បណ្ណាល័យ
មេរៀនទី ៥៥ ៖ លូកា ១៧


មេរៀនទី ៥៥

លូកា ១៧

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួកសិស្ស​របស់ទ្រង់​អំពី​តម្រូវ​ការ​ដើម្បីអភ័យទោស​អ្នកដទៃ ។ បន្ទាប់​មក ពួក​សាវក​បានសូម​​ឲ្យព្រះយេស៊ូវ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ ។ ក្នុង​ការ​ឆ្លើយ​តប ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកគេ​​នូវ​រឿង​ប្រៀបធៀប​អំពី​បាវ​ឥត​ប្រយោជន៍ ។ ក្រោយមក ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ឃ្លង់​ដប់នាក់ ប៉ុន្តែ​មាន​តែ​ម្នាក់​គត់​ដែល​បាន​ត្រឡប់មក​ថ្លែង​អំណរ​គុណ​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រឈម​នឹង​ពួកផារិស៊ី ហើយ​ទ្រង់​បាន​បង្រៀន​អំពី​ការមក​ដល់​នៃ​នគរ​របស់ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៧:១-១០

ពួកសាវក​បានសូម​ឲ្យព្រះយេស៊ូវ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ ។

សូមអញ្ជើញសិស្ស​ឲ្យគិតអំពី​ស្ថានភាព​ជាក់លាក់​ដែល​អាច​នឹង​តម្រូវ​ឲ្យ​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ ( ដូចជា​ការ​ស្វែងរក​ពរជ័យ​បព្វជិតភាព បង់​ដង្វាយមួយភាគ​ក្នុង​ដប់ ឬ​ផ្ដល់​ការឡើង​និយាយ ឬ​មេរៀន​នៅ​ព្រះវិហារ ) ។ សូម​អញ្ជើញឲ្យ​សិស្ស​​ពីរបីនាក់​រាយកាណ៍ពី​អ្វី​ដែល​ពួកគេ​បាន​គិតពិចារណា​ ហើយ​កត់​ត្រា​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងាត់ៗ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ចង់​បាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ឬទេ ? ប្រសិន​បើដូច្នោះ តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែលបាន​ធ្វើ​ឲ្យ​អ្នកមានអារម្មណ៍​បែបនេះ ?

សូម​អញ្ជើញ​សិស្សឲ្យ​រក​មើល​គោលការណ៍​ទាំងឡាយ នៅ​ពេលពួកគេ​សិក្សាលូកា ១៧​ដែលអាច​ជួយ​ពួកគេ​បង្កើន​សេចក្ដីជំនឿ​របស់ពួកគេ ។

សូមសង្ខេបលូកា ១៧:១-២​ដោយ​​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ដឹកនាំ​អ្នកដទៃ​ឲ្យ​វង្វេង ឬ​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ធ្វើ​បាប នឹង​ទទួលខុសត្រូវ ។

សូមអញ្ជើញសិស្ស​ឲ្យអានលូកា ១៧:៣-៤​ដោយ​ស្ងាត់ៗ រកមើល​បញ្ញត្តិ​មួយ ដែលព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដល់​ពួកសិស្ស​របស់ទ្រង់ ដែល​នឹង​តម្រូវ​ឲ្យមានសេចក្ដីជំនឿ ។

  • យោងតាមខទី ៣តើ​ព្រះយេស៊ូវ​បញ្ជា​ដល់ពួកសិស្ស​របស់ទ្រង់​ឲ្យធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​មាន​នរណា​ម្នាក់បាន​ធ្វើ​ខុស​នឹង​ពួកគេ ?

  • យោងតាមខទី ៤តើ​ពួកសិស្សត្រូវ​​អភ័យទោស​ញឹកញាប់​ប៉ុណ្ណា ? ( សូមគិត​ធ្វើ​ការ​ពន្យល់​ថា ចម្លើយ​របស់ព្រះអង្គសង្គ្រោះ គឺ​ជា​របៀប​មួយ​ដែល​យើង​គប្បី​អភ័យទោស មិន​ថា​ច្រើនដងប៉ុណ្ណា​ ដល់នរណា​ម្នាក់ធ្វើ​ខុស​នឹង​យើង ដែលបាន​ប្រែចិត្តនោះទេ ) ។

  • ហេតុអ្វី​ក៏​វា​ពិបាក​ដើម្បីអភ័យទោស​ដល់នរណា​ម្នាក់​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដដែលៗ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១៧:៥ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​នូវ​អ្វី​ដែលពួកសាវក​ប្រាថ្នា​ចង់បាន​ពី​ព្រះអង្គ​សង្គ្រោះ បន្ទាប់ពី​ទ្រង់​បានប្រាប់​ដល់ពួកសិស្ស​ឲ្យ​អភ័យទោស​ដល់អ្នកទាំងឡាយ​ដែល​បាន​ធ្វើឲ្យពួកគេ​អាក់អន់ចិត្ត ។

  • តើ​ពួកសាវក​ប្រាថ្នា​ចង់បាន​អ្វីខ្លះ​ពី​ព្រះអង្គសង្គ្រោះ ? ( អ្នក​អាចនឹង​ចង់​អញ្ជើញ​សិស្សឲ្យ​គូស​ចំណាំឃ្លា « បង្កើន​សេចក្ដីជំនឿ​របស់​យើង » នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ការ​ស្វែងរក​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះ​អម្ចាស់ អាច​នឹង​ជួយដល់ពួក​សាវកឲ្យ​គោរព​​តាមបទ​បញ្ញត្តិ​ដើម្បី​អភ័យទោស​ដល់អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូមសង្ខេបលូកា ១៧:៦ដោយ​ពន្យល់​ថាក្រោយ​មក ព្រះអង្គ​សង្គ្រោះ បានបង្រៀនដល់​ពួក​សាវក​របស់ទ្រង់​ថា សេចក្ដីជំនឿ​មានទំហំ​តូច​ប៉ុន​គ្រាប់​ពូជ​មួយគ្រាប់ អាច​ធ្វើ​ឲ្យ​មានអព្ភូតហេតុ ។ ដើម្បី​ជួយ​ពួកសាវក​ឲ្យ​ដឹង​អំពី​របៀប​ដើម្បីបង្កើន​សេចក្ដីជំនឿ​របស់ពួកគេ នោះ​ព្រះយេស៊ូវ​បាន​ប្រទាន​រឿង​ប្រៀបធៀប ពិពណ៌នា​អំពី​ទំនាក់ទំនង​របស់​ចៅហ្វាយ និង​អ្នកបម្រើ​ម្នាក់ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សេចក្ដី​ជំនឿ​របស់​យើង​នឹង​កើន​ឡើង​នៅពេល​យើង …

សូម​អញ្ជើញ​​ឲ្យ​សិស្ស​មួយចំនួនតូច​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ១៧:៧-១០​ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​អ្វី​ដែល​ចៅ​ហ្វាយ​រំពឹង​ពីអ្នក​បម្រើ ។

  • តើ​ចៅហ្វាយតម្រូវ​អ្វីខ្លះ​ពី​អ្នកបម្រើ ?

ចូរ​ពន្យល់​ថា នៅ​ក្នុងជំនាន់ក្នុង​​ព្រះគម្ពីរ​ប៊ីប មាន​ចៅ​ហ្វាយ​ម្នាក់​បាន​ផ្ដល់​នូវ​អ្វីៗ​ដែល​ចាំបាច់​​ទាំងអស់​ក្នុង​ជីវិត​ទៅឲ្យ​អ្នកបម្រើ​របស់គាត់ នៅពេល​អ្នកបម្រើ​ស្មោះ​ត្រង់​បាន​បំពេញ​​កាតព្វកិច្ច​ដែល​បាន​រំពឹង​ទុក​របស់​គាត់ ។ ដោយសារតែ​រឿង​នេះ វា​ពុំ​ចាំបាច់​ឲ្យ​ចៅហ្វាយ​ត្រូវ​ផ្ដល់នូវ​ការ​អរគុណ​ជា​ពិសេស​ដល់អ្នកបម្រើ ឬ​មានអារម្មណ៍​ថា​ ជំពាក់គុណ​គាត់​ចំពោះការបំពេញកាតព្វកិច្ចរបស់​គាត់​នោះទេ ។

  • តើ​ព្រះវរបិតាសួគ៌​យើង​ដូចគ្នា​នឹង​លោកចៅហ្វាយ​នៅ​ក្នុង​​រឿង​ប្រៀបធៀប​នេះ​យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​តម្រូវ​អ្វីខ្លះ​ពី​យើង ? ( ឲ្យ « ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ ដែល​បាន​ប្រទាន​ដល់ »​ យើង [ ខ ១០] ) ។

សូមបន្ថែមទៅ​លើ​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន អាន​ដូចតទៅ ៖ សេចក្ដីជំនឿ​របស់​យើង​នឹង​កើនឡើង នៅពេល​យើង​ព្យាយាម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​បញ្ជា ។

ដើម្បី​ជួយសិស្ស​ឲ្យមើល​ឃើញ​នូវអ្វី​ផ្សេងទៀត​ដែល​អាច​បង្កើន​ជំនឿ​របស់ពួកគេ សូម​សួរ​៖

  • យោងតាមខទី ១០តើ​អ្នក​បម្រើ​គួរ​និយាយ​អ្វីខ្លះ បន្ទាប់​ពី​រក្សា​បញ្ញត្តិ​របស់​ចៅហ្វាយ​របស់​ពួកគេ​ហើយនោះ ?

  • តើ​« បាវ​ឥត​ប្រយោជន៍ » មានន័យ​យ៉ាង​ណា ? ( វា​មានន័យថា មិនថា​មនុស្ស​រក្សា​បញ្ញត្តិ​បាន​ល្អ​ប៉ុណ្ណា​ទេ ពួកគេ​គឺ​នៅតែជំពាក់គុណ​ព្រះ​ជានិច្ច ) ។

  • ហេតុអ្វី​ក៏​យើង​ជំពាក់គុណ​ព្រះវរបិតាសួគ៌ជា​និច្ច ទោះជា​ពេល​យើង​គោរពប្រតិបត្តិ ហើយរស់នៅ​ដោយសុចរិត​ក៏ដោយក្តី ? ( ដោយសារ​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់យើងជានិច្ច យើងពុំអាច​បង់​សង​ដល់ទ្រង់ទាំងអស់វិញនោះទេ [ សូម​មើលម៉ូសាយ ២:២០-២៦]) ។

សូមបញ្ចប់​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន​ ដើម្បី​វា​នាំ​ទៅ​គោលការណ៍​ដូច​ខាង​ក្រោម ៖ សេចក្ដីជំនឿ​របស់​យើងនឹង​បង្កើន​ឡើង នៅពេល​យើង​ព្យាយាម​ដើម្បីធ្វើ​អ្វី​ ៗទាំងអស់​ ដែល​ព្រះវរបិតាសួគ៌​បញ្ជា និង​នៅពេល​យើង​ចងចាំ​ថា យើង​ជំពាក់​គុណ​ទ្រង់​ជានិច្ច ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ការ​ព្យាយាម​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែលព្រះវរបិតាសួគ៌​បញ្ជា បង្កើន​សេចក្ដីជំនឿ​របស់​យើងយ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពីគ្រា​មួយ ដែលពួកគេ​បាន​រក្សា​បទបញ្ញត្តិ ឬ​បានបំពេញ​កាតព្វកិច្ចរបស់ពួកគេ​ដោយ​ការ​គោរពប្រតិបត្តិ ហើយ​ជាលទ្ធផល​​មាន​អារម្មណ៍​ថា បាន​បង្កើន​សេចក្ដីជំនឿ​ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យសរសេរគំនិត​របស់ពួកគេ​ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹងសិស្ស​ម្នាក់ទៀត​អំពី​អ្វី​ ដែលពួក​គេ​បាន​សរសេរ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​គំនិតរបស់​ពួកគេ​ជា​មួយសិស្ស​​នៅក្នុង​ថ្នាក់ ។

លូកា ១៧:១១-១៩

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឃ្លង់​ទាំង​ដប់​នាក់

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អំឡុង​ជំនាន់​ក្នុងព្រះគម្ពីរ​ប៊ីប វា​ជា​បញ្ហា​ដ៏ធំមួយ ​ក្នុងការ​រងទុក្ខដោយសារតែ​ជំងឺ​ឃ្លង់​

សូម​ជួយសិស្ស​ឲ្យ​រំឭក​មើល​នូវអ្វី​ដែលពួកគេ​ដឹង​អំពី​ជំងឺ​ឃ្លង់​ តាមរយៈ​សុំ​ឲ្យ​ពួកគេ​ប្រាប់​ដល់​សិស្ស​​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ក្នុង​សេចក្ដីថ្លែង​ការណ៍ ។ ឧទាហរណ៍ សិស្ស​អាច​នឹង​ប្រាប់​ថា ជំងឺ​ឃ្លង់​អាច​នាំ​​ឲ្យ​មានការខូចអវយវៈ និង​សេចក្ដីស្លាប់ ដែលមនុស្ស​ឃ្លង់​ត្រូវ​បំបែក​ចេញពី​មនុស្ស​ផ្សេង​ទៀត​ក្នុង​​សង្គម ដើម្បី​ការពារ​សុខភាព​របស់អ្នកដទៃ ហើយ​ដែល​ពួកគេ​តម្រូវ​ឲ្យ​ស្រែក​​ថា « អសោច ! » ដើម្បី​ព្រមាន​ដល់អ្នកដទៃ​កុំ​ឲ្យមក​រក​ពួកគេ ( សូមមើល Bible Dictionary, « Leper » ) ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៧:១១-១២ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រក​មើល​នរណា​ដែលព្រះយេស៊ូវ​បាន​ជួប នៅពេលទ្រង់បាន​ឈប់​នៅក្នុងភូមិ​មួយ ខណៈពេល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​យេរូសាឡិម ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ប្រសិន​បើ​អ្នកគឺជា​មនុស្ស​ឃ្លង់​ម្នាក់​នៃ​មនុស្ស​ឃ្លង់​ទាំង​នោះ តើអ្នកប្រហែលជា​មាន​អារម្មណ៍​​យ៉ាងណា ពេល​​អ្នកបា​ន​មើល​ឃើញព្រះយេស៊ូវ ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៧:១៣-១៤ ឲ្យ​ឮៗ ។ សូម​អញ្ជើញសិស្ស​ក្នុងថ្នាក់​ឲ្យ​ផ្ទៀងតាម ហើយ​រក​មើល​អ្វី​ដែល​មនុស្ស​ឃ្លង់​បាន​ទូល​ទៅ​ព្រះអង្គសង្គ្រោះ ហើយ​ចម្លើយ​របស់ទ្រង់​ទៅកាន់​ពួកគេ​មាន​អ្វីខ្លះ ។

  • តើ​មនុស្ស​ឃ្លង់​​បាន​សូម​អ្វីខ្លះពី​ព្រះយេស៊ូវ​ ?

  • តើព្រះយេស៊ូវ​បង្រៀនពួកគេឲ្យ​ធ្វើអ្វីខ្លះ ?

សូមពន្យល់​ថា ក្រឹត​វិន័យ​របស់​ម៉ូសេ បានពិពណ៌នាថា មនុស្ស​ឃ្លង់​បង្ហាញខ្លួន​ពួកគេ​ដល់​ពួកសង្ឃ​បន្ទាប់ ពី​ពួកគេ​បាន​ជាសះស្បើយ​ដើម្បី​​អាច​ចូល​ទៅក្នុង​សង្គម​វិញ​បាន ( សូម​មើលលេវីវិន័យ ១៤​) ។

  • តើ​មានអ្វីកើត​ឡើង​នៅពេល​មនុស្ស​ឃ្លង់​ទាំងឡាយ​ចេញទៅ ?

  • តើ​យើង​អាច​រៀនគោលការណ៍អ្វីខ្លះចេញ​មកពី​ខទី ១៤ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីទទួលបាន​ពរជ័យ​ពីព្រះអម្ចាស់ ? ( សិស្ស​គួរ​សំគាល់ឃើញពី​សេចក្ដីពិត​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​ទទួលពរជ័យ​របស់ព្រះអម្ចាស់​នៅពេល​យើង​ធ្វើ​នូវអ្វី​ដែលទ្រង់​បាន​ណែនាំ​ឲ្យ​យើងធ្វើ )

ចូរ​សុំ​ឲ្យសិស្ស​គិតពិចារណា​ថា​ តើ​មាន​អារម្មណ៍​យ៉ាង​ណាក្នុងនាម​ជា​មនុស្ស​ឃ្លង់​ម្នាក់​ដែលបាន​ជា​សះស្បើយនោះ ។

  • តើ​អ្នកគិត​ថា​អ្នកនឹង​បានធ្វើអ្វី​ខ្លះ នៅពេល​អ្នកបាន​ដឹង​ថា​អ្នកត្រូវ​បាន​ជាសះស្បើយ​ពី​ជំងឺ​ឃ្លង់នោះ ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ១៧:១៥-១៩ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​របៀប​ដែល​មនុស្ស​ឃ្លង់​ម្នាក់​មានប្រតិកម្ម​ផ្សេងៗ​ពី​អ្នកដទៃ​ទៀត ។

  • តើ​មនុស្ស​ឃ្លង់សាសន៍សាម៉ារី​បានធ្វើ​អ្វីខ្លះ ដែល​បាន​បង្ហាញ​ពីការ​ដឹងគុណ​របស់គាត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

  • ហេតុអ្វី​លូកា​បានប្រាប់ថា មនុស្ស​ឃ្លង់​ដែល​ដឹងគុណ​នោះ គឺជា​សាសន៍​សាម៉ារី​ម្នាក់—ជាមនុស្ស​ម្នាក់​ដែល​ពួក​យូដា​មើល​ងាយ​បំផុត​នោះ ? តើ​រឿងលម្អិត​អ្វីខ្លះ​ដែល​បាន​ជួយ​ឲ្យយើង​យល់ដឹង​បន្ថែម​អំពីដំណើរ​រឿង​នេះ ?

  • តើ​សេចក្ដីពិតអ្វី​ខ្លះ​ដែល​យើងអាច​រៀនពី​មនុស្ស​ឃ្លង់​ដែលត្រឡប់​មក​ថ្លែង​អំណរគុណ​ដល់ព្រះអម្ចាស់វិញនោះ ? ( សិស្ស​គួរ​សំគាល់ឃើញពី​សេចក្ដីពិត​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ វា​សំខាន់​ដើម្បីបង្ហាញនូវការ​ដឹង​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​យើង​ទទួល ) ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ ដើម្បីបង្ហាញនូវការ​ដឹង​គុណ​ចំពោះ​ពរ​ជ័យ​ទាំងឡាយ​ដែល​យើង​ទទួលនោះ ?

  • តើពេលខ្លះ​​យើងអាច​ប្រៀប​ដូចជា​មនុស្ស​ឃ្លង់​ទាំង​ប្រាំបួន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« បងប្អូនប្រុសស្រី​របស់ខ្ញុំ​អើយ តើ​យើង​ចងចាំថាត្រូវ​ថ្លែង​អំណរគុណ​ចំពោះ​ពរជ័យ ​ដែល​យើង​ទទួល​ឬទេ ? ការ​ថ្លែង​អំណរគុណ​ដោយស្មោះ ពុំ​គ្រាន់​តែ​ជួយ​យើងឲ្យ​ទទួលស្គាល់​ពរជ័យ​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ចាក់​សោរ​បើកទ្វារ​នៃ​ស្ថានសួគ៌​ ហើយ​ជួយ​យើង​ទទួលអារម្មណ៍​ដឹង​ពី​ក្ដីស្រឡាញ់​របស់ព្រះ​ផងដែរ » (« The Divine Gift of Gratitude »Ensign​ឬLiahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៧ ) ។

  • យោងតាមខទី ១៩តើ​ព្រះអង្គ​សង្គ្រោះ​មានបន្ទូលអ្វីខ្លះ​បាន​កើតឡើង​ចំពោះ​មនុស្ស​ឃ្លង់រូប​នេះ​ ដោយសារ​តែ​ទង្វើ​របស់គាត់ ? ( គាត់បានជាសះស្បើយ​ទាំង​ស្រុង ) ។

  • តើ​ការ​ថ្លែងអំណរគុណ​ដល់​ព្រះអម្ចាស់​ចំពោះ​ពរជ័យ​របស់​យើង អាច​ជួយ​យើង​ឲ្យបាន​ជា​សះស្បើយ​​ទាំង​ស្រុង​តាម​របៀប​ណា ?

សូមអញ្ជើញសិស្ស​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​គម្ពីរ​របស់ពួកគេ​នូវពរជ័យ​ជាក់លាក់​មកពី​ព្រះ​វរបិតាសួគ៌ ដែល​ពួកគេ​មានអំណរគុណ​ចំពោះនោះ ។ សូមអញ្ជើញពួកគេ​ឲ្យសរសេរ​អំពី​របៀប​ដែលពួកគេ​អាច​រស់នៅ​ក្នុងការ​ដឹងគុណ​ចំពោះ​ពរជ័យ​ទាំងនោះ ។

លូកា ១៧:២០-៣៧

ព្រះយេស៊ូវ​បង្រៀន​អំពី​ការ​មក​ដល់នៃ​នគរ​របស់ព្រះ

សូម​សង្ខេបលូកា ១៧:២០-៣៧​ដោយពន្យល់​ថា ព្រះយេស៊ូវ​បាន​បង្រៀនអំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ (កំណត់ចំណាំ ៖ ការបង្រៀន​ស្រដៀងគ្នា ត្រូវ​បានបង្រៀនក្នុងសម្ភារ​មេរៀន​សម្រាប់ម៉ាថាយ ២៤និង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ) ។

អ្នកអាច​​បញ្ចប់​មេរៀន ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពីសេចក្ដីពិត ដែល​បាន​ប្រាប់​នៅ​ក្នុង​មេរៀន​នេះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់ពួកគេ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សកម្មភាព​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ជួយសិស្ស​ទន្ទេញ​ចាំ​ចំណេះចំណាន​ខគម្ពីរ ។

សូម​បែងចែក​សិស្ស​ទាំងឡាយ​ជាក្រុម​ដែល​មាន​គ្នា​បួន ឬ​ប្រាំ​នាក់ ។ សូម​ឲ្យក្រុម​នីមួយៗ​នូវ​គ្រាប់ឡុកឡាក់​មួយ និង​ខ្មៅដៃ​មួយដើម ។ ( ប្រសិន​បើពុំ​មាន​គ្រាប់ឡុកឡាក់ទេ អ្នកអាច​ដាក់​​ចំរៀក​ក្រដាស​តូចៗ​ចំនួន​ប្រាំ​មួយ ចាប់​ពី​លេខ ១ ដល់ ៦ នៅក្នុង​ស្រោម​សំបុត្រ​មួយ ឬ​ប្រអប់​មួយ​ផ្សេងទៀត ) ។​ សិស្ស​ម្នាក់​ៗ​នឹង​ចាំបាច់​ត្រូវមាន​ចំរៀក​ក្រដាស​ទទេ​មួយ ។ ចូរ​សុំ​ឲ្យ​ក្រុម​នីមួយៗ​អង្គុយ​គៀក​គ្នា​នៅជុំវិញ​តុ​មួយ ឬ​អង្គុយជា​រង្វង់​មួយ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​បើក​គម្ពីរ​របស់​ពួកគេ​ទៅ​ចំណេះ​ចំណាន​ខគម្ពីរ​ដែលអ្នក​ចង់​ឲ្យពួកគេ​ទន្ទេញ​ចាំ​នោះ ។ សូម​ពន្យល់​ថា គោលបំណង​របស់​សកម្មភាព​នេះ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ទីមួយ​ នៅ​ក្នុង​ក្រុម​ដែល​សរសេរពី​វគ្គគម្ពីរ​ទាំងមូល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សិស្ស​ទាំងឡាយ​ត្រូវ​ប្រើ​ខ្មៅដៃ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុម​នីមួយៗ​នោះ ។ មនុស្ស​ម្នាក់​ដែល​​មានលទ្ធភាព ដើម្បី​ប្រើ​ខ្មៅដៃ ​បោះ​គ្រាប់​ឡុក​ឡាក់​ចំលេខ​ ១ ( ឬ​ចាប់យកក្រដាស​មួយ ដែល​បាន​លេខ ១ ) ។ ​សូមអញ្ជើញ​សមាជិក​ក្នុង​ក្រុម​នីមួយៗឲ្យ ដាក់វេន​គ្នា​បោះ​គ្រាប់​ឡុកឡាក់ ( ឬ​យកក្រដាស​មួយឡើង ហើយ​ដាក់​វា​ចូលវិញ ) ។ នៅពេល​សិស្ស​ម្នាក់​បោះ​ចំលេខ ១ នោះ​សិស្ស​រូប​នោះ យក​​ខ្មៅ​ដៃ ហើយចាប់​ផ្ដើម​សរសេរ​ពាក្យ​ខគម្ពីរ​នៅ​លើ​​ក្រដាស​របស់គាត់ ដោយ​និយាយ​ពាក្យ​នីមួយៗ​ឮៗ ។ ខណៈពេលនោះ អ្នកផ្សេងទៀត​នៅក្នុង​ក្រុម ផ្លាស់វេណ​គ្នា​​បោះ​គ្រាប់ឡុកឡាក់ ។ នៅពេល​ដែល​សិស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​បោះ​ចំ​លេខ ១ សិស្ស​នោះ​យក​ខ្មៅដៃ​ពី​អ្នក​សរសេរ​មុនមក ហើយ​ចាប់​ផ្ដើម​សរសេរ​ខគម្ពីរ​នៅក្នុង​ក្រដាស​របស់​ខ្លួន ​ខណៈ​ដែល​និយាយ​ពាក្យឮៗ ។ អ្នកសរសេរ​ពីមុន ចូលរួម​នឹង​ក្រុម​វិញ​ដើម្បី​ធ្វើការ​បោះ​គ្រាប់ឡុកឡាក់ ។ នៅពេលសិស្ស​ដែលមានលទ្ធភាព​នឹង​កាន់​ខ្មៅដៃ ហើយ​បានសរសរ​នូវ​ផ្នែក​មួយ​នៃ​ខគម្ពីរ​ហើយនោះ នោះ​ពួកគេ​ត្រូវ​តែ​អាន​វគ្គ​នោះ​ឮៗ​មុនពេល​សរសេរ​ខគម្ពី​រ​ថែម​ទៀត ។ ( ការណ៍​នេះ​ផ្ដល់នូវ​ចំនុច​ដដែលៗ​ ដែលនឹង​ជួយសិស្ស​ឲ្យ​ទន្ទេញចាំ​ខគម្ពីរ ) ។ សកម្មភាព​អាចបញ្ចប់​​ពេលសិស្ស​ម្នាក់មក​ពី​ក្រុម​នីមួយ​ៗ​បាន​សរសេរ​ចំណេះ​ចំណាន​ខគម្ពីរ​បានទាំងអស់ហើយ ។

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ខ​ឡើងវិញ​ទាំងអស់​គ្នា​ក្រោយ​ពី​បញ្ចប់​សកម្មភាព​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

លូកា ១៧:១៥-១៦ ។ « មាន​ម្នាក់ … ទម្លាក់​ខ្លួន​ផ្កាប់​មុខ … ហើយ​អរ​ព្រះគុណ​ដល់​ទ្រង់ »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែងអំពី​សារៈសំខាន់​នៃ​ការ​ដឹងគុណ​ ៖

« ទម្លាប់​នៃ​ការ​និយាយ​អរគុណ ​គឺជា​សញ្ញា​នៃ​បុរស​ស្ត្រី​ចេះ​ដឹង​មួយ​រូប ។ …

« … ចូរ​ឲ្យ​ស្មារតី​នៃ​ការ​អរគុណ​ដឹកនាំ និង​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។ សូម​ខិតខំ​ធ្វើឡើង ។ អ្នក​នឹង​រកបាន​វា ហើយវា​នឹង​នាំមកនូវ​លទ្ធផល​ដ៏​អស្ចារ្យ​ » («A Prophet’s Counsel and Prayer for Youth»Ensign,​​ខែ មករា ឆ្នាំ ២០០១ ទំព័រ ៤ ឬ​Liahonaខែ មេសា ឆ្នាំ ២០០១ ទំព័រ ៣២ ) ។

ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​​អំពី​របៀប​ដែល​យើងគប្បី​បង្ហាញនូវការ​ដឹងគុណ​ថា ៖

« ការ​ដឹងគុណ​ គឺមាន​ជ្រាលជ្រៅ​ជាង​ការ​អរគុណ ។ ការចេះ​​អរគុណ គឺជា​ការ​ចាប់​ផ្ដើម​នូវ​ការដឹងគុណ ។ ការ​ដឹងគុណ ​គឺ​ជា​ភាព​ពេញលេញ​នៃ​ការចេះអរគុណ ។ ការ​ចេះអរគុណ អាចមាន​ត្រឹមតែ​ពាក្យសម្ដី ។ ឯការ​ដឹងគុណ ​គឺ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ទង្វើរ​ទាំងឡាយ » ( « The Meaning of Thanksgiving »​Improvement Era,ខែ វិច្ឆិកា ឆ្នាំ ១៩៦៤ ទំព័រ ៩១៤ )​ ។

ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ លូកា ១៧:២១ ។ « នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ »

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី « នគរ​របស់ព្រះ » ដូច​ខាង​ក្រោម ៖

« មនុស្ស​ខ្លះ​និយាយថា នគរ​ព្រះ គឺ​ពុំ​មាន​នៅលើ​ផែនដី​ទេ រហូត​ដល់​ថ្ងៃនៃ​បុណ្យ​ថ្ងៃ​ទី​ ៥០ ហើយ​ថា « យ៉ូហាន [ បាទីស្ទ ] ពុំ​បាន​ផ្សាយ​អំពី​បុណ្យជ្រមុជទឹក​នៃ​ការ​ប្រែចិត្ត​សម្រាប់ការ​ផ្ដាច់​​បាប​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ នៅក្នុងព្រះ​នាមរបស់ព្រះអម្ចាស់​ថា នគរ​របស់ព្រះ គឺ​ត្រូវ​បាន​រៀបចំ​ឡើងនៅលើ​ផែនដី​ចាប់​តាំង​ពី​ជំនាន់​អ័ដាម​រហូត​មក​ដល់សព្វថ្ងៃ​នេះ ។ នៅពេល​ណា​មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី​ដែល​ព្រះ​បាន​បើក​សម្តែង​ព្រះបន្ទូល​របស់ទ្រង់ ហើយប្រទាន​អំណាច និងសិទ្ធិអំណាច​ឲ្យ​ធ្វើ​កិច្ចការ​បម្រើ ​នៅក្នុងព្រះ​នា​ម​របស់ទ្រង់ … នោះ​គឺ​មាននគរ​នៃ​ព្រះហើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨២)។