បណ្ណាល័យ
មេរៀន​ទី ២០ ថ្ងៃទី ២ ៖ កិច្ចការ ២៣-២៨


មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ២

កិច្ចការ ២៣-២៨

សេចក្តី​ផ្ដើម

បន្ទាប់​ពី​ការចាប់​ខ្លួន​នៅក្នុង​ក្រុង​យេរូសាឡិម​មក ប៉ុល​ត្រូវ​គេ​បញ្ជូន​ទៅ សេសារា នៅ​ទីនោះ​លោក​បាន​ការពារ​ខ្លួន​លោក​ជំទាស់​នឹង​ការចោទប្រកាន់​ខុសឆ្គង​នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​សាសន៍​រ៉ូម​ជា​ច្រើន​នាក់ ។ លោក​បាន​តំណាល​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ហើយ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​រ៉ូម​ក្នុង​នាម​ជា​ទណ្ឌិត នោះ​ប៉ុល​បាន​រសាត់​អណ្តែត​ទៅ​លើ​កោះ​មួយ នៅ​ទីនោះ​លោក​នៅតែ​គ្មាន​គ្រោះថ្នាក់ បន្ទាប់​មក​ពស់​ពិស​មួយ​បាន​ចឹក​លោក ថែមទាំង​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ ។ ទីបំផុត ប៉ុល​ត្រូវ​គេ​នាំ​យក​ទៅ​ទីក្រុង រ៉ូម ។ អំឡុង​ពេល​នៅ​ទីនោះ​លោក​ត្រូវ​គេ​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​នាម​ជា​ទណ្ឌិត​អស់​រយៈពេល​ពីរ​ឆ្នាំ ហើយ​បាន​បង្រៀន ព្រមទាំង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

កិច្ចការ ២៣-២៦

ប៉ុល​ត្រូវ​គេ​បៀតបៀន ចាប់​ដាក់​គុក ហើយ​កាត់​ទោស​នៅ​ចំពោះ​ព្រះភក្ត្រ​ស្តេច អ័គ្រីប៉ា

រូបភាព
រូបភាព ផ្លូវ​ឆ្ពោះ​ទៅរក និង ផ្លូវ​បែរ​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ

តើ​ពរជ័យ​អ្វីខ្លះ ដែល​អ្នក​បាន​ទទួល តាមរយៈ​ការធ្វើ​តាម​ព្រះបញ្ញត្តិ និង ការបង្រៀន​របស់​ព្រះ ?

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្វែរ​មនុស្ស​ម្នាក់​ចេញ​ពី​ព្រះ ហើយ​ឈប់​រស់នៅ​តាម​ព្រះបញ្ញត្តិ និង ការបង្រៀន​របស់​ទ្រង់​នោះ ?

សូម​ពិចារណា​ពី​អ្វី​ដែល​អាច​ជា​លទ្ធផល​កើត​ឡើង នៅពេល​មនុស្ស​ងាកបែរ​ចេញ និង ផ្តាច់​ខ្លួន​ពួកគេ​ចេញ​ឆ្ងាយ​ពី​ព្រះ ។

នៅពេល​អ្នក​សិក្សា កិច្ចការ ២៣-២៦ សូម​រកមើល​សេចក្តីពិត​ដែល​នឹង​ជួយ​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ផ្តាច់​ខ្លួន​អ្នក​ចេញ​ពី​ព្រះ និង ពី​ពរជ័យ​របស់​ទ្រង់ ។

សូម​ចាំ​ថា ប៉ុល​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​នាំ​យក​ទៅ​មុខ​ពួក​ថ្នាក់ដឹកនាំ​សាសន៍​យូដា ( សូមមើល កិច្ចការ ២១:៣០–៣៣, ២២:២៣–៣០ ) ។ នៅក្នុង កិច្ចការ ២៣-២៥ យើង​រៀន​អំពី​ជំនួប​របស់​លោក​ជាមួយ​ថ្នាក់​ដឹកនាំ​សាសន៍​យូដា ហើយ​ថា​ប៉ុល​ត្រូវ​គេ​ចាប់​ដាក់​គុក ។ អំឡុង​ពេល​ប៉ុល​នៅ ក្នុង​គុក ព្រះអម្ចាស់​បាន​យាង​មក​លួងលោម ហើយ​បាន​លើក​ទឹកចិត្ត​លោក​ឡើង ( សូមមើល កិច្ចការ ២៣:១១ ) ។ មេទ័ព​រ៉ូម​ដែល​បាន​ចាប់​ខ្លួន​ប៉ុល​បាន​បញ្ជូន​លោក​ទៅ សាសេរា ដើម្បី​រារាំង​ពួក​សាសន៍​យូដា​មួយ​ក្រុម​កុំ​ឲ្យ​សម្លាប់​លោក ។ នៅ​ទីនោះ​ប៉ុល​បាន​ប្រកាស​ពី​ការ គ្មាន​ទោស​របស់​លោក​នៅ​ចំពោះ​មុខ​អភិបាល​រ៉ូម ឈ្មោះ​ភេលីច ។ បើ​ទោះបី​ជា​លោក ភេលីច​បាន​ជឿ​ថា​ប៉ុល​គ្មាន​ទោស​ក្តី លោក​ភេលីច​នៅ​តែ​បន្ត​ឃុំ​ខ្លួន​លោក​នៅ​ក្នុង​ផ្ទះ ក្នុង​នាម​ជា​ទណ្ឌិត​អស់​រយៈពេល​ពីរ​ឆ្នាំ ។ លោក​ភេស្ទុស បាន​មក​ជំនួស​តំណែង​លោក ភេលីច​ធ្វើ​ជា​អភិបាល​សាសន៍​រ៉ូម​លើ​ពួក​សាសន៍​យូដា ចំណែក​ឯ​ស្តេច ហេរ៉ូឌ អ័គ្រីប៉ា ដែល​សោយរាជ្យ​នៅ​តំបន់​មួយ​ដែល​មាន​ទីតាំង​នៅ​ទិស​ឦសាន​នៃ​សមុទ្រ​កាលីឡេ បាន​ជួប​ជាមួយ​លោក​ភេស្ទុស ហើយ​មាន​ព្រះទ័យ​ចង់​ស្តាប់​រឿង​ក្តី​របស់​ប៉ុល ។ ក្រោយ​មក ប៉ុល​ត្រូវ​នាំ​ទៅ​ចំពោះ​ព្រះភក្ត្រ​ស្តេច អ័គ្រីប៉ា ។

សូម​អាន កិច្ចការ ២៦:៤-១១ ដោយ​រកមើល​ថា​តើ​ប៉ុល​បាន​ពិពណ៌នា​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​ចំពោះ​លោក​បែប​ណា​ខ្លះ​ប្រាប់​ស្តេច អ័គ្រីប៉ា ។

ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ២៦:១២-១៦ ប៉ុល​បាន​ប្រាប់​ម្តង​ទៀត​អំពី​ការនិមិត្ត​របស់​លោក​អំពី​ព្រះអង្គសង្គ្រោះ​នៅ​តាម​ផ្លូវ​ទៅ​ក្រុង ដាម៉ាស ។

សូម​អាន កិច្ចការ ២៦:១៦-១៨ ដោយ​រកមើល​បេសកកម្ម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប៉ុល ។ ពាក្យ ទទួល​មរដក ដូច​បាន​ប្រើ​នៅក្នុង ខ​ទី ១៨ សំដៅ​លើ​ការទទួល​ចូលទៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ ។

សូម​គិត​ពី​សំណួរ​ខាងក្រោម​នេះ ៖ តើ​អ្នក​គិត​ថា ការជួយ​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​នរណា​ម្នាក់​ជា​អ្វី ? តើ​មាន​អ្វី​ខ្លះ​ដែល​អាច​បង្វែរ​មនុស្ស​ម្នាក់​ចេញ​ពី​ភាព​ខ្មៅ​ងងឹត ហើយ​បែរ​ឆ្ពោះ​ទៅ​រក​ពន្លឺ និង ព្រះបញ្ញត្តិ ព្រមទាំង​ពរជ័យ​របស់​ព្រះ​នោះ ?

សូម​អាន កិច្ចការ ២៦:១៩-២៣ ដោយ​រកមើល​អ្វី ដែល​ប៉ុល​បាន​និយាយ​ថា លោក​បាន​បង្រៀន​ទាំង​ពួក​សាសន៍​យូដា និង ពួកសាសន៍​ដទៃ​ថា​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​ចែង​នៅក្នុង ខ​ទី ១៨ ។

យោងតាម ខ​ទី ២០ តើ​ប៉ុល​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​សាសន៍​យូដា និង សាសន៍​ដទៃ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ​ថា ប្រសិន​បើ​យើង​ប្រែ​ចិត្ត ហើយ​ងាក​ទៅ​រក​ព្រះ នោះ​យើង​អាច​យក​ឈ្នះ​លើ​អំណាច​របស់​សាតាំង​នៅ​ក្នុង​ជីវិត​របស់​យើង ទទួល​ការ​អត់ទោស​ពី​អំពើបាប​យើង ហើយ​សក្ដិសម​ចូល​ក្នុង​នគរ​សេឡេស្ទាល ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ២៦:១៨-២០ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« នៅពេល​យើង​មាន​បាប យើង​ងាក​ចេញ​ពី​ព្រះ ។ នៅពេល​យើង​ប្រែចិត្ត យើង​ត្រឡប់​មក​រក​ព្រះ​វិញ ។

ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺ​កម្រ​ជា​សំឡេង​មួយ​នៃ​ការដាក់ទណ្ឌកម្ម​ណាស់ ផ្ទុយ​ទៅវិញ​វា​ជា​សំឡេង​អង្វករ​ឲ្យ​ងាក​ក្រោយ និង ដើម្បី ‹ ត្រឡប់ › ទៅរក​ព្រះ​វិញ [ សូមមើល ហេលេមិន ៧:១៧ ] ។ វា​គឺ​ជា​ការដង្ហោយ​ហៅ​របស់​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​លើស​ពី​អ្វី​ដែល​ជា​ខ្លួន​យើង ដើម្បី​ឈាន​ជើង​ឡើង​ទៅ​ផ្លូវ​មួយ​ដែល​ខ្ពស់​ជាង​នេះ​នៃ​ជីវិត​នេះ ដើម្បី​ផ្លាស់ប្តូរ ហើយ​ទទួល​អារម្មណ៍​នៃ​សុភមង្គល​ក្នុង​ការគោរព​ព្រះបញ្ញត្តិ » (  « Repent … That I May Heal You » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ ) ។

រូបភាព
រូបភាព ផ្លូវ​បែរ​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ និង ផ្លូវ​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ផ្អែកទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ប៉ុល និង អែលឌើរ អាន់ឌើរសិន តើ​យើង​អាច​សម្រេច​បាន​អ្វី​ខ្លះ នៅពេល​យើង​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​វិញ ?

នៅ​ពេល​អ្នក​បន្ត​សិក្សា កិច្ចការ ២៦ សូម​រកមើល​អ្វី​ដែល​បាន​រារាំង​ភេស្ទុស និង ស្តេច អ័គ្រីប៉ា កុំ​ឲ្យ​ប្រែចិត្ត ប្រែ​ទៅរក​ព្រះ ហើយ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កិច្ចការ ២៦:២៤-២៩ ដោយ​រកមើល​របៀប​ដែល​ភេស្ទុស និង ស្តេច អ័គ្រីប៉ា​មាន​ប្រតិកម្ម​ចំពោះ​ការបង្រៀន និង ទីបន្ទាល់​របស់​ប៉ុល​អំពី​ព្រះអង្គសង្គ្រោះ ។ នៅក្នុង​តារាង​ខាង​ក្រោម សូម​សរសេរ​ឃ្លា​ដែល​ពិពណ៌នា​ពី​ប្រតិកម្ម​របស់​ពួកគាត់​ចំពោះ​ការបង្រៀន​របស់​ប៉ុល ៖

ប្រតិកម្ម​ចំពោះ​ការបង្រៀន​របស់​ប៉ុល

ភេស្ទុស

ស្ដេច អ័គ្រីប៉ា

សូម​កត់ចំណាំ​ថា ភេស្ទុស ពុំ​ជឿ​ការបង្រៀន​របស់​ប៉ុល​ឡើយ ។ ស្តេច អ័គ្រីប៉ា បាន​ជឿ​ប្រសាសន៍​របស់​ព្យាការី​នានា ប៉ុន្តែ​ពុំ​បាន​តាំង​ចិត្ត​ខ្លួន​ទាំងស្រុង​ធ្វើ​ជា​គ្រិស្តសាសនិក​ឡើយ ។

រូបភាព
ប៉ុល និង ស្ដេច អ័គ្រីប៉ា

ប៉ុល នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច អ័គ្រីប៉ា

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ភេស្ទុស និង ស្តេច អ័គ្រីប៉ា​នោះ​គឺ​ថា ដើម្បី​ប្រែ​ចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​តែ​ជ្រើស​រើស​ជឿ ហើយ​ត្រូវ​តាំង​ចិត្ត​រស់​នៅ តាម​ដំណឹង​ល្អ​ទាំង​ស្រុង ។

សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ ដោយ​រកមើល​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​ការតាំងចិត្ត ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មាន​បងប្អូន​ប្រុស​ពីរ​នាក់ បាន​ឈរ​នៅលើ​ច្រាំង​ថ្ម​ចោត​តូច​មួយ ដើម្បី​គយគន់​មើល​ទឹក​ដ៏​ថ្លា​ឆ្វង់​នៅក្នុង​បឹង​ខៀវ​ស្រងាត់​មួយ ។ វា​គឺជា​កន្លែង​មុជ​ទឹក​មួយ​ដ៏​ល្បីល្បាញ ហើយ​ជារឿយៗ​បងប្អូន​ប្រុស​ទាំងពីរ​នាក់​នេះ បាន​និយាយ​គ្នា​ពី​ការលោត​ចុះ​ទៅ​ក្នុង​បឹង​នោះ—ជា​អ្វី​មួយ​ដែល​ពួកគេ​បាន​ឃើញ​អ្នក​ដទៃ​ធ្វើ ។

ទោះបី​ពួកគេ​ទាំងពីរ​នាក់​ចង់​លោត​ចុះ​ទៅ​ក្ដី ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់​លោត​ទៅ​មុន​ឡើយ ។ កម្ពស់​នៅ​ច្រាំង​ថ្ម​ចោត​នោះ គឺ​វា​ពុំ​សូវ​ខ្ពស់​ប៉ុន្មាន​ទេ ប៉ុន្តែ​ចំពោះ​ក្មេង​ប្រុស​ទាំងពីរ​នាក់​នេះ វា​ហាក់​ដូច​ចម្ងាយ​នោះ​កាន់តែ​កើន​ឡើង ពេលណា​ពួកគេ​បាន​ចាប់ផ្ដើម​ឱន​ទេរ​ទៅ​មុខ—ហើយ​សេចក្ដី​ក្លាហាន​របស់​ពួកគេ​បាន​រសាយ​បាត់​មួយ​រំពេច ។

នៅ​ទីបំផុត មាន​ម្នាក់​បាន​ដាក់​ជើង​ម្ខាង​របស់​ខ្លួន​នៅ​គែម​ច្រាំង​ថ្ម​ចោត​នោះ ហើយ​បាន​រំកិល​ទៅ​មុខ​បន្តិច​ម្ដងៗ ។ នៅពេល​នោះ​ប្អូន​ប្រុស​របស់​គាត់​ម្នាក់​ទៀត​បាន​ខ្សឹប​ថា ‹ ប្រហែល​ជា​យើង​ត្រូវ​ចាំ​រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ › ។

ប៉ុន្តែ​កម្លាំង​របស់​ក្មេង​ប្រុស​ទីមួយ​បាន​ទាញ​គាត់​ទេរ​ទៅ​មុខ​រួច​ជា​ស្រេច​ហើយ ។ គាត់​បាន​តប​ថា ‹ បងប្រុស​ខ្ញុំ​តាំងចិត្ត​រួច​ហើយ ! ›

គាត់​បាន​លោត​គ្រាំ​ចូល​ទៅ​ក្នុង​បឹង​នោះ ហើយ​បាន​ងើប​ចេញ​ពី​ទឹក​មក​វិញ​ដោយ​សម្រែក​នៃ​ភាពជោគជ័យ ។ ក្មេង​ប្រុស​ទីពីរ​ក៏​បាន​លោត​ទៅ​តាម​ភ្លាម​ដែរ ។ ក្រោយ​មក​ទៀត ពួកគេ​ទាំងពីរ​បាន​អស់​សំណើច​ពី​ពាក្យ​ចុង​ក្រោយ​របស់​ក្មេង​ប្រុស​ទី​មួយ ពី​មុន​គាត់​លោត​ចូល​ទៅ​ក្នុង​ទឹក​ថា ៖ ‹ បងប្រុស​ខ្ញុំ​តាំងចិត្ត​រួច​ហើយ › ។

ការតាំងចិត្ត​គឺ​ដូចគ្នា​នឹង​ការលោត​ចូល​ទៅ​ក្នុង​បឹង​នោះ​ផងដែរ ។ អ្នក​អាច​តាំងចិត្ត​ធ្វើ​វា ឬ ក៏​ដក​ថយ ។ អ្នក​អាច​រំកិល​ទៅមុខ ឬ ឈរ​នៅ​ស្ងៀម ។ វា​ពុំមែន​បញ្ចប់​ត្រឹមតែ​ពាក់​កណ្ដាល​ផ្លូវ​នោះ​ឡើយ ។ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ យើង​ត្រូវតែ​សួរ​ខ្លួន​ឯង​ថា ‹ តើ​ខ្ញុំ​នឹង​លោត​ចុះ​ទៅ ឬ គ្រាន់តែ​ឈរ​នៅ​ត្រង់​គែម​នោះ ? តើ​ខ្ញុំ​នឹង​ឈាន​ជើង​ទៅ​មុខ ឬ គ្រាន់តែ​ដាក់​ជើង​របស់​ខ្ញុំ​ឲ្យ​ប៉ះ​ទៅ​នឹង​ផ្ទៃ​ទឹក​នោះ ? › …

អស់​អ្នក​ណា​ដែល​មាន​ការតាំងចិត្ត​បែប​នេះ អាច​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ពរជ័យ​នៃ​ទីបន្ទាល់​អំណរ និង សេចក្ដី​សុខសាន្ត ។ ទ្វារ​នៃ​ស្ថានសួគ៌​អាច​នឹងបើក​ឡើង​ចំពោះ​ពួកគេ ។ …

ភាគច្រើន​យើង​ម្នាក់ៗ​ឈរ​នៅត្រង់​ចំណុច​នៃ​ការសម្រេច​ចិត្ត​មួយ​ដែល​ឈរ​មើល​ពី​លើ​ផ្ទៃ​ទឹក​នោះ ។ នេះ​គឺជា​ការអធិស្ឋាន​របស់​ខ្ញុំ​ថា យើង​នឹង​មាន​សេចក្ដី​ជំនឿ​ឆ្ពោះ​ទៅមុខ ប្រឈម​មុខ​នឹង​សេចក្ដី​ភ័យ​ខ្លាច​ទាំងឡាយ និង មន្ទិល​សង្ស័យ​របស់​យើង​ដោយ​ក្ដី​ក្លាហាន រួចហើយ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា ‹ ខ្ញុំ​បាន​តាំងចិត្ត​ហើយ ! › » ( « Brother, I’m Committed » Ensign ខែ កក្កដា ឆ្នាំ ២០១១ ទំព័រ ៤–៥ ) ។

យោង​តាម​ប្រធាន អុជដូហ្វ ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​មាន​ការ​តាំង​ចិត្ត​ទាំងស្រុង​ជាជាង​មាន « ការ​តាំង​ចិត្ត​តែ​មួយ​ផ្នែក » ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ ?

  1. សូម​បំពេញ​សកម្មភាព​មួយ ឬ ទាំងពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​អំពី​របៀប​ដែល​ការតាំងចិត្ត​របស់​អ្នក​ដើម្បី​រស់នៅ​តាម​ព្រះបញ្ញត្តិ ឬ គោលការណ៍​មួយ​នៃ​ដំណឹង​ល្អ​បាន​ជួយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

    2. សូម​សរសេរ​ព្រះបញ្ញត្តិ ឬ គោលការណ៍​នៃ​ដំណឹង​ល្អ​នានា ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​តាំងចិត្ត​ទាំងស្រុង​ដើម្បី​រស់នៅ​តាម ។ សូម​គិត​ពី​គោលការណ៍​មួយ​ចំនួន​នៃ​ដំណឹង​ល្អ​ដែល​អ្នក​មាន​អារម្មណ៍​ថា « នៅ​បន្តិច​ទៀត » ប៉ុន្តែ​ពុំ​មែន « យូរ​ទៅ​ទៀត » ( កិច្ចការ ២៦:២៩ ) បាន​តាំងចិត្ត​ដើម្បី​រស់នៅ​តាម ។ សូម​សរសេរ​គោលដៅ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បង្កើន​ការយល់ដឹង និង ការតាំងចិត្ត​របស់​អ្នក​ចំពោះ​គោលការណ៍​ទាំង​នេះ ។

សូម​អធិស្ឋាន​សុំ​ជំនួយ នៅពេល​អ្នក​ព្យាយាម​ប្រែចិត្តជឿ​ដ៏​ពិត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការរស់នៅ​កាន់តែ​ពេញលេញ​តាម​ដំណឹង​ល្អ​របស់​ទ្រង់ ។

នៅក្នុង កិច្ចការ ២៦:៣០–៣២ យើង​អាន​ថា ភេស្ទុស និង ស្តេច អ័គ្រីប៉ា បាន​ឃើញ​ថា ប៉ុល​គ្មាន​កំហុស ហើយ​ចង់​ដោះលែង​លោក ប៉ុន្តែ​ដោយសារ​ប៉ុល​បាន​ប្តឹង​រឿង​ក្តី​របស់​ខ្លួន​ដល់​សេសា នោះ​ពួកគេ​តម្រូវ​ឲ្យ​បញ្ជូន​លោក​ទៅ​ទីក្រុង រ៉ូម ។

កិច្ចការ ២៧-២៨

ប៉ុល​ត្រូវ​គេ​បញ្ជូន​ទៅ​ទីក្រុង រ៉ូម ជា​កន្លែង​ដែល​លោក​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ខ្យល់​ព្យុះ

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ហៅ​ឧបសគ្គ និង ការសាកល្បង​នៃ​ជីវិត​នេះ​ថា​ជា « ខ្យល់​គួច​ខាង​វិញ្ញាណ » ( សូមមើល « Spiritual Whirlwinds » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨–២១ ) ។

សូម​ពិចារណា​អំពី​ឧទាហរណ៍​នានា​នៃ​ការសាកល្បង និង ទុក្ខវេទនា ដែល​អាច​ប្រដូច​ទៅ​នឹង​ខ្យល់​គួច​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ។

នៅពេល​អ្នក​សិក្សា កិច្ចការ ២៧–២៨ សូម​រកមើល​គោលការណ៍​មួយ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​ក្នុង​ខ្យល់​គួច​ខាង​វិញ្ញាណ​ដែល​អ្នក​ជួប ។

កិច្ចការ ២៧ ប្រាប់​ពី​របៀប​ដែល​ប៉ុល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ក្រុង​រ៉ូម​ដោយ​ឆ្លង​កាត់​សមុទ្រ​នៅ​ក្នុង​រដូវ​រងា ។ សំពៅ​នោះ​ស្ទើរតែ​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អំឡុង​ពេល​ខ្យល់​ព្យុះ ហើយ​ប៉ុល និង អស់​អ្នក​ដែល​នៅ​លើ​សំពៅ​នោះ​បាន​រសាត់​អណ្តែត​ទៅ​ដល់​កោះ មេលីត ឬ ម៉ាល់តា ( សូមមើល​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ.១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » នៅក្នុង Bible appendix ) ។

  1. សូម​អាន កិច្ចការ ២៨:១–១០ និង កិច្ចការ ២៨:១៦–២៤ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​ជួប​នៅ​លើ​កោះ​នោះ និង នៅក្នុង​ទីក្រុង​រ៉ូម ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូបភាព​មួយ ហើយ​សរសេរ​ចំណង​ជើង​កាសែត​ដែល​សង្ខេប​ពី​ព្រឹត្តិការណ៍​ទាំង​នេះ ដែល​មាន​រៀបរាប់​នៅក្នុង​វគ្គ​បទ​គម្ពីរ​ទាំង​នេះ ។

សូម​ពិចារណា​ពីការសាកល្បង ដែល​ប៉ុល​បាន​ជួប​ដែល​បាន​កត់ត្រា​នៅក្នុង កិច្ចការ ២៣–២៨ ៖ លោក​ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌ រសាត់អណ្តែត​លើ​ផ្ទៃ​សមុទ្រ ពស់​ពិស​ចឹក ហើយ​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ទីក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​ត្រូវបាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្នុង​នាម​ជា​ទណ្ឌិត ។

សូម​អាន កិច្ចការ ២៨:៣០-៣១ ដោយ​រកមើល​អ្វី ដែល​ប៉ុល​អាច​ធ្វើ​នៅ​ក្នុង​ទីក្រុង រ៉ូម ទោះបី​ជា​លោក​ត្រូវ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ក្នុង​នាម​ជា​ទណ្ឌិត​ក្តី ។

តើ​ប៉ុល​បាន​ធ្វើ​អ្វី​ខ្លះ ដែល​បង្ហាញ​ថា លោក​នៅ​តែ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះ ទោះបី​ជា​លោក​ជួប​នូវ​ការសាកល្បង​ក្តី ?

តើ​ការណ៍​ល្អ​អ្វី​ខ្លះ​បាន​កើត​ឡើង​ពី​ការសាកល្បង ដែល​ប៉ុល​បាន​ជួប​អំឡុង​ពេល​នៅ​លើ​សមុទ្រ អំឡុង​ពេល​រសាត់អណ្តែត​លើ​ទឹក​សមុទ្រ និង អំឡុង​ពេល​ជាប់​គុក​នៅ​ទីក្រុង​រ៉ូម ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ប៉ុល​គឺ​ថា ប្រសិន​បើ​យើង​ស្មោះ​ត្រង់ ព្រះ​អាច​ជួយ​យើង​ឲ្យ​បំប្លែង​ការ​សាកល្បង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​យើង និង​អ្នក​ដទៃ​ទៀត​វិញ​បាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ អំពី​របៀប​ដែល​ព្រះ​អាច​ជួយ​មនុស្ស ឲ្យ​បំប្លែង​ការសាកល្បង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​ពួកគេ និង អ្នក​ដទៃ​ទៀត​វិញ​បាន ?

    2. តើ​នៅពេល​ណា​ដែរ ដែល​ព្រះ​បាន​ជួយ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ ដោយ​បំប្លែង​ការសាកល្បង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​អ្នក ឬ អ្នក​ដទៃ​ទៀត ?

សូម​ជ្រើសរើស​ធ្វើ​តាម​គំរូ​របស់​ប៉ុល ហើយ​បន្ត​ស្មោះត្រង់ នៅពេល​អ្នក​ជួប​នូវ​ការសាកល្បង​នានា ប្រយោជន៍​ឲ្យ​ព្រះ​អាច​ជួយ​បំប្លែង​ការសាកល្បង​ទាំងនោះ​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​អ្នក និង អ្នក​ដទៃ​ទៀត ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ២៣-២៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖