បណ្ណាល័យ
មេរៀន​ទី ១៥៦ ៖ វិវរណៈ ១២-១៣


មេរៀនទី ១៥៦

វិវរណៈ ១២-១៣

សេចក្ដីផ្ដើម

យ៉ូហាន​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​នាគ​មួយ​កំពុង​គម្រាម​កំហែង​ដល់​ស្ត្រី​ម្នាក់ និង​កូន​របស់​នាង ដែល​តំណាង​ឲ្យ​បំណង​របស់​សាតាំង​ដើម្បី​បំផ្លាញ​សាសនាចក្រ​របស់​ព្រះអម្ចាស់ និង​សមាជិក​ដ៏​ស្មោះ​ត្រង់ ។ យ៉ូហាន​បាន​សរសេរ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ និង​អំពី​នគរ​ទាំងឡាយ​របស់​លោកិយ​ដែល​ប្រយុទ្ធ​ទាស់​នឹង​ពួក​អ្នក​ដើរតាម​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ១២

យ៉ូហាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សាតាំង និង​បរិវារ​របស់​វា​តែង​ប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់ និង សាសនា​ចក្រ​របស់​​ទ្រង់​ជានិច្ច ។

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ចម្លង​សកម្មភាព​ផ្គូរ​ផ្គង​ខាង​ក្រោម​នេះ​ដាក់​នៅ​លើ ក្ដារខៀន ៖ ក្រោយ​ពី​ថ្នាក់​ចាប់ផ្ដើម សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​គូស​បន្ទាត់​ភ្ជាប់​ការ​គម្រាម​កំហែង​នីមួយៗ​នៅ​ជួរ​ឈរ​ខាង​ឆ្វេង​ ទៅ​នឹង​របៀប​ដើម្បី​តស៊ូ​នឹង​វា​​ដែល​មាន​នៅ​ជួរ​ឈរ​ខាង​ស្ដាំ ។

ការ​គម្រាម

​របៀប​ដើម្បី​តស៊ូ​នឹង​ការ​គម្រាម

រលាក​នឹង​កម្ដៅ​ថ្ងៃ

សេចក្ដី​ពិត​នៅ​ក្នុង វិវរណៈ ១២

ពួក​ទ័ព​សត្រូវ

ថ្នាំ​ពេទ្យ ឬ​ការ​សម្រាក

ជំងឺ

ឡេ​ការ​ពារ​ ឬសម្លៀកបំពាក់​ការពារ​កម្ដៅ​ថ្ងៃ

អំពើ​បាប និង​កំហុស

ការ​ប្រែ​ចិត្ត និង​ការ​ទុក​ចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ឥទ្ធិពល​របស់​សាតាំង

គ្រឿង​សព្វាវុធ​សង្គ្រាម

  • តើ​​ក្នុង​ចំណោម​ការ​គម្រាម​កំហែងទាំង​នេះ ការ​គម្រាម​ណា​មួយ ដែលអ្នក​​បាន​តតាំង​ជាមួយ​នៅ​ពេល​ថ្មីៗ​នេះ ? តើ​អ្នក​គិត​ថា ការ​គម្រាម​មួយ​ណា​គ្រោះ​ថ្នាក់​បំផុត ? ហេតុអ្វី ?

នៅ​ពេល​សិស្ស​សិក្សា​វិវរណៈ ១២​​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​តតាំង​នឹង​ឥទ្ធិពល​របស់​សាតាំង ។ សូម​ពន្យល់​ថា វិវរណៈ ១២–១៤ កត់ត្រា​នូវ​ចន្លោះ​ពេល ឬ​ការ​ផ្អាក​នៅ​ក្នុង​ការ​និមិត្ត​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​នៃ​ត្រា​ទី​ប្រាំពីរ ។ ព្រះអម្ចាស់​ប្រហែល​ជា​ជួយ​យ៉ូហាន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ » និង « នគរ​របស់​ព្រះអម្ចាស់ »​នៅ​ក្នុង វិវរណៈ ១១:១៥ ។

រូបភាព
woman with dragon

សូម​បង្ហាញ​សិស្ស រូបភាព របស់​ស្ត្រី​ម្នាក់​ដែល​មាន​នាគ​នៅ​ពី​ក្រោយ​ខ្នង​នាង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​ និមិត្ត​រូប​ទាំង​នេះ​តំណាង​ឲ្យ​អ្វី​ខ្លះ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១២:១-២, ៥ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង​ដល់​ស្ត្រី​នោះ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ​ដាក់ ខទី ៥ ដោយ​ផ្ទាល់​បន្ទាប់​ពី ខ​ទី ២ ។

  • តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ ស្ត្រី​នោះ ? ( នាង​សំរាល​បាន​កូន​ប្រុស​ « ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ » [ ខ​ទី ៥ ] ) ។

  • តើ​អ្នក​គិត​ថា​វា​ន័យ​ដូចម្ដេច ​កាល​ដែល​ទ្រង់ « ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍​ដោយ​ដំបង​ដែក » ? ( ខទី ៥ ) ។ ( កូន​នោះ​នឹង​ប្រើ​ដំបង​ដែក ដែល​អាច​តំណាង​ឲ្យ​ដំណឹងល្អ បព្វជិតភាព និង​ព្រះបន្ទូល ព្រមទាំង​ព្រះចេស្ដា​នៃ​ព្រះ ដើម្បី​គ្រប់​គ្រង​ប្រជាជាតិ​​នៅ​ក្នុង​ពិភពលោក​នេះ​ដោយ​សុចរិត [ សូមមើល Bruce R. McConkie Doctrinal New Testament Commentary វ៉ុលទី ៣ ( ឆ្នាំ​១៩៦៥–៧៣ ) ៣:៥១៧ ] ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១២:៣-៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​និមិត្ត​រូប​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។

  • តើ​អ្នក​គិត​ថា និមិត្តរូប​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខ​ទី ១–៥​អាច​តំណាង​ឲ្យ​អ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ការបកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧-៨​ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ​ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រក​មើល​ថា នាគ ស្ត្រី និង​កូន​នោះ​តំណាង​ឲ្យ​អ្វី ។

  • យោង​តាម ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧–៨ តើ​នាគ ស្ត្រី និង​កូន​នៅ​ក្នុង​ការ​និមិត្ត​របស់​យ៉ូហាន​តំណាង​ឲ្យ​អ្វី ? ( នាគ​តំណាង​ឲ្យ​សាតាំង [ សូម​មើល ខ​ទី ៨ ] ស្ត្រី​តំណាង​ឲ្យ « សាសនា​ចក្រ​នៃ​ព្រះ » ហើយ​កូន​តំណាង​ឲ្យ « នគរ​នៃ​ព្រះ និង​ព្រះគ្រីស្ទ​របស់​យើង » [ ខ​ទី ៧ ]​ដែល​ជា​នគរ​មួយ​ ដែល​ព្រះអម្ចាស់​នឹង​ស្ថាបនា​ឡើង​នៅ​សហសវត្សរ៍ ដែល​ទ្រង់​នឹង​ដឹកនាំ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ។ [ សូម​មើល New Testament Student Manual Church Educational System manual ឆ្នាំ ​២០១៤ ) ទំព័រ ៥៥០–៥២ សម្រាប់​ការ​ពន្យល់​បន្ថែម​ពី​និមិត្តរូប​នៅ​ក្នុង​វគ្គ​ទាំងនេះ ] ) ។

  • យោង​តាម វិវរណៈ ១២:៤តើ​នាគ​នោះ​មាន​បំណង​ចង់​ធ្វើ​អ្វី ? ហេតុអ្វី​អ្នក​គិត​ថា សាតាំង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បំផ្លាញ​នគរ​ព្រះ និង​ព្រះគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ១២:៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ស្ត្រី​នោះ​បាន​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​នាគ​ដ៏​គម្រាម​កំហែងនោះ ។

  • តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ ស្ត្រី​នោះ ? តើ​ការណ៍​នេះ​អាច​តំណាង​ឲ្យអ្វី ? ( ស្ត្រី​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទីរហោស្ថាន​តំណាង​ឲ្យ​សាសនាចក្រ​ ដែល​ចូល​ទៅ​ក្នុង​ការ​ក្បត់​សាសនា​ដ៏​ធំ និង​បព្វជិតភាព​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី​នេះ ​បន្ទាប់​ពី​ការ​ស្លាប់​របស់​ពួក​សាវក​ទាំងឡាយ [ សូម​មើល​ផង​ដែរ គ. និង ស. ៨៦:៣ ] ) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​យ៉ូហាន​បាន​ឃើញ​នាគ​​នោះ​គម្រាមកំហែង​ដល់​ស្ត្រី និង​កូន​នាង លោក​បាន​ឃើញ​សង្គ្រាម​នៅ​ស្ថានសួគ៌​រវាង​សាតាំង និង​ពួក​បរិសុទ្ធ​នៃ​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុងការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៦-១១​( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រក​មើល​រឿង ​ដែល​បាន​កើត​ឡើង​ដល់​សាតាំង ​នៅ​ក្នុង​សង្គ្រាម​​នៅ​ស្ថានសួគ៌ ហើយ​ពាក់​កណ្ដាល​ទៀត​រក​មើល​ថា​ពួក​បរិសុទ្ធ​នៃ​ព្រះ​បាន​​យក​ឈ្នះ​លើ​សាតាំង​ និង​ពួក​បរិវារ​របស់​វា​បាន​យ៉ាង​ដូចម្ដេច ។

  • តើ​មាន​រឿង​អ្វី​​បាន​កើត​ឡើង​ដល់​សាតាំង និង​ពួក​បរិវារ​របស់​វា ? ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា វិវរណៈ ១២:៤ ចែង​ថា កន្ទុយ​នាគ​នោះ « ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​ក្នុង​បី​គ្រវាត់​ចោល​ទៅ​ផែនដី » ។ នេះ​គឺជា​និមិត្ត​រូប​នៃ​ចំនួន​ដ៏​ច្រើន​នៃ​កូន​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​ ដែល​ជ្រើស​ដើរ​តាម​សាតាំង ។ អ្នក​ក៏​គួរ​ពន្យល់​ផង​ដែរ​ថា « មីកែល និង​ពួក​ទេវតា​របស់​លោក » [ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៦ ] គឺ​លោក​អ័ដាម និង​កូនចៅ​វិញ្ញាណ​សុចរិត​ផ្សេង​ទៀត​របស់​ព្រះ ) ។

  • យោង​តាម ខ​ទី ១១ តើ​ពួកពល​បរិវារ​ស្ថានសួគ៌​ដ៏​សុចរិត​បាន​យក​ឈ្នះ​សាតាំង​យ៉ាង​ដូចម្ដេច ? ( « ដោយសារ​ឈាម​នៃ​កូន​ចៀម » ឬ តាម​រយៈ​​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ដោយ​បន្ត​ស្មោះ​ត្រង់ចំពោះ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ ។ សូម​សរសេរ​ចម្លើយ​ទាំង​នេះ​នៅលើ​ក្ដារខៀន ) ។

  • យោង​តាម ខ​ទី ៨ តើ​សាតាំង និង​ពួក​បរិវាររបស់​​វា​ត្រូវ​បាន​បញ្ជូន​ទៅទី​ណា​បន្ទាប់​ពី​ការ​បះបោរ​របស់​ពួកគេ​មក ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ វិវរណៈ ១២:១២, ១៧ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រកមើលថា ​សាតាំង​ធ្វើសង្គ្រាមទាស់​នឹង​នរណា​បន្ទាប់​ពី​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ ។

  • តើសា​តាំង​បាន​ធ្វើសង្គ្រាម​ទាស់​នឹង​នរណា​ បន្ទាប់​ពី​វា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ ?

  • ដោយ​ផ្អែក​លើ​អ្វី ​ដែល​យើង​បាន​រៀននៅ​ក្នុង ខ​ទី ១១ តើ​យើង​អាច ធ្វើ​អ្វីខ្លះ ​ដើម្បី​យក​ឈ្នះ​លើ​ឥទ្ធិពល និង​ការ​វាយ​ប្រហារ​របស់​សាតាំង​នៅ​ជំនាន់​របស់​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ ៖ យើង​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​តាម​រយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយ​បន្ត​ស្មោះ​ត្រង់ចំពោះ​ទីបន្ទាល់​រ​បស់​យើង​អំពី​ដំណឹងល្អ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជេម ជេ ហាមូឡា នៃ​ពួក​ចិតសិប​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា សាតាំង​កំពុង​វាយ​ប្រហារ​មក​លើ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ។

រូបភាព
អែលឌើរ ជេម ជេ ហាម៉ូឡា

« បុត្រា​បុត្រីដ៏​ក្លាហាន ហើយស្វាហាប់​​មួយ​ចំនួន​របស់​ព្រះ​វរបិតា​ ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ធ្វើ​ការ​សម្រាប់​ព្រះវរបិតា​របស់​យើង និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ។ ភាព​ក្លាហាន និង​ភាពស្វាហាប់​របស់​ពួកគេ​បាន​បង្ហាញ​នៅ​ក្នុង​ចម្បាំង​ជាមួយ​នឹង​សាតាំង កាល​ពី​ជីវិត​មុន​ផែនដី​នេះ ។ …

« ដោយ​មាន​នគរ​ព្រះ​បាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ និង​ការចាប់កំណើតរបស់​បងប្អូន​មក​លើ​ផែនដី​នេះ សាតាំង​ដឹង​ថា ‹ ពេល​វេលា​វា​ខ្លី​ណាស់​ហើយ › [ វិវរណៈ ១២:១២ ] ។ ដូច្នេះហើយ សាតាំង​កំពុង​ត្រៀម​រាល់​ធនធាន ​ដែល​វា​មាន​ដើម្បី​អូស​ទាញ​បងប្អូន​​ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​រំលង ។ វា​ដឹង​ថា ប្រសិន​បើ​វា​អាច​នាំ​បងប្អូន​ចូល​ទៅ​ក្នុង​អំពើ​រំលង​បាន វា​អាច​រារាំង​បងប្អូន​ពី​ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ការ​រៀប​ការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​ការពារ​កូនចៅ​របស់​បងប្អូន​នា​ពេល​អនាគត​នៅ​ក្នុង​សេចក្ដី​ជំនឿ ហើយ​អ្វីៗ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​បងប្អូន និង​សាសនាចក្រ​ចុះ​អន់​ថយ ។ វា​ដឹង​ថា គ្មាន​អ្វី​អាច​ផ្ដួល​រំលំ​នគរ​ព្រះ​បាន​ឡើយ ‹ លើក​លែងតែ​អំពើ​រំលង​នៃ​រាស្ត្រ ​[ របស់​ទ្រង់ ] ​ប៉ុណ្ណោះ › [ ម៉ូសាយ ២៧:១៣ ] ។ និយាយ​មិន​ខុស​មែន—ឥឡូវ​នេះ​ការ​ផ្ដោត​នៃ​សង្គ្រាម​របស់​វា​គឺ​ទៅ​លើ​បងប្អូន » ( « Winning the War against Evil »​ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០០៨ ទំព័រ ៥០, ៥១ ) ។

  • តើ​សាតាំង និង​ពួក​បរិវារ​វា​ខិតខំ​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប ​ដែល​សាតាំង​កំពុង​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួកគេ​ដោយ​ផ្ទាល់ ។

  • តើមាន​រឿង​ណា​ខ្លះ​​ដែល​យើង​អាច​ធ្វើ​ ដើម្បីបង្កើន​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់​ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​អាន​ប្រយោគ​ពីរ​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​​របស់ពួកគេ ៖

  1. សូម​សរសេរ​អំពី​បទពិសោធន៍​មួយ ​កាលដែល​ទីបន្ទាល់​របស់​អ្នក និង​សេចក្ដី​ជំនឿ​របស់​អ្នក​​លើ​ដង្វាយ​ធួន​របស់​ព្រះ​អង្គ​សង្គ្រោះ​ បាន​ជួយ​អ្នក​ឲ្យ​តស៊ូ​នឹង​ឥទ្ធិពល​របស់​សាតាំង ។

  2. សូម​កត់​ត្រា​ទីបន្ទាល់​របស់​អ្នក​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពន្យល់​ថា ដង្វាយ​ធួន​អាច​ជួយ​យើង​​នៅ​ក្នុង​សង្គ្រាម​របស់​យើងប្រឆាំង​សាតាំង​ និង​បរិវារ​របស់​វា​បាន​យ៉ាង​ដូចម្ដេច ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ជ្រើស​​យក​គំនិត​មួយ​ ឬ​ច្រើន​ដែល​មាន​សរសេរ​នៅ​លើ​ក្ដារខៀន ហើយ​អនុវត្ត​វា​នៅ​ក្នុង​ចម្បាំង​របស់​ពួកគេ​ទាស់​នឹង​សាតាំង និង​បរិវារ​វា ។

វិវរណៈ ១៣

យ៉ូហាន​សរសេរ​អំពី​នគរ​ទាំងឡាយនៅ​លើ​ផែនដី​ថានឹង​ទទួល​អំណាច​មក​ពី​សាតាំង

សូម​សង្ខេប វិវរណៈ ១៣ ដោយ​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​សង្ខេប​សម្រាប់​ជំពូក​នោះ​ឮៗ ។ ( ប្រសិន​បើ​អ្នក​ចង់​ធ្វើ អ្នក​អាច​ពន្យល់​ថា យ៉ូហាន​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​សត្វ​សាហាវ ​ដែល​តំណាង​ឲ្យ​នគរ​ទុច្ចរិត​នៅ​លើ​ផែនដី​​ដែល​សាតាំង​គ្រប់​គ្រង ។ យ៉ូហាន​ក៏​បាន​ឃើញ​ថា តាមរយៈ​នគរ​ទាំងនេះ សាតាំង​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ និង​អព្ភូតហេតុ​ក្លែង​ក្លាយ​ដើម្បី​បោក​បញ្ឆោត​កូនចៅ​មនុស្ស​ទាំងអស់​លើ​ផែនដី ។

រូបភាព
scripture mastery icon
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

អំឡុង​សប្ដាហ៍ចុង​ក្រោយ​នៃ​ថ្នាក់សិក្ខាសាលា ចូរ​ពិចារណា​ធ្វើការ​ផ្ដល់​ការ​ប្រឡង​ចំណេះ​ចំណាន​​ខគម្ពីរ​ចុង​ក្រោយ​ដល់សិស្ស ។ អ្នកអាច​លើកទឹកចិត្ត​សិស្ស​ឲ្យសិក្សា​នៅផ្ទះ ឬ​ សិក្សា​ភ្លាមៗ​​ពីមុន​ការ​ប្រឡង​ ។ ខាង​ក្រោមនេះ គឺ​ជា​ការ​ប្រឡង​ពីរបី​ប្រភេទ​ដែលអ្នកអាច​ប្រើ ( ​អ្នកអាច​សម្រប​គំនិត​ទាំងនេះ​ដើម្បី​បំពេញតាម​​សេចក្ដី​ត្រូវការ​របស់​សិស្ស ) ៖

ការ​ប្រឡង​អំពី​សេចក្ដីយោង ៖ផ្ដល់​តម្រុយ​ដល់​សិស្ស​ចេញមកពី​វគ្គបទគម្ពីរ​​ចំណេះ​ចំណាន​​បទគម្ពីរ ។ តម្រុយ​ទាំងនេះ​អាច​ជា​ពាក្យ គោលលទ្ធិ ឬ​គោលការណ៍​គន្លឹះ ឬ​សេចក្ដីសង្ខេប​នៃ​អត្ថន័យ​របស់វគ្គ​បទគម្ពីរ ។ សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​សេចក្ដីយោង​ទៅវគ្គ​បទគម្ពីរ​នៅលើ​ក្រដាស​មួយសន្លឹក បន្ទាប់​ពី​អ្នក​ផ្ដល់​នូវ​តម្រុយ​នីមួយៗ​ហើយ ។

ការ​ប្រឡង​គោល​លទ្ធិ ៖ សរសេរ​គោលលទ្ធិ​គ្រឹះ​នៅលើ​ក្ដារខៀន ។ ចូរសុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីយោង​ចំណេះ​ចំណាន​​ខគម្ពីរ​ឆ្លើយឆ្លង​គ្នា​នៅក្រោម​គោលលទ្ធិ​​នីមួយៗ ។ ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ ដោយ​រំឭក​ពី​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ចេញ​ពី​ការ​ចងចាំ ឬ​ដោយ​ប្រើ​បញ្ជី​មួយ​នៃ​ចំណេះ​ចំណាន​ខគម្ពីរ ។

ការ​ប្រឡង​ទន្ទេញចាំ ៖​ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ពាក្យ​ ដែលបាន​ទន្ទេញចាំ និង​គោលការណ៍​ទាំងឡាយ​ចេញមកពី​វគ្គ​​ចំណេះចំណាន​ខគម្ពីរ ដើម្បីពន្យល់​អំពី គោលលទ្ធិ​គ្រឹះ​​មួយចំនួន ។ សូម​អញ្ជើញពួកគេ​ឲ្យ​សរសេរ​នូវការ​ពន្យល់​របស់ពួកគេ ហើយ​អាន​វា​ឲ្យ​ឮៗ​ដល់សិស្ស​ក្នុង​ថ្នាក់ ។

សូមចាំ​ថា អ្នក​ត្រូវ​សរសើរ​ដល់​សិស្ស​ក្នុង​ថ្នាក់​របស់អ្នក​ចំពោះ​កិច្ចខិតខំ​របស់ពួកគេ​ ក្នុង​ការ​ទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​គន្លឹះ​ និង​​គោលលទ្ធិ​គ្រឹះ​ទាំងនេះ ។ ចូរ​ថ្លែងទីបន្ទាល់អំពី​ព្រះចេស្ដា​ខាង​វិញ្ញាណ និង​ទីបន្ទាល់​ដែល​យើងអាច​ទទួល​បាន នៅ​ពេល​យើង​ទន្ទេញចាំវគ្គ​​ចំណេះចំណាន​ខគម្ពីរ និងគោលលទ្ធិ​នានា ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ១៣ ។ សត្វ​សាហាវ

ក្រៅ​ពី​ចំណេះដឹង​ថា សត្វ​សាហាវ​ទាំងនោះ​តំណាង​ឲ្យ​នគរ​ខាង​លោកិយ យើង​គ្មាន​ការ​បកស្រាយ​ណាមួយ​មក​ពី​ព្រះអម្ចាស់​ទាក់ទង​នឹង​វា​ឡើយ ។ កាល​កំពុង​និយាយ​ពី​អាថ៌កំបាំង​នៃ​គម្ពីរ​វិវរណៈ ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ដូចតទៅ ៖

« នៅពេល​ណា​ក៏​ដោយ​ដែល​ព្រះ​បាន​ប្រទាន​ការនិមិត្ត​អំពី​រូបភាព ឬ សត្វ ឬ រូប​អ្វី​ក៏​ដោយ នោះទ្រង់​មាន​ទំនួល​ខុសត្រូវដោយអង្គទ្រង់​ផ្ទាល់​ដើម្បី​ប្រទាន​វិវរណៈ ឬ ការបក​ស្រាយ​អំពី​អត្ថន័យ​នៃ​រូប​ទាំងនោះ បើមិន​ដូច្នោះ​​ទេ​ យើង​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ជំនឿ​របស់​យើង​លើ​ការនិមិត្ត​នោះ​ឡើយ ។ …

« … ចូរ​កុំ​ខ្វល់ខ្វាយ​ពី​ការនិមិត្ត​នៃ​សត្វ និង ប្រធានបទ​ដែល​អ្នក​ពុំ​យល់​នោះ​ឡើយ » ( នៅ​ក្នុង History of the Church, ៥:៣៤៣, ៣៤៤ ) ។

វិវរណៈ ១៣:៨ ។ « កូន​ចៀម​ដែល​ត្រូវ​គេ​​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក »

ឃ្លា​ថា « កូន​ចៀម​ដែល​ត្រូវ​គេ​​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក » ( វិវរណៈ ១៣:៨ ) សំ​ដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ « តាំង​ពី​កំណើត​លោកីយ៍​មក » សំដៅ​ទៅ​លើ​ជីវិត​មុន​ផែនដី ពីមុន​ពិភពលោក​នេះ​ត្រូវ​បាន​បង្កើត​មក​ម្ល៉េះ ។ ដូច្នេះហើយ យើង​អាច​យល់​ចេញ​ពី​ខគម្ពីរ​នេះ​បា​ន​ថា ឥទ្ធិពល​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ពីមុន​ព្រះយេស៊ូវ​បាន​ប្រសូតមក​​ទៅ​ទៀត ។ ឧទាហរណ៍ មនុស្ស​ដែល​បាន​រស់នៅ​ពីមុន​ជំនាន់​​ព្រះគ្រីស្ទ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ប្រែ​ចិត្ត ហើយ​ទទួល​បាន​ការ​អភ័យ​​ទោស​ពី​អំពើបាប​ តាមរយៈ​អំណាច​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ទោះ​ជា​ព្រះ​អង្គ​សង្គ្រោះពុំ​ទាន់​បាន​ប្រសូត​ក្ដី ( សូម​មើល គ. និង ស. ២០:២៥–២៦ ) ​។