ្យ​ប្រឆាំង​ទាស់​នឹង​ប៉ុល ។ ប្រជាជន​បាន​យក​ដៃគូ​ពីរ​នាក់​របស់​ប៉ុល ហើយ​ជួបជុំ​គ្នា​នៅក្នុង​សាល​មហោស្រព​ក្នុង​ទីក្រុង ដែល​អាច​ដាក់​មនុស្ស​ដល់​ទៅ ២៤០០០ នាក់ ។ ប៉ុល​ចង់​និយាយ​ជាមួយ​មហា​ជន​នោះ ប៉ុន្តែ​ពួកសិស្ស​មួយ​ចំនួន និង ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បញ្ចុះបញ្ចូល​គាត់​មិន​ឲ្យ​ចូល​ទៅក្នុង​សាល​មហោស្រព​នោះ​ឡើយ ។ ទីបំផុត​ស្មៀន​ទីក្រុង​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស្ងប់​អារម្មណ៍ ហើយ​បាន​បំបែក​ពួកគេ​ចេញ ។ ប៉ុល និង ដៃគូ​របស់​លោក​ត្រូវបាន​ការពារ​គឺ​ជា​គំរូ​មួយ​នៃ​របៀប​ដែល​ការងារ​របស់​ព្រះ នឹង​បន្ត​ទៅ​មុខ បើទោះបី​ជា​មាន​ការប្រឆាំង​តវ៉ា ឬ ការបៀតបៀន​ពី​ពួក​ទុច្ចរិត​ក្តី ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១៨–១៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖