បណ្ណាល័យ
មេរៀន​ទី ២៥ ថ្ងៃ​ទី ៣ ៖ ភីលីព ១–៣


មេរៀន​ទី ២៥ ថ្ងៃទី ៣

ភីលីព ១–៣

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​ទូន្មាន​ពួកគេ​ឲ្យ​ធ្វើតាម​គំរូ​នៃ​ការបន្ទាបខ្លួន និង​ការមិន​គិត​ពី​ខ្លួនឯង​របស់​ព្រះអង្គសង្គ្រោះ ហើយ​លោក​បាន​បង្រៀន​ថា ព្រះ​ធ្វើការ​ជាមួយ​ពួកគេ​ក្នុង​ការនាំ​មក​នូវ​សេចក្ដីសង្គ្រោះ​ដល់​ពួកគេ ។ ប៉ុល​បាន​ពិពណ៌នា​អំពី​ការលះបង់​នានា​ដែល​លោក​បាន​ធ្វើ​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

ភីលីព ១

ប៉ុល​ពិពណ៌នា​អំពី​ពរជ័យ​នានា ដែល​បាន​មក​ពី​ការប្រឆាំង

តើ​អ្នក​នឹង​ប្រើ​ពាក្យ​អ្វី​ខ្លះ​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ ?

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« គ្រប់​ពេល​ដែល​អ្នក​ច្រាន​ចោល ‹ ពួក​មរមន › នោះ​អ្នក​ច្រាន​ចោល ____________________អ្នក​មិន​ដែល​បាន​ច្រាន​ចោល ____________________ ។ ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៦៤ ) ។

( អ្នក​នឹង​ឃើញ​ចម្លើយ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នេះ ) ។

តើ​មាន​គំរូ​ណា​ខ្លះ ដែល​ទោះ​ជា​ចេញ​ពី​ប្រវត្តិសាស្ត្រ ឬ​ចេញ​ពី​ជំនាន់​របស់​យើង​ក្ដី ដែល​មាន​ការច្រានចោល​របស់​មនុស្ស ឬ​ការប្រឆាំង​នឹង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្នក​ដើរតាម​របស់​ទ្រង់ ?

នៅ​ពេល​អ្នក​សិក្សា ភីលីព ១ សូម​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​អ្នក​យល់​អំពី​របៀប​ដែល​ការប្រឆាំង​អាច​មាន​ឥទ្ធិពល​លើ​កិច្ចការ​ព្រះអម្ចាស់ ។

សូម​ស្វែងរក​ទីតាំង​ក្រុង​ភីលីព​នៅ​លើ​ផែនទី​ដែល​អម​ជាមួយ ដោយ​បង្ហាញ​អំពី​ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា ។

រូបភាព
ផែនទី មេឌីទែរ៉ាណេ​ខាង​កើត

ប៉ុល​បាន​ស្ថាបនា​សាខា​សាសនាចក្រ​នៅ​ក្រុង​ភីលីព​អំឡុង​ដំណើរ​ទៅ​ផ្សាយ​សាសនា​ទី​ពីរ​របស់​លោក ( សូម​មើល កិច្ចការ ១៦ ) ។ ក្រោយ​មក លោក​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​ភីលីព​ក្នុង​ពេល​ដែល​លោក​ជាប់​ឃុំ ដែល​ទំនង​ជា​នៅ​ក្រុង​រ៉ូម ។ នៅ​ក្នុង ភីលីព ១:១–១១ យើង​អាន​ថា ប៉ុល​សម្ដែង​ការដឹងគុណ និង សេចក្ដីស្រឡាញ់​ដល់​ពួក​បរិសុទ្ធ​ភីលីព ។

សូម​អាន ភីលីព ១:១២–១៤ ដោយ​ស្វែងរក​ថា តើ​អ្វី​ដែល​ជា​លទ្ធផល​មក​ពី​ការប្រឆាំង ដែល​ប៉ុល​បាន​ជួប​ប្រទះ​អំឡុង​ពេល​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ។

ដូច​មាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ការប្រឆាំង​ដែល​ប៉ុល​បាន​ជួប​ប្រទះ​បាន​ដឹកនាំ​ទៅ​រក​ការ « ចម្រើន​ដល់​ដំណឹងល្អ » ( ភីលីព ១:១២ ) ។ មនុស្ស​ពាសពេញ « រាជវាំង » ឬ​បន្ទាយ​ទាហាន បាន​ដឹង​ថា ប៉ុល​ត្រូវ​ជាប់​ឃុំ​ដោយសារ​តែ​ការប្រកាស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ការជាប់ឃុំ​របស់​ប៉ុល​ក៏​បាន​បំផុសគំនិត​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ឲ្យ​មាន​ភាពមោះមុត​ជាង​មុន​ក្នុង​ការប្រកាស​ដំណឹងល្អ​ដែរ ។

ចេញ​ពី ភីលីព ១:១២–១៤ យើង​រៀន​ថា ការប្រឆាំង​ដែល​យើង​ជួប​ប្រទះ​នៅ​ពេល​យើង​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ទ្រង់​រីកចម្រើន​ទៅ​មុខ ។

សូម​បំពេញ​ចន្លោះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន យ៉ង់ ដោយ​ប្រើ​ពាក្យ ឡើង​ទៅ​លើ ( ដែល​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា ឆ្ពោះ​ទៅ​មុខ ) និង ចុះ​ទៅ​ក្រោម ។

  1. សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​សរសេរ​បណ្ដាញ ឬ​កាសែត ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​មាតិកា​រឿង​សម្រាប់​ស្ថានភាព​ពិត​ចំនួន​ពីរ ឬ​បី ដែល​ការប្រឆាំង​បាន​ជួយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអម្ចាស់​រីកចម្រើន​ទៅ​មុខ ។ រឿង​ទាំងនេះ​អាច​ចេញ​មក​ពី​ព្រះគម្ពីរ ឬ​ចេញ​មក​ពី​ជីវិត​មនុស្ស​ដែល​អ្នក​ស្គាល់ ។ ( ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​នៃ​មាតិកា​រឿង ៖ « ការតវ៉ា​ប្រឆាំង​ទាស់​នឹង​កិច្ចការ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​មាន​ការចាប់អារម្មណ៍​កើនឡើង​ទៅ​លើ​ការរៀនសូត្រ​អំពី​សារលិខិត​នៃ​ដំណឹងល្អ​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​មូលដ្ឋាន » ) ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ១:១៥–២៦ ប៉ុល​បាន​បង្រៀន​ថា ទោះ​ជា​អ្វី​ក៏​ដោយ​ដែល​បាន​កើតឡើង​ដល់​រូប​លោក ការណ៍​នោះ​នឹង​តម្កើង​ដល់​ព្រះអង្គសង្គ្រោះ ។

សូម​អាន ភីលីព ១:២៧–៣០ ដោយ​ស្វែងរក​ថា តើ​ប៉ុល​បាន​លើកទឹកចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​ក្រុង​ភីលីព​ធ្វើ​អ្វី​សម្រាប់​ដំណឹងល្អ ។ សូម​កត់ចំណាំ​ថា ពាក្យ ប្រព្រឹត្ត នៅ​ក្នុង ខទី ២៧ សំដៅ​ទៅ​លើ​ការប្រព្រឹត្ត ។

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ភីលីព ១:២៨ សរសេរ​ថា « ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ គឺ​ពួក​អ្នក​បដិសេធ​ដំណឹងល្អ ដែល​នាំ​ឲ្យ​ពួកគេ​មាន​សេចក្ដីបំផ្លិចបំផ្លាញ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ទទួល​ដំណឹងល្អ​នឹង​បាន​សេចក្ដីសង្គ្រោះ​ដែល​បាន​មក​ពី​ព្រះ​ផង »  ។

សូម​កត់ចំណាំ​នៅ​ក្នុង ភីលីព ១:២៧–៣០ តើ​សមាជិក​សាសនាចក្រ​នឹង​ជួប​ប្រទះ​អ្វី​ជំនួស​ព្រះអង្គសង្គ្រោះ ។ សូម​គិត​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​ភីលីព​បាន​មាន​ពរ​ដោយសារ​ការចងចាំ​ដល់​ការប្រឆាំង​ដែល​ពួកគេ​បាន​ជួប​ប្រទះ នៅ​ពេល​ពួកគេ​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ទ្រង់​រីកចម្រើន​ទៅ​មុខ ។

ភីលីព ២

ប៉ុល​បង្រៀន​អំពី​ការយាងចុះមក​របស់​ព្រះអង្គសង្គ្រោះ ហើយ​បង្រៀន​ពួក​បរិសុទ្ធ​អំពី​សេចក្ដីសង្គ្រោះ​របស់​ពួកគេ

សូម​អាន ភីលីព ២:២–៤ ដោយ​ស្វែងរក​ដំបូន្មាន​របស់​សាវក​ប៉ុល​ដល់​ពួក​បរិសុទ្ធ​ភីលីព ។ នៅ​ក្នុង ខទី ៣ ពាក្យ ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ មាន​ន័យ​ថា ភាពឆ្មើងឆ្មៃ រីឯ​ឃ្លា « ចិត្ត​សុភាព » សំដៅ​ទៅ​លើ​ការបន្ទាបខ្លួន ។

សូម​អាន ភីលីព ២:៥–៩ រួច​គិត​ដល់​ការគូសចំណាំ ឬ​កត់ចំណាំ​ពាក្យ ឬ​ឃ្លា ដែល​បង្ហាញ​អំពី​ការបន្ទាបខ្លួន និង​ការមិន​គិត​ពី​ខ្លួនឯង​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យើង​អាច​រៀន​គោលការណ៍​ខាង​ក្រោម​នេះ​ចេញ​ពី​សេចក្ដីបង្រៀន​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើ​យើង​ធ្វើតាម​គំរូ​នៃ​ការបន្ទាបខ្លួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខា្វយខ្វល់​ពី​អ្នក​ដទៃ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង នោះ​យើង​អាច​មាន​ភាពរួបរួម​កាន់តែ​ខ្លាំង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​វិធី​មួយ​ចំនួន​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើតាម​គំរូ​នៃ​ការបន្ទាបខ្លួន និង​ការមិនគិត​ពី​ខ្លួន​ឯង​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ក្រុមគ្រួសារ សាលា និង​វួដ ឬ​សាខា​របស់​យើង ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ឃើញ​មនុស្ស​ចាត់ទុក​សេចក្ដីត្រូវការ​របស់​អ្នក​ដទៃ​នៅ​ពី​មុន​សេចក្ដីត្រូវការ​របស់​ខ្លួន ? តើ​ការខិតខំ​ទាំងនេះ​ពង្រឹង​សាមគ្គីភាព​យ៉ាង​ដូចម្ដេច ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ២:៩–១១ ប៉ុល​បាន​បង្រៀន​ថា នៅ​ទីបំផុត « គ្រប់​ទាំង​ជង្គង់ [ នឹង ] លុត​ចុះ » ហើយ « គ្រប់​ទាំង​អណ្តាត [ នឹង ] ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ » ។ សូម​យក​ពេល​បន្តិច​ដើម្បី​គិត​អំពី​គ្រា​នោះ រួច​គិត​ថា តើ​អ្នក​សង្ឃឹម​ចង់​ឲ្យ​ការណ៍​នេះ​ក្លាយ​ជា​បទពិសោធន៍​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ។

សូម​អាន ភីលីព ២:១២–១៣ ដោយ​ស្វែងរក​ថា តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​ភីលីព​ធ្វើ​អ្វី ដែល​អាច​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការលុតជង្គង់​របស់​ពួកគេ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​បាន​ពោរពេញ​ដោយ​អំណរ ។ ឃ្លា « កោតខ្លាច ហើយ​ញាប់ញ័រ » នៅ​ក្នុង ខទី ១២ សំដៅ​ទៅ​លើ​សេចក្ដីស្ញើច​នៃ​ការគោរព និង​សេចក្ដីអរសប្បាយ ( សូម​មើល សុភាសិត ២:១១ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កោតខ្លាច » scriptures.lds.org ) ។

មនុស្ស​ខ្លះ​បាន​យល់​ខុស​លើ​សេចក្ដីបង្រៀន​របស់​ប៉ុល​ឲ្យ « បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា » ( ភីលីព ២:១២ ) ថា​មាន​ន័យ​ថា យើង​ត្រូវបាន​សង្គ្រោះ​ដោយ​កិច្ចការ​របស់​ខ្លួន ។ យើង​អាច​ត្រូវបាន​សង្គ្រោះ​តែ​តាម​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវតែ​បំពេញ​តាម​តម្រូវការ​ដើម្បី​បាន​សង្គ្រោះ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ( សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:៣–៤ ) ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ២:១៣ ប៉ុល​បាន​បង្រៀន​ថា ព្រះ​ជួយ​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​បំពេញ​តាម​តម្រូវការ​ដើម្បី​បាន​សង្គ្រោះ​តាមរយៈ​ការជួយ​ពួកគេ​ឲ្យ « មាន​ចំណង​ចង់​ធ្វើ » ឬ មាន​បំណង​ប្រព្រឹត្ត « បំណង​ព្រះហឫទ័យ​ទ្រង់ » ឬ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

យើង​រៀន​ចេញ​ពី ភីលីព ២:១២–១៣ ថា ព្រះ​ជួយ​យើង​ឲ្យ​មាន​បំណង ហើយ​ធ្វើ​នូវ​អ្វី​ដែល​តម្រូវ​ពី​យើង​ដើម្បី​ទទួល​បាន​សេចក្ដីសង្គ្រោះ ដែល​កើត​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ដល់​ការសរសេរ ឬ​កត់ចំណាំ​សេចក្តីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះ​អាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្ដូរ ហើយ​ធ្វើ​ឲ្យ​បំណង​របស់​យើង​បាន​បរិសុទ្ធ ប្រយោជន៍​ឲ្យ​យើង​ចង់​គោរពប្រតិបត្តិ​ទ្រង់ ( សូម​មើល ម៉ូសាយ ៥:២ ) ។ តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​កំពុង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​ចង់​គោរពប្រតិបត្តិ​ទ្រង់ ? តើ​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​បាន​កាន់តែ​ស្មោះត្រង់​តាមរបៀប​ណា ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ២:១៤–៣០ ប៉ុល​បាន​រំឭក​ពួក​បរិសុទ្ធ​ថា ពួកគេ « ភ្លឺ​ដូចជា​តួ​ពន្លឺ​នៅ​ក្នុង​លោក » ( ភីលីព ២:១៥ ) រួច​លោក​មាន​ប្រសាសន៍​ប្រាប់​ពួកគេ​ថា លោក​នឹង​បញ្ជូន​សារទូត​ដើម្បី​ទៅ​ឲ្យ​ដឹង​អំពី​សុខុមាលភាព​របស់​ពួកគេ ។

ភីលីព ៣

ប៉ុល​ពិពណ៌នា​អំពី​ការលះបង់​នានា​ដែល​លោក​បាន​ធ្វើ​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ

តើ​អ្វី​មួយ​ដែល​អ្នក​ឲ្យ​តម្លៃ ហើយ​លោកិយ​ក៏​ឲ្យ​តម្លៃ​ផង​នោះ ( មាន​ដូចជា​ក្រុម​គ្រួសារ មិត្តភក្ដិ ការអប់រំ អាហារ បច្ចេកវិទ្យា ឬ​ទ្រព្យសម្បត្តិ ) គឺ​ជា​អ្វី ?

តើ​អ្នក​នឹង​លះបង់​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​នេះ​ដើម្បី​អ្វី ?

នៅ​ពេល​អ្នក​សិក្សា ភីលីព ៣ សូម​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​លះបង់​ដើម្បី​ទទួល​បាន​រង្វាន់​ដែល​យើង​ក៏​ទទួលបាន​ដែរ​នោះ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ភីលីព ៣:១–២ ប៉ុល​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​គ្រូ​បង្រៀន​ពុក​រលួយ ( « ពួក​ឆ្កែ » ) ជា​អ្នក​ដែល​បាន​ប្រកាស​ថា អ្នក​ប្រែចិត្តជឿ​ចូល​សាសនាចក្រ​គួរតែ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​ទំនៀមទម្លាប់​ពួក​សាសន៍​យូដា​រួម​មាន​ការកាត់ស្បែក ។ នៅ​ក្នុង ភីលីព ៣:៣ លោក​បាន​បង្រៀន​ថា អ្នក​ដែល « បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះគ្រីស្ទយេស៊ូវ » គឺ​ជា « អ្នក​កាត់ស្បែក » ឬ​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។

សូម​អាន ភីលីព ៣:៤–៦ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​ថ្លែង​អំពី​កេរតំណែល​របស់​ពួក​សាសន៍​យូដា ។

សូម​កត់ចំណាំ​អំពី​គុណប្រយោជន៍​ខាង​សង្គម និង​ខាង​សាសនា​នៅ​ក្នុង​សង្គម​ពួក​សាសន៍​យូដា​ដែល​ប៉ុល​ធ្លាប់​មាន ។ លោក​មាន​ខ្សែ​ស្រឡាយ​ជា​សាសន៍​អ៊ីស្រាអែល លោក​ធ្លាប់​ជា​ពួក​ផារិស៊ី លោក​ធ្លាប់​ជឿ​ស៊ប់​ទៅ​លើ​សាសនា​យូដា ហើយ​លោក​ធ្លាប់​បាន​គោរព​តាម​យ៉ាង​តឹងរ៉ឹង​នូវ​ក្រឹត្យវិន័យ​របស់​ពួក​សាសន៍​យូដា ។

សូម​អាន ភីលីព ៣:៧–១១ រួច​គិត​ដល់​ការគូសចំណាំ ឬ​កត់ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ប្រាប់​ថាតើ​ប៉ុល​យល់​យ៉ាង​ណា​ចំពោះ​គុណប្រយោជន៍​ដែល​លោក​ធ្លាប់​មាន​នៅ​ក្នុង​សង្គម​ពួក​សាសន៍​យូដា ។

ប៉ុល​សុខ​ចិត្ត « ខាត​គ្រប់​ទាំងអស់ » ( ភីលីព ៣:៨ ) ដើម្បី​លោក​អាច​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ហើយ « នៅ​ក្នុង​ទ្រង់ » ( ភីលីព ៣:៩ ) ឬ​បាន​នៅ​ក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ហើយ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ទ្រង់ រងទុក្ខ​ដោយសារ​ទ្រង់ ហើយ​បាន​ជា​ម្នាក់​នៅ​ក្នុង « សេចក្តី​រស់ពីស្លាប់​ឡើងវិញ​របស់​ពួក​សុចរិត » ឬ​មនុស្ស​ល្អ ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ភីលីព ៣:១១  ) ។

សូម​អាន ភីលីព ៣:១២–១៤ ដោយ​ស្វែងរក​ថាតើ​អ្វី​ដែល​ប៉ុល​បាន​ទទួលស្គាល់​អំពី​អំពើរំលង​ខាង​វិញ្ញាណ​របស់​លោក ។ សូម​កត់ចំណាំ​ថា ពាក្យ បាន​ចាប់ នៅ​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា ទទួល ។

ដោយ​មិន​គិត​ពី​អ្វី​ដែល​លោក​បាន​លះបង់ នោះ​ប៉ុល​បាន​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ទទួលបាន « រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ » ( ភីលីព ៣:១៤ ) ដែល​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​អាច​រៀន​ចេញ​ពី​គំរូ​របស់​ប៉ុល ៖ ប្រសិនបើ​យើង នោះ​យើង​នឹង​មក​ស្គាល់​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​អំពី​មន្ត្រី​កងនាវា​ម្នាក់​ដែល​បាន​មក​ពី​ប្រទេស​ដទៃ​ទៅ​ដល់​សហរដ្ឋ​អាមេរិក ដើម្បី​ទទួលបាន​ការបំពាក់បំប៉ន​កម្រិត​ខ្ពស់ និង​ជា​អ្នក​ដែល​បាន​ចូល​សាសនាចក្រ​អំឡុង​ពេល​ដែល​គាត់​ស្នាក់​នៅ​ទីនោះ ។ សូម​គិត​អំពី​អ្វី​ដែល​យុវជន​រូប​នោះ​សុខចិត្ត​លះបង់​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​បាន​ស្គាល់​គាត់​ពី​មុន​ដែល​គាត់​បាន​ត្រឡប់​ទៅ​មាតុប្រទេស​វិញ ។ … ខ្ញុំ​និយាយ​ថា ៖ ‹ ប្រជាជន​របស់​ប្អូន​មិន​មែន​ជា​គ្រិស្តសាសនិក​ទេ ។ តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ប្អូន​ត្រឡប់​ទៅ​មាតុប្រទេស​វិញ​ជា​គ្រិស្តសាសនិក​ម្នាក់ ហើយ​កាន់តែ​ពិសេស​ទៅ​ទៀត​នោះ​គឺ​អ្នក​ជា​ពួក​មរមរន ?

« ទឹក​មុខ​របស់​គាត់​ស្រងូតស្រងាត់​បន្តិច រួច​គាត់​តប​ថា ‹ ក្រុមគ្រួសារ​របស់​ខ្ញុំ​នឹង​ខក​ចិត្ត ។ ពួកគេ​នឹង​លែង​រាប់​ញាតិ​ខ្ញុំ ហើយ​ចាត់ទុក​ថា​ខ្ញុំ​បាន​ស្លាប់​ហើយ ។ ចំណែក​ឯ​អនាគត និង ការងារ​របស់​ខ្ញុំ​វិញ ប្រហែល​ជា​ខ្ញុំ​អាច​នឹង​ពិបាក​ទទួលបាន​ឱកាស​ធ្វើការ › ។

« ខ្ញុំ​បាន​សួរ​ថា ‹ តើ​ប្អូន​នឹង​សុខចិត្ត​បង់​ថ្លៃ​ដ៏​ខ្ពស់​បំផុត​សម្រាប់​ដំណឹងល្អ​ដែរ​ឬ​ទេ ? ›

« ទឹក​ភ្នែក​បាន​ស្រក់​ពី​កែវភ្នែក​ពណ៌​ខ្មៅ​របស់​គាត់ ជះ​ពន្លឺ​ភ្លឺផ្លេក​ចេញ​ពី​ផ្ទៃ​មុខ​ស្រអែម​របស់​គាត់ កាល​គាត់​ឆ្លើយ​ថា ‹ វា​ជា​ការពិត មែន​ទេ ? ›

« ដោយ​រអៀស​ខ្លួន​បន្តិច​ដែល​បាន​សួរ​សំណួរ​នោះ នោះ​ខ្ញុំ​បាន​ឆ្លើយ​ថា ‹ មែនហើយ វា​ជា​ការពិត › ។

« គាត់​បាន​ឆ្លើយ​ថា ‹ អញ្ជឹង​តើ​មាន​អ្វី​សំខាន់​ជាង​នេះ​ទៅ​ទៀត ? › » ( « It’s True, Isn’t It? » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក ( ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ) ធ្លាប់​បាន​លះបង់​អ្វី​ខ្លះ​ដើម្បី​ដើរតាម​ព្រះអង្គសង្គ្រោះ ?

    2. ហេតុអ្វី​បាន​ជា​តម្លៃ​នៃ​ការស្គាល់​ព្រះយេស៊ូវគ្រីស្ទ និង​ការរីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច សក្ដិសម​នឹង​ការលះបង់​នានា​ដែល​អ្នក​បាន​ធ្វើ ?

  1. សូម​ពិចារណា ថា តើ​មាន​អ្វី​មួយ​ដែល​អ្នក​ត្រូវ​លះបង់​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​ឲ្យ​បាន​កាន់តែ​ពេញលេញ​ឬ​ទេ ។ នៅ​លើ​ក្រដាស​មួយ​សន្លឹក​ទៀត សូម​សរសេរ​គោលដៅ​មួយ​ដើម្បី​លះបង់​អ្វី​មួយ​នោះ ។ សូម​ទុក​ក្រដាស​នេះ​នៅ​កន្លែង​ដែល​អ្នក​ងាយ​មើល​ឃើញ​វា​នៅ​សប្ដាហ៍​ក្រោយៗ​ទៀត ។ បន្ទាប់​មក សូម​សរសេរ​ថា កិច្ចការ​ទី ៤ ត្រូវបាន​បញ្ចប់ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ក្នុង ភីលីព ៣:១៥–២១ យើង​អាន​ការព្រមាន​របស់​ប៉ុល​អំពី​សេចក្ដីបំផ្លិចបំផ្លាញ​ដែល​រង់ចាំ​ទទួល​អ្នក​ដែល​ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​សម្ពាធ​ខាង​លោកិយ ។ លោក​ក៏​បាន​បង្រៀន​ដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ផ្លាស់ប្ដូរ​រូបកាយ​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង​ទៅ​ជា​រូបកាយ​ដ៏​រុងរឿង​ដូចជា​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ភីលីព ១–៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖