បណ្ណាល័យ
មេរៀន​ទី១៣៦ ៖ ហេព្រើរ៥–៦


មេរៀន​ទី១៣៦

ហេព្រើរ ៥–៦

សេចក្ដីផ្ដើម​

​ប៉ុល​បាន​បង្រៀន​ថា អស់​អ្នក​ដែល​ទទួល​បព្វជិតភាព​ត្រូវតែ​បាន​ហៅ​ដោយ​ព្រះ ហើយ​ថា​ព្រះ​យេស៊ូវគ្រីស្ទ​ត្រូវ « ព្រះ​បាន​តាំង​ងារ​ទ្រង់ [ ជា ] សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) តាម​របៀប​លោក​មិលគីស្សាដែក » (ហេព្រើរ ៥:១០) ។ ប៉ុល​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ ឲ្យ​មាននូវការ​ឧស្សាហ៍​ព្យាយាម មាន​សេចក្តី​ជំនឿ ការអត់ធ្មត់ និង សេចក្តីសង្ឃឹម​ក្នុង​ការទទួល​បាន​នូវ​ការសន្យា​របស់​ព្រះ ។

យោបល់​សម្រាប់ការ​បង្រៀន

ហេព្រើរ៥

ប៉ុល​បង្រៀន​ថា អស់​អ្នក​ដែល​ទទួល​បព្វជិតភាព​​ត្រូវ​បាន​ហៅ​មក​ពី​ព្រះ

ពីមុន​ថ្នាក់​រៀន សូម​សរសេរ​ចំណងជើង​នីមួយៗ​​ដូច​ខាង​ក្រោម​នៅលើ​ក្រដាស​ផ្សេងៗគ្នា ៖​វេជ្ជបណ្ឌិត​និង​មន្ត្រី​ប្រតិបត្តិ​​​ច្បាប់ ។ សូម​អញ្ជើញ​​សិស្ស​ពីរ​នាក់​ឲ្យ​មក​ខាង​មុខ​ក្ដារ​ខៀន ហើយ​ផ្ដល់​ក្រដាស​មួយ​ដល់សិស្ស​ម្នាក់ៗ ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • ទោះជា​សិស្ស​ទាំងនេះ​កាន់​ក្រដាស ​ដែល​បង្ហាញ​ពី​ចំណង​ជើង​ត្រឹមត្រូវ​ក្ដី តើ​អ្នក​នឹង​មាន​កង្វល់​អ្វីខ្លះ បើ​ [ ប្រើ​ឈ្មោះ​របស់សិស្ស​ដែល​កាន់​ក្រដាស « វេជ្ជបណ្ឌិត » ] ចង់​ធ្វើ​ការ​វះកាត់​ឲ្យអ្នក បន្ទាប់​ពី​អ្នក​មាន​ឧប្បទ្ទវហេតុ ?

  • តើអ្នកនឹង​ឆ្លើយតប​យ៉ាងដូចម្ដេច ប្រសិន​បើ [ ប្រើ​ឈ្មោះ​របស់សិស្ស​ដែល​កាន់​ក្រដាស « មន្ត្រី​ប្រតិបត្តិ​​​ច្បាប់ » ] ព្យាយាម​​ដើម្បី​ផ្ដល់​ការផាកពិន័យ​ដល់​អ្នក​?

  • ហេតុអ្វី​អ្នក​មាន​ការស្ទាក់ស្ទើរក្នុង​ការ​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងនេះ​​ធ្វើ​កិច្ចការ ​ដែល​មាន​ទាក់ទង​នឹង​ប្រធានបទ​ដែល​ពួកគេ​មាន​នោះ ? ( សិស្ស​ទាំងនេះ​ខ្វះ​សិទ្ធិអំណាច និង​សមត្ថភាព​ដើម្បីធ្វើ​កិច្ចការ​ទាំងនេះ ) ។

សូមពន្យល់​ថា ដូចជា​សង្គម​ដែលបានបង្កើត​ជា​លក្ខណៈ​សម្បត្តិ​ចាំបាច់​ និង​របៀប​ជា​ច្រើន​ដើម្បី​ទទួល​បាន​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​នូវ​ការ​ទទួលខុសត្រូវ​ជាក់លាក់​ដែរ នោះ​ព្រះ​បាន​បង្កើត​លក្ខណៈ​សម្បត្តិ​ចាំបាច់​នានា ( ដូចជា​ភាព​ស្មោះត្រង់ និង ភាពសក្ដិសម ) និង​វិធី​នានា​ដើម្បី​ទទួលបាន​សិទ្ធិ​អំណាច​​ដើម្បី​អនុវត្ត​ការ​ទទួលខុសត្រូវ​ជាក់​លាក់​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ នៅពេល​សិស្ស​សិក្សា ហេព្រើរ ៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​​រក​មើល​លំនាំ​ដែល​ព្រះ​បាន​បង្កើត​ឡើង ​ដើម្បី​ទទួលបាន​សិទ្ធិ​អំណាច​នេះ ។

សូម​រំឭក​សិស្ស​ ដូចបាន​កត់ត្រា​នៅក្នុង​ហេព្រើរ ៤:១៤–១៦ប៉ុល​បាន​ពិពណ៌នា​ថា ​ព្រះអង្គសង្គ្រោះ​ជា « សម្ដេច​​សង្ឃ​យ៉ាង​ធំ​១​អង្គ » (ខទី ១៤)​ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៥:១–៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ប៉ុលបាន​បង្រៀន​អ្វីខ្លះ ​អំពី​តួនាទី​​របស់​​សម្ដេច​សង្ឃ​​នៅក្នុង​សាសន៍​អ៊ីស្រាអែល ។

  • តើ​តួនាទី​​របស់​សម្ដេ​ច​សង្ឃ​​នៅក្នុង​ចំណោម​ពួក​សាសន៍​អ៊ីស្រាអែល​មានអ្វីខ្លះ ?

សូម​ពន្យល់​ថា តំណែង​សម្ដេច​​សង្ឃ​​នៅក្នុង​ខគម្ពីរ​ទាំងនេះ គឺជា​តំណែង​ជាអធិបតី​នៅ​ក្នុង​​បព្វជិតភាព​អើរ៉ុន ​​ស្ថិត​នៅក្រោម​ក្រឹត្យវិន័យ​ម៉ូសេ ។ អើរ៉ុន​ដែលជា​ប្អូន​ប្រុស​របស់​ម៉ូសេ គឺជា​ « សង្ឃ​ជាន់​ខ្ពស់​ដំបូង​គេ​នៃ​លំដាប់​បព្វជិតភាព​អើរ៉ុន » ។ តំណែង​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​តំណ​ពូជ បន្ទាប់​ពី​ជំនាន់​របស់​អើរ៉ុន សង្ឃជាន់ខ្ពស់​ត្រូវ​បាន​ជ្រើស​រើស​នៅក្នុង​ចំណោម​កូនច្បង​​ក្នុង​ពូជ​ពង្ស​របស់​អើរ៉ុន​ និង​កូន​ប្រុស​របស់​គាត់ ។ ជាទូទៅ សង្ឃជាន់ខ្ពស់​បម្រើ​ពេញ​មួយ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​ទីបំផុត​តំណែង​នេះ​ត្រូវបាន​រឹបអូស​យក​ដោយ​ពួក​ទុច្ចរិត ។ « សង្ឃជាន់ខ្ពស់​ត្រូវ​បាន​តែងតាំង និង ដក​ចេញ​​ដោយ​មិន​ត្រឹមត្រូវ​ទៅ​តាម​ព្រះទ័យ​របស់​ស្ដេច​ហេរ៉ូឌ និង ពួក​រ៉ូម ។ តំណែង​នេះ​ត្រូវបាន​ដាក់​បំពេញ​ដោយ​បុរស​ចំនួន ២៨ រូប​នៅ​ចន្លោះ​ឆ្នាំ ៣៧ មុន គ. ស.​​ និង គ. ស. ៦៨ » ( Bible Dictionary « High priest » ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៥:៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលថា ​តើ​សង្ឃជាន់ខ្ពស់ត្រូវ​បាន​ជ្រើសរើស​​តាម​របៀប​ណា ។

  • តើសង្ឃជាន់ខ្ពស់​ត្រូវ​បាន​ជ្រើសរើស​តាម​របៀប​​ណា ?

ដើម្បី​ជួយសិស្ស​យល់​អំពី​របៀប​ដែល​អើរ៉ុន​ត្រូវ​បាន « ព្រះទ្រង់​ហៅ » (​ខទី ៤) សូម​​អញ្ជើញ​សិស្ស​ឲ្យ​អាន​និក្ខមនំ ២៨:១ឮៗ ។ ពីមុន​សិស្ស​អាន​ខគម្ពីរ​​នេះ សូមពន្យល់​ថា ការ​ប្រាស្រ័យទាក់ទងនេះ​បាន​​កើត​មានឡើង​រវាង​ព្រះ និង​ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ ។

  • តើ​អើរ៉ុន​ដែល​ព្រះទ្រង់ហៅ ត្រូវ​បាន​តែងតាំង​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​វា​សំខាន់​ថា ព្រះ​ប្រទាន​ការណែនាំ​នេះ​ដល់​ម៉ូសេ​ជាជាង​ដល់​អ្នកផ្សេងទៀត ? ( ម៉ូសេ​គឺ​ជា​ព្យាការី ហេតុដូច្នោះ​ហើយ លោក​មាន​សិទ្ធិ​អំណាច​ដើម្បី​ទទួល​វិវរណៈ​បែប​នោះ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​បព្វជិតភាព​នៅ​លើ​ផែនដី ) ។

  • តើអ្វីត្រូវ​កើតឡើង​ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​បាន​ទទួល​​ការតែងតាំង​បព្វជិតភាព ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យសម្តី​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖អស់​អ្នក​ដែល​ត្រូវបាន​តែងតាំង​​នូវ​បព្វជិតភាព​ត្រូវតែ​បាន​ហៅ​ពី​ព្រះ តាមរយៈ​វិវរណៈ​ដោយ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​​ទ្រង់ ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ​នៅក្នុង​សាសនា​ចក្រ​សព្វថ្ងៃ​នេះ អ្នក​ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច​ត្រូវ​សម្ភាស​បុគ្គល​ម្នាក់​ៗ​សម្រាប់​​ការតែងតាំង ហើយ​ស្វែងរក​ការដឹក​នាំ​​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់ថា​តើ​បុគ្គល​នោះ​បាន​​ត្រៀមខ្លួនជាស្រេច​ និង មាន​ភាពសក្តិសម​ដែរ​ឬ​យ៉ាង​ណា ដើម្បី​ទទួល​​បាន​ការតែង​តាំង​​បព្វជិតភាព ។ សូមមើល​ផងដែរ យ៉ូហាន១៥:១៦ ) ។

  • តើ​សេចក្ដីពិត​នេះ​ទាក់ទង​នឹង​ដំណើរការ​នៃ​ការហៅ​មនុស្ស​ឲ្យ​បម្រើ​នៅក្នុង​តំណែងនានា​​ក្នុង​សាសនាចក្រ​យ៉ាង​ដូច​ម្ដេច ?

សូម​ឲ្យ​សិស្ស​អាន​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទីប្រាំ​ឲ្យ​ឮៗ ៖ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​តើ​សេចក្ដីពិត​ដែល​ពួកគេ​បាន​ប្រាប់​នៅក្នុង​ហេព្រើរ ៥:៤​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ​ទីប្រាំ​​យ៉ាង​ដូចម្ដេច ។ ចូរពន្យល់​ថា ការព្យាករ សំដៅ​លើ​វិវរណៈ ។

  • យោង​តាម​មាត្រា​នៃ​សេចក្ដីជំនឿ​នេះ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​កើត​មាន​ឡើង​ ដើម្បី​ឲ្យ​នរណា​ម្នាក់​ដែលមានសិទ្ធិ « ដើម្បី​ផ្សាយ​​ដំណឹង​ល្អ និង​បម្រើ​នៅក្នុង​ពិធីបរិសុទ្ធ​នានា » ?

រូបភាព
ម៉ូសេ​ផ្ដល់​បព្វជិតភាព​ដល់​អើរ៉ុន

សូម​ដាក់​បង្ហាញ​រូបភាព ម៉ូសេផ្ដល់​បព្វជិតភាព​ដល់​អើរ៉ុនGospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ.  ១៥, សូម​មើល​ផងដែរ LDS.org ) ។ សូម​ចង្អុល​បង្ហាញ​ថា ​ទាំង​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​​គម្ពីរ​សញ្ញា​​ថ្មី​កត់ត្រា​ថា ព្យាការី អ្នក​កាន់​បព្វជិតភាព និង គ្រូបង្រៀន​ដំណឹង​ល្អ​ទាំងឡាយ​​ទទួល​ការហៅ​របស់​ពួកគេ តាមរយៈ​ការដាក់ដៃ​លើ​ដោយ​អ្នក​កាន់បព្វជិតភាព​​ដែល​​មាន​សិទ្ធិ​អំណាច ( សូមមើល ជនគណនា ២៧:១៨–២៣​​, កិច្ចការ ៦:៦, ១៣:២–៣, ធីម៉ូថេទី ១ ៤:១៤) ។

  • តើ​ដំណើរការ​នៃ​ការហៅ​មនុស្ស​​ឲ្យ​បម្រើ​ក្នុង​តំណែង​នានា​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​​ពី​លំនាំ​ដែល​បាន​បង្កើត​ឡើង​​នៅក្នុង​ព្រះគម្ពីរ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា សិទ្ធិអំណាច​បព្វជិតភាព​អាច​ទទួល​បាន​តែ​តាម​វិធី​នេះ​ប៉ុណ្ណោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៥:៥–៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ថា​ នរណា​​​ដែល​បាន​ប្រទាន​ព្រះអង្គសង្គ្រោះ​នូវ​​សិទ្ធិ​អំណាច​​របស់​ទ្រង់ ។ សូម​ចង្អុល​បង្ហាញ​ថាខទី ៥​ដកស្រង់​នូវ ទំនុកដំកើង ២:៧​ហើយ​ថា​ខទី ៦​ដកស្រង់​ពី​ទំនុក​ដំកើង ១១០:៤

  • តើនរណា​ប្រទាន​ដល់​ព្រះអង្គសង្គ្រោះ​នូវ​សិទ្ធិ​អំណាច​របស់​ទ្រង់ ? ( ព្រះវរបិតាសួគ៌ ) ។

  • តើព្រះយេស៊ូវ​គ្រីស្ទ​កាន់​​​បព្វជិតភាពអ្វី ?​ ( ​បព្វជិតភាព​មិលគីស្សាដែក ។ សូម​ចង្អុល​បង្ហាញ​ថា បព្វជិតភាព​នេះ​ត្រូវ​បាន​​ដាក់​ឈ្មោះ​ពីដើម​តាម​ព្រះអង្គ​សង្គ្រោះ [ សូមមើល​គ. និង ស. ១០៧:២–៤] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៥:៧–១០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​តើ​​ព្រះយេស៊ូវ​គ្រីស្ទ​ក្លាយ​ទៅ​ជា​​អ្វី ។ សូម​ពន្យល់​ថា ហេព្រើរ៥:៧–៨ សំដៅ​លើ​មិលគីស្សាដែក ជា​ព្យាការី និង ស្តេច​​ដែល​បាន​រស់នៅ​ជំនាន់​អ័ប្រាហាំ ។ ទោះជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​មិលគីស្សាដែក​គឺជា​គំរូ​មួយ​​ តាម​គំរូ​របស់​ព្រះគ្រីស្ទ នោះ​ខគម្ពីរ​ទាំងនេះ​ក៏​រៀបរាប់​​អំពី ព្រះអង្គសង្គ្រោះ​ផងដែរ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី​​Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ៣:១៥៧ ) ។

  • យោង​តាម ហេព្រើរ ៥:៩ តើ​ព្រះអង្គ​សង្គ្រោះ​ក្លាយ​ទៅជា​អ្វី ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ « មេ​បង្កើត​នៃ​សេចក្តី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ចំពោះ​អស់​អ្នក​ដែល​គោរព​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមសង្ខេប ហេព្រើរ ៥:១១–១៤ ដោយ​ពន្យល់​ថា ​ប៉ុល​បាន​បង្ហាញអំ​ពី​បំណង​ប្រាថ្នា ដើម្បី​បង្រៀន​បន្ថែម​ទៀត​អំពី​ប្រធាន​បទ​នេះ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ខ្វះនូវ​ការយល់ដឹង និង ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដើម្បី​យល់​បន្ថែម​ពីការបង្រៀន​​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ។

ហេព្រើរ ៦

ពួកបរិសុទ្ធ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​ឧស្សាហ៍​ព្យាយាម មាន​សេចក្តី​ជំនឿ ការអត់​ធ្មត់ និង សេចក្តីសង្ឃឹម​ក្នុង​ការទទួល​បាន​នូវ​ការសន្យា​របស់​ព្រះ

  • តើ​ឧទាហរណ៍​អំពី​ពរជ័យ​ទាំងឡាយ ​ដែល​ព្រះ​បាន​សន្យា​ចំពោះ​កូនចៅ​របស់ទ្រង់​មាន​អ្វីខ្លះ ? ( ចម្លើយ​ដែល​អាច​មាន​រួម​មាន សេចក្ដី​សុខសាន្ដ សុភមង្គល ការ​អភ័យទោស ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ពរជ័យ​នានា​ដែល​មាន​នៅ​ក្នុង​ពរជ័យ​នៃ​លោក​អយ្យកោ ការ​រស់ឡើង​វិញ និងជីវិត​ដ៏នៅ​អស់កល្បជានិច្ច ។ សូមចង្អុល​បង្ហាញ​ថា ពរជ័យ​មួយចំនួន​គឺ​មានលក្ខខណ្ឌ​តាម​ការ​ជ្រើសរើស​របស់​យើង ) ។

  • តើ​មាន​ឧទាហរណ៍​អំពី​ស្ថានភាព​អ្វីខ្លះ ដែល​យើង​អាច​នឹង​ងឿង​ឆ្ងល់​ថា ​តើ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ជាក់លាក់​ឬយ៉ាង​ណា ?

ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​​របស់​ពួកគេ ឬ​នៅលើ​សន្លឹក​ក្រដាស​មួយ​អំពី​ពរជ័យ​ដែលបាន​សន្យា​មួយ ដែល​ពួកគេ​ទន្ទឹង​រង់ចាំ​ទទួល ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដីពិត​នៅក្នុង​ហេព្រើរ ៦ដែល​អាច​ជួយ​ពួកគេ​ឲ្យទទួល​បាន​ពរជ័យ​នានា​ដែល​ព្រះ​បាន​​សន្យា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៦:១–៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថាតើ​ប៉ុល​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ​​​ឲ្យ​បន្ត​ធ្វើ​អ្វី​ខ្លះ​ ។ សូម​ចង្អុល​បង្ហាញ​ថា ការបកប្រែ​ ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៦:១ ( នៅក្នុងសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ) ថ្លែង​ថា « ដូច្នេះ​ដោយ​ពុំ​បែរ​ចេញ​ពី​គោលការណ៍​ទាំងឡាយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ » ( បន្ថែម​អក្សរ​ទ្រេត ) ហើយ​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ​ស្ម៊ីធ ហេព្រើរ ៦:៣( នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ) ថ្លែង​ថា « ហើយ​យើង​រាល់គ្នា​នឹង​ជឿន​ទៅមុខ​ទៅរក​ភាព​ល្អ​ឥត​ខ្ចោះ​ បើ​សិន​ជា​ព្រះ​ទ្រង់​​អនុញ្ញាត​ឲ្យ » ។

  • យោង​តាមខទី ១តើ​ប៉ុល​បាន​បង្រៀន​​ដល់​ពួកបរិសុទ្ធ​​​ឲ្យ​បន្ត​ធ្វើ​អ្វីខ្លះ​ ? ( ចូរ​ពន្យល់​ថា ភាព​ល្អ​ឥតខ្ចោះសំដៅ​ទៅលើ​ស្ថានភាព « បានអភិវឌ្ឍ​ពេញលេញ ​ពេញមូល ឬ ទាំងស្រុង ។​ … ពួក​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះ​គ្រីស្ទ អាច​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​បាន តាម​រយៈ​ព្រះ​គុណ និង​ដង្វាយ​ធួន​របស់​ទ្រង់ » [ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ល្អ​ឥតខ្ចោះ » ​scriptures.lds.org] ) ។

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ ដែល​បាន​ប្រាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ ដែល​បង្កើត​ជា​គ្រឹះ​ដើម្បី​យើង​សង់​នៅលើ នៅពេល​យើង​ធ្វើ​ការ​ឆ្ពោះ​ទៅកាន់​ភាព​ល្អ​ឥតខ្ចោះ ?

សូមសង្ខេបហេព្រើរ ៦:៤–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ពិពណ៌នា​អំពី​អ្នក​ទាំងឡាយ​ដែល​ជា​កូន​អន្ដរធាន ដែល​មាន​ចំណេះ​ដឹង​ដ៏​ឥតខ្ចោះ​អំពី​ព្រះ តែ​បែរ​ជា​ងាក​ចេញ​ពី​សេចក្ដីពិត​នេះ បះបោរ​ទាស់​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​បដិសេធ​ពុំ​ប្រែចិត្ត ( សូមមើល​គ. និង ស. ២៩:៤៤–៤៥,៧៦:៣១–៣៨) ។ ប៉ុល​បាន​ប្រាប់​ពីភាព​ផ្ទុយ​គ្នា​នៃ​បុគ្គល​ទាំង​នេះ​ ជា​មួយ​នឹង​ពួកបរិសុទ្ធ​ស្មោះត្រង់ ដែល​លោក​​បាន​ថ្លែង​នៅក្នុង​សំបុត្រ​នេះ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អានហេព្រើរ ៦:៩–១០ដោយស្ងាត់ស្ងៀម ហើយ​រក​មើល​​នូវ​អ្វី​ដែល​ប៉ុល​បាន​សរសើរ​ដល់​ពួក​បរិសុទ្ធនៅ​​ហេព្រើរ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​អញ្ជើញ​សិស្ស​ច្រើ​ន​នាក់ឲ្យ​​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ហេព្រើរ៦: ១១–១៥​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​​រកមើល​នូវ​អ្វី​ដែល​ប៉ុលប្រាថ្នា​ចង់​បាន​ពី​​ពួកបរិសុទ្ធ ។

  • តើ​ប៉ុល​ប្រាថ្នា​ចង់​បាន​អ្វី​ខ្លះ​ពី​ពួក​បរិសុទ្ធ ?

សូម​ពន្យល់​ថា ឃ្លា « បាន​សម្តែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​ជំនឿ​ដ៏​ពេញលេញ​របស់​សេចក្តី​សង្ឃឹម » (ខ​ទី ១១) សំដៅ​លើ​ការ​មាន​ចិត្ត​ឧស្សាហ៍​រហូត​ដល់​យើង​ទទួល​បាន​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។

  • តើ​​​អ័ប្រាហាំ​គឺ​ជា​គំរូ​នៃ​ការមាន​ចិត្ត​ឧស្សាហ៍ សេចក្តីជំនឿ និង ការអត់ធ្មត់​នៅក្នុង​ការព្យាយាម​ស្វែងរក​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា​យ៉ាង​ដូចម្ដេច ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​គ្រង​ពរជ័យ​ទាំងឡាយ​ដែល​ព្រះបាន​សន្យា ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​គួរ​តែប្រាប់​នូវគោលការណ៍​ដូច​ខាងក្រោម ៖​តាម​រយៈ​ការឧស្សាហ៍​រហូត​ដល់​ទីបំផុត ការមាន​​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការអត់ធ្មត់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​របស់​ព្រះ​ដែល​បាន​សន្យា ។ សូម​សរសេរ​​គោលការណ៍​​នេះ​​នៅលើ​​ក្ដារ​ខៀន ) ។

សូម​គូស​បន្ទាត់​ពីក្រោម​ពាក្យ​ឧស្សាហ៍​ព្យាយាម សេចក្ដីជំនឿ និង​​ការ​អត់ធ្មត់នៅលើ​ក្ដារខៀន ។ ចូរ​សុំសិស្ស​​ឲ្យនិយមន័យ​នៃ​ពាក្យ​ទាំ​ងនេះ​​នៅ​ក្នុង​​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សមួយចំនួនឲ្យ​រៀប​រាប់​ពី​អ្វី ដែល​​ពួកគេ​បាន​​សរសេរ ។

  • តើ​វា​អាច​មាន​ឧបសគ្គ​អ្វីខ្លះ​ ក្នុង​​ការ​បង្ហាញ​នូវ​លក្ខណៈ​ទាំងនេះ ?​

  • ហេតុអ្វី​អ្នក​គិត​ថា យើងត្រូវការ​នូវ​លក្ខណៈ​ទាំងនេះ​ដើម្បី « ជឿន​ទៅមុខ​ទៅរក​ភាព​ល្អ​ឥតខ្ចោះ​ » ? (ហេព្រើរ ៦:១) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​ពរជ័យ​ដែល​​បាន​សន្យា តាមរយៈ​ការ​មាន​ភាព​ឧស្សាហ៍​​ព្យាយាម សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការអត់ធ្មត់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៦:១៦–២០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​​តាម​​រកមើល​អ្វី​ ដែល​​ប៉ុលបាន​បង្រៀន​អំពី​សេចក្ដីសង្ឃឹម និង​ការ​សន្យា​ទាំងឡាយ​របស់​ព្រះ ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ដ៏​មិនចេះ​ប្រែប្រួល(ខទី ១៨) មានន័យ​ថា​មិន​ផ្លាស់ប្ដូរ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​មកពី​ការ​បង្រៀន​របស់​ប៉ុល​អំពី​សេចក្ដីសង្ឃឹម ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​​ថា ពួកគេ​ប្រាប់​ពី​សេចក្ដីពិត​ដូចខាង​ក្រោម ៖​សេចក្តីសង្ឃឹម​របស់​យើង​នៅក្នុង​ការសន្យា​របស់​ព្រះ​ គឺ​ជាយុថ្កា​ខាង​វិញ្ញាណ​សម្រាប់​​ព្រលឹង​យើង ។ សូម​សរសេរសេចក្ដីពិត​​នេះ​នៅលើ​ក្ដារ​ខៀន ) ។

ចូរ​ពន្យល់​ថា ដូច​បាន​ប្រើ​នៅក្នុង​បទគម្ពីរ ​សេចក្ដី​សង្ឃឹម​មានន័យ​ថា​ជា « ការរំពឹង​ទុក​ដ៏​មាន​ទំនុកចិត្ត និង​ការទន្ទឹង​រង់ចាំ​ដល់​ពរជ័យ​ដែល​បាន​សន្យា​នៃ​សេចក្ដី​សុចរិត » ( សេចក្ដី​ណែនាំ​ដល់​ព្រះគម្ពីរ « សេចក្ដី​សង្ឃឹម » scriptures.lds.org ) ។

  • ផ្អែក​ទៅលើ​ការ​បង្រៀន​របស់​ប៉ុល​អំពី​ព្រះ​នៅក្នុងខទី ១៧–១៨ហេតុអ្វី​ក៏​យើង​អាច​មាន​ទំនុកចិត្ត​លើ​ការ​សន្យា​​ទាំង​ឡាយ​​របស់ព្រះ ?

  • តើ​សេចក្ដីសង្ឃឹម​របស់​យើង​ទៅលើ​ការ​សន្យា​របស់ព្រះ​អាច​​ជួយ​យើងឲ្យ​មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​អត់ធ្មត់​ និងមាន​​សេចក្ដី​ជំនឿ​ ជាពិសេស​នៅពេល​យើង​ជួប​នឹង​ការលំបាក​យ៉ាង​ដូចម្ដេច ?

រូបភាព
drawing, anchor

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូ​រ​រូបយុថ្កា ​​មួយ​នៅ​លើ​ក្ដារខៀន ។

  • តើ​យុថ្កា​ធ្វើ​អ្វីសម្រាប់​នាវា​មួយ ?

  • តើ​​​សេចក្តីសង្ឃឹម​របស់​អ្នក នៅក្នុង​ការសន្យា​របស់​​ព្រះ​បាន​ក្លាយ​ជា​យុថ្កា​ខាង​វិញ្ញាណ​សម្រាប់​អ្នក​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​ ដើម្បី​អភិវឌ្ឍ​ភាព​ឧស្សាហ៍ព្យាយាម​ សេចក្ដី​ជំនឿ ការ​អត់ធ្មត់ និង​សេចក្ដីសង្ឃឹម​កាន់តែ​ពេញលេញ ។ អ្នកអាច​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចាប់​ផ្ដើម​សរសេរ​ផែនការ​មួយ ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​ទាំង​នេះ​មួយ រួច​ហើយ​ផ្ដោត​​ទៅលើ​ការ​អភិវឌ្ឍ​លក្ខណៈ​​មួយទៀត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួក​គេ​បាន​សរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ហេព្រើរ ៥:៤។ ការ​ទទួល​បព្វជិតភាព

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖

« យើង​ជឿ​ថា គ្មានមនុស្ស​ណា​អាច​បម្រើ​សេចក្ដីសង្គ្រោះ​តាមរយៈដំណឹងល្អ ទៅដល់​ព្រលឹង​​មនុស្ស​ក្នុងព្រះនាម​នៃព្រះយេស៊ូវ​គ្រីស្ទ​បាន​ទេ លើក​លែង​តែ​ត្រូវ​បាន​អនុញ្ញាត​មក​ពី​ព្រះ​ដោយ​វិវរណៈ ឬ​ដោយ​ការ​តែងតាំង​ពី​នរណា​​ម្នាក់​ ដែល​ព្រះ​បាន​បញ្ជូន​មក​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ។ … ហេព្រើរ ៥:៤ [ ថ្លែងថា ] ‹ គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន › — ហើយ​ខ្ញុំ​នឹង​សួរ​ថា តើ​អើរ៉ុន​ត្រូវ​បាន​ហៅ​ដោយ​របៀប​ណា បើ​ពុំ​ដោយ​វិវរណៈ ? » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១១០; សូមមើល​ផងដែរ គ. និង ស. ៤២:១១​) ។

ហេព្រើរ ៥:៧–៨ ។ ព្រះយេស៊ូវ​គ្រីស្ទ និង​មិលគីស្សាដែក

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូច​នេះ ៖

« [ហេព្រើរ ជំពូក ៥] ខទី ៧ និង ៨ អនុវត្ត​​ទាំង​ចំពោះ​​មិលគីស្សា​ដែក និង​​ចំពោះ​ព្រះគ្រីស្ទ ដោយសារ​មិលគីស្សាដែក​គឺ​ជា​គំរូ​អំពី​ព្រះគ្រីស្ទ ហើយ​ថា​កិច្ចការ​បម្រើ​របស់​ព្យាការី​ជា​គំរូ និង ជា​ស្រមោល​​ថា​ព្រះអម្ចាស់​របស់​យើង​ដូចគ្នា​នឹង​ការបម្រើ​របស់​ម៉ូសេ ។ (ចោទិ. ១៨:១៥–១៩; កិច្ចការ ៣:២២–២៣; [នីហ្វៃទី៣ ២០:២៣; យ៉ូសែប ស្ម៊ីធ​—​ប្រវត្តិ ១:៤០] ) ។ ហេតុដូច្នោះ តាម​ពាក្យ​នៃ​ខគម្ពីរ​ទាំងនេះ និង​ជាពិសេស​នៅក្នុងខទី ៧វា​មាន​នូវ​ការ​អនុវត្ត​ចំពោះ​មិលគីស្សាដែក​​តាំងពី​ដើម ដែល​វា​អនុវត្ត​ស្មើគ្នា និង​ប្រហែលជា​មាន​កម្លាំង​កាន់​តែខ្លាំង​ក្លា​ជាង​ចំពោះ​ជីវិត និង​ការ​បម្រើ​របស់​លោក តាមរយៈ​អស់អ្នក​ដែល​បាន​បំពេញ​​​ការសន្យា​ទាំង​អស់​​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​មិលគីស្សាដែក » (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣] ៣:១៥៧ ) ។

ហេព្រើរ ៦:៤–៨ ។ « ​គេ​បាន​ឆ្កាង​ព្រះរាជបុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូច​នេះ ៖

« អំណាច​នៃអំពើ​បាប​ដែល​អត់ទោស​ឲ្យ​ពុំ​បាន​នោះ មាន​នៅក្នុង​ការ​ឆ្កាង​ព្រះរាជ​បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួនគេ​រួច​ទៅ​ហើយ​ ព្រមទាំង​ធ្វើឲ្យ​ទ្រង់​​ហាល​មុខ​នៅ​កណ្ដាល​ជំនុំ​ផង ។ (ហេព្រើរ ៦:៤–៨; គ. និង ស. ៧៦:៣៤–៣៥) ។ ដើម្បី​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ដែល​មិនអាច​អភ័យ​ទោស​ឲ្យ​បាន​នេះ នោះ​មនុស្ស​ម្នាក់​ត្រូវ​តែ​ទទួល​ដំណឹងល្អ ដែល​ទទួល​បាន​​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​វិវរណៈ​ នូវ​ចំណេះដឹង​ទាំងស្រុង​អំពី​ភាព​ជាព្រះ​របស់​ព្រះគ្រីស្ទ បន្ទាប់​មក​បដិសេធ ‹ សេចក្ដីសញ្ញា​ថ្មី និង​អស់កល្ប​ជានិច្ច​ដែល​គាត់​ត្រូវ​បាន​ញែកចេញ​ឲ្យបរិសុទ្ធ ដោយ​ហៅ​ជា​រឿង​មិន​បរិសុទ្ធ ហើយ​ធ្វើ​​ផ្ទុយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះគុណ › ។ [ យ៉ូសែប ស៊្មីធ នៅក្នុង History of the Church ៣:២៣២ ] ។ ដោយ​ហេតុនោះ គេ​បានប្រព្រឹត្ត​អំពើ​ឃាតកម្ម​​ដោយ​ការ​យល់​ព្រម​ចំពោះ​សេចក្ដីសុគតរបស់​ព្រះ​អម្ចាស់ ទាំង​មាន​នូវ​ចំណេះ​ដឹង​ដ៏​ឥតខ្ចោះ​អំពី​សេចក្ដីពិត ដែល​គេ​បាន​បះបោរ​ដោយ​បើក​​ចំហរ ហើយ​បាន​ដាក់​ខ្លួន​គេ​នៅក្នុង​កន្លែង​មួយ​ ដែល​គេ​នឹង​បាន​ឆ្កាង​ព្រះគ្រីស្ទ ដោយ​ចំណេះដឹង​យ៉ាង​ឥតខ្ចោះ ខណៈ​ដែល​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះគ្រីស្ទ គឺ​ពិត​ជា​ត្រូវ​បាន​ឆ្កាងដោយថ្មីថ្មោង ហើយ​​ត្រូវ​បាន​ហាល​មុខ​នៅ​កណ្ដាល​ជំនុំ​ផង ។ ( គ. និង ស. ១៣២:២៧ ) » ។ (  កំណែ​លើក​ទី​ ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨១៦–១៧ ) ។