បណ្ណាល័យ
មេរៀនទី ២២ ៖ ម៉ាថាយ ១៩-២០


មេរៀនទី ២២

ម៉ាថាយ ១៩-២០

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​អំពី​ភាព​បរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍ ។ ទ្រង់​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ជ្រើស​យក​ជីវិត​អស់​កល្ប​ជានិច្ច​​ជា​ជាង​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ហើយ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ ។ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​ពីអំ​ការ​សុគត​របស់​ទ្រង់ ហើយ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ឲ្យ​បម្រើ​មនុស្ស​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៩:១-១២

ព្រះអង្គសង្គ្រោះ​បង្រៀន​អំពី​ភាព​បរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍

រូបភាព
គូស្វាមី​ភរិយា​ថ្មោង​ថ្មី

សូម​ដាក់​បង្ហាញ រូបភាព គូ​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​ហើយ​មាន​សុភមង្គល ហើយ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ​របស់​ព្រះអម្ចាស់​ពាក់ព័ន្ធ​នឹង​អាពាហ៍​ពិពាហ៍ និង​ការ​លែង​លះ​គ្នា​គឺ​ខុស​ពី​ជំនឿ​ជាច្រើន​របស់​លោកិយ ។

  • តើ​ជំនឿ​មួយ​ចំនួន​របស់​លោកិយ​អំពី​អាពាហ៍ពិពាហ៍ ឬ​ការ​លែង​លះ​គ្នា​មាន​អ្វី​ខ្លះ ? (បម្រាម ៖ សូម​ចៀស​វាង​ចំណាយ​ពេលច្រើន​ពេក​ទៅ​លើ​ប្រធានបទ​ពុំសូវមានប្រយោជន៍​នានា ដូចជា​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា ដែល​អាច​ឲ្យ​ទាញយក​ពេលវេលាចេញ​ឆ្ងាយ​ពី​គោលការណ៍​ដ៏​សំខាន់​ផ្សេង​ទៀត​នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ ) ។

នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ១៩:១–១២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ការ​បង្រៀន​របស់​ព្រះអម្ចាស់​អំពី អាពាហ៍ពិពាហ៍​ និង​ការ​លែង​លះ​គ្នា ហើយ​ពិចារណា​ពី​សារៈសំខាន់​នៃ​ការ​បង្រៀន​ទាំង​នេះ​ចំពោះ​ពួកគេ ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:១-៣ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​ដែល​ពួក​ផារិស៊ី​បាន​ទូល​សួរ​ទៅ​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​អ្វី ​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ឃ្លា « នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ » ( ​ម៉ាថាយ ១៩:៣ ) សំដៅ​លើ​បុរស​ម្នាក់​ដែល​នឹង​លែង​លះ​ប្រពន្ធ​ខ្លួន​ឲ្យ​ខាន​តែ​បាន សូម្បី​តែ​វា​ជា​រឿង​តូច​តាច ឬ​ជា​ភាព​អត្មានិយម​ក៏ដោយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:៤-៦ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពី​អាពាហ៍​ពិពាហ៍ និង​ការ​លែង​លះ​គ្នា ។

  • តើ​សេចក្ដី​ពិត​ទាំងឡាយណាខ្លះ​ អំពី​អាពាហ៍​ពិពាហ៍​ដែល​យើង​រៀន​ពី​ព្រះបន្ទូល​តប​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​ផារិស៊ី ? ( សិស្ស​អាច​នឹង​រក​ឃើញ​សេចក្ដី​ពិត​ពីរ​បី ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​គូស​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺជា​ទំនាក់​ទំនង​ដ៏​ពិសិដ្ឋ​មួយ​ដែល​ព្រះ​បាន​រៀប​ចំ ហើយ​បង្កើត​ឡើង ) ។

សូម​អញ្ជើញ​ឲ្យសិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:៧ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​សំណួរ​មួយ​ទៀត​ ដែល​ពួក​ផារិស៊ី​បាន​ទូល​សួរ​ដល់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ពួក​ផារិស៊ី​បាន​ទូល​សួរ​អ្វី​ខ្លះ​ដល់​ព្រះអង្គ​សង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:៨-៩ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលព្រះ​បន្ទូល​តប​របស់​ព្រះអង្គ​សង្គ្រោះ​ ។

  • យោង​តាម​ព្រះអង្គ​សង្គ្រោះ ហេតុអ្វី​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លែង​លះ​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ? ( ដោយសារ​ចិត្ត​រឹងរូស​របស់​ប្រជាជន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការ​បង្រៀន​នេះ​ពាក់ព័ន្ធ​នឹង​សម័យ​របស់​យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឮៗ​នូវ​សេចក្ដី​ថ្លែង​ការ​ខាង​ក្រោមដោយ​អែលឌើរ ដាល្លិន អេក អូក ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ប្រភេទ​អាពាហ៍ពិពាហ៍​ដែល​ទាម​ទារ​ឲ្យ​មាន​ភាព​តម្កើង​ឡើង—មាន​រយៈពេល​អស់​កល្ប ហើយ​មាន​គុណ​សម្បត្តិ​ដូចជា​ព្រះ—ពុំ​សញ្ជឹង​គិត​ពី​ការ​លែង​លះ​ឡើយ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ស្វាមី​ភរិយា​ត្រូវ​បាន​រៀបការ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ​អាពាហ៍ពិពាហ៍​ខ្លះ​មិន​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ឧត្តមគតិ​នោះ​ទេ ។ ដោយសារ ‹ ចិត្ត [ របស់យើង ] រឹង​របឹង [ ម៉ាថាយ ១៩:៨ ] នៅ​បច្ចុប្បន្ន​នេះ ​ព្រះអម្ចាស់​ពុំ​បាន​បង្ខំ​ឲ្យ​ទូទាត់​ផលវិបាក​នៃបទដ្ឋាន​សេឡេស្ទាល​ឡើយ ។ ទ្រង់​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​លែង​លះ​គ្នា​រៀបការ​ម្ដង​ទៀត​ ដោយ​គ្មាន​ស្នាម​ប្រឡាក់​នៃ​អមតៈភាព​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ក្រឹត្យវិន័យ​សួគ៌ា » ( « Divorce » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០០៧ ទំព័រ ៧០ ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ថា​ ព្រះ​បាន​រៀបចំ ហើយ​បាន​បង្កើត​អាពាហ៍​ពិពាហ៍​ជា​ទំនាក់​ទំនង​ដ៏​ពិសិដ្ឋ​មួយ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ។

ម៉ាថាយ ១៩:១៣–៣០, ២០:១–១៦

ព្រះយេស៊ូវ​បង្រៀន​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ប្រទាន​រឿង​ប្រៀប​ប្រដូច​ស្ដីពី​ពួក​អ្នក​ធ្វើ​ការ​ក្នុង​ចម្ការ

សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមកមុខថ្នាក់ ។ សូម​ប្រាប់​សិស្ស​ថា ប្រសិន​បើ​គាត់​អាច​អាវ៉ង់​បាន​ ១០ គាត់​នឹង​ទទួល​បាន​រង្វាន់​តូច​មួយ ( ដូចជា ស្ករ​គ្រាប់ ១០​ គ្រាប់ ) ។ បន្ទាប់​ពី​សិស្ស​អាវ៉ង់​បាន​ ១០ ដង​ហើយ សូម​ឲ្យ​រង្វាន់​ដល់​គាត់ រួច​សុំ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ទៀត ។ ចូរ​សុំ​ឲ្យ​សិស្ស​ទីពីរ​អាវ៉ង​ម្ដង រួច​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​ តើ​ពួកគេ​គិត​ថា​សិស្ស​ម្នាក់​នេះ​គួរ​ទទួល​បាន​រង្វាន់​អ្វី​ដែរ និង​ហេតុអ្វី ។ សូម​អញ្ជើញ​សិស្ស​ទាំង​ពី​រនាក់​ឲ្យ​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​វិញ ។ សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ថា នៅ​ពេល​ក្រោយ​ទៀត​ក្នុង​មេរៀន​នេះ ​សិស្ស​ទី​ពីរ​នឹង​ទទួល​រង្វាន់​មួយ​អាស្រ័យ​ទៅ​លើ​អ្វី​ ដែល​សិស្ស​រៀន​នៅ​ក្នុង​ព្រះគម្ពីរ ។

សូម​សង្ខេប ម៉ាថាយ ១៩:១៣–២៧ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​របស់​ទ្រង់​ ឲ្យ​ស្វែង​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាជាង​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ។ ពេត្រុស​បាន​ទូល​សួរ​ពី​អ្វី​ដែល​ពួក​សិស្ស​នឹង​ទទួល​បាន ដោយសារ​ពួកគេ​បាន​លះបង់​ទ្រព្យ​សម្បត្តិ​​ខាង​លោកិយ​របស់​ខ្លួន​មក​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។ ( កំណត់​ចំណាំ ៖ ព្រឹត្តិការណ៍​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ នឹង​ត្រូវ​បានបង្រៀន​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​មេរៀន ម៉ាកុស ១០ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:២៨-៣០ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស ។

  • យោង​តាម ខ​ទី ២៩តើ​មនុស្ស​គ្រប់​គ្នា​ដែល​លះបង់​អ្វី​ទាំងអស់​មក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​នឹង​គ្រង​អ្វី​ជា​មរតក ?

សូម​ពន្យល់​ថា​ បន្ទាប់​មក​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ព្រះរាជបំណង​របស់​ព្រះវរបិតា​សួគ៌​ដើម្បី​ប្រទាន​ឱកាស​ទទួល​បាន​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ មាន​បុរស​ម្នាក់​បាន​ជួល​ពួក​អ្នក​ធ្វើ​ការ​នៅ​ពេល​ខុស​គ្នា​ពេញ​មួយ​ថ្ងៃ ​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​គាត់ ។ ថ្ងៃ​ធ្វើ​ការ​ធម្មតា​មួយ​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ ចាប់ផ្ដើម​​ប្រហែល​ពី​ម៉ោង ៦:០០ ព្រឹក​រហូត​ដល់ ៦:០០​ ល្ងាច ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បន្តិច​បន្តួច​តាម​រដូវកាល​ខុសៗ​គ្នា​នៃ​ឆ្នាំ ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ ចែក​ចាយ​​ឯកសារឲ្យ​សិស្ស ៖

ពួក​អ្នក​ធ្វើការ ( ម៉ោង​ចាប់ផ្ដើម )

ប្រាក់​បៀវត្សរ៍​ដែល​បាន​ព្រម​ព្រៀង

ចំនួន​ម៉ោង​ដែល​បាន​ធ្វើ​ការ

ចំនួន​ប្រាក់ដែល​ត្រូវ​បង់

ព្រឹក​ព្រលឹម ( ៦:០០​ ព្រឹក )

ម៉ោង​ទី​ ៣ ( ៩:០០​ ព្រឹក )

ម៉ោង​ទី​ ៦ ( ១២:០០ ​ថ្ងៃ​ត្រង់ )

ម៉ោង​ទី​ ៩ ( ៣:០០​ រ សៀល )

ម៉ោង​ទី ១១ ( ៥:០០​ ល្ងាច )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​តូចៗ ។ ចូរ​សុំ​ឲ្យ​ពួកគេ​អាន ម៉ាថាយ ២០:១–៧ នៅ​ក្នុង​ក្រុម​របស់​ខ្លួន រក​មើល​រយៈពេល​ធ្វើ​ការ​ ដែល​ពួក​អ្នក​ធ្វើ​ការ​មួយ​ក្រុមៗ​​បាន​ធ្វើ​ និង​ប្រាក់​បៀវត្សរ៍ដែល​ពួកគេ​បាន​ព្រម​ព្រៀង ។ ( « ១កាក់ »​ សំដៅ​លើ​ប្រាក់​មួយ​កាក់​ដែល​ជា​ប្រាក់​មួយ​កាក់​របស់​រ៉ូម ហើយវា​ប្រហាក់​ប្រហែល​នឹង​ថ្លៃ​មួយ​ថ្ងៃ​សម្រាប់​ពួក​អ្នក​ធ្វើ​ការ​ម្នាក់ ) ។

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យសិស្ស​ពីរ​បី​នាក់​ឡើង​មក​ក្ដារខៀន ហើយ​បំពេញ​ជួរ​ឈរ​ទី​មួយ​ក្នុង​តារាង ( ឬ​ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​វា​​នៅ​លើ​សំណៅ​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ ) ។

  • តើ​អ្នក​គិត​ថា​នរណា​ទៅ​ ដែល​គួរ​ទទួល​បាន​កម្រៃ​ច្រើន​ជាង​គេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:៨-១០ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ប្រាក់​កម្រៃ ​ដែល​ក្រុម​អ្នក​ធ្វើ​ការ​នីមួយៗ​បាន​ទទួល ។

  • តើ​ប្រាក់​កម្រៃ​អ្វី​ទៅ​ ដែល​ពួក​អ្នក​ធ្វើ​ការ​មួយ​ក្រុមៗ​ទទួល​បាន ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​សូមសរសេរ ១ កាក់ នៅ​ក្នុង​ប្រអប់​នីមួយៗ​​ក្នុង​ជួរ​ឈរ​ដែល​សរសេរ​ថា « ចំនួន​ប្រាក់ដែល​ត្រូវ​បង់ » ) ។

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ធ្វើ​ការ​ទាំងនោះ​ ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណា ពេល​អ្នក​ទទួល​បាន​រង្វាន់​ដូចគ្នា​នឹង​អ្នក​ដែល​បាន​ធ្វើការ​តែ​មួយ​ម៉ោង​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:១១-១៤ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​ជន​ដែល​បាន​ធ្វើ​ពេញ​មួយ​ថ្ងៃ​និយាយ​អ្វី​ខ្លះ​ទៅ​ម្ចាស់​ចម្ការ និង​អ្វី​ដែល​គាត់​បាន​និយាយ​មក​ពួកគេ​វិញ ។

  • តើ​ការ​ត្អូញត្អែរ​របស់​ជន​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ជា​អ្វីទៅ ?

  • តើ​ម្ចាស់​ចម្ការ​បាន​និយាយ​ដូចម្តេច ក្នុងការឆ្លើយតប​អ្វី​ ?

  • តើ​ម្ចាស់​ចម្ការ​មាន​ភាព​យុត្តិធម៌ ( ភាព​ស្មើ​គ្នា )​ ចំពោះ​ជន​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​យ៉ាង​ដូចម្ដេច​ដែរ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​មួយ​នៅ​ក្នុង​រឿងប្រៀប​ប្រដូច​នេះ សូម​ពន្យល់​ថា ប្រាក់​កម្រៃ​មួយ​កាក់​នោះ​អាច​តំណាង​ឲ្យ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដូចដែល​បាន​ចែង​នៅ​ក្នុង ម៉ាថាយ ១៩:២៩ ។ សូមសរសេរសេចក្តីថ្លែងការណ៍​មិនពេញលេញ​នៅលើ​ក្តារខៀន​ ៖​ ព្រះ​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​ទាំង​អស់​ដែល …

  • ប្រសិន​បើ​រង្វាន់​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ​ តំណាង​ឲ្យ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តើ​អ្នក​ធ្វើ​ការ​តំណាង​ឲ្យ​អ្វី​ទៅ ? ( សិស្ស​អាច​មាន​ចម្លើយ​ខុសៗ​គ្នា ប៉ុន្តែ​ត្រូវ​សង្ខេប​ថា អ្នក​ធ្វើ​ការ​ក្នុងរឿង​ប្រៀប​ប្រដូច​នេះ​អាច​តំណាង​ឲ្យ​ការ​ធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ ។ ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​បំពេញ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន​ដូច​ខាង​ក្រោម​នេះ ៖ ព្រះ​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​គ្រប់​រូបដែល​បាន​ជ្រើស​រើស​ធ្វើ​ និង​រក្សាសេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​ជាមួយទ្រង់  ) ។

សូម​ចង្អុល​បង្ហាញ​ថា សេចក្ដី​ពិត​នេះ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះវរបិតា​សួគ៌​​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ពុំ​បាន​ធ្វើ ឬ​រក្សា​សេចក្ដី​សញ្ញា​កាល​ពី​ក្មេង និង​សម្រាប់​ជន​ដែល​គ្មាន​ឱកាស​ធ្វើ​កិច្ចការ​នេះ​រហូត​ក្រោយ​ពី​ពួកគេ​ស្លាប់ ( សូម​មើល គ. និង ស. ១៣៧:៧–៨ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​ដឹង​ថា​ព្រះប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​គ្រប់​រូប​ដែល​ជ្រើស​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ទ្រង់​ជា​រឿង​សំខាន់​សម្រាប់​យើង មិន​ថា​វា​កើត​អាច​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ ?

សូម​រំឭក​សិស្ស​ទីពីរ​ដែល​បាន​អាវ៉ង់​តែ​ម្ដង រួច​សួរ ៖

  • តើ​អ្នក​គិត​ថា​សិស្ស​ម្នាក់​នេះ​គួរ​ទទួល​បាន​រង្វាន់​អ្វី​ទៅ​សម្រាប់​ការ​​អាវ៉ង់​ម្ដង ? ( សូម​ឲ្យ​សិស្ស​នោះ​នូវ​រង្វាន់​ដូចគ្នា​ដែល​បាន​ឲ្យ​ទៅ​សិស្ស​ដែល​បាន​អាវ៉ង់ ១០ ​ដងដែរ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:១៥-១៦ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​របៀប ​ដែល​ម្ចាស់​ចម្ការ​បាន​តប​ទៅ​កាន់​ជន​ដែល​ត្អូញ​ត្អែរ​ពី​សេចក្ដី​សប្បុរស​របស់​លោក​ ចំពោះ​ពួក​អ្នក​ធ្វើ​ការ​ផ្សេង​ទៀត ។

  • តើ​អ្នក​គិត​ថា​ម្ចាស់​ចម្ការ​ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច នៅ​ពេល​លោក​បាន​សួរ​ថា « តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី ? » ( ខទី ១៥ ) ។

សូម​ពន្យល់​ថា​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បក​ស្រាយ​សំណួរ​នេះ​ដូច​ខាង​ក្រោម ៖ « ហេតុ​អ្វីបាន​ជា អ្នក ច្រណែនគ្នា​ដោយសារ យើង ជ្រើសរើស​មាន​ចិត្ត​ល្អ ? » ( « The Laborers in the Vineyard » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១២ ទំព័រ ៣១ ) ។

  • តើ​ឃ្លា​ថា « ​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ » ​ដែល​ចែង​ក្នុង​ខ​ទី ១៦ មាន​ន័យ​ដូច​ម្ដេច ? ( ការ​បាន ហៅ មាន​ន័យ​ថា ការ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌ ។ ការ រើស មាន​ន័យ​ថា​ ការ​ទទួល​បាន​ពរជ័យ​របស់​ទ្រង់—រួម​បញ្ចូល​ទាំង​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  • តើ​គោលការណ៍​​អ្វី​ដែល​យើង​​រៀនមក​ពី ខ ១៦​នេះ ?​ ( សិស្ស​អាច​នឹង​រកឃើញ​គោលការណ៍​ជាច្រើន រួម​បញ្ចូល​ទាំង​គោលការណ៍​ខាង​ក្រោម​ផងដែរ ៖ ប្រសិន​បើ​យើង​ជ្រើស​រើសមាន​ចិត្ត​ច្រណែន​ចំពោះ​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌​ដល់​មនុស្ស​ដទៃទៀត នោះ​យើង​អាច​នឹង​បាត់​បង់​ពរជ័យ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ឲ្យ​យើង ) ។

សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប ​ដែល​ពួកគេ​អាច​ល្បួង​ឲ្យ​ច្រណែន​នឹង​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​ដល់​អ្នក​ដទៃ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« មានពេលខ្លះនៅក្នុងជីវិតរបស់យើង ពេលដែលមាននរណាម្នាក់ទៀត​ទទួលបានពរជ័យដែលមិនបានស្មានទុកមុន ឬ​ទទួលបានការទទួល​ស្គាល់ជាពិសេសខ្លះ ។ តើ​ខ្ញុំ​អាច​សុំ​អង្វរ​យើង​កុំ​ឲ្យ​ឈឺចាប់—ហើយ​មាន​អារម្មណ៍​ថា ពុំ​មា​នចិត្ត​ច្រណែន​បាន​ទេ​—នៅពេល​ដែល​ពរជ័យ​បាន​ឲ្យ​ទៅ​អ្នក​ផ្សេង ? យើង​មិន​បាន​អន់ថយ​នោះ​ទេ នៅពេល​អ្នកផ្សេង​ត្រូវ​បាន​ផ្ដល់ពរ​បន្ថែម​នោះ ។ យើងពុំស្ថិតនៅក្នុងការ​ប្រណាំងគ្នា ដើម្បីនឹងមើលឃើញថា​តើ​នរណា​មានជាងគេ ឬ​មាន​ទេពកោសល្យជាងគេបំផុត ឬស្អាតជាងគេបំផុត​ ឬបានពរជ័យជាងគេ​បំផុត​នោះឡើយ ។​ ការប្រកួត​ដែល​យើង​កំពុង​ធ្វើ​នោះ តាម​ពិត​ទៅ គឺជា​ការប្រកួត​ទាស់​នឹង​អំពើបាប ។ …

« … ការចង់​បាន​របស់​អ្នក​ដទៃ ការ​ខឹងតប់ប្រមល់ ឬ​ការបំបាក់​បំ​បែក​អ្នកដទៃ​ មិន​បាន​លើកកំពស់​មុខមាត់អ្នក​ឲ្យ​ខ្ពស់​ជាង​មុន​ទេ ហើយ​ការ​ធ្វើ​ឲ្យ​អ្នកដទៃ​ខ្មាស់គេ​ ក៏​មិន​បាន​ជួយ​អ្នក​ឲ្យ​បាន​ល្អ​ដែរ ។ ដូច្នេះសូមមានចិត្តល្អ នឹងមានអំណរគុណ ដោយព្រះមានព្រះហឬទ័យល្អ​ ។ វា​ជា​របៀប​មួយដែល​សប្បាយ​ក្នុង​ការរស់នៅ » ( « Laborers in the Vineyard » ទំព័រ ៣១, ៣២ ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពីសេចក្ដី​ពិត ​ដែល​សិស្ស​បាន​ស្គាល់ នៅពេល​ពួកគេ​បាន​សិក្សា​រឿង​ប្រៀប​ប្រដូច​ស្តីពី​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ ។

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ សូម​ទុក​ពេល​ឲ្យ​សិស្ស​បំពេញ​សេចក្ដីថ្លែង​ការណ៍​នោះ​ នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖ ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ ខ្ញុំ​នឹង …

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ឥត​ភ័យ​បារម្ភ​ឲ្យ ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ម៉ាថាយ ២០:១៧-៣៤

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​អំពី​ការ​សុគត​របស់​ទ្រង់ ហើយ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ឲ្យ​បម្រើអ្នក​ដទៃ ។

សូម​សង្ខេប ម៉ាថាយ ២០:១៧–៣៤ ដោយ​ពន្យល់​ថា ព្រះ​អង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​ថា​នឹង​មាន​មនុស្ស​ក្បត់​ទ្រង់ ហើយ​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ទោស​រហូត​ដល់​សុគត កាល​ទ្រង់​ត្រឡប់​ទៅ​ទី​ក្រុង​យេរូសាឡិម​វិញ ។ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា ជា​ជាង​ការ​ស្វែង​រក​មុខ​តំណែង និង​សិទ្ធិ​អំណាច​ នោះ​ពួកគេ​គួរតែ​​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​បម្រើ​ដល់​មនុស្ស​ដទៃ​វិញ​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៩:៣-៦ ។ « មនុស្ស​ដែល​ព្រះ​បាន​ផ្សំ​ផ្គុំ​គ្នា »

អែលឌើរ អែហ្វ ប៌ើរតុន ហៅវើត នៃ​ពួក​ចិត​សិប​នាក់​បាន​ពន្យល់​ថា ពួក​ព្យាការី​បាន​បង្រៀន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយអំពី​តួនាទី​នៃ​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ផែនការ​របស់​ព្រះ ៖

« អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ​គឺជា​គោលការណ៍​មួយ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​មុន​កំណើត​លោកិយ​នេះ​ម្ល៉េះ ហើយ​ត្រូវ​បាន​ណែនាំឲ្យ​​បង្ហាញ​នៅ​លើ​ផែនដី​នេះ​​ពី​មុន​កើត​មាន​សេចក្ដី​ស្លាប់ ។ អ័ដាម និង​អេវ៉ា ​ត្រូវ​បាន​ព្រះ​ផ្សំ​ផ្គុំ​នៅ​ក្នុង​សួនច្បារ​អេដែន​ពី​មុន​ការ​ធ្លាក់ ។ ព្រះគម្ពីរ​ចែង​ថា ‹ នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់ ទ្រង់​ក៏​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច ប្រទាន​ពរ ឲ្យ › ( លោកុ. ៥:១–២, ការ​គូស​បញ្ជាក់​​បន្ថែម ) ។

« ពួក​ព្យាការី​បាន​បង្រៀន​ដោយចុះសម្រុងនឹងគ្នាថា ធាតុ​ដ៏​ពេញ​លេញ ហើយ​ខ្ពស់​បំផុត​នៃ​ផែនការ​ដ៏​មហិមា​របស់​ព្រះ​សម្រាប់​ប្រទាន​ពរ​ជ័យ​ដល់​កូនចៅ​របស់​ទ្រង់​ គឺជា​អាពាហ៍​​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( « Eternal Marriage » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០០៣ ទំព័រ ៩២ ) ។

ស៊ិស្ទើរ ជូលី ប៊ី ប៊េក ដែល​បាន​បម្រើ​ជា​ប្រធាន​សមាគមន៍​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ពី​ហេតុផល​ ដែល​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ​ដូច​តទៅ​នេះ ៖

« យើង​ដឹង​ថា នៅ​ក្នុង​ជម្លោះ​ដ៏​ធំ​នៅ​ជីវិតមុនផែនដី​នេះ យើង​បាន​ជ្រើសរើស​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ដើម្បី​រក្សា​សក្ដានុពល​របស់​យើង​ទៅ​នឹង​ក្រុម​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ … យើង​ជឿ​លើ​ការ​បង្កើត​ក្រុម​គ្រួសារ​ដ៏អស់​កល្ប​ជានិច្ច ។ វា​មាន​ន័យ​ថា យើង​ជឿ​លើ​ការ​រៀបការ » ( « What Latter-day Saint Women Do Best: Stand Strong and Immovable » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០០៧ ទំព័រ ១១០ ) ។

ម៉ាថាយ ១៩:៦-៩ ។ ការ​លែង​លះ

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ផ្ដល់​ជា​មតិ​ស្ដីពី​ឥទ្ធិពល​នៃ​ការ​លែង​លះ​ទៅ​លើ​ក្រុម​គ្រួសារ ៖

« មាន​សមាជិក​សាសនាចក្រ​ល្អៗ​ជាច្រើន​ដែល​បាន​លែង​លះ​គ្នា ។ … យើង​ដឹង​ថា​អ្នក​រាល់គ្នា​ភាគច្រើន​ជា​ជន​រង​គ្រោះ​ស្លូត​ត្រង់—ជា​សមាជិក​ដែល​អតីត​ប្ដី ឬ​ប្រពន្ធ​របស់​ខ្លួន​បាន​ក្បត់​នឹង​សេចក្ដីសញ្ញា​​ដ៏​ពិសិដ្ឋ​នានា ឬ​បាន​បោះបង់ ឬ​បាន​បដិសេធ​អនុវត្តន៍​ការទទួលខុស​ត្រូវ​ក្នុង​អាពាហ៍​ពិពាហ៍​សម្រាប់​រយៈពេល​មួយ ។ …

« … អ្នក​ដែល​បាន​ឆ្លង​កាត់​ការ​លែង​លះ​គ្នា​ ស្គាល់​ពី​ការ​ឈឺចាប់​នោះ ហើយ​ត្រូវ​ការ​អំណាច​ព្យាបាល និង​សេចក្ដី​សង្ឃឹម​ដែល​កើត​ចេញ​ពី​ដង្វាយធួន ។ អំណាច​ព្យាបាល និង​សេចក្ដី​សង្ឃឹម​នោះ​មាន​នៅ​ទី​នោះ​សម្រាប់​ពួកគេ ហើយ​ក៏​មាន​សម្រាប់​កូនចៅ​ពួកគេ​ផង​ដែរ ។ …

« … យើង​មិន​អាច​គ្រប់​គ្រង ហើយ​យើង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ​ទេ សូម្បី​តែ​នៅ​ពេល​វា​ជះឥទ្ធិពល​មក​លើ​យើង​យ៉ាង​ឈឺ​ចុក​ចាប់​​យ៉ាង​ណា​ក្ដី ។ …

« មិន​ថា​លទ្ធផល​ចេញ​មក​បែប​ណា ឬ​អ្នក​ជួប​ការ​លំបាក​ប៉ុណ្ណា​នោះ​ទេ អ្នក​មាន​ការ​សន្យា​នោះ​ថា អ្នក​នឹង​មិន​ត្រូវ​បាន​បដិសេធ​ពី​ទំនាក់​ទំនង​គ្រួសារ​អស់​កល្ប​ជានិច្ច​នោះ​ទេ ប្រសិន​បើ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់ គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក » ( « Divorce » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០០៧ ទំព័រ ៧០–៧១, ៧៣ ) ។

ម៉ាថាយ ១៩:១០–១២ ។ « ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ថា កាល​ពី​បុរាណ​មាន​មនុស្ស​មួយ​ចំនួន​មាន​ជំនឿ​ខុស​ឆ្គង​ថា ជីវិត​នៅ​លីវ​គឺ​ជា​ជីវិត​ដែល​ត្រូវ​ខំ​ស្វែង​រក ៖

« ជាក់​ស្ដែង​ជន​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទៅ​ជា​ខ្ទើយ​ គឺជា​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ខុសឆ្គង​ដែល​ឥត​ជឿ​សាសនា​បាន​បំផ្លាញ​ខ្លួន​ឯង​ដោយ​ចេតនា​ជាមួយ​នឹង​ការ​ជឿជាក់​ថា ​រឿង​បែប​នេះ​នឹង​ផ្ដល់​សេចក្ដី​សង្គ្រោះ​បន្ថែម​ទៀត​ដល់​ពួកគេ ។ វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា រឿង​បែប​នេះ​ពុំ​មែន​ជា​តម្រូវ​ការ​ដ៏​ពិត​មួយ​នៅ​ក្នុង​ដំណឹងល្អ​ឡើយ ។ គ្មាន​រឿង​បែប​នេះ​ថា​ជា​ការ​​ដក​ហូត​តួនាទី​នៅ​ក្នុង​ដំណឹងល្អ​ឡើយ ការ​យល់​ដឹង​មួយ​បែប​នេះ​បំពាន​គោលការណ៍​ពិត​នៃ​ការ​បង្ក​បង្កើតកំណើត និង​អាពាហ៍​ពិពាហ៍​សេឡេស្ទាល » (  កំណែ​ទី ២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ២៤១ ) ។

ម៉ាថាយ ២០:១-១៦ ។ រឿងប្រៀបប្រដូច​ស្ដីពី​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

អែលឌើរ ដាល្លិន អេក អូក​ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ចែកចាយ​មេរៀន​ដ៏​សំខាន់​​មួយ​ ដែល​ត្រូវ​រៀន​នៅ​ក្នុង​រឿងប្រៀបប្រដូច​ស្ដីពី​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ ៖

« ដូច​ជា​រឿង​ប្រៀប​ប្រដូច​ផ្សេង​ទៀត​ដែរ រឿង​នេះ​អាច​បង្រៀន​គោលការណ៍​ដ៏​មាន​តម្លៃ​ផ្សេងៗ​គ្នា​មួយ​ចំនួន ។ ចំពោះ​គោលបំណង​បច្ចុប្បន្ន​មេរៀនរបស់​វា​គឺថា​ រង្វាន់​របស់​លោក​ចៅ​ហ្វាយ ​នៅ​ក្នុង​សេចក្តី​ជំនុំ​ជំរះ​ចុងក្រោយ​នឹង​មិន​ផ្អែក​ទៅ​លើ​រយៈពេល​ ដែល​យើង​បាន​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ។ យើង​ពុំ​ទទួល​បាន​រង្វាន់​សួគ៌ា​របស់​យើង​ដោយ​កំណត់​ពេល​ធ្វើ​ការ​នោះ​ឡើយ ។ អ្វី​ដែល​សំខាន់​គឺ​ថា ការ​ធ្វើ​ការ​របស់​យើង​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​របស់​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​យើង​ក្លាយ​ទៅ​ជា​អ្វី​មួយ ។ ចំពោះ​ពួក​យើង​មួយ​ចំនួន ការណ៍​នេះ​តម្រូវ​ឲ្យ​ធ្វើ​ច្រើន​ជាង​មនុស្ស​ដទៃ​ទៀត ។ អ្វី​ដែល​សំខាន់​នៅ​ចុង​បញ្ចប់ ​គឺ​ជា​អ្វី​ដែល​យើង​បាន​ប្រែក្លាយ​ដោយ​សារ​តែ​ការងារ​របស់​យើង » ( « The Challenge to Become » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ២០០៩ ទំព័រ ៣៤ ) ។