បណ្ណាល័យ
មេរៀន​ទី ២៦ ថ្ងៃទី ២ ៖ ថែស្សាឡូនីច ទី១


មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ២

ថែស្សាឡូនីច ទី១

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច បន្ទាប់​លោក​បាន​ដឹងថា ពួកគេ​បាន​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​ខណៈ​កំពុង​មាន​សេចក្ដី​បៀតបៀន ។ លោក​បាន​សរសើរ​ភាពស្មោះត្រង់ និង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការបង្រៀន​ដំណឹងល្អ ។ ប៉ុល​ក៏​បាន​បង្រៀន​ផងដែរ​អំពី​ការរស់ឡើងវិញ​របស់​មនុស្ស​ស្លាប់​នៅ​ពេល​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​លោក​បាន​បង្រៀន​ពួកគេ​អំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ ។

ថែស្សាឡូនីច ទី១ ១–២

ប៉ុល​សរសើរ​ភាពស្មោះត្រង់​នៅ​ក្នុង​ការរងទុក្ខ​របស់​ពួក​បរិសុទ្ធ​ថែស្សាឡូនីច

សូម​ស្វែងរក​ទីតាំង​ក្រុង​ថែស្សាឡូនីច​នៅ​ក្នុង​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ទី ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ដែល​មាន​នៅ​ក្នុង​ជំនួយ​ការសិក្សា ។ ពួក​បរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច​មួយ​ចំនួន​គឺជា​អ្នកប្រែចិត្តជឿ​ជនជាតិ​អ៊ឺរ៉ុប​ជំនាន់​ដើម​ចូល​មក​ក្នុង​សាសនាចក្រ ។ ប៉ុល ស៊ីឡាស និង ធីម៉ូថេ បាន​ផ្សាយ​ដំបូង​គេ​នៅ​ទីនោះ អំឡុង​ពេល​ដំណើរ​ផ្សាយសាសនា​ជា​លើក​ទី​ពីរ​របស់​ប៉ុល ប៉ុន្ដែ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ដោយ​ថ្នាក់​ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន ( សូម​មើល កិច្ចការ ១៧:៥-១៥ ) ។ ពួក​បរិសុទ្ធ​ថែស្សាឡូនីច​បាន​ទទួល​សេចក្ដីបៀតបៀន​ជា​បន្ដបន្ទាប់ ទោះ​បីជា​បន្ទាប់​ពី​ពេល​ប៉ុល និង​ដៃគូ​របស់​លោក​បាន​ចាក​ចេញ​ទៅ​ហើយ​ក្ដី ។ ក្រោយ​មក ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួកបរិសុទ្ធ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ នៅ​ពេល​ពួកគេ​ជួប​នឹង​សេចក្ដី​បៀតបៀន ។

  1. តើ​អ្នក​ធ្លាប់​បាន​ព្យាយាម​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណាម្នាក់​ដែរ​ឬ​ទេ ? សូម​សរសេរ​បទពិសោធន៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖ តើ​សារលិខិត​របស់​អ្នក​ត្រូវ​គេ​ទទួល​យក​តាម​របៀប​ណា ? តើ​អ្នក​មាន​ពរ​ដោយសារ​តែ​កិច្ចខិតខំ​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​តាម​របៀប​ណា ? តើ​ឧបសគ្គ​មួយ​ចំនួន​ណា​ខ្លះ​ដែល​យើង​អាច​ជួប​នៅ​ពេល​យើង​ព្យាយាម​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ?

នៅ​ពេល​អ្នក​សិក្សា ថែស្សាឡូនីច ទី១ ១–២ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក​បាន នៅ​ពេល​អ្នក​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។

សូម​អាន ថែស្សាឡូនីច ទី១ ១:៥–៦ ដោយ​ស្វែងរក​របៀប​ដែល​សាវក​ប៉ុល​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពួក​ថែស្សាឡូនីច​នៅ​ពេល​គាត់​នៅ​ជាមួយ​ពួកគេ ។ អ្នក​អាច​ចង់ គូសចំណាំ ពាក្យ ​ពាក្យ​សំដី និង ព្រះចេស្តា នៅ​ក្នុង ខទី ៥ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​ភាពខុសគ្នា​រវាង « ពាក្យ​សម្ដី » និង « ព្រះចេស្តា » នៃ​ដំណឹងល្អ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ដំណឹងល្អ​ពិត​មាន​កត្តា​ពីរ​យ៉ាង ៖ ពាក្យ​សម្ដី និង ព្រះចេស្ដា ។ មនុស្ស​គ្រប់​រូប​អាច​ទទួលបាន​ពាក្យ​សម្ដី ជា​ព្រះគម្ពីរ​ដែល​មាន​សរសេរ​ពាក្យ​សម្ដី​ទាំងនេះ​ដែល​អាច​រក​បាន​នៅ​ទូទាំង​សាកលលោក ។ ប៉ុន្ដែ​ព្រះចេស្ដា​ត្រូវតែ​កើត​ចេញ​មក​ពី​ព្រះ ហើយ​ត្រូវ​តែ​បាន​ប្រគល់​ឲ្យ​ស្របទៅ​តាម​ព្រះទ័យ និង​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ចំពោះ​អ្នកទាំងឡាយ​ដែល​គោរព​តាម​ក្រឹត្យវិន័យ​ដែល​បាន​ប្រគល់​ដល់​ពួកគេ​ដើម្បី​ទទួល​យក ។

« ពាក្យ​សម្ដី​នៃ​ដំណឹងល្អ​គឺ​ជា​ដំណើរ​រឿង​ដែល​បាន​និយាយ ឬ​បាន​សរសេរ​អំពី​អ្វី​ដែល​មនុស្ស​ត្រូវតែ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ ។ …

« ប៉ុន្តែ​សេចក្ដី​សង្គ្រោះ​ពិត កើត​មាន​នៅ​ពេល​ដែល​ព្រះចេស្ដា​នៃ​ព្រះ​ត្រូវ​បាន​ទទួល និង​បាន​ប្រើ ហើយ​ព្រះចេស្ដា​នេះ គឺជា​អំណាច​នៃ​បព្វជិតភាព និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៤២–៤៣ ) ។

សូម​គិត​ដល់​ការគូសចំណាំ​នៅ​ក្នុង ថែស្សាឡូនីច ទី១ ១:៦ លើ​អ្វី​ដែល​ពួក​ថែស្សាឡូនីច​បាន​ធ្វើ​បន្ទាប់​ពី​ពួកគេ​បាន​រៀន​អំពី​ដំណឹងល្អ​ដោយសារ​ពាក្យសម្ដី និង​ព្រះចេស្ដា​នៃ​ព្រះ ។

ចេញ​ពី កូរិនថូស ទី១ ១:៥–៦ យើង​អាច​រៀន​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពាក្យសម្ដី និង​ព្រះចេស្ដា​នៃ​ព្រះ នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​អ្នក​ដើរតាម​ព្រះអម្ចាស់ និង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ។

សូម​អាន ថែស្សាឡូនីច ទី១ ១:៧–៩ ដោយ​ស្វែងរក​ថា តើ​គំរូ​របស់​ពួក​ថែស្សឡូនីច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៅ​លើ​អ្នក​ជឿ​ទាំងឡាយ​នៅ​ជុំវិញ​ខ្លួន​ពួកគេ ។

យើង​អាច​រៀន​ចេញ​ពី​គំរូ​របស់​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​នូវ​សេចក្ដីពិត​ដូចខាង​ក្រោម​នេះ ៖ យើង​អាច​ចែកចាយ​ដំណឹងល្អ​តាមរយៈ​គំរូ​របស់​យើង ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍ ដែល​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការចែកចាយ​ដំណឹងល្អ ៖ « វិធី​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការផ្សាយ​ដំណឹងល្អ គឺ​តាមរយៈ​គំរូ ។ ប្រសិនបើ​យើង​រស់នៅ​ឲ្យ​ស្របតាម​ជំនឿ​របស់​យើង នោះ​មនុស្ស​នឹង​កត់សម្គាល់ ។ ប្រសិន​បើ​ព្រះភក្រ្ដ​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ពន្លឺ​នៅ​ក្នុង​ជីវិត​របស់​យើង [ សូម​មើល អាលម៉ា ៥:១៤ ] ប្រសិន​បើ​យើង​មាន​អំណរ និង​សេចក្ដី​សុខសាន្ដ​នៅ​ក្នុង​លោកិយ​នេះ នោះ​មនុស្ស​នឹង​ចង់​ដឹង​អំពី​មូលហេតុ ។ ទេសនកថា​ដ៏​មហិមា​បំផុត​មួយ​ដែល​បាន​ថ្លែង​អំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា គឺ​ជា​គំនិត​ដ៏​សាមញ្ញ​នេះ ដែល​បាន​ផ្ដល់​ទៅ​ដល់​សន្តកជន ហ្វ្រេនស៊ីស​នៅ​ក្រុង​អាស្សីស៊ី ៖ ‹ ផ្សាយ​ដំណឹងល្អ​នៅ​គ្រប់​ពេល ហើយ​ប្រសិន​បើ​ចាំបាច់ សូម​ប្រើ​ព្រះបន្ទូល​ទាំងឡាយ › [ នៅ​ក្នុង William Fay and Linda Evans Shepherd, Share Jesus without Fear ( ឆ្នាំ ១៩៩៩ ) ទំព័រ ២២ ] » ( « Waiting on the Road to Damascus » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៧ ) ។

សូម​គិត​អំពី​គំរូ​របស់​មនុស្ស​ម្នាក់​ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​យក​ដំណឹងល្អ ឬ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញ​លេញ ។

នៅ​ក្នុង ថែស្សាឡូនីច ទី១ ២:១–១៣ ប៉ុល​បាន​សរសេរ​អំពី​ការងារបម្រើ​របស់​លោក​កាល​ពី​មុន​នៅ​ក្រុង​ថែស្សាឡូនីច ។ លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​មួយ​ចំនួន​នៅ​ក្រុង​ថែស្សាឡូនីច ដែល​បាន​ចោទ​សួរ​អំពី​ភក្ដីភាព និង​ការជំរុញចិត្ត​អំឡុង​ការងារបម្រើ​របស់​លោក ។ ប៉ុល​បាន​ការពារ​ខ្លួន​លោក​ដោយ​ពិពណ៌នា​អំពី​របៀប​ដ៏​ស្មោះត្រង់ និង​អស់​ពី​ដួងចិត្ត​ចំពោះ​អ្វី​ដែល​លោក ព្រមទាំង​ដៃគូ​លោក​បានបង្រៀន ហើយ​បម្រើ​ពួក​បរិសុទ្ធ ។ ប្រសាសន៍​របស់​លោក​គឺ​ជា​ការំឭក​អំពី​សេចក្ដី​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២:៨ ៖ « គ្មាន​អ្នក​ណា​អាច​ជួយ​ក្នុង​កិច្ចការ​នេះ​បាន​ឡើយ លើកលែង​តែ​អ្នក​នោះ​នឹង​បន្ទាប​ខ្លួន ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ។

ប៉ុល​ពុំ​បាន​ត្រឡប់​ទៅ​ក្រុង​ថែស្សាឡូនីច​វិញ​ឡើយ​បន្ទាប់​ពី​លោក​ត្រូវ​គេ​បណ្ដេញ​ចេញ​អំឡុង​ដំណើរ​ផ្សាយ​សាសនា​ទី​ពីរ​របស់​លោក ( សូម​មើល កិច្ចការ ១៧:១០ ) ។ លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ពុំ​អាច​ត្រឡប់​ទៅ​វិញ​ដោយសារ​តែ​លោក​ត្រូវ​សាតាំង « ឃាត់ » ( ថែស្សាឡូនីច ទី១ ២:១៨ ) ។ ប៉ុល​ពុំ​បាន​មាន​ប្រសាសន៍​លម្អិត​ថា តើ​សាតាំង​បាន​ឃាត់​លោក​មិន​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ថែស្សាឡូនីច​វិញ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា សេចក្ដីបៀតបៀន​ពី​សំណាក់​ពួក​សាសន៍​យូដា​បាន​បង្ខំ​ឲ្យ​ប៉ុល​ដើរ​ផ្លូវ​វាង​ជា​ច្រើន​ក្នុង​ដំណើរ​របស់​លោក ( សូម​មើល កិច្ចការ ១៧:១៤–១៥ ) ។

ថែស្សាឡូនីច ទី១ ៣–៥

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​អំពី​ការយាងមក​ជា​លើក​ទី​ពីរ

សូម​គូស​ចំណាំ​ថា​តើ​អ្នក​គិត​ថា​សេចក្ដីថ្លែងការណ៍​អំពី​ការយាងមក​ជា​លើក​ទី​ពីរ​នៅ​ខាង​ក្រោម​នេះ ពិត (ព) ឬ មិន​ពិត (ម) ៖

  • ____ ១. ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​បាន​ស្លាប់​ពី​មុន​ការយាងមក​ជា​លើក​ទី​ពីរ នឹង​បាន​រស់ឡើងវិញ​ដរាប​ដល់​ចុង​បំផុត​នៃ​សហស្សវត្សរ៍ ។

  • ____ ២. ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​រស់នៅ​ចំ​ពេល​នៃ​ការយាងមក​ជា​លើក​ទី​ពីរ នឹង​ត្រូវ​បាន​នាំ​ទៅ​ជួប​ព្រះគ្រីស្ទ​នៅ​ពេល​ទ្រង់​យាង​មក ។

  • ____ ៣. ការយាងមក​ជា​លើក​ទី​ពីរ​នឹង​ធ្វើ​ឲ្យ​ចោរ​ភ្ញាក់ផ្អើល​នៅ​ពេល​យប់ ។

នៅ​ពេល​អ្នក​សិក្សា ថែស្សាឡូនីច ទី១ ៣–៥ សូម​ស្វែងរក​សេចក្ដីពិត​នានា​អំពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ជួយ​អ្នក​ដឹង​ចម្លើយ​ដ៏​ត្រឹមត្រូវ​សម្រាប់​លំហាត់ ត្រូវ–ខុស ( ចម្លើយ​ក៏​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​ដែរ ) ។

នៅ​ក្នុង ថែស្សាឡូនីច ទី១ ៣:១–៧ យើង​រៀន​ថា​ធីម៉ូថេ​បាន​រាយការ​ទៅ​ប៉ុល​ថា ពួក​បរិសុទ្ធ​បាន​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ទោះជា​ពួកគេ​កំពុង​ជួប​នឹង​សេចក្ដីបៀតបៀន​យ៉ាង​ណា​ក្ដី ។

សូម​អាន ថែស្សាឡូនីច ទី១ ៣:១១–១៣ ដោយ​ស្វែងរក​ថា តើ​ប៉ុល​បាន​សង្ឃឹម​ថា​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី​សម្រាប់​ពួក​បរិសុទ្ធ​ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​បទគម្ពីរ​ដែល​អ្នក​រកឃើញ ។

នៅ​ក្នុង ថែស្សាឡូនីច ទី១ ៤:១–១២ យើង​រៀន​ថា ប៉ុល​បាន​ជំរុញ​ចិត្ត​ឲ្យ​ពួកបរិសុទ្ធ​ឲ្យ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ឬ​បាន​ស្អាតស្អំ ហើយ​បរិសុទ្ធ តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ជា​ព្រះបញ្ញត្តិ​ដែល​ប៉ុល និង​អ្នកដទៃ​ទៀត​បាន​បង្រៀន​ដល់​ពួកគេ ។

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

ពួក​បរិសុទ្ធ​ថែស្សាឡូនីច​បាន​យល់​ខុស​លើ​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​បារម្ភ​ថា សមាជិក​សាសនាចក្រ​នៅ​ក្រុង​ថែស្សាឡូនីច​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​នឹង​គ្មាន​លទ្ធភាព​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ការយាងមក​ជា​លើក​ទី​ពីរ​ឡើយ ។

សូម​អាន ថែស្សាឡូនីច ទី១ ៤:១៣–១៤, ១៦ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​ស្លាប់​ពី​មុន​ការយាងមក​ជា​លើក​ទី​ពីរ ។ លោក​បាន​ប្រើ​ពាក្យ ដេក​លក់​ទៅ​ហើយ និង ដេក​លក់​ទៅ​ក្នុង សំដៅ​ទៅ​លើ​អ្នក​ដែល​បាន​ស្លាប់ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​ស្លាប់​ពី​មុន​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​រស់ឡើងវិញ​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

ឃ្លា « ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះយេស៊ូវ ឲ្យ​បាន​មក​ជាមួយ​នឹង​ទ្រង់​ដែរ » នៅ​ក្នុង ថែស្សាឡូនីច ទី១ ៤:១៤ មាន​ន័យ​ថា ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​បាន​រស់ឡើងវិញ​នៅ​ពេល​ការយាងមក​ជា​លើក​ទី​ពីរ នឹង​ត្រូវបាន​នាំ​ទៅ​ជួប​ព្រះអង្គសង្គ្រោះ ព្រមទាំង​នឹង​ទៅ​ជាមួយ​ទ្រង់​ក្នុង​សិរីល្អ ( សូម​មើល គ. និង ស. ៨៨:៩៧–៩៨ ) ។

សូម​អាន ថែស្សាឡូនីច ទី១ ៤:១៥, ១៧ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​រស់នៅ​ចំ​ពេល​ដែល​ទ្រង់​យាង​មក​ម្ដង​ទៀត ។ សូម​អាន​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ថែស្សាឡូនីច ទី១ ៤:១៥, ១៧ ( នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ scriptures.lds.org  ) ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​រស់នៅ​ចំ​ពេល​នៃ​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ត្រូវបាន​នាំ​ទៅ​ជួប​ព្រះគ្រីស្ទ​នៅ​ពេល​ទ្រង់​យាង​មក ។

សូម​អាន ថែស្សាឡូនីច ទី១ ៤:១៨ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​សង្ឃឹម​ថា​ពួក​បរិសុទ្ធ​នឹង​ធ្វើ បន្ទាប់​ពី​បាន​រៀន​សេចក្ដីពិត​ទាំងនេះ​អំពី​ការយាងមក​ជា​លើក​ទី​ពីរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​រក​ឃើញ​ការលួងលោមចិត្ត​អ្វី​ខ្លះ​នៅ​ក្នុង​គោលលទ្ធិ​ទាំងនេះ អំពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អាន ថែស្សាឡូនីច ទី១ ៥:១-៣ ដោយ​ស្វែងរក​រឿង​ប្រដូច​ចំនួន​ពីរ​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​កាល​វេលា​នៃ​ការយាងមក​ជា​លើក​ទី​ពីរ ។

តើ​អ្នក​គិត​ថា រឿង​ប្រដូច​របស់​ប៉ុល​អំពី​ចោរ​មក​នៅ​ពេល​យប់ បង្រៀន​យើង​យ៉ាង​ដូចម្ដេច​អំពី​ការយាងមក​ជា​លើក​ទី​ពីរ ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី បាន​ពន្យល់​ដូចនេះ ៖ « [ ព្រះអម្ចាស់ ] នឹង​យាង​មក​ដូចជា​ចោរ​មក​នៅ​ពេល​យប់ ដោយ​មិន​បាន​ប្រាប់ ហើយ​គ្មាន​ការព្រមាន​ទុក​ជា​មុន​ដល់​ពិភពលោក​ឡើយ គឺ​ចំពោះ​មនុស្ស​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ភាពងងឹត​ខាង​វិញ្ញាណ និង​មនុស្ស​ទាំងឡាយ​ដែល​មិន​ត្រូវបាន​បំភ្លឺ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ » ( Doctrinal New Testament Commentary ៣:៥៤ សូម​មើល ម៉ាថាយ ២៤:៤២–៤៣ ផងដែរ ) ។

អែលឌើរ ម៉ាក់ខន់ឃី ក៏​បាន​បង្រៀន​ផងដែរ​អំពី​រឿងប្រដូច​នៃ​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សម្រាល ៖ « នាង​មិន​ដឹង​ពី​ម៉ោង​ដែល​កូន​នឹង​កើត​នោះ​ទេ ប៉ុន្តែ​នាង​អាច​ប៉ាន់ស្មាន​ដឹង​ពី​កាល​ពេល​វេលា » ( Doctrinal New Testament Commentary ៣:៥៤ ) ។

យោង​តាម​រឿង​ប្រដូច​នេះ យើង​ក៏​អាច​ពិចារណា​ផងដែរ​អំពី​ការសាកល្បង​ដែល​មាន​មុន​ការយាងមក​ជា​លើក​ទី​ពីរ ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការឈឺចាប់​ពេល​សម្រាល​កូន ។ គឺ​អស្ចារ្យ​ដូចជា​ការកើតមក​របស់​ទារក​យ៉ាង​ណា នោះ​ការយាងមក​ជា​លើក​ទី​ពីរ​ក៏​នឹង​អស្ចារ្យ​ចំពោះ​ពួក​សុចរិត​យ៉ាង​នោះ​ដែរ ។

សូម​អាន ថែស្សាឡូនីច ទី១ ៥:៤–៦ ដោយ​ស្វែងរក​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់ នឹង​មិន​ភ្ញាក់ផ្អើល​ឡើយ​នៅ​ពេល​ការយាងមក​ជា​លើក​ទី​ពីរ​នោះ ។ អ្នក​អាច​គូស​ចំណាំ ឬ​កត់ចំណាំ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ឃ្លា « ពួក​នៃ​ពន្លឺ » នៅ​ក្នុង ខទី ៥ សំដៅ​ទៅ​លើ​សមាជិក​ដ៏​ស្មោះត្រង់​ក្នុង​សាសនាចក្រ​ដែល « ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ » ( រ៉ូម ១៣:១២ ) ហើយ​មាន​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុដូច្នេះហើយ នឹង​បាន​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ ( សូម​មើល គ. និង ស. ១០៦:៤–៥ ) ។

យើង​រៀន​គោលការណ៍​ចេញ​ពី ថែស្សាឡូនីច ទី១ ៥:៤–៦ដូច​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ស្មោះត្រង់ ហើយ​ចាំ​យាម​រក​ទីសម្គាល់​ដែល​កើត​មាន​ពីមុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​កាល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​បង្រៀន​ថា មធ្យោបាយ​នានា​ដែល​យើង​អាច​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​គឺ « ត្រូវ​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ប្រសាសន៍​របស់​ពួក​សាវក ព្រមទាំង​ចាំ​យាម » ( Doctrines of Salvation, comp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:៥៣ ) ។

សូម​ពិនិត្យ​មើល​ចម្លើយ​លំហាត់ ត្រូវ–ខុស ដែល​បាន​ពិភាក្សា​នៅ​ពេល​ចាប់ផ្ដើម​នៃ​មេរៀន​នេះ ។ ដោយ​ផ្អែក​លើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន តើ​អ្នក​នឹង​ផ្លាស់ប្ដូរ​ចម្លើយ​ណា​មួយ​របស់​អ្នក​ដែរ​ឬ​ទេ ?

នៅ​ក្នុង ថែស្សាឡូនីច ទី១ ៥:៧–២២ សាវក​ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​អំពី​របៀប​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ថែស្សាឡូនីច ទី១ ៥:១២–២២ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ដើម្បី​ត្រៀមខ្លួន​ពួកគេ និង​មនុស្សដទៃ​ឲ្យ​ជួប​ព្រះអង្គសង្គ្រោះ​នៅ​ពេល​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ដំបូន្មាន​ណា​មួយ​ចេញ​ពី ថែស្សាឡូនីច ទី១ ៥:១៤–២២ ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ?

    2. តើ​ការរស់នៅ​តាម​ដំបូន្មាន​នេះ​អាច​ជួយ​អ្នក ព្រមទាំង​មនុស្ស​ដទៃ​ឲ្យ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​យ៉ាង​ដូចម្ដេច ?

សូម​អាន ថែស្សាឡូនីច ទី១ ៥:២៣–២៤ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​ព្រះ​នឹង​ធ្វើ​សម្រាប់​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​នៅ​ពេល​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ សូម​សម្រេច​យក​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សរសេរ​គោលដៅ និង​ផែនការ​នានា​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​ទុក​ក្រដាស​នោះ​នៅ​ទីតាំង​ដែល​នឹង​ជួយ​រំឭក​អ្នក​អំពី​គោលដៅ​ទាំងនោះ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ថែស្សាឡូនីច ទី១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖