បណ្ណាល័យ
មេរៀន​ទី ១៣២ ៖ ធីម៉ូថេ​ ទី​២ ៣-៤


មេរៀន​ទី ១៣២

ធីម៉ូថេ​ ទី​២ ៣-៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​ទៅកាន់​ធីម៉ូថេ ហើយ​បាន​ពន្យល់​ថា ការ​ក្បត់​សាសនា និង​អំពើ​ទុច្ចរិត​នឹង​រាលដាលពាស​ពេញ​នៅ​ក្នុង​ជំនាន់​របស់​ពួកគេ​ក៏​ដូចជា​នៅ​ថ្ងៃ​ចុង​ក្រោយ​ផង​ដែរ ។ លោក​បាន​ណែនាំ ​ធីម៉ូថេ​ ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​ពិត ដែល​លោក​ធ្លាប់​បាន​បង្រៀន​​រួច​មកហើយ ។ ប៉ុល​បាន​បង្រៀន​អំពី​គោលបំណង​នៃ​បទគម្ពីរ ។ ប៉ុល​បញ្ចប់​សំបុត្រ​រ​បស់​លោក​ដោយ​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ ឲ្យ​ខំប្រឹងបំពេញ​ការ​ងារ​បម្រើ​របស់​ខ្លួន​ ។

យោបល់​សម្រាប់​ការបង្រៀន

ធីម៉ូថេ ទី២ ៣

ប៉ុល​ពិពណ៌នា​ពី​គ្រា​ដ៏លំបាក​នៅ​ថ្ងៃ​ចុងក្រោយ

ពីមុន​ថ្នាក់​ចាប់ផ្ដើម ចូរ​សុំ​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់​ដែល​បាន​មក​ដល់​ដំបូង​គេ​​ឲ្យ​គូរ​រូប​នៅ​លើ​ក្ដារខៀន​ស្ដីពី​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់ ឬ​​ហានិភ័យ​មួយ ។ បន្ទាប់​ពី​ថ្នាក់​ចាប់ផ្ដើម សូម​សួរ​សិស្ស​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ប្រើ​ពាក្យ​អ្វី​ ដើម្បី​ពិពណ៌នា​ពី​ស្ថានភាព​ដែល​បាន​គូរ​នៅ​លើ​ក្ដារខៀន ?

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​សំបុត្រ​ទី​ពីរ​របស់​លោក​ដល់​ធីម៉ូថេ ប៉ុល​បាន​ព្យាករ​ពី​ស្ថានភាពនៅ​ក្នុង​ជំនាន់​លោក និង​ជំនាន់​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ៣:១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​រៀបរាប់​ពី​គ្រា​​ដែល​យើង​រស់​នៅ​យ៉ាង​ដូចម្ដេច ។

  • តើ​ប៉ុល​បាន​រៀបរាប់​ពី​គ្រា​ដែល​យើង​រស់​នៅ​យ៉ាង​ដូចម្ដេច ? ( ប្រសិន​​បើ​ចាំបាច់ សូម​ពន្យល់​ថា ពាក្យ ដ៏​លំបាក មាន​ន័យ​ថា​ពោរពេញ​ដោយ​គ្រោះថ្នាក់ ឬ​ហានិភ័យ ) ។

  • តើ​ហានិភ័យ ឬ​គ្រោះថ្នាក់​ខាង​វិញ្ញាណ ឬ​ខាង​សីលធម៌​មួយ​ចំនួនអ្វីខ្លះ​ ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​ក្នុង​ជំនាន់​របស់​យើង​ ?

សូម​បំបែក​​សិស្ស​ទៅជា​គូៗ ។ សូម​ចែក​ច្បាប់​ចម្លង​អំពីតារាងនៅ​ខាង​ក្រោមឲ្យ​ដៃគូ​នីមួយៗ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​អាន ធីម៉ូថេទី ២ ៣:២–៧ ហើយ​ឆ្លើយ​សំណួរ​នៅ​ក្នុង​តារាង ។ សូម​ណែនាំ​ពួកគេ​ឲ្យ​ប្រើ​សេចក្ដីយោង​ជា​ជំនួយ​​សម្រាប់​ពាក្យ​ពិបាកៗ ។

រូបភាព
handout

ធីម៉ូថេ​ទី ២ ៣:២-៧

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៣២

តើ​ឧទាហរណ៍​មួយ​ចំនួន​អំពីស្ថានភាពនៅ​ថ្ងៃ​ចុងក្រោយ ​ដែល​ប៉ុល​បាន​រៀប​រាប់​មាន​អ្វីខ្លះ ?

នៅ​ក្នុង​ចំណោម​ស្ថានភាពទាំង​នេះ ​តើ​ស្ថានភាពណា​មួយ​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​នៅ​សម័យ​របស់​យើង ? ( ប្រាប់​អំពី​ស្ថានភាពទាំងនោះ​ឲ្យ​បាន​ពីរ ឬ​បី) ។ ហេតុអ្វី​ស្ថានភាពទាំងនេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ម៉្លេះ ?

ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា រួម​បញ្ចូល​ទាំង​ហេតុផល​ដែល​ស្ថានភាពទាំងនេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ម្ល៉េះ ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា ពួកគេ​ធ្លាប់​ព្រួយ​បារម្ភ​ ថា​ពួកគេ​អាច​នឹង​រង​ឥទ្ធិពល​​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សាដែរ​ឬទេ ។

  • យោង​តាម​ចំណុច​បញ្ចប់​នៃ ធីម៉ូថេទី ២ ៣:៥តើ​ប៉ុល​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វីខ្លះ ​ដែល​វា​ក៏​អាច​ជួយ​នៅ​ជំនាន់​របស់​យើង​ផង​ដែរ​នោះ ? ( យើង​គួរ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត ) ។

សូម​សង្ខេប ធីម៉ូថេទី ២ ៣:៨–១១ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ថា ​អស់អ្នកដែល​តោង​ជាប់​នឹង​សេចក្ដី​ពិត​នឹង​មើលឃើញ​ពី​ភាព​ល្ងង់​ខ្លៅ​របស់​ពួកគេ ។ លោក​ក៏​បាន​សរសេរ​អំពីគ្រោះថ្នាក់ និង​ការ​បៀត​បៀន​ជាច្រើន​ដែល​លោក​បាន​ស៊ូទ្រាំ ដោយសារ​ការ​ខិតខំ​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អរបស់​លោក​​ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី ២ ៣:១២-១៣ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា តើប៉ុល​បាន​ព្យាករ​ថា​អ្វីខ្លះ​នឹង​កើត​ឡើង​ដល់​​អស់អ្នកដែល​រស់​នៅ​តាម​ដំណឹងល្អ ។

  • តើ​ប៉ុល​បាន​ព្យាករ​ថា​នឹង​មាន​អ្វីខ្លះ​កើត​ឡើង​ដល់​អស់អ្នក ដែល​រស់​នៅ​តាម​ដំណឹងល្អ ?

សូម​ពន្យល់​ថា ថ្វី​បើ​​​ស្ថានភាពដ៏​អាក្រក់ទាំងនេះ​មាន​ភាព​ធ្ងន់​ធ្ងរក្ដី ក៏​យើង​អាច​រកបាន​ជំនួយ និង​ការការពារ​ផង​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានធីម៉ូថេទី ២ ៣:១៤-១៥​ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា តើប៉ុល​បាន​បង្រៀន​ថាមាន​​អ្វីខ្លះ​អាច​ជួយ​យើង​ឲ្យ​បែរ​ចេញ​ពី​គ្រោះថ្នាក់​ទាំងនេះ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះអំពី​ការ​តតាំង​នឹង​គ្រោះថ្នាក់​ដែល​លោក​បាន​រៀបរាប់ ?

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា​នៅ​ក្នុង ខទី ១៤ ដែល​ថា « ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​​វិញ » នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​អត្ថន័យ​​នៃ ឃ្លា​នេះ​ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ក្នុង​វេលា​នៃ​ការ​ភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ជំហរ​ដែល​អ្នក​បានយកឈ្នះ​រួច​មកហើយ​នោះ ។ …ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយបញ្ហា​ផុសចេញមក ដំណោះ​ស្រាយ​មិនអាច​កើតមាន​ភ្លាមៗ​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់» (« ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ​ ៩៣–៩៤ ) ។

សូម​ចង្អុល​បង្ហាញ​ថា​ឃ្លា « ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា » នៅ​ក្នុង ខ​ទី ១៤ ។ សូម​ពន្យល់​ថា យើង​អាច​រៀន ហើយ​ទទួល​ការ​អះអាង​នៃ​សេចក្ដីពិត​មក​ពី​ប្រភព​ដែល​ទុក​ចិត្ត​បាន​ដូចជា ​ពួក​ព្យាការី ពួក​ថ្នាក់​ដឹកនាំ ពួក​គ្រូបង្រៀន ឪពុកម្ដាយ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​មកពី ខ​ទី ១៤–១៥ អំពី​របៀប​យក​ឈ្នះ​​លើ​គ្រោះថ្នាក់​ខាង​វិញ្ញាណនៅថ្ងៃ​ចុង​ក្រោយ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​បន្ត​នៅ​ក្នុង​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​មក​ពី​ប្រភព​ដែល​ទុក​ចិត្ត និង​នៅ​ក្នុង​បទគម្ពីរ នោះ​យើង​អាច​យក​ឈ្នះ​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នៅ​ថ្ងៃ​ចុង​ក្រោយ​បាន ) ។

  • តើ​ការ​ពឹង​ផ្អែក​លើ​បទគម្ពីរ និង​សេចក្ដីពិត​ដែល​យើង​បាន​រៀន​ អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​គ្រោះថ្នាក់​​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្លាប់​ជ្រើស​រើស​ពឹង​ផ្អែក​លើ​សេចក្ដីពិត ​ដែល​អ្នក​បាន​រៀន​នៅ​ពេល​ណា​ ? តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ ? ( ដំបូង អ្នក​អាច​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​ នៅ​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ​សៀវភៅ​កត់ត្រា​​ក្នុង​ថ្នាក់​របស់​ពួកគេ រួច​ហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វីដែល​​ពួកគេ​បាន​សរសេរ ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ធីម៉ូថេទី ២ ៣:១៦-១៧ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ថា​តើប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​បទគម្ពីរ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ការ​សិក្សា​បទគម្ពីរ ​ដែល​អាច​ជួយ​​នៅ​ក្នុង​ជំនាន់​របស់យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​អាច​រៀន​ពី​គោលលទ្ធិ ហើយ​ទទួល​បាន​នូវ​ការ​កែតម្រូវ និង​ការណែនាំ​ដែល​នឹង​ជួយ​យើង​​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​គូស​រង្វង់​លើ​ពាក្យ គោលលទ្ធិ ការ​កែតម្រូវ និង ការណែនាំ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​អ្នក​បាន​សរសេរ​​នៅ​លើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយ​ដែល​បទគម្ពីរ​បាន​ជួយ​ពួកគេ​​នៅ​ក្នុង​របៀប​មួយ​ដូចខាង​ក្រោម​នេះ ៖ (១) ដើម្បី​យល់​ដឹង​ពី​គោលលទ្ធិ​មួយ​នៃ​ដំណឹងល្អ (២) ដោយ​ផ្ដល់​ជា​ភស្ដុតាង​សារជា​ថ្មី ឬ​ការ​កែតម្រូវ​ទាក់ទង​នឹង​រឿង​មួយ​នៅ​ក្នុង​ការគិត ការ​ជ្រើស​រើស ឬ​ឥរិយាបថ​របស់​ពួកគេ​ដែលមិន​ត្រឹមត្រូវ ឬ (៣) ដោយ​ផ្ដល់​ជា​ចម្លើយ​មួ​យ​ចំពោះ​ការអធិស្ឋាន ឬ​ការ​ផ្ដល់​ការណែនាំ​អំពី​របៀប ​ដែល​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​មួយ​បាន ។ ចូរ​ទុក​ពេល​ឲ្យ​សិស្ស​គិត​ពី​បទពិសោធន៍​នានា រួចហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែក​ចាយ​​ពី​អ្វី​ដែល​ពួកគេ​គិត​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​​អ្វី​​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​ រួម​​ទាំង​អំពើបាប​ពី​អតីតកាល​ផង​ដែរ ) ។

  • ចំពោះ​​អ្វីដែល​យើង​បាន​រៀន​អំពី​តម្លៃ​នៃ​បទគម្ពីរ ហេតុ​អ្វី​អ្នក​គិត​ថា​ យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​វា​ជា​ប្រចាំ​ថ្ងៃ ?

ចូរ​ឲ្យ​សំណៅ​ដល់​សិស្ស​អំពី​​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​​ដោយ​អែលឌើរ រីឆាដ ជី ស្កត​ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ពាក្យ​ទូន្មាន និងការ​សន្យា​របស់​អែលឌើរ ស្កត ទាក់ទង​នឹង​ការ​សិក្សា​ព្រះគម្ពីរ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« សូម​កុំ​​ជឿ​ពាក្យ​​កុហក​របស់​សាតាំងថា បង​ប្អូន​​គ្មាន​ពេល​សិក្សា​ព្រះគម្ពីរ​ឲ្យសោះ ។ សូម​ជ្រើសយក​ពេល​សិក្សា​ព្រះគម្ពីរ​ទាំងនោះ ។ ការ​ទទួល​ទាន​បន្ទូល​​​ព្រះ​ជា​រៀងរាល់ថ្ងៃគឺសំខាន់​ជាងការ​ដេក សាលារៀន ការងារ កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​បណ្ដាញ​សង្គម​ទៅ​ទៀត ។ បងប្អូន​ត្រូវ​ស្គាល់​ពី​អាទិភាពខ្លួន​ ដើម្បី​មាន​ពេល​សិក្សា​បន្ទូល​​ព្រះ។ ប្រសិន​បើ​ដូច្នេះមែន សូម​ធ្វើ​ចុះ !

« … ពេល​បងប្អូន​លះបង់​ពេល​វេលា​រាល់ថ្ងៃ ទាំង​ពេល​ផ្ទាល់ខ្លួន និងជាគ្រួសារ​ដើម្បី​សិក្សា​បន្ទូល​ព្រះ នោះ​សេចក្តីសុខសាន្ត​នឹង​កើត​មាន​ក្នុង​ជីវិត​បងប្អូន » ( « Make the Exercise of Faith Your First Priority »​ EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៤ ទំព័រ ៩៣ ) ។

សូម​ថ្លែង​ទីបន្ទាល់អំ​ពី​សុវត្ថិភាព និង​សេចក្ដី​សុខសាន្ត​ដែល​កើត​មាន​ដល់​អស់អ្នក​ដែល​បន្ត​នៅ​ក្នុង​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា ពេល​​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដោយ​ផ្អែក​ទៅ​លើ​ការ​បំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

ធីម៉ូថេ​ទី ២ ៤

ប៉ុល​ប្រកាស​ថា លោក​បាន​តយុទ្ធ​យ៉ាង​ល្អ ហើយ​​ប្រាប់​ធីម៉ូថេ​ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ

សូម​ឲ្យ​សិស្ស​លើក​ដៃ ប្រសិន​បើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ថា​ចង់​ចុះ​ចាញ់​ចំពោះ​ការងារ​មួយ​ដែល​លំបាក ។

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្វីខ្លះ​​ នៅ​ពេល​អ្នក​ស៊ូទ្រាំ​ ទោះ​ជា​អ្នកបាន​​ចង់​ចុះ​ចាញ់​ក្ដី ?

សូម​ពន្យល់​ថា ធីម៉ូថេទី ២ ទំនង​ជា​សំបុត្រ​ចុង​ក្រោយ ​ដែល​ប៉ុល​បាន​សរសេរ​ពី​មុន​លោក​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន ធីម៉ូថេទី២ ៤:១–៥ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​ដល់​ធីម៉ូថេ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ឲ្យ​អាន​បទគម្ពីរ​ដូចគ្នា ​ហើយ​រក​មើល​ការ​ព្យាករ​របស់​ប៉ុល​អំពី​អនាគត​នៃ​សាសនាចក្រ​គ្រីស្ទាន​កាល​ពី​បុរាណ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ប្រើ​លេខ​យោង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​អាន ។ បន្ទាប់​ពីពួកគេ​បាន​អាន​ហើយ សូម​អញ្ជើញ​សិស្ស​មកពី​ក្រុម​នីមួយៗ​ប្រាប់​ថា​ពួកគេ​រក​ឃើញ​អ្វីខ្លះ ។

សូម​ពន្យល់​ថា ខ​ទី ៣–៤ កត់ត្រា​នូវ​ការ​អត្ថាធិប្បាយ​របស់​ប៉ុល​ស្ដីពី​ការ​ក្បត់​សាសនា​ដែល​កំពុង​ចាប់​ផ្ដើម​កើត​ឡើង​​នៅ​ក្នុង​សាសនាចក្រ ។ ឥរិយាបថ​ដូចជា​អ្វី​ដែល​ប៉ុល​បាន​រៀបរាប់នោះ​​ដឹកនាំ​ទៅ​រក​ការ​ក្បត់​សាសនា​ដ៏​ធំ ដូច្នោះ​វា​ជា​ការ​ចាំបាច់​ដែលត្រូវ​មាន​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។

  • ហេតុអ្វី​អ្នក​គិត​ថា​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​បន្ត​ប្រកាស​ដំណឹងល្អ ហើយ​ធ្វើ​ការបម្រើ​ដល់​ប្រជាជន ទោះ​ជា​លោក​បាន​ដឹង​ថា មាន​មនុស្ស​ជាច្រើន​នឹង​ងាក​ចេញ​ពី​សេចក្ដី​ពិត​នោះ ?

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ធីម៉ូថេទី ២ ៤:៦-៨​ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ថា​តើប៉ុល​បាន​សរសេរ​អ្វីខ្លះ​អំពី​ការ​ខិត​ខំ​របស់​លោក​ក្នុង​ការ​ប្រកាស​ដំណឹងល្អ ។

  • តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ អំពី​ការ​ខិតខំ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ? ( សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​ប្រៀបធៀប​របស់​ប៉ុល​អំពី​ការ​តយុទ្ធ​យ៉ាង​ល្អ និង​ការ​រត់​ប្រណាំង​ជា​ស្រេច ​ពិពណ៌នា​ពី​របៀប​ដែល​លោក​បញ្ចប់​បេសកកម្ម​របស់​លោក​ដោយ​ស្មោះ​ត្រង់ ) ។

  • យោង​តាម ខ​ទី ៨​តើ​ប៉ុល​បាន​ដឹង​ថាមាន​​អ្វីខ្លះ​​កំពុង​រង់​ចាំ​លោក​ក្រោយ​ពី​សេចក្ដី​ស្លាប់ ?

  • តើ​យើង​អាច​រៀន​​គោលការណ៍​អ្វីខ្លះ​ចេញមក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ការ​ខិតខំ​របស់​យើង ​ដើម្បី​បន្ត​ស្មោះ​ត្រង់​នៅ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ធ្វើ ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ដែល​មាន​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​បន្ត​ស្មោះ​ត្រង់​ចំពោះ​អ្វីៗ ​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ធ្វើ នោះ​យើង​នឹង​ទទួល​បាន​មកុដ​នៃ​សេចក្ដី​សុចរិត ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា ការ​ទទួល​បាន « មកុដ​នៃ​សេចក្តីសុចរិត » រួម​មាន​ទាំង​ការ​ប្រែ​ក្លាយ​ដូចជា​​ព្រះវរបិតា​សួគ៌​ផង​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្ដារខៀន​ អំពី​តម្រូវការ​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យុវវ័យ​នៃ​សាសនាចក្រ​​នេះ​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ព្រះ​វរបិតា​​ពួកគេ​​ដែល​នៅ​គង់​នៅ​ស្ថានសួគ៌ ។

  • ហេតុអ្វី​យុវវ័យ​អាច​នឹង​ជ្រើស​យក​ការ​ចុះចាញ់​ ក្នុង​ការ​មាន​ភាពស្មោះត្រង់​ចំពោះ​តម្រូវការ​មួយ​ចំនួនទាំងនេះ​ ?

  • តើ​អ្នកមាន​​ស្គាល់​នរណា​ម្នាក់ ​ដែល​ជា​គំរូ​ល្អ​មួយ​នៃ​ការ​បន្ត​ស្មោះ​ត្រង់​ដូចជា​ប៉ុល ទោះ​ជា​មាន​ការ​លំបាក​ក្ដីឬទេ​ ? តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ ​ដែល​បង្ហាញ​ពី​គោលការណ៍​នេះ ?

សូម​សង្ខេប ធីម៉ូថេទី ២ ៤:៩–២២ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​ពន្យល់​ថា ទោះ​ជា​លោក​មាន​អារម្មណ៍​ឯកោ​ខ្លះៗ​នៅ​ក្នុង​កិច្ចការ​​របស់​លោក​ក្ដី ក៏​ព្រះអម្ចាស់​បាន​គង់​នៅជាមួយ​នឹង​លោក ហើយ​បានពង្រឹង​លោក​ដែរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ស្មោះ​ត្រង់ ​នៅ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—ធីម៉ូថេទី២ ៣:១៥-១៧

សូម​ឲ្យ​សិស្ស​បត់​ក្រដាស​ជា​បី​ផ្នត់ ដោយ​បង្កើត​ជា​ជួរ​ឈរ​បី ។ សូម​​ពន្លាត​ក្រដាស​នោះ​មកវិញ ហើយ​សរសេរ​ពាក្យ គោលលទ្ធិ នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទីមួយ ផ្ដល់​ជា​ភស្ដុតាង​​ថ្មី និង​ការ​កែតម្រូវ នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទី​ពីរ និង ការណែនាំ​នៅ​ក្នុង​សេចក្ដីសុចរិត នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​ទី​បី ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ក្រដាស​នេះ​ជា​វត្ថុ​ស៊ក​ចំណាំ​ក្នុង​សៀវភៅ​មួយ​ នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​រយៈពេល​​មួយ​សប្ដាហ៍ ដោយ​សរសេរ​ផ្នែក​ដ៏​សមរម្យ រាល់​ពេល​ពួកគេ​អាន​នូវ​បទគម្ពីរ​មួយ​ ដែល​វា​បំពេញ​តាម​​គោលបំណង​មួយ​​នៅ​ក្នុង​ចំណោម​គោលបំណង​ទាំងនេះ ។ ឧទាហរណ៍ នៅ​ក្រោម​ចំណង​ជើង គោលលទ្ធិ សិស្ស​អាច​សរសេរ​សេចក្ដី​យោង​បទគម្ពីរ និង​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ពួកគេរៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។ នៅ​ក្រោម​ចំណង​ជើង ផ្ដល់​ជា​ភស្ដុតាង​ថ្មី និង​ការ​កែតម្រូវ សិស្ស​អាច​សរសេរ​សេចក្ដី​យោង​បទ​គម្ពីរ និង​របៀប​ដែល​បទគម្ពីរ​នោះ​​កែតម្រូវ​គំនិត​ខុស​ឆ្គង ឬ​ការ​ជ្រើស និង​ឥរិយាបថ​នានារបស់​ពួកគេ ។ ហើយ​នៅ​ក្រោម ការណែនាំ​នៅ​ក្នុង​សេចក្ដី​សុចរិត​ សិស្ស​អាច​កត់ត្រា​បទគម្ពីរ​ដែល​ផ្ដល់​ជា​គំនិត​ចំពោះ​កិច្ចការ​ល្អៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​យក​ក្រដាស​នេះ​មក​វិញ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ ដើម្បី​បរិយាយ​ប្រាប់ពី​បទពិសោធន៍​របស់​ពួកគេ ។ អ្នកអាច​នឹង​ចង់​ដាក់​ការ​រំឭក​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ ឬ​សៀវភៅ​សិក្សា​របស់​អ្នក​ ដើម្បី​មាន​ការ​ពិភាក្សា​ខ្លី​មួយក្នុង​​មួយ​សប្ដាហ៍​​ ដើម្បី​រំឭក​ចំណេះចំណាន​ខគម្ពីរ​នេះឡើង​វិញ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ធីម៉ូថេទី ២ ៣:១–៧ ។ « នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ការ​លំបាក​ដែល​បាន​ព្យាករ​នៅ​ក្នុង ធីម៉ូថេទី ២ ៣:១–៧ គឺជា​​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុងកើត​មាន​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ ។

« ខគម្ពីរ​ទាំង​នេះ​ប្រើជា​ការ​ព្រមានមួយ ដែល​បង្ហាញ​ពីលំនាំ​នានា​​ដើម្បី​ចៀសវាង ។ យើង​ត្រូវ​តែ​ប្រយ័ត្ន និង​ឧស្សាហ៍ជានិច្ច ។ យើង​អាច​រំឭកអំពី​​ការព្យាករនីមួយៗ​នៃ​ការព្យា​ករនីមួយៗ​​ទាំងនេះ ហើយ​ដាក់​គំនូស​​ចំណាំ​មួយ​ជិត​នោះថា នៅ​បច្ចុប្បន្នកាល និងអំពី​​កង្វល់នៅ​​ក្នុង​ពិភពលោក​សព្វថ្ងៃ ៖

« គ្រា​ដ៏​លំបាក—គឺ​ជា​បច្ចុប្បន្ន​នេះ ។ យើង​រស់នៅក្នុង​គ្រា​​មិន​ទៀងទាត់ ។

« ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ និង​អួត​អាង—​​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​មាន​នៅក្នុង​​ចំណោម​យើង ។

« មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ​ មិន​ស្រឡាញ់​តាម​ធម្មតារបស់​​មនុស្ស—អ្វីៗ​ទាំង​អស់​នេះ​មាន​យ៉ា​ង​ច្រើន ។

« ពួក​អាក្រក់​ និង​ពួក​ឆបោក ជាដើម—​ទាំងអស់​នេះ អាច​ត្រូវ​បាន​គូស​ចំណាំ​អំពី​ភស្ដុតាង​ដែល​មាន​​នៅ​ជុំ​វិញ​យើង​ទាំង​អស់គ្នា » ( « The Key to Spiritual Protection » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១៣ ទំព័រ​ ២៦) ។

បន្ទាប់​មក​ទៀត​នៅ​ក្នុង​សុន្ទរកថា​នេះ ប្រធាន ​ផាកកឺ ​បាន​បន្ត​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​គឺជា​គន្លឹះដើម្បីការពារ​ខ្លួន​យើង​នៅក្នុង​គ្រា​ដ៏​លំបាកៗ​​នៅ​ថ្ងៃ​ចុងក្រោយនេះ ។

ធីម៉ូថេទី២ ៣:១៤ ។ « ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ »

អែលឌើរ ប៉ូល ប៊ី ផែបភើរបាន​ថ្លែងថា

« សព្វថ្ងៃ បញ្ហានេះនៅតែបន្ដមាន ។ សំឡេង​លោកិយ​កើន​ឡើង​យ៉ាង​ច្រើន និងខ្លាំងក្លា ។ វា​បង្កើន​ការជម្រុញ​ដល់​អ្នក​ជឿ​ទាំងឡាយ​ឲ្យបោះបង់ជំនឿនានា ដែលពិភព​លោកចាត់ទុកថា មិនសមហេតុផល ឬ គ្មាន​មូលហេតុ​ត្រឹមត្រូវ ។ … ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​ជន​រងគ្រោះ ហើយ​ត្រូវការនូវ​​ការ​អះអាង​ខាង​វិញ្ញាណ​កាន់​តែ​ខ្លាំង ។ ព្រះអម្ចាស់បានប្រាប់ អូលីវើរ ខៅឌើររី ថា

« ‹ បើ​សិន​ជា​អ្នក​មាន​បំណង​ចង់​បាន​សាក្សី​ថែម​ទៀត ចូរ​ដាក់​គំនិត​ទៅ​លើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​នូវ​សេចក្ដី​ពិត​អំពី​ការណ៍​ទាំងឡាយ​នេះ ។

« ‹ តើ​យើង​ពុំ​បាន​និយាយដោយ​ភាព​សុខ​សាន្ត​ដល់​គំនិត​របស់​អ្នក​អំពី​ការណ៍​នេះ​ទេ​ឬអី ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? › ( គ. និង ស. ៦:២២–២៣ ) ។

« ព្រះអម្ចាស់បានរំឭកដល់ អូលីវើរ​ និងយើងឲ្យពឹងផ្អែកលើសាក្សីផ្ទាល់ខ្លួនដ៏​ពិសិដ្ឋ​ដែលបាន​ទទួល​រួច​ហើយ​នោះ នៅពេល​សេចក្ដីជំនឿ​របស់​យើងត្រូវបាន​សាកល្បង ។ … ការ​តយុទ្ធ​ដ៏​ទេវភាព​ទាំងនេះ​​ដើរ​តួ​ជា​យុថ្កា​ខាង​វិញ្ញាណ​ ដើម្បី​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព​នៅ​ក្នុង​គ្រា​ទាំងឡាយ​នៃ​ការ​សាកល្បង » ( « To Hold Sacred » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១២ ទំព័រ ​១១០–១១ ) ។

ធីម៉ូថេទី២ ៤:៧–៨ ។ « ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច »

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​​សេចក្ដី​សង្ឃឹម​ដល់​យើង​ទាំងអស់​គ្នា​​ ដែល​ជំពប់​ជើង​ដួល​នៅ​ក្នុង​ការ​រត់ប្រណាំង​របស់​យើង​​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ៖

« នៅ​ក្នុងជីវិត យើង​មិន​បាន​នាំ​មក​ផែនដី​នេះ​ ​ដោយ​គ្រាន់​តែ​ចាប់​កំណើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​ប៉ុណ្ណោះ​ទេ ។ យើង​មក​ដោយ​មាន​បេសកកម្ម​ និង​គោល​បំណង​មួយ ហើយ​វា​គឺជា​ការ​កាន់​ខ្ជាប់​ដល់​ចុង​បំផុត ។ …

« ប្រសិន​បើ​អ្នក​ធ្លាប់​ដើរ​ខុស​នៅ​ក្នុង​ជីវិត​ជា​យុវវ័យ​របស់​អ្នក សូម​កុំឲ្យ​ការ​បាក់​ទឹក​ចិត្ត​យក​ឈ្នះ​លើ​អ្នក​នោះឡើយ ។ ការ​ជំនុំជម្រះ​របស់​ព្រះអម្ចាស់​ ពុំ​មែន​ជាចាត់​ថ្នាក់​​​មធ្យមភាគ​លើ​ពិន្ទុ​ខាង​វិញ្ញាណ—ដោយយក​អំពើ​បាប​ និង​កំហុសពីមុន​មក​​រក​មធ្យម​ភាគ​នៃ​ពិន្ទុ​ចុងក្រោយ​នោះ​ទេ ។ ទ្រង់​បាន​សន្យា​ថា ‹ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន ​អ្នក​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​​ព្រះ​អម្ចាស់​ ​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ › ( គ. និង ស. ៥៨:៤២ ) ។

« ដូច្នេះ ប្រសិន​បើ​អ្នក​ពុំ​ស្ថិត​នៅ​កន្លែង​ដែល​អ្នក​ចង់​នៅទេ សូម​សម្រេច​ចិត្ត​នៅ​ថ្ងៃ​នេះ​ដើម្បី​ទៅ​ឲ្យ​ដល់​ទីនោះ ។

« កម្រិត​នៃ​ជីវិត​យើង​នឹង​ទទួល​បាន​ពិន្ទុ​តាម​របៀប​ដែល​យើង​រស់​នៅ​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃការ​សង្គ្រោះ​របស់​យើង—ពិធី​បុណ្យ​ជ្រមុជទឹក ការ​ទទួល​​ព្រះវិញ្ញាណ​បរិសុទ្ធ ការ​លាង​សម្អាត ការ​តាំង​ប្រេង អំណោយទាន​ពិសិដ្ឋ និង​ការ​ផ្សារភ្ជាប់បាន​ល្អ​ប៉ុណ្ណា ។

« អ្នក អាច ទៅ​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ជាមួយ​នឹង​មនុស្ស​​គ្រប់គ្នា​បាន ។

« ‹ ចូរឆ្ពោះ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ… ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យ​ជម្នះ ! › ( គ. និង ស. ១២៨:២២ ) » ( « Ten Axioms to Guide Your Life » Ensign ខែ​ កុម្ភៈ ឆ្នាំ​២០០៧ ទំព័រ​ ២៩ ) ។