បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ផែនការនៃ​សេចក្ដី​សង្គ្រោះ–សេចក្ដីផ្ដើម និង បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី(មេរៀនទី ១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ផែនការនៃ​សេចក្ដី​សង្គ្រោះ–សេចក្ដីផ្ដើម និង បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី(មេរៀនទី ១ )

ការរៀបចំ​សម្ភារ សម្រាប់ គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សា នៅ ផ្ទះ

សេចក្ដីសង្ខេប នៃ មេរៀន សិក្សា នៅ ផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺជា​សេចក្ដី​សង្ខេប​មួយ​អំពី​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា​មេរៀន​ចំនួន​បួន​សម្រាប់​សិស្ស​សិក្សា​នៅ​ផ្ទះ​សម្រាប់ មេរៀនទី ១ ។ ការដឹង​ពី​អ្វី​ដែលសិស្ស​នឹង​ត្រូវ​សិក្សា នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន ។ សេចក្ដី​សង្ខេប​នេះ​ពុំ​មែន​ជា​ផ្នែក​មួយ​នៃ​មេរៀន​ទេ ហើយ​ពុំ​មាន​ន័យ​ថា​ត្រូវ​យក​វា​ទៅ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ដែរ ។ ដោយសារ​មេរៀន​ដែល​អ្នក​នឹង​បង្រៀន​សម្រាប់​វគ្គ​ទី ១ ផ្ដោត​សំខាន់​ទៅ​លើ​គោលលទ្ធិ និង គោលការណ៍​តែ​ពីរ​បី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​សង្ខេប​នេះ ពេលខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ត្រូវ​ពិនិត្យ​មើល ឬ​ពិភាក្សា​គោលលទ្ធិ និង គោលការណ៍​ផ្សេង​ទៀត ស្រប​តាម​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ និង សេចក្ដី​ត្រូវ​ការ​នៃ​សិស្ស​របស់​អ្នក ។

ថ្ងៃទី ១ (ផែនការ​នៃ​សេចក្ដីសង្គ្រោះ )

នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ សិស្ស​ទាំងឡាយ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើស​រើស​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ឲ្យ​ធ្វើ​ជា​ព្រះ​ដ៍​ប្រោសលោះ​នៃ​មនុស្ស​លោក ហើយ​ថា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា​សួគ៌ ទ្រង់​បាន​បង្កើត​ផែនដី​នេះ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​សង្គ្រោះ​ពួក​យើង​ពី​អំពើ​បាប​របស់​យើង ។ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើង​វិញ ។ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាត់​សេចក្ដី​មនុស្ស​លោក​ទាំងអស់ ។ ប្រសិន​បើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​របស់​ទ្រង់ នោះ​ទើប​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃទី ២ ( តួនាទី​របស់​សិស្ស )

សិស្ស​ទាំងឡាយ​បាន​រៀន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀនអំ​ពី​សេចក្ដី​ពិត ។ ពួកគេ​បាន​ដឹង​ផង​ដែរ​ថា ប្រសិន​បើ​យើង​ខិតខំ​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ នោះ​ទើប​យើង​អាច​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​មក​ក្នុង​ដួងចិត្ត​របស់​យើង ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។

ថ្ងៃទី ៣ ( ការសិក្សា​បទគម្ពីរ )

សិស្ស​ទាំងឡាយ​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការ​អាន​ទាំង​ស្រុង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ​ទៀត សិស្ស​បាន​រកឃើញ​ថា សេចក្ដី​ត្រូវការ​របស់​យើង​ចំពោះ​ព្រះគម្ពីរ​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ធំ​ជាង​ជំនាន់​មុនៗ​ទៅ​ទៀត ហើយ​ថា​នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​យើង​អាច​ទទួល​បាន​ប្រាជ្ញា ពន្លឺ សេចក្តីពិត ការ​កែតម្រូវ និង ការ​ណែនាំ​ដែល​នឹង​ដឹកនាំ​យើង​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ ពួកគេ​ក៏​បាន​ដឹង​ផង​ដែរ​ថា នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ យើង​នឹង​ទទួល​បាន « ទឹក​រស់ » ឬ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ដែល​យើង​ត្រូវការ ។

ថ្ងៃទី ៤ ( សេចក្ដីផ្ដើម និង បរិបទ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី )

សិស្ស​ទាំងឡាយ​បាន​រៀន​ថា នៅ​ពេល​ពួកគេ​ដឹង​ច្បាស់​ពី​បរិបទ​ខាង​ប្រវត្តិសាស្ត្រ និង ខាង​វប្បធម៌​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​ពួកគេ​អាច​យល់ដឹង​កាន់​តែ​ប្រសើរ ហើយ​អនុវត្តតាម​ការ​បង្រៀន​របស់​វា ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​នាំ​យក​សេចក្ដី​សង្គ្រោះ​ទៅ​ឲ្យ​មនុស្ស​គ្រប់​រូប ហើយ​ថា​នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ យើង​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ទ្រង់ ។

សេចក្ដីផ្ដើម

មេរៀន​នេះ​មាន​គោលបំណង​ដើម្បី​រៀបចំ​ខ្លួន ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ប្រធាន​បទ​ដ៏​សំខាន់​មួយ​ដែល​មាន​នៅ​ក្នុង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង ពួក​សាវក​របស់​ទ្រង់​កាល​ពី​ជំនាន់​បុរាណ ។ នៅ​ពេល​សិស្ស​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​ពួកគេ​នឹង​រៀន​ពី​របៀប​ឆ្លើយ​តប​ទៅនឹង​ការ​អញ្ជើញ​ដដែលៗ​របស់​ព្រះអង្គ​សង្គ្រោះ ថា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ជំនួយ​របស់​ទ្រង់ និង ព្រះបន្ទូល​ណែនាំ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

សេចក្ដី​ផ្ដើម​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី

ព្រះគម្ពីរ​សញ្ញា​ថ្មី​ជួយ​យើង​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន មុនពេល​ចាប់ផ្ដើម​បង្រៀន ៖ តើ​បន្ទុក​ដ៏​លំបាក​មួយ​ចំនួន​ដែល​យុវវ័យ​ជួប​នៅ​សម័យ​យើង​នេះ​មាន​អ្វី​ខ្លះ ?

សូម​យក​ប្រអប់​ទទេរ ឬ​កាបូប​ស្ពាយ​មួយ ហើយ​យក​របស់​ធ្ងន់ៗ​មក​ដាក់​នៅ​ក្នុង​ប្រអប់ ឬ​កាបូប​នោះ​ដូចជា ដុំ​ថ្ម ឬ​សៀវភៅ​ទៅ​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ក្ដារខៀន ហើយ​ឲ្យ​គាត់​កាន់​ប្រអប់​ទទេរ ឬ​ស្ពាយ​កាបូប​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ឆ្លើយ​នឹង​សំណួរ​ដែល​មាន​នៅ​លើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​ឡើង​មក​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្ដារខៀន ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​នីមួយៗ សូម​ដាក់​របស់​ធ្ងន់​មួយ​នៅ​ក្នុង​ប្រអប់ ឬ​កាបូប​នោះ​រហូត​ដល់​វា​ពេញ ។

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា​ដែរ ប្រសិន​បើ​អ្នក​ត្រូវ​ទ្រ​បន្ទុក​នេះ​ពេញ​មួយ​ថ្ងៃ ?

សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​ការ​ប្រឈម ឬ​ការ​លំបាក​នានា​ដែល​បន្ទុក​មួយ​ចំនួន​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​នេះ អាច​បង្កហេតុអ្វី​ដល់​មនុស្ស​ម្នាក់ ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​យើង​អំពី​ការ​បម្រើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ និង ក្រោយ​ពីការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​បញ្ចូល​ទាំង​ការ​បង្រៀន​ទាំងឡាយ អព្ភូតហេតុ​នានា ពលិកម្ម​ធួន និង​ការ​យាងមក​របស់​ទ្រង់​ទៅ​ជួប​នឹង​ពួក​សិស្ស​នៃ​សាសនាចក្រ​កាល​ពី​បុរាណ ។ តាមរយៈ​ការ​បង្រៀន​ទាំងឡាយ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​មនុស្ស​ដទៃទៀត វា​គឺជា​សេចក្ដី​ពិត​មួយ​ដែល​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​វា​អាច​ជួយ​យើង​សម្រាល​បន្ទុក​ដែល​យើង​មាន ។

សូម​ពន្យល់​ថា ម៉ាថាយ ១១ រួម​បញ្ចូល​នូវ​ឧទាហរណ៍​មួយ​នៃ​ប្រធានបទ​ដ៏​សំខាន់​នេះ​ដែល​សិស្ស​នឹង​មើល​ឃើញ​ជា​រឿយៗ នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១១:២៨ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ដោយ​រកមើល​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​អស់​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ។

  • តើ​អ្នក​គិត​ថា ការ​នឿយ​ព្រួយ ហើយ​មាន​ផ្ទុក​ធ្ងន់ មាន​ន័យ​ដូចម្ដេច ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ការ​ឈប់​សម្រាក​របស់​ទ្រង់ ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​រួម​ជា​មួយ​នឹង​បន្ទុក​របស់​យើង នោះ​ទ្រង់​នឹង​ឲ្យ​យើង​ឈប់​សម្រាក ) ។

  • តើ​អ្នក​គិត​ថា ការ​មក​រក​ព្រះយេស៊ូ​គ្រីស្ទ​មាន​ន័យ​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​នៃ​ការ​មក​រក​ព្រះគ្រីស្ទ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ាថាយ ១១:២៩–៣០ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​បន្ទូល​ណែនាំ​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​អស់​អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​មក​រក​ទ្រង់ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​មក​រក​ព្រះគ្រីស្ទ ?

សូម​គូរ រូប នឹម​គោ​មួយ​នៅ​លើ​ក្ដារ​ខៀន ឬ​បង្ហាញ​រូប​នឹម​មួយ ។

រូបភាព
នឹម​ឈើ

សូម​ពន្យល់​ថា នឹម គឺជា ធ្នឹម ឈើ​មួយ ដែល​ភ្ជាប់ ឬ​ដាក់​គោ ឬ​សត្វ​​ដទៃទៀត​មួយ​នឹម ដើម្បី​ឲ្យវា​អាច​ទាញ​បន្ទុក​មួយ​រួម​គ្នា ។

  • តើ​អ្វី​ទៅ​ជា​គោលបំណង និង អត្ថប្រយោជន៍​របស់​នឹម ? ( ទោះ​បី​ជា នឹម​នោះ​គឺជា​ទម្ងន់ ឬ​បន្ទុក​មួយ​ក្ដី ប៉ុន្តែ​វា​អនុញ្ញាត​ឲ្យ​សត្វ​ទាំង​ពីរ​ក្បាល​រួម​ថាមពល និង កម្លាំង​របស់​វា​ជាមួយ​គ្នា ដើម្បី​បង្កើន​នូវ​ផលិតភាព​របស់​វា ) ។

  • តើ​អ្នក​គិត​ថា ការ​ទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​មក​លើ​យើង មានន័យ​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សុំ​ឲ្យ​សិស្ស​ស្ដាប់ ហើយ​គិត​ពី​របៀប​ដែល​យើង​អាច​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់​លើ​យើង ហើយ​ថា​តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ការ​ធ្វើ​ដូច្នេះ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« នឹម​មួយ​ទឹម​ សត្វ​ឲ្យ​ដើរ​ទន្ទឹមគ្នា ដើម្បី​វា​អាចឈានទៅមុខទាំងអស់គ្នា ក្នុងការសម្រេចកិច្ចការមួយ។

« ចូរ​ពិចារណា​អំពី​ការអញ្ជើញ​ដ៏ពិសេស​របស់​ព្រះ​អម្ចាស់​ដល់​យើង​ម្នាក់ៗ​ថា ‹ ចូរ​ទទួ​ល​នឹម​ខ្ញុំចុះ › ។ ការចុះ​និង​ការ​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ គឺ​ជា​ការ​ទឹម​យើង​ជាមួយនឹង​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ មានន័យ​ថា ព្រះ​អង្គ​សង្គ្រោះ កំពុង​តែ​អញ្ជើញ​យើង ឲ្យ​ពឹងផ្អែក ហើយ​ទាញ​ជាមួយ​នឹង​ទ្រង់ ទោះ​ជា​សមត្ថភាព​ល្អបំផុត​របស់​យើង មិនស្មើ ឬ​មិន​អាច​ប្រៀប​នឹង​ទ្រង់​ក៏​ដោយ ។ កាលណា​យើង​ទុកចិត្ត ហើយ​ទាញបន្ទុក​យើង​ជាមួយ​ទ្រង់ ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ នោះ​នឹម​ទ្រង់​ពិត​ជា​ងាយ ហើយ​បន្ទុក​ទ្រង់​ពិត​ជា​ស្រាល ។

« យើង​នឹង​ពុំ​នៅ​ម្នាក់​ឯងឡើយ ។ យើងអាច​ឆ្ពោះ​ទៅ​មុខ​ក្នុង​ ជីវិតប្រចាំ​ថ្ងៃ​របស់យើង ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង​អាច​ទទួល​បាន​សមត្ថភាព និង ‹ លើស​កម្លាំង​[របស់​យើង] › (‹ ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ › ទំនុកតម្កើង លេខ ១៣៥) » (« Bear Up Their Burdens with Ease »Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ​៨៨) ។

  • តើ​អ្វី​ទៅ «​ទឹម » ​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ?

  • យោង​តាម​អែលឌើរ បែដណា តើ​ពរជ័យ​នៃ​ការ​ជាប់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​អ្វី​ខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ​អំពី « ការ​ឈប់​សម្រាក » នៅ​ក្នុង ម៉ាថាយ ១១:២៨–២៩ ពុំ​មែន​មាន​ន័យ​ថា ទ្រង់​នឹង​ដក​យក​បញ្ហា ឬ​ការ​ប្រឈម​របស់​យើង​ចេញ​នោះ​ឡើយ ។ ជារឿយៗ ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​យើង និង កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ ឬ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​របស់​យើង ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បន្ទុក​របស់​យើង​បាន​ធូរស្រាល ។ ប្រសិន​បើ​យើង​ស្មោះត្រង់​នៅ​ក្នុង​ការ​ប្រឈម​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ នោះ​ការ​ឈប់​សម្រាក​ដែល​យើង​នឹង​ទទួល​បាន​គឺជា​ភាព​តម្កើង​ឡើង​ជាមួយ​នឹង​ព្រះ ( សូមមើល គ. និង ស. ៨៤:២៣–២៤ ) ។

សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានប្រទាន​នូវ​ការ​ឈប់​សម្រាក​ដល់​ពួកគេ នៅ​ពេល​ពួកគេ​មក​រក​ទ្រង់ ។ សូម​អញ្ញើញ​សិស្ស​ពីរ​បី​នាក់ ចែក​ចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់​នានា​អំពី​របៀប​ដែល​ពួកគេ​អាច​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ឆ្នាំ ក្នុង​ការ​សិក្សា​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងស្រុង​នៅ​ឆ្នាំ​នេះ​ក្នុង​គោលដៅ​របស់​ពួកគេ ។

សេចក្ដី​សង្ខេប​ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី

គម្ពីរ​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ធ្វើ​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។

សូម​សរសេរ​ឈ្មោះ​អ្នក​និពន្ធ​នៃ​ដំណឹងល្អ​ទាំង​បួន​នៅ​លើ​ក្ដារខៀន ៖ ម៉ាថាយ, ម៉ាកុស, លូកា និង យ៉ូហាន ។ សូម​ពន្យល់​ថា ក្នុង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងនេះ ពួកគាត់​ម្នាក់ៗ​បាន​កត់ត្រា​ព្រឹត្តិការណ៍ និង ការ​បង្រៀន​ទាំងឡាយ​ចេញ​ពី​ជីវប្រវត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ។ កំណត់ត្រា​របស់​ពួកគាត់​ត្រូវ​បាន​ហៅ​ថា ដំណឹងល្អ ។ ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង » ។ សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​បាន​ប្ដូរ​ចំណង​ជើង​នៃ​ដំណឹងល្អ​នីមួយ​ទៅ​ជា ទីបន្ទាល់ ដូច​ជា​នៅ​ក្នុង « The Testimony of St. Matthew « ទីបន្ទាល់​របស់​ម៉ាថាយ » ។

  • ហេតុអ្វី​បាន​ជា​វា​ជា​ការ​ល្អ ដើម្បី​មាន​ដំណឹងល្អ ឬ​ទីបន្ទាល់​អំពី​ជីវប្រវត្តិ និង ការ​បង្រៀន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ច្រើន​ជាង​មួយ ?

សូម​ពន្យល់​ថា ទោះ​បី​ជា​ដំណឹងល្អ​ទាំង​បួន​មាន​ភាពខុស​គ្នា​ខ្លះៗ​នៅ​ក្នុង​សេចក្ដី​លម្អិត និង​ទស្សនៈ​ក្ដី ក៏​វា​និទាន​ព្រឹត្តិការណ៍​នៃ​ជីវប្រវត្តិ និង ការ​បម្រើ​នៅ​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ចំណោម​សាសន៍​យូដា​ដូចគ្នា ។ ដំណឹងល្អ​ទាំង​បួន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ សុំ​ឲ្យ​សិស្ស​បើក​ទៅ​តារាង « ជីវប្រវត្តិ​ដ៏សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ » នៅ​ចុង​បញ្ចប់​នៃ​វគ្គ​ទី ១ ៖ មេរៀន​ថ្ងៃទី ៤ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​តារាង​នេះ​ដើម្បី​ដឹង​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

  • យោងតាម​តារាង​នេះ តើ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​រយៈពេល​យូរ​ប៉ុណ្ណា ?

  • តើ​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ តើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​កន្លែង​ណា​ច្រើន​ជាង​គេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​តារាង​នេះ​ដើម្បី​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ទៅ​លើ​បរិបទ​នៃ​ដំណឹងល្អ​ទាំងបួន នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​តារាង​មាតិកា​នៃ​ព្រះគម្ពីរ​ប៊ីប ។ សូម​ពន្យល់​ថា កាល​ដំណឹងល្អ​ទាំងឡាយ​និទាន​នូវ​ដំណើរ​រឿង​មួយ​អំពី​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​គម្ពីរ​ចាប់​ពី​គម្ពីរ​កិច្ចការ​រហូត​ដល់​វិវរណៈ កត់ត្រា​ពី​ការ​បម្រើ​នៃ​ពួក​សាវក​របស់​ព្រះគ្រីស្ទ​កាល​ពី​បុរាណ បន្ទាប់​ពី​ការ​ឆ្កាង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង ការ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌វិញ​របស់​ទ្រង់ ។ ពួក​សាវក​ទាំងនេះ​បាន​ធ្វើ​ដំណើរ​ទូទាំង​ដែនដី​អ៊ីស្រាអែល និង ចក្រភព​រ៉ូម ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ និង ស្ថាបនា​សាខា​ទាំងឡាយ​របស់​សាសនាចក្រ ។ ដោយ​សិក្សា​ពី​សកម្មភាព និង ការ​សរសេរ​របស់​ពួក​សាវក​ទាំងនេះ យើង​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​ពី​របៀប​ដើម្បី​ទទួល​បាន​ពរជ័យ​នានា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ យើង​ក៏​អាច​ឃើញ​ពី​ភាព​ដូចគ្នា​នៃ​សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ និង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាល​ពី​បុរាណ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​នានា​ដែល​នឹង​ផ្ដល់​ពរជ័យ​ឲ្យ​ពួកគេ នៅ​ពេល​ពួកគេ​សិក្សា​ពី​ជីវប្រវត្តិ និង ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ពួក​សាវក​របស់​ទ្រង់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

វគ្គ​បន្ទាប់ ( ម៉ាថាយ ១–៥ )

សូម​ពន្យល់​ថា នៅ​ក្នុង​វគ្គ​បន្ទាប់ សិស្ស​នឹង​សិក្សា​ពី​សេចក្ដី​លម្អិត​មួយ​ចំនួន​ជុំវិញ​ការ​ប្រសូត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ពួកគេ​ក៏​នឹង​សិក្សា​ផង​ដែរ​នូវ​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ អំពី​របៀប​ដើម្បី​មាន​សុភមង្គល​ពិត​នៅ​ក្នុង​ជីវិត​នេះ ហើយ​ប្រែជា​ល្អ​ឥតខ្ចោះ​ដូចជា​ព្រះវរបិតា​សួគ៌​ដែរ ។