បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្ដីពី​គម្ពីរ​រ៉ូម


សេចក្ដីណែនាំ​ស្ដីពី គម្ពីរ​រ៉ូម

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​ដល់​ពួក​រ៉ូម​គឺជា​សំបុត្រ​ដ៏​វែង​បំផុត​របស់​សាវក​ប៉ុល ហើយ​ត្រូវ​បាន​មនុស្ស​ជាច្រើន​ហៅ​ថា​ជា​សំបុត្រ​ដ៏​មាន​ខ្លឹម​សារ​បំផុត​របស់​លោក ។ សំបុត្រ​នេះ​មាន​នូវ​ការពន្យល់​ដ៏​ពេញលេញ​បំផុត​របស់​លោក​ស្ដីពី​គោលលទ្ធិ​នៃ​ការរាប់​ជា​សុចរិត​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រសើរ​ជាង​តាមរយៈ​ការប្រតិបត្តិតាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ វា​មាន​នូវ​ការបង្រៀន​ជាច្រើន​អំពី​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ និង​ការអនុវត្ត​គោលលទ្ធិ​ទាំងនោះ​ជាក់ស្ដែង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ តាមរយៈ​ការសិក្សា​របស់​អ្នក​អំពី​គម្ពីរ​នេះ អ្នក​អាច​ទទួល​បាន​ការយល់ដឹង​ដ៏​ធំធេង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​សេចក្ដី​សង្ឃឹម និង​សេចក្ដី​សុខសាន្ត​ដែល​មនុស្ស​ទាំងអស់​អាច​រក​ឃើញ​នៅ​ក្នុង​ព្រះគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​គឺជា​អ្នក​សរសេរ​សំបុត្រ​ដល់​ពួក​រ៉ូម ( សូមមើល រ៉ូម ១:១ ) ។ នៅ​ពេល​សរសេរ​សំបុត្រ​នេះ ប៉ុល​បាន​ប្រើ​ជំនួយ​របស់​អ្នក​សរសេរ​ម្នាក់​ឈ្មោះ ទីទាស ដែល​បាន​សរសេរ​ពាក្យ​ស្វាគមន៍​ផ្ទាល់ខ្លួន​របស់​គាត់​ទៅ​ពួក​បរិសុទ្ធ​រ៉ូម​នៅ​ក្បែរ​ចុង​សេចក្ដី​នៃ​សំបុត្រ​នេះ ( សូម​មើល រ៉ូម ១៦:២២ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ដល់​ពួក​រ៉ូម​នៅ​ក្រុង​កូរិនថូស​នៅ​ជិត​បញ្ចប់​ដំណើរ​លើក​ទីបី​របស់​លោក​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ តម្រុយ​មួយ​ចំនួន​បាន​ណែនាំ​ថា ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​អំឡុង​ពេល​ដែល​លោក​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​រយៈពេល​បី​ខែ ( សូម​មើល កិច្ចការ ២០:២–៣ ពាក្យ ស្រុក​ក្រេក នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​លើ​ក្រុង​កូរិនថូស ) អាច​នៅ​ចន្លោះ គ.ស. ៥៥ និង ៥៦ ។ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​របស់​ប៉ុល​ដល់​ពួក​រ៉ូម​នេះ​គឺ​សរសេរ​ទៅ​សមាជិក​សាសនាចក្រ​ក្នុង​ក្រុង​រ៉ូម ( សូម​មើល រ៉ូម ១:៧ ) ។ ដើម​កំណើត​សាសនាចក្រ​នៅ​ក្រុង​រ៉ូម​ពុំ​មាន​គេ​ដឹង​ច្បាស់​ទេ ប៉ុន្តែ​ទំនង​ជា​ចាប់ផ្ដើម​នៅ​ក្រោយ​បុណ្យថ្ងៃទីហាសិប កាល​ពួក​សាសន៍​យូដា​មក​ពី​ក្រុង​រ៉ូម​បាន​មក​លេង ហើយ​ស្ដាប់​ឮ​ពេត្រុស​ប្រកាស​ពី​ដំណឹងល្អ ( សូម​មើល កិច្ចការ ២:១០ ) ។ ទោះបី​ជា​ប៉ុល​ពុំ​ទាន់​បាន​ទៅ​ដល់​ក្រុង​រ៉ូម​ក្ដី ក៏​លោក​បាន​សរសេរ​ពាក្យ​ស្វាគមន៍​ទៅ​កាន់​ពួក​បរិសុទ្ធ​ជាក់លាក់​ដែល​លោក​បាន​ស្គាល់​តាមរយៈ​ការស្គាល់​គ្នា​ពីមុន ឬ​តាមរយៈ​មនុស្ស​ដទៃ​ទៀត​ដែល​ធ្លាប់​រស់​នៅ​ក្រុង​រ៉ូម ដូចជា ព្រីស៊ីល និង​អ័គីឡា ( សូម​មើល កិច្ចការ ១៨:១–២, ១៨; រ៉ូម ១៦:១–១៦, ២១ ) ។

ប្រហែលជា​មាន​ហេតុផល​ធំៗ​យ៉ាង​ហោច​ណាស់​បី ដែល​ប៉ុល​បាន​ផ្ញើ​សំបុត្រ​នេះ​ដល់​ពួក​រ៉ូម ៖

(១) ដើម្បី​រៀបចំ​ការមក​ដល់​ក្រុង​រ៉ូម​របស់​លោក​នា​ពេល​ខាង​មុខ ។ ប៉ុល​បាន​ចង់​ទៅ​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​រ៉ូម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ( សូម​មើល កិច្ចការ ១៩:២១; រ៉ូម ១:១៥; ១៥:២៣ ) ។ លោក​ក៏​បាន​សង្ឃឹម​ផង​ដែរ​ថា សាសនាចក្រ​នៅ​ក្រុង​រ៉ូម​នឹង​ដើរ​តួ​ជា​មូលដ្ឋាន​មួយ​ដែល​អាច​ជួយ​លោក​ឲ្យ​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អេស្ប៉ាញ​បាន ( សូម​មើល រ៉ូម ១៥:២២–២៤, ២៨ ) ។

(២) ដើម្បី​បញ្ជាក់ ហើយ​ការពារ​ការបង្រៀន​របស់​លោក ។ ប៉ុល​បាន​ជួប​ប្រទះ​នឹង​ការជំទាស់​ដដែលៗ​មក​ពី​សំណាក់​បុគ្គល​ដែល​យល់​ខុស ឬ​មួល​បង្កាច់​ការបង្រៀន​របស់​លោក​អំពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ និង​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ( សូម​មើល កិច្ចការ ១៣:៤៥; ១៥:១–២; ២១:២៧–២៨; រ៉ូម ៣:៨; ពេត្រុស ទី២ ៣:១៥–១៦ ) ។ ប៉ុល​មាន​ហេតុផល​ច្បាស់​លាស់​ដែល​សង្ស័យ​ថា ការយល់ខុស​បែប​នេះ​បាន​កើត​មាន​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ក្រុង​រ៉ូម ដូច្នេះ​ទើប​លោក​បាន​សរសេរ​សំបុត្រ​ដើម្បី​សម្រាល​នូវ​រាល់​កង្វល់​នានា​ពី​មុន​លោក​ទៅ​ដល់ ។

(៣) ដើម្បី​លើក​កម្ពស់​សាមគ្គីភាព​រវាង​សមាជិក​សាសនាចក្រ​ដែល​ជា​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ។ មិន​យូរ​ប៉ុន្មាន​ពីមុន​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​យូដា​ដែល​ត្រូវ​ជា​មហារាជ ក្លូឌាស បណ្ដេញ​ចេញ​ពី​ក្រុង​រ៉ូម ( សូម​មើល កិច្ចការ ១៨:២ ) បាន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ក្រុង​រ៉ូម​វិញ ហើយ​ក៏​ទៅ​កាន់​ក្រុម​ជំនុំ​ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​ដទៃ​យ៉ាង​ច្រើន​លើសលុប ។ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​កើត​មាន​ភាព​តានតឹង និង​បញ្ហា​មួយ​ចំនួន​រវាង​ពួកគ្រីស្ទាន​ដែល​ជា​សាសន៍​យូដា និង​សាសន៍​ដទៃ ។ ក្នុង​នាម​ជា « សាវក​ដល់​សាសន៍​ដទៃ » ( រ៉ូម ១១:១៣ ) ប៉ុល​បាន​ព្យាយាម​ដាក់​បញ្ចូល​ពួក​អ្នក​ប្រែចិត្ត​ជឿ​ជា​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​សាសនាចក្រ ប៉ុន្តែ​ក្នុង​នាម​ជា​សាសន៍​យូដា​ម្នាក់ ( សូម​មើល រ៉ូម ១១:១ ) ប៉ុល​ក៏​មាន​បំណង​ប្រាថ្នា​ដ៏​ធំធេង​ដើម្បី​ឲ្យ​ប្រជាជន​ខ្លួន​បាន​ទទួល​យក​ដំណឹងល្អ​ផងដែរ ។ ប៉ុល​បាន​លើក​កម្ពស់​សាមគ្គីភាព​ក្នុង​សាសនាចក្រ​ដោយ​បង្រៀន​អំពី​របៀប​ដែល​គោលលទ្ធិ​នៃ​ដំណឹងល្អ​អនុវត្ត​ចំពោះ​ពួក​បរិសុទ្ធ​គ្រប់​រូប ( សូម​មើល រ៉ូម ៣:២១–៤:២៥; ១១:១៣–៣៦; ១៤:១–១៥:១៣ ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

បន្ទាប់​ពី​ចាប់ផ្ដើម​ពាក្យ​ស្វាគមន៍​មក សំបុត្រ​នេះ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ឃ្លា​មួយ​ស្ដីពី​បាវចនា​របស់​វា ៖ « ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ … ជា​ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ » ដល់​អស់​អ្នក​ណា​ដែល « នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ » លើ​ព្រះយេស៊ូវគ្រីស្ទ ( រ៉ូម ១:១៦–១៧ ) ។

ទោះបី​ជា​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​រ៉ូម​បាន​ដើរ​តួយ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គ្រីស្ទាន​ក្ដី ប៉ុន្តែ​ជា​អកុសល វា​ក៏​ក្លាយ​ជា « ប្រភព​នៃ​ការយល់​ខុស ការបកស្រាយខុស និង​ការខូចខាត​ខាង​គោលលទ្ធិ​ច្រើន​ជាង​គម្ពីរ​ផ្សេង​ៗទៀត​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ » បើ​យោង​តាម​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:២១១ ) ។ សូម្បី​តែ​នៅ​ក្នុង​ចំណោម​ពួកគ្រីស្ទាន​ពី​ដំបូង ការ​សរសេរ​របស់​ប៉ុល​ត្រូវ​បានចាត់ទុក​ថា ជារឿង « ដែល​ពិបាក​យល់ » ហើយ​ពេលខ្លះ ​ការ​បង្រៀន​របស់​លោកត្រូវបាន​គេ​បកស្រាយ​ខុស ហើយមួយបង្កាច់ ( ពេត្រុសទី ២ ៣:១៥–១៦ ) ។

គម្រោង

រ៉ូម ១–៣ ។ ប៉ុល​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ការរាប់​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ឲ្យ​និយមន័យ​ស្ថានភាព​នៃ​អំពើ​បាប​ដែល​មនុស្ស​លោក​ទាំងអស់​មាន ហើយ​បង្រៀនថា ដំណោះស្រាយ​របស់​ព្រះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សម្រាប់​មនុស្ស​ទាំងអស់​គឺ​ជា​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈ​ការទទួល​យក​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដោយ​ស្មោះត្រង់ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​រាប់​ជា​សុចរិត ( បាន​អភ័យទោស​ឲ្យ ) ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។

រ៉ូម ៤–៨ ។ ប៉ុល​ដកស្រង់​គំរូ​របស់​អ័ប្រាហាំ​ដើម្បី​បង្ហាញ​គោលលទ្ធិ​នៃ​ការរាប់​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ ។ លោក​បរិយាយ​អំពី​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​បង្រៀន​អំពី​របៀប​ដែល​គោលលទ្ធិ​ទាំងនេះ​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​មនុស្ស​ទាំងអស់​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។

រ៉ូម ៩–១៦ ។ ប៉ុល​សរសេរ​អំពី​ងារ​ដ៏​ជម្រើស​របស់​អ៊ីស្រាអែល បង្ហាញ​អំពី​ការបដិសេធ​ដំណឹងល្អ និង​សេចក្ដី​សង្គ្រោះ​នៅ​ទីបំផុត​របស់​ពួកគេ ។ លោក​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​សាសន៍​យូដា និង​សាសន៍​ដទៃ​ឲ្យ​រស់​នៅ​តាម​ដំណឹងល្អ ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខសាន្ត និង​សាមគ្គីភាព​នៅ​ក្នុង​សាសនាចក្រ ។ លោក​ទទូច​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម​ឲ្យ​បន្ត​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។