បណ្ណាល័យ
មេរៀន​ទី ៨៥ ៖ កិច្ចការ ៤-៥


មេរៀនទី ៨៥

កិច្ចការ ៤-៥

សេចក្ដីផ្ដើម​

បន្ទាប់ពី​ការ​ព្យាបាល​បុរស​ខ្វិន​នៅព្រះវិហារបរិសុទ្ធ ( សូមមើល​កិច្ចការ ៣) នោះ​ពេត្រុស និង​យ៉ូហាន ត្រូវ​បាន​គេចាប់​ខ្លួន ។ ពួក​សានហេឌ្រីន បាន​បញ្ជាឲ្យ​ពួកគេ​ឈប់​បង្រៀន​នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏ពួកសាវក​បាន​បន្ដ​ផ្សាយដំណឹងល្អ ហើយ​ព្យាបាល​នៅក្នុង​​​ព្រះនាម​របស់ព្រះយេស៊ូវ​ដែរ ។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដងទៀត ហើយ​បាន​ត្រូវ​វាយ​ចំពោះការ​បដិសេធ​ ដើម្បី​អនុវត្ត​តាម​បញ្ជា​របស់ពួកអ្នកដឹកនាំ​សាសន៍​យូដា ។ សមាជិក​សាសនាចក្រ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ប៉ុន្តែ​មាន​ពីរ​នាក់​ក្នុង​ចំណោម​​ពួកគេ​​បាន​ស្លាប់​ដោយ​សារ​តែកុហក​ពេត្រុស និងព្រះ ។

យោបល់​សម្រាប់ការ​បង្រៀន

កិច្ចការ ៤:១-៣១

សមាជិក​នៃ​​ពួក​សានហេឌ្រីន​បាន​បញ្ជាឲ្យ​ពេត្រុស និង​យ៉ូហាន​​បញ្ឈប់​បង្រៀន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ ។

ចូរ​សូម​ឲ្យ​សិស្ស​ពិចារណា​​អំពី​​អ្វី​ ដែល​ពួកគេ​នឹង​ធ្វើ​នៅក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ៖

  1. មិត្តភក្ដិ​ម្នាក់​បាន​បង្ហោះអ្វី​មួយ ​ដែលមិនពិត​អំពី​សាសនាចក្រ​នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ។

  2. គ្រូបង្វឹក​ដាក់​កាលវិភាគ​ប្រកួត​ ដែល​តម្រូវ​ឲ្យ​ក្រុម​របស់អ្នក​លេង​នៅថ្ងៃ​អាទិត្យ ។

  3. មិត្ត​របស់អ្នក​បាន​សួរ​យោបល់​អ្នក​អំពី​បញ្ហា​ខាងសង្គមមួយ ដែលរឿង​នោះ​​មាន​ប្រជាប្រិយភាព និង​មានការ​គាំទ្រ​​ជាទូទៅ ប៉ុន្តែ​វា​ផ្ទុយ​ទៅនឹង​ការ​បង្រៀន​របស់សាសនាចក្រ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​ស្ថានភាព​មួយចំនួន​ណា​ផ្សេងទៀត ​ដែល​យើងអាច​នឹង​ចាំបាច់​ត្រូវ​ចែកចាយ ឬ​ការពារ​ជំនឿ​របស់​យើង ?

  • តើ​វាជា​ឧបសគ្គ​ឬទេ ក្នុង​​ការ​ចែកចាយ ឬ​ការ​ការពារ​សេចក្ដីជំនឿ​របស់​យើង​នោះ ?

សូមអញ្ជើញសិស្ស​ឲ្យរកមើល​សេចក្ដីពិត នៅពេល​ពួកគេ​សិក្សាកិច្ចការ ៤-៥ដែល​អាច​នឹង​ដឹកនាំ​ពួកគេ​​នៅ​ក្នុងស្ថានភាព​ប្រភេទ​នេះ ។

សូមអញ្ជើញសិស្សឲ្យ​សង្ខេប​អំពីអ្វី​ ដែលពួកគេ​ចងចាំ​អំពីព្រឹត្តការណ៍ និងការ​បង្រៀន​នានា​ ដែលបាន​កត់ត្រា​នៅក្នុងកិច្ចការ ៣។ បើ​ចាំបាច់ សូម​រំឭក​ពួកគេ​ថា បន្ទាប់ពីការ​ព្យាបាល​បុរស​ខ្វិនម្នាក់ ពេត្រុស និង​យ៉ូហាន បានបង្រៀន​ក្រុម​មនុស្ស​មួយក្រុម ដែល​បាន​មក​រុំព័ទ្ធ​ជុំវិញពួកគេ​នៅ​ឯ​ព្រះវិហារបរិសុទ្ធ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់អាន កិច្ចការ ៤:១-៤ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ផ្ទៀងតាម ហើយ​រកមើល​ថាមាន​អ្វី​បានកើតឡើង​ចំពោះ​ពេត្រុស និង​យ៉ូហាន​ នៅពេល​ពួកគាត់​បានបង្រៀន​មនុស្ស​នៅព្រះវិហារបរិសុទ្ធ ។

  • តើមានអ្វីបាន​កើតឡើង​ចំពោះ​ពេត្រុស និង​យ៉ូហាន ?

សូមសង្ខេបកិច្ចការ៤:៥-៦ដោយពន្យល់​ថា ពេត្រុស និង​យ៉ូហាន ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​នាំ​ទៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​គ្រប់គ្រង​របស់​ពួកសាសន៍​យូដា ដែលហៅ​ថា​ពួកសានហេឌ្រីន ( សូមមើល Bible Dictionary« Sanhedrin ») ។ សូម​រំឭកសិស្ស​ថា សមាជិក​ជាច្រើន​របស់ពួក​សានហេឌ្រីន បាន​ចូលរួម​ក្នុង​ការ​ចាប់​​ខ្លួន និងឆ្កាង​ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៤:៧ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលសំណួរ​​ដែល​​អ្នកដឹកនាំ​យូដា​បាន​សួរ​ដល់​ពេត្រុស និង​យ៉ូហាន ។

  • តើ​ពួកអ្នកដឹកនាំ​យូដា​បាន​សួរ​អ្វីខ្លះ​ដល់ពេត្រុស និង​យ៉ូហាន ?

  • តើ​មានអ្វី​អាច​កើតឡើង​ចំពោះ​ពេត្រុស និង​យ៉ូហាន ប្រសិន​បើ​ពួកគាត់​បាន​បង្ហាញ​ប្រាប់​ថា ពួកគេ​ជា​អ្នក​ដើរ​តាមព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ៤:៨-២១ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​នូវអ្វី​ ដែល​ពេត្រុស​បាន​ប្រកាស​ដល់ពួក​ក្រុមប្រឹក្សា ។

  • យោង​តាមកិច្ចការ ៤:១០-១២តើ​សេចក្ដីពិត​ណាខ្លះ​ដែល​ពេត្រុស​បានបង្រៀន​ដល់​ក្រុមប្រឹក្សា ? ( សិស្ស​គប្បី​ប្រាប់អំ​ពី​សេចក្ដីពិត​ជាច្រើន ប៉ុន្តែ​ចូរ​ប្រាកដ​ថា បានគូស​បញ្ជាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះនាម​តែមួយគត់ ដែល​យើង​អាច​ទទួលបាន​សេចក្ដីសង្គ្រោះ )

  • យោងតាម​ខ​ទី ១៣ហេតុអ្វី​ក្រុមប្រឹក្សា​មានចិត្តអស្ចារ្យចំពោះ​ពេត្រុស និង​យ៉ូហាន ?

សូមអញ្ជើញ​សិស្ស​ឲ្យរំឭកកិច្ចការ ៤:៨ដោយ​ស្ងាត់​ស្ងៀម ហើយរកមើល​នូវអ្វី​ដែលមាន​ឥទ្ធិពល​ដល់ពេត្រុស ហើយបានជួយ​គាត់​ឲ្យ​និយាយ​ដោយ​អង់អាច​ទៅកាន់​ក្រុមប្រឹក្សា ។

  • តើអ្នកគិត​ថា​ ការ​ណ៍​ដែល​ត្រូវបាន​ពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ​ បាន​ជះឥទ្ធិពល​ដល់​សមត្ថភាព​របស់ពេត្រុស ​ដើម្បី​បង្រៀន​ដោយក្លាហាន​យ៉ាងដូចម្ដេច ?

  • តើ​គោលការណ៍​ណា​ខ្លះ​ ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់​ពេត្រុស ដូច​បាន​កត់ត្រា​នៅក្នុងខទី ៨ និង ១៣ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យផ្ទាល់ខ្លួន​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​ប្រាប់​នូវ​​គោលការណ៍​ដូច​តទៅ​នេះ ៖នៅពេល​យើង​បានពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ នោះ​យើងអាច​ចែកចាយ​ដំណឹងល្អ​ដោយភាព​ក្លាហាន ។

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​មើល​គំរូ​បន្ថែម​ទៀតអំពី​គោលការណ៍​នេះ​ នៅ​ពេល​ពួកគេ​បន្ដ​សិក្សា​កិច្ចការ ៤–៥ ។

  • យោងតាម​ខទី ១៨តើ​ក្រុមប្រឹក្សា​បាន​បញ្ជា​អ្វីខ្លះ​ដល់​​ពេត្រុស និង​យ៉ូហាន ?

  • យោងតាមខទី ១៩-២០ តើ​ពេត្រុស​ និង​យ៉ូហាន បាន​ឆ្លើយតប​ចំពោះ​បញ្ជា​របស់ក្រុមប្រឹក្សា​យ៉ាង​ដូចម្ដេច ?

សូមសង្ខេបកិច្ចការ ៤:២៣-២៨ដោយពន្យល់​ថា បន្ទាប់ពី​ពេត្រុស និង​យ៉ូហាន​ត្រូវ​បានគេ​​ដោះលែង នោះពួកគេ​បាន​ជួប​ជុំ​នឹង​ពួកអ្នកជឿ​ផ្សេង​ទៀត ហើយ​បាន​អធិស្ឋាន​ជាមួយ​នឹងពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានកិច្ចការ ៤:២៩-៣០ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវអ្វី​ដែល​ពួក​អ្នកជឿ​បាន​ទូល​សូម​ពីព្រះ ។

  • តើ​ពួក​អ្នកជឿ​​​​បានទូល​​សូម​អ្វីខ្លះពី​ព្រះ​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានកិច្ចការ ៤:៣១ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែលបាន​កើត​ឡើង​បន្ទាប់ពី​ការ​អធិស្ឋាន​របស់​ពួកគេ ។

  • តើ​មានអ្វីកើតឡើង​ បន្ទាប់ពីមនុស្ស​បាន​អធិស្ឋាន ?

  • អាស្រ័យ​ទៅលើ​ខគម្ពីរ​ទាំងនោះ តើយើងអាច​ធ្វើ​អ្វីខ្លះ​ ដើម្បីអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​​ឲ្យ​ជួយ​យើង​ថ្លែងពី​ព្រះបន្ទូល​នៃ​ព្រះ​ដោយក្លាហាន ?

សូម​យោង​ទៅលើ​ស្ថានភាព​មួយចំនួន​ដែល​បាន​ប្រាប់​នៅ​ដើម​មេរៀន ។

  • តើ​យើងអាច​ក្លាហាន​នៅក្នុងការ​ចែកចាយដំណឹងល្អ​នៅក្នុងស្ថានភាព​នានា ​ដូច​ជា​ស្ថានភាព​ទាំង​នេះ​តាម​របៀប​ណា ?

  • តើ​យើងអាច​ចែកចាយ និងការ​ពារ​ដំណឹងល្អ​ជាមួយអ្នកដទៃ​ដោយ​ក្លាហាន ខណៈ​ដែល​យើងនៅ​តែ​ផ្ដល់​​ការគោរព ហើយភាព​​រាបសារបាន​យ៉ាងដូចម្ដេច​ ?

  • តើ​នៅពេល​ណា​ដែលព្រះវិញ្ញាណបរិសុទ្ធ​ បានជួយអ្នក​ឲ្យថ្លែងពី​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ក្លាហាន ?

កិច្ចការ ៤:៣២-៥:១១

សមាជិក​នៃ​សាសនាចក្រ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ប៉ុន្តែ​អាន៉្នានាស និងសាភីរ៉ា កុហក​ពេត្រុស ។

ចូរ​សុំ​ឲ្យ​សិស្ស​គិតពិចារណា​អំ​ពី​​ស្ថានភាព​ដូច​​ខាងក្រោម ៖

  1. ក្រុមយុវវ័យ​មួយក្រុម កំពុង​រៀបផែនការ​ធ្វើ​ពិធីបុណ្យជ្រមុជទឹកសម្រាប់​មរណជន​នៅ​ព្រះវិហារបរិសុទ្ធ ។ សមាជិក​ម្នាក់​ក្នុងក្រុម​ដឹង​ថា គាត់​ចាំបាច់​ត្រូវ​ជួប​នឹង​ប៊ីស្សព​សុំ​បណ្ណ ប៉ុន្តែ​នាង​ក៏​បាន​ដឹង​ថា នាង​បាន​ធ្វើអំពើបាប​មួយចំនួន​ដែល​ពុំ​ទាន់​បាន​សារភាព ។

  2. ក្មេង​ប្រុស​ម្នាក់​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ គាត់​ដឹងថា ​ប៊ីស្សព​នឹង​សួរ​សំណួរ​អំពី​ភាពសក្ដិសម​របស់គាត់​ ដើម្បីបម្រើ​បេសកកម្ម ។ គាត់​បាន​ព្យាយាម​រិះរក​វិធី​ដើម្បី​ឆ្លើយ​សំណួរ​ទាំងនោះ​ ដោយ​ពុំ​ប្រាប់​ប៊ីស្សព​អំពី​កំហុស​មួយ​ចំនួន​ដែល​គាត់បាន​ធ្វើ​ខុស ។

សូមអញ្ជើញសិស្ស​ឲ្យ​ស្វែងរក​គោលការណ៍​មួយ​ នៅពេលពួកគេ​សិក្សា​កិច្ចការ ៤:៣២-៥:១១ដែលអាច​ជួយ​ពួកគេ​យល់​អំពីសារៈសំខាន់​នៃ​ការ​ស្មោះត្រង់​ជាមួយ​នឹង​អ្នកបម្រើ​របស់ព្រះ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៤:៣២-៣៥ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលនូវអ្វី​​ដែលសមាជិក​នៃ​សាសនាចក្រ​បានធ្វើជា​មួយ​នឹង​ទ្រព្យសម្បត្តិ​របស់ពួកគេ ។

  • តើ​សមាជិក​នៃ​សាសនាចក្រ​បានធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ទ្រព្យ​របស់ពួកគេ ?

  • យោងតាមខទី ៣៤–៣៥ តើ​ដំណើរ​ការ​របស់ពួកគេ​ក្នុង​ការ​ចែកចាយ​ទ្រព្យ​ខាង​រូបកាយ​របស់​ពួកគេ​មានអ្វីខ្លះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ៥:១-២ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែល​គូស្វាមីភរិយា​ដែលបាន​រៀបការ ឈ្មោះ អាន៉្នានាស និងសាភីរ៉ា បានធ្វើជាមួយ​នឹង​ប្រាក់​ ដែលពួកគេ​បាន​ទទួល​មកពីការ​លក់ដី​នោះ ។

  • តើ​អាន៉្នានាស និងសាភីរ៉ា បានធ្វើអ្វី​ដែល​ជា​រឿង​ដ៏ធ្ងន់ធ្ងរ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានកិច្ចការ ៥:៣-៤ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​ថា ពេត្រុស​បាន​និយាយអ្វី​ទៅកាន់អាន៉្នានាស ។

  • យោងតាម​ខទី ៤ តើ​ទីបំផុត​អាន៉្នានាសបាន​កុហក​ដល់​នរណា ?​

  • ចេញមកពី​ចម្លើយ​របស់ពេត្រុស តើ​គោលការណ៍អ្វីខ្លះ ដែល​យើងអាច​រៀនអំពី​ការ​កុហក​​ដល់អ្នកបម្រើ​របស់ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​សម្ដី​របស់ពួកគេ​ផ្ទាល់ ដើម្បី​​​​ប្រាប់​​​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ប្រសិន​បើ​យើង​កុហក​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ នោះ​ដូចជា​យើង​កុហក​ដល់​ទ្រង់​ដែរ )

  • ហេតុអ្វី​ក៏​អ្នកគិត​ថា​ ការ​កុហក​ដល់ពួកអ្នកបម្រើ​របស់​ទ្រង់ គឺ​ដូចគ្នា​នឹង​ការ​កុហក​ទ្រង់​ដូច្នេះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ៥:៥-១១ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង​ដល់ អាន៉្នានាស និងសាភីរ៉ា ជា​លទ្ធផល​នៃ​ការ​បំពានលើសេចក្ដីសញ្ញា​របស់ពួកគេ និង​ការ​កុហក​ពេត្រុស ។

  • តើមានអ្វីបាន​កើតឡើង​ចំពោះ​អាន៉្នានាស និងសាភីរ៉ា ?

  • ទោះជា​យើង ឬ​អ្នកទាំងឡាយ​ដែល​យើងស្គាល់​ពុំ​ជួបប្រទះ​នឹង​ផលវិបាក​​ដ៏ធ្ងន់ធ្ងរ ឬ​វិបត្តិ​ភ្លាម​ៗ​ក្នុងការ​កុហក​ក្ដី តើ​ផលវិបាក​មួយចំនួន​ដែល​យើងអាច​ជួបប្រទះមានអ្វីខ្លះ បើ​យើង​កុហក​ព្រះអម្ចាស់ ឬ​បំពានលើសេចក្ដីសញ្ញា​របស់​យើង​នោះ ?

សូមអញ្ជើញ​​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យ​សិស្សស្ដាប់​មើល​ផលវិបាក​មួយចំនួន​ដែលកើត​មកពី​ភាព​មិនស្មោះត្រង់ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« នៅក្នុងជំនាន់​របស់​យើង អ្នកទាំងឡាយ​ដែ​ល​រកឃើញ​ថា ​មានភាព​មិន​ស្មោះត្រង់​​​ពុំ​ស្លាប់​ដូចជា​​អាន៉្នានាស និងសាភីរ៉ាទេ ប៉ុន្តែ​មានអ្វី​មួយ​នៅក្នុង​ខ្លួន​គេ​បានស្លាប់ ។ មនសិការ​ត្រូវរងគ្រោះ ឥរិយាបទ​ចុះ​ទន់ខ្សោយ ការគោរព​ខ្លួន​ឯងត្រូវ​អន្ដរាយ សេចក្ដី​សុចរិត​ត្រូវ​​ស្លាប់ » (​« We Believe in Being Honest »Ensign ខែ តុលា ឆ្នាំ ១៩៩០ ទំព័រ ៤ ) ។

  • ស្របតាម​ប្រធាន ហ៊ិងគ្លី តើ​ផលវិបាក​មួយចំនួន​​នៃ​ការ​កុហក​មានអ្វីខ្លះ ? សូម​យោង​ទៅលើ​ស្ថានភាព​មកពី​ដើម​វគ្គនៃ​មេរៀន​នេះ ។

  • តើ​បុគ្គល​ម្នាក់ៗ​នៅក្នុង​ស្ថានភាព​ទាំងនេះ​​ចាំបាច់​ត្រូវ​ដឹង​អ្វីខ្លះ ដែល​នឹង​កើត​ឡើង​ចំពោះ​យើង ប្រសិន​បើ​យើង​កុហក​ដល់អ្នកដឹកនាំ​បព្វជិតភាព ?

  • តើ​មានពរជ័យ​អ្វី​ខ្លះ​ ដែល​កើ​ត​ចេញមកពី​ការ​ស្មោះត្រង់​ជាមួយ​នឹង​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

កិច្ចការ ៥:១២-៤២

ពួកសាវក​គឺ​ត្រូវ​បាន​គេដាក់​ក្នុងគុក ​ដោយសារ​ការ​ព្យាបាល​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ចូរ​សុំ​ឲ្យសិស្ស​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​រស់នៅ​ក្នុង​ជំនាន់​របស់ពេត្រុស និង​យ៉ូហាន ហើយ​គឺជា​អ្នក​យកសារព័ត៌មាន​សម្រាប់​កាសែត​មួយ ។ ចូរ​ពន្យល់​ថា ​ពួកគេ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សិក្សា​ផ្នែក​នៃកិច្ចការ ៥:១២-៣២រួច​ហើយ​សរសេរ​ដើម​រឿង​សង្ខេប​អំពី​អ្វីបាន​កើតឡើង ។ ( ដើម្បី​ផ្ដល់​បរិបទ​សម្រាប់​វគ្គ​សិក្សា​ទាំងឡាយ សូម​រំឭក​សិស្ស​ថា ពួក​សានហេឌ្រីន​បាន​បញ្ជា​ដល់ពេត្រុស និង​យ៉ូហាន ឲ្យ​ឈប់​និយាយ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៀត ) ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ ដែល​បាន​ផ្ដល់​ឲ្យ​ជាមួយ​នឹង​បណ្ដុំ​បទគម្ពីរ​នីមួយៗ ។

  1. កិច្ចការ ៥:១២-១៦( សូម​អាន​វគ្គ​គម្ពីរ​នេះ​ជា​ថ្នាក់ ហើយ​សរសេរ​ដើម​រឿង​ជាមួយគ្នា ) ។

  2. កិច្ចការ ៥:១៧-២៣( ចូរ​សុំ​ឲ្យ​សិស្ស​អាន​វគ្គ​គម្ពីរ​នេះ​ជាមួយ​នឹង​ដៃគូ ហើយ​សរសេរដើម​រឿង ។​ សូម​ឲ្យ​ដៃគូ​មួយចំនួន ចែកចាយ​​ដើម​រឿង​​របស់ពួក​​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ) ។

  3. កិច្ចការ ៥:២៤-៣២( ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ផ្សេងៗពី​គ្នា ហើយ​សរសេរ​ដើមរឿង ។ សូម​ឲ្យ​សិស្ស​មួយចំនួន ចែកចាយ​​ដើម​រឿង​​របស់ពួក​​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ) ។

បន្ទាប់ពីសិស្ស​ចែកចាយ​ដើម​រឿង​របស់ពួកគេ​ហើយ ចូរ​សួរថា

  • យោងតាមខទី ២៩ហេតុ​អ្វីក៏ពេត្រុស និង​ពួកសាវក​ផ្សេង​ទៀត និយាយ​ថា​ ពួកគេ​បាន​បន្ដ​ផ្សាយ​​នៅក្នុងព្រះនាម​នៃ​ព្រះយេស៊ូវ ថ្វីបើមានបញ្ជាពីក្រុម​ប្រឹក្សា​​ក្ដី ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​​នេះ​នៅលើ​ក្ដារខៀន ៖ប្រសិន​បើ​យើង​ជ្រើស​គោរព​តាម​ព្រះ​ជាង​មនុស្ស នោះ …

  • ចេញមកពី​អ្វី​ដែល​អ្នកបាន​អាន​នៅក្នុងកិច្ចការ ៤-៥តើ​វិធី​មួយចំនួន​ ដែល​យើង​អាច​បំពេញ​សេចក្ដីថ្លែងការណ៍​នេះ​មានអ្វីខ្លះ ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន​ ដូច​តទៅ ៖ប្រសិន​បើ​យើង​ជ្រើសរើស​គោរព​តាមព្រះ​ជាជាង​មនុស្ស​នោះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ) ។

  • តើព្រះគង់នៅជាមួយ​នឹង​ពេត្រុស និងពួកសាវក​ដទៃទៀត​ដោយ​​​របៀប​ណា នៅ​ពេល​ពួកគេ​បាន​គោរព​ទ្រង់​ជាង​ពួក​ក្រុមប្រឹក្សា​នោះ ? ( ព្រះ​បាន​បំពេញ​ពួកគេ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ [ សូមមើល​កិច្ចការ ៤:៨, ៣១] បាន​ជួយពួកគេ​ធ្វើអព្ភូតហេតុ [ សូមមើល​កិច្ចការ ៥:១២-១៦] ហើយ​បានបញ្ជូន​ទេវតា​របស់ទ្រង់​ដើម្បី​រំដោះ​ពួកគេ​​ពី​ក្នុងគុក [ សូមមើល​កិច្ចការ ៥:១៧-២១] ) ។

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់បានជ្រើសរើស​គោរព​តាម​ព្រះ​ជា​ជាង​មនុស្ស​នៅពេល​ណា ? តើ​ព្រះបង្ហាញ​ថា​ទ្រង់​គង់នៅជាមួយ​អ្នក ឬ​បុគ្គល​ម្នាក់​នេះ​ដោយរបៀប​ណា ?

សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពីកិច្ចការ៥:៣៣-៤២ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកឃើញ​គំរូ​បន្ថែម​អំពី​របៀប​ដែល​ព្រះ​អម្ចាស់​គង់នៅ​ជាមួយពេត្រុស និង​ពួកសាវក​ដទៃទៀត ។

សូម​ចង្អុល​បង្ហាញ​ថា យើង​រៀន​នៅក្នុងកិច្ចការ ៥:៣៣ ថាក្រុមប្រឹក្សា​ព្យាយាម​សម្លាប់​ពេត្រុស និង​យ៉ូហាន ។

  • យោងតាម ខទី ៤១-៤២តើ​ពួកសាវក​បន្ដ​ស្មោះត្រង់​ចំពោះព្រះ​អម្ចាស់ ក្នុងពេល​ប្រឈម​មុខ​នឹង​ការគម្រាម​គំហែង​នេះ​យ៉ា​ងដូចម្ដេច ? តើព្រះអម្ចាស់​គង់​នៅជាមួយ​ពួកគេ​ក្នុង​គ្រា​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​ដែល​យើង​បាន​សំគាល់ឃើញ នៅក្នុងមេរៀន​នេះ អាច​ជួយ​យើង​នៅពេល​យើង​រស់នៅ​តាមដំណឹងល្អ​ ហើយ​ចែកចាយ​វា​ជាមួយ​នឹង​អ្នក​នៅជុំ​វិញ​យើង​យ៉ាង​ដូចម្ដេច ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង​ថ្ងៃ​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ៤:១-១៣។ ការ​ចែកចាយ និងការ​ការពារ​ដំណឹងល្អ​ដោយភាព​ក្លាហាន

អែលឌើរ ដាល្លិន អេក អូក នៃ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​​អំពី​របៀប​ដែល​យើង​អាច​ចែកចាយ និង​ការពារ​ដំណឹងល្អ​ដោយ​ត្រឹមត្រូវ​ជាមួយនឹង​​អ្នក​ដទៃ​ ដែល​អាច​នឹង​មិន​យល់​ស្របតាម​​ជំនឿ​របស់​យើង ៖

« ទោះ​បី​ជា​យើង​ព្យាយាម​ធ្វើជា​មនុស្ស​​ស្លូត​បូត និង​ចៀស​វាង​ពី​ការ​ទាស់ទែង​គ្នា​ក្ដី ក៏​យើង​មិន​ត្រូវសម្រប ឬ​បន្ថយ​​ការ​តាំង​ចិត្តរបស់​យើង​ចំពោះ​សេចក្តី​ពិត ​ដែល​យើង​​យល់​ដឹង​ឡើយ ។ យើង​មិន​ត្រូវ​បោះបង់​គោលជំហរ ឬ​តម្លៃ​របស់​យើង​ឡើយ ។ ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សេចក្តី​សញ្ញា​ដែល​យើង​បាន​ធ្វើ​​ដោយ​ពិត​ប្រាកដ នាំ​ឲ្យ​យើង​ក្លាយជា​អ្នក​ប្រ​យុទ្ធ​រវាង​សេចក្តីពិត និង​ការ​ខុស​ឆ្គងដ៏អស់កល្ប​ជានិច្ច ។ វា​ពុំ​មាន​ភាព​ស្មើភាពនៅ​ក្នុង​ការប្រយុទ្ធ​នោះ​ទេ ។ …

« … យើង​ទាំងអស់គ្នា​គួរ​តែ​ធ្វើ​តាម​​ការ​បង្រៀន​​ដំណឹង​ល្អឲ្យស្រឡាញ់អ្នក​ជិត​ខាង​ខ្លួន និងចៀស​វាង​ពី​ការ​ទាស់​ទែង​គ្នា ។ អ្នក​ដើរ​តាម​​ព្រះ​គ្រីស្ទ គួរ​តែ​ធ្វើជា​គំរូមាន​ឥរិយា​បទ​ថ្លៃថ្នូរ ។ យើង​ត្រូវ​ស្រឡាញ់​មនុស្ស​ទាំងអស់ ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ និង​បង្ហាញ​កង្វល់ចំពោះ​​ជំនឿ​​ដ៏​ស្មោះស​របស់​ពួកគេ ។ ទោះបីជា​យើង​អាច​មិន​យល់​ស្របក្តី តែ​យើង​ក៏​មិន​គួរ​បដិសេធ​នោះដែរ ។ ជំហរ និង​ទំនាក់​ទំនង​របស់​យើង​អំពី​ប្រធានបទ​ដ៏​បដិវាទនេះ មិន​គួរ​ជា​បុព្វហេតុ​សម្រាប់​ជំលោះ​នោះទេ ។ យើង​គប្បី​មានភាព​ឆ្លាត​វៃ​ក្នុងការ​ពន្យល់ និង​ការតាំង​ជំហរ​របស់​យើង ហើយ​អនុវត្ត​ឥទ្ធិពល​របស់​យើង » (« Loving Others and Living with Differences »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៦, ២៧ ) ។

កិច្ចការ ៤:១០ ។ « ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​​ដូច​ខាង​ក្រោម​អំពី​​សារៈសំខាន់​នៃ​ព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ ៖

« រាល់អ្វីៗដែលសំខាន់បំផុត​​ដែល​យើងធ្វើ ដែល​ផ្ដោត​ទៅ​លើ​វិវរណៈ គឺ​ព្រះនាម​របស់​ព្រះ​អម្ចាស់ ជា​សិទ្ធិអំណាច ដែល​យើង​ធ្វើ​កិច្ចការ​ក្នុង​សាសនាចក្រ​ ។ រាល់ការអធិស្ឋាន​ដែល​បាន​ធ្វើឡើង ទោះ​ជា​ដោយកុមារតូចៗ​ក្ដី ត្រូវ​បញ្ចប់ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ រាល់ពរជ័យ ពិធីបរិសុទ្ធ ការតែងតាំង កិច្ចការ​ជាផ្លូវការ គឺ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ទ្រង់—សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល​គ. និង ស. ១១៥:៤) » («The Witness »Ensign or Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៦ ) ។

កិច្ចការ ៤:៣២–៣៥ ។ « គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់សម្រាប់​​​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ »

« សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​ទីក្រុង​យេរូសាឡិម ព្យាយាម​រស់នៅ​តាម​ក្រឹត្យ​វិន័យ​នៃ​ការ​ថ្វាយ ។ ‹ ពួកគេ​មាន​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សម្រាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ › (កិច្ចការ ៤:៣២) ប្រហែលជា​ពុំ​មានន័យថា ពួកគេ​បាន​ដាក់​ធនធាន​ទាំងអស់​របស់ពួកគេ​ជុំគ្នា រួច​ហើយ​បែក​ចែង​ចំណែក​ស្មើៗគ្នា​នៅក្នុង​ចំណោម​ពួកអ្នកជឿ​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ​បាន​ប្រើ​ធនធាន​ដែលពួកគេមាន​​នៅសល់​ ដើម្បី​មើលថែ​ដល់​ជនក្រី​ក្រ និង​ខ្វះខាត​នៅក្នុង​ចំណោម​ពួកគេ ។ ការ​ព្យាយាម​ស្រដៀងគ្នាដើម្បីរ​ស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ កើត​មាន​ឡើង​​នៅក្នុង​ចំណោម​ប្រជាជន​អេណុក និង​នៅក្នុង​ព្រះគម្ពីរមរមន ( សូមមើល​ម៉ូសេ ៧:១៨,នីហ្វៃទី៤ ១:៣-១៨​,​គ និង ស ១០៥:៣-៥) » (New Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៨៦–៨៧) ។